![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F5e%2F4b%2F5e4b0450476e69bdc226ae0c64a180c5b6def4d5%2Fquentin_l_cook_bishops_shepherds_over_the_lords_flock.jpeg/full/!250,/0/default)
ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់
ប៊ីស្សពមានតួនាទីដ៏សែនសំខាន់មួយក្នុងការបម្រើជាអ្នកគង្វាល ដើម្បីដឹកនាំជំនាន់ដែលកំពុងពេញវ័យ ។
បងប្អូនប្រុសបព្វជិតភាពជាទីស្រឡាញ់របស់ខ្ញុំ វគ្គដ៏គួរឲ្យចងចាំបំផុតមួយនៅក្នុងទំនុកតម្កើងដែលខ្ញុំស្រឡាញ់បំផុតសួរថា « តើយុវវ័យស៊ីយ៉ូនស្ទាក់ស្ទើរ ? »១ ការប្រកាសដ៏ស្មោះអស់ពីចិត្ត និងខ្ទររំពងរបស់ខ្ញុំទុកជាចម្លើយចំពោះសំណួរនោះគឺថា « ទេ ! »
ដើម្បីធ្វើឲ្យប្រាកដថា ចម្លើយនោះពិត ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការគាំទ្រដល់ជំនាន់ដែលកំពុងពេញវ័យក្នុងគ្រាដែលមានឧបសគ្គ និងការល្បួងមិនធម្មតានេះ គឺជាការទទួលខុសត្រូវដ៏សំខាន់ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យឪពុកម្ដាយ និងគណៈប៊ីស្សព ។២ ខ្ញុំសូមបង្ហាញពីសារៈសំខាន់នៃគណៈប៊ីស្សពចេញពីបទពិសោធន៍ផ្ទាល់ខ្លួនមួយ ។
ពេលខ្ញុំនៅជាឌីកុន គ្រួសារខ្ញុំបានផ្លាស់ផ្ទះថ្មីទៅវួដផ្សេង ។ ខ្ញុំទើបចាប់ផ្ដើមអនុវិទ្យាល័យ ដូច្នេះខ្ញុំក៏បានប្ដូរទៅសាលារៀនថ្មីដែរ ។ មានយុវជនដ៏អស្ចារ្យមួយក្រុមនៅក្នុងកូរ៉ុមឌីកុន ។ ឪពុកម្ដាយរបស់ពួកគេភាគច្រើនគឺជាសមាជិកសកម្ម ។ ម្ដាយខ្ញុំជាសមាជិកដែលសកម្មខ្លាំងណាស់ ឯឪពុកខ្ញុំវិញល្អគ្រប់យ៉ាង ប៉ុន្ដែមិនមែនជាសមាជិកសកម្មនោះទេ ។
ទីប្រឹក្សាទីពីរនៅក្នុងគណៈប៊ីស្សព៣បងប្រុស ឌៀន អាយរឺ គឺជាអ្នកដឹកនាំដ៏ស្មោះស្ម័គ្រម្នាក់ ។ ពេលខ្ញុំសម្របខ្លួននឹងវួដថ្មីនៅឡើយ មានគេប្រកាសពីព្រឹត្តិការណ៍ឪពុក-កូនប្រុសមួយសម្រាប់ បៀ ឡេក—ប្រហែលជា ៦៥ គីឡូម៉ែត្រ ( ៤០ ម៉ែលស៍ ) ពីផ្ទះ ។ ខ្ញុំគិតថា ខ្ញុំមិនចូលរួមទេ បើគ្មានឪពុករបស់ខ្ញុំនោះ ។ ប៉ុន្ដែបងប្រុសអាយរឺ បានធ្វើការអញ្ជើញពិសេសមួយដើម្បីឲ្យខ្ញុំទៅជាមួយនឹងគាត់ ។ គាត់និយាយលើកតម្កើង និងគោរពដល់ឪពុករបស់ខ្ញុំ ហើយគូសបញ្ជាក់ពីសារៈសំខាន់នៃឱកាសរបស់ខ្ញុំដើម្បីនៅជាមួយនឹងសមាជិកកូរ៉ុមឌីកុនផ្សេងទៀត ។ ដូច្នេះ ខ្ញុំបានសម្រេចថាទៅជាមួយនឹងបងប្រុសអាយរឺ ហើយខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យមួយ ។
