សន្និសីទទូទៅ
មនុស្ស​ខ្ជះខ្ជាយ និង​ផ្លូវ​ដែលដឹកនាំ​ទៅផ្ទះ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


14:32

មនុស្ស​ខ្ជះខ្ជាយ និង​ផ្លូវ​ដែលដឹកនាំ​ទៅផ្ទះ

ទោះបីជា​ជម្រើសខ្លះ​អាចនាំ​បងប្អូន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ទ្រង់​ក្ដី ក៏​អង្គព្យាបាល​គង់​ចាំ​ស្វាគមន៍​បងប្អូន​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​ផ្ទះ ។

បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់ ។

រឿងនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដំណើររឿង​ខ្លី​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន ។ ចាប់តាំងពីរឿងនេះ​បាន​បកប្រែ​ជារាប់ពាន់​ភាសា​នៅទូទាំង​ពិភពលោក វា​អាច​និយាយ​បាន​ថា ក្នុង​អំឡុង​ពីរ​សហស្សវត្សរ៍​កន្លង​មក​នេះ ព្រះអាទិត្យ​នឹង​មិន​លិច​ទេ​បើ​ដំណើររឿង​នេះ​ពុំ​បាន​ដំណាល​ប្រាប់​នៅ​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​នេះ ។

រឿងនេះ​ត្រូវបាន​ដំណាល​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង​ដែល​បាន​យាង​មក​លើ​ផែនដី « ដើម្បី​ជួយ​សង្រ្គោះ​អ្វី​ដែល​បាន​បាត់បង់ » ។ ទ្រង់​ចាប់ផ្តើម​ដោយ​ពាក្យសាមញ្ញ​ទាំងនេះ ៖ « បុរស​ម្នាក់​មាន​កូនប្រុស​ពីរនាក់ » ។

ភ្លាមៗ​នោះ យើង​ដឹង​អំពី​ជម្លោះ​ដ៏​គួរឲ្យ​សោកស្ដាយ​មួយ ។ កូន​ប្រុស​ម្នាក់  ប្រាប់​ឪពុក​របស់​គាត់ ថា​គាត់​មិន​ចង់​នៅ​ផ្ទះ​នេះ​ទៀត​ទេ ។ គាត់​ចង់​បាន​សេរីភាព ។ គាត់​ចង់​ចេញ​ពី​វប្បធម៌ និង​ការបង្រៀន​របស់​ឪពុកម្តាយ​គាត់ ។ គាត់​បាន​សុំ​យក​ចំណែក​មរតក​របស់​គាត់—ឥឡូវ ។

តើ​អ្នក​អាច​ស្រមៃ​មើល​ថា តើ​ឪពុក​មាន​អារម្មណ៍​យ៉ាងណា​នៅ​ពេល​គាត់​ឮ​ដូច​នេះ ? នៅ​ពេល​គាត់​ដឹង​ថា​អ្វី​ដែល​កូន​ប្រុស​ចង់​បាន​បំផុត​គឺជា​ការ​ចាកចេញ​ពី​ក្រុមគ្រួសារ ហើយ​ប្រហែល​ជា​មិន​វិល​ត្រឡប់​មក​វិញ​ទេ ?

ដំណើរ​ផ្សងព្រេង​ដ៏អស្ចារ្យ

កូនប្រុស​នោះ​ច្បាស់ជា​មាន​អារម្មណ៍​រំភើប និង​ញាប់ញ័រ​ចំពោះ​ដំណើរ​ផ្សងព្រេង​នេះ ។ ទី​បំផុត​គាត់​ក៏​បាន​ចេញ​ដំណើរ​ទៅ​តែ​ឯង ។ ការ​មាន​សេរីភាព​ពី​គោលការណ៍ និង​ច្បាប់​ទម្លាប់​នៃ​វប្បធម៌ ក្នុង​យុវវ័យ​របស់គាត់ ទីបំផុត​គាត់​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​ដោយ​មិន​រង​ឥទ្ធិពល​ពី​ឪពុកម្តាយ​ទៀត ។ ដោយ​មិន​សោក​ស្ដាយ​អី ។ គាត់​អាច​ទទួល​យក​សហគមន៍​ដែល​មាន​គំនិត​ដូចគ្នា ហើយ​រស់នៅ​តាម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​របស់គាត់ ។

