អ្នករាល់គ្នាបានរួច
ព្រះយេស៊ូវ គ្រីស្ទ គឺជាពន្លឺដែលយើងរាល់គ្នានឹងលើកឡើង សូម្បីតែនៅក្នុងគ្រាងងឹតនៃជីវិតរមែងស្លាប់របស់យើងក្តី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានអំណរគុណចំពោះឯកសិទ្ធិ ដើម្បីថ្លែងទៅកាន់បងប្អូនពីប្រទេសអាហ្វ្រិក ។ វាគឺជាពរជ័យមួយដែលយើងមានបច្ចេកវិទ្យាសព្វថ្ងៃនេះ ដែលអាចប្រើតាមរបៀបដ៏មានប្រសិទ្ធភាពបំផុត ដើម្បីឈោងទៅដល់បងប្អូននៅគ្រប់ទីកន្លែង ។
ខណៈពេលកំពុងបម្រើជាអ្នកដឹកនាំបេសកកម្មទីក្រុង បាល់ទីម័រ រដ្ឋ ម៉ារីលែន កាលពីខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ស៊ីស្ទើរ មូតូមបូ និង ខ្ញុំ បានមានឱកាសទៅទស្សនាកន្លែងប្រវត្តិសាស្រ្តរបស់សាសនាចក្រនៅប៉ាលម៉ៃរ៉ា រដ្ឋនូវយ៉ោក ខណៈពេលចូលរួមសិក្ខាសាលាថ្នាក់ដឹកនាំបេសកកម្ម ។ យើងបានបញ្ចប់ទស្សនកិច្ចរបស់យើងនៅឯព្រៃពិសិដ្ឋ ។ បំណងរបស់យើងក្នុងការទៅទស្សនាព្រៃពិសិដ្ឋគឺមិនមែនដើម្បីទទួលបានការបើកសម្តែង ឬ ការនិមិត្តណាមួយឡើយ ប៉ុន្តែយើងមានអារម្មណ៍ថាព្រះមានវត្តមាននៅទីពិសិដ្ឋនោះ ។ ដួងចិត្តរបស់យើងពោរពេញដោយអំណរគុណ ចំពោះព្យាការីយ៉ូសែប ស្ម៊ីធ ។
ពេលកំពុងបើកឡានត្រឡប់មកវិញ ស៊ីស្ទើរមូតូមបូ សង្កេតឃើញខ្ញុំញញឹមពព្រាយ គាត់ក៏សួរខ្ញុំថា « តើមូលហេតុអ្វីបានជាបងសប្បាយចិត្តម្ល៉េះ ? »
ខ្ញុំបានឆ្លើយថា « ណាតាលី ជាទីស្រឡាញ់របស់បងអើយ សេចក្តីពិតនឹងតែងឈ្នះលើកំហុសឆ្គងជានិច្ចហើយភាពងងឹតនឹងមិនបន្តមានលើផែនដីឡើយដោយសារតែដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញនេះ » ។
ព្រះជាព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទបានយាងមកជួបយុវជនយ៉ូសែប ស្ម៊ីធដើម្បីបំភ្លឺពីអ្វីដែលបានលាក់ជាយូរ ដើម្បីយើងអាចទទួលបាននូវ « ការចេះដឹងអំពីការណ៍ទាំងឡាយដែលមាន…នឹងការណ៍ទាំងឡាយដែល [ នឹងមាននៅខាងមុខ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។
បន្ទាប់ពីជិតពីររយឆ្នាំ មនុស្សជាច្រើននៅតែស្វែងរកសេចក្តីពិតដែលចាំបាច់ ដើម្បីបានរួចផុតពីទំនៀមទម្លាប់ និងការកុហកមួយចំនួនដែលពួកមារសត្រូវពង្រាយពាសពេញពិភពលោក ។ មនុស្សជាច្រើន « បានខ្វាក់ដោយសារឧបាយកលដ៏ប្រសប់នៃមនុស្ស » ( គោលលទ្ធិ និង សេចក្ដី សញ្ញា ១២៣:១២ ) ។ នៅក្នុងសំបុត្រទៅកាន់អេភេសូរ ប៉ុល បានបង្រៀនថា « ទ្រង់មានព្រះបន្ទូលថាឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង » ។ ( អេភេសូរ ៥:១៤ ) ។ ព្រះអង្គសង្គ្រោះបានសន្យាថា ទ្រង់នឹងធ្វើជាពន្លឺដល់អស់អ្នកដែលស្តាប់ព្រះបន្ទូលរបស់ទ្រង់ ( សូមមើល នីហ្វៃទី ២ ១០:១៤ ) ។