បងប្រុសអាយរឺ ជាគំរូដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ពេលគាត់បំពេញតួនាទីជាគណៈប៊ីស្សព ដើម្បីគាំទ្រដល់ឪពុកម្ដាយក្នុងការមើលថែ និងចិញ្ចឹមបីបាច់យុវវ័យ ។ គាត់ធ្វើឲ្យខ្ញុំចាប់ផ្ដើមយ៉ាងល្អក្នុងវួដថ្មីនេះ ហើយគាត់ជាគ្រូបង្វឹកសម្រាប់ខ្ញុំ ។
ពីរបីខែមុនពេលខ្ញុំចេញបម្រើបេសកកម្មនៅឆ្នាំ ១៩៦០ បងប្រុសអាយរឺ បានលាចាកលោកដោយសារជំងឺមហារីកនៅអាយុ ៣៩ ឆ្នាំ ។ គាត់ទៅចោលភរិយា និងកូនៗទាំងប្រាំនាក់របស់គាត់ ដែលមានអាយុក្រោម ១៦ ឆ្នាំ ។ កូនប្រុសច្បងរបស់គាត់ រីឆាត និង គ្រីស អាយរឺ បានអះអាងនឹងខ្ញុំថា ពេលឪពុករបស់គេអវត្តមាន គណៈប៊ីស្សពបានគាំទ្រ និងមើលថែពួកគេ ព្រមទាំងប្អូនប្រុសៗ និងប្អូនស្រីរបស់ពួកគេដោយក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ហើយខ្ញុំមានអំណរចំពោះការណ៍នេះ ។
ឪពុកម្តាយតែងមានទំនួលខុសត្រូវចម្បងចំពោះក្រុមគ្រួសាររបស់ពួកគេ ។៤ គណៈប្រធានកូរ៉ុមក៏ផ្ដល់ការគាំទ្រ និងការណែនាំដ៏សំខាន់ដល់សមាជិកកូរ៉ុមផងដែរ តាមរយៈការជួយពួកគេឲ្យដាក់កាតព្វកិច្ច និងអំណាចនៃបព្វជិតភាពអើរ៉ុនជាអាទិភាពដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ ។៥
ថ្ងៃនេះ គោលបំណងខ្ញុំគឺផ្ដោតលើប៊ីស្សព និងទីប្រឹក្សារបស់លោក ដែលអាចត្រូវបានហៅដោយសមរម្យថាជា « អ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ »—ដោយសង្កត់ធ្ងន់លើការធ្វើជាអ្នកគង្វាលរបស់ជំនាន់ដែលកំពុងពេញវ័យ ។៦ វាគួរឲ្យចាប់អារម្មណ៍ដែលសាវកពេត្រុសបានសំដៅលើព្រះយេស៊ូវគ្រីស្ទថាជា « អ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នា » ។៧
ប៊ីស្សពមានការទទួលខុសត្រូវសំខាន់ចំនួនប្រាំ នៅក្នុងការធ្វើជាអធិបតីលើវួដ ៖
-
ប៊ីស្សពគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ។៨
-
លោកគឺជាប្រធានបព្វជិតភាពអើរ៉ុន ។៩
-
លោកគឺជាចៅក្រមទូទៅមួយរូប ។១០
-
លោកសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើង រួមមានការថែទាំដល់បងប្អូនដែលទ័លក្រផងដែរ ។១១
-
ហើយលោកមើលខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ ព្រមទាំងការប្រើប្រាស់សាលាប្រជុំ ។១២
ក្នុងតួនាទីរបស់លោកជាសង្ឃជាន់ខ្ពស់ជាអធិបតី ប៊ីស្សពគឺជា « អ្នកដឹកនាំខាងវិញ្ញាណ » របស់វួដ ។១៣ លោកគឺជា « សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ » ។១៤
