សន្និសីទទូទៅ
ពួកគេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ យើង​មិន​អាច​រលំ​បាន​ឡើយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


9:4

ពួកគេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ យើង​មិន​អាច​រលំ​បាន​ឡើយ

បើ​យើង​សង់​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​អាច​រលំ​បាន​ឡើយ ។

ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​លើក​មុន​ថា « នៅក្នុង​ពេល​ដ៏លំបាក​ទាំងនេះ ​សាវក​ប៉ុល​បាន​ព្យាករ សាតាំង​មិន​ទាំង​ចាំបាច់​ប៉ុនប៉ង​ដើម្បី​លាក់​បាំង​ការវាយ​ប្រហារ​របស់វា​មកលើ​ផែនការ​របស់ព្រះ​ទៀត​ឡើយ ។ សេចក្តី​អាក្រក់​មានច្រើន​ក្រៃលែង ។ ហេតុដូច្នោះ​ហើយ មានតែ​វិធីមួយ​ប៉ុណ្ណោះ​ដើម្បី​បានរស់​ខាងវិញ្ញាណ គឺ​ត្រូវ​ប្តេជ្ញា​ចិត្ត​ទុកឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ត្រូវរៀន​ស្តាប់​សំឡេង​របស់ទ្រង់ និង​ប្រើប្រាស់​កម្លាំង​របស់យើង​ជួយ​នៅក្នុង​ការប្រមូលផ្តុំ​អ៊ីស្រាអែល » ។

កាល​យើង​ពិចារណា​ពី​ការអញ្ជើញ​របស់​ព្យាការី​ឲ្យ​រៀន​ស្ដាប់​តាម​សំឡេង​របស់​ព្រះ តើ​ចិត្ត​យើង​ប្ដេជ្ញាចិត្តធ្វើតាម ឬ​រឹងរូស ? ចូរ​យើង​ចងចាំ​ដល់​ពាក្យ​ទូន្មាន​នៅក្នុង យ៉ាកុប ៦:៦ ៖ « មែនហើយ ថ្ងៃ​នេះ បើសិនជា​អ្នករាល់គ្នា​ឮ​សំឡេង​ទ្រង់ ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ឡើយ ដ្បិត​ហេតុអ្វី​ក៏​បងប្អូន​ចង់​ស្លាប់ ? » ចូរ​យើង​ប្ដេជ្ញាចិត្ត​ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។

តើ​យើង​អាច​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ហើយ​មិនមែន​ជា​មារសត្រូវ​ដោយ​របៀប​ណា ? នៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៤យើង​អាន​ថា « ហេតុដូច្នេះ​ហើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហ្វូងតូច​អើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាននរក​រួមគ្នា​ប្រឆាំង​នឹង​អ្នក​ចុះ ដ្បិត​បើសិនជា​អ្នករាល់គ្នា​បាន​សង់​នៅលើ​ថ្មដា​របស់​យើង នោះ​ពួកគេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ » ។ វា​គឺជា​ការសន្យា​ដ៏​សំខាន់​មួយ ។ ទោះបីជា​ផែនដី និង​ស្ថាននរក​រួមគ្នា​ប្រឆាំង​នឹង​យើង​ក្ដី ក៏​ពួកគេ​មិន​អាច​យកឈ្នះ​បាន​ឡើយ ប្រសិនបើ​យើង​ជ្រើសរើស​ទុកឲ្យ​ព្រះ​ឈ្នះ តាមរយៈ​ការស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ថ្មដា​របស់​ទ្រង់​នោះ ។

