![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Fcf%2F56%2Fcf56a26e738675d08783a1c078f80df8b464beea%2Fedward_dube_pressing_toward_the_mark.jpeg/full/!250,/0/default)
ការរត់តម្រង់ទៅឯទី
វាមិនមែនអាស្រ័យទៅលើអ្វីដែលយើងឆ្លងកាត់ក្នុងជីវិតនោះទេ តែវាអាស្រ័យទៅលើអ្វីដែលយើងនឹងប្រែក្លាយវិញទេតើ ។
នៅពេលខ្ញុំអានគម្ពីរកិច្ចការ និងសំបុត្ររបស់ប៉ុល ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរបៀបដែលប៉ុល ត្រូវបានជំរុញដោយសេចក្តីស្រឡាញ់ និងការដឹងគុណក្នុងការបម្រើ ការបង្រៀន និងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ តើបុគ្គលរូបនេះអាចបម្រើដោយសេចក្ដីស្រឡាញ់ និងការដឹងគុណបែបនេះយ៉ាងដូចម្តេច ជាពិសេសបើគិតពីការរងទុក្ខដ៏ធំរបស់គាត់ ? តើមានអ្វីដែលជំរុញប៉ុលឲ្យធ្វើការបម្រើ ? « ទាំងរត់តម្រង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ » ។១
ដើម្បីរត់តម្រង់ទៅឯទី គឺត្រូវបន្តស្មោះត្រង់នៅលើ « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច »២ជាមួយព្រះអង្គសង្រ្គោះ និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ ប៉ុលចាត់ទុកការរងទុក្ខរបស់លោកជា « សេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងបើកសម្តែងមកឲ្យយើងរាល់គ្នាឃើញនោះទេ » ។៣ សំបុត្ររបស់ប៉ុលទៅកាន់ភីលីព ដែលលោកបានសរសេរ ពេលលោកជាប់គុក គឺជាសំបុត្រនៃអំណរ និងក្តីរីករាយដ៏លើសលប់ និងជាការលើកទឹកចិត្តដល់យើងទាំងអស់គ្នា ជាពិសេសនៅក្នុងគ្រាលំបាកនៃភាពមិនប្រាកដប្រជានេះ ។ យើងត្រូវមានសេចក្តីក្លាហានដូចជាប៉ុល ៖ « ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ » ។៤
ខណៈដែលយើងមើលទៅការងារបម្រើរបស់ប៉ុល នោះយើងទទួលបានការបំផុសគំនិត និងការលើកស្ទួយដោយ « ប៉ុលជាច្រើនរូប » នៅក្នុងសម័យយើង ដែលបានបម្រើ បង្រៀន និងថ្លែងទីបន្ទាល់ដោយក្តីស្រឡាញ់ និងអំណរគុណនៅកណ្តាលឧបសគ្គដែលពួកគេកំពុងជួបប្រទះនៅក្នុងជីវិត និងនៅក្នុងជីវិតរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។ បទពិសោធន៍មួយដែលខ្ញុំមានកាលពីប្រាំបួនឆ្នាំកន្លងទៅ បានជួយខ្ញុំឲ្យស្គាល់ពីសារៈសំខាន់នៃការរត់តម្រង់ទៅឯទីនោះ ។
