ហេតុអ្វីជាផ្លូវនៃសេចក្តីសញ្ញា
ភាពខុសគ្នានៃផ្លូវសេចក្តីសញ្ញាគឺជាភាពពិសេស និងអស់កល្បជានិច្ច ។
ក្នុងការងារបម្រើរបស់លោកទាំងមូល ប្រធាន រ័សុល អិម ណិលសុន បានសិក្សា ហើយបានបង្រៀនអំពីសេចក្តីសញ្ញារបស់ព្រះជាមួយកូនចៅរបស់ទ្រង់ ។ លោកគឺជាគំរូដ៏ថ្លៃថ្លានៃបុគ្គលដែលដើរនៅលើផ្លូវនៃសេចក្តីសញ្ញានេះ ។ នៅក្នុងសារលិខិតដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្រ ប្រធាន ណិលសុន បានថ្លែងថា ៖
« ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញាទាំងនេះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង ។
« … ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាដែលបងប្អូនធ្វើនៅទីនោះ គឺជាគន្លឹះដើម្បីពង្រឹងជីវិត អាពាហ៍ពិពាហ៍ និងគ្រួសាររបស់បងប្អូន ព្រមទាំងមានលទ្ធភាពដើម្បីទប់ទល់នឹងការវាយប្រហារពីមារសត្រូវ ។ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូន នឹងប្រទានពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញា » ។១
តើអ្វីទៅជាផ្លូវនៃសេចក្តីសញ្ញា ? វាជាផ្លូវមួយដែលនាំទៅដល់នគរសេឡេស្ទាលរបស់ព្រះ ។ យើងចាប់ផ្ដើមដើរលើផ្លូវតាមច្រកទ្វារនៃពិធីបុណ្យជ្រមុជទឹក ហើយបន្ទាប់មក « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប [ បទបញ្ញត្តិធំពីរ ] … កាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។២ នៅក្នុងដំណើរលើផ្លូវនៃសេចក្ដីសញ្ញា ( ហួសពីជីវិតរមែងស្លាប់ ) យើងទទួលគ្រប់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ការប្តេជ្ញាចិត្តធ្វើតាមសេចក្តីសញ្ញាដ៏សំខាន់របស់យើងគឺដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ « ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ចំពោះអ្វីៗទាំងអស់ ដែលទ្រង់នឹងបញ្ជាដល់ពួកយើង » ។៣ ការធ្វើតាមគោលការណ៍ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ គឺជាដំណើរដ៏មានសុភមង្គល និងស្កប់ស្កល់បំផុតនៅក្នុងជីវិត ។ សម្រាប់ហេតុផលមួយ គឺមនុស្សម្នាក់ជៀសផុតពីបញ្ហាធំ និងការសោកស្តាយជាច្រើនបាន ។ ខ្ញុំសូមលើកយកឧទាហរណ៍ពីកីឡា ។ នៅក្នុងកីឡាវាយកូនបាល់ នៅត្រង់ចំណុចមួយគេហៅថា កំហុសកំសោយ ។ កំហុសកំសោយនេះ កើតឡើងនៅពេលវាយកូនបាល់ត្រូវសំណាញ់ ឬវាយខុសពីរដង ពេលកំពុងវាយបាល់ទៅគូប្រជែង ។ កំហុសកំសោយគឺ បណ្តាលមកពីកំហុសរបស់កីឡាករផ្ទាល់មិនមែនដោយសារមកពី គូប្រជែងពូកែជាងខ្លួននោះទេ ។