ពេល​ទៅ​ដល់​ប្រទេស​ឆ្ងាយ​មួយ គាត់​ចាប់ផ្តើម​មាន​មិត្តភក្តិ​ថ្មី​ជាច្រើន ហើយ​ចាប់ផ្តើម​រស់នៅ​តាម​ជីវិត​ដែល​គាត់​តែង​ស្រមៃ​ចង់​បាន ។ គាត់​ក្លាយជា​មនុស្ស​ពេញនិយម​របស់​មនុស្ស​ជាច្រើន ព្រោះ​គាត់​បាន​ចាយ​លុយ​ដោយ​មិន​ខ្វល់ ។ មិត្តភក្តិ​ថ្មីៗ​គាត់—ទទួល​ប្រយោជន៍​ពី​ភាពខ្ជះខ្ជាយ​របស់​គាត់—មិន​មាន​នរណា​វិនិច្ឆ័យ​គាត់​ទេ ។ ពួកគេ​បាន​អបអរសាទរ ទះដៃ ហើយ​សរសើរ​ដល់​ជម្រើស​របស់​គាត់ ។

បើមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​សម័យនោះ ប្រាកដណាស់ គាត់​ប្រហែលជា​ត្រូវបាន​គេ​សរសេរ​លើ​ទំព័រ​ជាច្រើន ទាំង​មាន​រូបថត​មិត្តភក្តិ​កំពុង​សើច​ក្អាកក្អាយ ៖ ការស់នៅ​ជីវិត​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ! មិនដែល​សប្បាយ​ជាង​នេះ​ទេ ! គួរតែ​បាន​ធ្វើ​វា​យូរ​មក​ហើយ !

គ្រោះទុរ្ភិក្ស

ប៉ុន្តែ​ពិធី​ជប់លាង​នៅ​មិន​បាន​យូរ—មិន​គង់វង្យ​នោះ​ទេ ។ មាន​រឿងពីរ​បាន​កើត​ឡើង ៖ ទីមួយ កូន​ប្រុស​នោះ​អស់លុយ ហើយ​ទីពីរ នៅក្នុង​ស្រុក​នោះ​មាន​គ្រោះទុរ្ភិក្ស ។

នៅ​ពេល​គ្រោះទុរ្ភិក្ស​មាន​កាន់ខ្លាំង​ឡើងៗ គាត់​ភិតភ័យ​ណាស់ ។ គាត់​ធ្លាប់​តែ​ជា​អ្នកមាន​ចាយ​មិន​អស់ ឥឡូវ​បែរជា​មិនអាច​ទិញ​អាហារ​ញ៉ាំ​មួយ​ពេល​បាន​នោះ​មិន​គិត​ពី​កន្លែង​ស្នាក់នៅ​ផង ។ តើ​គាត់​នឹង​រស់​ដោយ​របៀបណា ?

គាត់​ចិត្ត​ល្អ​នឹង​មិត្តភក្តិ—តើ​មិត្ត​ទាំង​នោះ​នឹង​ជួយ​ដល់​គាត់​ទេ​ពេល​នេះ ? ខ្ញុំ​អាច​មើល​ឃើញ​ថា​គាត់​សុំ​ជំនួយ​ខ្លះៗ—សម្រាប់​ឥឡូវ—រហូតដល់​គាត់អាច​ឈរ​ដោយ​ខ្លួនឯង​វិញ​បាន ។

ព្រះគម្ពីរ​ប្រាប់​យើងថា « គ្មាន​នរណា​ជួយ​គាត់​ទេ » ។

ដោយ​ហេតុតែ​ចង់រស់ គាត់បាន​ជួបនឹង​កសិករ​ម្នាក់​ដែល​ជួល​គាត់​ឲ្យ​ដាក់​ចំណី​ឲ្យ​ជ្រូក ។

ឥឡូវ​ស្រេកឃ្លាន​ខ្លាំង​ណាស់ ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យនៅ​តែឯង​ឯកា យុវជន​រូប​នោះ​ច្បាស់​ជា​ឆ្ងល់​ថា​តើ​រឿងអាក្រក់ៗ​គួរ​ឲ្យ​ខ្លាច​បែបនេះ​កើតឡើង​ដោយ​របៀប​ណា​បាន ។

