ដំណើរផ្ទាល់ខ្លួននៃកូនរបស់ព្រះ
ក្នុងនាមជាកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះ យើងស្រឡាញ់ គោរព បីបាច់ ការពារ និងស្វាគមន៍វិញ្ញាណទាំងនោះដែលកំពុងមកពីពិភពមុនជីវិតនេះ ។
យើងម្នាក់ៗបានប៉ះទង្គិចដោយរោគរាតត្បាតទូទាំងពិភពលោក កាលដែលគ្រួសារ និងមិត្តភក្ដិទាំងឡាយបានចាកចេញពីជីវិតរមែងស្លាប់ដោយមិនបានរំពឹងទុក ។ សូមអនុញ្ញាតឲ្យខ្ញុំប្រាប់មនុស្សបីនាក់ដែលយើងនឹកយ៉ាងខ្លាំង ដែលតំណាងឲ្យមនុស្សទាំងអស់ដែលយើងស្រឡាញ់ខ្លាំង ។
នេះគឺបងប្រុស ហ្វីលីប និងបងស្រី ហ្គាមែន សុនឌី បងប្រុស សុនឌី បានបម្រើជាលោកអយ្យកោនៅស្តេក ប្រេហ្សាវីល សាធារណ រដ្ឋប្រជាមានិតកុងហ្គោនៅពេលលោកបានទទួលមរណភាព ។ លោកជាវេជ្ជបណ្ឌិតមួយរូប ដែលបានចែកចាយទេពកោសល្យរបស់លោកជាមួយមនុស្សដទៃទៀត ។១
នេះគឺបងស្រីក្លារ៉ា រូណូ ដឺ វីលឡារៀល ពីទីក្រុង ថុលកាន ប្រទេស អេក្វាឌ័រ ។ គាត់បាន ទទួលដំណឹងល្អដែលបានស្តារឡើងវិញនៅអាយុ ៣៤ ឆ្នាំ ហើយជាអ្នកដឹកនាំពេញដោយក្តីស្រឡាញ់ម្នាក់ ។ គ្រួសារគាត់បានច្រៀងទំនុកតម្កើងលាគាត់នូវបទដែលគាត់ ចូលចិត្តគឺបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ។២
នេះគឺបងប្រុស រេ ធូនុយ ពីរដ្ឋយូថាហ៍ ជាមួយនឹងគ្រួសារដ៏ស្រស់ស្អាតរបស់លោក ។ ភរិយារបស់លោក ជូលៀត បាននិយាយថា « ខ្ញុំចង់ឲ្យ [ កូនប្រុសខ្ញុំ ] [ ចងចាំថា ប៉ារបស់ពួកគេ ] ដែលតែងតែព្យាយាមទុកព្រះជាអាទិភាពជានិច្ច » ។៣
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ចូររស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ រហូតដល់អ្នកត្រូវយំសោកចំពោះការបាត់បង់នៃមនុស្សដែលស្លាប់ » ។ ៣
ខណៈយើងយំសោក យើងក៏រីករាយនៅក្នុងដំណើររស់ឡើងវិញនៃព្រះអង្គសង្គ្រោះរបស់យើងផងដែរ ។ ដោយសារទ្រង់ នោះមនុស្ស និងមិត្តភក្ដិជាទីស្រឡាញ់របស់យើង បន្តដំណើរដ៏អស់កល្បរបស់ពួកគេ ។ ដូចប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានពន្យល់ថា « យើងមិនអាចបំភ្លេចពួកគេបានទេ យើងមិនអាចឈប់ស្រឡាញ់ពួកគេបានទេ ។ … ពួកគេបានឈានទៅមុខ យើងកំពុងតែឈានទៅមុខ យើងកំពុងរីកលូតលាស់ កាលដែលពួកគេបានរីកលូតលាស់ហើយ » ។ ៥ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ទឹកភ្នែកនៃទុក្ខសោករបស់យើង … ក្លាយទៅជាទឹកភ្នែកនៃក្ដីរំភើបវិញ » ។៦
យើងដឹងអំពីជីវិតពីមុនកំណើតនេះ ?