ពេលមាន​បន្ទូល​ទៅ​ពួកសិស្ស ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អំពី​មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់ ដូច​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​ម៉ាថាយ ជំពូកទី ៧ នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ។ បងប្អូន​ជាច្រើន​ធ្លាប់​បាន​ស្ដាប់​បទ​ចម្រៀង​ថ្នាក់​កុមារ « មនុស្សប្រាជ្ញា និង​មនុស្ស​ល្ងង់ » ។ បើ​បងប្អូន​ចំណាយ​ពេល​ប្រៀបធៀប​បួន​វគ្គ​ក្នុង​បទចម្រៀង​នេះ បងប្អូន​នឹង​ឃើញ​ថា វគ្គ​ទី ១ និង ២ គឺ​ស្រដៀងគ្នា​ខ្លាំង​នឹង​វគ្គ​ទី ៣ និង ៤ ។ ទាំង​មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់​កំពុងតែ​សង់​ផ្ទះ ។ ពួកគេ​ចង់​ផ្ដល់​ផ្ទះ​ដ៏​មាន​សុវត្ថិភាព និង​កក់ក្ដៅ​មួយ​ដល់​គ្រួសារ​របស់​ពួកគេ ។ ពួកគេ​ចង់​រស់នៅ​ជាមួយគ្នា​ជា​គ្រួសារ​យ៉ាង​រីករាយ​ជារៀង​រហូត គឺ​ដូចជា​បងប្អូន និង​ខ្ញុំ​ដែរ ។ ស្ថានភាព​ដែល​បាន​កើតឡើង​គឺ​ដូចគ្នា ៖ « ភ្លៀង ​ក៏​ធ្លាក់​មក ហើយ​ទឹក​ក៏​ជន់​ឡើង » ។ យើង​ច្រៀង​ឃ្លា​នេះ​ប្រាំមួយ​ដង ពេល​យើង​ច្រៀង​បទ​នោះ ។ ភាពខុសគ្នា​តែមួយ​គត់​គឺ​ថា មនុស្ស​ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅលើ​សិលា ហើយ​ផ្ទះ​នោះ​ឈរ​យ៉ាងមាំ ខណៈ​មនុស្ស​ល្ងង់​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ដីខ្សាច់ ហើយ​ផ្ទះ​របស់​គេ​បាន​រសាត់​ទៅឆ្ងាយ ។ ហេតុដូច្នេះ​ហើយ ទីតាំង​នៃ​គ្រឹះ​របស់​យើង​ពិតជា​សំខាន់​ខ្លាំង​ណាស់ ហើយ​វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​លទ្ធផល​នៅ​ទីបំផុត និង​ដ៏​អស់កល្ប ។

ខ្ញុំ​សង្ឃឹម និង​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​នឹង​រកឃើញ ហើយ​បន្ដ​នៅលើ​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​នេះ កាល​យើង​ស្ថាបនា​ជីវិត​នាពេល​អនាគត​របស់​យើង ។ ហេលេមិន ៥:១២ រំឭក​យើង​ថា « ហើយ​ឥឡូវ​នេះ ឱ​កូនប្រុស​ទាំងឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់វា​នៅក្នុង​ខ្យល់​កួច មែនហើយ កាលណា​ព្រិល និង​ខ្យល់ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មកលើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មកលើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពីព្រោះ​មកពី​សិលា​ដែល​កូន​បាន​សង់​នៅលើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ ជា​គ្រឹះ​មួយ​ បើសិនណា​មនុស្ស​សង់​នៅលើ​នោះ នោះ​ពួកគេ​មិន​អាច​រលំ​បាន​ឡើយ » ។

នោះ​គឺជា​ការសន្យា​មកពី​ព្រះ ! បើ​យើង​សង់​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​អាច​រលំ​បាន​ឡើយ ។ កាល​យើង​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​ភាពស្មោះត្រង់ នោះ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ថ្មដា​របស់​ទ្រង់ « ហើយ​ទ្វារ​នៃ​ស្ថាននរក​នឹង​មិន​ដែល​យកឈ្នះ​យើង​ឡើយ » ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៦៩ ) ។ យើង​ប្រហែលជា​ពុំ​អាច​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​ដែល​នឹង​កើតឡើង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របៀប​ដែល​យើង​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នោះ ។

