![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F1d%2F2a%2F1d2a37ae97c5e01010ce7184d77d22dd508c39ab%2Fs_mark_palmer_our_sorrow_shall_be_turned_into_joy.jpeg/full/!250,/0/default)
សេចក្តីព្រួយរបស់យើងនឹងប្រែទៅជាអំណរវិញ
ខ្ញុំសូមអញ្ជើញអស់អ្នកដែលសោកសៅ អស់អ្នកដែលងឿងឆ្ងល់ពីអ្វីដែលកើតឡើងបន្ទាប់ពីសេចក្តីស្លាប់ ឲ្យដាក់សេចក្តីជំនឿលើព្រះគ្រីស្ទ ។
កាលពីប៉ុន្មានឆ្នាំមុន ពេលចូលរួមប្រជុំនៅទីក្រុង សលត៍ លេក ព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន បានស្វាគមន៍ខ្ញុំ ។ លោកបានសួរដោយភាពកក់ក្តៅ និងផ្ទាល់ខ្លួនថា « ម៉ាក តើម្តាយសុខប្បាយទេ ? »
ខ្ញុំបានជម្រាបលោកថា កាលពីសប្តាហ៍មុនខ្ញុំបានទៅលេងផ្ទះម្ដាយខ្ញុំនៅនូវវែលសេឡង់ គាត់ចាស់ហើយ ប៉ុន្តែគាត់មានពេញដោយជំនឿ និងការបំផុសគំនិតដល់មនុស្សដែលស្គាល់គាត់ ។
បន្ទាប់មកលោកថា « សូមផ្ញើសេចក្តីស្រឡាញ់របស់ខ្ញុំទៅគាត់ផង …ហើយប្រាប់គាត់ថាខ្ញុំទន្ទឹងចាំជួបគាត់ម្តងទៀត »។
ជំនួសដោយការភ្ញាក់ផ្អើល ខ្ញុំបានសួរថា « តើលោកមានផែនការធ្វើដំណើរទៅនូវវែលសេឡង់ក្នុងពេលឆាប់ៗនេះឬ »?
លោកបានឆ្លើយដោយស្មោះថា « អូ អត់ទេ ខ្ញុំនឹងជួបគាត់នៅជីវិតក្រោយ » ។
គ្មានអ្វីមានខ្លឺមសារជាងចម្លើយរបស់លោកទេ ។ វាគឺជាការបង្ហាញពីច្បាប់ធម្មជាតិដ៏ឥតខ្ចោះ ។ ក្នុងគ្រាដ៏ផ្ទាល់នោះ ខ្ញុំបានឮ និងដឹងពីទីបន្ទាល់ដ៏បរិសុទ្ធ ពីព្យាការីដែលនៅមានជីវិតថា ជីវិតបន្តរស់ក្រោយពីសេចក្តីស្លាប់ ។
នៅក្នុងសន្និសីទនាចុងសប្តាហ៍នេះ បងប្អូននឹងឮទីបន្ទាល់ពីពួកសាវក និងព្យាការីនៅរស់របស់យើង អំពីការមានព្រះជន្មរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ « គោលការណ៍ដ៏សំខាន់នៃសាសនារបស់យើង គឺទីបន្ទាល់នៃពួកសាវក និង ពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានបញ្ចុះក្នុងផ្នូរ ហើយបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី … រឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើងគឺជារឿងបន្ទាប់បន្សំទៅនឹង [ សេចក្តីពិតនេះ ] » ។ ១ ខ្ញុំសូមសន្យានឹងបងប្អូនថា កាលណាបងប្អូនស្តាប់ដោយស្មោះអស់ពីចិត្ត នោះព្រះវិញ្ញាណនឹងបញ្ជាក់នៅក្នុងចិត្តបងប្អូន អំពីសេចក្តីពិតនៃទីបន្ទាល់ទាំងនេះ ។ ២
