កំហឹងចំពោះភាពអយុត្តិធម៌
ព្រះយេស៊ូវគ្រីស្ទទាំងញាណដឹងពីភាពអយុត្តិធម៌ និងទាំងមានព្រះចេស្តាដើម្បីប្រទានឲ្យដំណោះស្រាយផងដែរ ។
ក្នុងឆ្នាំ ១៩៩៤ អំពើប្រល័យពូជសាសន៍មួយបានកើតឡើងនៅភាគខាងកើត នៃប្រទេស រវ៉ាន់ដា នៅទ្វីបអាហ្រ្វិក ដែលមួយផ្នែកគឺដោយសារតែភាពតានតឹងរបស់កុលសម្ព័ន្ធដែលគ្រប់គ្រងជាយូរមកហើយនោះ ។ តាមការប៉ាន់ស្មាន មានមនុស្សប្រមាណជាងកន្លះលាននាក់ត្រូវបានសម្លាប់ ។១ អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺប្រជាជន រវ៉ាន់ដា បានមានភាពផ្សះផ្សារគ្នា ២មួយផ្នែកធំ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះនៅតែបន្តមានឥទ្ធិពលលើប្រទេសនេះដដែល ។
កាលពីមួយទសវត្សរ៍មុន ពេលទៅទស្សនកិច្ចនៅប្រទេស រវ៉ាន់ដា ភរិយាខ្ញុំ និងខ្ញុំបានចាប់ផ្តើមសន្ទនាជាមួយអ្នកដំណើរម្នាក់ នៅឯព្រលានយន្តហោះ គីហ្គីលី ។ គាត់បានសោកស្តាយពីភាពអយុត្តិធម៌នៃអំពើប្រល័យពូជសាសន៍ ហើយបានសួរចំៗថា « ប្រសិនបើមានព្រះមែននោះ ហេតុអ្វីទ្រង់មិនធ្វើអ្វីមួយអំពីរឿងនេះ ? » ចំពោះបុរសម្នាក់នេះ និងចំពោះយើងជាច្រើននាក់—ការរងទុក្ខ និងភាពអយុត្តិធម៌ដ៏ព្រៃផ្សៃ ហាក់ដូចជាមិនត្រូវគ្នានឹងភាពពិតនៃព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ឡើយ ។ ប៉ុន្តែ ទ្រង់គឺមានពិតប្រាកដមែន ទ្រង់មានព្រះទ័យល្អ ហើយទ្រង់មានក្តីស្រឡាញ់ដ៏ឥតខ្ចោះចំពោះបុត្ររបស់ទ្រង់ម្នាក់ៗ ។ គំនិតខ្វែងគ្នាបែបនេះកើតមានយូរមកហើយ ហើយមិនអាចពន្យល់បានត្រឹមតែពាក្យសាមញ្ញខ្លីៗនោះទេ ។
ដើម្បីធ្វើឲ្យវាងាយយល់ ចូរយើងស្វែងយល់ប្រភេទខុសៗគ្នានៃភាពអយុត្តិធម៌ ។ សូមពិចារណាពីក្រុមគ្រួសារមួយ ដែលកូនម្នាក់ៗទទួលបានប្រាក់កម្រៃប្រចាំសប្តាហ៍ ពីការជួយធ្វើការងារផ្ទះធម្មតា ។ កូនប្រុសឈ្មោះ ចន បានទិញស្គរគ្រាប់ កូនស្រីឈ្មោះ អាណា បានសន្សំលុយទុក ។ នៅទីបំផុត អាណា បានទិញកង់មួយគ្រឿង ។ ចន បានគិតថា វាមិនយុត្តិធម៌ទាល់តែសោះដែល អាណា បានកង់ តែគាត់មិនបានកង់នោះ ។ ប៉ុន្តែជម្រើសរបស់ ចន បានបង្កើតឲ្យមានភាពមិនស្មើគ្នា មិនមែនជាទង្វើរបស់ឪពុកម្តាយនោះទេ ។ ការសម្រេចចិត្តរបស់ អាណា ដែលមិនយកលុយទៅទិញស្ករគ្រាប់ញ៉ាំភ្លាមៗ មិនបានធ្វើឲ្យមានភាពអយុត្តិធម៌ចំពោះ ចន ទេ ពីព្រោះ ចន បានមានឱកាសដូចបងប្អូនស្រីរបស់គាត់ដែរ ។
