អ្វីដែលយើងកំពុងរៀននឹងមិនភ្លេចឡើយ
ប្រសិនបើបងប្អូនក្រឡេកមើលជីវិតរបស់បងប្អូនប្រកបដោយការអធិស្ឋានវិញ ខ្ញុំជឿថា បងប្អូននឹងមើលឃើញរបៀបជាច្រើនដែលព្រះអម្ចាស់បាន និងកំពុងដឹកនាំបងប្អូនឲ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះ
បងប្អូនប្រុសជាទីស្រឡាញ់ ខ្ញុំបានទន្ទឹងរង់ចាំឲ្យដល់ថ្ងៃប្រជុំជាមួយបងប្អូនតាមប្រព័ន្ធអនឡាញនេះខ្លាំងណាស់ ។ លើកចុងក្រោយដែលយើងមានសម័យប្រជុំបព្វជិតភាពក្នុងសន្និសីទទូទៅគឺកាលពីខែ មេសា ឆ្នាំ ២០១៩ ។ មានអ្វីៗជាច្រើនបានកើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ! បងប្អូនមួយចំនួនបានបាត់បង់មនុស្សជាទីស្រឡាញ់ ។ បងប្អូនមួយចំនួនទៀតបានបាត់បង់ការងារ ការប្រកបរបរចិញ្ចឹមជីវិត ឬ សុខភាពមិនល្អ ។ បងប្អូនផ្សេងទៀតបានបាត់បង់អារម្មណ៍នៃភាពសុខសាន្ត ឬក្តីសង្ឃឹមសម្រាប់អនាគត ។ ដួងចិត្តខ្ញុំមានក្តីអាណិតអាសូរដល់បងប្អូនម្នាក់ៗ ដែលបានរងទុក្ខដោយការបាត់បង់ទាំងនេះ ឬការបាត់បង់ផ្សេងទៀត ។ ខ្ញុំអធិស្ឋានឥតឈប់ឈរ សូមឲ្យព្រះអម្ចាស់នឹងលួងលោមដល់បងប្អូន ។ កាលដែលបងប្អូនបន្ដទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូន ខ្ញុំដឹងថា ទ្រង់មានសុទិដ្ឋិនិយមខ្លាំងចំពោះអនាគតរបស់បងប្អូន ដូចទ្រង់មានពីមុនមកដែរ ។
ទោះជាយើងជួបប្រទះ ការបាត់បង់ក្តី ក៏មានអ្វីមួយថ្មីដែលយើង រកឃើញផងដែរ ។ មនុស្សមួយចំនួនរកឃើញសេចក្តីជំនឿកាន់តែរឹងមាំលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សជាច្រើនបានរកឃើញទស្សនវិស័យថ្មីមួយអំពីជីវិត—ជាទស្សនវិស័យដ៏នៅអស់កល្បផងដែរ ។ បងប្អូនអាចរកឃើញទំនាក់ទំនងកាន់តែរឹងមាំជាងមុនជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយព្រះអម្ចាស់ ។ ខ្ញុំសង្ឃឹមថា បងប្អូនបានរកឃើញលទ្ធភាពដើម្បី ស្តាប់ទ្រង់បន្ថែមទៀត ហើយទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ជារឿយៗ ឧបសគ្គលំបាកៗផ្តល់ជាឱកាសដើម្បីរីកចម្រើន ដែលពុំអាចទទួលបានតាមរបៀបណាផ្សេងទៀតឡើយ ។
