ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
យើងម្នាក់ៗមានទំនួលខុសត្រូវស្មើគ្នាដើម្បីធ្វើតាមគំរូនៃលោកចៅហ្វាយ និងបង្រៀនដូចជាទ្រង់ ។
គ្រូបង្រៀនដ៏ឆ្នើម
កាលពីរបីខែមុន អតីតមិត្តរួមថ្នាក់ម្នាក់របស់ខ្ញុំមកពីទីក្រុង អូវើតុន រដ្ឋណេវ៉ាដា បានជូនយោបល់ថា យើងគួររៀបចំកាដូបុណ្យគ្រីស្ទម៉ាស់សម្រាប់អ្នកគ្រូថ្នាក់មត្តេយ្យជាទីស្រឡាញ់របស់យើង ដែលទើបតែបានធ្វើខួបកំណើតលើកទី ៩៨ របស់គាត់ ។ គាត់បានបង្រៀនយើងឲ្យមានចិត្តល្អ ដឹងពីសារៈសំខាន់នៃការគេងថ្ងៃ រីករាយក្នុងការញ៉ាំទឹកដោះគោ និងនំប្រៃ ហើយឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ។ អរគុណខ្លាំងណាស់ស៊ីស្ទើរ ដេវីស សម្រាប់ការធ្វើជាអ្នកគ្រូដ៏អស្ចារ្យដូច្នេះ ។
ខ្ញុំមានលោកគ្រូដ៏ឆ្នើមម្នាក់ទៀត កាលខ្ញុំរៀននៅ មហាវិទ្យាល័យរិក ច្រើនឆ្នាំកន្លងទៅ ។ ខ្ញុំត្រៀមទៅបម្រើបេសកកម្ម ហើយខ្ញុំបានគិតថា វាជាការល្អ បើខ្ញុំចូលរៀនថ្នាក់ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ អ្វីដែលខ្ញុំបានរៀនក្នុងថ្នាក់នោះបានផ្លាស់ប្ដូរជីវិតខ្ញុំ ។
ចាប់តាំងពីថ្ងៃដំបូងនៃថ្នាក់នោះ ខ្ញុំដឹងថា ខ្ញុំស្ថិតនៅក្នុងវត្តមានរបស់គ្រូដ៏ឆ្នើមម្នាក់ ។ លោកគ្រូនោះគឺជា បងប្រុស អែហ្វ មិលវិន ហែមម៉ុនដ៏ ។ ខ្ញុំបានដឹងថា បងប្រុស ហែមម៉ុនដ៏ ស្រឡាញ់ព្រះអម្ចាស់ ហើយគាត់ស្រឡាញ់ខ្ញុំ ។ ខ្ញុំអាចឃើញនៅលើទឹកមុខគាត់ និងស្តាប់ឮនៅក្នុងសំឡេងរបស់គាត់ ។ នៅពេលគាត់បង្រៀន ព្រះវិញ្ញាណបានបំភ្លឺចិត្តខ្ញុំ ។ គាត់បានបង្រៀនគោលលទ្ធិ ប៉ុន្តែគាត់ក៏បានអញ្ជើញខ្ញុំឲ្យរៀនគោលលទ្ធិដោយខ្លួនឯងផងដែរ ។ ការអញ្ជើញនោះបានជួយខ្ញុំឲ្យឃើញយ៉ាងច្បាស់នូវការទទួលខុសត្រូវរបស់ខ្ញុំ ដើម្បីរៀនគោលលទ្ធិរបស់ព្រះអម្ចាស់ដោយខ្លួនឯង ។ បទពិសោធន៍នោះបានផ្លាស់ប្ដូរខ្ញុំជារៀងរហូត ។ អរគុណ បងប្រុស ហែមម៉ុនដ៏ សម្រាប់ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
បងប្អូនប្រុសស្រី បងប្អូនគ្រប់គ្នាសមនឹងទទួលបទពិសោធន៍រៀនសូត្របែបនេះទាំងនៅក្នុងគេហដ្ឋាន និងនៅព្រះវិហារ ។