ពួកសាវកពីបុរាណរបស់ព្រះយេស៊ូវ បានផ្លាស់ប្តូរជារៀងរហូតបន្ទាប់ពីទ្រង់បង្ហាញព្រះកាយដល់ពួកគេក្រោយពីការសុគតរបស់ទ្រង់ ។ ពួកលោកដប់នាក់បានឃើញដោយផ្ទាល់ភ្នែកថាទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ថូម៉ាស កាលនោះបានអវត្តមាន រួចប្រកាសថា « បើខ្ញុំមិនឃើញ… នោះខ្ញុំមិនព្រមជឿទេ » ។ ៣ ក្រោយមកព្រះយេស៊ូវបានទូន្មានថូម៉ាសថា « កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ » ។ ៤ បន្ទាប់មកព្រះអម្ចាស់បានបង្រៀន ពីតួនាទីដ៏សំខាន់នៃសេចក្តីជំនឿ ៖ « មានពរហើយអ្នកណាដែលជឿឥតឃើញសោះ » ។ ៥
ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ បានផ្តល់ការទទួលខុសត្រូវដល់សាវកទ្រង់ឲ្យថ្លែងទីបន្ទាល់ពីទ្រង់ ។ ក៏ដូចពួកសាវកបច្ចុប្បន្ននេះដែរ ពួកលោកបានទុកចោលមុខរបបនៃជីវិតខាងលោកិយមួយអន្លើ ហើយចំណាយពេលដែលនៅសេសសល់ក្នងជីវិតប្រកាសដោយអង់អាចថា ព្រះទ្រង់ប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញហើយ ។ ទីបន្ទាល់ដ៏មានឥទ្ធិពលរបស់ពួកលោកបានដឹកនាំមនុស្សរាប់ពាន់នាក់ឲ្យព្រមទទួលការអញ្ជើញធ្វើពិធីបុណ្យជ្រមុជទឹក ។ ៦
សារលិខិតដ៏រុងរឿងនៃបុណ្យអ៊ីស្ទើរនាព្រឹកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះគ្រីស្ទសាសនាទាំងអស់ ។ ព្រះយេស៊ូវបានមានព្រជន្មរស់ឡើងវិញ ហើយដោយសារតែទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះយើងក៏អាចរស់ឡើងវិញផងដែរ ។ ចំណេះដឹងនេះបានធ្វើឲ្យជីវិតយើងមានអត្ថន័យ និងមានគោលបំណង ។ បើយើងឆ្ពោះទៅមុខដោយជំនឿ នោះយើងនឹងមានការផ្លាស់ប្តូរជានិរន្តរ ដូចពួកសាវកពីបុរាណផងដែរ ។ យើងក៏ដូចជាពួកលោក នឹងអាចស៊ូទ្រាំការលំបាកដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿនេះក៏ផ្តល់ក្តីសង្ឃឹមដល់យើង ក្នុងគ្រាដែល « សេចក្តីព្រួយនឹងប្រែទៅជាអំណរវិញ » ។ ៧
សេចក្តីជំនឿរបស់ខ្ញុំផ្ទាល់បានចាប់ផ្តើមឡើងនៅគ្រាដែលខ្ញុំមានទុក្ខព្រួយ ។
ឪពុកម្តាយរបស់ខ្ញុំគឺជាកសិករចិញ្ចឹមសត្វចៀមនៅប្រទេស នូវវែលសេឡង់ ។៨ ជីវិតរបស់ពួកលោករីករាយណាស់ ។ កាលជាគូស្វាមីភរិយាវ័យក្មេង ពួកលោកមានពរដែលមានកូនស្រីតូចៗបីនាក់ ។ កូនពៅគេមានឈ្មោះថា អាន ។ នៅថ្ងៃមួយពេលពួកលោកធ្វើដំណើរកម្សាន្ដទៅលេងបឹងមួយជាមួយគ្នា អាន ដែលមានអាយុ ១៧ ខែ ដែលចេះដើរតេះតាស់បានទៅបាត់ ។ បន្ទាប់ពីខំស្វែងរកអស់ប៉ុន្មាននាទីមក អាន ត្រូវបានគេរកឃើញថាស្លាប់បាត់បង់ជីវិត ។
សុបិនអាក្រក់នេះធ្វើឲ្យពួកលោកសោកសៅហួសនឹងថ្លែង ។ ជាច្រើនឆ្នាំក្រោយមក ឪពុករបស់ខ្ញុំបានសរសេរថា សំណើចក្អាសក្អាយដែលធ្លាប់មាន បានចាកចេញពីជីវិតរបស់ពួកលោកជារៀងរហូតហើយ ។ វាចាប់ផ្តើមធ្វើឲ្យចង់ដឹងចម្លើយចំពោះសំណួរសំខាន់បំផុតនៃជីវិតថា « តើអានជាទីស្រឡាញ់បំផុតរបស់យើងនឹងទៅទីណា ? តើយើងនឹងជួបនាងម្តងទៀតដែរឬទេ ? តើក្រុមគ្រួសាររបស់យើងអាចរីករាយម្តងទៀតដោយរបៀបណា ?