ជាញឹកញាប់បញ្ហា ឬការប្រឈមរបស់យើងគឺជាការធ្វើបាបខ្លួនឯង ដែលបណ្តាលមកពីការជ្រើសរើសខុស ឬយើងអាចនិយាយថាបណ្តាលមកពី « កំហុសកំសោយ » ។ នៅពេលយើងព្យាយាមដើរនៅលើផ្លូវនៃសេចក្តីសញ្ញា នោះយើងតែងតែជៀសផុតពី « កំហុសកំសោយ » ជាច្រើន ។ យើងជៀសផុតពីការញៀនគ្រប់ប្រភេទ ។ យើងមិនធ្លាក់ចូលរណ្តៅនៃការប្រព្រឹត្តមិនស្មោះត្រង់ឡើយ ។ យើងឆ្លងផុតជ្រលងនៃភាពអសីលធម៌ និងភាពមិនស្មោះត្រង់ ។ ទោះជាមនុស្ស ឬវត្ថុនោះមានប្រជាប្រិយភាពក៏ដោយ បើវាបំផ្លាញរូបកាយ ហើយវិញ្ញាណរបស់យើង គឺយើងត្រូវតែនៅឲ្យឆ្ងាយពីមនុស្ស និងវត្ថុទាំងនោះ ។ យើងជៀសវាងការជ្រើសរើសដែលធ្វើឲ្យអន្តរាយ ឬខាតប្រយោជន៍អ្នកដទៃ ហើយទទួលបានទម្លាប់នៃការលត់ដំខ្លួនឯង និងការម្រើជំនួសវិញ ។៤
មានគេជឿថា អែលឌើរ ជេ. ហ្គូលឌិន ឃឹមបឹល បានប្រសាសន៍ថា « ខ្ញុំប្រហែលជាមិនបានដើរនៅលើផ្លូវតូច និងចង្អៀត [ ជានិច្ច ] នោះទេ ប៉ុន្តែខ្ញុំ [ ព្យាយាម ] ឆ្លងកាត់ផ្លូវតូច និងចង្អៀតឲ្យបានញឹកញាប់តាមដែល [ អាច ] ធ្វើបាន » ។៥ ក្នុងគ្រាលំបាក ខ្ញុំជឿជាក់ថាបងប្រុស ឃឹមបឹល នឹងយល់ស្របថា ការបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា មិនគ្រាន់តែជាការដើរឆ្លងកាត់ផ្លូវនៃសេចក្តីសញ្ញាប៉ុណ្ណោះទេ តែផ្លូវនៃសេចក្តីសញ្ញាគឺជាក្តីសង្ឃឹមដ៏ធំបំផុតដើម្បីជៀសផុតពីទុក្ខវេទនា ដែលមិនអាចជៀសបានព្រមទាំងដោះស្រាយបញ្ហាដែល ជៀសមិនរួចនៅក្នុងជីវិតដោយជោគជ័យ ។
មនុស្សខ្លះអាចនិយាយថា « ខ្ញុំអាចជ្រើសរើសត្រឹមត្រូវបាន ទោះបើមាន ឬគ្មានពិធីបុណ្យជ្រមុជទឹកក្តី ខ្ញុំពុំចាំបាច់ត្រូវការសេចក្តីសញ្ញាដើម្បីក្លាយជាបុគ្គលគួរឲ្យគោរព និងជោគជ័យនោះទេ » ។ ជាការពិតណាស់ មានមនុស្សជាច្រើនដែលមិនបានដើរនៅលើផ្លូវនៃសេចក្តីសញ្ញា ប៉ុន្តែបានឆ្លុះបញ្ចាំងពីការជ្រើសរើស និងការចូលរួមចំណែកនៃអស់អ្នកដែលដើរនៅលើផ្លូវនោះ ។ បងប្អូនអាចនិយាយថា ពួកគេទទួលពរជ័យនៃការដើរលើផ្លូវនៃ « សេចក្តីសញ្ញាដ៏ខ្ជាប់ខ្ជួន » ។ តើអ្វីជាភាពខុសគ្នានៃផ្លូវនៃសេចក្តីសញ្ញា ?