សូមគិតពីរយៈពេលពីរឆ្នាំកន្លងទៅនេះ ។ តើបងប្អូនបានរីកចម្រើនអ្វីខ្លះ ? តើបងប្អូនបានរៀនអ្វីខ្លះ ? ដំបូង ប្រហែលជាបងប្អូនចង់ត្រឡប់ទៅឆ្នាំ ២០១៩ វិញ ហើយពុំចង់ចូលឆ្នាំថ្មីឡើយ ! ប៉ុន្តែប្រសិនបើបងប្អូនក្រឡេកមើលជីវិតរបស់បងប្អូនប្រកបដោយការអធិស្ឋានវិញ ខ្ញុំជឿថា បងប្អូននឹងមើលឃើញរបៀបជាច្រើនដែលព្រះអម្ចាស់បាន និងកំពុងដឹកនាំបងប្អូនឲ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ដោយការជួយបងប្អូនឲ្យកាន់តែក្លាយជាបុរសស្មោះត្រង់ និងប្រែចិត្តជឿ—ជាបុរសដ៏ពិតរបស់ព្រះ ។
ខ្ញុំដឹងថា ព្រះអម្ចាស់មានផែនការដ៏អស្ចារ្យសម្រាប់យើង—ទាំងជាបុគ្គល និងជាសមូហភាព ។ ដោយការអាណិតអាសូរ និងអំណត់ ទ្រង់មានព្រះបន្ទូលថា ៖
« អ្នករាល់គ្នាជាកូនក្មេងតូច ហើយអ្នករាល់គ្នាពុំទាន់យល់នៅឡើយទេ អំពីព្រះពរដ៏ធំណាស់ហ្ន៎ ដែលព្រះវរបិតា… បានរៀបចំទុកសម្រាប់អ្នក
« ហើយអ្នករាល់គ្នាពុំអាចទ្រាំគ្រប់ទាំងអស់បានឡើយនៅពេលនេះ ទោះជាយ៉ាងណាក៏ដោយ ចូរសង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ។១
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់បាន ហើយ កំពុងដឹកនាំយើង កាលដែលយើងព្យាយាមស្តាប់ទ្រង់ ។ ទ្រង់សព្វព្រះទ័យឲ្យយើងរីកចម្រើន និងរៀនសូត្រ ទោះបីជាមាន—ឬថា ជាពិសេសពេលមាន—ទុក្ខវេទនាក្តី ។
គ្រូបង្រៀនដ៏អស្ចារ្យនោះ គឺភាពលំបាក ។ តើ បងប្អូនបានរៀនអ្វីខ្លះក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដែលបងប្អូនចង់ចងចាំជានិច្ចនោះ ? ចម្លើយរបស់បងប្អូនប្រាកដជាពិសេសចំពោះបងប្អូនហើយ ប៉ុន្តែសូមឲ្យខ្ញុំប្រាប់មេរៀនបួន ដែលខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាបានរៀន ហើយនឹងមិនភ្លេចឡើយ ។
មេរៀនទី ១ ៖ គេហដ្ឋានគឺជាទីកន្លែងដ៏សំខាន់នៃសេចក្តីជំនឿ និងការថ្វាយបង្គំ
ជាញឹកញាប់ នៅពេលព្រះអម្ចាស់ព្រមានយើងអំពីគ្រោះថ្នាក់នៅថ្ងៃ ចុងក្រោយ ទ្រង់បានផ្តល់ការប្រឹក្សាថា « ឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ » ។២ ច្បាស់ណាស់ « ទីបរិសុទ្ធ » ទាំងនេះ រួមមានព្រះវិហារបរិសុទ្ធ និងសាលាជំនុំ ។ ប៉ុន្តែកាលដែលលទ្ធភាពរបស់យើងក្នុងការជួបជុំគ្នានៅទីកន្លែងទាំងនេះត្រូវបានហាមឃាត់តាមកម្រិតផ្សេងៗ នោះយើងបានរៀនថា ទីកន្លែងដ៏បរិសុទ្ធបំផុតនៅលើផែនដីនេះ នោះគឺគេហដ្ឋាន—មែនហើយ គឺជា គេហដ្ឋានរបស់បងប្អូន ។
