សន្និសីទទូទៅ
ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


16:22

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

វា​ស្ថិត​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នេះហើយ ដែល​យើង​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​នឹង​បន្ដ​ក្រោយពី​សេចក្ដីស្លាប់ និង​រហូត​ដល់​ភាព​អស់កល្ប​ជានិច្ច ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​បងប្អូន​ក្នុង​សម័យប្រជុំទីមួយ​នៃ​សន្និសីទ​ទូទៅ​នេះ ។ អ្នកឡើងនិយាយ​ទាំងឡាយ តន្ត្រី និង​ការ​អធិស្ឋាន​បាន​យាងអញ្ជើញ​ព្រះវិញ្ញាណ—ក៏​ដូចជា​អារម្មណ៍​នៃ​ពន្លឺ និង​សេចក្ដីសង្ឃឹម​ផងដែរ ។

អារម្មណ៍​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ថ្ងៃ​ដំបូង​ដែលខ្ញុំ​បាន​ដើរ​ចូល​ព្រះ​វិហារបរិសុទ្ធ​សលត៍ លេក ។ កាលខ្ញុំ​នៅ​ក្មេង ។ ឪពុក​ម្ដាយ​ខ្ញុំ​គឺ​ជា​ដៃគូ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។ នៅ​ខាងក្នុងនោះ ពួកគាត់​បាន​ឈប់​មួយ​សន្ទុះ​ដើម្បី​ទទួល​កិច្ច​ស្វាគមន៍​ពី​សំណាក់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ខ្ញុំ​បាន​ដើរ​ពីមុខ​ពួកគាត់ ទៅ​នៅ​តែ​មា្នក់ឯង​មួយ​សន្ទុះ ។

ខ្ញុំ​ទទួល​បាន​ការស្វាគមន៍​ពី​ស្រ្តី​ម្នាក់​ដែល​មាន​មាឌតូច​សក់ពណ៌-ស​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារបរិសុទ្ធ​ពណ៌-ស​យ៉ាង​ស្រស់ស្អាត ។ គាត់​បានមើល​មក​ខ្ញុំ ហើយ​ញញឹម រួច​និយាយ​យ៉ាង​ស្រទន់ថា « ស្វាគមន៍​មក​កាន់​ព្រះវិហារបរិសុទ្ធ ប្អូនប្រុស អាវរីង » ។ ខ្ញុំ​បាន​គិត​មួយ​សន្ទុះ​ថា គាត់​គឺ​ជា​ទេវតា ដោយសារគាត់​ស្គាល់​ឈ្មោះ​ខ្ញុំ ។ ខ្ញុំ​ពុំ​បានដឹង​ថា​ឈ្មោះ​ខ្ញុំ​បាន​សរសេរ​នៅ​លើ​កាតតូច​មួយ បិទជាប់​នៅ​លើ​អាវធំ​ខ្ញុំ​នោះ​ទេ ។

ខ្ញុំ​ដើរ​ទៅ​ហួស​គាត់ ហើយ​ក៏​ឈប់ ។ ខ្ញុំ​ងើយ​មើល​ពិដាន​ពណ៌-ស​ដ៏​ខ្ពស់​ដែល​ធ្វើ​ឲ្យ​បន្ទប់​មានពន្លឺ​ភ្លឺ ហាក់​ដូច​ជា​បើកចំហ​ទៅលើ​មេឃ​ដូច្នោះដែរ ។ នៅ​គ្រានោះហើយ ដែល​គំនិត​មួយ​ផុសឡើង​ក្នុង​ចិត្ត​ខ្ញុំ​ជា​ពាក្យសម្តី​ច្បាស់ៗ​ទាំងនេះ​ថា « ខ្ញុំ​បាន​នៅ​កន្លែង​ដែល​មានពន្លឺ​ភ្លឺ​ដូចនេះ​ពី​មុន​មក » ។ ប៉ុន្តែ​រំពេច​នោះ​ក៏​មាន​ពាក្យ​ទាំង​នេះ​ផុស​ក្នុង​គំនិត​ខ្ញុំ​ដែល​ពុំ​មែន​ជា​ពាក្យសម្តី​ខ្ញុំ​ទេ ថា « អត់ទេ កូន​ពុំ​ធ្លាប់​មក​ទីនេះ​ពី​មុន​មក​ទេ ។ កូន​កំពុង​ចាំ​ដល់​គ្រា​មួយ​ពីមុន​កូន​កើត​មក ។ កូន​ធ្លាប់​នៅ​ទី​ដ៏​ពិសិដ្ឋ​មួយ​ដូច​នេះ​ដែរ » ។