ទស្សនវិស័យអស់កល្បរបស់យើង មិនត្រឹមតែពង្រីកការយល់ដឹងរបស់យើងអំពីពួកអ្នកដែលកំពុងបន្តដំណើររបស់ពួកគេហួសពីជីវិតរមែងស្លាប់នេះនោះទេ ប៉ុន្តែក៏បើកការយល់ដឹងរបស់យើងអំពីពួកអ្នកដែលទើបតែចាប់ផ្ដើមដំណើររបស់ពួកគេ និងទើបតែកំពុងចូលមកក្នុងជីវិតរមែងស្លាប់នេះផងដែរ ។
មនុស្សម្នាក់ៗដែលមកផែនដីនេះ គឺជាបុត្រា ឬបុត្រីដ៏ពិសេសរបស់ព្រះ ។៧ ដំណើរផ្ទាល់ខ្លួនរបស់យើងពុំបានចាប់ផ្ដើមនៅពេលចាប់កំណើតនោះទេ ។ មុនពេលយើងកើតមក យើងបាននៅជាមួយគ្នាក្នុងពិភពមួយនៃការរៀបចំ ជាកន្លែងដែលយើង « បានទទួលមេរៀនមុនដំបូងនានា នៅពិភពនៃពួកវិញ្ញាណ » ។៨ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់យេរេមាថា « មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសម្រាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង » ។ ៩
មនុស្សខ្លះអាចឆ្ងល់ថាបើជីវិតចាប់ផ្ដើម ជាមួយនឹងការកកើតនៃអំប្រ៊ីយ៉ុង ឬនៅពេលដែលបេះដូងចាប់ផ្ដើមលោត ឬនៅពេលដែលទារកអាចរស់នៅខាងក្រៅផ្ទៃ ប៉ុន្តែសម្រាប់យើង វាគ្មានចម្ងល់ទេថា បុត្រី និងបុត្រាខាងវិញ្ញាណរបស់ព្រះ គឺស្ថិតនៅលើដំណើរផ្ទាល់ខ្លួនរបស់ពួកគេ ដោយមកលើផែនដីដើម្បីទទួលរូបកាយ និងដកពិសោធន៍ជីវិតរមែងស្លាប់ ។
ក្នុងនាមជាកូនចៅនៃសេចក្ដីសញ្ញារបស់ព្រះ យើងស្រឡាញ់ គោរព បីបាច់ ការពារ និងស្វាគមន៍វិញ្ញាណទាំងនោះដែលកំពុងមកពីពិភពមុនជីវិតនេះ ។
ការរួមចំណែកដ៏អស្ចារ្យរបស់ស្ត្រី
សម្រាប់ស្ត្រីម្នាក់ ការមានកូនអាចជាការលះបង់ដ៏ធំធេងខាងរាងកាយ ខាងផ្លូវចិត្ត និងខាងសេដ្ឋកិច្ច ។ យើងស្រឡាញ់ និងគោរពដល់ស្ត្រីដ៏អស្ចារ្យទាំងឡាយនៃសាសនាចក្រនេះ ។ ដោយភាពវៃឆ្លាត និងប្រាជ្ញាបងប្អូនរែកបន្ទុកនៃគ្រួសាររបស់បងប្អូន ។ បងប្អូនស្រឡាញ់ ។ បងប្អូនបម្រើ ។ បងប្អូនពលិកម្ម ។ បងប្អូនពង្រឹងសេចក្ដីជំនឿ ផ្ដល់ការងារបម្រើដល់អ្នកដែលត្រូវការជំនួយ និងរួមចំណែកយ៉ាងធំធេងដល់សង្គម ។
ទំនួលខុសត្រូវដ៏ពិសិដ្ឋនៃការការពារជីវិត