លើសពីនេះ « ប៊ីស្សពសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើងនៅក្នុងវួដ » ។១៥ ប៊ីស្សពអាចចាត់តាំងការទទួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃក្នុងការចែកចាយដំណឹងល្អ ការពង្រឹងដល់សមាជិកថ្មី និងសមាជិកត្រឡប់មកសកម្មវិញ ការងារបម្រើ និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ទៅឲ្យគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ។១៦ ប៊ីស្សពសម្របសម្រួលកិច្ចការនេះនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ។
ប៊ីស្សពមានតួនាទីដ៏សែនសំខាន់មួយក្នុងការបម្រើជាអ្នកគង្វាល ដើម្បីដឹកនាំជំនាន់ដែលកំពុងពេញវ័យ រួមមានយុវមជ្ឈិមវ័យនៅលីវជាដើម ឲ្យទៅរកព្រះយេស៊ូវគ្រីស្ទ ។១៧ ប្រធាន រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់លើតួនាទីដ៏សែនសំខាន់នេះរបស់ប៊ីស្សព និងទីប្រឹក្សារបស់លោក ។ លោកបានបង្រៀនថា « ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់គាត់គឺ ដើម្បីមើលថែយុវជន និងយុវនារីនៅក្នុងវួដរបស់ [ ពួកគាត់ ] » ។១៨ គណៈប៊ីស្សពគាំទ្រដល់ឪពុកម្ដាយនៅក្នុងការមើលថែ និងចិញ្ចឹមបីបាច់កូនៗ និងយុវវ័យនៅក្នុងវួដ ។ ប៊ីស្សព និងប្រធានយុវនារីវួដប្រឹក្សាជាមួយគ្នា ។ ពួកគាត់ព្យាយាមជួយយុវវ័យឲ្យរស់នៅតាមបទដ្ឋានក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជនឲ្យមានភាពស័ក្ដិសមដើម្បីទទួលពិធីបរិសុទ្ធ ហើយធ្វើ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។
បងប្អូនអាចសួរថា « ហេតុអ្វីគណៈប៊ីស្សពត្រូវបានណែនាំឲ្យចំណាយពេលជាច្រើនជាមួយនឹងយុវវ័យ ? » ព្រះអម្ចាស់បានរៀបចំសាសនាចក្ររបស់ទ្រង់ ដើម្បីសម្រេចឲ្យបានអាទិភាពសំខាន់ៗទាំងឡាយ ។ ស្របតាមការណ៍នេះ ការរៀបចំសាសនាចក្ររបស់ទ្រង់មានរចនាសម័្ពន្ធមួយ ដែលប៊ីស្សពមានការទទួលខុសត្រូវពីរ ។ លោកមានការទទួលខុសត្រូវខាងគោលលទ្ធិសម្រាប់វួដលោកទាំងមូល ប៉ុន្ដែលោកក៏មានការទទួលខុសត្រូវខាងគោលលទ្ធិជាក់លាក់សម្រាប់កូរ៉ុមសង្ឃផងដែរ ។១៩
យុវជនដែលជាសង្ឃ ហើយយុវនារីដែលមានអាយុតំណាលគ្នា ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ខ្លាំងមួយនៃជីវិត និងការអភិវឌ្ឍរបស់ពួកគេ ។ អំឡុងពេលដ៏ខ្លីនេះ ពួកគេធ្វើការសម្រេចចិត្ត ដែលមានឥទ្ធិពលយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ ។ ពួកគេកំណត់ថាតើពួកគេនឹងមានភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធ បម្រើបេសកកម្ម២០ព្យាយាមរៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនសម្រាប់កិច្ចការក្នុងជីវិតរបស់ពួកគេដែរឬអត់ ។ ការសម្រេចចិត្តទាំងនេះ តែកាលណាបានកំណត់ហើយ វានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតខាងវិញ្ញាណ និងជីវិតទូទៅ អស់មួយជីវិតរបស់ពួកគេ ។ ប៊ីស្សពទាំងឡាយ សូមដឹងថា រយៈពេលដ៏ខ្លីដែលលោកចំណាយជាមួយនឹងសង្ឃវ័យក្មេង យុវនារី ឬយុវមជ្ឈិមវ័យនេះ អាចជួយពួកគេឲ្យយល់ពីអំណាចដែលមាន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ វាអាចផ្ដល់ជាចក្ខុវិស័យមួយ ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់ពួកគេទាំងស្រុង ។
គំរូដ៏ល្អបំផុតមួយ ដែលខ្ញុំបានឃើញពីប៊ីស្សពម្នាក់ ដែលបានជួយផ្ដល់ចក្ខុវិស័យបែបនេះដល់យុវវ័យរបស់គាត់ គឺប៊ីស្សព ម៉ៅ ម៉ាហេ ។ គាត់ត្រូវបានហៅជាប៊ីស្សពដំបូងគេនៅវួដ សាន ហ្វ្រានស៊ីសកូ តុងហ្គាន ។២១ គាត់គឺជាជនអន្ដោប្រវេសន៍ពីទីក្រុងវ៉ាវ៉ាអ៊ូ ប្រទេសតុងហ្គា ។ វួដរបស់គាត់នៅជិតព្រលានយន្ដហោះ សាន ហ្វ្រានស៊ីសកូ រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងធ្វើការរបស់គាត់ ។២២
វួដនេះមានយុវវ័យជាច្រើន ដែលយុវវ័យភាគច្រើនមកពីក្រុមគ្រួសារដែលទើបធ្វើអន្ដោប្រវេសន៍មកកាន់សហរដ្ឋអាមេរិក ។ ប៊ីស្សព ម៉ាហេ មិនត្រឹមតែបង្រៀនពួកគេតាមរយៈសម្ដី និងគំរូស្ដីពីរបៀបដើម្បីធ្វើជាសិស្សដ៏សុចរិតរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្ដែគាត់ថែមទាំងជួយផ្ដល់ចក្ខុវិស័យដល់ពួកគេ អំពីអ្វីដែលពួកគេអាចប្រែក្លាយ ហើយជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ បេសកកម្ម ការអប់រំ និងការងារផងដែរ ។ គាត់បានបម្រើអស់រយៈពេលជិតប្រាំបីឆ្នាំ ហើយក្ដីស្រមៃ និងបំណងប្រាថ្នារបស់គាត់សម្រាប់យុវវ័យបានក្លាយជាការពិត ។
សឹងតែ ៩០ ភាគរយនៃយុវជនក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុនបានបម្រើបេសកកម្ម ។ មានយុវជន និងយុវនារីចំនួន ដប់ប្រាំនាក់ជាសមាជិកដំបូងគេក្នុងក្រុមគ្រួសាររបស់ពួកគេ ដែលបានចូលរៀននៅមហាវិទ្យាល័យ ។២៣ គាត់បានទៅជួបនាយកវិទ្យាល័យក្នុងមូលដ្ឋាន ( មិនមែនជាសមាជិកយើងទេ ) ហើយពួកគេបានចងមិត្តភាពនឹងគ្នា ហើយបានសហការគ្នាលើរបៀបដើម្បីជួយយុវវ័យម្នាក់ៗ ឲ្យសម្រេចបានគោលដៅដ៏សំខាន់ និងយកឈ្នះលើបញ្ហានានា ។ នាយកសាលានោះបានប្រាប់ខ្ញុំថា ប៊ីស្សពម៉ាហេ បានជួយគាត់ឲ្យធ្វើការជាមួយនឹងជនអន្ដោប្រវេសន៍មកពីគ្រប់សេចក្ដីជំនឿ ដែលកំពុងជួបការលំបាក ។ យុវវ័យទាំងឡាយបានដឹងថា ប៊ីស្សពស្រឡាញ់ពួកគេ ។
