សន្និសីទទូទៅ
នគរ​នៃ​សិរីល្អ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


16:13

នគរ​នៃ​សិរីល្អ

យើង​មាន​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ ដែល​នឹង​ចាំទត​មើល​ថា​យើង​ទទួល​បាន​រាល់​ពរជ័យ និង​អត្ថប្រយោជន៍​ទាំងអស់​ដែល​ចំណង់ និង​ជម្រើស​របស់​យើងអនុញ្ញាត​ឲ្យ​ដែរឬអត់ ។

សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ តែងតែ​មាន​គេ​សួរ​ថា « តើ​ព្រះវិហារ​របស់អ្នក​ខុសពី​ព្រះវិហារ​គ្រីស្ទាន​ដទៃទៀត​ដោយ​របៀបណា ? » នៅក្នុង​ចំណោម​ចម្លើយដែល​យើង​ផ្តល់​មាន​ដូចជា ភាព​ពេញលេញ​នៃ​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដែល​សំខាន់​បំផុត​ក្នុង​ចំណោម​គោលលទ្ធិ​នោះ គឺ​ការពិត​ដែលថា​ព្រះវរបិតាសួគ៌​យើង​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់ទ្រង់​ខ្លាំងណាស់ ដែល​ទ្រង់ចង់​ឲ្យ​យើងទាំងអស់គ្នា​ទៅ​រស់នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ជារៀងរហូត ។ លើសពីនេះ ទ្រង់​ចង់ឲ្យ​យើង​រស់នៅ​រហូត​អស់កល្បជានិច្ច​ជាមួយនឹង​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ផែនការ​របស់​ទ្រង់​ផ្តល់​ឲ្យយើង​នូវ​ការបង្រៀន និង​ឳកាស ដើម្បី​ជ្រើសរើស​ដែល​នឹង​ធានា​ដល់​យើង​នូវ​ជោគវាសនា និង​ជីវិត​ដែលយើង​ជ្រើសរើស​នោះ ។

I.

ចេញពី​វិវណៈសម័យទំនើប​យើងដឹងថា ជោគវាសនា​ចុងក្រោយ​របស់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី​នេះ គឺ​ពុំមាន​គំនិតយោបល់​ដឹង​គ្រប់​ជ្រុងជ្រោយ អំពី​ស្ថានសួគ៌​សម្រាប់​ពួក​មនុស្ស​សុចរិត និង​ការរងទុក្ខ​ដ៏​អស់កល្បនៃ​ឋាននរក សម្រាប់​មនុស្ស​ឯ​ទៀត​នោះទេ ។ ផែនការ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ សម្រាប់​បុត្រាបុត្រី​ទ្រង់​រួម​បញ្ចូល​ការ​ពិត​នេះ​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គសង្គ្រោះ​​ព្រះយេស៊ូវ​គ្រីស្ទ​ថា ៖ « នៅក្នុង​ដំណាក់​នៃព្រះវរបិតា​ខ្ញុំ មាន​ទីលំនៅ​ជាច្រើន » ។

