២០២២
ព្រះយេហូវ៉ា​ទ្រង់​បាន​គង់​ជាមួយ​នឹង​យ៉ូសែប
ខែ មីនា ឆ្នាំ ២០២២


« ព្រះយេហូវ៉ា​ទ្រង់​បាន​គង់​ជាមួយ​នឹង​យ៉ូសែប » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

លោកុប្បត្តិ ៣៧–៤១

ព្រះយេហូវ៉ា​ទ្រង់​បាន​គង់​ជាមួយ​នឹង យ៉ូសែប

នៅពេល​យើង​ឆ្លងកាត់​គ្រា​ល្អ ក៏ដូចជា​គ្រា​មិន​ល្អ​ក្នុង​ជីវិត នោះ​យើង​អាច​រៀន​បាន​ច្រើន​ពី​គំរូ​របស់​ព្យាការី​ពី​បុរាណ គឺ​ព្យាការី យ៉ូសែប ។

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​កំពុង​បកស្រាយ​សុបិន​របស់​ផារ៉ោន

យ៉ូសែប​កំពុង​បកស្រាយ​សុបិន​របស់​ផារ៉ោន ដោយ ជីន អេឌ្រាន ហ្គុយណិត សារមន្ទីរ​វិចិត្រ​សិល្បៈ​ទីក្រុង​រ៉ូអង់ ប្រទេស​បារាំង / Bridgeman Images

បីបួន​ឆ្នាំ​កន្លង​ទៅ គ្រួសារ​របស់​យើង​បាន​រំភើប​រីករាយ ពេល​យើង​ដឹង​ថា ភរិយា​របស់​ខ្ញុំ ធែរី កំពុង​ពពោះ​កូន​ទីបួន​របស់​យើង ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ពពោះ​បាន​បី​បួន​ខែ យើង​បាន​ដឹង​ថា ធែរី​មាន​តម្រូវការ​ថែទាំ​ផ្នែក​វេជ្ជសាស្ដ្រ​មួយ ។ ជម្រើស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​គាត់​គឺគាត់​ត្រូវ​សម្រាក​នៅ ក្នុង​បន្ទីរពេទ្យ ដើម្បី​ទទួល​បាន​ការថែទាំ​ជា​ចាំបាច់ ។ ពេទ្យ​ឲ្យ​គាត់​សម្រាក​នៅលើ​គ្រែ ដើម្បី​អាច​ថែរក្សា​គត៌​បន្ត​ទៀត​បាន ។

ការណ៍​នេះ​បាន​ក្លាយជា​គ្រា​ដ៏​ងងឹត និង​លំបាក​មួយ​សម្រាប់​គ្រួសារ​របស់​យើង ជាពិសេស​សម្រាប់​ធែរី ។ គាត់​មាន​អារម្មណ៍​ឯកោ​ណាស់ ។ ហើយ​ខ្ញុំ​មាន​ការលំបាក​ក្នុង​ការថែទាំ​កូន​តូចៗ​បីនាក់ ខណៈ​ពេល​ធ្វើការ​ក្នុង​អាជីព​របស់​ខ្ញុំ​ផង និង​បម្រើ​ជា​ប៊ីស្សព​ផង ។ ជីវិត​ហាក់​ដូចជា​ចលាចល និង​ពិបាក​ណាស់ ។

នៅក្នុង​ភាពឯកោ​របស់​គាត់ ធែរី បាន​ធូរស្បើយ​ចិត្ត​ដោយសារ​ពាក្យពេចន៍​នៅក្នុង​ទំនុក​តម្កើង​ដ៏ពីរោះ​មួយ ៖

ខ្ញុំ​ត្រូវការ​ទ្រង់​គង់​នៅនឹង​ខ្ញុំ​គ្រប់​ពេល ។

ព្រះគុណ​ទ្រង់​អាច​យកឈ្នះ​អំណាច​អាក្រក់ ?

តើ​មាន​នរណា​អាច​ដឹកនាំ​ខ្ញុំ​ដូច​ទ្រង់ ?

កាត់​ពពក​ភ្លៀង​ផ្គរ​ថ្ងៃ​សូម​គង់​នឹង​ខ្ញុំ !