វា​មិន​គ្រាន់តែ​រឿង​ស្រេកឃ្លាន​ដែលធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​នោះទេ ។ វា​គឺ​ជា​រឿង​វិញ្ញាណ​ឯកោ ។ គាត់​ប្រាកដ​ចិត្ត​ណាស់​ថា ការ​ធ្វើតាម​បំណងប្រាថ្នា​ខាងលោកិយ វា​ធ្វើ​ឲ្យ​គាត់​រីករាយដែល​ក្រិត្យវិន័យ​សីលធម៌​រារាំងដល់​សុភមង្គល​របស់គាត់ ។ ឥឡូវ​គាត់​ដឹង​ច្រើន​ជាងមុន ។ អូ៎ ! ហើយ តើ​គាត់​បង់ថ្លៃ​ប៉ុន្មាន​សម្រាប់​ចំណេះដឹង​នោះ !១០

នៅពេល​សេចក្តី​ស្រេកឃ្លាន​ខាងរូបកាយ និង​ខាងវិញ្ញាណ​មាន​ខ្លាំង​ឡើងៗ គាត់​បាន​នឹក​ឃើញ​ឪពុក​របស់គាត់ ។ តើ​ឪពុក​នឹង​ជួយ​គាត់​ទេ ក្រោយ​ពី​រឿងរ៉ាវ​បាន​កើត​ឡើង​ដូច​នោះ ? សូម្បី​តែ​ឈ្នួល​របស់​ឪពុក​គាត់​ក៏​មាន​អាហារ​ទទួល​ទាន និង​កន្លែង​ជ្រក​ពី​ព្យុះ​ភ្លៀង​ដែរ ។

ប៉ុន្តែ​គួរ​ទៅ​ជួប​ឪពុក​វិញ​ទេ ?

អត់ទេ ។

តើ​គាត់​ត្រូវ​សារភាព​ប្រាប់​អ្នកភូមិ​ថា គាត់​បាន​ខ្ជះខ្ជាយ​មរតក​ឬទេ ?

មិន​អាច​ទៅ​រួច​ទេ ។

ត្រូវ​ប្រឈមមុខ​នឹងអ្នក​ជិតខាង​ដែលធ្លាប់​ព្រមាន​គាត់​ថា គាត់​កំពុង​ធ្វើ​ឲ្យ​គ្រួសារ​​អាម៉ាស់មុខ និង​ធ្វើឲ្យ​ឪពុកម្តាយ​ខូចចិត្តហើយ ? ត្រូវ​ត្រឡប់​ទៅ​ជួប​មិត្ត​ចាស់ៗ​ក្រោយ​ពី​អួត​ថា​មាន​សេរីភាព​ហើយ​នោះ​ឬ ?

មិន​អាច​ទេ ។

តែ​ភាពស្រេកឃ្លាន ភាពឯកោ និង​វិប្បដិសារី មិន​ឃ្លាតឆ្ងាយ​ទៅ​ណា​ទេ ទាល់តែ « គាត់​បាន​មក​រក​ខ្លួន​គាត់​ពី​ដើម​វិញ »។១១

គាត់​បាន​ដឹង​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។

ការ​ត្រឡប់​ទៅ​វិញ

ឥឡូវ​សូម​យើង​ងាក​ទៅ​មើល​ឪពុក​ដែលជា​មេគ្រួសារ​ដែល​ខូច​ចិត្ត​វិញម្តង ។ តើ​ឪពុក​បាន​ចំណាយ​ពេល​ប៉ុន្មាន​រយ​ពាន់​ម៉ោង ព្រួយបារម្ភ​អំពី​កូនប្រុស​គាត់នោះ ?

តើ​ប៉ុន្មាន​ដង​ដែល​គាត់​មើល​ទៅផ្លូវ​ដែល​កូនប្រុស​គាត់​ដើរ​ចេញ ហើយ​នឹក​គិត​ពី​អារម្មណ៍​នៃ​ការបាត់បង់​របស់គាត់ ? តើ​ឳពុក​គាត់​បាន​អធិស្ឋាន​ប៉ុន្មានដង​នា​ពេល​យប់ជ្រៅ ទូល​អង្វរករ​សូម​ព្រះ​ប្រទាន​សុវត្ថិភាព​ដល់​កូន ឲ្យ​កូន​រក​ឃើញ​សេចក្តីពិត ហើយ​ត្រឡប់​មកវិញ ?