តាមពិតទៅ ភាពខុសគ្នាគឺមានសារៈសំខាន់ពិសេស និង អស់កល្បជានិច្ច ។ ភាពខុសគ្នារួមមានទាំងលក្ខណៈនៃការគោរពប្រតិបត្តិរបស់យើង លក្ខណៈនៃការតាំងព្រះទ័យរបស់ព្រះចំពោះយើង ជំនួយដ៏ទេវភាពដែលយើងទទួល ពរជ័យដែលជាប់ទាក់ទងក្នុងនាមជារាស្រ្តនៃសេចក្ដីសញ្ញា ហើយអ្វីដែលសំខាន់បំផុតនោះគឺមរតកដ៏អស់កល្បជានិច្ចរបស់យើង ។
ការគោរពប្រតិបត្តិដោយមានការប្តេជ្ញាចិត្ត
ទីមួយគឺជាលក្ខណៈនៃការគោរពប្រតិបត្តិចំពោះព្រះ ។ យើងមិនត្រឹមតែមានបំណងនោះទេ គឺយើងតាំងចិត្តយ៉ាងខ្លាំងក្លា ដើម្បីរស់នៅតាមគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ ។ ត្រង់នេះ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រីស្ទ ដែលតាមរយៈការទទួលបុណ្យជ្រមុជទឹក « ទ្រង់បង្ហាញដល់កូនចៅមនុស្សថា ស្របតាមសាច់ឈាម ទ្រង់បន្ទាបខ្លួនចំពោះព្រះវរបិតា ហើយធ្វើបន្ទាល់ដល់ព្រះវរបិតាថា ទ្រង់នឹងគោរពព្រះអង្គ ដោយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ » ។៦
ជាមួយសេចក្ដីសញ្ញានានា យើងមានបំណងលើសពីការគ្រាន់តែជៀសផុតពីកំហុស ឬមានការប្រុងប្រយ័ត្ននៅក្នុងការសម្រេចចិត្តរបស់យើងទៅទៀត ។ យើងមានការទទួលខុសត្រូវចំពោះព្រះសម្រាប់ការជ្រើសរើស និងជីវិតរបស់យើង ។ យើងលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះគ្រីស្ទ ។ យើងផ្ដោតលើព្រះគ្រីស្ទ—មានភាពក្លាហាននៅក្នុងទីបន្ទាល់អំពីព្រះយេស៊ូវ និងអភិវឌ្ឍបុគ្គលិកលក្ខណៈនៃព្រះគ្រីស្ទ ។
ជាមួយសេចក្ដីសញ្ញានានា ការគោរពប្រតិបត្តិចំពោះគោលការណ៍ទាំងឡាយនៃដំណឹងល្អបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹងយើង ។ ខ្ញុំស្គាល់ស្វាមីភរិយាមួយគូ អំឡុងពេលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ស្ត្រីជាភរិយាមិនសកម្មនៅក្នុងសាសនាចក្រទេ ហើយស្វាមីពុំមែនជាសមាជិកសាសនាចក្រដែរ ។ ខ្ញុំនឹងហៅពួកគាត់ថា ម៉ារី និងចន មិនមែនឈ្មោះពិតរបស់ពួកគាត់ទេ ។ ពេលពួកគាត់ចាប់ផ្ដើមមានកូន នោះម៉ារីមានអារម្មណ៍ថាត្រូវចិញ្ចឹមបីបាច់ពួកគេដូចបទគម្ពីរបានចែងថា « តាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ » ។៧ ចន គាំទ្រគំនិតនោះ ។ ម៉ារី បានធ្វើការលះបង់ដ៏សំខាន់មួយចំនួនដើម្បីនៅផ្ទះបង្រៀនដំណឹងល្អជាប្រចាំ ។ នាងត្រូវប្រាកដថា គ្រួសារនេះត្រូវចាប់យកអត្ថប្រយោជន៍ពីការថ្វាយបង្គំ និងសកម្មភាពរបស់សាសនាចក្រឲ្យបានពេញលេញ ។ ម៉ារី និង ចន បានក្លាយជាឪពុកម្ដាយដ៏គំរូ ហើយកូនៗរបស់ពួកគាត់ ( ជាក្មេងប្រុសដែលរពិស ) បានរីកចម្រើនសេចក្ដីជំនឿ និងភក្ដីភាពចំពោះគោលការណ៍ និងបទដ្ឋានទាំងឡាយនៃដំណឹងល្អ ។
