![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F32%2Fc4%2F32c4b8455a124a07d5d601b42212af3588beb5c3%2Fjorge_t_becerra_poor_little_ones.jpeg/full/!250,/0/default)
កូនតូចដ៏កំសត់
នៅក្នុងវួដ និងសាខានីមួយៗ យើងត្រូវការមនុស្សគ្រប់ រូប—ទាំងអ្នករឹងមាំ និងអស់ អ្នកដែលប្រហែលជាកំពុងជួបបញ្ហា ។ បងប្អូន ទាំងអស់ គ្នា គឺចាំបាច់ ។
កាលនៅក្មេង ខ្ញុំចាំពីពេលជិះឡានជាមួយឪពុកខ្ញុំ ហើយមើលមនុស្សម្នាក់ៗនៅតាមផ្លូវ ដែលមានភាពលំបាក ឬត្រូវការជំនួយ ។ ឪពុកខ្ញុំតែងតែនិយាយថា « ផូបរេស៊ីតូ »មានន័យថា « កូនតូចដ៏កំសត់ » ។
ពេលខ្លះ ខ្ញុំមើលដោយយកចិត្តទុកដាក់ពេលឪពុកខ្ញុំជួយមនុស្សទាំងនេះ ជាពិសេសពេលយើងធ្វើដំណើរទៅប្រទេសម៉ិកស៊ិក ដើម្បីទៅលេងលោកតាលោកយាយខ្ញុំ ។ ជាធម្មតា គាត់នឹងរកនរណាម្នាក់ដែលត្រូវការជំនួយ បន្ទាប់មកទៅជួយដោយផ្ទាល់នូវអ្វីដែលពួកគេត្រូវការ ។ ក្រោយមក ខ្ញុំដឹងថា គាត់បានជួយពួកគេចុះឈ្មោះចូលរៀន ទិញអាហារខ្លះឲ្យពួកគេ ឬជួយផ្គត់ផ្គង់ផ្នែកសុខុមាលភាពតាមរបៀបណាមួយដល់ពួកគេ ។ គាត់បានផ្ដល់ការងារបម្រើដល់ « កូនតូចដ៏កំសត់ » ដែលគាត់បានជួបនៅលើផ្លូវ ។ តាមពិតពេលខ្ញុំកំពុងធំឡើង ខ្ញុំចាំថាគ្មានពេលណាមួយ ដែលយើងគ្មាននរណាម្នាក់ស្នាក់នៅជាមួយយើង ដែលត្រូវការជំនួយដែលពួកគេខំប្រែក្លាយជាអ្នកមានភាពខ្លួនទីពឹងខ្លួននោះឡើយ ។ ការមើលឃើញបទពិសោធន៍ទាំងនេះបានបង្កើតជាមនោសញ្ចេតនាអាណិតអាសូរមួយនៅក្នុងចិត្តខ្ញុំ ចំពោះបុរសនិងស្ត្រី និងអស់អ្នកដែលត្រូវការជំនួយ ។
នៅក្នុង ប្រកាសដំណឹងល្អរបស់យើងចែងថា « អ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្ស ។ អ្នកជួបពួកគេតាមផ្លូវ ទៅសួរសុខទុក្ខពួកគេនៅតាមផ្ទះ និងធ្វើដំណើរក្នុងចំណោមពួកគេ ។ ពួកគេទំាងអស់គ្នាគឺជាកូនចៅនៃព្រះ គឺជាបងប្អូនប្រុសស្រីរបស់បងប្អូន ។ … មនុស្សទាំងនេះភាគច្រើនកំពុងតែស្វែងរកគោលបំណងនៅក្នុងជីវិត ។ ពួកគេមានកង្វល់អំពីអនាគត និងគ្រួសាររបស់ពួកគេ » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនាឆ្នាំ ២០១៨ ] ទំព័រ ១ ) ។
អស់រយៈពេលជាច្រើនឆ្នាំនៃការបម្រើក្នុងសាសនាចក្រ ខ្ញុំបានព្យាយាមស្វែងរកមនុស្សដែលត្រូវការជំនួយក្នុងជីវិត ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ជាញឹកញាប់ ខ្ញុំឮសំឡេងឪពុកខ្ញុំនិយាយថា « ផូបរេស៊ីតូ »កូនតូចដ៏កំសត់ ។