ព្រះយេហូវ៉ា​ទ្រង់​បាន​គង់​ជាមួយ​នឹង​យើង

ទីបំផុត​ពេទ្យ​តម្រូវ​ឲ្យមាន​ការវះកាត់​បន្ទាន់ ដើម្បី​បង្កើត​កូនប្រុស​របស់​យើង ជេស ។ ប៉ុន្តែ​ទាំង​ម្តាយ និង​កូនប្រុស​ត្រូវបាន​ពេទ្យ​ថែទាំ​យ៉ាង​មាន​សុវត្ថិភាព ដោយសារ​ធែរី នៅក្នុង​មន្ទីរពេទ្យ​ស្រាប់​ហើយ ។ យើង​បាន​ទទួល​អារម្មណ៍​ពី​ការការពារ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។

ជេស បាន​កើត​បួន​សប្ដាហ៍​មុន​ថ្ងៃ​កំណត់ ហើយ​ពេទ្យ​បាន​ដាក់​គាត់​នៅក្នុង​ផ្នែក​ប្រពោធនកម្ម​ទារក ។ យើង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​គ្មាន​កូន​របស់​យើង ។ នៅ​ខែ​បន្ទាប់​នោះ យើង​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ជារៀង​រាល់ថ្ងៃ ។ ជីវិត​ហាក់បី​ដូចជា​ធ្លាក់​ដល់​ចំណុច​ទាប ។

ប៉ុន្ដែ​ជាថ្មី​ម្ដងទៀត យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ ជេស បាន​រីកចម្រើន​រហូតដល់​ពេទ្យ​បាន​អនុញ្ញាត​ឲ្យយើង​យក​គាត់​មក​ផ្ទះ​វិញ ដែល​ជា​ចំណុច​ខ្ពស់​មួយ នៅពេល​ដែល​យើង​បាន​រួបរួម​គ្នា​ជា​គ្រួសារ​មួយ ។

បន្ទាប់មក យើង​បាន​ដឹង​ថា ជេស​មាន​ជំងឺ sagittal synostosis ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​លលាដ៍​ក្បាល​របស់​គាត់​ខាំ​បញ្ចូល​គ្នា​មុន​កំណត់ ។ ហើយ​ជំងឺ​នេះ​វា​ធ្វើ​ទារក​មិន​អាច​លូតលាស់​ផ្នែក​ខួរក្បាល​បន្ត​ទៀត​បាន ។ ការព្យាបាល​តែមួយ​គត់​គឺ ត្រូវ​វះកាត់​ដក​យក​ផ្នែក​ដ៏ធំ​មួយ​ចេញពី​លលាដ៍​ក្បាល​របស់ ជេស នៅពេល​គាត់​ទើបតែ​មាន​អាយុ​បីខែ​ប៉ុណ្ណោះ ។ យើង​បាន​ស៊ូទ្រាំ​នឹង​ឧបសគ្គ​នេះ​តាមរយៈ​ការអធិស្ឋាន និង​ពរជ័យ​បព្វជិតភាព ។ ជាថ្មី​ម្ដងទៀត យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។ ការអធិស្ឋាន​ទាំងឡាយ​បាន​ទទួល​ចម្លើយ ។ យើង​បាន​ពោរពេញ​ដោយ​ពរជ័យ ។ ការវះកាត់​បាន​ទទួល​ជោគជ័យ ។ ជីវិត​បាន​ឈាន​ដល់​ចំណុច​ខ្ពស់​ម្តងទៀត ។

គិត​ទៅ​ជីវិត​ឡើងចុះៗ​មើល​មិន​ឃើញ​មែន ! ប៉ុន្តែ ព្រះអម្ចាស់​បាន​បង្រៀន​មេរៀន​ជាច្រើន​ដល់​យើង​តាមរយៈ​បទពិសោធន៍​នេះ ។ យើង​ដឹង​ថា ទ្រង់​បាន​គង់នៅ​ជាមួយ​នឹង​យើង​ជានិច្ច ។

យ៉ូសែប​បាន​ជួប​គ្រា​ល្អ និង​គ្រា​មិន​ល្អ

យ៉ូសែប​ត្រូវបាន​លក់​ទៅ​ស្រុក​អេស៊ីព្ទ

យ៉ូសែប​ត្រូវបាន​លក់​ទៅ​ស្រុក​អេស៊ីព្ទ ដោយ វិល្លាម ប្រេសស៊ី ហូល © Look And Learn / Bridgeman Images