ឪពុកម្ដាយរបស់ ចន ជាជីដូនជីតារបស់ក្មេងប្រុសទាំងនោះ មានចិត្តរីករាយចំពោះជីវិត និងសមិទ្ធិផលដ៏ល្អរបស់ចៅប្រុសពួកគាត់ ប៉ុន្តែដោយសារតែការជំទាស់ចំពោះសាសនាចក្រ នោះពួកគាត់បានចាត់ទុកថា ភាពជោគជ័យនេះ គឺកើតឡើងដោយសារតែចន និង ម៉ារី គឺជាឪពុកម្តាយដ៏ល្អ ។ ទោះ ចន មិនមែនជាសមាជិកសាសនាចក្រក្ដី ក៏គាត់មិនអនុញ្ញាតឲ្យធ្វើការវាយតម្លៃដោយអយុត្តិធម៌ឡើយ ។ គាត់បានប្រកាសថា ពួកគាត់កំពុងមើលឃើញពីផលផ្លែនៃការបង្រៀននៃដំណឹងល្អ—អ្វីដែលកូនៗរបស់គាត់កំពុងដកពិសោធន៍នៅក្នុងព្រះវិហារក៏ដូចជាអ្វីដែលកំពុងកើតឡើងនៅក្នុងផ្ទះដែរ ។
ចន ផ្ទាល់បានទទួលឥទ្ធិពលពីព្រះវិញ្ញាណ សេចក្ដីស្រឡាញ់ និងគំរូរបស់ភរិយាគាត់ និងការជំរុញចិត្តរបស់ពួកកូនប្រុសគាត់ ។ លុះក្រោយមក គាត់បានជ្រមុជទឹក ហើយសមាជិក និងមិត្តភក្ដិក្នុងវួដ មានអំណរយ៉ាងខ្លាំង ។
ជីវិតរបស់ពួកគាត់ និងកូនៗ នៅតែជួបឧបសគ្គ តែម៉ារី និងចន បញ្ជាក់ដោយស្មោះថា សេចក្ដីសញ្ញានៃដំណឹងល្អគឺជាឫសគល់នៃពរជ័យរបស់ពួកគាត់ ។ ពួកគាត់បានមើលឃើញបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ យេរេមា បានបំពេញនៅក្នុងជីវិតកូនៗរបស់ពួកគាត់ ក៏ដូចជាក្នុងជីវិតរបស់ពួកគាត់ដែរថា « យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់យើង » ។៨
បានចងភ្ជាប់នឹងព្រះ
សំខាន់ ពិសេសទីពីរ គឺអំពីផ្លូវនៃសេចក្ដីសញ្ញាគឺទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអាទិទេព ។ សេចក្ដីសញ្ញាដែលព្រះប្រទានដល់កូនចៅទ្រង់គឺលើសពីការដឹកនាំយើងទៅទៀត ។ ពួកគេចងភ្ជាប់នឹងទ្រង់ ហើយបានចង់ភ្ជាប់នឹងទ្រង់ នោះយើងអាចយកឈ្នះគ្រប់ការណ៍ទាំងអស់ ។៩
មានម្ដងនោះ ខ្ញុំបានអានអត្ថបទមួយរបស់អ្នកសារព័ត៌មានម្នាក់ដែលសរសេរព័ត៌មានមិនត្រឹមត្រូវថា របៀបដែលយើងធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន គឺធ្វើដោយការជ្រមុជដុំមីក្រូហ្វីលចូលទៅក្នុងទឹក ។ រួចឈ្មោះទាំងឡាយដែលលេចឡើងនៅលើមីក្រូហ្វីលនោះត្រូវបានចាត់ទុកថាបានទទួលបុណ្យជ្រមុជទឹកហើយ ។ វិធីសាស្ត្រនោះនឹងមានប្រសិទ្ធភាព ប៉ុន្តែវាបដិសេធតម្លៃដ៏ថ្លៃថ្លារបស់ព្រលឹងនីមួយៗ និងសារៈសំខាន់ដ៏ចាំបាច់នៃសេចក្ដីសញ្ញាផ្ទាល់ខ្លួនជាមួយនឹងព្រះ ។
« [ ព្រះយេស៊ូវ ] មានព្រះបន្ទូល … ៖ ចូរអ្នករាល់គ្នាចូលតាមទ្វារចង្អៀតចុះ ដ្បិតទ្វារចង្អៀត និងផ្លូវតូចនាំទៅឯជីវិត ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ » ។១០ បើប្រៀបធៀបទៅ ទ្វារនេះចង្អៀតណាស់ដែលមនុស្សអាចចូលបានម្នាក់ម្តងៗប៉ុណ្ណោះ ។ មនុស្សម្នាក់ៗធ្វើការប្តេជ្ញាចិត្តរៀងៗខ្លួនចំពោះព្រះ ហើយជាលទ្ធផលទទួលបានសេចក្តីសញ្ញាផ្ទាល់ខ្លួនពីទ្រង់ ដោយនាមនេះ ទើបយើងអាចពឹងផ្អែកបានទាំងស្រុងសម្រាប់ពេលនេះ និងរហូតដល់អស់កល្បជានិច្ច ។ ជាមួយនឹងពិធីបរិសុទ្ធ និង សេចក្តីសញ្ញា « នោះអំណាចនៃព្រះត្រូវបានបើកបង្ហាញ »នៅក្នុងជីវិតរបស់យើង ។១១