ការសម្រេចចិត្តរបស់យើងដូចគ្នានេះដែរអាចនាំឲ្យមានគុណសម្បត្តិ ឬគុណវិបត្តិរយៈពេលវែង ។ ដូចដែលព្រះអម្ចាស់បានបើកសម្តែងថា « បើសិនជាអ្នកណាមួយ បានចំណេះវិជ្ជា និងបញ្ញាច្រើនជាងអ្នកផ្សេង នៅក្នុងជីវិតនេះ ដោយសារការព្យាយាម និងការគោរពរបស់ខ្លួនអ្នកនោះនឹងបានប្រៀបច្រើននៅពិភពខាងមុខ » ។ 3 នៅពេលអ្នកដទៃទទួលបានអត្ថប្រយោជន៍ ព្រោះការជ្រើសរើសដ៏ឧស្សាហ៍ព្យាយាមរបស់ពួកគេ នោះយើងមិនអាចសន្និដ្ឋានបានត្រឹមត្រូវថា យើងទទួលបានភាពអយុត្តិធម៌នោះទេ នៅពេលដែលយើងមានឱកាសដូចគ្នាដែរ ។
ឧទាហរណ៍មួយទៀតពីភាពអយុត្តិធម៌កើតចេញពីស្ថានភាពដែលភរិយាខ្ញុំ រ៉ូត ជួបប្រទះកាលពីនៅក្មេង ។ នៅថ្ងៃមួយ រ៉ូត បានដឹងថាម្តាយរបស់គាត់បាននាំ ម៉ឺឡា ជាប្អូនស្រី ទៅទិញស្បែកជើងថ្មី ។ រ៉ូត បានត្អូញត្អែរថា « ម៉ាក់ វាអត់យុត្តិធម៌ទេ ! ម៉ឺឡា បានស្បែកជើងថ្មីមួយគូពីលើកមុនរួចហើយ » ។
ម្តាយក្មេករបស់ខ្ញុំ បានសួរថា « រ៉ូត ចុះស្បែកជើងកូននៅពាក់ល្មមជើងឬអត់ ? »
រ៉ូត បានឆ្លើយថា « ច៎ាស ល្មមម៉ាក់ » ។
បន្ទាប់មក ម្តាយក្មេករបស់ខ្ញុំបាននិយាយថា « ស្បែកជើងរបស់ ម៉ឺឡា ពាក់លែងល្មមជើងហើយកូន » ។
រ៉ូត បានយល់ស្របថា បងប្អូនគ្រប់គ្នានៅក្នុងគ្រួសារនេះ គួរតែមានស្បែកជើងមួយគូដែលពាក់ល្មមជើងខ្លួន ។ ទោះបីជា រ៉ូត ចង់បានស្បែកជើងថ្មីក៏ដោយ ក៏ទស្សនៈរបស់គាត់ដែលថា គាត់ទទួលបានភាពអយុត្តិធម៌នោះក៏ត្រូវផ្លាស់ប្តូរដែរ នៅពេលគាត់បានឃើញស្ថានភាពនោះ តាមរយៈកែវភ្នែករបស់ម្តាយក្មេកខ្ញុំ ។
ពេលខ្លះ ភាពអយុត្តិធម៌មិនអាចពន្យល់បានទេ ដែល ភាពអយុត្តិធម៌មិនអាចពន្យល់បាននោះ គឺជាកំហឹង ។ ភាពអយុត្តិធម៌កើតមានពីការរស់នៅក្នុងរូបកាយដែលពុំឥតខ្ចោះ របួស ឬជំងឺ ។ ជីវិតរមែងស្លាប់គឺជាប់ទាក់ទងនឹងភាពអយុត្តិធម៌ ។ អ្នកខ្លះកើតមកក្នុងភាពសម្បូរបែប រីឯអ្នកខ្លះទៀត គ្មានអ្វីសោះ ។ អ្នកខ្លះមានឪពុកម្តាយពេញដោយក្តីស្រឡាញ់ រីឯអ្នកខ្លះទៀត គ្មានឡើយ ។ អ្នកខ្លះរស់នៅបានជាច្រើនឆ្នាំ រីឯអ្នកខ្លះទៀត រស់បានតែពីរបីឆ្នាំប៉ុណ្ណោះ ។ ហើយនៅមានច្រើនទៀត ។ មនុស្សខ្លះទទួលកំហុសទាំងអយុត្តិធម៌ ទោះបីពួកគេកំពុងព្យាយាមធ្វើល្អក៏ដោយ ។ មនុស្សខ្លះទៀតជ្រើសរើសមិនចាកចេញពីភាពអយុត្តិធម៌ឡើយ ទោះបីពួកគេអាចធ្វើបានក៏ដោយ ។ គួរឲ្យសោកស្តាយណាស់ មនុស្សខ្លះប្រើសិទ្ធិជ្រើសរើស ដែលព្រះប្រទានឲ្យ ធ្វើបាបអ្នកដទៃឲ្យឈឺចាប់ សូម្បីតែពួកគេមិនគួរធ្វើក៏ដោយ ។