នៅក្នុងព្រះគម្ពីរប៊ីប យើងឃើញមានគំរូដ៏អស្ចារ្យមួយអំពីការថែទាំដល់កូនតូចដ៏កំសត់ ៖
« នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស និងយ៉ូហាន ឡើងទៅក្នុងព្រះវិហារជាមួយគ្នា ។
« រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ
« កាលគាត់ឃើញពេត្រុស និងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន ។
« តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សម្លឹងមើលទៅគាត់ប្រាប់ថា ចូរមើលមកយើងឯណេះ ។
« គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ ។
« តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ ។
« រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម » ( កិច្ចការ ៣:១–៧ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ពេលអានដំណើររឿងនេះ ខ្ញុំបានចាប់អារម្មណ៍ពីការប្រើពាក្យ សម្លឹង ។ ពាក្យ សម្លឹង មានន័យថាមើលដោយភ្នែកឬ គំនិត ឬការមើលរបស់មនុស្សម្នាក់ដោយចេតនា ( សូមមើល « fasten » Dictionary.com ) ។ កាលដែលពេត្រុសបានមើលទៅបុរសនេះ លោកបានឃើញថាគាត់ខុសពីមនុស្សដទៃទៀត ។ លោកបានមើលហួសពីការមិនអាចដើរបាន និងភាពទន់ខ្សោយរបស់គាត់ ហើយអាចឃើញថា សេចក្ដីជំនឿរបស់គាត់គឺគ្រប់គ្រាន់ដើម្បីបានការព្យាបាល និងចូលទៅក្នុងព្រះវិហារបរិសុទ្ធដើម្បីទទួលពរជ័យដែលគាត់កំពុងស្វែងរក ។
ខ្ញុំបានកត់សម្គាល់ថា លោកបានចាប់ដៃស្តាំ ហើយបានលើកគាត់ឡើង ។ កាលដែលលោកបានជួយបុរសនោះតាមរបៀបនេះ នោះព្រះអម្ចាស់បានព្យាបាលគាត់ដោយអព្ភូតហេតុ ហើយ « ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់មានកម្លាំងឡើងភ្លាម » ( កិច្ចការ ៣:៧ ) ។ សេចក្ដីស្រឡាញ់របស់លោកចំពោះបុរសនេះ និងបំណងជួយគាត់ បានធ្វើឲ្យបុរសម្នាក់កើនឡើងនូវសមត្ថភាព និងលទ្ធភាពពីភាពទន់ខ្សោយរបស់គាត់ ។
ខណៈពេលបម្រើជាពួកចិតសិបប្រចាំតំបន់ ខ្ញុំបានទុកយប់ថ្ងៃអង្គារ ធ្វើការងារបម្រើសួរសុខទុក្ខជាមួយប្រធានស្តេកនៅក្នុងតំបន់ដែលខ្ញុំទទួលខុសត្រូវ ។ ខ្ញុំបានអញ្ជើញពួកគេ ឲ្យធ្វើការការណាត់ជួបជាមួយពួកអ្នកដែលត្រូវការពិធីបរិសុទ្ធនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ឬអ្នកដែលមិនរក្សាសេចក្ដីសញ្ញាក្នុងពេលបច្ចុប្បន្ន ។ តាមរយៈការងារបម្រើដ៏ខ្ជាប់ខ្ជួន និងដោយចេតនានោះ ព្រះអម្ចាស់បានពង្រីកកិច្ចប្រឹងប្រែងរបស់យើង ហើយយើងអាចស្វែងរកបុគ្គល និងគ្រួសារទាំងឡាយដែលត្រូវការជំនួយ ។ ទាំងនេះគឺជា « កូនតូចដ៏កំសត់ » ដែលបានរស់នៅក្នុងស្តេកផ្សេងៗដែលយើងបានបម្រើ ។
ក្នុងឱកាសមួយ ខ្ញុំបានអមដំណើរប្រធាន ប៊ីល វីតវ៉ស ជាប្រធានស្តេកសេនឌី យូថាហ៍ខេនយន វីយូ ដើម្បីធ្វើការងារបម្រើសួរសុខទុក្ខ ។ គាត់បានអធិស្ឋានជាខ្លាំងអំពីនរណាដែលយើងគួរតែទៅសួរសុខទុក្ខ ដោយព្យាយាមឲ្យមានបទពិសោធន៍ដូចគ្នានឹងនីហ្វៃ ដែល « ត្រូវបាននាំទៅដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើ [ គាត់ ] នឹងត្រូវធ្វើអ្វីខ្លះ » ( នីហ្វៃទី១ ៤:៦ ) ។ គាត់បានបង្ហាញថា ពេលដែលយើងធ្វើការងារបម្រើ យើងគួរតែត្រូវបានដឹកនាំដោយវិវរណៈ ទៅកាន់អ្នកដែលត្រូវការជំនួយបំផុត ផ្ទុយពីការគ្រាន់តែទៅតាមបញ្ជី ឬការទៅសួរសុខទុក្ខបុគ្គលម្នាក់ៗតាមវិធីសាស្ត្រមួយ ។ យើងគួរតែត្រូវបានដឹកនាំដោយអំណាចនៃការបំផុសគំនិត ។
ខ្ញុំចាំពីការចូលក្នុងផ្ទះគូស្វាមីភរិយាវ័យក្មេងមួយគូ គឺជែហ្វ និង ហ៊ីធើរ និងកូនប្រុសតូចរបស់ពួកគេ ខៃ ។ ជែហ្វបានធំឡើងជាសមាជិកសាសនាចក្រសកម្មម្នាក់ ។ គាត់ជាអត្តពលិកដ៏មានទេពកោសល្យខ្លាំងណាស់ ហើយបានមានអាជីពដ៏ជោគជ័យមួយ ។ គាត់បានចាប់ផ្ដើមងាកចេញពីសាសនាចក្របន្ដិចម្ដងៗនៅក្នុងវ័យជំទង់របស់គាត់ ។ ក្រោយមក គាត់បានជួបគ្រោះថ្នាក់រថយន្តមួយ ដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់ ។ ពេលដែលយើងបានចូលក្នុងផ្ទះពួកគេ និងស្គាល់ ជែហ្វបានសួរយើងថាហេតុអ្វីយើងមកលេងគ្រួសារគាត់ ។ យើងបានឆ្លើយថា មានសមាជិកប្រហែល ៣០០០ នាក់ ដែលរស់នៅក្នុងព្រំដែនស្តេកនេះ ។ បន្ទាប់មកខ្ញុំបានសួរគាត់ថា « ជែហ្វ ក្នុងចំណោមផ្ទះទាំងអស់នោះយើងអាចទៅសួរសុខទុក្ខនៅយប់នេះបាន តែសូមប្រាប់យើងមកមើល ថាហេតុអ្វីព្រះអម្ចាស់បញ្ជូនយើងមកទីនេះទៅវិញ » ។
ដូច្នោះ ជែហ្វបានប្រែជាក្ដុកក្ដួល ហើយបានចាប់ផ្ដើមចែកចាយជាមួយយើង នូវការព្រួយបារម្ភរបស់គាត់ និងបញ្ហាមួយចំនួន ដែលពួកគេកំពុងជួបក្នុងគ្រួសារ ។ យើងបានចាប់ផ្ដើមចែកចាយគោលការណ៍ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្សេងៗ ។ យើងបានអញ្ជើញពួកគេឲ្យធ្វើរឿងជាក់លាក់មួយចំនួន ដែលមើលទៅពិបាកពីដំបូង ប៉ុន្តែនៅទីបំផុតនឹងនាំមកនូវសុភមង្គល និងអំណរដ៏អស្ចារ្យដល់ពួកគេ ។ បន្ទាប់មក ប្រធាន វីតវ៉ស បានផ្ដល់ពរជ័យបព្វជិតភាពមួយដល់ជែហ្វ ដើម្បីជួយគាត់ឲ្យយកឈ្នះឧបសគ្គរបស់គាត់ ។ ជែហ្វ និង ហ៊ីធើរ បានយល់ព្រមធ្វើនូវអ្វីដែលយើងបានអញ្ជើញពួកគេឲ្យធ្វើ ។
ប្រហែលមួយឆ្នាំក្រោយមក ជាឯកសិទ្ធិរបស់ខ្ញុំដោយឃើញជែហ្វជ្រមុជទឹកឲ្យភរិយាគាត់ ហ៊ីធើរ ជាសមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ឥឡូវនេះ ពួកគេកំពុងរៀបចំខ្លួន ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធផ្សារភ្ជាប់ជាគ្រួសារមួយសម្រាប់ពេលនេះ និងអស់កល្បអស់កាលជានិច្ច ។ ការសួរសុខទុក្ខរបស់យើងបានផ្លាស់ប្ដូរដំណើរជីវិតរបស់ពួកគេ ទាំងខាងសាច់ឈាមនិងខាងវិញ្ញាណ ។
ព្រះអម្ចាស់ បានមានព្រះបន្ទូលថា ៖
« ហេតុដូច្នោះហើយ ចូរមានចិត្តស្មោះត្រង់ចុះ ចូរឈរនៅក្នុងតំណែងដែលយើងបានតែងតាំងដល់អ្នក ចូរជួយអ្នកទន់ខ្សោយ ចូរលើកដៃដែលរោយ ហើយចូរចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥ ) ។
« ហើយនៅក្នុងការប្រព្រឹត្តអ្វីៗទាំងនេះ នោះអ្នកនឹងប្រព្រឹត្តល្អបំផុតចំពោះមនុស្សទូទៅ ហើយនឹងតម្កើងសិរីល្អដល់ព្រះអង្គ ដែលជាព្រះអម្ចាស់របស់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៤ ។
បងប្អូនប្រុសស្រី សាវកប៉ុលបានបង្រៀននូវគន្លឹះមួយក្នុងការងារបម្រើរបស់យើង ។ លោកបានបង្រៀនថា យើងរាល់គ្នា « ជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន » ( កូរិនថូស ទី១ ១២:២៧ហើយថា យើងត្រូវការអស់ទាំងអវយវៈក្នុងរូបកាយដើម្បីប្រាកដថា រូបកាយទាំងមូលត្រូវបានស្អាងឡើង ។ បន្ទាប់មក លោកបានបង្រៀនពីសេចក្ដីពិតដ៏មានអានុភាពមួយ ដែលជ្រាបចូលយ៉ាងជ្រៅក្នុងដួងចិត្តខ្ញុំ ។ លោកមានប្រសាសន៍ថា « ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះ មានប្រយោជន៍ជាជាងវិញហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាននោះយើងបាន រាប់អានលើសទៅទៀតកូរិនថូស ទី១ ១២:២២–២៣ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ដូច្នេះហើយ នៅក្នុងវួដ និងសាខានីមួយៗ យើងត្រូវការមនុស្សគ្រប់ រូប—ទាំងអ្នករឹងមាំ និងអស់អ្នកដែលប្រហែលជាកំពុងជួបបញ្ហា ។ មនុស្សទាំងអស់គ្នាគឺចាំបាច់ចំពោះភាពសំខាន់ដល់ការស្អាងនៃ « រូបកាយនៃព្រះគ្រីស្ទ » ទាំងមូល ។ ជាញឹកញាប់ ខ្ញុំឆ្ងល់ថា តើនរណាដែលយើងមិនបានមើលឃើញនៅក្នុងក្រុមជំនុំផ្សេងៗរបស់យើង ដែលនឹងពង្រឹងយើង និងធ្វើឲ្យយើងបានពេញលេញ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « នៅ ក្នុង សាសនាចក្រ យើង មិន គ្រាន់ តែ រៀន ពី គោលលទ្ធិ មក ពី ព្រះ ប៉ុណ្ណោះទេ ប៉ុន្តែ យើង ក៏ ដក ពិសោធន៍ ការ អនុវត្ត វា ផង ដែរ ។ ក្នុង នាម ជា រូបកាយ នៃ ព្រះគ្រីស្ទ សមាជិក សាសនាចក្រ បម្រើ គ្នា ទៅវិញ ទៅមក នៅ ក្នុង ជីវិត ប្រចាំ ថ្ងៃ ។ យើងគ្រប់គ្នាពុំល្អឥតខ្ចោះនោះទេ ។… ក្នុង រូបកាយ នៃ ព្រះគ្រីស្ទ យើង ត្រូវ ធ្វើ ច្រើន ឲ្យ ហួស ពី ការ គិត និង ពាក្យ លើក តម្កើង ហើយឲ្យ មាន បទពិសោធន៍ « ផ្ទាល់ខ្លួន » ដ៏ ពិត មួយ ពេល យើង រៀន « រស់នៅ ជាមួយ គ្នា ដោយ នូវ សេចក្ដី ស្រឡាញ់ »[ គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៥ ] » ( « Why the Church » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨–៩ ) ។
ក្នុងឆ្នាំ ១៨៤៩ ព្រិកហាំ យ៉ង់ មានសុបិនមួយ នៅពេលដែលលោកឃើញព្យាការី យ៉ូសែប ស៊្មីធ កំពុងគាងចៀម និងពពែមួយហ្វូងធំ ។ សត្វមួយចំនួនទាំងនេះធំៗ ហើយស្រស់ស្អាត ខ្លះទៀតតូចៗ ហើយកខ្វក់ ។ ព្រិកហាំ យ៉ង់ បានតំណាលពីការមើលទៅក្នុងភ្នែករបស់ យ៉ូសែប ស្ម៊ីធ ហើយនិយាយថា « យ៉ូសែប ប្អូនមានហ្វូងសត្វដ៏ចម្លែកបំផុត … ដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតខ្ញុំ តើប្អូននឹងធ្វើអ្វីជាមួយពួកវា ? » ព្យាការី ដែលហាក់ដូចជាមិនមានកង្វល់ចំពោះហ្វូងសត្វដែលមិនមានសណ្ដាប់ធ្នាប់នេះ បានឆ្លើយតបយ៉ាងសាមញ្ញថា « [ ព្រិកហាំ ] ពួកវាទាំងអស់គឺល្អទៅតាមកន្លែងរបស់វា » ។
ពេលប្រធាន យ៉ង់ បានភ្ញាក់ឡើង លោកបានយល់ថា ខណៈដែលសាសនាចក្រនឹងប្រមូលផ្ដុំ « ចៀម និងពពែ » ប្រភេទខុសៗគ្នា នោះវាជាការទទួលខុសត្រូវរបស់លោក ដើម្បីនាំទាំងអស់ឲ្យចូលមក ហើយអនុញ្ញាតឲ្យពួកគេម្នាក់ៗស្គាល់ពីសក្ដានុពលពេញលេញរបស់ពួកគេ កាលដែលពួកគេទទួលយកកន្លែងរបស់ពួកគេនៅក្នុងសាសនាចក្រ ។ ( បានកែសម្រួលមកពីរ៉ូណាល់ ដបុលយូ វ៉កឃឺ, “ព្រិកហាំ យ៉ង់ ៖ សិស្សរបស់ព្យាការី » Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ទំព័រ ៥៦–៥៧ ) ។