បងប្អូនប្រុស បងប្អូនកាន់បព្វជិតភាពរបស់ព្រះ ។ « សិទ្ធិទាំងឡាយនៃបព្វជិតភាព គឺជាប់ជាមួយនឹងអំណាចទាំងឡាយនៃស្ថានសួគ៌ » ។៣ បងប្អូន និងគ្រួសាររបស់បងប្អូនបានទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។ គឺតាមរយៈ « ពិធីបរិសុទ្ធទាំងឡាយ [ នៃបព្វជិតភាពនោះ ] អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។៤ អំណាចនេះមានចំពោះបងប្អូន និងគ្រួសាររបស់បងប្អូន នៅក្នុងគេហដ្ឋានរបស់បងប្អូនផ្ទាល់កាលដែលបងប្អូនគោរពតាមសេចក្តីសញ្ញាដែលបងប្អូនបានធ្វើ ។៥
ទើបតែ ១៨៥ ឆ្នាំកន្លងទៅនៅថ្ងៃនេះថ្ងៃទី ៣ ខែមេសា ឆ្នាំ១៨៣៦ អេលីយ៉ាបានស្ដារកូនសោបព្វជិតភាពដែលអនុញ្ញាត ឲ្យ គ្រួសារយើងផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូត ។ នោះជាហេតុផលដែលទទួលអារម្មណ៍ដ៏ល្អចំពោះការធ្វើពិធីសាក្រាម៉ង់នៅក្នុងគេហដ្ឋានរបស់បងប្អូន ។ តើបងប្អូនគិតថាវាមានឥទ្ធិពលចំពោះសមាជិកគ្រួសាររបស់បងប្អូនមើលមកបងប្អូន—ក្នុងនាមជាឪពុក ជាជីតា ជាស្វាមី ជាកូនប្រុស ឬជាបងប្អូនប្រុស—របស់ពួកគេ ធ្វើពិធីបរិសុទ្ធដ៏បរិសុទ្ធនេះយ៉ាងដូចម្តេច ? តើបងប្អូននឹងធ្វើអ្វីដើម្បីរក្សាអារម្មណ៍ដ៏ពិសិដ្ឋនោះនៅក្នុងគ្រួសាររបស់បងប្អូនបន្តទៀត ?
បងប្អូនអាចមានអារម្មណ៍ថា នៅតែមានអ្វីជាច្រើនទៀតដែលបងប្អូនត្រូវធ្វើ ដើម្បីធ្វើឲ្យគេហដ្ឋានរបស់បងប្អូនក្លាយជាទីកន្លែងដ៏បរិសុទ្ធនៃសេចក្តីជំនឿ ។ បើដូច្នេះមែន សូមធ្វើតាមអារម្មណ៍នោះចុះ ! ប្រសិនបើបងប្អូនបានរៀបការរួចហើយ នោះសូមប្រឹក្សាជាមួយភរិយារបស់បងប្អូនក្នុងនាមជាដៃគូស្មើភាពគ្នានៅក្នុងកិច្ចការដ៏សំខាន់នេះ ។ មានការខិតខំមួយចំនួនដែលមានសារៈសំខាន់ជាងការងារនេះ ។ នៅចន្លោះពេលនេះ និងពេលដែលព្រះអម្ចាស់យាងមកម្តងទៀត យើងទាំងអស់គ្នាត្រូវធ្វើឲ្យគេហដ្ឋានរបស់យើងជាទីកន្លែងស្ងប់ស្ងាត់ និងសុវត្ថិភាព ។៦
ឥរិយាបទ និងសកម្មភាពដែលអញ្ជើញព្រះវិញ្ញាណនឹងបង្កើនភាពបរិសុទ្ធនៅក្នុងគេហដ្ឋានរបស់បងប្អូន ។ ការពិតសំខាន់ដូចគ្នានេះគឺថា ភាពបរិសុទ្ធនឹងរលាយបាត់ប្រសិនបើ មានឥរិយាបទ ឬបរិយាកាសអ្វីមួយបង្ខូចដល់ព្រះវិញ្ញាណបរិសុទ្ធ ដ្បិតថា « ស្ថានសួគ៌ដកខ្លួនចេញ » ។៧
