តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ?
ព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់ការធ្វើដំណើរនៅក្នុងជីវិតរមែងស្លាប់របស់យើង ឆ្ពោះទៅកាន់ជោគវាសនាដែលបានគ្រោងទុកនៅក្នុងផែនការរបស់ព្រះវបិតាសួគ៌របស់យើង ។
នៅក្នុងការប្រជុំពេលល្ងាចថ្ងៃសៅរ៍នៅសន្និសិទស្តេកមួយកាលពីច្រើនឆ្នាំកន្លងទៅ ខ្ញុំបានជួបស្រី្តម្នាក់ដែលបាននិយាយថា មិត្តភក្តិរបស់នាងបានសូមនាងឲ្យត្រឡប់មកព្រះវិហារវិញ ក្រោយពីនាងបានអសកម្មអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងពុំគិតឃើញពីហេតុផលដែលនាងគួរតែត្រឡប់មកព្រះវិហារវិញនោះទេ ។ ដើម្បីលើកទឹកចិត្តដល់នាង ខ្ញុំបាននិយាយថា « ពេលប្អូនគិតពិចារណាពីអ្វីៗដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ប្អូន នោះប្អូននឹងមានហេតុផលជាច្រើនដើម្បីត្រឡប់មកដើម្បីថ្វាយបង្គំ និងបម្រើទ្រង់វិញ » ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់នៅពេលឮនាងឆ្លើយថា « តើទ្រង់បានធ្វើអ្វី ខ្លះសម្រាប់ខ្ញុំ ? »
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើងម្នាក់ៗ ? ទ្រង់បានធ្វើអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់ការធ្វើដំណើរនៅក្នុងជីវិតរមែងស្លាប់របស់យើង ឆ្ពោះទៅកាន់ជោគវាសនាដែលបានគ្រោងទុកនៅក្នុងផែនការរបស់ព្រះវបិតាសួគ៌របស់យើង ។ ខ្ញុំនឹងនិយាយពីគោលការណ៍ចំនួនបួនដែលបង្ហាញពីផែនការនោះ ។ នៅក្នុងគោលការណ៍នីមួយៗទាំងនេះ ព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គសំខាន់ ។ ការជំរុញចិត្តទាំងអស់នេះគឺ « សេចក្ដីស្រឡាញ់នៃព្រះ ដែលមានសាយសព្វនៅក្នុងចិត្តនៃកូនចៅមនុស្ស ហេតុដូច្នោះហើយ នោះគឺជាសេចក្ដីស្រឡាញ់ ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ( នីហ្វៃទី ១ ១១:២២ ) ។
I.
នៅមុនថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ វាគឺជាពេលដ៏ល្អដែលត្រូវនិយាយដំបូងគេពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដំណើររស់ឡើងវិញពីសេចក្តីស្លាប់គឺជាកត្តាដ៏ចាំបាច់ផ្ទាល់ខ្លួនដែលធានាដល់សេចក្តីជំនឿរបស់យើង ។ វាបន្ថែមអត្ថន័យដល់គោលលទ្ធិរបស់យើង បន្ថែមការលើកទឹកចិត្តដល់អាកប្បកិរិយា និងបន្ថែមសេចក្តីសង្ឈឹមចំពោះអនាគតរបស់យើង ។
ដោយសារយើងជឿលើការរៀបរាប់របស់ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនអំពីដំណើររស់ឡើងវិញដ៏ពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងក៏ទទួលយកការបង្រៀនតាមព្រះគម្ពីរជាច្រើនទៀតថា ការរស់ឡើងវិញស្រដៀងគ្នានេះនឹងកើតមានចំពោះមនុស្សនៃជីវិតរមែងស្លាប់ទាំងអស់ដែលធ្លាប់បានរស់នៅលើផែនដីនេះផងដែរ ។១ ដូចព្រះយេស៊ូវបានបង្រៀនថា « ដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ » ( យ៉ូហាន ១៤:១៩ ) ។ ហើយសាវករបស់ទ្រង់បានបង្រៀនថា « នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ » និង « រូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ » ( កូរិនថូសទី១ ១៥:៥២, ៥៤ ) ។