ប្រភេទអយុត្តិធម៌ខុសៗគ្នាអាចបញ្ចូលគ្នា បង្កើតជារលកស៊ូណាមីនៃភាពអយុត្តិធម៌ដ៏គួរឲ្យខ្លាចបំផុតបាន ។ ឧទាហរណ៍ ជំងឺរាតត្បាតកូវីដ-១៩ បានឆ្លងទៅក្រុមខ្លះច្រើនជាងក្រុមខ្លះទៀត ដែលក្រុមនោះមានបញ្ហាជាច្រើនរួចទៅហើយនោះ ។ ដួងចិត្តខ្ញុំឈឺផ្សារចំពោះបងប្អូនដែលប្រឈមមុខនឹងភាពអយុត្តិធម៌បែបនេះ ប៉ុន្តែខ្ញុំសូមប្រកាសដោយអស់ពីដួងចិត្តខ្ញុំថា ព្រះយេស៊ូវគ្រីស្ទមានព្រះប្រាជ្ញាញាណដឹងទាំងពីភាពអយុត្តិធម៌ ហើយទាំងមានព្រះចេស្តាក្នុងការប្រទាននូវដំណោះស្រាយផងដែរ ។ គ្មានអ្វីអាចប្រៀបផ្ទឹមបាននឹងភាពអយុត្តិធម៌ដែលទ្រង់បានស៊ូទ្រាំនោះទេ ។ វាមិនយុត្តិធម៌ទេ ដែលទ្រង់ត្រូវរងនូវការឈឺចាប់ និងទុក្ខព្រួយទាំងអស់នៃមនុស្សលោកនោះ ។ វាមិនយុត្តិធម៌ទេដែលទ្រង់ត្រូវរងទុក្ខសម្រាប់អំពើបាប និងកំហុសរបស់ខ្ញុំ និងកំហុសរបស់បងប្អូននោះ ។ ប៉ុន្តែ ទ្រង់បានជ្រើសរើសធ្វើដូច្នេះ ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង និងព្រះវរបិតាសួគ៌ ។ ទ្រង់ញាណដឹងពីអ្វីដែលយើងកំពុងជួបប្រទះយ៉ាងឥតខ្ចោះ ។៤
ព្រះគម្ពីរបានកត់ត្រាថា សាសន៍អ៊ីស្រាអែលពីបុរាណបានត្អូញត្អែរថា ព្រះធ្វើចំពោះពួកគេដោយអយុត្តិធម៌ ។ ជាការឆ្លើយតប ព្រះយេហូវ៉ា បានសួរថា « ដ្បិតអី ស្ត្រីនឹងភ្លេចកូន ដែលកំពុងបៅដោះឬ? ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? » វាមិនទំនងទេ ដែលម្ដាយពេញដោយក្តីស្រឡាញ់នឹងភ្លេចកូនតូចរបស់ខ្លួននោះ ព្រះយេហូវ៉ា បានប្រកាសថា ភក្ដីភាពរបស់ទ្រង់គឺកាន់តែមិនប្រែប្រួលទៅទៀត ។ ទ្រង់បានបញ្ជាក់ថា « គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចឯងឡើយ ។ … មើលអញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញ ហើយអស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច » ។៥ ដោយសារព្រះយេស៊ូវគ្រីស្ទបានស៊ូទ្រាំនឹងពលិកម្មដ៏ធួនដែលគ្មានទីបញ្ចប់ នោះទ្រង់ក៏ស្គាល់ទុក្ខលំបាករបស់យើងយ៉ាងច្បាស់ដែរ ។៦ ទ្រង់ស្គាល់យើង និងកាលៈទេសៈរបស់យើងជានិច្ច ។