តើបងប្អូនធ្លាប់ដែលឆ្ងល់ដែរឬទេថា ហេតុអ្វីព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងធ្វើឲ្យគេហដ្ឋានរបស់យើងជាទីកន្លែងនៃការរៀនសូត្រដំណឹងល្អ និងការរស់នៅតាមដំណឹងល្អយ៉ាងដូច្នេះ ? គេហដ្ឋានមិនមែនគ្រាន់តែរៀបចំយើង និងជួយយើងឲ្យឆ្លងកាត់ជំងឺរាតត្បាតមួយនេះប៉ុណ្ណោះនោះទេ ។ ការរឹតបន្តឹងលើការជួបជុំបច្ចុប្បន្ននេះនៅទីបំផុតនឹងត្រូវបញ្ចប់ ។ ទោះជាយ៉ាងណាក្តី ការប្តេជ្ញាចិត្តរបស់បងប្អូនដើម្បីធ្វើឲ្យគេហដ្ឋានរបស់បងប្អូនជាទីកន្លែងដ៏បរិសុទ្ធនៃសេចក្តីជំនឿ ដ៏សំខាន់នឹង មិនដែលបញ្ចប់ទៅឡើយ ។ កាលដែលសេចក្តីជំនឿ និងភាពបរិសុទ្ធថយចុះនៅក្នុងពិភពលោកដ៏ធ្លាក់ចុះនេះ នោះតម្រូវការរបស់បងប្អូនដើម្បីមានទីកន្លែងដ៏បរិសុទ្ធនឹងកើនឡើង ។ ខ្ញុំសូមជំរុញបងប្អូនឲ្យបន្តធ្វើឲ្យគេហដ្ឋានរបស់បងប្អូនជាទីកន្លែងដ៏បរិសុទ្ធយ៉ាងពិតប្រាកដ « ហើយ ចូរកុំរើ៨ចេញពីគោលដៅដ៏ចាំបាច់នោះឡើយ ។
មេរៀនទី ២ ៖ យើងត្រូវការគ្នាទៅវិញទៅមក
ព្រះសព្វព្រះទ័យចង់ឲ្យយើងធ្វើការជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមក ។ នោះហើយជាមូលហេតុដែលទ្រង់បានបញ្ជូនយើងមកកាន់ផែនដីជាក្រុមគ្រួសារ ហើយរៀបចំយើងជាវួដ និងស្តេក ។ នោះហើយជាមូលហេតុដែលទ្រង់បង្គាប់យើងឲ្យបម្រើ និងធ្វើការងារបម្រើចំពោះគ្នាទៅវិញទៅមក ។ នោះហើយជាមូលហេតុដែលទ្រង់បង្គាប់យើងឲ្យរស់នៅ នៅក្នុងពិភពលោកនេះ ប៉ុន្តែពុំមែនជា របស់ពិភពលោកនេះឡើយ ។៩ យើងអាចសម្រេចបានច្រើនឥតគណនា នៅពេលយើងមានសាមគ្គីភាព ជាជាងពេលយើងនៅតែម្នាក់ឯង ។១០ ផែនការនៃសុភមង្គលរបស់ព្រះនឹងត្រូវបង្អាក់ ប្រសិនបើកូនចៅរបស់ទ្រង់នៅឆ្ងាយពីគ្នានោះ ។
ជំងឺរាតត្បាតបច្ចុប្បន្ននេះមានលក្ខណៈពិសេស ត្រង់វាជះឥទ្ធិពលលើមនុស្សគ្រប់គ្នាលើពិភពលោកក្នុងពេលដំណាលគ្នា ។ ខណៈដែលអ្នកខ្លះរងទុក្ខជាងអ្នកផ្សេងខ្លះទៀត តែយើងទាំងអស់គ្នាបានប្រឈមមុខនឹងបញ្ហាផ្សេងៗគ្នា ។ ដោយសារតែហេតុនេះហើយ ទើបការសាកល្បងរួមរបស់យើងមានសក្តានុពលដើម្បីជួយបង្រួបបង្រួមកូនចៅរបស់ព្រះ ជាងពេលណាៗទាំងអស់ ។ ដូច្នេះហើយ ខ្ញុំសូមសួរថា តើការសាកល្បងនេះបានធ្វើឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះអ្នកជិតខាង—ចំពោះបងប្អូនប្រុសស្រីនៅផ្ទះទល់មុខគ្នារបស់បងប្អូន និងនៅជុំវិញពិភពលោកដែរឬទេ ?