នៅក្នុងឆ្នាំ ២០១២ កាលខ្ញុំបានឈានជើងចូលទៅក្នុងការប្រជុំថ្នាក់ដឹកនាំសម្រាប់សន្និសីទទូទៅជាលើកដំបូង ខ្ញុំមិនអាចទប់អារម្មណ៍ភ័យខ្លាច និងភាពខ្វះខាតបានទេ ។ នៅក្នុងគំនិតខ្ញុំមានសំឡេងមួយនិយាយដដែលៗថា « ឯងមិនស័ក្ដិសមនឹងក្រុមនេះទេ ! វាជាកំហុសដ៏ធំមួយ ! » កាលខ្ញុំកំពុងព្យាយាមដើររកកន្លែងអង្គុយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានឃើញខ្ញុំ ។ លោកបានដើរមកជួបខ្ញុំ ហើយមានប្រសាសន៍ថា « អែតវើត រីករាយដែលបានជួបប្អូននៅទីនេះ » ហើយលោកបានទះមុខខ្ញុំតិចៗ ។ ខ្ញុំមានអារម្មណ៍ដូចជាទារកម្នាក់ដូច្នោះ ! សេចក្តីស្រឡាញ់ និងការទទួលយករបស់លោកបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងជួយខ្ញុំឲ្យមានអារម្មណ៍ថាខ្លួនឯងមានចំណែកមួយនឹងគេដែរ ជាស្មារតីនៃភាពជាបងប្អូនប្រុស ។ នៅថ្ងៃបន្ទាប់ ខ្ញុំសង្កេតឃើញថា អែលឌើរ ហូឡិន បានទះមុខរបស់អែលឌើរ ដាល្លិន អេក អូក ដែលជារៀមច្បងរបស់លោកតិចៗដោយកក់ក្ដៅ ! ដូចដែលលោកបានធ្វើចំពោះខ្ញុំកាលពីថ្ងៃមុន ។
នៅគ្រានោះ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈបុរសទាំងនេះដែលយើងគាំទ្រជាពួកព្យាការី ពួកអ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈ ។ តាមរយៈសណ្តានចិត្តល្អ សកម្មភាពធម្មតាៗរបស់គាត់ អែលឌើរ ហូឡង់ បានជួយខ្ញុំយកឈ្នះការគិតតែពីខ្លួនឯង និងអារម្មណ៍នៃភាពខ្វះខាតរបស់ខ្ញុំ ។ លោកបានជួយខ្ញុំផ្តោតទៅលើកិច្ចការពិសិដ្ឋ និងរីករាយ ដែលខ្ញុំត្រូវបានហៅ—ឲ្យនាំព្រលឹងទាំងឡាយមករកព្រះគ្រីស្ទ ។ លោកក៏ដូចជា ប៉ុល ពីសម័យបុរាណដែរ ត្រូវបានតែងតាំងដើម្បីរត់តម្រង់ទៅឯទី ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប៉ុល កំពុងដាស់តឿនយើងឲ្យឈានទៅមុខ ខណៈដែលកំពុងហៅយើងឲ្យបំភ្លេចពីអ្វីដែលបានកន្លងហួសទៅ—ការភ័យខ្លាចពីអតីតកាល ការផ្តោតអារម្មណ៍ពីអតីតកាល ការបរាជ័យពីអតីតកាល និងភាពសោកសៅពីអតីតកាលរបស់យើង ។ លោកបានអញ្ជើញយើង ដូចគ្នានឹងព្យាការីជាទីស្រឡាញ់របស់យើងដែរគឺ ប្រធាន រ័សុល អិម ណិលសុន ឲ្យ « ទៅកាន់របៀបកាន់តែថ្មី និងកាន់តែបរិសុទ្ធ » ។៥ សេចក្តីសន្យារបស់ព្រះអង្គសង្រ្គោះគឺមានពិតប្រាកដមែន ៖ « ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ » ។៦
នៅក្នុងសុន្ទរកថានៃសន្និសីទទូទៅដំបូងរបស់ខ្ញុំ ខ្ញុំបានចែកចាយបទពិសោធន៍មួយពីម្តាយខ្ញុំបង្រៀនខ្ញុំឲ្យធ្វើការនៅក្នុងចម្ការ ។ គាត់បានមានប្រសាសន៍ថា « កុំមើលក្រោយឡើយ » ។ « ចូរមើលទៅមុខនូវអ្វីដែលយើងត្រូវធ្វើបន្ដទៀតវិញ ! » ។៧
នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ គាត់បានរស់នៅជាមួយ នូមី និងខ្ញុំ កាលគាត់បានពុះពារនឹងជំងឺមហារីក ។ នាយប់មួយ ខ្ញុំបានឮសំឡេងគាត់យំនៅក្នុងបន្ទប់ដេករបស់គាត់ ។ គាត់ឈឺចាប់ខ្លាំងណាស់ សូម្បីតែបន្ទាប់ពីបានពិសារថ្នាំម៉ុលហ្វីនប្រចាំថ្ងៃចុងក្រោយរបស់គាត់ទើបតែបានពីរម៉ោងក៏ដោយ ។
ខ្ញុំបានចូលក្នុងបន្ទប់គាត់ ហើយបានយំជាមួយគាត់ ។ ខ្ញុំបានអធិស្ឋានឮៗសូមឲ្យគាត់បានធូរស្រាលពីការឈឺចាប់របស់គាត់ភ្លាមៗ ។ ហើយបន្ទាប់មក គាត់បានធ្វើរឿងដដែលៗ ដូចជាគាត់បានធ្វើនៅឯចម្ការកាលពីជាច្រើនឆ្នាំកន្លងទៅ ៖ គាត់ឈប់ ហើយបង្រៀនខ្ញុំនូវមេរៀនមួយ ។ ខ្ញុំមិនអាចបំភ្លេចទឹកមុខគាត់នៅគ្រានោះបានឡើយ ៖ ទឹកមុខទន់ខ្សោយ ភិតភ័យ និងឈឺចាប់យ៉ាងខ្លាំង កាលសម្លឹងមើលទៅកូនប្រុសដ៏គួរឲ្យអាណិតរបស់គាត់ ។ គាត់ញញឹមទាំងទឹកភ្នែក ដោយសម្លឹងមើលមុខខ្ញុំ ហើយបានមានប្រសាសន៍ថា « វាមិនអាស្រ័យទៅលើកូន ឬនរណាម្នាក់ឡើយ ប៉ុន្តែវាអាស្រ័យទៅលើព្រះ ថាតើការឈឺចាប់នេះនឹងបានធូរស្រាលឬអត់នោះ » ។
ខ្ញុំបានអង្គុយចុះដោយស្ងាត់ស្ងៀម ។ គាត់ក៏អង្គុយដោយស្ងាត់ស្ងៀមដែរ ។ ខ្ញុំនៅចាំទិដ្ឋភាពនោះយ៉ាងច្បាស់ ។ នៅយប់នោះ ព្រះអម្ចាស់បានបង្រៀនមេរៀនមួយដែលខ្ញុំនឹងចងចាំជានិច្ចតាមរយៈម្តាយរបស់ខ្ញុំ ។ នៅពេលម្ដាយខ្ញុំបានបង្ហាញពីការធ្វើតាមព្រះទ័យរបស់ព្រះ ខ្ញុំចាំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទរងទុក្ខនៅសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង នៅឯភ្នំ គាល់កូថា ។ ទ្រង់បានមានបន្ទូល ៖ « មើលចុះ យើងបានប្រទានដល់អ្នករាល់គ្នានូវដំណឹងល្អ [ របស់យើង ] ហើយនេះគឺជាដំណឹងល្អដែលយើងបានប្រទានដល់អ្នករាល់គ្នា គឺយើងបានមកឯលោកិយនេះ ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់យើង ពីព្រោះព្រះវរបិតារបស់យើងទ្រង់បានចាត់ឲ្យយើងមក » ។៨
ខ្ញុំគិតដល់នូវសំណួរដ៏បំផុសគំនិតរបស់ព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន ណិលសុន កាលពីសន្និសីទទូទៅឆ្នាំមុន ។ ប្រធាន ណិលសុន បានសួរ ៖ « តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូនស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? … តើបងប្អូននឹងអនុញ្ញាតឲ្យសំឡេងរបស់ទ្រង់មាន … អាទិភាពលើសសំឡេងដទៃដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្តដើម្បីទុកឲ្យព្រះទ័យទ្រង់គ្របលើចិត្តរបស់បងប្អូនដែរឬទេ ?៩ ម្ដាយខ្ញុំនឹងឆ្លើយដោយរំភើបចិត្ត ប៉ុន្តែយ៉ាងរឹងមាំថា « យល់ព្រម » ហើយសមាជិកស្មោះត្រង់ដទៃទៀតនៃសាសនាចក្រនៅទូទាំងពិភពលោកក៏នឹងឆ្លើយដោយរំភើបចិត្ត ប៉ុន្តែយ៉ាងរឹងមាំដែរថា « យល់ព្រម » ។ សូមអរគុណប្រធាន ណិលសុន សម្រាប់សំណួរដ៏បំផុសគំនិត និងលើកស្ទួយទាំងនេះ ។
ថ្មីៗនេះ ខ្ញុំបានសន្ទនាជាមួយប៊ីស្សព នៅ ព្រីតូរីយ៉ា អាហ្វ្រិកខាងត្បូង ដែលគាត់បានបញ្ចុះសពភរិយា និងកូនស្រីវ័យកណ្តាលរបស់គាត់នៅក្នុងថ្ងៃតែមួយ ។ ជីវិតរបស់ពួកគាត់ត្រូវបានឆក់យកដោយការរាតត្បាតនៃវីរុសកូរ៉ូណា ។ ខ្ញុំបានសួរសុខទុក្ខគាត់ ។ ចម្លើយរបស់ប៊ីស្សព ធីឌឌី ថាប៊ីធី បានពង្រឹងការតាំងចិត្តរបស់ខ្ញុំ ឲ្យធ្វើតាមប្រសាសន៍ និងដំបូន្មានពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់ព្រះអម្ចាស់ ។ ប៊ីស្សព ថាប៊ីធី បានឆ្លើយថា សេចក្តីសង្ឃឹម និងការលួងលោមតែងតែមានជានិច្ច ដោយការដឹងថា ព្រះអង្គសង្គ្រោះបានលើកដាក់លើព្រះអង្គទ្រង់នូវការឈឺចាប់របស់រាស្រ្តទ្រង់ ថាទ្រង់ដឹងពីរបៀបដើម្បីជួយយើង ។១០ គាត់បានថ្លែងទីបន្ទាល់ដោយសេចក្ដីជំនឿដ៏រឹងមាំថា « ខ្ញុំមានអំណរគុណចំពោះផែនការនៃសេចក្ដីសង្គ្រោះ ជាផែនការនៃសុភមង្គល » ។ បន្ទាប់មក គាត់បានសួរសំណួរមួយដល់ខ្ញុំថា « តើនេះមិនមែនជាអ្វីដែលព្យាការីរបស់យើងបានព្យាយាមបង្រៀនយើងកាលពីសន្និសីទមុនទេឬអី ? »
ខណៈដែលឧបសគ្គនៃជីវិតរមែងស្លាប់នឹងធ្លាក់មកលើយើងម្នាក់ៗ តាមរបៀបផ្សេងៗគ្នា សូមឲ្យយើងផ្តោតទៅលើគោលដៅនៃ « [ ការ ] រត់តម្រង់ទៅឯទី » របស់យើង ដែលជា « រង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ » ។១១
ការអញ្ជើញដ៏រាបសារបស់ខ្ញុំចំពោះបងប្អូនទាំងអស់គ្នាគឺកុំបោះបង់ឡើយ ! យើងទាំងអស់គ្នាត្រូវបានហៅឲ្យ « ចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង » ។១២
វាមិនមែនអាស្រ័យទៅលើអ្វីដែលយើងឆ្លងកាត់ក្នុងជីវិតនោះទេ តែវាអាស្រ័យទៅលើអ្វីដែលយើងនឹងប្រែក្លាយវិញទេតើ ។ មានអំណរនៅក្នុងការរត់តម្រង់ទៅឯទីនោះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ទ្រង់ដែលបានយកឈ្នះអ្វីៗទាំងអស់ នឹងជួយយើងឲ្យយកឈ្នះផងដែរ កាលយើងធ្វើតាមទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។