ប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីសោកនាដកម្មនេះ ពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងពីរនាក់មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមកដល់កសិដ្ឋានរបស់យើង ។ ពួកគេបានចាប់ផ្តើមបង្រៀនសេចក្តីពិតនៅក្នុងព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីប ។ សេចក្តីពិតទាំងនេះរួមបញ្ចូលទាំងការអះអាងថាពេលនេះ អាន កំពុងរស់នៅក្នុងពិភពវិញ្ញាណ ។ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះនាងក៏នឹងបានរស់ឡើងវិញផងដែរ ។ ពួកគេបានបង្រៀនថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្តារឡើងវិញនៅលើផែនដីម្តងទៀត ដោយមានពួកព្យាការី និងពួកសាវកនៅរស់ ។ ហើយពួកគេបានបង្រៀនគោលលទ្ធិដ៏ពិសេស និងអស្ចារ្យថា ក្រុមគ្រួសារអាចចងភ្ជាប់គ្នាជានិរន្តរ តាមរយៈសិទ្ធិអំណាចបព្វជិតភាពដូចគ្នាដែលព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់សាវកច្បងរបស់ទ្រង់គឺ ពេត្រុស ។ ៩
ម្តាយរបស់ខ្ញុំចាប់ផ្តើមទទួលស្គាល់សេចក្តីពិត និងបានទទួលសាក្សីនៃព្រះវិញ្ញាណភ្លាមៗ ។ ប៉ុន្តែឪពុកខ្ញុំ នៅស្មុគស្មាញខ្លាំងរវាងការសង្ស័យ និងការបំផុសគំនិតខាងវិញ្ញាណរហូតដល់មួយឆ្នាំក្រោយ ។ ហើយគាត់ក៏ស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូររបៀបរស់នៅផងដែរ ។ នៅព្រឹកមួយបន្ទាប់ពីសម្រាន្តមិនលក់អស់ពេញមួយយប់ ខណៈដែលគាត់ដើរចុះឡើងៗក្នុងបន្ទប់ នោះគាត់បានងាកទៅរកម្តាយខ្ញុំ ហើយនិយាយថា « បងចង់ធ្វើពិធីបុណ្យជ្រមុជទឹកនៅថ្ងៃនេះ បើមិនអញ្ចឹងទេ បងនឹងមិនជ្រមុជទឹកជារៀងរហូត » ។
អ្នកម្តាយបានប្រាប់ទៅពួកអ្នកផ្សព្វផ្សាយសាសនាពីអ្វីដែលបានកើតឡើង ហើយពួកគេបានដឹងមួយរំពេចពីភាពមិនទៀងទាត់នៃសេចក្តីជំនឿរបស់ឪពុកខ្ញុំ ថាគួរបំភ្លឺ ឬ ពន្លត់ ។
នៅព្រឹកនោះគ្រួសាររបស់យើងបានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដែលនៅជិតបំផុត ។ ដោយមិនបានដឹងថាមានរឿងអ្វីកើតឡើង យើងដែលជាកូនៗបាននាំគ្នាលេងពំនូកខ្សាច់ ខណៈពេលដែលអ៊ែលឌើរ ប៊យដ៍ ហ្រ្គីន និង ហ្គែរី ហ្សេសហ្វិល បាននាំឪពុកម្តាយខ្ញុំចុះទៅក្នុងទឹកសមុទ្រ ធ្វើពិធីបុណ្យជ្រមុជទឹក ។ ជាការបង្ហាញសេចក្តីជំនឿទៅមុខទៀត លោកពុកបានធ្វើការប្តេជ្ញាផ្ទាល់ជាមួយព្រះអម្ចាស់ថា មិនថាមានអ្វីកើតឡើង លោកនឹងនៅស្មោះត្រង់ចំពោះសេចក្តីសន្យាដែលលោកបានធ្វើពេញមួយជីវិត ។