នៅពេល​យើង​សិក្សា​អំពី​ជីវិត​របស់​យ៉ូសែប​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា ជីវិត​របស់​លោក​ក៏​អញ្ចឹង​ដែរ បាន​ធ្លាក់​ពី​ចំណុច​ខ្ពស់​ទៅ​ចំណុច​ទាប ហើយ​ត្រឡប់​ឡើងទៅ​ចំណុច​ខ្ពស់​នៃ​ជីវិត​វិញ ។ ហើយ​យើង​ដឹង​ថា ព្រះអម្ចាស់​បាន​គង់នៅ​ជាមួយ​នឹង​លោក ទាំង​ក្នុង​បទពិសោធន៍​ល្អ និង​អាក្រក់ ។

អាវ​ដែល​យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​គឺជា​និមិត្ត​សញ្ញា​ដ៏ស្រស់ស្អាត​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យ៉ាកុប​ចំពោះ​យ៉ូសែប គួរឲ្យ​ខឹង​សម្បារ​មួយ​ដល់​ពួកបងប្រុស​របស់​យ៉ូសែប​អំពី​ទំនាក់ទំនង​រវាង​យ៉ូសែប និង​ឪពុក​របស់​លោក​ផងដែរ ។

នៅពេល​ពួកបងប្រុស​បាន​ទៅឲ្យ​ចំណី​ចៀម​របស់​ឪពុក​ពួកគេ នោះ​យ៉ាកុប​បាន​សុំ​ឲ្យ​យ៉ូសែប​ទៅ​មើល​ពួកគេ ។ យ៉ូសែប​បានទៅ​តាម​សំណើ ។ ប៉ុន្ដែ​វា​ហាក់​ដូចជា​គាត់​បាន​វង្វេង​ផ្លូវ ។ ដូច្នេះ​ព្រះអម្ចាស់​បាន​បញ្ជូន​បុរស​ម្នាក់​ឲ្យទៅ​ប្រាប់​ផ្លូវ​យ៉ូសែប ដើម្បី​លោក​អាច​រកឃើញ​ពួកបងប្រុស​របស់​លោក ( សូមមើល លោកុប្បត្តិ ៣៧:១៥–១៧ ) ។

នៅពេល​ពួកបងប្រុស​របស់​យ៉ូសែប​បាន​ផ្សំ​គំនិត​គ្នា​ចង់​សម្លាប់​លោក នោះ​វា​ហួសពី​ការចៃដន្យ​ទៅទៀត​ដែល​ថា មាន​រទេះ​មួយ​បាន​បរ​កាត់​ផ្លូវ​នោះ​ដើម្បី​ទៅ​ស្រុក​អេស៊ីព្ទ ។ ជាជាង​សម្លាប់​យ៉ូសែប ឬ​ទុក​លោក​ចោល​ឲ្យ​ស្លាប់​នៅក្នុង​រណ្ដៅ​នោះ ពួកបងប្រុស​របស់​លោក​បាន​លក់​លោក​ឲ្យ​អ្នកបរ​រទេះ​នោះ ។ ( សូមមើល លោកុប្បត្តិ ៣៧:២៥–២៨ ) ។

ការដឹកនាំ​របស់​ព្រះអម្ចាស់​ឃើញ​កាន់តែ​ជាក់​ច្បាស់​ម្ដងទៀត នៅពេល​រទេះ​នោះ​បាន​លក់​យ៉ូសែប​ទៅឲ្យ​ប៉ូទីផារ ដែល​ជា​មេទ័ព​នៃ​ក្រុម​រក្សា​អង្គ​របស់​ផារ៉ោន ។ ទោះបីជា​អ្នកបម្រើ​ម្នាក់​ក្ដី ក៏​យ៉ូសែប​បាន​បង្វែរ​គ្រប់​បទពិសោធន៍​ទាំងអស់​ទៅជា​អ្វីមួយ​ល្អ​ដែរ ។ ប៉ូទីផារ បានឲ្យ​យ៉ូសែប​ឡើង​ធ្វើជា​អ្នកត្រួតត្រា​ផ្ទះ​របស់​លោក ។ លោក​ទុក​របស់​លោក​ទាំងអស់​នៅក្នុង​កណ្តាប់​ដៃ​យ៉ូសែប ។ ( សូមមើល លោកុប្បត្តិ ៣៩:៤ ) ។ យ៉ូសែប​បាន​ឡើងពី​ចំណុច​ទាប​ទៅ​ចំណុច​ខ្ពស់​មួយ ិ​នៅក្នុង​ផ្ទះ​របស់​ប៉ូទីផារ ។