តែ​ថ្ងៃ​មួយ ឪពុក​បាន​សម្លឹង​មើល​ទៅ​ផ្លូវ​ដ៏​ស្ងាត់​មួយ—គឺ​ជា​ផ្លូវ​ដែល​តម្រង់មក​ផ្ទះ​ក៏​ឃើញ​ស្រមោលៗ​ពី​ចម្ងាយ​ដើរ​សំដៅ​មក​រក​គាត់ ។

តើ​វា​អាច​ទៅ​រួច​ទេ ?

ទោះ​បុគ្គល​នោះ​នៅ​លើ​ផ្លូវ​ដ៏​ឆ្ងាយ​ក្ដី ក៏​ឪពុក​ដឹង​ភ្លាម​ថា គឺជា​កូនប្រុស​របស់​គាត់ ។

ឪពុក​បាន​រត់​ទៅ​រក​កូន ឱប ហើយ​ថើប​កូន ។១២

តាម​សម្តី​របស់​កូន​ប្រុស​នោះ​ដែល​គេ​លើក​ឡើង​រាប់រយពាន់​ដង​កូន​បាន​ស្រែក​ថា « លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក​មែន » ។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ ។ សូម​ទទួល​ខ្ញុំ ទុក​ដូចជា​ជើងឈ្នួល​លោក​ឪពុក​វិញ​ចុះ » ។១៣

ប៉ុន្តែ​ឪពុក កាត់សម្តី​គាត់ ។ គាត់​បានស្រក់​ទឹកភ្នែក ក៏​បញ្ជា​ឲ្យ​អ្នកបម្រើ​ខ្លួនថា ៖ « ចូរ​យក​រ៉ូប​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ផ្ទះ ហើយ​ដាក់​វា​លើ​ស្មា​កូន​ប្រុស​ខ្ញុំ ។ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ឲ្យ​ផង ។ ចូរ​រៀបចំ​ពិធី​មួយ​ដើម្បី​អបអរសាទរ ។ កូនប្រុស​របស់​ខ្ញុំ​បាន​ត្រឡប់​មក​វិញ​ហើយ ! »១៤

ពិធី​អបអរសាទរ

នៅ​ការិយាល័យ​ខ្ញុំ​មានគំនូ​វិចិត្រករ​អាឡឺម៉ង់ រីឆាត ប៊ឺដ មួយ​ផ្ទាំង ។ ហារីត និង​ខ្ញុំ​ស្រឡាញ់​រូបគំនូរ​នោះណាស់ ។ វា​ពិពណ៌នា​អំពី​ទិដ្ឋភាព​ដ៏​ទន់ភ្លន់​មួយ​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ទស្សនៈ​ដ៏​ស៊ីជម្រៅ​មួយ ។

ការត្រឡប់​មកវិញ​របស់កូន​ខ្ជះខ្ជាយ​ដោយ រីឆាត ប៊ឺដ

ខណៈ​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​ត្រេកអរ​នឹង​កូន​ប្រុស​ពៅ​ត្រឡប់​មក​វិញ ក៏​មាន​អ្នក​មិន​សប្បាយ​ចិត្ត—នោះ​គឺជា​បងប្រុស​របស់​គាត់ ។១៥

គាត់​ស្ពាយ​សម្ពាធ​សតិអារម្មណ៍​ជាច្រើន ។

គាត់​បាន​នៅទីនោះ ពេល​ដែលប្អូន​ប្រុស​ទាមទារ​ចែក​មរតក ។ គាត់​បាន​ឃើញ​ឪពុក​មានទុក្ខព្រួយ​យ៉ាង​ខ្លាំង​ផ្ទាល់​ភ្នែក ។

តាំងពី​ប្អូនប្រុស​គាត់ចាក​ចេញ​ទៅ គាត់បាន​ព្យាយាម​ជួយ​សម្រាល​បន្ទុក​ឪពុក​របស់គាត់ ។ ជា​រៀងរាល់​ថ្ងៃ គាត់​ខិតខំ​ធ្វើឲ្យ​ឪពុក​គាត់​កាត់ចិត្ត ។

