សន្និសីទទូទៅ
ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


14:10

ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ

ភាព​ជាដៃគូ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច គឺជា​អំណោយទាន​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពេញចិត្ត ។

សេចក្ដីផ្ដើម

ថ្មីៗនេះ ក្រសែ​ភ្នែក​កីឡាពិភពលោក​បានផ្តោត​លើ​ការប្រកួត​បាល់ទាត់​នារី​ពិភពលោក ហ្វីហ្វា​ឆ្នាំ ២០២៣ ដែល​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ បាន​ចម្រាញ់​អត្តពលិក​លំដាប់​ពិភពលោក​ក្រុម​ជម្រើស​ជាតិ​ជាង ២០០ ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​ពី​ភាពក្លាហាន ការលះបង់ ទេពកោសល្យ និង​អត្តពលិកកម្ម​និយម​របស់​ពួកគេ ខណៈ​ដែល​ពួកគេ​ប្រកួត​ដើម្បី​កិត្តិយស​ខ្ពង់ខ្ពស់​នៃ​ពិភព​បាល់ទាត់ ។

យើង​ស្ងប់ស្ងែង​ដល់​កីឡាករ​ជាច្រើន និង​វិញ្ញាសា​ផ្សេងៗ​ទៀត ដែល​សម្រេច​បាន​ជោគជ័យ​ខ្ពស់​បំផុត​ក្នុង​ជំនាញ​របស់​ពួកគេ ។ យើង​និយាយ​អំពី​ទេពកោសល្យ ឬ​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន​ឲ្យពួកគេ ។ ការណ៍នេះ​រាប់​ទាំង​អ្នក​មាន​អំណោយទាន​ខាង​រាំ កាយសម្ព័ន្ធ តន្ត្រី សិល្បៈ ល្ខោន គណិតវិទ្យា វិទ្យាសាស្ត្រ និង​អ្វីៗ​ជា​ច្រើន​ទៀត ។ បុគ្គល​ម្នាក់ៗ​ទាំងនេះ​បង្ហាញ​ពី​អំណោយទាន​ដែល​ព្រះ​ប្រទាន​ឲ្យ ដោយ​ពួកគេ​ខិតខំ​ប្រឹងប្រែង ការសិក្សា និង​ការអនុវត្ត​ដុសខាត់ និង​ឲ្យ​កិត្តិយស​ពេញ​មួយ​ជីវិត ។ អំណោយ​ទាន​ដែល​ព្រះ​ប្រទាន​ធ្វើ​ឲ្យ​មនុស្ស​មាន​អំណោយ​ទាន ។

អនុវត្ត​អំណោយទាន​ខាង​វិញ្ញាណ

ពេលមើល​តាម​កែវភ្នែក​នៃ​ដំណឹងល្អ ព្រះ​ប្រទាន​អំណោយទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់​នូវ​អំណោយទាន​ខាងវិញ្ញាណ​ជាច្រើន ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​បុគ្គល​ដែល​មាន​អំណោយទាន​ខាងវិញ្ញាណ ។ សមាជិក​សាសនាចក្រ​ដែល​រក្សា​សេចក្តីសញ្ញា​ត្រូវ​បាន​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ ដែល​រួម​មាន​អំណោយទាន​នៃ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​របស់យើង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំណោយទាន​នៃ​សេចក្តី​ជំនឿ​ដើម្បី​ព្យាបាល និង​ប្រោស​ឲ្យ​ជា អំណោយទាន​នៃ​ការញែកដឹង អំណោយទាន​នៃ​ការទទួល​អព្ភូតហេតុ និង​អំណោយទាន​នៃ​ប្រាជ្ញា និង​ចំណេះដឹង ។ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ដ៏​ល្អ​បំផុត ពោល​គឺ​អំណោយទាន​ខាង​វិញ្ញាណ ។ ទ្រង់​ប្រទាន​អំណោយទាន​ខាងវិញ្ញាណ​ដើម្បី​ប្រទាន​ពរ​ដល់​យើង ហើយ​ប្រើ​ទៅ​ប្រសិទ្ធពរ​អ្នក​ដទៃ ។

ចូរ​ត្រឡប់​ទៅ​ការប្រៀបធៀប​របស់​យើង​អំពី​អ្នកប្រកួត​ដែល​មាន​អំណោយទាន​ជាច្រើន​វិញ វា​ជា​រឿង​សំខាន់​ដើម្បី​ចងចាំ​ថា អំណោយទាន​តែ​ម្យ៉ាង​មិនមែន​ធ្វើ​ឲ្យ​យើង​ក្លាយជា​មនុស្ស​ពូកែ​នោះ​ទេ ។ ថ្វី​ដ្បិត​តែ​ទេពកោសល្យ​ពី​ធម្មជាតិ​ពិសេស​ក៏​ដោយ តាមរយៈ​ការប្រឹងប្រែង និង​ខំ​ហាត់ ដែល​អ្នក​ប្រកួត​ខិតខំ​ដុសខាត់ និង​សំលៀង​នោះ​អាជីព​របស់​ពួកគេ ឈាន​ទៅ​ដល់​កម្រិត​ពូកែ​បំផុត ។ សូម្បីតែ​អំណោយទាន​ទាំងនោះ​ដែល​បានទទួល និង​មិន​ទាន់​បាន​ទទួល​ក្តី​ក៏​ជាញឹកញាប់​មាន​នូវ​ភាសាព្រឺព្រួច​មួយ​ថា « តម្រូវ​ឲ្យ​មាន​ការដុសខាត់​ជា​មុន​សិន » ។