បញ្ហានេះ បទបញ្ញត្តិធំពីរអាចដឹកនាំយើងបាន ៖ ទីមួយ ឲ្យស្រឡាញ់ព្រះ ហើយទីពីរ ឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង ។១១ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងតាមរយៈការបម្រើ ។
ប្រសិនបើយើងដឹងថា នរណាម្នាក់កំពុងឯកា សូមជួយ—ទោះជាខ្លួនឯងកំពុងតែមានអារម្មណ៍ថាឯកាក្តី ! បងប្អូនពុំចាំបាច់ត្រូវការហេតុផល ឬសារលិខិត ឬអាជីវកម្មដើម្បីធ្វើវានោះទេ ។ គ្រាន់តែសួរសុខទុក្ខ និងបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនប៉ុណ្ណោះ ។ បច្ចេកវិទ្យាអាចជួយបងប្អូនបាន ។ ទោះមានជំងឺរាតត្បាត ឬគ្មានក្តី ក៏បុត្រដ៏មានតម្លៃម្នាក់ៗរបស់ព្រះត្រូវដឹងថា ពួកគេមិននៅឯកាឡើយ !
មេរៀនទី ៣ ៖ ការប្រជុំកូរ៉ុមរបស់បងប្អូនគឺមានអត្ថន័យលើសពីការប្រជុំឆ្ងាយណាស់
នៅអំឡុងជំងឺរាតត្បាតនេះ ការប្រជុំកូរ៉ុម នៅថ្ងៃអាទិត្យត្រូវបានផ្អាកមួយរយៈ ។ កូរ៉ុមមួយចំនួនឥឡូវនេះអាចជួបគ្នាបានតាមអនឡាញ ។ ទោះជាយ៉ាងណាក្តី កិច្ចការដែលព្រះអម្ចាស់បានប្រទានឲ្យកូរ៉ុមបព្វជិតភាពមិនមែនគ្រាន់តែជាការប្រជុំនោះទេ ។ ការប្រជុំទាំងឡាយគ្រាន់តែជាផ្នែកតូចមួយនៃអត្ថន័យរបស់កូរ៉ុម និងអ្វីដែលកូរ៉ុមអាចធ្វើប៉ុណ្ណោះ ។
បងប្អូនប្រុសនៃបព្វជិតភាពអើរ៉ុន និងកូរ៉ុមអែលឌើរទាំងឡាយ សូមពង្រីកចក្ខុវិស័យរបស់បងប្អូនអំពីមូលហេតុដែលយើងមានកូរ៉ុមនេះ ។ តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យបងប្អូនប្រើកូរ៉ុមរបស់បងប្អូន ដើម្បីសម្រេចកិច្ចការរបស់ទ្រង់—ឥឡូវនេះ ដោយរបៀបណា ? សូមស្វែងរកវិវរណៈពីព្រះអម្ចាស់ ។ ចូរបន្ទាបខ្លួន ! ចូរសូម ! ចូរស្ដាប់ ! ប្រសិនបើបងប្អូនត្រូវបានហៅឲ្យដឹកនាំ សូមប្រឹក្សាជាមួយគណៈប្រធាន និងជាមួយសមាជិកកូរ៉ុម ។ មិនថាបងប្អូនមានតំណែងបព្វជិតភាព ឬការហៅអ្វីនោះទេ សូមទុកឲ្យព្រះឈ្នះនៅក្នុងការប្តេជ្ញាចិត្តរបស់បងប្អូន ក្នុងនាមជាសមាជិកនៃកូរ៉ុម និងនៅក្នុងការបម្រើរបស់បងប្អូន ។ សូមដកពិសោធន៍ដោយអំណរនូវសេចក្តីសុចរិតដែលបងប្អូននឹងនាំមក កាលបងប្អូន « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » ។១២ កូរ៉ុមគឺជាមុខតំណែងដ៏ពិសេសដើម្បីពន្លឿនការប្រមូលផ្តុំនៃអ៊ីស្រាអែលទាំងសងខាងវាំងនន ។
មេរៀនទី ៤ ៖ យើងស្តាប់ព្រះយេស៊ូវគ្រីស្ទបានប្រសើរឡើង នៅពេលយើងនៅស្ងៀម