សេចក្ដីផ្ដើមនៃសៀវភៅ ចូរមកតាមខ្ញុំផ្តល់នូវចក្ខុវិស័យមួយនៃអ្វីដែលការបង្រៀនដូចជាព្រះគ្រីស្ទអាចសម្រេចបាន ។ សៀវភៅ ចូរមកតាមខ្ញុំ សរសេរថា « គោលបំណងនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អទាំងអស់ គឺដើម្បីធ្វើឲ្យការប្រែចិត្តជឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅ ហើយជួយយើងឲ្យកាន់តែប្រែក្លាយដូចជាទ្រង់ ។ … ប៉ុន្តែប្រភេទនៃការរៀនសូត្រដំណឹងល្អដែលពង្រឹងដល់សេចក្ដីជំនឿរបស់យើង ហើយដឹកនាំយើងទៅរកអព្ភូតហេតុនៃការផ្លាស់ប្រែចិត្តជឿ ពុំកើតឡើងភ្លាមមួយរំពេចទេ ។ វាពង្រីកចូលទៅក្នុងដួងចិត្ត និងគេហដ្ឋានរបស់បុគ្គលម្នាក់ហួសពីថ្នាក់ [ រៀន ] ទៅទៀត » ។១
ព្រះគម្ពីរបានបញ្ជាក់ថា ការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅទ្វីបអាមេរិកពីបុរាណមានឥទ្ធិពល និងរីករាលដាលយ៉ាងខ្លាំងរហូតដល់ « ប្រជាជនទាំងអស់បានប្រែចិត្តជឿដល់ព្រះអម្ចាស់ គឺនៅលើផ្ទៃដែនដីទាំងអស់ ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិនផង ហើយគ្មានការទាស់ទែងខ្វែងគំនិតគ្នារវាងពួកគេឡើយ ហើយមនុស្សគ្រប់រូបមានការទាក់ទងគ្នាយ៉ាងត្រឹមត្រូវ » ។២
តើការបង្រៀនរបស់យើងអាចមានឥទ្ធិពលលើមនុស្សដែលយើងស្រឡាញ់យ៉ាងដូចម្តេច ? តើយើងអាចបង្រៀនឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ និងជួយអ្នកដទៃឲ្យកាន់តែផ្លាស់ប្រែចិត្តជឿខ្លាំងដោយរបៀបណា ? សូមអនុញ្ញាតឲ្យខ្ញុំផ្តល់នូវយោបល់មួយចំនួន ។
សូមត្រាប់តាមព្រះអង្គសង្គ្រោះ
ដំបូងនិងសំខាន់បំផុត សូមយកវាមកដាក់លើខ្លួនដើម្បីរៀនអ្វីៗដែលបងប្អូនអាចរៀនបានអំពីគ្រូដ៏ឆ្នើម ។ តើទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃដោយរបៀបណា ? តើពួកគេមានអារម្មណ៍បែបណា នៅពេលទ្រង់បានបង្រៀនពួកគេ ? តើទ្រង់បានបង្រៀនអ្វីខ្លះ ? តើទ្រង់បានមានសេចក្តីរំពឹងទុកអ្វីខ្លះពីអស់អ្នកដែលទ្រង់បានបង្រៀន ? បន្ទាប់ពីបងប្អូនធ្វើការស្រាវជ្រាវសំណួរដូចនេះហើយ សូមធ្វើការវាយតម្លៃ និងលៃលករបៀបបង្រៀនរបស់បងប្អូនដើម្បីឲ្យកាន់តែដូចទ្រង់ ។
សាសនាចក្របានផ្តល់នូវធនធានសម្រាប់ការបង្រៀនជាច្រើននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។ ធនធានបែបនេះមួយមានចំណងជើងថា ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យអាន និងសិក្សាគ្រប់ពាក្យទាំងអស់ ។ គោលការណ៍ទាំងនេះនឹងជួយបងប្អូននៅក្នុងការខិតខំរបស់បងប្អូន ដើម្បីកាន់តែដូចជាព្រះគ្រីស្ទនៅក្នុងការបង្រៀនរបស់បងប្អូន ។
ស្រាយអំណាចនៃគ្រួសារ