បងប្អូនប្រុសស្រី ដើមកំណើតនៃសុន្ទរកថារបស់ខ្ញុំកើតឡើង នៅពេលខ្ញុំបានគិតយ៉ាងជ្រាលជ្រៅអំពី មនុស្សម្នាក់ដែលមិនចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំចង់ថ្លែងទៅកាន់ពួកគេម្នាក់ៗបន្តិច ។ អែលឌើរ ណែល អេ ម៉ាកស្វែល បានបង្រៀនថា « ជាញឹកញាប់ បុគ្គលបែបនោះនៅជិត—ប៉ុន្តែមិនចូលរួមទាំងស្រុងទេ—នៅក្នុងសាសនាចក្រ ។ ពួកគេនឹងមិនចូលខាងក្នុងរោងជំនុំទេ ប៉ុន្តែពួកគេក៏មិនចេញពីរានហាលព្រះវិហារដែរ ។ ពួកគេគឺជាអ្នកដែលត្រូវការសាសនាចក្រ ហើយសាសនាចក្រត្រូវការពួកគេ ប៉ុន្តែមួយចំណែក ជាអ្នកដែល ‹ រស់ដោយគ្មានព្រះក្នុងលោកិយនេះ › [ ម៉ូសាយ ២៧:៣១ ]( Why Not Now? » Ensign ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ១២ ) ។
ខ្ញុំសូមបន្ទរការអញ្ជើញពីព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន ពេលដែលលោកបានថ្លែងជាលើកដំបូងទៅកាន់សមាជិកសាសនាចក្រ ។ លោកបានមានប្រសាសន៍ថា « ឥឡូវនេះ ចំពោះសមាជិកសាសនាចក្រម្នាក់ៗ ខ្ញុំសូមប្រាប់ថា ៖ សូមបន្ដដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញាទំាងនោះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង » ។
បន្ទាប់មកលោកបានអង្វរកថា « ឥឡូវនេះ ប្រសិនបើបងប្អូនបានដើរចេញពីផ្លូវនេះ ខ្ញុំសូមអញ្ជើញបងប្អូនដោយសង្ឃឹមអស់ពីចិត្តខ្ញុំ សូមត្រឡប់មកវិញ ។ ទោះបីបងប្អូនមានកង្វល់ មានឧបសគ្គយ៉ាងណាក្តី មានកន្លែងមួយសម្រាប់បងប្អូននៅទីនេះ ក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ បងប្អូន និងជំនាន់នានាដែលមិនទាន់កើតនៅឡើយ នឹងមានពរតាមរយៈទង្វើរបស់បងប្អូន ក្នុងពេលនេះដើម្បីត្រឡប់មកលើផ្លូវនៃសេចក្តីសញ្ញាវិញ » ( « As We Go Forward Together » ឬ Liahona ខែ មេសា ឆ្នាំ ២០១៨ទំព័រ៧ បានបញ្ជាក់បន្ថែម ) ។
ខ្ញុំសូមថ្លែងជាសាក្សីចំពោះទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ជាលោកគ្រូនៃការងារបម្រើ និងជាព្រះអង្គសង្គ្រោះរបស់យើង ។ ខ្ញុំសូមអញ្ជើញឲ្យយើងម្នាក់ៗឲ្យស្វែងរក « ផូបរេស៊ីតូ » ជា « កូនតូចដ៏កំសត់ » ក្នុងចំណោមយើង ដែលត្រូវការជំនួយ ។ នេះជាសេចក្ដីសង្ឃឹម និងការអធិស្ឋានរបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