មួយឆ្នាំក្រោយមកព្រះវិហារបរិសុទ្ធ ហាមីលថុន នូវវែលសេឡង់ បានឧទ្ទិសឆ្លង ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ ក្រុមគ្រួសាររបស់យើងបានលុតជង្គត់ចុះនៅជុំវិញអាសនាក្នុងដំណាក់ដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ដោយមានអ្នកធ្វើតំណាងជារូប អាន ។ នៅទីនោះដោយសិទ្ធិអំណាចបព្វជិតភាព យើងទាំងអស់គ្នាបានរួបរួមគ្នាជាគ្រួសារអស់កល្បជានិច្ចមួយនៅក្នុងពិធីបរិសុទ្ធដ៏សាមញ្ញ និងស្រស់ស្អាត ។ វាបាននាំមកនូវសេចក្ដីសុខសាន្ត និង អំណរយ៉ាងអស្ចារ្យ ។
ជាច្រើនឆ្នាំក្រោយមកឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា ប្រសិនបើគ្មានសោកនាដកម្មនៃការស្លាប់របស់ អាន ទេ គាត់នឹងគ្មានការបន្ទាបខ្លួនគ្រប់គ្រាន់ ដើម្បីទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញនេះឡើយ ។ ប៉ុន្តែព្រះវិញ្ញាណនៃព្រះអម្ចាស់បានផ្តល់ក្តីសង្ឃឹមបន្តិចម្តងៗ ហើយថាអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគឺជាការពិត ។ សេចក្តីជំនឿរបស់ឪពុកម្តាយខ្ញុំបានបន្តរីកចម្រើនរហូតដល់ទីបន្ទាល់របស់ពួកលោកបានឆេះសន្ធោសន្ធៅ ដែលបាននាំឲ្យមានការសម្រេចចិត្តនៅក្នុងជីវិតរបស់ពួកលោកដោយស្ងៀមស្ងាត់និង រាបសា ។
ខ្ញុំតែងតែអរគុណចំពោះគំរូរបស់ឪពុកម្តាយខ្ញុំសម្រាប់កូនចៅជំនាន់ក្រោយ ។ វាពិតជាមិនអាចគណនាចំនួនជីវិតដែលបានផ្លាស់ប្តូរជារៀងរហូត ពីព្រោះតែសកម្មភាពនៃសេចក្តីជំនឿក្នុងការឆ្លើយតបចំពោះទុក្ខសោកដ៏ជ្រាលជ្រៅនេះទេ ។
ខ្ញុំសូមអញ្ជើញអស់អ្នកដែលសោកសៅ អស់អ្នកដែលតស៊ូពុះពារនឹងការសង្ស័យ អស់អ្នកដែលងឿងឆ្ងល់ពីអ្វីដែលកើតឡើងបន្ទាប់ពីសេចក្តីស្លាប់ សូមឲ្យដាក់សេចក្តីជំនឿលើព្រះគ្រីស្ទ ។ ខ្ញូំសូមសន្យាថា ប្រសិនបើបងប្អូន មានបំណងប្រាថ្នាក្នុងការជឿ ហើយ ប្រព្រឹត្តតាមនៅក្នុងសេចក្តីជំនឿ ហើយធ្វើតាមការខ្សឹបប្រាប់ពីព្រះវិញ្ញាណ នោះបងប្អូននឹងរកឃើញអំណរនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ ។
ឱ ! ខ្ញុំទន្ទឹងរង់ចាំដល់ពេលដែលខ្ញុំអាចជួបប្អូនស្រី អាន របស់ខ្ញុំខ្លាំងណាស់ ។ ខ្ញុំទន្ទឹងរង់ចាំការជួបជុំដ៏រីករាយជាមួយលោកពុកខ្ញុំដែលបានទទួលមរណភាពអស់ ៣០ ឆ្នាំទៅហើយនោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីអំណរដែលបានរកឃើញ ដោយការរស់នៅតាមសេចក្តីជំនឿ ការជឿដោយមើលមិនឃើញប៉ុន្តែជាការដឹងដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ដោយអស់ពីដួងចិត្ត និងព្រលឹងរបស់ខ្ញុំ នោះខ្ញុំសូមដើរតាមព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។ អ្វីៗទាំងអស់នេះបានប្រទានពរដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្ញុំ ។ ខ្ញុំដឹងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