ជំនួយដ៏ទេវភាព
ការណ៍នេះដឹកនាំយើងទៅរកការពិចារណាពីពរជ័យសំខាន់ ពិសេសទីបី អំពីផ្លូវនៃសេចក្ដីសញ្ញា ។ ព្រះប្រទានអំណោយទានមួយដ៏មានតម្លៃបំផុតដើម្បីជួយពួកអ្នកចុះសេចក្ដីសញ្ញា ឲ្យក្លាយជាពួកអ្នកគោរពតាមសេចក្ដីសញ្ញាគឺ ៖ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយទាននេះគឺជាសិទ្ធិដើម្បីទទួលបានភាពជាដៃគូ ការការពារ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ ។១២ ក៏ត្រូវបានស្គាល់ថា ជាព្រះដ៏ជាជំនួយផងដែរ ព្រះវិញ្ញាណបរិសុទ្ធ « ពោរពេញទៅដោយសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ » ។១៣ ទ្រង់ « ជ្រាបគ្រប់ទាំងអស់ ហើយធ្វើទីបន្ទាល់ពីព្រះវរបិតា និងព្រះរាជបុត្រា » ។១៤ អស់អ្នកដែល ឈរធ្វើ ជាសាក្សីដល់ព្រះ ។ ១៥
យើងក៏រកឃើញពរជ័យដ៏ចាំបាច់នៃការអភ័យទោស និងការលាងជម្រះពីអំពើបាបនៅលើផ្លូវនៃសេចក្ដីសញ្ញាផងដែរ ។ ពរជ័យនេះគឺជាជំនួយដែលអាចកើតឡើងតែតាមរយៈព្រះគុណរបស់ព្រះ ដែលបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ « ឥឡូវនេះ នេះគឺជាបញ្ញត្តិ » ថា ៖ « ចូរប្រែចិត្តចុះ ឱអ្នករាល់គ្នានៅចុងផែនដីអើយ ហើយចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នា អាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ ប្រយោជន៍ឲ្យអ្នករាល់គ្នា អាចឈរដោយគ្មានទោសនៅចំពោះយើងនៅថ្ងៃចុងក្រោយបង្អស់ » ។១៦
ប្រមូលផ្ដុំជាមួយនឹងរាស្ត្រនៃសេចក្ដីសញ្ញា
ទីបួន អស់អ្នកដែលដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ក៏រកឃើញពរជ័យដ៏ពិសេសនៅក្នុងការប្រមូលផ្ដុំផ្សេងៗដែលព្រះបានចាត់ ។ ការព្យាករអំពីការប្រមូលផ្ដុំដ៏ពិតប្រាកដនៃវង្សអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយជាយូរលង់មកហើយ ទៅកាន់ដែនដីនៃកេរដំណែលរបស់ពួកគេវិញមាននៅគ្រប់បទគម្ពីរទាំងអស់ ។១៧ ការបំពេញរាល់ការព្យាករ និងការសន្យាទាំងនោះ ឥឡូវនេះគឺកំពុងដំណើរការជាមួយនឹងការប្រមូលផ្ដុំនៃរាស្ត្រនៃសេចក្ដីសញ្ញា ចូលមកក្នុងសាសនាចក្រ ជានគរព្រះនៅលើផែនដី ។ ប្រធាន ណិលសុន ពន្យល់ថា « នៅពេលយើងនិយាយអំពី ការប្រមូលផ្ដុំនោះយើងនិយាយដោយសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋាននេះថា កូនចៅ …របស់ព្រះវរបិតាសួគ៌ ស័ក្ដិសមនឹងបានដឹងពីសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ » ។១៨