ជាអកុសល ប៊ីស្សពម៉ាហេ បានលាចាកលោកទៅខណៈបម្រើជាប៊ីស្សព ។ ខ្ញុំមិនភ្លេចពីបុណ្យសពដ៏រំជួលចិត្ត និងបំផុសគំនិតរបស់គាត់ទេ ។ មានមនុស្សយ៉ាងច្រើនកុះករ ។ ក្រុមចម្រៀងមានសមាជិកវ័យក្មេងដ៏ស្មោះត្រង់ជាង ៣៥ នាក់ ដែលបានបម្រើបេសកកម្ម ឬបានចូលរៀនមហាវិទ្យាល័យ និងធ្លាប់ជាយុវវ័យអំឡុងការបម្រើរបស់គាត់ជាប៊ីស្សព ។ អ្នកឡើងនិយាយម្នាក់បានសម្ដែងការកោតសរសើរដ៏ជ្រាលជ្រៅពីសំណាក់យុវវ័យ និងយុវមជ្ឈិមវ័យនៅក្នុងវួដរបស់គាត់ ។ គាត់បានថ្លែងអំណរគុណដល់ប៊ីស្សពម៉ាហេ សម្រាប់ចក្ខុវិស័យដែលប៊ីស្សពបានផ្ដល់ដល់ពួកគេ ដើម្បីរៀបចំខ្លួនសម្រាប់ជីវិត និងការបម្រើដ៏សុចរិត ។ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះគឺ ប៊ីស្សពម៉ាហេបានជួយពួកគេឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាគ្រឹះនៃជីវិតរបស់ពួកគេ ។
ឥឡូវនេះ ប៊ីស្សពទាំងឡាយអើយ មិនថាបងប្អូនបម្រើនៅទីណាទេ នៅក្នុងការសម្ភាសន៍ និងការប្រាស្រ័យទាក់ទងផ្សេងទៀតរបស់បងប្អូន បងប្អូនអាចផ្ដល់ចក្ខុវិស័យបែបនោះបាន ហើយស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចធ្វើការអញ្ជើញដ៏មានអានុភាពដើម្បីផ្លាស់ប្ដូរអាកប្បកិរិយា រៀបចំពួកគេសម្រាប់ជីវិត ហើយបំផុសគំនិតពួកគេឲ្យបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ។
លើសពីនេះ បងប្អូនអាចជួយដល់យុវវ័យមួយចំនួនដែលមានជម្លោះជាមួយនឹងឪពុកម្ដាយគេ អំពីរឿងដែលមិនសូវសំខាន់នានា ។២៤ នៅគ្រាខ្លះ ពេលដែលយុវវ័យហាក់មានជម្លោះខ្លាំងជាមួយនឹងឪពុកម្ដាយរបស់ពួកគេ នោះបុគ្គលដែលជាអធិបតីលើកូរ៉ុមរបស់ពួកគេ ហើយពួកគេឆ្លើយតបក្នុងសាសនាចក្រនោះ គឺជាបុគ្គលដែលឪពុកម្ដាយរបស់ពួកគេទៅជួបសម្ភាសន៍យកប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ស្ថានភាពនេះធ្វើឲ្យប៊ីស្សពមានតួនាទីដ៏ពិសេសមួយដើម្បីផ្ដល់ការប្រឹក្សាដល់យុវវ័យផង និងឪពុកម្ដាយរបស់ពួកគេផង ពេលដែលការទាស់ទែងគ្នាធ្វើឲ្យមានការបែកបាក់គ្នា ។ ប៊ីស្សពអាចជួយភាគីទាំងពីរឲ្យមើលឃើញអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ ហើយដោះស្រាយបញ្ហាដែលសំខាន់ ឬមិនសំខាន់ទាំងឡាយ ។ យើងផ្ដល់អនុសាសន៍ថា ប៊ីស្សពមិនគួរចាត់តាំងការងារបម្រើឲ្យក្រុមគ្រួសារនេះឡើយ ព្រោះពួកគេអាចត្រូវផ្ដោតពេលវេលា និងកម្លាំងខ្លួនផ្ដល់ការងារបម្រើដល់យុវវ័យ និងក្រុមគ្រួសាររបស់ពួកគេក្នុងស្ថានភាពបែបនេះ ។២៥