គោលលទ្ធិ​ដែលបាន​បើកសម្តែង​អំពី​​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បង្រៀនថា បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ—មាន​ករណី​លើកលែង​មាន​កំណត់​ខ្លាំង​ដើម្បី​ពិចារណា​នៅទីនេះ—នៅទីបំផុត​នឹងទទួល​មរតក​មួយ​នៃ​នគរ​សិរីល្អ​ទាំងបី សូម្បីតែ​សិរីល្អ​តិចតួច​ជាងគេ​បំផុត​នោះ​ក៏ « ហួស​លើស​ពី​អស់​ទាំង​យោបល់ » ផង ។ បន្ទាប់ពី​អស់​មួយ​រយៈពេល​​ដែល​ពួកអ្នក​មិនស្ដាប់​បង្គាប់​រងទុក្ខ ចំពោះ​អំពើបាប​ខ្លួន ដែល​ការរងទុក្ខនោះរៀបចំពួកគេ​សម្រាប់អ្វី​ដែលនឹង​មកដល់ ដែល​មនុស្សទាំងអស់​នឹងត្រូវ​បានរស់​ឡើងវិញ ហើយ​បន្តទៅកាន់​ការជំនុំជម្រះ​ចុងក្រោយ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវ​បានបង្រៀនថា នៅទីនោះ ព្រះអង្គសង្គ្រោះ​ដ៏ជាទីស្រឡាញ់​របស់យើង ទ្រង់ « សរសើរ​តម្កើង​ព្រះវរបិតា ហើយ​សង្គ្រោះ​អស់ទាំង​ការនៃ​ព្រះហស្ត​ទ្រង់ »  នឹង​បញ្ជូន​បុត្រាបុត្រី​ទាំងអស់​របស់ព្រះ​ទៅកាន់​នគរនៃសិរីល្អ​ណាមួយ​ក្នុងចំណោម នគរនៃសិរីល្អ​ទាំងបី ស្រប​តាម​បំណងប្រាថ្នា​ដែល​បង្ហាញតាមរយៈ​ការជ្រើសរើស​របស់ពួកគេ ។

គោលលទ្ធិ និង​ការអនុវត្ត​ជា​ពិសេស​មួយផ្សេងទៀត​របស់​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ គឺបទបញ្ញត្តិ និង​សេចក្ដីសញ្ញា​ដែលបាន​បើកសម្តែង ដែលផ្តល់ឲ្យ​ដល់ បុត្រាបុត្រី​ទាំងអស់​នៃព្រះ នូវឯកសិទ្ធិ​ដ៏ពិសិដ្ឋ ដើម្បី​ស័ក្ដិសម​នឹង​​កម្រិត​សិរីល្អ​ដ៏​ខ្ពស់បំផុត​នៅក្នុង​នគរ​សេឡេស្ទាល ។ គោល​ដៅ​ដ៏​ខ្ពស់បំផុត​នោះ—គឺ​ជា​ភាព​តម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល—​ជាការ​ផ្តោត​ដ៏​សំខាន់​របស់សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ចេញពី​វិវរណៈសម័យ​ទំនើប ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មាន​ការយល់ដឹង​ជាពិសេស​ អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ផែនការ​នោះ​ចាប់ផ្តើមឡើង ពីពេល​យើង​នៅជា​វិញ្ញាណ​មុនពេល​យើង​កើតមក​នៅលើ​ផែនដី​មកម៉េ្លះ ហើយ​វា​បង្ហាញ​ពី​គោលបំណង និង​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​នៃ​ដំណើរ​ជីវិត​រមែងស្លាប់​របស់​យើង និង​ជោគវាសនា​ដែល​យើង​ប៉ងប្រាថ្នា​ក្រោយពី​ជីវិតនេះ ។

II.

យើង​ដឹង​មកពី​វិវរណៈ​សម័យទំនើប​ថា « គ្រប់​នគរ​ទាំង​អស់​ត្រូវ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ឲ្យ »  ហើយថា​នគរ​នៃ​សិរីល្អ​ដែល​យើង​ទទួល​នៅពេល​ជំនុំជម្រះ​ចុងក្រោយ គឺ​បានកំណត់​ដោយ​ក្រឹត្យ​វិន័យ​ដែល​យើង​ជ្រើសរើស​ធ្វើតាម​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង ។ នៅ​ក្នុង​ផែនការ​ដ៏ជាទី​ស្រឡាញ់​នោះ មាន​នគរ​ជាច្រើន—មាន​វិមានជាច្រើន—ដើម្បី​ឲ្យ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ទទួល​បាន​នគរ​នៃ​សិរីល្អ​ជា​មរតក ទៅតាម​ក្រឹត្យ​វិន័យ​ដែល​ពួកគេ​អាច « កាន់តាម » បាន ។

