សន្និសីទទូទៅ
សូម​បងប្អូនចងចាំ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


8:26

សូម​បងប្អូនចងចាំ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ

យើង​មាន​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ធ្វើ​តាម ហើយ​ដំណើរ​ឆ្ពោះ​ទៅកាន់​ផ្ទះ​ដ៏​អស់កល្ប​របស់​យើង គឺ​អាច​ធ្វើ​ទៅបាន​ដោយសារ​តែ​ការបង្រៀន​របស់​ទ្រង់ ព្រះជន្ម​របស់​ទ្រង់ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ប៉ុណ្ណោះ ។

ក្នុង​ឆ្នាំ ១៩៤៦ អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ អាស័រ ហាស្លឺរ បាន​ដើរ​ឡើង​ភ្នំ​តាម​ដងអូរ​ក្បែរ​ផ្ទះ​កុមារភាព​របស់គាត់ ជាពេល​ដែល​គាត់​​មាន​បទពិសោធន៍​មួយ​ ​នាំ​ឲ្យមាន​​របកគំហើយ​ដ៏​សំខាន់​មួយ អំពី​របៀប​ដែល​ត្រី​រក​ផ្លូវ​ត្រឡប់​ទៅ​អូរ​កំណើត​របស់​វា​វិញ ។

ពេល​​ដើរ​ឡើង​ភ្នំ ហួស​ទឹកជ្រោះ​ដែល​គាត់​ចូលចិត្ត​កាលពី​កុមារភាព ស្រាប់តែ​ហាស្លឺរ​បាន​នឹកឃើញ​អនុស្សាវរីយមួយ ។ គាត់​បាន​និយាយ​ថា « ខ្យល់​ត្រជាក់​បក់​​នាំ​​ក្លិន​ស្លែ និង​ផ្កា បក់​ផាត់តាមចន្លោះ​​ថ្ម ​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត នៅ​ខាង​មុខ​ភ្នំ បាន​ធ្វើ​ឲ្យ​គាត់​គិត​ឃើញ​ពី​រឿង​មួយ​ភ្លាមៗ » ។

ក្លិន​ទាំងនេះ​បាន​ដាស់​អនុស្សាវរីយ​ពី​កុមារភាព ហើយ​បាន​រំឭក​គាត់​ពី​ផ្ទះកំណើត ។

គាត់​បាន​ទាញ​ហេតុផល​ថា ប្រសិន​បើ​ក្លិន​នោះអាច​គាស់​កកាយ​ការចងចាំ​បាន នោះ​​ក្លិន​នេះ​ក៏អាច​ធ្វើ​ឲ្យ​ត្រី​សាលម៉ុន​នឹកឃើញ​ផ្លូវ​ត្រឡប់​ទៅ​អូរ​កំណើត​របស់​វា​ដើម្បី​ពងវិញដែរ បន្ទាប់​ពី​នៅក្នុង​សមុទ្រ​ដ៏​ល្វឹងល្វើយ​ជាច្រើន​ឆ្នាំ​មកនោះ ។

ដោយ​ផ្អែក​លើ​បទពិសោធន៍​នេះ ហាស្លឺរ ព្រមទាំង​អ្នកស្រាវជ្រាវ​ដទៃ​ទៀត បាន​ចាប់​ផ្ដើម​បង្ហាញ​ថា ត្រីសាលម៉ុន​ចងចាំ​ក្លិន​ទាំងនោះ ដែល​នឹង​ជួយ​ពួកវា​ឲ្យ​រកផ្លូវ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​សមុទ្រ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​ពួកវា​វិញ ។

ដំណើររឿង​នេះ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​គិត​ថា រឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​ធ្វើ​​នៅ​ក្នុង​ជីវិត​នេះ​គឺ ត្រូវ​ស្គាល់ និង​ចាំ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​​យើង​វិញ ហើយ​ត្រូវ​ខិតខំ​ព្យាយាម​ដោយ​ស្មោះត្រង់ និង​រីករាយ​ក្នុង​ដំណើរ​នេះ ។

ខ្ញុំ​បាន​គិត​ដល់​ការរំឭក​ចំនួន​បួន ដែល​អាច​ដាស់​អារម្មណ៍​ឲ្យ​នឹកឃើញ​ពី​ផ្ទះ​សួគ៌ា​របស់​យើង បើ​ប្រើប្រាស់ និង​អនុវត្ត​វា​ដោយ​ខ្ជាប់ខ្ជួន​ក្នុង​ជីវិត​យើងនោះ ។

ទីមួយ យើង​អាច​ចងចាំ​ថា យើង​គឺជា​កូន​របស់​ព្រះ

យើង​មាន​កេរដំណែល​ដ៏​ទេវភាព​មួយ ។ ការដឹង​ថា​យើង​ជា​កូនរបស់​ព្រះ ហើយ​ថា​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ គឺ​ជា​ជំហាន​ដំបូង​មួយ​នៅលើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។