នៅ​ខាង​ក្រៅ​ព្រះវិហារបរិសុទ្ធ​យើង​តាំង​ពាក្យ​ថា « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ។ ខ្ញុំ​ដឹង​សម្រាប់​ខ្លួន​ខ្ញុំ​ថា ពាក្យ​ទាំងនោះ​គឺពិត​មែន ។ ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទីបរិសុទ្ធ ដែល វិវរណៈបាន​ប្រទាន​ដល់​យើង​យ៉ាង​ងាយ ប្រសិនបើ​ដួងចិត្ត​របស់​យើង​បើក​ទទួល​យក ហើយ​យើង​មានភាព​ស័ក្ដិសម​ដើម្បី​ចូលព្រះវិហារ​បរិសុទ្ធ​នោះ ។

ក្រោយមក​នៅថ្ងៃដំបូង​នោះ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ដដែល​នោះ​ម្ដងទៀត ។ ពិធី​ក្នុង​ព្រះវិហារបរិសុទ្ធ រួមមាន​នូវ​ពាក្យ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ដួងចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ឆេះឆួល ដោយ​បញ្ជាក់ថា អ្វី​ដែល​បាន​បង្ហាញ​គឺជា​ការ​ពិត ។ អ្វី​ដែល​ខ្ញុំ​ទទួល​អារម្មណ៍នោះ គឺ​ស្តីពី​អនាគត​របស់​ខ្ញុំ​ផ្ទាល់ ហើយ​វា​បានក្លាយជា​ការពិត​ក្នុង​រយៈពេល ៤០ ឆ្នាំ​ក្រោយមក តាមរយៈ​ការ​ហៅ​បម្រើ​មួយ​មកពី​ព្រះអម្ចាស់ ។

ខ្ញុំ​មាន​បទពិសោធន៍​នូវ​អារម្មណ៍​ដដែល​នោះ នៅពេល​ខ្ញុំ​រៀបការ​នៅក្នុង​ព្រះវិហារបរិសុទ្ធ លូហ្គែន រដ្ឋ យូថាហ៍ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ធ្វើ​ពិធីផ្សារភ្ជាប់​ឲ្យ ។ លោក​បាន​ថ្លែង​ពាក្យ​ពីរបីម៉ាត់​ដែល​ជា​ដំបូន្មាន​នេះថា « ហល និង ខាធី សូម​រស់នៅ​ដើម្បី​ឲ្យ​ពេល​ដែល​ការហៅ​មកដល់ នោះ​អ្នក​អាច​ដើរ​ចេញ​ដោយ​ងាយ » ។

នៅ​ពេល​លោក​មាន​ប្រសាសន៍​ពាក្យ​ទាំងនោះ ខ្ញុំ​បាន​ឃើញ​យ៉ាង​ច្បាស់​ក្នុង​គំនិត​ខ្ញុំ នូវ​រូបភាព​ទាំងស្រុង កូនភ្នំ​ដ៏​ចោត និង​ផ្លូវ​មួយ​នាំ​ទៅ​ដល់​កំពូល ។ របង​ពណ៌-ស​រត់ទៅ​ខាង​ឆ្វេងផ្លូវ ហើយបាន​បាត់រូបរាង​ទៅជា​ជួរ​ដើម​ឈើ​នៅ​លើ​កំពូល​ភ្នំ​មួយ ។ ផ្ទះ​ពណ៌-ស​មួយ​នៅ​កណ្តាលព្រៃ​ដែល​ស្ទើរ​មើល​មិន​ឃើញ​ឡើយ ។

មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​កូនភ្នំ​នោះ​ម្តងទៀត កាល​ឪពុក​ក្មេក​ខ្ញុំ​បាន​បើកឡាន​ជូន​យើង​ទៅ​តាមផ្លូវ​នោះ ។ វា​គឺជា​រូបភាព​លម្អិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​មើលឃើញ នៅពេល​ប្រធាន ឃឹមបឹល ផ្ដល់​ដំបូន្មាន​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នោះ ។