សាមសិបប្រាំឆ្នាំកន្លងទៅ ឪពុកម្តាយខ្ញុំមិនស្គាល់សេចក្តីពិតឡើយ ហើយខិតខំព្យាយាមស្គាល់សេចក្តីពិត និងព្រួយបារម្ភយ៉ាងខ្លាំងអំពីកន្លែងដែលគួរទៅដើម្បីរកឃើញសេចក្តីពិតនេះ ។ ឪពុកម្តាយខ្ញុំទាំងពីររូបបានកើតនៅក្នុងភូមិមួយដែលទំនៀមទម្លាប់នេះ បានចាក់ឬសនៅក្នុងជីវិតបុគ្គលម្នាក់ៗ និងក្រុមគ្រួសារយ៉ាងខ្លាំង ។ ពួកលោកទាំងពីរបានចេញពីភូមិរបស់ពួកលោក តាំងពីក្មេង ហើយមករស់នៅទីក្រុងដើម្បីបានជីវិតប្រសើរជាងមុន ។
ពួកលោកបានរៀបការ ហើយចាប់ផ្តើមគ្រួសារដ៏សាមញ្ញមួយ ។ យើងរស់នៅក្នុងផ្ទះតូចមួយដែលមានគ្នាជិតប្រាំបីនាក់—មានឪពុកម្តាយខ្ញុំ ប្អូនស្រីខ្ញុំពីរនាក់ និងខ្ញុំ ព្រមទាំងបងប្អូនជីដូនមួយរបស់យើងម្នាក់ដែលធ្លាប់រស់នៅជាមួយយើង ។ ខ្ញុំតែងងឿងឆ្ងល់ថាតើយើងជាគ្រួសារដែរឬទេ ដោយសារយើងមិនត្រូវបានអនុញ្ញាតឲ្យបរិភោគអាហារពេលល្ងាចរួមតុជាមួយឳពុកម្តាយយើងឡើយ ។ កាលឳពុកត្រឡប់មកពីធ្វើការវិញ នៅពេលគាត់ចូលក្នុងផ្ទះភ្លាម យើងត្រូវបានប្រាប់ឲ្យចេញទៅលេងខាងក្រៅ ។ យើងគេងបានតិចណាស់ ពីព្រោះយើងគេងមិនស្ងប់ដោយខ្វះភាពសុខដុម និងសេចក្តីស្រឡាញ់ពិតនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ឳពុកម្តាយយើង ។ ផ្ទះយើងតូច ហើយស្ថិតនៅកន្លែងងងឹត ។ មុនពេលជួបជាមួយអ្នកផ្សព្វផ្សាយសាសនា យើងបានចូលរួមនឹងព្រះវិហារផ្សេងៗរាល់ថ្ងៃអាទិត្យ ។ វាបង្ហាញយ៉ាងច្បាស់ថាឳពុកម្តាយរបស់យើងបានស្វែងរកអ្វីមួយដែលពិភពលោកមិនអាចផ្តល់ឲ្យបាន ។
រឿងនេះបានបន្តរហូតដល់យើងបានជួបជាមួយ អែលឌើរ និង ស៊ីស្ទើរ ហ៊ាតឈីង ដែលជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងដំបូងបំផុតដែលបានហៅបម្រើនៅ ហ្សែរី ( បច្ចុប្បន្ននេះត្រូវបានគេស្គាល់ថា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ កុងហ្គោ គីនស្សាសា ) ។ ពេលយើងចាប់ផ្តើមជួបជាមួយអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យនេះ ពួកគាត់ប្រៀបបាននឹងទេវតាដែលព្រះបានចាត់មក ខ្ញុំបានសម្គាល់ឃើញថាមានអ្វីមួយបានចាប់ផ្តើមផ្លាស់ប្តូរនៅក្នុងគ្រួសារយើង ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក នោះជីវិតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗយ៉ាងពិតប្រាកដដោយសារតែការស្តារឡើងវិញនៃដំណឹងល្អ ។ ព្រះបន្ទូលនៃព្រះគ្រីស្ទបានចាប់ផ្តើមពង្រីកព្រលឹងរបស់យើង ។ បន្ទូលទាំងនោះបានចាប់ផ្តើមបំភ្លឺការយល់ដឹងរបស់យើង មែនហើយវាចាប់ផ្តើមមានរស់ជាតិផ្អែមល្ហែមចំពោះយើង កាលសេចក្តីពិតដែលយើងបានទទួលត្រូវបានញែកឲ្យដឹង ហើយយើងអាចមើលឃើញពន្លឺ ហើយពន្លឺនេះកាន់តែភ្លឺឡើងៗជារៀងរាល់ថ្ងៃ ។
ការយល់ដឹងអំពី « គោលបំណង » នៃដំណឹងល្អ គឺកំពុងជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ ទំហំផ្ទះរបស់យើងមិនផ្លាស់ប្តូរទេ រីឯស្ថានភាពសង្គមរបស់យើងក៏មិនផ្លាស់ប្ដូរដែរ ។ ប៉ុន្តែខ្ញុំបានឃើញពីការផ្លាស់ប្តូរដួងចិត្តរបស់ឳពុកម្តាយខ្ញុំ កាលយើងអធិស្ឋានជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ។ យើងបានសិក្សាព្រះគម្ពីរមរមន យើងមានរាត្រីជួបជុំក្រុមគ្រួសារ យើងបានប្រែក្លាយជាគ្រួសារពិតប្រាកដមួយ ។ រៀងរាល់ថ្ងៃអាទិត្យ យើងបានក្រោកឡើងនៅម៉ោង៦:០០ព្រឹក ដើម្បីរៀបចំទៅព្រះវិហារ ហើយយើងនឹងធ្វើដំណើររាប់ម៉ោងដើម្បីទៅចូលរួមការប្រជុំក្នុងសាសនាចក្រជារៀងរាល់សប្តាហ៍ ដោយមិនត្អូញត្អែរឡើយ ។ វាជាបទពិសោធន៍ដ៏អស្ចារ្យដើម្បីធ្វើជាសាក្សីពីរឿងនេះ ។ យើងគឺជាអ្នកធ្លាប់ដើរក្នុងសេចក្តីងងឹត ហើយបានបណ្តេញសេចក្តីងងឹតចេញពីចំណោមពួកយើង ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៥ ) ហើយបានឃើញ « ពន្លឺយ៉ាងធំ »( នីហ្វៃទី ២ ១៩:២ ) ។
ខ្ញុំចាំថាមានថ្ងៃមួយនៅពេលដែលខ្ញុំមិនចង់ក្រោកឡើងពីព្រលឹម ដើម្បីអធិស្ឋានជាក្រុមគ្រួសារ ខ្ញុំបានរអ៊ូរទាំដាក់ប្អូនស្រីរបស់ខ្ញុំថា « តើយើងពិតជាគ្មានអ្វីផ្សេងទៀតដែលត្រូវធ្វើនៅក្នុងផ្ទះនេះក្រៅពីការអធិស្ឋាន ហើយអធិស្ឋានទៀតទេឬអី » ។ ឳពុករបស់ខ្ញុំបានឮខ្ញុំនិយាយ ។ ខ្ញុំចាំពីប្រតិកម្មរបស់គាត់នៅពេលនោះ គាត់បានបង្រៀនខ្ញុំដោយសេចក្ដីស្រឡាញ់ ប៉ុន្តែដោយម៉ឺងម៉ាត់ថា « ដរាបណាកូននៅក្នុងផ្ទះនេះកូនត្រូវអធិស្ឋាន ហើយអធិស្ឋានទៀត » ។
ពាក្យសម្ដីរបស់ឪពុកបានឮពេញត្រចៀកខ្ញុំជារៀងរាល់ថ្ងៃ ។ តើបងប្អូនគិតថា សព្វថ្ងៃនេះស៊ីស្ទើរ មូតូមបូ និងខ្ញុំបានធ្វើអ្វីខ្លះជាមួយនឹងកូនៗរបស់យើង ? យើងអធិស្ឋានហើយអធិស្ឋានទៀត ។ នេះគឺជាកេរដំណែលរបស់យើង ។