សូម​រំឭក​ខ្លួន​បងប្អូន​អំពី​កេរដំណែល​នេះ ។ សូម​បង្កើត​ពេល​វេលា​ឲ្យ​បាន​ទៀងទាត់​ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​ខាង​វិញ្ញាណ​របស់​បងប្អូន ដោយ​ការចងចាំ​ពី​ពរជ័យ​ទាំងឡាយ ដែល​បងប្អូន​បាន​ទទួល​ពី​ព្រះអម្ចាស់ ។ សូម​ទុកចិត្ត​លើ​ការណែនាំ​ដែល​បងប្អូន​បាន​ទទួល​ពី​ទ្រង់ ជាជាង​ការងាក​ទៅរក​លោកិយ​ទាំងស្រុង​ក្នុង​ការវាស់​ពី​តម្លៃ​ផ្ទាល់​ខ្លួន​ ហើយ​ស្វែងរក​ផ្លូវ​របស់​បងប្អូននោះ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់ បន្ទាប់​ពី​គាត់​បាន​ចូល​មន្ទីរពេទ្យ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ថា ពេល​គាត់​​ដេក​លើ​គ្រែ​​មន្ទីរពេទ្យ អ្វី​ទាំងអស់​ដែល​គាត់​ប្រាថ្នា គឺ​សូម​ឲ្យ​មាន​នរណា​ម្នាក់​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ឲ្យគាត់​ស្ដាប់ ។ គាត់​បាន​និយាយ​ថា គំនិត​នោះ​តែ​ម្យ៉ាង​បាន​ផ្ដល់​ភាពសុខសាន្ត ដែល​គាត់​ត្រូវការ​នៅក្នុង​គ្រា​ដ៏​ឈឺចាប់​នោះ ។

ការដឹង​ថា​បងប្អូន​ជានរណា ផ្លាស់ប្ដូរ​អ្វី​ដែល​បងប្អូន​មាន​អារម្មណ៍ និង​អ្វី​ដែល​បងប្អូន​ធ្វើ ។

ការយល់​ដឹង​ថា បងប្អូន​ជា​នរណា​ប្រាកដ ជួយ​រៀបចំ​បងប្អូន​​កាន់តែ​ប្រសើរ ដើម្បី​ស្គាល់ និង​ចងចាំ​ផ្លូវ​របស់​បងប្អូន​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​វិញ ហើយ​ចង់​ទៅ​ទីនោះ​យ៉ាង​ខ្លាំង ។

ទីពីរ យើងអាច​ចងចាំ​ពី​មូលដ្ឋានគ្រឹះ​ដែល​ការពារ​យើង

កម្លាំង​បាន​មក នៅពេល​យើង​បន្ត​មាន​ភាពសុចរិត ទៀងត្រង់ និង​ស្មោះត្រង់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ សូម្បី​តែ​នៅ​ពេល​ដែល​មនុស្ស​ដទៃ​​មិន​គោរព​តាម​បទបញ្ញត្តិ និង​គោលការណ៍​នៃ​សេចក្ដី​សង្គ្រោះ​ក្ដី ។

នៅក្នុង​ព្រះគម្ពីរ​មរមន ហេលេមិន​បាន​បង្រៀន​ពួក​កូនប្រុស​លោក​ឲ្យ​ចងចាំ​ថា ពួកគេ​ត្រូវតែ​សង់​គ្រឹះ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​មាន​កម្លាំង​ក្នុង​ការទប់ទល់​នឹង​ការល្បួង​របស់​មារសត្រូវ ។ ខ្យល់​ព្យុះ​ដ៏​ខ្លាំង​របស់​សាតាំង​កំពុង​តែ​បក់បោក​មកលើ​យើង ប៉ុន្តែ​វា​នឹង​គ្មាន​​អំណាច​អ្វី​ដើម្បី​ទាញ​យើង​ចុះ​នោះ​ទេ ប្រសិន​បើ​យើង​ដាក់​ការទុកចិត្ត​របស់​យើង​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត—គឺ​ក្នុង​ព្រះអង្គ​ប្រោសលោះ​របស់​យើង ។

ខ្ញុំបាន​ដឹង​មកពី​បទពិសោធន៍​ផ្ទាល់ខ្លួនថា នៅពេល​យើង​ជ្រើសរើស​​ស្ដាប់​សំឡេង​​ទ្រង់ និង​ធ្វើតាម​ទ្រង់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ទ្រង់ ។ យើង​នឹង​ទទួល​បាន​ទស្សនវិស័យ​ដែល​កាន់តែ​ទូលំទូលាយ​អំពី​ស្ថានភាព​របស់​យើង ហើយយល់​ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​គោលបំណង​នៃ​ជីវិត​នេះ ។ យើង​នឹង​ទទួល​អារម្មណ៍​បំផុស​ខាង​វិញ្ញាណ ដែល​នឹង​ដឹកនាំ​យើង​ទៅ​ផ្ទះ​សួគ៌ា​របស់​យើងវិញ ។