ក្នុងជីវិតរមែងស្លាប់ យើងអាច « មកដោយក្លាហាន » ចំពោះព្រះអង្គសង្រ្គោះ និងទទួលសេចក្តីអាណិតអាសូរ ការព្យាបាល និងជំនួយ ។៧ ទោះបីខណៈដែលយើងរងទុក្ខខ្លាំងប៉ុណ្ណាក៏ដោយ ក៏ព្រះអាចប្រទានពរដល់យើង តាមរបៀបសាមញ្ញ ធម្មតា និងសំខាន់បានដែរ ។ នៅពេលយើងរៀនស្គាល់ពរជ័យទាំងនេះ នោះការទុកចិត្តរបស់យើងលើព្រះនឹងកើនឡើង ។ នៅក្នុងភាពអស់កល្បជានិច្ច ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងដោះស្រាយភាពអយុត្តិធម៌ទាំងអស់ ។ យើងពិតជាចង់ដឹង តាមរបៀបណានិង នៅពេលណា តើទ្រង់ ទាំងទ្វេរនឹងធ្វើបែបនោះដោយរបៀបណា ? តើនៅពេលណាដែលទ្រង់ទាំងទ្វេរធ្វើបែបនេះ ? ចំពោះចំណេះដឹងរបស់ខ្ញុំ ទ្រង់ទាំងទ្វេរពុំបានបើកសម្តែង ដោយរបៀបណាឬ នៅពេលណានោះទេ ។ ៨អ្វីដែលខ្ញុំដឹងគឺថាទ្រង់ទាំងទ្វេរ នឹងធ្វើ
នៅក្នុងស្ថានភាពអយុត្តិធម៌ កិច្ចការមួយដែលយើងត្រូវធ្វើគឺត្រូវទុកចិត្តថា « អ្វីៗទាំងអស់ដែលជារឿងអយុត្តិធម៌នៅក្នុងជីវិត អាចធ្វើឲ្យយុត្តិធម៌ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។៩ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើលោកិយ ហើយ « ទទួលយក » ភាពអយុត្តិធម៌ទាំងអស់ ។ ដោយសារទ្រង់ យើងអាចមានសេចក្តីសុខសាន្តនៅក្នុងពិភពលោកនេះ ហើយមានសង្ឃឹមឡើង ។១០ ប្រសិនបើយើងអនុញ្ញាតឲ្យទ្រង់ នោះព្រះយេស៊ូវគ្រីស្ទ នឹងញែកភាពអយុត្តិធម៌សម្រាប់ជាប្រយោជន៍ដល់យើងវិញ ។១១ ទ្រង់មិនគ្រាន់តែលួងលោមយើង និងស្តារឡើងវិញនូវអ្វីដែលយើងបាត់បង់ឡើយ១២តែទ្រង់នឹងធ្វើឲ្យភាពអយុត្តិធម៌ ឲ្យក្លាយជាប្រយោជន៍ដល់យើងវិញ ។ នៅពេលនិយាយអំពី ដោយរបៀបណានិង នៅពេលណាយើងត្រូវតែទទួលស្គាល់ និងទទួលយក ដូចជាអាលម៉ា ថា « វាពុំមែនជាការណ៍អ្វីទេ ព្រោះព្រះទ្រង់ជ្រាបនូវការណ៍អស់ទាំងនេះហើយ ហើយឪពុកគ្រាន់តែដឹងថា ការណ៍នោះមែនពិត ក៏ជាការគ្រប់គ្រាន់ហើយ » ។១៣
យើង អាចព្យាយាមទុកសំណួររបស់យើងអំពី ដោយរបៀបណានិង នៅពេលណាមួយអន្លើសិន ហើយផ្តោតទៅលើការអភិវឌ្ឍន៍សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានទាំងព្រះចេស្តាដើម្បីធ្វើឲ្យអ្វីៗទាំងអស់ត្រឹមត្រូវ និងធ្វើឲ្យអ្វីៗទាំងអស់យុត្តិធម៌ ។១៤ ចំពោះយើងដែលទទូចចង់ដឹង ដោយរបៀបណាឬ នៅពេលណាគឺឥតប្រយោជន៍ និងជាចុងក្រោយ គឺគិតខ្លី ។១៥
នៅពេលយើងអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងក៏គួរតែខិតខំប្រែក្លាយដូចជាទ្រង់ផងដែរ ។ បន្ទាប់មកយើងប្រាស្រ័យទាក់ទងអ្នកដទៃដោយក្តីអាណិតអាសូរ ហើយព្យាយាមជៀសវាងភាពអយុត្តិធម៌ដែលយើងរកឃើញ១៦យើងអាចព្យាយាមធ្វើអ្វីៗបានត្រឹមត្រូវ តាមឥទ្ធិពលរបស់យើង ។ ប្រាកដណាស់ ព្រះអង្គសង្រ្គោះបានបង្គាប់យើងថា « ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត[ របស់យើង ] ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ។១៧