ទោះយ៉ាងណា ចំណុច​ខ្ពស់​នេះ​នៅ​មិនបាន​យូរ​ទេ ។ នៅពេល​ដែល​យ៉ូសែប​បាន​រត់​គេចពី​ភាពមិន​សមរម្យ​របស់​ប្រពន្ធ​ប៉ូទីផារ នោះ​នាង​បាន​ចោទ​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ ។ ទោះបីជា​ការចោទ​ប្រកាន់​របស់​នាង​មិន​ពិត​ក្ដី ក៏​យ៉ូសែប​អាច​រងនឹង​ការកាត់ទោស​ដោយ​ងាយ​ដែរ ។ ប៉ុន្ដែ វា​គួរឲ្យ​កត់​សម្គាល់ ព្រោះ​លោក​ត្រូវបាន​គេ​យកទៅ​ដាក់​គុក​តែ​ប៉ុណ្ណោះ ។ ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​រក្សា​យ៉ូសែប​ទុក​ម្ដងទៀត ។

សេចក្ដី​ជំនឿ​ដ៏អស្ចារ្យ

ប្រសិនបើ​បងប្អូន​គឺជា​បុគ្គល​ដែល​ត្រូវ​គេ​ដាក់​គុក​ទាំង​អយុត្តិធម៌​នោះ តើ​បងប្អូន​នឹង​ធ្វើ​អ្វី ? ប្រសិនបើ​នរណា​ម្នាក់​មាន​ហេតុផល​ត្រូវ​បាក់​ទឹកចិត្ត និង​ឈឺចិត្ត​នោះ គឺ​យ៉ូសែប​នេះ​ឯង ។ ការធ្លាក់​ចុះ​ដ៏ខ្លាំង​ពី​ចំណុច​ខ្ពស់​ទៅ​ចំណុច​ទាប​អាច​ងាយនឹង​បណ្ដាល​ឲ្យ​លោក​គិត​ថា « តើ​មាន​ប្រយោជន៍​អ្វី​នឹង​ព្យាយាម​បម្រើ​ដល់​ព្រះ​នោះ ? អ្វី​ដែល​ទ្រង់​ធ្វើ​នោះ​គឺ​មានតែ​ការដាក់ទោស​ខ្ញុំ​ប៉ុណ្ណោះ » ។ ប៉ុន្ដែ​យ៉ូសែប​មិន​បាន​ខឹង​សម្បារ ឬ​ស្ដីបន្ទោស​ដល់​ព្រះអម្ចាស់​ឡើយ ហើយ​លោក​ក៏មិន​ចុះចាញ់​ដែរ ។ សេចក្ដី​ជំនឿ​ដ៏អស្ចារ្យ​របស់​លោក​មិន​បាន​ធ្លាក់ចុះ​ទេ ។