នៅពេល​យើង​ទៅ​ដល់​កំពូលភ្នំ ឪពុក​ក្មេក​ខ្ញុំ​បាន​ឈប់ឡាន​នៅជិត​នឹង​ផ្ទះ​ពណ៌-ស​នោះ ។ គាត់​ប្រាប់​ពួកយើង​ថា គាត់ និង​ម្តាយក្មេក​ខ្ញុំ​បានទិញ​ផ្ទះនេះ ហើយ​ថា​គាត់​ចង់​ឲ្យ​ភរិយាខ្ញុំ និង​ខ្ញុំ រស់នៅ​ក្នុង​ផ្ទះ​នេះ ។ ហើយ​ពួកគាត់​រស់នៅ​ក្នុង​ផ្ទះ​ធំ នៅ​ចម្ងាយ​តែ​ប៉ុន្មាន ម៉ែត​ប៉ុណ្ណោះ។ ដូច្នេះ អំឡុង​ពេល ១០ ឆ្នាំ ដែល​យើង​រស់នៅ​ក្នុង​ផ្ទះគ្រួសារ​ដែល​គួរឲ្យ​ស្រឡាញ់នោះ ភរិយាខ្ញុំ និង​ខ្ញុំ​និយាយ​ស្ទើរ​រាល់ថ្ងៃថា « យើង​គួរតែ​រីករាយ​នឹង​ការរស់​នៅ​ទីនេះ ពីព្រោះ​យើងនឹង​ពុំ​អាច​រស់នៅ​ទីនេះ​យូរ​បាន​ឡើយ » ។

មាន​ការ​ហៅ​មួយ​មកពី​អ្នកតំណាង​ការអប់រំ​របស់​សាសនាចក្រ គឺ​អែលឌើរ​នែល អេ ម៉ាក់ស្វែល ។ ការព្រមាន​ដែលត្រូវ​បានផ្ដល់​ឲ្យ​ដោយ​ប្រធាន ឃឹមបឹល ឲ្យ​អាច « ដើរ​ចេញ​ដោយ​ងាយ » បាន​ក្លាយជា​ការ​ពិត ។ វា​គឺជា​ការ​ហៅ​មួយ​ឲ្យ​ចាកចេញ​ពី​អ្វី​ដែល​ជា​ស្ថានភាព​ពិសេស​គ្រួសារ ដើម្បី​ទៅ​បម្រើ​ការងារ​មួយ​នៅកន្លែង​ដែល​ខ្ញុំ​ពុំ​បាន​ស្គាល់​អ្វី​សោះឡើយ ។ គ្រួសារ​របស់​យើង ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​ពេលវេលា​និង​កន្លែង​ដ៏​មាន​ពរ​នោះ ដោយសារ​តែ​ព្យាការី បាន​មើល​ឃើញ​ពី​ព្រឹត្តការណ៍​នា​ពេល​អនាគត​ដែល​យើង​ត្រូវ​បានរៀបចំ​ទុក នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ជា​ទី​នៃ​វិវរណៈ​នោះ ។

ខ្ញុំ​ដឹង​ថា ព្រះវិហារបរិសុទ្ធ​ទាំងឡាយ​របស់​ព្រះអម្ចាស់ គឺជា​ទី​ដ៏បរិសុទ្ធ ។ គោលបំណង​របស់ខ្ញុំ​និយាយ​អំពី​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​បងប្អូន និង​ខ្ញុំ ឲ្យ​មានភាព​ស័ក្ដិសម ហើយ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បង្កើន​ឱកាស​ដើម្បី​ទទួល​បទពិសោធន៍​នៃ​ព្រះវិហារបរិសុទ្ធ​ដែល​នឹង​មាន​សម្រាប់​យើង ។

ចំពោះ​ខ្ញុំ ការ​លើកទឹកចិត្ត​ធំបំផុត​ដើម្បី​មានភាព​ស័ក្ដិសម​នឹង​ទទួល​បទពិសោធន៍​ក្នុង​ព្រះវិហារបរិសុទ្ធ គឺ​ជាអ្វី​ដែល​ព្រះអម្ចាស់ បាន​មានបន្ទូល​អំពី​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ៖

« ហើយ​ដរាបណា ប្រជារាស្ដ្រ​របស់​យើង​កសាង​ដំណាក់​មួយ​ដល់​យើង ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ហើយ​មិន​ទ្រាំ​ឲ្យ​របស់​មិនស្អាត​ចូល​មក​ក្នុង​ទីនោះ​ឡើយ ដើម្បី​កុំ​ឲ្យ​ដំណាក់​ស្មោកគ្រោក នោះ​សិរីល្អ​របស់​យើង​នឹង​សណ្ឋិត​មក​លើ​ដំណាក់​នោះ