ទីបី យើង​អាច​ចងចាំ​អធិស្ឋាន​ជានិច្ច

យើង​រស់នៅ​ក្នុង​គ្រា​មួយ ដែល​ដោយ​គ្រាន់តែ​ចុច ឬ​បញ្ជា​ដោយ​សំឡេង គឺ​យើង​អាច​ចាប់ផ្ដើម​ស្រាវជ្រាវ​រក​ចម្លើយ​បាន​ស្ទើរតែ​គ្រប់​ប្រធានបទ នៅក្នុង​ទិន្នន័យ​ដ៏​ធំ​សម្បើម ដែល​ត្រូវបាន​រក្សា​ទុក និង​រៀបចំ​នៅក្នុង​បណ្តាញ​កុំព្យូទ័រ​ដ៏​ធំ និង​ស្មុគស្មាញ​មួយ ។

ម្យ៉ាង​ទៀត យើង​មាន​ការអញ្ជើញ​ដ៏​សាមញ្ញ​ឲ្យ​ចាប់ផ្ដើម​ស្វែងរក​ចម្លើយ​ពី​ស្ថានសួគ៌ ។ « ចូរ​អធិស្ឋាន​ជានិច្ច យើង​នឹង​ចាក់​ព្រះ​វិញ្ញាណ​របស់​យើង​មក​លើ​អ្នក » ។ បន្ទាប់មក​ព្រះអម្ចាស់​សន្យា​ថា « ហើយ​ពរ​របស់​អ្នក​ធំ​ណាស់​ហ្ន៎ — មែន​ហើយគឺ​ច្រើន​ជាង​អ្វី​ដែល​អ្នក​គប្បី​បាន​ទទួល​នូវ​ទ្រព្យសម្បត្តិ​ពី​ផែនដី » ។

ព្រះ​ត្រាស់ដឹង​យ៉ាង​ពេញលេញ​ពី​យើង​ម្នាក់ៗ ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​ស្ដាប់​ការអធិស្ឋាន​របស់​យើង ។ ពេល​យើង​ចងចាំ​អធិស្ឋាន នោះ​យើង​រកឃើញ​សេចក្ដី​ស្រឡាញ់​គាំទ្រ​របស់​ទ្រង់ ហើយ​កាលណា​យើង​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះនាម​ព្រះគ្រីស្ទ​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​យើង​នាំ​ព្រះអង្គ​សង្គ្រោះ​ចូល​ក្នុង​ជីវិត​យើង​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ដែរ ហើយ​យើង​នឹង​ស្គាល់​ផ្លូវ​ដែល​ទ្រង់​បាន​គូស​​ទៅកាន់​ផ្ទះ​សួគ៌ា​របស់​យើង​វិញ​កាន់តែ​ច្បាស់ ។

ទីបួន យើង​អាច​ចងចាំ​ដើម្បី​បម្រើ​មនុស្ស​ដទៃ​ទៀត

កាលដែល​យើង​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការបម្រើ និង​ការបង្ហាញ​ចិត្ត​សប្បុរស​ទៅកាន់​មនុស្ស​ដទៃ​ទៀត នោះ​យើង​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​កន្លែង​មួយ​កាន់តែ​ល្អប្រសើរ ។

សកម្មភាព​របស់​យើង​អាច​ផ្ដល់​ពរជ័យ​ជា​ពិសេស​ដល់​ជីវិត​របស់មនុស្ស​​ដែល​នៅ​ជុំវិញ​យើង និង​ជីវិត​យើង​ផ្ទាល់​ផងដែរ ។ ការបម្រើ​ដោយ​សេចក្តីស្រឡាញ់ ​បន្ថែម​អត្ថន័យ​ដល់​ជីវិត​អ្នក​ផ្ដល់​ឲ្យ​ និង​ជីវិត​អ្នកទទួល​ផងដែរ ។

សូម​កុំ​មើល​ស្រាល​សក្ដានុពល​ដែល​បងប្អូន​មាន ក្នុង​ការជះ​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​ដទៃ​ទៀត​ ទាំង​តាមរយៈ​ការបម្រើ​ដោយ​សកម្មភាព​ និង​គំរូ​របស់​បងប្អូន ។

ការបម្រើ​ដោយ​សេចក្តីស្រឡាញ់​ដល់​មនុស្ស​ដទៃ​ទៀត ដឹកនាំ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ទៅកាន់​ផ្ទះ​សួគ៌ា​របស់​យើង—ជា​ផ្លូវ​នៃ​ការក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