ច្រើនឆ្នាំកន្លងទៅហើយ ដោយព្រួយបារម្ភយ៉ាងខ្លាំងពីចំនួននៃការរម្លូតកូននៅក្នុងពិភពលោក ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងទៅកាន់ស្ត្រីនៃសាសនាចក្រជាមួយពាក្យដែលពាក់ព័ន្ធសម្រាប់យើងនៅថ្ងៃនេះ ។ លោកបានមានប្រសាសន៍ថា « បងប្អូនដែលជាភរិយា និងម្ដាយ គឺជាយុថ្កានៃគ្រួសារ ។ បងប្អូនផ្តល់កំណើតដល់កូន ។ នោះជាទំនួលខុសត្រូវដ៏ធំធេង និងពិសិដ្ឋខ្លាំងណាស់ ។ … តើអ្វីកំពុងកើតឡើងចំពោះការដឹងគុណរបស់យើងចំពោះភាពបរិសុទ្ធនៃជីវិតមនុស្ស ? ការរម្លូតកូនគឺជាអំពើអាក្រក់ ឃោរឃៅ ហើយពិតជាគួរស្អប់ខ្ពើម ដែលកំពុងតែរាលដាលនៅពាសពេញផែនដី ។ ខ្ញុំសូមអង្វរដល់ស្ត្រីនៃសាសនាចក្រនេះ សូមចៀសពីវា សូមឈរពីលើវា នៅឲ្យឆ្ងាយពីស្ថានភាពសម្របសម្រួលទាំងនោះ ដែលធ្វើឲ្យវាមើលទៅគួរឲ្យប្រាថ្នាចង់បាន ។ ប្រហែលជាមានកាលៈទេសៈមួយចំនួនដែលវាអាចកើតឡើង ប៉ុន្តែវាកម្រណាស់ ។១០ … បងប្អូនគឺជាមាតានៃកូនចៅរបស់ព្រះដែលមានជីវិតដ៏ពិសិដ្ឋ ។ ការការពារពួកគេគឺជាទំនួលខុសត្រូវដែលព្រះបានប្រទាន ដែលមិនអាចច្រានចោលទៅមួយឡែកបានឡើយ » ។១១
អែលឌើរ ម៉ាកឺស ប៊ី ណាស បានចែកចាយជាមួយខ្ញុំ នូវដំណើររឿងរបស់ស្ត្រីអាយុ ៨៤ ឆ្នាំជាទីស្រឡាញ់ម្នាក់ ដែលអំឡុងពេលការសម្ភាសបុណ្យជ្រមុជទឹករបស់គាត់ « បានទទួលស្គាល់ពីការរម្លូតកូនម្នាក់ [ ជាច្រើនឆ្នាំកន្លងមកហើយ ] » ។ គាត់បាននិយាយទាំងអារម្មណ៍ក្តុក្តួលចេញពីចិត្តថា « ខ្ញុំបានរែកបន្ទុកនៃការរម្លូតកូននេះជារៀងរាល់ថ្ងៃនៃជីវិតខ្ញុំ អស់រយៈពេល សែសិបប្រាំមួយ ឆ្នាំ ។ … ទោះខ្ញុំធ្វើអ្វីក៏ដោយ ក៏មិនអាចបំភ្លេចការឈឺចាប់ និងអារម្មណ៍ខុសឆ្គងនេះបានទេ ។ ខ្ញុំអស់សង្ឃឹម រហូតដល់ខ្ញុំបានរៀនពីដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានរៀនពីរបៀបដើម្បីប្រែចិត្ត … ហើយខ្ញុំត្រូវបានបំពេញដោយក្ដីសង្ឃឹមភ្លាម ។ នៅទីបំផុត ខ្ញុំបានដឹងថា ខ្ញុំអាចទទួលបានការអភ័យទោស បើខ្ញុំប្រែចិត្តពីអំពើបាបរបស់ខ្ញុំដោយពិតប្រាកដនោះ » ។១២
យើងមានអំណរគុណជាអនេកចំពោះអំណោយទាននៃការប្រែចិត្ត និងការអភ័យទោសដែលបានមកពីព្រះ ។
តើយើងអាចធ្វើអ្វីខ្លះ ?