ខ្ញុំស្គាល់ប៊ីស្សពម្នាក់ ដែលបានដោះស្រាយការទាស់ទែងដ៏ធំមួយរវាងកូនប្រុស និងឪពុកម្ដាយរបស់គាត់ ហើយនាំមកនូវភាពសុខដុមដល់គេហដ្ឋាន និងពង្រឹងការប្ដេជ្ញាចិត្តចំពោះដំណឹងល្អ ។ ប៊ីស្សពនេះបានជួយឪពុកម្ដាយឲ្យយល់ថា ការព្យាយាមធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទគឺសំខាន់ជាង ការណ៍ដែលកិច្ចការក្នុងផ្ទះត្រូវធ្វើហើយតាមរបៀបណាមួយ និងពេលណា ។
ដើម្បីចំណាយពេលបន្ថែមទៀតជាមួយយុវវ័យ មិនថាពួកគេនៅទីណានោះទេ មិនថានៅព្រឹត្តិការណ៍ក្នុងសាលា ឬសកម្មភាពនានាឡើយ គណៈប៊ីស្សពត្រូវបានប្រឹក្សាឲ្យចាត់តាំងអ្នកផ្សេងសម្រាប់ការប្រជុំ និងម៉ោងប្រឹក្សាណាមួយជាមួយនឹងមជ្ឈិមវ័យ ។ ខណៈប៊ីស្សពអាចប្រឹក្សាពីបញ្ហាសំខាន់ និងបន្ទាន់នានា នោះយើងផ្ដល់អនុសាសន៍ថា ការចាត់តាំងអ្នកផ្សេងឲ្យធ្វើការប្រឹក្សាបន្ដអំពីបញ្ហាធ្ងន់ធ្ងរ តែមិនសូវបន្ទាន់ ដែលមិនពាក់ព័ន្ធនឹងការកាត់សេចក្ដីពីភាពស័ក្ដិសម ឲ្យប្រគល់ទៅសមាជិកកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះ—ជាធម្មតាគណៈប្រធាន ឬបងប្អូនប្រុសស្រីផ្ដល់ការងារបម្រើ ។ ព្រះវិញ្ញាណនឹងណែនាំដល់ថ្នាក់ដឹកនាំ២៦ឲ្យជ្រើសរើសសមាជិកត្រឹមត្រូវដើម្បីផ្ដល់ការប្រឹក្សានេះ ។ អស់អ្នកដែលទទួលការចាត់តាំងឲ្យផ្ដល់ការប្រឹក្សាជំនួសនេះ នឹងទទួលបានវិវរណៈ ។ ប្រាកដណាស់ ពួកគេត្រូវតែរក្សាការសម្ងាត់ឲ្យបានតឹងរឹងជានិច្ច ។
ថ្នាក់ដឹកនាំដែលគិតគូរវែងឆ្ងាយ តែងលះបង់សម្រាប់ជំនាន់ដែលកំពុងពេញវ័យជានិច្ច ។ នេះគឺជាផ្នែកដែលសមាជិកគណៈប៊ីស្សពត្រូវចំណាយពេលភាគច្រើនរបស់ពួកលោកក្នុងការបម្រើដល់សាសនាចក្រ ។
ឥឡូវនេះ ខ្ញុំចង់និយាយពីរឿងពីរបីទៅកាន់យុវវ័យដោយផ្ទាល់ រួចហើយទៅកាន់ប៊ីស្សពរបស់យើង ។
ក្មួយជាច្រើន ដែលជាយុវវ័យដ៏មានតម្លៃ អាចមិនទាន់មានចក្ខុវិស័យច្បាស់លាស់ថា ក្មួយជានរណា ហើយតើក្មួយៗអាចក្លាយជានរណានោះទេ ។ ប៉ុន្ដែក្នុងពេលបន្ដិចទៀត ក្មួយនឹងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ៗជាច្រើនក្នុងជីវិត ។ សូមប្រឹក្សាជាមួយឪពុកម្ដាយរបស់ក្មួយផង និងជាមួយប៊ីស្សពក្មួយផង អំពីជម្រើសដ៏សំខាន់ដែលនៅខាងមុខក្មួយ ។ សូមអនុញ្ញាតឲ្យប៊ីស្សពធ្វើជាមិត្ត និងទីប្រឹក្សារបស់ក្មួយ ។