យើងរស់នៅក្នុងសម័យកាលដែលបានព្យាករទុកជាយូរមកហើយ នៅពេល « គ្រប់ទាំងអស់នឹងនៅក្នុងស្ថានភាពចលាចល ហើយប្រាកដមែន មនុស្សលោកនឹងស្រយុតចិត្ត » ។១៣ វាពិតមែន ពីមុនមានជំងឺរាតត្បាតនេះ ហើយនឹងពិត ក្រោយពីជំងឺរាតត្បាតនេះ ។ ភាពចលាចលនៅក្នុងពិភពលោកនេះនឹងបន្តកើនឡើង ។ ផ្ទុយទៅវិញ សំឡេងរបស់ព្រះអម្ចាស់គឺពុំ « មែនជាសំឡេងអឺងកងដែរ ប៉ុន្តែ … [ គឺជា ] សំឡេងរហៀងៗនៃភាពស្រទន់ឥតខ្ចោះ [ ហាក់បី ] ដូចជាពាក្យខ្សឹប ហើយវា [ បានចាក់ទម្លុះ ] ទៅដល់ទាំងព្រលឹង » ។១៤ ដើម្បីស្តាប់ឮសំឡេងតូចរហៀងនេះបាន បងប្អូនខ្លួនឯងក៏ត្រូវនៅស្ងៀមដែរ !១៥
អស់មួយរយៈពេល ជំងឺរាតត្បាតនេះបានបញ្ឈប់សកម្មភាពជាធម្មតាទាំងឡាយដែលបំពេញជីវិតយើង ។ មិនយូរប៉ុន្មាននោះទេ យើងនឹងអាចជ្រើសរើសបំពេញនូវចន្លោះពេលវេលានោះវិញម្តងទៀត ជាមួយនឹងសំឡេងអ៊ូអរ និងភាពរញ៉េរញ៉ៃនៃពិភពលោកនេះ ។ ឬក៏យើងអាចប្រើពេលវេលារបស់យើងដើម្បីស្តាប់សំឡេងរបស់ព្រះអម្ចាស់ខ្សឹបប្រាប់ពីការណែនាំ ការលួងលោម និងសេចក្តីសុខសាន្តរបស់ទ្រង់ ។ ពេលវេលាស្ងប់ស្ងាត់គឺជាពេលដ៏ពិសិដ្ឋ—ជាពេលដែលនឹងនាំឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងនាំមកនូវសេចក្តីសុខសាន្ត ។
សូមលត់ដំខ្លួនបងប្អូនឲ្យមានពេលវេលានៅតែឯង និងនៅជាមួយមនុស្សជាទីស្រឡាញ់របស់បងប្អូន ។ សូមបើកដួងចិត្តបងប្អូនទៅកាន់ព្រះក្នុងការអធិស្ឋាន ។ សូមចំណាយពេលដើម្បីជ្រមុជខ្លួនបងប្អូននៅក្នុងបទគម្ពីរ និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ មានរឿងជាច្រើនដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងរៀន ចេញពីបទពិសោធន៍របស់យើង នៅអំឡុងការមានជំងឺរាតត្បាតនេះ ។ ខ្ញុំបានរៀបរាប់តែបួនចំណុចប៉ុណ្ណោះ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើបញ្ជីរបស់បងប្អូន សូមពិចារណាពីវាដោយប្រុងប្រយ័ត្ន ហើយសូមចែកចាយវាជាមួយមនុស្សដែលបងប្អូនស្រឡាញ់ ។
អនាគតមានភាពភ្លឺស្វាងសម្រាប់រាស្ត្រដែលរក្សាសេចក្តីសញ្ញារបស់ព្រះ ។១៦ ព្រះអម្ចាស់នឹងអំពាវនាវកាន់តែខ្លាំងឡើងឲ្យពួកអ្នកបម្រើទ្រង់ដែលមានភាពស័ក្តិសម ដែលកាន់បព្វជិតភាពឲ្យប្រសិទ្ធពរ លួងលោម និងពង្រឹងមនុស្សគ្រប់គ្នា ហើយជួយរៀបចំពិភពលោកនេះ និងបណ្ដាជនទាំងឡាយសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ការអំពាវនាវនេះផ្តល់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យត្រូវនឹងការតែងតាំងដ៏ពិសិដ្ឋដែលយើងបានទទួល ។ យើងអាចធ្វើដូចនេះបាន ! ដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនគ្រប់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់នេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