តើអ្វីទៅជាទំនួលខុសត្រូវរបស់យើង ក្នុងនាមជាសិស្សដ៏សុខសាន្តនៃព្រះយេស៊ូវគ្រីស្ទ ? ចូរយើងរស់នៅតាមបទបញ្ញត្តិរបស់ព្រះ បង្រៀនវាទៅកូនចៅរបស់យើង ហើយចែកចាយវាជាមួយមនុស្សដទៃទៀត ដែលយល់ព្រមស្ដាប់ ។១៥ ចូរយើងចែកចាយអារម្មណ៍ដ៏ជ្រាលជ្រៅរបស់យើងអំពីភាពបរិសុទ្ធនៃជីវិត ជាមួយនឹងអ្នកទាំងឡាយដែលធ្វើការសម្រេចចិត្តនៅក្នុងសង្គម ។ ពួកគេប្រហែលជាមិនពេញចិត្តនឹងអ្វីដែលយើងជឿ ប៉ុន្តែយើងអធិស្ឋានថា ពួកគេនឹងយល់កាន់តែពេញលេញពីមូលហេតុ ដែលសម្រាប់យើង ការសម្រេចចិត្តទាំងនេះគឺល្អលើសពីអ្វីដែលមនុស្សម្នាក់ចង់បានសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់គាត់ ។
ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះដោយមិនបានរំពឹងទុក ចូរយើងឈោងទៅរកនាងដោយក្ដីស្រឡាញ់ ផ្តល់ការលើកទឹកចិត្ត ហើយនៅពេលនាងត្រូវការ ជំនួយខាងហិរញ្ញវត្ថុ សូមជួយដល់ម្ដាយម្នាក់នោះដើម្បីឲ្យកូននាងបានកើតមក ហើយបន្តដំណើររបស់គេនៅក្នុងជីវិតរមែងស្លាប់នេះ ។១៤
ភាពស្រស់ស្អាត់នៃការសុំកូនចិញ្ចឹម
ក្នុងគ្រួសារយើង យើងបានទទួលពរជ័យមិនអាចវាស់វែងបាន កាលពីជាងពីរទសវត្សរ៍មកហើយ យុវតីអាយុ ១៦ ឆ្នាំម្នាក់បានដឹងថា នាងកំពុងមានផ្ទៃពោះ ។ នាង និងឪពុកកូននោះមិនបានរៀបការទេ ហើយពួកគេពុំអាចឃើញផ្លូវដើរទៅមុខរួមគ្នានោះទេ ។ យុវតីនោះជឿថា ជីវិតកូនដែលនាងពរពោះនោះមានតម្លៃណាស់ ។ នាងបានផ្ដល់កំណើតដល់ទារិកាម្នាក់ ហើយបានអនុញ្ញាតឲ្យគ្រួសារសុចរិតមួយទទួលយកទារិកានោះទៅចិញ្ចឹមជាកូនរបស់ពួកគេផ្ទាល់ ។ សម្រាប់ ប្រាយស៍ និង ជូលីន ទារិកានោះគឺជាចម្លើយដល់ការអធិស្ឋានរបស់ពួកគេ ។ ពួកគេបានដាក់ឈ្មោះនាងថា អេមីលី ហើយបានបង្រៀននាងឲ្យទុកចិត្តលើព្រះវរបិតាសួគ៌របស់នាង និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។
អេមីលីបានធំឡើង ។ យើងមានអំណរគុណណាស់ ដែលអេមីលី និងចៅប្រុសយើង គ្រីស្ទាន បានស្រឡាញ់គ្នា ហើយបានរៀបការនៅក្នុងដំណាក់នៃព្រះ ។ ឥឡូវនេះ អេមីលី និងគ្រីស្ទាន មានកូនស្រីតូចម្នាក់ ។