ហើយ​ឥឡូវ កូន​ដែល​ឥត​ប្រយោជន៍​នោះ​បាន​ត្រឡប់​មក​វិញ គ្រប់គ្នា​នៅតែ​យកចិត្តទុកដាក់​លើ​ប្អូនប្រុស​ដែល​មិនស្តាប់​បង្គាប់​នោះ​ទៀត ។

គាត់​បាន​ប្រាប់​ឪពុក​គាត់​ថា « ខ្ញុំបាន​បម្រើ​លោកឪពុក​ប៉ុន្មានឆ្នាំមកនេះ​ ហើយ​មិនដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ ។ ប៉ុន្តែ​រាល់​ពេល​កន្លង​មក​ ឪពុក​មិន​ដែល​អបអរ​ខ្ញុំទេ » ។១៦

ឪពុក​តប​ដោយ​ក្ដី​ស្រឡាញ់​ថា « កូនអើយ ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏ជា​របស់ឯងដែរ ! និយាយ​នេះ​ពុំមែន​ប្រៀបធៀប​អំពី​រង្វាន់ ឬ​ការប្រារព្ធ​ពិធី​នោះទេ ។ គឺ​និយាយ​អំពី​ការព្យាបាល ។ នេះ​ជា​គ្រា​ដែល​យើង​សង្ឃឹម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្អូនឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ! វា​បាន​បាត់បង់ តែ​ឥឡូវ​បាន​ឃើញ​មក​វិញ​ហើយ ! »១៧

រឿង​ប្រៀបប្រដូច​សម្រាប់​សម័យ​របស់យើង

បងប្អូន​ប្រុសស្រី និង​មិត្តជា​ទីស្រឡាញ់ ដូចជា​រឿងប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ​ទាំងអស់​ដែរ វា​ពុំគ្រាន់តែ​និយាយ​អំពី​មនុស្ស​ដែល​រស់នៅ​ពី​យូរ​លង់​នោះ​ទេ ។ វានិយាយ​អំពី​បងប្អូន និង​ខ្ញុំ​នាសព្វ​ថ្ងៃនេះ ។

តើ​មាន​អ្នកណា​ក្នុង​ចំណោម​ពួកយើង​ដែល​មិន​បាន​ចាកចេញ​ពី​ផ្លូវ​នៃ​បរិសុទ្ធភាព ដោយ​គិត​ល្ងិត​ល្ងង់​ថា​យើង​អាច​ស្វែងរក​សុភមង្គល​ តាមវិធី​ផ្ទាល់ខ្លួន​បាន​ច្រើនជាង​នោះ ?

តើ​មាន​អ្នកណាម្នាក់​ក្នុង​ចំណោម​ពួកយើង ដែល​ពុំ​មាន​អារម្មណ៍​រាបសា សោក​សង្រេង ហើយ​ចង់បាន​ការ​អភ័យទោស និង​ក្ដីមេត្តាករុណា​ជា​ខ្លាំងឬទេ ?

ប្រហែលជា​មនុស្ស​ខ្លះធ្លាប់​ឆ្ងល់​ថា « តើ​អាច​ត្រឡប់​ទៅ​វិញ​បាន​ឬ ? តើ​ខ្ញុំនឹង​ត្រូវគេ​ថាស្តី​ឲ្យ បដិសេធ ហើយ​មិត្ត​ចាស់ៗ​គេចមុខ​ជារៀងរហូត​ដែរឬ​ទេ ? តើ​នៅ​វង្វេង​ជារៀងរហូត​ល្អ​ជាង​ឬ ? តើ​ព្រះនឹង​តប​យ៉ាងណា បើ​ខ្ញុំ​ព្យាយាម​ត្រឡប់​មក​វិញ ? »

រឿងប្រៀបប្រដូច​នេះ​ផ្តល់​ចម្លើយ​មួយ​ឲ្យ​យើង ។

ព្រះវរបិតាសួគ៌​យើង​នឹង​យាង​មក​រក​យើង ព្រះទ័យ​ទ្រង់​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ក្តីមេត្តា ។ ទ្រង់​នឹង​ឱប​យើង ពាក់អាវ​នៅ​លើ​ស្មា​ឲ្យ​យើង ពាក់​ចិញ្ចៀន​ឲ្យ​យើង និងពាក់​ស្បែក​ជើង​ឲ្យ​យើង ហើយ​ប្រកាស​ថា « ថ្ងៃនេះ​យើង​ធ្វើ​ពិធី​អបអរសាទរ ! ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ! »