ប៉ុន្តែដំណើររស់ឡើងវិញមិនត្រឹមតែធានាថាយើងនឹងបានអមតភាពប៉ុណ្ណោះនោះទេ ។ ការរស់ឡើងវិញនេះ ផ្លាស់ប្តូររបៀបដែលយើងគិតអំពីជីវិតរមែងស្លាប់ ។
ដំណើររស់ឡើងវិញផ្ដល់ដល់យើងនូវទស្សនវិស័យ និង កម្លាំងដើម្បីតស៊ូនឹងឧបសគ្គក្នុងជីវិតរមែងស្លាប់នេះដែលយើងម្នាក់ៗ និងមនុស្សដែលយើងស្រឡាញ់ត្រូវប្រឈម ។ ការរស់ឡើងវិញផ្តល់ឲ្យយើងនូវរបៀបថ្មីមួយដើម្បីគិតអំពីភាពទន់ខ្សោយខាងរាងកាយ ស្មារតី ឬខាងសតិអារម្មណ៍ ដែលយើងមានតាំងពីកំណើត ឬទទួលបាននៅក្នុងជីវិតរមែងស្លាប់នេះ ។ វាផ្តល់ដល់យើងនូវកម្លាំងដើម្បីតស៊ូនឹងការសោកសៅ ការបរាជ័យ និងការខូចចិត្ត ។ ពីព្រោះតែយើងម្នាក់ៗត្រូវបានអះអាងពីការរស់ឡើងវិញ នោះយើងដឹងថា ភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ និងការប្រឆាំងទាំងនេះគឺគ្រាន់តែមួយរយៈប៉ុណ្ណោះ !
ដំណើររស់ឡើងវិញនេះផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តដ៏មានអានុភាពដើម្បីគោរពតាមព្រះបញ្ញតិ្តរបស់ព្រះអំឡុងជីវិតរមែងស្លាប់របស់យើង។ ពេលយើងរស់ឡើងវិញពីសេចក្តីស្លាប់ ហើយធ្វើដំណើរទៅកាន់ការជំនុំជម្រះចុងក្រោយដែលបានព្យាករទុក យើងចង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលពរជ័យដ៏វិសេសបំផុតដែលបានសន្យាដល់អស់អ្នកដែលបានរស់ឡើងវិញ ។២ ។
លើសពីនេះទៀតនោះ ការសន្យាដល់ដំណើររស់ឡើងវិញអាចរួមមានទាំងឱកាសដើម្បីរស់នៅជាមួយសមាជិកគ្រួសារយើង—ស្វាមី ភរិយា កូនៗ ឪពុកម្ដាយ និងកូនចៅជំនាន់ក្រោយ—គឺជាការលើកទឹកចិត្តដ៏មានអានុភាពដើម្បីបំពេញការទទួលខុសត្រូវរបស់គ្រួសារយើងនៅក្នុងជីវិតរមែងស្លាប់នេះ ។ វាក៏ជួយយើងឲ្យរស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់នៅក្នុងជីវិតនេះ ហើយវាជួយលួងលោមយើងចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់យើងផងដែរ ។ យើងដឹងថាការបែកគ្នាក្នុងជីវិតរមែងស្លាប់ទាំងនេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ហើយយើងសង្ឃឹមថានឹងមានការជួបជុំ និងការស្វាគមន៏ដ៏រីករាយនាពេលអនាគត ។ ដំណើររស់ឡើងវិញផ្តល់ដល់យើងនូវសេចក្តីសង្ឈឹម និងកម្លាំងដើម្បីមានភាពអត់ធ្មត់នៅពេលយើងរង់ចាំ ។ ការរស់ឡើងវិញក៏រៀបចំយើងឲ្យមានសេចក្តីក្លាហាន និងភាពថ្លៃថ្នូរដើម្បីប្រឈមមុខនឹងសេចក្ដីស្លាប់របស់យើងផ្ទាល់ផងដែរ—ទោះបីជាការស្លាប់ដែលយើងហៅថាការស្លាប់ទាំងវ័យក្មេងក្តី ។
ឥទ្ធិពលនៃដំណើររស់ឡើងវិញទាំងអស់នេះគឺជាផ្នែកមួយនៃចម្លើយចំពោះសំណួរដែលបានសួរដំបូងថា « តើទ្រង់បានធ្វើអ្វីសម្រាប់ខ្ញុំ ? »
II.