យោបល់បន្ទាប់របស់ខ្ញុំអាចបានឆ្លុះបញ្ចាំងជាមួយនឹងបទពិសោធន៍មួយ ដែលខ្ញុំមានកាលពីពីរបីខែមុន នៅពេលដែលខ្ញុំបានទៅលេងមិត្តជាទីស្រឡាញ់របស់ខ្ញុំម្នាក់ ។ ខ្ញុំអាចឮភរិយារបស់គាត់កំពុងតែនិយាយជាមួយនរណាម្នាក់ ដូច្នេះខ្ញុំក៏សុំលាចេញមកវិញយ៉ាងលឿន ដើម្បីឲ្យមិត្តខ្ញុំអាចត្រឡប់ទៅគ្រួសារគាត់វិញ ។
ប្រហែលជាមួយម៉ោងជាងក្រោយមក ខ្ញុំបានទទួលសារនេះមកពីភរិយាសំណព្វរបស់គាត់ ៖ « បងប្រុស នូមែន សូមអរគុណដែលបានមកលេង ។ យើងគួរអញ្ជើញបងឲ្យចូលលេង ប៉ុន្តែខ្ញុំចង់ចែកចាយជាមួយបងនូវអ្វីដែលពួកយើងបានធ្វើ ។ តាំងតែពីមានរោគរាតត្បាតមក យើងបានពិភាក្សា ចូរមកតាមខ្ញុំជាមួយកូនធំៗរបស់យើងរាល់ថ្ងៃអាទិត្យតាម ហ្សូម ។ វានាំឲ្យមានអព្ភូតហេតុខ្លាំងណាស់ ។ ខ្ញុំគិតថា វាគឺជាលើកដំបូងហើយដែលកូនស្រីរបស់យើងបានអានព្រះគម្ពីរមរមនដោយខ្លួនឯង ។ ថ្ងៃនេះគឺជាមេរៀនចុងក្រោយអំពីព្រះគម្ពីរមរមន ហើយយើងរៀបនឹងបញ្ចប់ នៅពេលដែលបងបានមកដល់ ។ … ខ្ញុំគិតថា បងនឹងចាប់អារម្មណ៍ស្តាប់ពីរបៀបការប្រជុំតាម ហ្សូម ពិភាក្សាពីសៀវភៅ ចូរមកតាមខ្ញុំនិងរោគរាតត្បាតបានផ្តល់ឱកាសចំពេលដើម្បីផ្លាស់ប្តូរដួងចិត្តមួយ ។ វាធ្វើឲ្យខ្ញុំឆ្ងល់ថា តើមានអព្ភូតហេតុតូចៗច្រើនប៉ុណ្ណាទៅបានកើតឡើងអំឡុងពេលដ៏ចម្លែកនេះ » ។
ចំពោះខ្ញុំ នេះគឺជាការបំពេញសេចក្តីសន្យាដែលប្រធាន រ័សុល អិម ណិលសុន បានសន្យានៅក្នុងខែ តុលា ឆ្នាំ ២០១៨ ។ លោកបានមានប្រសាសន៍ថា ការរៀនសូត្រដំណឹងល្អដែលផ្ដោតទៅលើគេហដ្ឋាន មានការគាំទ្រពីសាសនាចក្រ « មានសក្ដានុពលដើម្បីស្រាយអំណាចនៃគ្រួសារ នៅពេលគ្រួសារនីមួយៗធ្វើតាមកម្មវិធីនោះប្រកបដោយមនសិការ និងដោយយកចិត្តទុកដាក់ ដើម្បីផ្លាស់ប្រែគេហដ្ឋានរបស់ពួកគេទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ ។ ខ្ញុំសន្យាថា នៅពេលបងប្អូនធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីរៀបចំគេហដ្ឋានរបស់បងប្អូនឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ នោះយូរៗទៅថ្ងៃឈប់សម្រាក របស់បងប្អូននឹងបានជាទីរីករាយចិត្តយ៉ាងពិតប្រាកដ ។ កូនចៅ របស់បងប្អូននឹងមានចិត្តរំភើបក្នុងការរៀន និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ … ការផ្លាស់ប្ដូរនៅក្នុងគ្រួសាររបស់បងប្អូននឹងមានយ៉ាងខ្លាំង និងរឹងមាំ » ។៣ ឱ នេះជាការសន្យាអស្ចារ្យមួយ !