ស្ថានសួគ៌​នឹង​រីករាយ​នៅពេល​យើង​ត្រឡប់មកវិញ ។

អំណរ​ដែល​ពុំ​អាច​ថ្លែង​បាន ហើយ​ពោរពេញ​ដោយ​សិរីល្អ

ខ្ញុំ​សុំ​ពេល​មួយភ្លែត និយាយ​ទៅកាន់​បងប្អូនជា​លក្ខណៈបុគ្គល​បាន​ទេ ?

មិនថា​មាន​អ្វី​កើតឡើង​ពី​អតីតកាល​នោះ​ទេ ខ្ញុំ​សូម​បន្ទរ ហើយ​ប្រកាស​សុន្ទរកថា​មិត្ត​ជាទីស្រឡាញ់របស់​ខ្ញុំ ដែល​ជាសាវក​មួយរូប​គឺ អែលឌើរ ជេហ្វ្រី អ័រ ហូឡិន​ថា ៖ « បងប្អូន​មិន​អាច​លិច​ចុះ​ទៅ​ជ្រៅ​ជាង​ពន្លឺ​ដ៏​ចែងចាំង​[ នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ]​ដ៏​និរន្ដន៍​នោះ​ទេ » ។១៨

ទោះបីជា​ជម្រើសខ្លះ​អាចនាំ​បងប្អូន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ទ្រង់​ក្ដី ក៏​អង្គព្យាបាល​គង់​ចាំ​ស្វាគមន៍​បងប្អូន​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​ផ្ទះ ។ ក្នុងនាម​យើងជា​សមាជិកនៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​ព្យាយាម​ធ្វើតាម​គំរូ​ទ្រង់ ហើយ​ឱបក្រសោប​បងប្អូន​ក្នុងនាម​ជាបងប្អូន​ប្រុសស្រី និង​ជាមិត្ត​សំឡាញ់​របស់​យើង ។ យើង​រីករាយ និង​អបអរសាទរ​ជាមួយ​បងប្អូន ។

ការត្រឡប់​មកវិញ​របស់​បងប្អូន​នឹងមិន​ធ្វើឲ្យ​ពរជ័យ​របស់​អ្នកដទៃ​ថយចុះ​នោះទេ ។ ដ្បិត​រង្វាន់​របស់​ព្រះវរបិតា​គ្មាន​ដែន​កំណត់​ឡើយ ហើយ​អ្វី​ដែល​ត្រូវ​បាន​ប្រទាន​ដល់​អ្នកណា​ម្នាក់​នឹង​មិន​កាត់បន្ថយ​សិទ្ធិ​ពី​កំណើត​របស់​អ្នកដទៃ​នោះ​ឡើយ ។១៩

ខ្ញុំ​ពុំ​ថា ការត្រឡប់​មកវិញ​ជារឿង​ងាយ​នោះ​ទេ ។ ខ្ញុំ​អាច​ថ្លែងទី​បន្ទាល់​អំពី​រឿង​នោះ​បាន ។ តាម​ពិត វាអាច​ជា​ជម្រើស​ដ៏​លំបាក​បំផុត​ដែល​បងប្អូន​នឹង​ត្រូវ​ធ្វើ ។

ប៉ុន្តែ​ខ្ញុំ​សូមថ្លែងជា​សាក្សីថា ពេល​បងប្អូន​សម្រេចចិត្ត​ត្រឡប់​មក​វិញ ដើរតាម​មាគ៌ានៃ​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់បងប្អូន នោះ​ព្រះចេស្ដា​ទ្រង់​នឹង​យាង​ចូល​មក​ក្នុង​ជីវិត​បងប្អូន ហើយ​នឹង​ធ្វើការ​ផ្លាស់​ប្រែ​ជីវិត ។២០