នៅពេល​យើង​ពិពណ៌នា​អំពី​លក្ខណៈ និង​តម្រូវការ​នៃ​នគរ​នីមួយៗ​ក្នុងចំណោម​នគរទាំងបី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា យើង​ចាប់ផ្តើម​ពី​លំដាប់​ខ្ពស់ជាងគេ ដែលជា​ការផ្តោត​ដ៏សំខាន់​នៃ​បទបញ្ញត្តិ និង​ពិធីបរិសុទ្ធ​ដ៏ទេវភាព ដែល​ព្រះបាន​បើកសម្តែង​តាមរយៈ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ នៅក្នុង​សិរីល្អ « សេឡេស្ទាល »  មាន​បី​លំដាប់  ដែល​ខ្ពស់​ជាងគេ​នោះ គឺជា​ភាពលើកតម្កើង​នៅក្នុង​នគរ​សេឡេស្ទាល ។ នេះ​គឺជា​លំនៅ​របស់​អស់អ្នក​ « ដែល​បាន​ទទួល​ភាព​ពោរ​ពេញ និង​សិរី​ល្អ​របស់​ទ្រង់ » ដែល « ពួក​គេ​សុទ្ធ​តែ​ជា​ព្រះ គឺជា​បុត្រា [ និង​បុត្រី ] នៃ​ព្រះ »  ហើយ « នឹង​អាស្រ័យ​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ និង​ព្រះ​គ្រីស្ទ​របស់​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ » ។ តាមរយៈ​វិវរណៈ ព្រះ​បាន​បង្ហាញ​នូវ​ក្រិត្យវិន័យ​ដ៏​អស់កល្បជានិច្ច ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​នានា​ដែល​ត្រូវតែ​គោរព ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​នៃ​ព្រះ​ដែល​ចាំបាច់​ដើម្បី​ដឹង​ពី​សក្តានុពល​ដ៏​ទេវភាព​នេះ ។ សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្ដោត​ទៅលើ​គោលបំណង​ទាំងនេះ​នៃសាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​នេះគឺ ដើម្បី​រៀបចំ​បុត្រាបុត្រី​របស់ព្រះ​សម្រាប់​សេចក្តីសង្គ្រោះ​នៅក្នុង​សិរីល្អ​នៃ​សេឡេស្ទាល និង​ជាពិសេស គឺសម្រាប់​ភាពតម្កើងឡើង​នៅក្នុងកម្រិត​ដ៏ខ្ពស់ជាងគេបំផុត ។

ផែនការ​របស់​ព្រះ បាន​បង្កើតឡើង​នៅលើ​សេចក្តី​ពិត​ដ៏​អស់កល្ប​ជានិច្ច ដែល​អាច​ទទួល​បាន​ភាពលើកតម្កើង​តែ​តាមរយៈ​ភាព​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​រវាង​បុរស និង​ស្ត្រី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ  នៅទីបំផុត​អាពាហ៍ពិពាហ៍​នឹង​កើតមាន​ចំពោះមនុស្ស​ស្មោះត្រង់​ទាំងអស់ ។ នោះ​គឺជា​មូលហេតុ​ដែល​យើង​បង្រៀន​ថា « ភេទ​ប្រុសស្រី គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ។១០