« មែនហើយ វត្តមាន​របស់​យើង​នឹង​នៅ​ទីនោះ ព្រោះ​យើង​នឹង​ចូល​មក​ទីនោះ ហើយ​គ្រប់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដែល​នឹង​ចូល​មក​ទីនោះ នោះ​នឹង​បាន​ឃើញ​ព្រះ ។

« ប៉ុន្ដែ​បើសិនជា​ដំណាក់​នោះ​ស្មោកគ្រោក នោះ​យើង​នឹង​មិន​ចូល​មក​ទីនោះ​ទេ ហើយ​សិរីល្អ​របស់​យើង​ក៏​នឹង​មិន​នៅ​ទីនោះ​ដែរ ព្រោះ​យើង​នឹង​មិន​ចូល​ក្នុង​ព្រះវិហារ​ទាំងឡាយ​ណា​ដែល​មិន​បរិសុទ្ធ​ឡើយ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រាប់​យ៉ាង​ច្បាស់ថា យើង​អាច « មើល​ឃើញ » ព្រះអង្គសង្គ្រោះ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ន័យថា យើង​ស្គាល់​ទ្រង់ ។ ប្រធាន ណិលសុន បានមានប្រសាសន៍​ដូចនេះ​ថា « យើង​យល់​ដឹង​អំពី​ទ្រង់ ។ យើង​យល់​អំពី​ជា​កិច្ចការ​របស់​ទ្រង់ និង​សិរី​ល្អ​របស់​ទ្រង់ ។ ហើយ​យើង​ចាប់​ផ្ដើម​ទទួល​អារម្មណ៍​ឥទ្ធិពល​ជានិរន្ដរ​អំពី​ជីវិត​ដែល​គ្មាន​ប្រៀបផ្ទឹម​របស់ទ្រង់ » ។

បើ​បងប្អូន ឬ​ខ្ញុំ​ទៅ​ព្រះវិហារបរិសុទ្ធ​ដោយ​ពុំ​មាន​ភាពបរិសុទ្ធ​គ្រប់គ្រាន់ នោះ​យើង​នឹង​មិន​អាច​មើលឃើញ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នូវ​ការបង្រៀន​ខាង​វិញ្ញាណ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឡើយ ។

នៅពេល​យើង​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​ការ​បង្រៀន​បែបនោះ ទីនោះហើយ​ដែល​យើង​អាច​រីកចម្រើន​តាមរយៈ​បទពិសោធន៍​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​យើង នូវ​សេចក្ដី​សង្ឃឹម អំណរ និង​សុទិដ្ឋិនិយម​អស់​មួយ ជីវិត​របស់​យើង ។ សេចក្តី​សង្ឃឹម អំណរ និង​សុទិដ្ឋិនិយម គឺ​មាន​តែ​តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នានា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​បរិសុទ្ធ​ប៉ុណ្ណោះ ។ វា​ស្ថិត​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នេះហើយ ដែល​យើង​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​នឹង​បន្ដ​ក្រោយពី​សេចក្ដីស្លាប់ និង​រហូត​ដល់​ភាព​អស់កល្ប​ជានិច្ច ។