ទេវតា​ទាំងឡាយ​នៅស្ថានសួគ៌​នឹងអរ​រីករាយ ។

ហើយ​យើងជា​គ្រួសារ​របស់​បងប្អូន​នៅក្នុង​ព្រះគ្រីស្ទ ក៏​នឹង​រីករាយ​ផងដែរ ។ នៅទីបំផុត យើង​ដឹងថា​ការក្លាយ​ជា​មនុស្ស​ខ្ជះខ្ជាយ​វា​យ៉ាងម៉េច ! យើង​ទាំង​អស់​គ្នា​ពឹងផ្អែក​លើ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ជា​រៀង​រាល់​ថ្ងៃ​ដូច​គ្នា ។ យើង​ស្គាល់​ផ្លូវ​នេះ ហើយ​យើងនឹង​ដើរ​ជាមួយ​បងប្អូន ។

ទេ ផ្លូវ​របស់​យើង​នឹងគេច​មិន​ផុត​ពី​ទុក្ខព្រួយ កង្វល់ ឬ​សោកសៅ​ឡើយ ។ ប៉ុន្តែ​យើងបាន​មកដល់​ពេលនេះ « ដោយសារ​ព្រះបន្ទូល​នៃព្រះគ្រីស្ទ ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏រឹងប៉ឹង​នៅលើ​ទ្រង់ ដោយពឹងផ្អែក​ទាំងស្រុង ទៅលើ​គុណបុណ្យ​ទ្រង់ ដែលមាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្គ្រោះ » ។ យើងនឹង « ឈានទៅមុខ​ដោយខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយមាន​ពន្លឺ​នៃ​សេចក្តីសង្ឃឹម​ដ៏ឥតខ្ចោះ ហើយ​ដោយមាន​ចិត្តស្រឡាញ់ព្រះ និងមនុស្ស​[ គ្រប់រូប ] ជាមួយ​គ្នា » ។២១ យើង​នឹង« ត្រេកអរ​ក្នុងទ្រង់​ដោយ​អំណរ​ដ៏ប្រសើរ​រក​ថ្លែងពុំបាន » ជា​មួយ​គ្នា២២ ដ្បិត​ព្រះយេស៊ូវ​គ្រីស្ទ​ជា​កម្លាំង​យើង !២៣

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​អាច​ស្ដាប់​ឮ សំឡេង​របស់ព្រះវរបិតា​ដែល​ហៅ​យើង​ឲ្យ​មក​លើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​ផ្ទះ នៅក្នុង​រឿង​ប្រៀបធៀប​ដ៏​ជ្រាលជ្រៅ​នេះ —ដើម្បី​យើង​អាច​មាន​ភាពក្លាហាន​ការប្រែចិត្ត ទទួល​បាន​ការអភ័យទោស និង​ដើរតាម​មាគ៌ា​ដែល​ដឹកនាំ​ត្រឡប់​ទៅ​ព្រះ​នៃ​សេចក្ដី​មេត្តាករុណា និង​ប្រកប​ដោយព្រះគុណ ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សី ហើយ​បន្សល់​ទុក​ពរជ័យ​ខ្ញុំ​ជាមួយនឹង​បងប្អូន​រាល់គ្នា នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. មាន​នៅក្នុង លូកា ១៥រឿងប្រៀបប្រដូច​នេះគឺជា​រឿងមួយ​នៅក្នុង​ចំណោម​រឿងប្រៀបប្រដូច​ទាំងបី ( ចៀម​ដែលបាត់ ប្រាក់ដួង​ដែលបាត់ កូនពៅ​ដែលបាត់ ) ដែល​បង្ហាញ​អំពី​តម្លៃនៃ​របស់​ដែលបាត់ និង​ការអបអរសាទរ​ដែល​កើតឡើង​នៅពេល​របស់នោះ​រកឃើញ​ឡើងវិញ ។

  2. លូកា ១៩:១០ ។

  3. លូកា ១៥:១១ ។

  4. កូនប្រុស​នេះ​ប្រហែលជា​នៅក្មេង ។ គាត់​មិន​ទាន់​រៀបការ ដែល​ប្រហែលជា​អាច​បង្ហាញ​បានថា​គាត់នៅជា​យុវវ័យ​នៅឡើយ ប៉ុន្តែ​មិន​ក្មេងពេក​នៅក្នុង​ការទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​គាត់ និង​ចាកចេញពី​ផ្ទះ នៅពេល​គាត់​ទទួល​បាន​ទ្រព្យ​នោះទេ ។