ព្រះអម្ចាស់បង្គាប់ឲ្យសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ប្រយោជន៍ឲ្យពន្លឺរបស់អ្នកអាចបានទៅជាបមាណីយដល់សាសន៍នានា … ប្រយោជន៍ឲ្យការប្រមូលគ្នាមកលើដែនដីស៊ីយ៉ូន និងមកលើស្តេកទាំងឡាយរបស់នាង អាចបានទៅជាទីការពារ និងជាទីជ្រកកោនពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » ។១៩
មាននូវការប្រមូលផ្ដុំរាស្ត្រនៃសេចក្ដីសញ្ញាទៅកាន់ដំណាក់នៃការអធិស្ឋាននៅថ្ងៃរបស់ព្រះអម្ចាស់ប្រចាំសប្ដាហ៍ផងដែរ ប្រយោជន៍ឲ្យយើងអាច « រក្សាខ្លួន [ យើង ] ឲ្យបានពេញលេញ កុំឲ្យប្រឡាក់ពីលោកិយ » ។២០ វាគឺជាការប្រមូលផ្ដុំដើម្បីទទួលទាននំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ ដើម្បីរំឭកចាំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងជាពេល « ដើម្បីតមអាហារ ហើយអធិស្ឋាន ហើយពិគ្រោះគ្នាអំពីសុខុមាលភាពដល់ព្រលឹង [ របស់យើង ] » ។២១ កាលពីក្មេង ខ្ញុំគឺជាសមាជិកសាសនាចក្រតែម្នាក់គត់នៅក្នុងវិទ្យាល័យរបស់ខ្ញុំ ។ ខ្ញុំរីករាយនឹងការមានមិត្តភក្ដិល្អៗនៅក្នុងសាលា ប៉ុន្តែខ្ញុំដឹងថា ខ្ញុំបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការប្រមូលផ្ដុំនៅថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍នេះដើម្បីធ្វើឲ្យជីវិតខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ខ្ញុំមានភាពស្រស់ស្រាយឡើងវិញ ។ យើងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់នូវការប្រមូលផ្ដុំនៃរាស្ត្រក្នុងសេចក្ដីសញ្ញាជាប្រចាំនេះ នៅអំឡុងជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ហើយយើងក៏អន្ទះសាចាំពេលកាលដែលយើងអាចជួបជុំគ្នាម្តងទៀតដូចដើម ។
រាស្ត្រនៃសេចក្ដីសញ្ញា ក៏ប្រមូលផ្ដុំគ្នាទៅព្រះវិហារបរិសុទ្ធ ជាដំណាក់របស់ព្រះអម្ចាស់ ដើម្បីទទួលពិធីបរិសុទ្ធ ពរជ័យ និងវិវរណៈថ្មីៗដែលមាននៅទីនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « តើអ្វីជាវត្ថុបំណងនៃការប្រមូលផ្តុំ …រាស្ត្រនៃព្រះនៅគ្រប់ជំនាន់នៃមនុស្សលោក ? … គោលបំណងចម្បងគឺដើម្បីសង់ដំណាក់មួយថ្វាយព្រះអម្ចាស់ ជាទីដែលទ្រង់អាចបើកសម្ដែងដល់រាស្ត្រទ្រង់នូវពិធីបរិសុទ្ធនៃដំណាក់របស់ទ្រង់ និងសិរីល្អនៃនគររបស់ទ្រង់ ហើយបង្រៀនពួកគេពីរបៀបនៃសេចក្ដីសង្គ្រោះ ដ្បិតមានពិធីបរិសុទ្ធ និងគោលការណ៍ជាក់លាក់ដែលត្រូវធ្វើឡើងនៅក្នុងកន្លែងមួយ ឬ ដំណាក់ដែលបានសង់ឡើងក្នុងគោលបំណងនោះពេលវាត្រូវបានបង្រៀន ហើយបានអនុវត្ត » ។២២