សម្រាប់ពួកយើងភាគច្រើន ឱកាសដើម្បីទទួលបានការអភ័យទោសពីអំពើបាបរបស់យើងគឺជាអត្ថន័យដ៏សំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយការថ្វាយបង្គំ យើងច្រៀងដោយការគោរពថា ៖
ព្រះលោហិតដ៏វិសេសទ្រង់ហូរ
ហើយទ្រង់បានលះបង់ឲ្យ
ការបូជាគ្មានទោសជំនួសបាប
និងសង្គ្រោះដល់លោកិយ ។៣ ។
ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះយើងបានស៊ូទ្រាំនូវការរងទុក្ខដែលយើងមិនអាចយល់បានដើម្បីពលិកម្មសម្រាប់អំពើបាបរបស់មនុស្សទាំងអស់ដែលនឹងប្រែចិត្ត ។ ពលិកម្មដ៏ធួននេះ បានថ្វាយនូវអ្វីដែលល្អបំផុតកូនចៀមឥតខ្ចោះឥតស្លាកស្នាមសម្រាប់អំពើអាក្រក់ដ៏ហួសប្រមាណជាអំពើបាបនៃពិភពលោកទាំងមូល ។ ពលិកម្មដ៏ធួននេះបានបើកទ្វារឲ្យយើងម្នាក់ៗបានជ្រះស្អាតពីអំពើបាបរបស់យើងផ្ទាល់ ដើម្បីយើងអាចត្រឡប់ទៅទីវត្តមានរបស់ព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើងវិញ ។ ឱកាសនេះគឺមានសម្រាប់កូនទាំងអស់របស់ព្រះ ។ ដោយការថ្វាយបង្គំ យើងច្រៀងដោយការគោរពថា ។
ខ្ញុំស្ងប់ស្ងែងដែលទ្រង់បានយាងចុះពីបល្ល័ង្គឧត្តម
ដើម្បីសង្គ្រោះព្រលឹងដ៏កាចឆ្មើងឆ្មៃដូចរូបខ្ញុំ
ដែលទ្រង់មានព្រះទ័យស្រឡាញ់ដល់មនុស្សដូចជាខ្ញុំ ។៤
ឥទ្ធិពលដ៏អស់ស្ចារ្យ និងមិនអាចយល់បាននៃដង្វាយធួនរបស់ ព្រះយេស៊ូវគ្រីស្ទ គឺដោយសារសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងម្នាក់ៗ ។ ដង្វាយធួនរបស់ទ្រង់បញ្ជាក់ពីការប្រកាសរបស់ទ្រង់ថា « តម្លៃនៃព្រលឹងទាំងឡាយ »—គ្រប់ជីវិតរមែងស្លាប់—« គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។ នៅក្នុងព្រះគម្ពីរប៊ីប ព្រះយេស៊ូវគ្រីស្ទ បានពន្យល់ទាក់ទងនឹងសេចក្តីស្រឡាញ់របស់ ព្រះវបិតាថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ( យ៉ូហាន ៣:១៦ ) ។ នៅក្នុងវិវរណៈសម័យទំនើប ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់យើង បានប្រកាសថា ទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានជីវិតរបស់ទ្រង់ផ្ទាល់ដើម្បីឲ្យអស់អ្នកណាដែលជឿអាចត្រឡប់ទៅជាកូនព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៤:៣ ) ។
តើមានអ្វីអស្ចារ្យជាងការដែលថា ព្រះគម្ពីរមរមនគឺជា សក្ខីបទមួយទៀតអំពីព្រះគ្រីស្ទ នោះ ដែលសន្និដ្ឋានដោយការបង្រៀនដើម្បីបាន« ល្អឥតខ្ចោះ » ហើយ « បរិសុទ្ធនៅក្នុងព្រះគ្រីស្ទ » យើងត្រូវតែ « ស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំង [ របស់យើង ] » ( មរ៉ូណៃ ១០:៣២–៣៣ ) ។ ផែនការរបស់ទ្រង់បានបង្កើតឡើងដោយសេចក្តីស្រឡាញ់ ហេតុដូច្នោះហើយ ក៏ត្រូវទទួលដោយសេចក្តីស្រឡាញ់ដែរ ។
III.