ពួកយើង​មួយ​ចំនួន​អាច​គិត​ថា « ដំណឹងល្អ​គឺ​ល្អ​ប្រពៃ ដូច្នេះ​យើង​ត្រូវ​ដាក់​វា​ក្នុង​ជីវិត​យើង ប្រហែល​ជា​ម្ដង​ក្នុង​មួយ​សប្ដាហ៍ » ។ គ្រាន់តែ​ទៅ​ព្រះវិហារ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​នោះ វា​មិន​គ្រប់គ្រាន់​ដើម្បី​សង់​នៅលើ​ថ្មដា​ទេ ។ ជីវិត​របស់​យើង​ទាំងស្រុង​គួរតែ​ពោរពេញ​ដោយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណឹងល្អ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​នោះ​ទេ ប៉ុន្ដែ​ជីវិត​យើង​ទេ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​ពី​ការណ៍​នេះ ។ តើ​វា​មិន​ត្រឹមត្រូវ​ទេឬអី ? ជីវិត​រមែង​ស្លាប់​របស់​យើង​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការតម្កើង​ឡើង​ទាំងមូល​ប៉ុណ្ណោះ ។

ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ។ ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា ។ ទ្រង់​ស្គាល់​សក្ដានុពល​របស់​យើង​ច្រើន​ជាង​យើង​ស្គាល់​ខ្លួន​ឯង ។ ទ្រង់​មិន​ត្រឹមតែ​ញាណដឹងពី​សេចក្ដី​លម្អិត​នៃ​ជីវិត​របស់​យើង​នោះ​ទេ ។ ព្រះ​ថែមទាំងញាណដឹងពី​សេចក្ដី​លម្អិត​នៃ​ភាព​លម្អិត​នៃការណ៍​​លម្អិត​នៃ​ជីវិត​របស់​យើង​ទៀតផង ។

សូម​ធ្វើតាម​ការទូន្មាន​ដ៏​វាងវៃ​របស់​ព្យាការី​ដែល​នៅរស់​របស់​យើង គឺ​ប្រធាន​ណិលសុន ។ ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៥–៦ ៖

« ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង ។

« ដ្បិត​ដោយសារ​ការធ្វើការ​ទាំងនេះ​ហើយ ទ្វារ​ស្ថាននរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែនហើយ ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃមេឃ​ញាប់ញ័រ ដើម្បី​សេចក្ដីល្អ​ដល់​អ្នក និង​សិរីល្អ​ដល់​ព្រះនាម​របស់​ទ្រង់ » ។

ដោយសារ​មូលហេតុ​នោះ​ហើយ ទើប​ពួកគេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ ហើយ​យើង​មិន​អាច​រលំ​បាន​ឡើយ !

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ព្រះគ្រីស្ទ​នឹង​យាងមក​ម្ដងទៀត​ជាលើក​ទីពីរ ដូច​ទ្រង់​បាន​ធ្វើ​នៅលើក​ទីមួយ​ដែរ ប៉ុន្ដែ​លើក​នេះ វា​នឹង​ពេញ​ដោយ​សិរីល្អ និង​ព្រះចេស្ដា​ដ៏​មហិមា ។ ខ្ញុំ​សង្ឃឹម និង​អធិស្ឋាន​ថា ខ្ញុំ​នឹង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទទួល​ទ្រង់ មិន​ថា​នៅ​ខាងនេះ​នៃ​វាំងនន ឬ​នៅ​ខាងនោះ​នៃ​វាំងនន​ទេ ។ កាល​យើង​អបអរ​សាទរ​ក្នុង​រដូវកាល​បុណ្យ​អ៊ីស្ទើរ​ដ៏​អស្ចារ្យ​នេះ ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល មរ៉ូណៃ ៧:៤១នោះ​ខ្ញុំ​នឹង​អាច​ឡើង​ទៅ​ជួប​នឹង​ព្រះដ៏​បង្ក​បង្កើត​របស់​ខ្ញុំ ហើយ​ទូល​ថា « សូម​អរព្រះគុណ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Let God Prevail» Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៥ ។

  2. « មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់ » សៀវភៅ​ចម្រៀង​កុមារទំព័រ ១៣២ ។