បុគ្គលមួយរូបដែលសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌គឺមេធាវី ប្រាយអិន ស្ទីវីនសិន ។ ការអនុវត្តច្បាប់របស់លោកនៅសហរដ្ឋអាមេរិក ត្រូវបានគេគោរពឲ្យតម្លៃក្នុងការការពារការចោទប្រកាន់ដែលមិនត្រឹមត្រូវ បញ្ឈប់ការដាក់ទណ្ឌកម្មហួសកម្រិត និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ។ កាលពីប៉ុន្មានឆ្នាំមុន លោក ស្ទីវីនសិន បានជួយការពារបុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់មិនត្រឹមត្រូវពីបទមនុស្សឃាត ហើយត្រូវបានកាត់ទោសប្រហារជីវិត ។ លោក ស្ទីវីនសិន បានស្នើសុំជំនួយពីព្រះវិហាររបស់បុរសរូបនោះ ទោះបីជាបុរសនោះមិនសកម្មនៅក្នុងព្រះវិហាររបស់គាត់ក្តី ហើយត្រូវបានគេមើលងាយនៅក្នុងសហគមន៍ ដោយសាររឿងស្នេហាផិតក្បត់ ដែលគេឯងគ្រប់គ្នាបានដឹង ។
ដើម្បីធ្វើឲ្យក្រុមជំនុំយកចិត្តទុកដាក់លើអ្វីដែលមានសារៈសំខាន់ នោះលោក ស្ទីវីនសិន បាននិយាយទៅកាន់ពួកគេ អំពីស្ត្រីដែលត្រូវបានចោទប្រកាន់ពីបទផិតក្បត់ ដែលត្រូវបានគេនាំមកឯព្រះយេស៊ូវ ។ ក្រុមពួកអ្នកចោទប្រកាន់ចង់យកដុំថ្មគប់សម្លាប់នាង ប៉ុន្តែព្រះយេស៊ូវមានព្រះបន្ទូលថា « អ្នកណាដែលគ្មានបាប … ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ » ។១៨ ការចោទប្រកាន់លើស្រ្តីនោះ ក៏បានបញ្ឈប់ ។ ព្រះយេស៊ូវ មិនបានថ្កោលទោសស្ដ្រីនោះទេ ប៉ុន្តែទ្រង់បានបង្គាប់នាងថា កុំឲ្យប្រព្រឹត្តបាបទៀតឡើយ ។១៩
បន្ទាប់ពីបានរៀបរាប់ពីវគ្គនេះ លោក ស្ទីវីនសិន បានកត់សម្គាល់ឃើញថា សេចក្តីសុចរិតផ្ទាល់ខ្លួន ការភ័យខ្លាច និងកំហឹងបានបណ្តាលឲ្យពួកគ្រីស្ទាននិយាយមិនល្អពីនរណាម្នាក់ដែលគ្រាន់តែភ្លាំងភ្លាត់ប៉ុណ្ណោះ ។ លោកបានមានប្រសាសន៍ថា « យើងមិនអាចបណ្តាលឲ្យរឿងនោះកើតមានឡើយ » ហើយលោកបានលើកទឹកចិត្តក្រុមជំនុំឲ្យធ្វើជា « អ្នកការពារ » ។២០ បងប្អូនប្រុសស្រី ការដែលមិនចូលរួមគប់ដុំថ្ម គឺជាជំហានដំបូងក្នុងការប្រព្រឹត្តិចំពោះអ្នកដទៃដោយក្ដីមេត្តា ។ ជំហានទីពីរ គឺត្រូវព្យាយាមចាប់ដុំថ្មដែលអ្នកដទៃគប់មក ។