តើមានអ្វីខ្លះទៀតដែលព្រះអង្គសង្គ្រោះ យេស៊ូវគ្រីស្ទ បានធ្វើសម្រាប់យើង ? តាមរយៈការបង្រៀនពីព្យាការីរបស់ទ្រង់ និងតាមរយៈការងារបម្រើរបស់ទ្រង់ផ្ទាល់ ព្រះយស៊ូវ បានបង្រៀនយើងនូវផែនការនៃសេចក្តីសង្គ្រោះ ។ ផែនការនេះរួមមាន ការបង្កបង្កើត គោលបំណងនៃជីវិតនេះ ភាពចាំបាច់នៃភាពផ្ទុយ និងអំណោយទាននៃសិទ្ធិជ្រើសរើស ។ ទ្រង់ក៏បានបង្រៀនយើងនូវបទបញ្ញត្តិ និងសេចក្តីសញ្ញាដែលយើងត្រូវតែប្រតិបត្តិតាម ព្រមទាំងពិធីបរិសុទ្ធទាំងឡាយដែលយើងត្រូវតែដកពិសោធន៍ដើម្បីនាំយើងត្រឡប់ទៅកាន់ឪពុកម្តាយសួគ៌របស់យើងវិញផងដែរ ។
ក្នុងព្រះគម្ពីរប៊ីប យើងអានការបង្រៀនរបស់ទ្រង់ថា ៖ « ខ្ញុំជាពន្លឺលោកីយ៍ ៖ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ( យ៉ូហាន ៨:១២ ) ។ ហើយក្នុងវិវរណៈសម័យទំនើប យើងអានថា « មើលចុះ យើងជា ព្រះយេស៊ូវគ្រីស្ទ … ជាពន្លឺដែលពុំអាចលាក់នៅក្នុងសេចក្តីងងឹតបានឡើយ » ( គោលទ្ធិ និងសេចក្តីសញ្ញា ១៤:៩ ) ។ បើសិនបើយើងធ្វើតាមការបង្រៀនរបស់ទ្រង់ នោះទ្រង់នឹងបំភ្លឺផ្លូវរបស់យើងក្នុងជីវិតនេះ ហើយធានានូវជោគវាសនាយើងនៅជីវិតក្រោយ ។
ពីព្រោះទ្រង់ស្រឡាញ់យើង ទ្រង់ជំរុញយើងឲ្យផ្តោតលើទ្រង់ ជំនួសលើរឿងនៃពិភពលោករមែងស្លាប់នេះនោះទេ ។ ក្នុងទេសនកថាដ៏អស្ចារ្យពីនំបុ័ងនៃជីវិត ព្រះយេស៊ូវបានបង្រៀនថា យើងពុំគួរស្ថិតនៅក្នុងចំណោមអ្នកដែលចាប់អារម្មណ៍បំផុតលើអ្វីៗខាងលោកិយ—ជាអ្វីៗដែលផ្គត់ផ្គង់ជីវិតនៅលើផែនដីនេះ ប៉ុន្តែពុំបីបាច់ចំពោះជីវិតដ៏នៅអស់កល្បជានិច្ចនោះឡើយ ។៥ ដូចដែលព្រះយេស៊ូវ បានអញ្ជើញយើងម្តងហើយ ម្តងទៀតៗថា « ចូរមកតាមខ្ញុំ » ។៦
IV.
ជាចុងក្រោយ ព្រះគម្ពីរមរមន បង្រៀនថា ដោយជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ៖ « [ បាន ] រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះក៏ដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់មកលើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ » ។ ( អាលម៉ា ៧:១១ ) ។
ហេតុអ្វីបានជាព្រះអង្គសង្រ្គោះរងការឈឺចាប់នូវការសាកល្បងក្នុងជីវិតនេះ « គ្រប់បែបយ៉ាង » ? អាលម៉ាបានពន្យល់ថា« ទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ [ ដែលមានន័យថា ដើម្បីសម្រាល និងជួយ ] » ( អាលម៉ា ៧:១២ ) ។
ព្រះអង្គសង្គ្រោះយើងដឹង និងស្គាល់ពីការល្បួងរបស់យើង ការលំបាករបស់យើង ការពុះពាររបស់យើង ការខូចចិត្តរបស់យើង និង ការរងទុក្ខរបស់យើង ពីព្រោះទ្រង់ស្ម័គ្រព្រះទ័យដកបទពិសោធន៍ការណ៍ទាំងនោះ ដែលជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ។ បទគម្ពីរផ្សេងទៀតក៏បញ្ជាក់ពីរឿងនេះដែរ ។ ព្រះគម្ពីរសញ្ញាថ្មីប្រកាសថា « ដែលទ្រង់បានរងទុក្ខលំបាកទាំងត្រូវសេចក្តីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នកដែលត្រូវសេចក្តីល្បួងបានដែរ » ( ហេព្រើរ ២:១៨ ) ។ អេសាយក៏បានបង្រៀនផងដែរថា « កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយនឹងឯង … យើងនឹងចម្រើនកម្លាំងដល់ឯង អើ យើងនឹងជួយឯង » ( អេសាយ ៤១:១០ ) ។ អស់អ្នកដែលរងទុក្ខគ្រប់យ៉ាងក្នុងជីវិតរមែងស្លាប់នេះ គួរតែចាំថាព្រះអង្គសង្គ្រោះក៏បានឆ្លងកាត់ការឈឺចាប់បែបនេះផងដែរ ហើយថាតាមរយៈដង្វាយធួនរបស់ទ្រង់ នោះទ្រង់ប្រទានកម្លាំងឲ្យយើងម្នាក់ៗអាចទ្រាំទ្រនឹងទុក្ខលំបាកនេះបាន ។
ព្យាការី យ៉ូសែបស្ម៊ីធ បានសង្ខេបអ្វីទាំងអស់នេះនៅក្នុងមាត្រាទីបី នៃមាត្រានៃសេចក្តីជំនឿ ៖ « យើងខ្ញុំជឿថា តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ។
ប្អូនស្រីរូបនោះបានសួរថា « តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ? » នៅក្រោមផែនការនៃព្រះវបិតាសួគ៌របស់យើង ទ្រង់ « បានបង្កើតផ្ទៃមេឃ និងផែនដី » ( គោលទ្ធិ និងសេចក្តីសញ្ញា ១៤:៩ )ដើម្បីឲ្យយើងម្នាក់ៗអាចដកពិសោធន៍ក្នុងជីវិតរមែងស្លាប់នេះ ដែលចាំបាច់ដើម្បីស្វែងរកជោគវាសនាទេវភាពរបស់យើង ។ ដោយជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតា នោះដំណើររស់ឡើងវិញរបស់ ព្រះយេស៊ូវគ្រីស្ទ បានយកឈ្នះសេចក្តីស្លាប់ដើម្បីធានាឲ្យយើងម្នាក់ៗបាននូវអតមភាព ។ ពលិកម្មដ៏ធួនរបស់ ព្រះយេស៊ូវគ្រីស្ទ ផ្តល់ឲ្យយើងម្នាក់ៗនូវឱកាសដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ហើយត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញដោយស្អាតស្អំ ។ បទបញ្ញត្តិនិងសេចក្តីសញ្ញារបស់ទ្រង់ បង្ហាញផ្លូវដល់យើង ហើយបព្វជិតភាពរបស់ទ្រង់ ផ្តល់សិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់ដើម្បីឈានដល់ជោគវាសនានោះ ។ ហើយព្រះអង្គសង្គ្រោះរបស់យើងបានស្ម័គ្រព្រះទ័យមកដកពិសោធន៍រាល់ការឈឺចាប់ និងទុក្ខព្រួយក្នុងជីវិតរមែងស្លាប់ទាំងអស់ ដើម្បីទ្រង់អាចដឹងពីរបៀបពង្រឹងយើងកាលដែលយើងមានទុក្ខលំបាក ។
ព្រះយេស៊ូវគ្រីស្ទ បានធ្វើអ្វីៗទាំងអស់នេះ ពីព្រោះទ្រង់ស្រឡាញ់កូនទាំងអស់របស់ព្រះ ។ សេចក្តីស្រឡាញ់គឺជាកម្លាំងជំរុញសម្រាប់អ្វីៗទាំងអស់ ហើយកម្លាំងជំរុញនេះមានតាំងពីដើមដំបូងមកហើយ ។ ព្រះបានប្រាប់យើងក្នុងវិវរណៈសម័យទំនើបថា « ទ្រង់បានបង្កើតមនុស្សជាប្រុស ជាស្រី ឲ្យដូចជារូបរបស់ទ្រង់ … ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់ពួកគេថា ពួកគេគប្បីបម្រើទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១៨–១៩ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ពី ការណ៍ទាំងនេះ ហើយអធិដ្ឋានថា យើងនឹងចងចាំនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងម្នាក់ៗ និងថាយើងនឹងស្រឡាញ់ ហើយបម្រើទ្រង់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