មានបុរសខ្វាក់ពីកំណើតម្នាក់ ហើយត្រូវព្រះយេស៊ូវ គ្រីស្ទព្យាបាលឲ្យជា បន្ទាប់ពីបានទទួលសម្ពាធពីអ្នកជិតខាងរបស់គាត់ និងពីពួកផារ៉ាស៊ីនិយាយថា ៖
« មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង ។ …
« …ខ្ញុំដឹង តែប៉ុណ្ណេះ [ ថា ] … [ គឺ ] ខ្ញុំខ្វាក់តែឥឡូវនេះខ្ញុំ [ អាច ] មើលឃើញ » ( យ៉ូហាន ៩:១១,២៥ ) ។
កាលពីមុនយើងក៏ខ្វាក់ដែរ ហើយឥឡូវនេះយើងអាចមើលឃើញ ។ ដំណឹងល្អដែលបានស្តារឡើងវិញ បានមានឥទ្ធិពលលើក្រុមគ្រួសាររបស់យើង ចាប់តាំងពីពេលនោះមក ។ ចំណេះដឹងពី គោលបំណង នៃដំណឹងល្អបានផ្ដល់ពរដល់ក្រុមគ្រួសាររបស់ខ្ញុំបីជំនាន់ និងបន្តផ្ដល់ពរដល់ជំនាន់ក្រោយជាច្រើនជំនាន់ទៀត ។
ព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺដែលបំភ្លឺនៅក្នុងភាពងងឹត ។ អ្នកដែលដើរតាមទ្រង់ « នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ »( យ៉ូហាន ៨:១២ ) ។
រយៈពេលជិតមួយឆ្នាំ ចន្លោះឆ្នាំ ២០១៦ និង ២០១៧ ប្រជាជននៅតំបន់កាសា បានប្រឈមមុខនឹង សោកនាដកម្មយ៉ាងអាក្រក់ ។ វាគឺជាគ្រាដ៏ខ្មៅងងឹតសម្រាប់ប្រជាជននោះ ដោយសារតែជម្លោះរវាងក្រុមទាហានប្រកាន់ទំនៀមទម្លាប់ និងកងកម្លាំងរដ្ឋាភិបាល ។ អំពើហឹង្សាបានរីករាលដាលពីកណ្តាលទីក្រុងកាសា រហូតដល់តំបន់កាសាទាំងមូល ។ មនុស្សជាច្រើនបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរកទីសុវត្ថិភាព ហើយបានលាក់ខ្លួននៅក្នុងព្រៃ ។ ពួកគេអត់អាហារ ឬទឹក ឬខ្វះខាតអ្វីៗជាច្រើនទៀត ហើយនៅក្នុងចំណោមនោះមានសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរស់នៅក្នុងតំបន់ហ្គាន់ណាហ្គា ។ សមាជិកមួយចំនួនរបស់សាសនាចក្រត្រូវពួកកងឈ្លបសម្លាប់ ។
បងប្រុសហូណូរី មូឡូមបា ក្នុងវួដ ណាហ្គានហ្សា ក្នុងតំបន់ហ្គាន់ណាហ្គា និងក្រុមគ្រួសាររបស់គាត់ជាមួយនឹងមនុស្សមួយចំនួនបានបន្តលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ដោយមិនដឹងថាតើត្រូវទៅកន្លែងណាពីព្រោះគ្រប់ផ្លូវទាំងអស់បានប្រែក្លាយទៅជាខ្សែត្រៀមប្រយុទ្ធ ។ មានថ្ងៃមួយសមាជិកជីវពលនៅជិតខាង បានដឹងពីវត្តមានរបស់បងប្រុស មូឡូមបា និងគ្រួសាររបស់គាត់ ដោយសារល្ងាចមួយពួកគេបានចេញក្រៅស្វែងរកបេះបន្លែនៅក្នុងចម្ការរបស់ពួកគេដើម្បី បរិភោគ ។ ក្រុមកងជីវពលបានចូលផ្ទះរបស់ពួកគេ ហើយចាប់ទាញពួកគេចេញក្រៅ ដោយបានប្រាប់ពួកគេថាតើពួកគេជ្រើសរើសគោរពអនុវត្តតាមការបញ្ជារបស់ក្រុមជីវពលឬ ក៏ជ្រើសរើសផ្លូវស្លាប់ ។