ការបង្រៀន​ដ៏​មាន​តម្លៃ​ពិសេស​មួយ ដើម្បី​ជួយ​យើង​រៀបចំ​ខ្លួន​សម្រាប់​ភាព​តម្កើង​ឡើង គឺ​សេចក្ដីប្រកាស​អំពី​ក្រុមគ្រួសារ នៅ​ឆ្នាំ ១៩៩៥ ។១១ ការប្រកាស​របស់​វា​បញ្ជាក់​អំពី​លក្ខខណ្ឌ​ដែល​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ អស់អ្នក​ដែល​មិន​បាន​យល់​ពេញលេញ​អំពី​ផែនការ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​ទ្រង់ ប្រហែល​ជា​ចាត់ទុកថា ការ​ប្រកាស​ស្ដីពី​ក្រុមគ្រួសារ​នេះ គ្មាន​អ្វី​ក្រៅពី​សេចក្ដី​ថ្លែងការណ៍​ដែល​កែប្រែ​​គោលនយោបាយ​មួយ​តែប៉ុណ្ណោះ ។ ផ្ទុយ​ទៅវិញ យើង​អះអាង​ថា ការប្រកាស​ស្ដីពី​ក្រុម​គ្រួសារ គឺ​បាន​បង្កើតឡើង​នៅលើ​គោលលទ្ធិ​ដែល​មិនអាច​ដកហូត​បាន ដែល​កំណត់​នូវទំនាក់​ទំនង​គ្រួសារ​នៃ​ជីវិត​រមែង​ស្លាប់ ដែលជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការ​អភិវឌ្ឍ​អស់កល្ប​របស់​យើង អាច​កើតមាន​ឡើង​បាន ។

សាវក​ប៉ុល​បាន​ពិពណ៍នា​អំពី​កម្រិត​នៃ​សិរីល្អ​ទាំងបី​លំដាប់ ដោយប្រៀបធៀប​លំដាប់ទាំងនោះ​ទៅនឹង​សិរីល្អ​នៃ​ព្រះអាទិត្យ ព្រះចន្ទ័ និង​ផ្កាយ ។១២ លោក​បាន​ហៅ​លំដាប់​ខ្ពស់ជាងគេ​ថាជា « សេឡេស្ទាល » និង​លំដាប់​ទីពីរថា « ទេរេសទ្រាល » ។១៣ លោក​មិនបាន​ដាក់ឈ្មោះ​លំដាប់​ទាបជាងគេ​ទេ ប៉ុន្តែ​វិវរណៈមួយ​ដល់ យ៉ូសែប ស្មីធ បាន​បន្ថែម​ឈ្មោះ​លំដាប់​នោះថា ៖ « ទេឡេស្ទាល » ។១៤ វិវរណៈមួយ​ទៀត​នោះ​ក៏​ពិពណ៌នា​អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​ត្រូវ​ចាត់តាំង​ឲ្យ​ទៅតាម​លំដាប់​នៃ​នគរ​នៃ​សិរីល្អ​ទាំងនេះ​នីមួយៗ​ផងដែរ ។ អស់អ្នក​ដែល​មិន​ជ្រើសរើស « ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល » ១៥នឹង​ទទួល​បាន​នគរ​នៃ​សិរីល្អ​មួយ​ទៀត ដែល​ទាប​ជាង​សេឡេស្ទាល ប៉ុន្តែ​ស័ក្តិសម​នឹង​ក្រឹត្យ​វិន័យ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​អាច « ជាប់​ក្នុង » ច្បាប់​នោះ​បាន ។ ពាក្យថា ជាប់​ក្នុងមាន​ឃើញច្រើន​នៅក្នុង​ព្រះគម្ពីរ ដែល​មាន​ន័យ​ថា​ទីតាំង​សុវត្ថិភាព ។១៦ ឧទាហរណ៍ អស់អ្នកដែល​នៅក្នង នគរ​ទេរេសទ្រាល—អាច​ប្រៀបធៀប​បាន​ទៅនឹង​គោលគំនិត​ដ៏ពេញនិយម​នៃ​ស្ថានសួគ៌—« ពួក​គេ​នេះ​ហើយ ដែល​ទទួល​វត្ត​មាន​នៃ​ព្រះ​រាជ​បុត្រា ប៉ុន្តែ​ពុំ​មែន​ភាព​ពោរ​ពេញ​នៃ​ព្រះ​វរបិតា​ឡើយ » ។១៧ ពួកគេ​គឺជា « ​មនុស្ស​មាន​កិត្តិយស​នៅ​លើ​ផែនដី ដែល​ខ្វាក់​ដោយ​សារ​ឧបាយកល​នៃ​មនុស្ស។ » ១៨ប៉ុន្តែ « ពួក​គេ​នេះ​ហើយ ដែល​ពុំ​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ » ។១៩