ដើម្បីបានជីវិតផ្លាស់ប្តូរពិតប្រាកដ ការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទត្រូវតែមានការចូលរួមពីព្រលឹងយើងទាំងមូល ហើយជ្រាបចូលគ្រប់ផ្នែកនៃជីវិតរបស់យើង ។ នេះគឺជាមូលហេតុដែលវាត្រូវតែផ្តោតលើផ្នែកសំខាន់នៃជីវិតរបស់យើង—គេហដ្ឋានរបស់យើង ។
សូមចងចាំថា ការប្រែចិត្តជឿគឺជារឿងផ្ទាល់ខ្លួន
យោបល់ចុងក្រោយរបស់ខ្ញុំគឺ ត្រូវចាំថាការប្រែចិត្តជឿត្រូវតែកើតមកពីខាងក្នុងខ្លួន ។ ដូចបានបង្ហាញនៅក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់ យើងមិនអាចឲ្យប្រេងនៃការប្រែចិត្តជឿរបស់យើងទៅនរណាម្នាក់ទៀតនោះទេ បើទោះជាយើងចង់ឲ្យក៏ដោយ ។ ដូចដែលអែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « ប្រេងដ៏មានតម្លៃនេះ បានមកមួយតំណក់ម្តងៗ … ដោយអត់ធ្មត់ និងខ្ជាប់ខ្ជួន ។ គ្មានផ្លូវកាត់ទេ គ្មានការរៀបចំភ្លាមៗនោះទេ » ។៤
ចូរមកតាមខ្ញុំគឺផ្អែកទៅលើសេចក្តីពិត ។ ខ្ញុំប្រៀបធៀបសៀវភៅនេះទៅនឹងទេវតាដែលបានជួយ នីហ្វៃ ឲ្យរៀនអំពី ព្រះយេស៊ូវគ្រីស្ទ ដោយមានបន្ទូលថា « មើលន៏ ! »៥ ដូចទេវតានោះដែរ សៀវភៅ ចូរមកតាមខ្ញុំអញ្ជើញយើងឲ្យមើលក្នុងព្រះគម្ពីរ និងពាក្យសម្តីនៃព្យាការីសម័យទំនើបដើម្បីស្វែងរកព្រះអង្គសង្គ្រោះ ហើយស្តាប់ទ្រង់ ។ ដូចនីហ្វៃដែរ យើងនឹងត្រូវបានបង្រៀនដោយផ្ទាល់ពីព្រះវិញ្ញាណ ពេលយើងអាន និងពិចារណាព្រះបន្ទូលរបស់ព្រះ ។ ចូរមកតាមខ្ញុំគឺជាក្តារលោតដែលអនុញ្ញាតឲ្យយើងអាចមុជយ៉ាងជ្រៅទៅក្នុងទឹករស់នៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ។
ទំនួលខុសត្រូវរបស់ឪពុកម្តាយគឺស្រដៀងគ្នាតាមរបៀបជាច្រើន ។ កូនៗគ្រងមរតកជាច្រើនពីឪពុកម្តាយរបស់ពួកគេ ប៉ុន្តែទីបន្ទាល់មិនអាចចែកជាមរតកឲ្យបានទេ ។ យើងមិនអាចចែកទីបន្ទាល់ឲ្យកូនៗយើងបានទេ គឺដូចជាយើងមិនអាចបង្ខំឲ្យគ្រាប់ពូជមួយដុះឡើងដែរ ។ ប៉ុន្តែយើងអាចផ្តល់នូវបរិយាកាសលូតលាស់ល្អ ដីល្អ គ្មានបន្លាដែលនឹង « ខ្ចប់ព្រះបន្ទូលជិត » ។ យើងអាចព្យាយាមបង្កើតនូវលក្ខខណ្ឌល្អបំផុតដើម្បីឲ្យកូនៗរបស់យើង—និងមនុស្សដែលយើងស្រឡាញ់—អាចរកឃើញកន្លែងឲ្យគ្រាប់ពូជនោះ « [ឮ ] ព្រះបន្ទូល ហើយ [ យល់ ] »៦ហើយដឹងដោយខ្លួនគេថា « គ្រាប់ពូជនោះល្អ » ។៧
បីបួនឆ្នាំមុន ខ្ញុំ និងកូនប្រុសរបស់ខ្ញុំឈ្មោះ ជេក បានមានឱកាសដើម្បីលេង Old Course នៅ St. Andrews នៅក្នុងប្រទេស ស្កុតឡង់ ជាកន្លែងលេងល្បែងវាយកូនហ្គោល ។ វាពិតជាអស្ចារ្យណាស់ ! ពេលត្រឡប់មកវិញ ខ្ញុំបានព្យាយាមប្រាប់ទៅអ្នកដទៃអំពីបទពិសោធន៍ដ៏អស្ចារ្យនោះ ។ ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេ ។ រូបថត វីដេអូ និងការពិពណ៌នាដ៏ក្បោះក្បាយបំផុតរបស់ខ្ញុំពិតជាមិនគ្រប់គ្រាន់នោះឡើយ ។ ទីបំផុត ខ្ញុំបានដឹងថា វិធីតែមួយគត់ដើម្បីឲ្យនរណាម្នាក់ដឹងពីភាពអស្ចារ្យនៃ St. Andrews គឺជួបបទពិសោធន៍នោះដោយផ្ទាល់—ឃើញកន្លែងវាយកូនហ្គោលដ៏ធំ ស្រូបយកខ្យល់ ឲ្យខ្យល់ប៉ះផ្ទៃមុខ ហើយវាយកូនហ្គោលខុសពីរបីដងទៅកាន់វាលខ្សាច់ដ៏ធំ និងវាលស្មៅដ៏ក្រាស់ ដែលយើងបានធ្វើដោយប្រសិទ្ធភាពខ្ពស់ ។