យើងដឹងថា ក្មួយមានឧបសគ្គ និងការល្បួងនានាដែលកើតឡើងចំពោះក្មួយៗពីគ្រប់ទិសទី ។ យើងទាំងអស់គ្នាត្រូវប្រែចិត្តរាល់ថ្ងៃ ដូចប្រធានណិលសុនបានបង្រៀនដូច្នោះដែរ ។ សូមនិយាយជាមួយនឹងប៊ីស្សពរបស់ក្មួយអំពីបញ្ហាណាមួយ ដែលចៅក្រមទូទៅម្នាក់អាចជួយក្មួយឲ្យរៀបចំជីវិតតាមរបៀបរៀបរយរបស់ព្រះអម្ចាស់ ដើម្បីត្រៀមខ្លួនសម្រាប់ « កិច្ចការដ៏ធំ » ដែលទ្រង់មានសម្រាប់ក្មួយនៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។២៧ ដូចប្រធានណិលសុនបានអញ្ជើញក្មួយ សូមក្មួយៗធ្វើខ្លួនឲ្យស័ក្ដិសមជាផ្នែកមួយនៃកងពលយុវវ័យរបស់ព្រះអម្ចាស់ !២៨
ឥឡូវនេះ ខ្ញុំសូមថ្លែងទៅកាន់បងប្អូន ដែលជាប៊ីស្សពដ៏មានតម្លៃ ជំនួសឲ្យថ្នាក់ដឹកនាំ និងសមាជិកក្នុងសាសនាចក្រនេះ ។ យើងសូមបង្ហាញការដឹងគុណដ៏ជ្រាលជ្រៅចំពោះបងប្អូន ។ ដោយមានការកែតម្រូវដែលបងប្អូនត្រូវបានស្នើសុំឲ្យធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៊ីស្សពជាទីស្រឡាញ់អើយ សូមដឹងថា យើងស្រឡាញ់ និងកោតសរសើរបងប្អូនយ៉ាងខ្លាំង ។ ការរួមចំណែករបស់បងប្អូនក្នុងនគរនេះ សឹងមិនអាចពិពណ៌នាឲ្យអស់បានទេ ។ សាសនាចក្រមានប៊ីស្សព និងប្រធានសាខាចំនួន ៣០,៩០០ នាក់ដែលកំពុងបម្រើនៅទូទាំងពិភពលោក ។២៩ យើងគោរពដល់បងប្អូនម្នាក់ៗ ។
ពាក្យថាប៊ីស្សព និងការហៅដ៏ពិសិដ្ឋនេះ មានអត្ថន័យពេញដោយសារៈសំខាន់ខាងវិញ្ញាណ និងពិសេសខ្លាំង ។ ការហៅរបស់ ប៊ីស្សពគឺពិតជាមានសារៈសំខាន់ និងពិសេសបែបនោះ ។ ការបម្រើដល់ព្រះអម្ចាស់នៅក្នុងតំណែងនេះ គឺអស្ចារ្យតាមរបៀបជាច្រើន ។ ការហៅ ការគាំទ្រ និងការញែកចេញជាប៊ីស្សព គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ។ សម្រាប់ខ្ញុំ វាគឺជាព្រឹត្តិការណ៍ដ៏ពិសេសបំផុតមួយក្នុងជីវិត ដោយសារវាធ្វើឲ្យខ្ញុំទទួលអារម្មណ៍ច្រើនបែប ហើយខុសៗគ្នាយ៉ាងខ្លាំង ។ វាគឺជាព្រឹត្តិការណ៍ដ៏មានតម្លៃយ៉ាងខ្លាំង ដូចជាការរៀបអាពាហ៍ពិពាហ៍ និងការមានកូនដែរ ហើយខ្ញុំមិនអាចសង្ខេបឲ្យអស់ន័យនោះទេ ។៣០
ប៊ីស្សពទាំងឡាយ យើងគាំទ្របងប្អូន ! ប៊ីស្សពទាំងឡាយ យើងស្រឡាញ់បងប្អូន ! បងប្អូនគឺជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់យ៉ាងពិតប្រាកដ ។ ព្រះអង្គសង្គ្រោះនឹងមិនបោះបង់បងប្អូននៅក្នុងការហៅដ៏ពិសិដ្ឋទាំងនេះឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះនៅចុងសប្ដាហ៍បុណ្យអ៊ីស្ទើរនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