ការពិពណ៌នា​ដែល​បង្ហាញ​ពី​អស់អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​កាន់​នគរ​ដ៏​ទាប​បំផុត​នៃ​សិរីល្អ គឺ​ស្ថាន​ទេឡេស្ទាល​គឺជា « អ្នក​ណា​ដែល​ពុំ​អាច​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​ទេរេសទ្រាល​បាន » ។២១ ដែលវា​ពិពណ៌នា​អំពីអស់អ្នក​ដែល​បដិសេធ​ព្រះអង្គសង្គ្រោះ ហើយ​អាកប្បកិរិយា​របស់​ពួកគេ​មិនបាន​គោរព​តាម​កម្រិត​ដ៏​ទេវភាព​ទេ ។ នេះ​គឺជា​នគរ​ដែល​មនុស្ស​អាក្រក់​ស្នាក់​នៅ បន្ទាប់​ពី​ពួក​គេ​បាន​រង​ទុក្ខ​ដោយ​សារ​អំពើ​បាប​របស់​ខ្លួន ។ ការណ៍​ទាំងនេះ​បាន​ពិពណ៌នា​នៅក្នុង​វិវរណៈ​សម័យទំនើប​ថា « ពួក​គេ​នេះ​ហើយ ដែល​ពុំ​បាន​ទទួល​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ឬ​ក៏​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​ដែរ ។ …

« ពួក​គេ​នេះ​ហើយ ដែល​ជា​ពួក​កំភូត និង​ពួក​មន្តអាគម និង​ពួក​កំផិត និង​ពួក​សហាយស្មន់ និង​ពួក​ដែល​ចូល​ចិត្ត​ហើយ​កុហក » ។២១

ការនិយាយ​អំពី​នគរ​នៃ​សិរីល្អ​ទាំង​បី​ជាមួយ​នឹង​ការនិមិត្ត​ព្យាករណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន ថ្មីៗ​នេះ​បាន​សរសេរ​ថា ៖ « « ជីវិត​រមែងស្លាប់​គឺស្ទើរតែ​មិនស្មើនឹង​មួយវិនាទី​ផង បើធៀបនឹង​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្តែ​វិនាទី​នោះ​ហើយ ដែល​មាន​សារៈសំខាន់​ជា​ទីបំផុត ! សូម​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​អំពី​របៀប​ដែល​វាដំណើរការ ៖ នៅក្នុង​អំឡុង​ជីវិត​នេះ​យើង​ត្រូវ​ជ្រើសរើស​ថា តើ​ក្រឹត្យវិន័យ​ណាមួយ ដែល​យើង​ស្ម័គ្រ​គោរព​តាម —ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ឬ​ទេរេសស្ទ្រាល ឬ​ទេឡេស្ទាល ហេតុដូច្នោះ តើ​នគរ​នៃ​សិរីរុងរឿង​ណាមួយ​ដែល​យើង​នឹង​រស់នៅ​ជា​រៀងរហូតនោះ ។ ផែនការ​ដ៏​អស្ចារ្យ ! វា​គឺ​ជា​ផែនការ​ដែល​ផ្តល់​ការគោរព​ដល់​សិទ្ធ​ជ្រើសរើស របស់​បងប្អូនទាំង​ស្រុង » ។២២

III.