ទទួលបានការសន្យានៃសេចក្ដីសញ្ញា
ជាទីបញ្ចប់ មានតែការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាប៉ុណ្ណោះ ទើបយើងទទួលបានពរជ័យនៃ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាពរជ័យចុងក្រោយនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដែលមានតែព្រះប៉ុណ្ណោះទើបអាចប្រទានឲ្យបាន ។២៣
ជារឿយៗ សេចក្ដីយោងបទគម្ពីរស្តីពីរាស្ត្រនៃសេចក្ដីសញ្ញា មានន័យថា ពូជពង្សរបស់អ័ប្រាហាំ ឬ « វង្សអ៊ីស្រាអែល » ។ ប៉ុន្តែរាស្ត្រនៃសេចក្ដីសញ្ញាក៏រាប់បញ្ចូលអ្នកដែលទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែរ ។២៤ ប៉ុលបានពន្យល់ ៖
« ព្រោះ អស់ អ្នក ដែល បាន ទទួល បុណ្យ ជ្រមុជ ក្នុង ព្រះគ្រីស្ទ នោះ ឈ្មោះ ថា បាន ប្រដាប់ កាយ ដោយ ព្រះគ្រីស្ទ ហើយ ។…
« ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំ ហើយក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង » ។២៥
អ្នកដែលមានភក្ដីភាពចំពោះសេចក្ដីសញ្ញារបស់ពួកគេ « នឹងចេញមកក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិត » ។២៦ ពួកគេត្រូវ « បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី ។ … ពួកគេនេះហើយ ដែលមានរូបកាយខាងសេឡេស្ទាល ដែលមានរស្មីដូចជាព្រះអាទិត្យ គឺជាសិរីល្អនៃព្រះដែលខ្ពស់បំផុតជាងអ្វីៗទាំងអស់ » ។២៧ « ហេតុដូច្នោះហើយ គ្រប់ទាំងអស់ជារបស់ផងពួកគេ ទោះជាមានជីវិត ឬសេចក្ដីស្លាប់ ឬរបស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្ដី គឺគ្រប់ទាំងអស់ជារបស់ផងពួកគេ ហើយពួកគេជារបស់ផងព្រះគ្រីស្ទ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ » ។២៨
ចូរយើងត្រងត្រាប់ស្ដាប់ការអំពាវនាវរបស់ព្យាការីឲ្យបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ។ នីហ្វៃ បានឃើញយើង និងជំនាន់យើង ហើយបានកត់ត្រាថា « ខ្ញុំនីហ្វៃបានឃើញថា ព្រះចេស្ដានៃកូនចៀមនៃព្រះ បានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយលើរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ហើយពួកគេ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ។២៩
ដោយនីហ្វៃ« ហើយព្រលឹងខ្ញុំ ក៏ត្រេកអរចំពោះសេចក្តីសញ្ញា ទាំងឡាយនៃព្រះអម្ចាស់ » ។៣០ នៅថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់គឺជាសេចក្ដីសង្ឃឹមរបស់យើង និងជាការអះអាងចំពោះអ្វីៗដែលបានសន្យានៅលើផ្លូវ និងចុងបញ្ចប់នៃសេចក្ដីសញ្ញា ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