  5. តាមរយៈ​ច្បាប់យូដា និង​ទំនៀមទម្លាប់ កូនប្រុសបង​នៅក្នុង​ចំណោម​កូនប្រុស​ទាំងពី​រ​ទទួលចំណែក​បាន ២/៣ នៃមរតក​របស់ឪពុក ។ ដូច្នេះ កូនប្រុសប្អូន​ទទួល​ចំណែក​បាន ១/៣ នៃមរតក ។ ( សូមមើល ចោទិយកថា ២១:១៧ ) ។

  6. សូមមើល លូកា ១៥:១៣ ។

  7. សូមមើល លូកា ១៥:១៤ ។

  8. លូកា ១៥:១៦ ។

  9. ចំពោះ​សាសន៍យូដា សត្វជ្រូក​ត្រូវបានគេ​ចាត់ទុកថា « មិនស្អាត » ( សូមមើល ចោទិយកថា ១៤:៨ ) និង​ការប្រមាថ ។ ជនជាតិ​យូដា​ដែល​គោរពច្បាប់​នឹងមិន​ចិញ្ចឹម​ជ្រូកទេ ដែល​វាបង្ហាញថា​អ្នកមើល​ថែនោះ​គឺជា​សាសន៍ដទៃ ។ វាក៏អាច​ផ្ដល់ជា​យោបល់ថា​កូនប្រុសពៅ​បានធ្វើដំណើរ​ឆ្ងាយពីកន្លែង​កាន់សាសនា​យូដាផងដែរ ។

  10. អែលឌើរ នែល អេ ម៉ាកស្វែល បាន​បង្រៀនថា ៖« ប្រាកដណាស់ វាប្រសើរជាង​ប្រសិនបើ​យើង​បន្ទាបខ្លួន ‹ ដោយសារ​ព្រះបន្ទូល › ជាជាង​ការបន្ទាបខ្លួន​ដោយសារ​កាលៈទេសៈ ប៉ុន្តែ​ពេលក្រោយ​មកទៀត​ក៏បាន​[បន្ទាបខ្លួន] !​(សូមមើល អាលម៉ា ៣២:១៣–១៤) ។ គ្រោះទុរ្ភិក្ស​អាច​ជំរុញឲ្យ​មានការស្រេកឃ្លាន​ខាងវិញ្ញាណ » ( « The Tugs and Pulls of the World » Liahonaខែ មករា ឆ្នាំ ២០០១ ទំព័រ ៤៥ ) ។

  11. លូកា ១៥:១៧ ។

  12. សូមមើល លូកា ១៥:២០ ។

  13. សូមមើល លូកា ១៥:១៨–១៩, ២១

  14. សូមមើល លូកា ១៥:២២–២៤ ។

  15. សូមចាំថា កូនប្រុសពៅ​បានទទួល​មរតក​របស់គាត់​រួចហើយ ។ សម្រាប់​កូនប្រុសច្បង​នោះមាន​ន័យថា​អ្វីៗទាំងអស់​គឺជារបស់គាត់ ។ ការឲ្យអ្វីទៅ​កូនប្រុសពៅ នោះមាន​ន័យថា​ដកហូតពី​កូនប្រុសច្បង​ដែលនៅ​ផ្ទះនោះវិញ ។

  16. សូមមើល លូកា ១៥:២៩ ។

  17. សូមមើល លូកា ១៥:៣១–៣២ ។

  18. ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ ។

  19. អ្វីដែល​ឲ្យទៅម្នាក់​មិនបាន​កាត់បន្ថយ​សិទ្ធិពីកំណើត​របស់ម្នាក់ទៀត​ឡើយ ។ ព្រះអង្គសង្គ្រោះ​បានបង្រៀន​គោលលិទ្ធនេះ​នៅពេល​ទ្រង់ផ្តល់​នូវដំណើរ​រឿងប្រៀបប្រដូច​អំពីឈ្នួល​ធ្វើចម្ការ នៅក្នុង​គម្ពីរ ម៉ាថាយ ២០:១–១៦ ។

  20. សូមមើល អាលម៉ា ៣៤:៣១ ។

  21. នីហ្វៃទី ២ ៣១:១៩-២០ ។

  22. ពេត្រុស ទី១ ១:៨ ។

  23. សូមមើល ទំនុក​ដំកើង ២៨:៧ ។