ជា​ច្រើនឆ្នាំ​កន្លងទៅ ខណៈ​ដែល​ខ្ញុំ​កំពុង​បម្រើ​ជា​ប៊ីស្សព មាន​យុវជន សង្ហា​ម្នាក់​បដិសេធ​នឹង​ការ​អញ្ជើញ​របស់ខ្ញុំ​ដើម្បី​មាន​ភាព​ស័ក្ដិសម​រស់នៅ​ជាមួយ​ព្រះ​ជា​គ្រួសារ​អស់កល្បជានិច្ច ។ តាម​របៀប​ប្រកប​ដោយ​ភាពឈ្លាសវៃ គាត់​បាន​ប្រាប់​ខ្ញុំអំពី​ពេល​ដ៏ល្អ​ដែល​គាត់​មាន​ជាមួយ​នឹង​មិត្តភក្ដិ​របស់គាត់ ។ ខ្ញុំ​ទុក​ឲ្យ​គាត់និយាយ ។ បន្ទាប់មក​គាត់​បាន​ប្រាប់​ខ្ញុំអំពី​គ្រាមួយ​នៅក្នុង​ពិធី​ជប់លៀង​មួយ​ដែល​គាត់​ចូលរួម កាល​ដែល​កំពុង​មាន​សំឡេង​អ៊ូអរ ភ្លាមៗនោះ​គាត់​បែរ​ជា​មាន​អារម្មណ៍​ឯកោ​ទៅវិញ ។ ខ្ញុំ​បាន​សួរ​គាត់ថាតើ​មាន​រឿង​អ្វីកើតឡើង ។ គាត់​បាន​និយាយ​ថា គាត់​បាន​នឹកឃើញ​ដល់​គ្រា​មួយ​កាល​ពី​គាត់​នៅ​តូច គាត់​អង្គុយ​លើភ្លៅ​របស់​ម្តាយគាត់ ហើយ​ម្តាយគាត់​បាន​ឱបគាត់ ។ ខណៈ​ពេល​ដែល​គាត់​និយាយ​រឿង​នោះ គាត់​បាន​សម្រក់​ទឹកភ្នែក​មួយ​សន្ទុះ ។ ខ្ញុំ​បាន​និយាយ​ទៅ​គាត់​អំពីអ្វី​ដែល​ខ្ញុំដឹង​ថា​ជាការពិត​ថា « មាន​របៀប​តែមួយគត់​ដែល​ប្អូន​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ក្នុង​គ្រួសារ​នោះ​ជារៀងរហូត គឺ​ប្អូន​ត្រូវមានភាព​ស័ក្ដិសម ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ » ។

ខ្ញុំ​ពុំ​ដឹង​សេចក្ដី​លម្អិត​អំពី​ទំនាក់ទំនង​គ្រួសារ​នៅក្នុង​ពិភពវិញ្ញាណ ឬ​អ្វី​ដែល​នឹង​កើតមាន បន្ទាប់ពី​យើង​រស់ឡើងវិញ​នោះ​ទេ ។ ប៉ុន្តែ​យើង​បានដឹង​ថា ព្យាការី អេលីយ៉ា បាន​យាងមក​ជា​សេចក្តី​សន្យា​ដើម្បី​បង្វែរចិត្ត​ឪពុកមក​ឯ​កូន ហើយ​ចិត្ត​កូន​មកឯ​ឪពុកវិញ ។ ហើយ​យើង​ដឹង​ថា សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​អាស្រ័យ​ទៅលើ​ការ​ខិតខំ​ដ៏​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ផ្ដល់​សុភមង្គល​ដ៏​នៅ​ជានិរន្ដរ​ដូចគ្នា​នេះ​ចំពោះ​សាច់ញាតិ​ជាច្រើន​របស់​យើង​តាម​ដែល​យើង​អាច​ធ្វើ​ទៅបាន ។

ខ្ញុំ​មាន​បំណងប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការ​អញ្ជើញ​សមាជិក​គ្រួសារ ឲ្យ​មាន​បំណងប្រាថ្នា​ដើម្បី​មានភាព​ស័ក្តិសម​ទទួល និង​គោរព​តាម​ពិធីបរិសុទ្ធ​ដែល​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារបរិសុទ្ធ​ដូចគ្នា ។ នោះ​គឺជា​ចំណែក​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែលបាន​សន្យា​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នៅទាំង​សងខាង​នៃ​វាំងនន ។

ឱកាស​មួយ​ដ៏​អស្ចារ្យ​បំផុត​របស់យើង គឺ​នៅពេល​សមាជិក​គ្រួសារ​យើង​នៅ​តូចៗ​នៅឡើយ ។ ពួកគេ​បាន​កើត​មក​ដោយ​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ជា​អំណោយទាន ។ វា​អាច​ធ្វើ​ឲ្យ​ពួកគេ​ដឹង​នូវ​អ្វី​ល្អ និង​អ្វី​អាក្រក់ ។ ដោយ​មូលហេតុ​នោះហើយ ទោះជា​ការមើល​ព្រះវិហារ​បរិសុទ្ធ ឬ​រូបភាព​ព្រះវិហារបរិសុទ្ធ​ក្តី ក៏​អាច​បណ្ដុះនៅ​ក្នុង​ខ្លួន​កូន​នូវ​បំណង​ប្រាថ្នា​ដើម្បី​មាន​ឯកសិទ្ធិ​ចូល​ទៅខាងក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃ​ណាមួយ​ដែរ ។