ហើយ​សូម្បីតែ​នៅក្នុង​ពេល​ដ៏ងងឹត​ស្លុង​នៃ​ការជាប់​គុក​ក្ដី ក៏​ព្រះអម្ចាស់​មិនបាន​បោះបង់​យ៉ូសែប​ចោល​ដែរ ។ ដំបូង ព្រះអម្ចាស់​បាន​ផ្ដល់​ឱកាស​ឲ្យ​យ៉ូសែប​បកស្រាយ​សុបិន​របស់​អ្នក​ពិសេស​ថ្វាយ​ពែង និង​អ្នកដុត​នំ ( សូមមើល លោកុប្បត្តិ ៤០ ) ោយមក នៅពេល​ការណ៍​នោះ​បាន​នាំឲ្យ​មាន​ឱកាស​បកស្រាយ​សុបិន​របស់​ផារ៉ោន នោះ​យ៉ូសែប​បាន​ទទួល​ស្គាល់​ថា សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នេះ​បាន​គឺ​មកពី​ព្រះ ( សូមមើល លោកុប្បត្តិ ៤១:១៦ ) ។ ផារ៉ោន​មិន​ត្រឹមតែ​បាន​លើក​យ៉ូសែប​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ « ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួតត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំងមូល » ទៀត​ផង ( លោកុប្បត្តិ ៤១:៤៣ ) ។ បន្ទាប់ពី​យ៉ូសែប​បាន​រងទុក្ខ និង​ពុះពារ​អស់​ជាច្រើន​ឆ្នាំ​មក ព្រះ​បាន​ធ្វើឲ្យ​យ៉ូសែប​កា្លយជា​បុគ្គល​ដ៏មាន​ឥទ្ធិពល​ម្នាក់​នៅក្នុង​ដែនដី ជា​បុគ្គល​តែម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អំណាច​បន្ទាប់ពី​ផារ៉ោន—ជា​ចំណុច​ខ្ពស់​មួយ​ទៀត​នៅក្នុង​ជីវិត​របស់​យ៉ូសែប ។

ព្រះ​មាន​ព្រះទ័យ​ឲ្យ​វា​ជា​ការណ៍​ល្អ​ដល់​យើង

នៅ​ទីបំផុត យ៉ូសែប​បាន​ជួប​នឹង​ពួកបងប្រុស​របស់​លោក​ម្ដងទៀត ជា​អ្នក​ដែល​បាន​រៀបចំ​ផែនការ​ប្រឆាំង​នឹង​លោក ហើយ​បាន​លក់​លោក​ឲ្យធ្វើ​ជា​ទាសករ ។ លោក​អាច​កាន់តែ​មាន​អារម្មណ៍​ខឹងសម្បារ ។ លោក​អាច​បន្ទោស​ពួកគេ​ចំពោះ « កំហឹង​ភាព​អយុត្តិធម៌ » ដែល​ពួកគេ​បាន​បង្ក​ដល់​លោក ។

ប៉ុន្តែ​យ៉ូសែប​បាន​ដឹង​ថា ការឡើង និង​ការធ្លាក់​ចុះ​នៃ​ជីវិត​របស់​លោក​ត្រូវបាន​គ្រប់គ្រង​ដោយ​ព្រះអម្ចាស់ ។ ពាក្យ​សម្ដី​របស់​លោក​ទៅកាន់​ពួកបងប្រុស​របស់​លោក​ផ្ដល់ជា​គំនិត​ដល់​ការយល់ដឹង​នោះ ៖

« អ្នករាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សម្រេច​ជា​ការល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជាច្រើន ដូចជា​បាន​កើត​មាន​សព្វថ្ងៃ​នេះ ។

« ដូច្នេះ​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នករាល់គ្នា ហើយ​នឹង​កូនចៅ​របស់​អ្នករាល់គ្នា​ដែរ ។ គាត់​ក៏​កម្សាន្ដ​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ » ( លោកុប្បត្ដិ ៥០:២០–២១ ) ។

នៅពេល​យើង​ឆ្លងកាត់​គ្រា​ល្អ ក៏ដូចជា​គ្រា​មិន​ល្អ​ក្នុង​ជីវិត នោះ​វា​ជា​ការក្រើន​រំឭក​ដ៏អស្ចារ្យ​មួយ​ថា ព្រះ​មាន​ព្រះទ័យ​ឲ្យ​វា​ជា​ការណ៍​ល្អ​ដល់​យើង ។ ព្រះអម្ចាស់​បាន​ពន្យល់​ពី​គោលការណ៍​ដូចគ្នា​នេះ​ទៅកាន់​យ៉ូសែប​នៅ​ថ្ងៃ​ចុងក្រោយ ៖

« បើសិនជា​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ឆ្លងកាត់​សេចក្ដី​វេទនា; …

« បើសិនជា​អ្នក​ត្រូវ​គេ​ចោទ​ដោយ​ការចោទ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង បើសិនជា​ពួកខ្មាំង​សត្រូវ​របស់​អ្នក​សង្កត់​មក​លើ​អ្នក បើសិនជា​ពួកគេ​បំបាក់​បំបែក​អ្នក​ចេញ​ពី​សមាគម​នៃ​ឪពុក និង​ម្ដាយ … ហើយ​អ្នក​ត្រូវ​គេ​អូស​ទៅ​ដាក់​គុក …

« បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការល្អ​ដល់​អ្នក​ទៅ​វិញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៥–៧ ) ។

ទុក្ខលំបាក​តែងតែ​មាន​ជានិច្ច

នៅពេល ធែរី និង ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​របស់​យើង យើង​បាន​រកឃើញ​ការលួង​លោម​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី​ព្យាការី​របស់​ព្រះ ៖

« ែ​មាន​ជានិច្ច ។ ប៉ុន្តែ​ដោយ​ដឹង​អ្វី​ដែល​យើង​ដឹង និង​រស់នៅ​តាម​អ្វី​ដែល​យើង​គួរតែ​រស់នៅ​តាម នោះ​វា​ពិតជា​គ្មាន​កន្លែង គ្មាន​ការដោះសា​សម្រាប់​ទុទិដ្ឋិនិយម និង​ការអស់​សង្ឃឹម​នោះ​ទេ ។ …

« … ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​មិន​ជឿ​ថា ការលំបាក​ទាំងអស់​ក្នុង​ពិភពលោក​នេះ​ត្បាញ​ចូលគ្នា​យ៉ាង​តឹង​មកក្នុង​ពេលវេលា​ដ៏ខ្លី​នេះ ឬ​ថា​អ្វីៗ​មិនធ្លាប់​ពិបាក​យ៉ាងនេះ​ទេ​ពីមុន​សម្រាប់​បងប្អូន​ផ្ទាល់ ឬ​ថា​វា​នឹង​មិន​ធូរស្បើយ​ឡើយ ។ ខ្ញុំ​សូម​ធានា​នឹង​បងប្អូន​ថា អ្វីៗ​គ្រប់យ៉ាង​ធ្លាប់​ពិបាក ហើយ​វា នឹង តែងតែ​បាន​ប្រសើរ​ឡើង​ជានិច្ច ។ វា​តែងតែ​ដូច្នេះ—ជាពិសេស​នៅពេល​ដែល​យើង​រស់នៅ​តាម និង​ស្រឡាញ់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ផ្ដល់​ឱកាស​ឲ្យ​ដំណឹងល្អ​នេះ​បាន​លូតលាស់​ឡើង​នៅក្នុង​ជីវិត​របស់​យើង » ។

ចេញពី​ដំណើររឿង​របស់​យ៉ូសែប និង​ចេញពី​ព្រឹត្តិការណ៍​ដ៏​អកុសល​នៅក្នុង​ពិភពលោក​ជុំវិញ​យើង​នេះ នោះ​វា​ងាយ​នឹង​មើលឃើញ​រឿង​អាក្រក់​កើតឡើង​ចំពោះ​មនុស្ស​ល្អ ។ ការរស់នៅ​ដោយ​សុចរិត​មិនមែន​មាន​ន័យ​ថា យើង​នឹង​ចៀសផុត​ពី​ឧបសគ្គ និង​ទុក្ខសោក​នៅក្នុង​ជីវិត​របស់​យើង​នោះទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ គឺ​ដូចជា​ព្រះអម្ចាស់​បាន​គង់នៅ​ជាមួយ​នឹង​យ៉ូសែប​នៅក្នុង​ទុក្ខ​លំបាក​របស់​លោក​ដែរ នោះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​នឹង​យើង ។ ការសាកល្បង​នឹង​កើតមាន​ចៀស​មិន​រួច​ទេ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ឆ្លងកាត់​វា​ដោយ​មាន​ការតាំងចិត្ត​ដើម្បី​ស្ដាប់​ទ្រង់ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង ហើយ​បំផុស​គំនិត​យើង ដូច​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​យ៉ូសែប​ដែរ ។

កំណត់​ចំណាំ

  1. « សូម​គង់​នឹង​ខ្ញុំ ! » ទំនុក​តម្កើង ល.រ. ៩៨ ។

  2. សូមមើល ឌែល ជី រិនឡាន់ « Infuriating Unfairness » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៥ ។

  3. ហាវើដ ដបុលយូ ហឹនធើរ « An Anchor to the Souls of Men » Ensign ខែ តុលា ឆ្នាំ ១៩៩៣ ទំព័រ ៧០ ។