ក្នុង​ឆ្នាំ ១៩៧៥ ជា​លទ្ធផល​នៃ​សង្គ្រាម​ស៊ីវិល អាណាលដូ និង យូជិនៀ ថេលេ ហ្គ្រីឡូ និង​កូនៗ​របស់​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ចាកចោល​ផ្ទះ​ និង​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បាន​ខិតខំ​សាង​ឡើងអស់​ជា​ច្រើន​ទសវត្សរ៍​មក​នោះ ។ ពេល​ត្រឡប់​ទៅ​​ប្រទេស​ព័រទុយហ្គាល់ ជា​ប្រទេស​កំណើត​របស់​ពួកគេ បងប្រុស និង​បងស្រី ថេលេ ហ្គ្រីឡូ បាន​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការចាប់ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត ។ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​ក្រោយមក បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពួកគេ​បាន​និយាយ​ថា « យើង​បាន​បាត់បង់​អ្វីៗ​ទាំងអស់​ដែល​យើង​មាន ប៉ុន្តែ​វា​ជា​រឿង​ល្អ ដោយសារ​វា​បាន​បង្ខំ​យើង​ឲ្យ​ពិចារណា​ពី​សារៈសំខាន់​នៃ​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច » ។

ពួកគេ​បាន​បាត់បង់​ផ្ទះ​នៅលើ​ផែនដី​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​រកឃើញ​ផ្លូវ​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​របស់​ពួកគេ​វិញ ។

មិន​ថា​​បងប្អូន​ត្រូវ​ទុកចោលអ្វី ដើម្បី​ដើរតាម​ផ្លូវ​ទៅ​ផ្ទះ​សួគ៌ាវិញ​នោះ​ទេ នៅ​ថ្ងៃ​ណា​មួយ វា​នឹង​មើល​ទៅ​ដូចជា​គ្មាន​ការលះបង់​អ្វី​ទាំងអស់ ។

យើង​មាន​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ធ្វើ​តាម ហើយ​ដំណើរ​ឆ្ពោះ​ទៅកាន់​ផ្ទះ​ដ៏​អស់កល្ប​របស់​យើង គឺ​អាច​ធ្វើ​ទៅបាន តាម​តែ​ការបង្រៀន​របស់​ទ្រង់ ព្រះជន្ម​របស់​ទ្រង់ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ប៉ុណ្ណោះ—រួមមាន​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដកពិសោធន៍​នូវ​អំណរ​នៃ​ការចងចាំ​ថា យើង​ជាកូន​របស់​ព្រះ ហើយ​ថា​ទ្រង់​ស្រឡាញ់​ពិភពលោក​ដល់​ម្ល៉េះ ​បាន​ជា​ទ្រង់​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់មកឲ្យ​បង្ហាញ​ផ្លូវ​ដល់​យើង ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​ធ្វើជា​មនុស្ស​​ស្មោះត្រង់ បង្វែរ​ជីវិត​​ទៅ​ព្រះអង្គ​សង្គ្រោះ និង​ស្ថាបនា​គ្រឹះ​របស់​បងប្អូន​នៅលើ​ទ្រង់ ។ សូម​ចងចាំ​អធិស្ឋាន​ជានិច្ច​នៅក្នុង​ដំណើរ​របស់​បងប្អូន ហើយ​បម្រើ​មនុស្ស​ដទៃ​ទៀត​នៅតាម​ផ្លូវ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ នៅថ្ងៃ​អាទិត្យ​​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។ ទ្រង់​ជា​អង្គ​ដែល​អាច​ជូន​យើង​ទៅ​កាន់​ជីវិត​ពេញ​ដោយ​អំណរ ហើយ​ដឹកនាំ​យើង​នៅក្នុង​ដំណើរ​របស់​យើង ។ ចូរ​យើង​ចងចាំ ហើយ​ដើរ​តាម​ទ្រង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. Arthur Davis Hasler, in Gene E. Likens, “Arthur Davis Hasler: January 5, 1908–March 23, 2001,” នៅក្នុង National Academy of Sciences, Biographical Memoirsវ៉ុល ៨២ ( ឆ្នាំ ២០០៣ ) ទំព័រ ១៧៤–៧៥ ។

  2. សូមមើល Book of Mormon Student Manual ( ឆ្នាំ ២០០៩ ) ទំព័រ ២៦៨–៧៣ ។

  3. សូមមើល ហេលេមិន ៥:៦–១២ ។

  4. គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៣៨ ។

  5. សូមមើល Don L. Searle « Discovering the Gospel Riches of Portugal » Ensignខែ តុលា ឆ្នាំ ១៩៨៧,​ ១៥ ។

  6. សូមមើល យ៉ូហាន ៣:១៦ ។