ថ្មីៗនេះ អេមីលីបានសរសេរថា « ឆ្លងកាត់ការពរពោះប្រាំបួនខែចុងក្រោយនេះ ខ្ញុំមានពេលសញ្ជឹងគិតពីព្រឹត្តិការណ៍ [ នៃ ] កំណើតរបស់ខ្ញុំផ្ទាល់ ។ ខ្ញុំបានសញ្ជឹងគិតពីម្ដាយបង្កើតរបស់ខ្ញុំ ដែលពរពោះខ្ញុំកាលគាត់ទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ។ កាលដែលខ្ញុំបានដកពិសោធន៍នូវការឈឺចាប់ និងការផ្លាស់ប្ដូរពេលមានផ្ទៃពោះ ខ្ញុំពុំអាចមិនគិតពីការពិបាកដែលម្តាយខ្ញុំមាន នៅពេលគាត់មានអាយុតែ ១៦ ឆ្នាំនោះទេ ។ … ទឹកភ្នែកហូរមកសូម្បីឥឡូវនេះ កាលដែលខ្ញុំគិតពីម្ដាយបង្កើតរបស់ខ្ញុំ គាត់ដឹងថា គាត់មិនអាចផ្ដល់ដល់ខ្ញុំនូវជីវិត [ ដែលគាត់ប្រាថ្នាចង់បានសម្រាប់ខ្ញុំ ហើយដោយមិនអាត្មានិយម គាត់បាន ] ឲ្យខ្ញុំទៅគេចិញ្ចឹម ។ ខ្ញុំមិនអាចស្ទង់មើលពីអ្វីដែលគាត់បានឆ្លងកាត់ក្នុងពេលប្រាំបួនខែ—នោះ ដោយត្រូវគេមើលមកជាមួយនឹងការវិនិច្ឆ័យ កាលដែលរាងកាយរបស់គាត់បានផ្លាស់ប្ដូរ បទពិសោធន៍វ័យជំទង់ដែលគាត់បានខកខាន ដោយដឹងថា ក្តីស្រឡាញ់ក្នុងភាពជាម្តាយនឹងត្រូវបញ្ចប់នៅពេលសម្រាលកូនហើយ ត្រូវឲ្យកូនគាត់ទៅនៅក្នុងដៃរបស់មនុស្សម្នាក់ផ្សេងទៀត ។ ខ្ញុំមានអំណរគុណណាស់ចំពោះជម្រើសមិនអាត្មានិយមរបស់គាត់ ដែលពុំបានជ្រើសរើសប្រើសិទ្ធិជ្រើសរើសរបស់គាត់ដកយកជីវិតរបស់ខ្ញុំ » ។ អេមីលីបានបញ្ចប់ថា « ខ្ញុំមានអំណរគុណណាស់ចំពោះផែនការដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌ សម្រាប់ឪពុកម្ដាយដ៏អស្ចារ្យរបស់ខ្ញុំ ដែល [ ស្រឡាញ់ និងថែទាំ ] ខ្ញុំ និងសម្រាប់ព្រះវិហារបរិសុទ្ធ ជាកន្លែងដែលយើងអាចផ្សារភ្ជាប់ទៅនឹងក្រុមគ្រួសាររបស់យើងអស់កល្បជានិច្ច » ។១៥
ព្រះអង្គសង្គ្រោះ « យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានព្រះបន្ទូលទៅគេថា អ្នកណាដែលទទួលកូនតូច [ ទាំងនេះ ] ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ »១៦
នៅពេលដែលបំណងប្រាថ្នាដ៏សុចរិតមិនទាន់ត្រូវបានគេដឹងនៅឡើយ ។
ខ្ញុំសូមបង្ហាញសេចក្ដីស្រឡាញ់ និងក្តីអាណិតអាសូរចំពោះគូស្វាមីភរិយាដ៏សុចរិតទាំងឡាយ ដែលរៀបការ ហើយមិនអាចមានកូន ដូចដែលពួកគេបានទន្ទឹងចាំយ៉ាងអន្ទះសារ និងចំពោះស្ត្រី និងបុរសទាំងនោះ ដែលពុំមានឱកាសរៀបការតាមច្បាប់របស់ព្រះ ។ សុបិនដែលមិនមែនជាការពិត គឺពិបាកនឹងយល់ បើមើលចេញពីទស្សនវិស័យនៃជីវិតរមែងស្លាប់ ។ ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ខ្ញុំសូមសន្យានឹងបងប្អូនថា ពេលដែលបងប្អូនស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសញ្ញារបស់បងប្អូន