វាគឺដូចគ្នាដែរចំពោះព្រះបន្ទូលរបស់ព្រះ ។ យើងអាចបង្រៀនព្រះបន្ទូល យើងអាចផ្សាយព្រះបន្ទូល យើងអាចពន្យល់ពីព្រះបន្ទូល ។ យើងអាចនិយាយអំពីព្រះបន្ទូល យើងអាចពិពណ៌នាព្រះបន្ទូល យើងថែមទាំងអាចថ្លែងទីបន្ទាល់អំពីព្រះបន្ទូល ។ ប៉ុន្តែទាល់តែមនុស្សម្នាក់មានអារម្មណ៍ថា ព្រះបន្ទូលដ៏ពិសិដ្ឋរបស់ព្រះចុះមកលើព្រលឹងរបស់គាត់ ឬនាង ដូចជាទឹកសន្សើមចុះពីលើមេឃ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណ៨បើមិនអញ្ចឹងទេ វានឹងគ្រាន់តែដូចជាការមើលកាតប៉ូស្ដាល់ ឬរូបថតវិស្សមកាលរបស់នរណាម្នាក់ប៉ុណ្ណោះ ។ បងប្អូនត្រូវតែទៅទីនោះដោយផ្ទាល់ ។ ការផ្លាស់ប្រែចិត្តជឿគឺជាការធ្វើដំណើរផ្ទាល់ខ្លួនមួយ—ជាដំណើរនៃការប្រមូលផ្ដុំ ។
បងប្អូនគ្រប់គ្នាដែលបង្រៀននៅឯគេហដ្ឋាន និងនៅព្រះវិហារ នោះមានន័យថាយើង អាចផ្តល់ជូនដល់អ្នកដទៃនូវឱកាសដើម្បីមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួន ។ តាមរយៈបទពិសោធន៍ទាំងនេះ ពួកគេនឹងមក « ស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ផ្ទាល់ខ្លួន ។៩ ប្រធាន ណិលសុន បានបង្រៀនថា « ប្រសិនបើបងប្អូនមានសំណួរដោយស្មោះអំពីដំណឹងល្អ ឬសាសនាចក្រនេះ កាលណាបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះ នោះបងប្អូននឹងត្រូវបានដឹកនាំឲ្យទៅរកឃើញ និងយល់ពីសេចក្តីពិតដ៏អស់កល្បជានិច្ចទាំងស្រុងដែលនឹងដឹកនាំជីវិត ហើយជួយបងប្អូនឲ្យបន្តនៅរឹងមាំនៅលើផ្លូវនៃសេចក្តីសញ្ញា » ។១០
ធ្វើឲ្យការបង្រៀនមានភាពល្អប្រសើរខ្លាំង
ខ្ញុំសូមអញ្ជើញថ្នាក់ដឹកនាំ និងគ្រូបង្រៀននៅគ្រប់អង្គការនៃសាសនាចក្រឲ្យប្រឹក្សារួមគ្នាជាមួយឪពុកម្តាយ និងយុវវ័យដើម្បីធ្វើឲ្យការបង្រៀនមានភាពល្អប្រសើរនៅគ្រប់កម្រិត—ក្នុងស្តេក វួដ និងគេហដ្ឋាន ។ នេះនឹងបានរក្សាទុកក្នុងបណ្ណាសារដោយការបង្រៀនគោលលទ្ធិ និងការយាងព្រះវិញ្ញាណមកបំពេញការពិភាក្សាអំពីសេចក្តីពិត ដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនយើងនៅក្នុងពេលវេលាដ៏ស្ងប់ស្ងាត់នៃការសិក្សាផ្ទាល់ខ្លួនរបស់យើង ។
មិត្តជាទីស្រឡាញ់នៅក្នុងព្រះគ្រីស្ទ យើងម្នាក់ៗមានទំនួលខុសត្រូវស្មើគ្នាដើម្បីធ្វើតាមគំរូនៃលោកចៅហ្វាយ និងបង្រៀនដូចជាទ្រង់ ។ ផ្លូវរបស់ទ្រង់គឺជាផ្លូវដ៏ពិត ! ពេលយើងធ្វើតាមទ្រង់ « កាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ដ្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានបរិសុទ្ធដូចជា ទ្រង់បរិសុទ្ធ » ។១១ នៅក្នុងព្រះនាមនៃទ្រង់ដែលបានមានព្រះជន្មរស់ឡើងវិញ ជាគ្រូដ៏ឆ្នើមគឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