សាវក​ប៉ុល​បាន​បង្រៀន​ថា ការបង្រៀន និង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​ប្រទាន​មក ដើម្បី​ឲ្យ​យើង​គ្រប់​គ្នា​អាច​ទទួល​បាន « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។២៣ ដំណើរការ​នោះ​ទាមទារ​ឲ្យមាន មិនគ្រាន់តែ​ជា​​ការទទួល​បាន​ចំណេះដឹង​ប៉ុណ្ណោះទេ ។ វា​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​យើង ដើម្បី​គ្រាន់តែ​ត្រូវបាន បញ្ចុះបញ្ចូលឲ្យ​ជឿ​លើ​ដំណឹង​ល្អ​នោះ យើង​ត្រូវតែ​អនុវត្ត ប្រយោជន៍​ឲ្យ​យើង​អាច ប្រែចិត្ត​ជឿដោយសារ​ដំណឹង​ល្អ ។ ជា​ការ​ផ្ទុយ​គ្នា​ទៅ​នឹង​ពិភពលោក ដែល​បង្រៀន​យើង​ឲ្យ ដឹង អ្វីមួយ រីឯ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជម្រុញ​យើង​ឲ្យ ប្រែក្លាយ​ជា អ្វីមួយ ។

ចេញពី​ការបង្រៀន​នេះ យើង​សរុបសេចក្តីថា ការជំនុំ​ជម្រះ​ចុងក្រោយ គឺ​ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​នៃ​ការបូក​សរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់—ដែល​យើង បានធ្វើ ប៉ុណ្ណោះ​នោះទេ ។ វា​អាស្រ័យ​លើ​លទ្ធផល​ចុងក្រោយ​នៃ​ទង្វើ និង​គំនិត—ដែល​យើង ប្រែក្លាយ ។ យើង​ស័ក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច តាមរយៈ​ដំណើរការ​នៃ ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ ។ ដូច​ដែលបាន​ប្រើ​នៅទីនេះ ពាក្យ​នេះមាន​អត្ថន័យ​ជាច្រើន​ដែល​បង្ហាញពី​ការផ្លាស់ប្តូ​ធម្មជាតិ​យើង​យ៉ាងជ្រាលជ្រៅ ។ វា​មិន​គ្រប់គ្រាន់​ទេ​ដែលមនុស្ស​ម្នាក់ គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការគិត​ពិចារណា​នោះ ។ បទ​បញ្ញត្តិ ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​នៃ​ដំណឹងល្អ ពុំមែន​ជា​បញ្ជី​នៃ​ការដាក់​ប្រាក់ ដែល​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​គណនី​សួគ៌ា​មួយ​ចំនួន​នោះ​ទេ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផែនការ​មួយ ដែល​បង្ហាញ​យើងពី​របៀបដើម្បី​ប្រែក្លាយ​ទៅជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​យើង​សព្វ​ព្រះហឫទ័យ​ចង់ឲ្យ​យើង​ប្រែក្លាយ ។២៤

IV.

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​ទ្រង់ នៅពេល​យើង​ធ្លាក់ចុះ​ក្នុង​ជីវិត​នេះ នោះ​យើង​អាច​ប្រែចិត្ត ហើយ​ចូលមកលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ម្ដង​ទៀត​ដែល​នាំ​ទៅ​រក​អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រាថ្នា​សម្រាប់​យើង ។

ព្រះគម្ពីរ​មរមន​បង្រៀន​ថា « ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ​[ យើង ]​ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ។២៥ ប៉ុន្តែ​ឧបសគ្ក​ដែល​រារាំងក្នុង « ជីវិតនេះ » បាន​ផ្តល់​ឲ្យ​នូវ​បរិបទ​ដ៏​មាន​សង្ឃឹម​មួយ ( យ៉ាងហោចណាស់​ជួយ​មនុស្ស​មួយចំនួន​បានខ្លះ ) ដោយសារ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨ ។ ព្យាការី​បាន​សរសេរថា « ខ្ញុំ​បាន​ឃើញ​ថា ពួក​អែលឌើរ​ដែល​ស្មោះត្រង់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​កាល​ពួក​គេ​ចាក​ចេញ​ពី​ជីវិត​នេះ​ទៅ នោះ​គេ​នៅ​តែ​បន្ត​ការងារ​គេ​ក្នុង​ការ​ផ្សាយដំណឹង​ល្អ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​លោះ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត និង​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ធំ។

« ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែចិត្ត នោះ​នឹង​បាន​ប្រោស​លោះ​តាមរយៈ​ការ​គោរព​តាម​ពិធី​ទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះ

« ហើយ​បន្ទាប់​ពី​ពួកគេ​បាន​សង​ទោស​នៃ​អំពើ​រំលង​ទាំងឡាយ​របស់​ពួកគេ ហើយ​ត្រូវ​បាន​សំអាត​ឲ្យ​បាន​ស្អាត នោះ​នឹង​បាន​ទទួល​រង្វាន់​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​ពួកគេ​ជា​អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក » ។២៦

លើសពីនេះ​យើង​ដឹងថា សហស្សវត្សរ៍ រយៈពេលមួយពាន់ឆ្នាំ​ដែល​នឹងមកតាម​ក្រោយ​ការយាង​មក​ជា​លើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ នឹង​ក្លាយជា​ពេលវេលា​ដើម្បី​អនុវត្ត​ពិធីបរិសុទ្ធ​ដែល​ចាំបាច់​សម្រាប់​អស់អ្នក​ដែលមិនបាន​ទទួលវា​នៅក្នុង​ជីវិត​រមែងស្លាប់​របស់​ពួកគេ ។២៧

មានរឿង​ជាច្រើន​ដែលយើង​មិនដឹង​អំពី​រយៈពេល​សំខាន់បី​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ៖ (១) ពិភព​វិញ្ញាណ​មុនជីវិត​លើ​ផែនដី (២) ជីវិត​លើ​ផែនដី និង (៣) ជីវិត​បន្ទាប់ពីនេះ ។ ប៉ុន្តែ​យើងដឹង​នូវសេចក្តីពិត​ដ៏អស់កល្ប​ជានិច្ច​ទាំងនេះ​ថា ៖ « សេចក្ដីសង្គ្រោះ​គឺជា​បញ្ហា​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ភាពលើក​តម្កើង​ឡើង​គឺជា​បញ្ហា​ជា​គ្រួសារ ។២៨ យើង​មាន​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ ដែល​នឹង​ចាំទត​មើល​ថា​យើង​ទទួល​បាន​រាល់​ពរជ័យ និង​អត្ថប្រយោជន៍​ទាំងអស់​ដែល​ចំណង់ និង​ជម្រើស​របស់​យើងអនុញ្ញាត​ឲ្យ​ដែរឬអត់ ។ យើង​ក៏ដឹង​ផងដែរ​ថា​ទ្រង់​នឹង​មិន​បង្ខិតបង្ខំ​នរណា​ម្នាក់​ឲ្យផ្សារភ្ជាប់​ទំនាក់ទំនង​ប្រឆាំងនឹង​ឆន្ទៈ​របស់​ខ្លួនឯងឡើយ ។ ពរជ័យ​នៃ​ទំនាក់ទំនង​ដែល​ផ្សារភ្ជាប់​បាន​ធានា​សម្រាប់​អស់អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​ពួកគេ ប៉ុន្តែ​មិន​ដោយសារ​ការបង្ខិតបង្ខំ​ឲ្យ​ផ្សារភ្ជាប់​ទំនាក់ទំនង​លើ​មនុស្ស​ម្នាក់​ផ្សេងទៀត​ដោយ​មិន​សក្តិសម ឬ​មិនចង់​នោះឡើយ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​ពីភាពពិត​នៃ​ការណ៍​នេះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​យើង​ថា « ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ​របស់​យើង » ២៩ដែល​ដង្វាយធួន​របស់​ទ្រង់ នៅក្រោម​ផែនការ​នៃ​ព្រះវរបិតាសួគ៌​ធ្វើ​ឲ្យ​វា​អាច​បាន​សម្រេច​ទាំងអស់ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