នោះបងប្អូននឹងទទួលបានពរជ័យតបស្នងនៅក្នុងជីវិតនេះ ព្រមទាំងបំណងប្រាថ្នាដ៏សុចរិតរបស់បងប្អូន នៅក្នុងពេលវេលារបស់ព្រះអម្ចាស់ ។១៧ អាចមានសុភមង្គលនៅក្នុងដំណើរនៃជីវិតរមែងស្លាប់នេះ សូម្បីនៅពេលដែលក្ដីសង្ឃឹមដ៏សុចរិតទាំងអស់របស់យើងមិនត្រូវបានដឹងឮក្ដី ។១៨
បន្ទាប់ពីកើតមកហើយ កូនៗនៅបន្តត្រូវការជំនួយរបស់យើង ។ កូនៗខ្លះត្រូវការវាយ៉ាងខ្លាំង ។ ជារៀងរាល់ឆ្នាំ តាមរយៈប៊ីស្សពដែលខ្វល់ខ្វាយ និងដង្វាយតមអាហារដ៏សប្បុរសរបស់បងប្អូន ព្រមទាំងមូលនិធិមនុស្សធម៌ ជីវិតកុមាររាប់លាននាក់បានទទួលពរជ័យ ។ ថ្មីៗនេះ គណៈប្រធានទីមួយបានប្រកាសពីជំនួយ ២០ លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ អង្គការ យូនីសេហ្វ នៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីផ្ដល់វ៉ាក់សាំងចំនួនពីរពាន់លានដុស ។១៩ ព្រះស្រឡាញ់កូនក្មេង ។
ការសម្រេចចិត្តដ៏ពិសិដ្ឋដើម្បីមានកូន ។
វាគួរឲ្យបារម្ភ ដែលមានទារកកើតមកកាន់តែតិច សូម្បីតែនៅក្នុងប្រទេសដែលរីកចម្រើនបំផុតមួយចំនួនក្តី ។២០ « ព្រះបញ្ញត្តិរបស់ព្រះសម្រាប់ឲ្យកូនចៅរបស់ទ្រង់បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះនៅតែឲ្យប្រតិបត្តិនៅឡើយ » ។២១ ពេលវេលាដើម្បីមានកូន និងចំនួនកូនដែលត្រូវមាន គឺជាការសម្រេចចិត្តដ៏សម្ងាត់ដែលត្រូវធ្វើឡើងរវាងស្វាមី និងភរិយា និងព្រះអម្ចាស់ ។ ជាមួយនឹងសេចក្ដីជំនឿ និងការអធិស្ឋាន ការសម្រេចចិត្តដ៏ពិសិដ្ឋទាំងនេះអាចជាបទពិសោធន៍ដ៏ស្រស់បំព្រង និងប្រកបដោយវិវរណៈមួយ ។២២
ខ្ញុំសូមចែកចាយដំណើររឿងរបស់គ្រួសារឡាំង មកពីប៉ែកខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។ បងស្រី រេបេកា ឡាំង សរសេរថា
« នារដូវក្ដៅឆ្នាំ ២០១១ ជីវិតហាក់ដូចជាល្អឥតខ្ចោះសម្រាប់គ្រួសារយើង ។ យើងមានជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយជាមួយនឹងកូនបួននាក់របស់យើង—អាយុ ៩, ៧, ៥ និង ៣ ឆ្នាំ ។ …
« ការមានផ្ទៃពោះ និងការសម្រាលកូនរបស់ខ្ញុំ [ មាន ] ហានិភ័យខ្ពស់ … [ ហើយ ] យើងមានអារម្មណ៍ថាមានពរជ័យ [ ណាស់ ] ដែលមានកូនបួននាក់ [ ដោយគិតថា ] គ្រួសារយើងគឺពេញលេញហើយ ។ ក្នុងខែ តុលា ខណៈកំពុងស្ដាប់សន្និសីទទូទៅ ខ្ញុំបានទទួលអារម្មណ៍ដ៏ប្រាកដមួយថា យើងត្រូវមានកូនម្នាក់ទៀត ។ ពេលដែល ឡឺហ្គ្រេន និងខ្ញុំបានពិចារណា ហើយអធិស្ឋាន … យើងបានដឹងថា ព្រះមានផែនការផ្សេងសម្រាប់យើងជាងយើងមានសម្រាប់ខ្លួនយើង ។