របៀបដែលយើងប្រឈមដោះស្រាយនឹងគុណសម្បត្តិ និងគុណវិបត្តិគឺជាផ្នែកមួយនៃការសាកល្បងក្នុងជីវិត ។ យើងមិនវិនិច្ឆ័យច្រើនលើអ្វីដែលយើងនិយាយទេ ប៉ុន្តែតាមរយៈទង្វើរបស់យើងចំពោះជនងាយរងគ្រោះ និងជនរងគ្រោះវិញ ។២១ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងខិតខំធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ឲ្យចេញទៅធ្វើការល្អ ។២២ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះអ្នកជិតខាងរបស់យើង ដោយធ្វើការដើម្បីធានានូវសេចក្តីថ្លៃថ្នូររបស់បុត្ររបស់ព្រះវរបិតាសួគ៌ ។
វាជាការណ៍ត្រឹមត្រូវដែលយើងត្រូវគិតពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិផ្ទាល់ខ្លួនរបស់យើង ។ ចំពោះ ចន ដើម្បីយល់ពីមូលហេតុដែល អាណា មានកង់ វាបានបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈរបស់ ចន ។ ចំពោះ រ៉ូត ដើម្បីយល់ពីតម្រូវការ របស់ ម៉ឺឡា ក្នុងការមានស្បែកជើងថ្មីបានបំភ្លឺតាមរយៈកែវភ្នែករបស់ម្តាយគាត់ ។ ដើម្បីព្យាយាមមើលឃើញអ្វីៗដែលមានទស្សនវិស័យអស់កល្បជានិច្ចអាចបញ្ជាក់ឲ្យបានច្បាស់ ។ នៅពេលយើងកាន់តែដូចព្រះអង្គសង្គ្រោះ យើងអភិវឌ្ឍការយល់ចិត្ត ការយល់ដឹង និងសប្បុរសធម៌កាន់តែច្រើន ។
ខ្ញុំសូមត្រឡប់ទៅសំណួរដែលបានសួរដោយអ្នកដំណើររបស់យើងនៅ គីហ្គីលី វិញ នៅពេលគាត់បានត្អូញត្អែរពីភាពអយុត្តិធម៌នៃអំពើប្រល័យពូជសាសន៍នៅប្រទេស រវ៉ាន់ដា ហើយបានសួរថា « ប្រសិនបើមានព្រះមែននោះ ហេតុអ្វីទ្រង់មិនធ្វើអ្វីមួយអំពីរឿងនេះ ? »
ដោយមិនចង់លើកឡើងពីទុក្ខវេទនាដែលបណ្តាលមកពីអំពើប្រល័យពូជសាសន៍នេះ និងបន្ទាប់ពីទទួលស្គាល់កង្វះការយល់ដឹងរបស់យើងពីទុក្ខវេទនាបែបនេះ យើងបានឆ្លើយតបថា ព្រះយេស៊ូវគ្រីស្ទ បានធ្វើអ្វីមួយអំពីកំហឹងចំពោះភាពអយុត្តិធម៌នេះហើយ ។២៣ យើងបានពន្យល់ពីសិក្ខាបទដំណឹងល្អជាច្រើនទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ និងការស្ដារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ ។២៤
ក្រោយមកអ្នកទើបស្គាល់ថ្មីរបស់យើងបានសួរទាំងទឹកភ្នែកថា « លោកចង់មានន័យថា មានអ្វីមួយចំនួនដែលខ្ញុំអាចធ្វើបានជូនឪពុកម្តាយ និងពូរបស់ខ្ញុំដែលបានចែកឋានទៅមែនទេ ? »