ថ្ងៃនោះ​អាច​មកដល់ កាល​ក្នុង​វ័យ​យុវវ័យ ពួកគេ​ទទួល​បានប័ណ្ណចូល​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ជំនួស​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នោះ ។ តាមរយៈ​បទពិសោធន៍​នោះ អារម្មណ៍​របស់ពួកគេ​អាច​រីកចម្រើន​ថា ពិធីបរិសុទ្ធ​នានា​ក្នុង​ព្រះវិហារបរិសុទ្ធ​តែងតែ​បញ្ជាក់​ពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់​ជានិច្ច ។ នៅពេល​ពួកគេ​មានអារម្មណ៍​ថា​ពួកគេ​កំពុងជួយ​មនុស្ស​ម្នាក់​នៅក្នុង​ពិភពវិញ្ញាណ​ឲ្យ​មាន​ឱកាស​បាន​ជ្រះស្អាត​ពី​អំពើបាប នោះ​អារម្មណ៍​នៃ​ការ​ជួយ​ដល់​ព្រះអង្គសង្គ្រោះ​នៅក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​ដែល​ផ្ដល់ពរជ័យ​ដល់​បុត្រ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​នឹង​រីកចម្រើន​ឡើង ។

ខ្ញុំ​បាន​មើល​ឃើញ​អានុភាព​នៃ​បទពិសោធន៍​នោះ​បានផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​វ័យ​ក្មេង​ម្នាក់ ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​នា​ល្ងាច​មួយ​ជាមួយ​នឹង​កូនស្រី​ខ្ញុំ ។ នាង​គឺជា​មនុស្ស​ចុង​ក្រោយ​គេ​ដើម្បី​បម្រើ​ជា​អ្នកជំនួស​នៅ​ឯ​កន្លែង​ធ្វើ​ពិធី​បុណ្យជ្រមុជ​ទឹក ។ ពួកគេ​បាន​សូម​ឲ្យ​កូនស្រី​ខ្ញុំ​បន្ត​នៅ​បន្តិចទៀត ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ដែល​បាន​រៀបចំទុក​នោះ​ឲ្យ​បាន​រួចរាល់ ។ នាង​បាន​ឆ្លើយ​ថា ចា៎ស​បាន ។

ខ្ញុំ​បាន​មើល​កូនស្រី​តូច​របស់​ខ្ញុំ​ពេល​បោះជំហាន​ចូល​ទៅក្នុងអាង​ជ្រមុជទឹក​នោះ ។ ពិធីបុណ្យជ្រមុជទឹក​បាន​ក៏​ចាប់ផ្ដើម​ឡើង ។ កូនស្រី​តូចរបស់​ខ្ញុំ​រាល់ពេល​នាងងើបចេញ​ពី​ទឹក​ឡើងវិញ ទឹក​ហូរ​ជោគ​ពេញ​ផ្ទៃ​មុខរបស់​នាង ។ ពួកគេ​បាន​សួរ​នាង​ដដែលៗ​ថា « តើ​ប្អូនអាច​ធ្វើ​បន្ថែមទៀត​ឬទេ ? » រាល់ពេល​នាង​ឆ្លើយថា ច៎ាស​បាន ។