« បន្ទាប់ពីមានផ្ទៃពោះ និងការសម្រាលដ៏ពិបាកមួយទៀត យើងត្រូវបានប្រទានពរនូវកូនស្រីម្នាក់ដ៏ស្រស់ស្អាត ។ យើងបានដាក់ឈ្មោះនាងថា ប្រីលលេ ។ នាងជាអព្ភូតហេតុមួយ ។ មិនយូរប៉ុន្មានក្រោយពីកំណើតនាង ខណៈនៅក្នុង [ បន្ទប់សម្ភព ] នៅឡើយ ខ្ញុំបានឮសំឡេងដ៏ប្រាកដរបស់ព្រះវិញ្ញាណថា ‹ នៅមានម្នាក់ទៀត › ។
« បីឆ្នាំក្រោយមក មានអព្ភូតហេតុមួយទៀត គឺ ម៉ៃ ។ ប្រីលលេ និង ម៉ៃ ជាអំណរដ៏អស្ចារ្យសម្រាប់គ្រួសារយើង » ។ គាត់បានបញ្ចប់ថា « ការបើកចិត្តចំពោះការដឹកនាំរបស់ព្រះ ហើយធ្វើតាមផែនការរបស់ទ្រង់សម្រាប់យើង នឹងតែងតែនាំមកនូវសុភមង្គលដែលធំធេងជាង … ការទុកចិត្តលើការយល់ឃើញរបស់យើងផ្ទាល់ » ។២៣
ព្រះអង្គសង្គ្រោះស្រឡាញ់កូនដ៏មានតម្លៃម្នាក់ៗ ។
« ហើយទ្រង់បានយកកូនក្មេងរបស់ពួកគេម្ដងម្នាក់ៗ ហើយបានប្រទានពរដល់ពួកវា ។…
« ហើយ … ពួកគេបានសម្លឹងទៅលើផ្ទៃមេឃ ហើយពួកគេឃើញពួកទេវតាហោះចុះមកពីស្ថានសួគ៌ … នៅកណ្តាលភ្លើង ហើយ [ ពួកទេវតា ] … ហែរហមជុំវិញពួកកូនក្មេងទាំងនោះ … ហើយពួកទេវតាបានធ្វើការបម្រើដល់ពួកកូនក្មេង » ។២៤
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដំណើររបស់យើងផ្ទាល់ ក្នុងនាមជាបុត្ររបស់ព្រះ ពុំបានចាប់ផ្ដើមនៅដង្ហើមដំបូងដែលចូលក្នុងសួតរបស់បងប្អូននោះទេ ហើយវានឹងមិនបញ្ចប់នៅពេលបងប្អូនដកដង្ហើមចុងក្រោយក្នុងជីវិតរមែងស្លាប់នេះដែរ ។
សូមយើងចងចាំជានិច្ចថា កូនវិញ្ញាណម្នាក់ៗរបស់ព្រះ នឹងមកផែនដីនេះតាមដំណើរផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់ ។២៥ ចូរយើងស្វាគមន៍ពួកគេ ការពារពួកគេ ហើយស្រឡាញ់ពួកគេជានិច្ច ។ កាលដែលបងប្អូនទទួលយកកូនដ៏មានតម្លៃទាំងនេះនៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះ ហើយជួយពួកគេនៅក្នុងដំណើរដ៏អស់កល្បរបស់ពួកគេ ខ្ញុំសូមសន្យាដល់បងប្អូនថា ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ហើយចាក់សេចក្ដីស្រឡាញ់ និងការយល់ព្រមរបស់ទ្រង់មកលើបងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