បងប្រុស មូឡូមបា បានប្រាប់ពួកគេដោយក្លាហានថា « ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្រួសាររបស់ខ្ញុំនិងខ្ញុំ បានទទួលយកព្រះយេស៊ូវ គ្រីស្ទ ហើយមានសេចក្តីជំនឿលើទ្រង់ ។ យើងនឹងបន្ដនៅស្មោះត្រង់ចំពោះសេចក្តីសញ្ញារបស់យើង ហើយសុខចិត្តស្លាប់ » ។
ពួកគេបានប្រាប់ពួកគាត់ថា « ដោយសារឯងជ្រើសយកព្រះយេស៊ូវ គ្រីស្ទ នោះរូបកាយរបស់ឯងនឹងក្លាយជាចំណីរបស់សត្វឆ្កែ » ហើយពួកគេសន្យាថានឹងត្រឡប់មកវិញ ។ ប៉ុន្តែពួកគេមិនបានត្រឡប់មកវិញទេ ហើយគ្រួសាររបស់ពួកគាត់បានស្នាក់នៅទីនោះពីរខែ និងមិនបានជួបពួកគេម្តងទៀតឡើយ ។ បងប្រុស ហូណូរី មូឡូមបា និងគ្រួសារគាត់បានរក្សាចន្លុះភ្លើងនៃសេចក្តីជំនឿរបស់ពួកគេ ។ ពួកគេបានចងចាំសេចក្តីសញ្ញារបស់ពួកគេ ហើយក៏បានទទួលនូវការការពារ ។
ព្រះយេស៊ូវ គ្រីស្ទ គឺជាពន្លឺដែលយើងរាល់គ្នានឹងលើកឡើងសូម្បីតែនៅក្នុងគ្រាងងឹតនៃជីវិតរមែងស្លាប់របស់យើងក្តី ( សូមមើល នីហ្វៃទី ៣ ១៨:២៤ ) ។ នៅពេលយើងជ្រើសរើសធ្វើតាមព្រះគ្រីស្ទ នោះយើងជ្រើសរើសដើម្បីផ្លាស់ប្ដូរ ។ បុគ្គលម្នាក់បានផ្លាស់ប្តូរដោយសារតែព្រះគ្រីស្ទ នោះព្រះគ្រីស្ទនឹងធ្វើជាមេដឹកនាំ ហើយយើងនឹងត្រូវបានសួរដូចប៉ុលបានសួរថា « ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? » ( កិច្ចការ ៩:៦ ) . យើងនឹង « ដើរតាមលំអានដាននៃទ្រង់ »( ពេត្រុសទី១ ២:២១ ) ។ យើងនឹង « ប្រព្រឹត្តដូចជាទ្រង់ដែរ » ( យ៉ូហានទី១ ២:៦ ) ។ (សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Born of God » Tambuliខែ តុលា ឆ្នាំ ១៩៨៩, ២, ៦ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ពីទ្រង់ថា ទ្រង់បានសុគត បានបញ្ចុះ ហើយបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយទ្រង់បានយាងទៅស្ថានសួគ៌ដើម្បីឲ្យបងប្អូន និងខ្ញុំអាចទទួលពរជ័យនៃអមតភាព និងភាពតម្កើងឡើង ។ ទ្រង់គឺជា « ពន្លឺ…ជាជីវិត ហើយជាសេចក្ដីពិត » (អេធើរ ៤:១២) ។ ទ្រង់គឺជាថ្នាំ និងជាឱសថព្យាបាលភាពចលាចលនៃលោកិយ ។ ទ្រង់គឺជាបទដ្ឋាននៃភាពល្អឥតខ្ចោះសម្រាប់ភាពតម្កើងឡើងជាព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។