ដោយ​ក្តីបារម្ភ​ក្នុងនាម​ជា​ឪពុក ខ្ញុំ​ចាប់ផ្ដើម​មានចិត្ត​ចង់​ឲ្យ​នាង​បដិសេធន៍​ឈប់​ធ្វើ​ទៀត ។ ប៉ុន្តែ​ខ្ញុំនៅតែ​ចាំ​ពី​រូបភាព​ដ៏​មុតមាំ​របស់នាង នៅពេល​គេ​សួរ​នាង​តើ​នាង​អាច​ធ្វើ​បន្ថែម​ទៀត​បានឬទេ ហើយ​នាង​បាន​ឆ្លើយ​ដោយ​អង់អាច​ថា « ចា៎ស​បាន » ។ នាង​បាន​នៅ​រហូត​ដល់​មនុស្ស​ចុង​ក្រោយ​នៅលើ​បញ្ជី​នៅថ្ងៃនោះ បាន​ទទួល​ពរជ័យ​នៃ​ពិធីបុណ្យជ្រមុជទឹក​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​ខ្ញុំ​ដើរ​ចេញពី​ព្រះវិហារបរិសុទ្ធ​ជាមួយ​នាង​នា​យប់​នោះ ខ្ញុំ​ងឿងឆ្ងល់​ចំពោះ​អ្វី​ដែលខ្ញុំបាន​មើលឃើញ ។ ក្មេង​ម្នាក់​ត្រូវ​បាន​លើក​ទឹកចិត្ត ហើយ​ផ្លាស់ប្ដូរនៅ​ចំពោះ​មុខ​ខ្ញុំ តាមរយៈ​ការ​បម្រើ​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។ ខ្ញុំ​នៅ​តែចាំ​ពី​អារម្មណ៍​នៃ​ភាព​ធូរស្រាល និង​ភាពសុខសាន្ដ នៅពេល​យើង​ដើរ​ជាមួយ​គ្នា​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នោះ ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុតទៅ ។ នាង​នៅតែ​និយាយ​ពាក្យ​ថា « ចា៎ស​បាន » ចំពោះ​សំណួរ​មកពី​ព្រះអម្ចាស់ ថា​តើ​នាង​នឹង​ធ្វើបន្ថែម​ទៀត​សម្រាប់​ទ្រង់​ឬ​ទេ នៅពេល​ដែល​វា​កំពុង​លំបាក​យ៉ាង​ខ្លាំង​នេះ ។ នោះ​គឺជា​អ្វី​ដែល​ការ​បម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ​អាច​ធ្វើ​ដើម្បី​ផ្លាស់ប្ដូរ និង​លើក​ទឹកចិត្ត​យើង ។ នោះ​ជា​ហេតុផល​នៃ​ក្ដីសង្ឃឹម​របស់​ខ្ញុំ​ចំពោះ​បងប្អូន និង​គ្រួសារ​ជាទីស្រឡាញ់​របស់​បងប្អូន​ទាំងអស់ សូម​ឲ្យ បងប្អូន​មានបំណង​ប្រាថ្នា និង​ការប្តេជ្ញាចិត្ត​កាន់តែ​ខ្លាំង​ក្នុងការ​មាន​ភាព​ស័ក្ដិសម​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​ស្ថានភាព​អំណោយ​ឲ្យ ។

ទ្រង់​សព្វ​ព្រះទ័យ​ចង់​ស្វាគមន៍​បងប្អូន​នៅទីនោះ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​នឹង​ខិតខំ​ស្ថាបនា​បំណង​ប្រាថ្នា​នេះ​នៅក្នុង​ដួងចិត្ត​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ដើម្បី​ទៅកាន់ទីនោះ ជាទី​ដែលពួកគេ​អាច​មានអារម្មណ៍​ស្និទ្ធស្នាល​នឹង​ទ្រង់ ហើយ​ថា​បងប្អូន​នឹង​អញ្ជើញ​បុព្វការីជន​របស់បងប្អូន​ឲ្យ​មាន​ភាព​ស័ក្ដិសម​ដើម្បីនៅជាមួយ​ទ្រង់ និង​ជាមួយ​បងប្អូន​អស់កល្បជានិច្ច​ផងដែរ ។

ពាក្យ​ទាំងនេះ​អាច​ជា​ពាក្យ​របស់​យើង​ផងដែរ ៖

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ទៅ​ទីនោះ​ថ្ងៃមួយ

ដើម្បី​ទទួល​ព្រះវិញ្ញាណ

ទៅ​ស្ដាប់ និង​អធិស្ឋាន ។

ដ្បិត​ទីនោះ​ជា​ព្រះ​ដំណាក់​ទ្រង់

ទី​នៃ​ក្តី​ស្រឡាញ់ និង ស្រស់​ស្អាត ។

ខ្ញុំ​នឹង​រៀប​ចំ​ខ្លួន​កាល​ខ្ញុំ​នៅ​ក្មេង

នេះ​ជា​កិច្ច​ការ​ពិសិដ្ឋ​ខ្ញុំ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់ដ៏ឧឡារិក​ថា យើង​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ទ្រង់​ជ្រើសរើស​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ មានតែ​វិធី​មួយ​គត់​ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​ទាំងទ្វេរ និង​គ្រួសារ​របស់យើងវិញ គឺ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏​បរិសុទ្ធ​ប៉ុណ្នោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ប្រធាន រ័សុល អិម ណិលសុន កាន់ និង​អនុវត្ត​កូនសោទាំងអស់​នៃ​បព្វជិតភាព ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អស់កល្បជានិច្ច​អាច​កើត​មាន​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