យើងបាននិយាយថា « ប្រាកដណាស់ ! » បន្ទាប់មក យើងបានថ្លែងទីបន្ទាល់ថា អ្វីៗដែលអយុត្តិធម៌ក្នុងជីវិត អាចត្រូវបានធ្វើឲ្យយុត្តិធម៌វិញតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយថា តាមរយៈសិទ្ធិអំណាចរបស់ទ្រង់ គ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ ។
នៅពេលប្រឈមមុខនឹងភាពអយុត្តិធម៌ យើងអាចរុញខ្លួនយើងចេញឆ្ងាយពីព្រះ ឬយើងអាចចូលមករកទ្រង់ដើម្បីសូមជំនួយ និងការគាំទ្រ ។ ឧទាហរណ៍ សង្គ្រាមអូសបន្លាយរវាង ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ប៉ះពាល់ដល់ប្រជាជនខុសៗគ្នា ។ មរមនបានសង្កេតឃើញថា « មនុស្សជាច្រើនបានក្លាយទៅជារឹងទទឹង » ខណៈដែលអ្នកដទៃទៀត « មានចិត្តទន់ភ្លន់មកពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ ដរាបដល់ពួកគេបានបន្ទាបខ្លួននៅចំពោះព្រះ » ។២៥
សូមកុំបណ្តោយឲ្យភាពអយុត្តិធម៌ធ្វើឲ្យបងប្អូនរឹងទទឹង ឬបំបាត់សេចក្តីជំនឿរបស់បងប្អូនលើព្រះឡើយ ។ ផ្ទុយទៅវិញ សូមទូលសូមជំនួយពីព្រះ ។ បង្កើនការដឹងគុណរបស់បងប្អូន និងពឹងផ្អែកលើព្រះអង្គសង្គ្រោះ ។ ជំនួសឲ្យការធ្វើឲ្យខ្លួនឯងរស់ក្នុងភាពជូរចត់ សូមឲ្យទ្រង់ជួយបងប្អូនបានក្លាយជាល្អប្រសើរវិញ ។២៦ ទុកឲ្យទ្រង់ជួយបងប្អូនតស៊ូ ដើម្បីឲ្យទុក្ខព្រួយរបស់បងប្អូន « ត្រូវបានលេបទៅក្នុងសេចក្ដីអំណរ នៃព្រះគ្រីស្ទ » ។២៧ សូមចូលរួមជាមួយទ្រង់នៅក្នុងបេសកកម្មរបស់ទ្រង់ « ប្រោសមនុស្សដែលមានចិត្តសង្រេង »២៨ព្យាយាមបញ្ឈប់ភាពអយុត្តិធម៌ និងធ្វើជាអ្នកការពារ ។២៩
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះ មានព្រះជន្មរស់ ។ ទ្រង់ញាណដឹងពីភាពអយុត្តិធម៌ ។ ស្នាមនៅលើព្រះហស្តទ្រង់ តែងតែរម្លឹកទ្រង់អំពីបងប្អូន និងកាលៈទេសៈរបស់បងប្អូនជានិច្ច ។ ទ្រង់បម្រើបងប្អូននៅគ្រប់ទុក្ខលំបាករបស់បងប្អូន ។ សម្រាប់អស់អ្នកដែលមករកទ្រង់ នោះមកុដនៃភាពស្រស់ស្អាតនឹងជំនួសឲ្យផេះនៃការកាន់ទុក្ខ អំណរ និងសេចក្តីរីករាយនឹងជំនួសឲ្យទុក្ខព្រួយ និងសេចក្តីសោកសៅ ការកោតសរសើរ និងការអបអរនឹងជំនួសឲ្យការបាក់ទឹកចិត្ត និងក្តីអស់សង្ឃឹមវិញ ។៣០ សេចក្តីជំនឿរបស់បងប្អូនលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងទទួលបានរង្វាន់ច្រើនជាងបងប្អូនគិតដល់ទៅទៀត ។ ភាពអយុត្តិធម៌ទាំងអស់—ជាពិសេស កំហឹងចំពោះភាពអយុត្តិធម៌—នឹងត្រូវបានញែកចេញ ដើម្បីជាប្រយោជន៍ដល់បងប្អូន ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។