ដូចគ្នា​នេះ​ដែរ ខ្ញុំ​បាន​សង្កេត​ឃើញ​ការលំបាក​នៃ​ការចាប់ផ្ដើម​រៀនសូត្រ​ដែល​ទាក់ទង​នឹង​អំណោយ​ខាង​វិញ្ញាណ ។ ការអនុវត្ត​អំណោយទាន​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មាន​លំហាត់​ខាង​វិញ្ញាណ ។ « ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​នៅក្នុង​ជីវិត អ្នក​តម្រូវ​ឲ្យ​មាន​កិច្ចការ​ខាង​វិញ្ញាណ ។ ការងារ​នេះ​រួម​មាន​ការអធិស្ឋាន​ដ៏​ក្លៀវក្លា និង​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ជាប់លាប់ ។ វា​ក៏​រួមមាន​នូវ​ការរក្សា​សេចក្តីសញ្ញា និង​ព្រះបញ្ញត្តិ​របស់​ព្រះ​ផងដែរ ។… វា​រួមមាន​នូវ​ការ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ភាពស័ក្តិសម​ជា​រៀងរាល់​សប្តាហ៍ » ។

តើ​អ្វី​ជា​ផលផ្លែ​នៃ​ការអនុវត្ត​អំណោយទាន​ខាងវិញ្ញាណ ? វា​រួមមាន​ទាំង​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​យើង​ប្រឈម​នឹង​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​យើង ហើយ​បង្ហាញ​យើង​នូវ​អ្វី​ដែលត្រូវ​ធ្វើ និងនិយាយ និង​ពរជ័យ​នៃ​ភាព​សុខសាន្ដ និង​ការលួងលោម​ចិត្ត ។ នៅពេល​យើង​ស្តាប់ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ខាងវិញ្ញាណ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​លើកតម្កើង​សមត្ថភាព និង​លទ្ធភាព​យើង​ឲ្យ​លើស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង ។ អំណោយទាន​ខាងវិញ្ញាណ​ដ៏​មាន​តម្លៃ​ទាំងនេះ​នឹង​ជួយ​យើង​ក្នុង​គ្រប់​សណ្ឋាន​នៃ​ជីវិត​របស់យើង ។

ភាព​ជាដៃគូ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច គឺជា​អំណោយទាន​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពេញចិត្ត ។

តើ​អំណោយ​ទាន​នេះ​មាន​សារៈសំខាន់​យ៉ាងណា ? ប្រធាន រ័សុល អិម ណិលសុន បាន​ឆ្លើយ​ថា « នៅ​គ្រា​ខាង​មុខ នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

របៀប​ដើម្បី​អញ្ជើញ និង​ស្គាល់​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ

ក្នុង​អំឡុង​នៃ​ការងារបម្រើ​របស់ខ្ញុំ ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាសាកល​ចង់ ដើម្បី​ដឹង​ពី​របៀប​អញ្ជើញ និង​ស្គាល់​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ហើយ​មក​តាម​របៀប​ផ្សេងៗ​គ្នា ។ ទោះយ៉ាង​ណា យើង​មាន​ពរ​ណាស់​ដែល​មាន​ប្រសាសន៍​របស់​ព្យាការី ទាំង​ពី​សម័យ​បុរាណ និង​សម័យ​ទំនើប ផ្តល់​ឲ្យ​យើង​នូវ​ការយល់ដឹង​ដ៏​មាន​តម្លៃ​អំពី​របៀប​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ ។

ខ្ញុំ​សូម​ផ្តល់​ជូន​នូវ​គោលការណ៍​ណែនាំ​ចំនួន​បួន ដែល​អាច​ជា​ជំនួយ​ដល់​បងប្អូន​ក្នុង​ការអញ្ជើញ និង​ស្គាល់​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ។

ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ

ទីមួយ​គឺ​ត្រូវ​ឈរ​នៅកន្លែង​បរិសុទ្ធ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចូលរួម​ការ​សម្ភោធ​ព្រះវិហារបរិសុទ្ធ​តូក្យូ​ប្រទេស​ជប៉ុន ។ ការ​ឆ្លើយតប​ចំពោះ​ការ​អញ្ជើញ​ជា​ផ្លូវការ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ទាំង​ភ្ញៀវ​សារព័ត៌មាន និង​ភ្ញៀវ​កិត្តិយស គឺ​ទទួល​បាន​ហួសពីការរំពឹងទុក ។ មនុស្ស​រាប់​រយ​នាក់​បាន​ចូលរួម​ក្នុងដំណើរ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ។ ភ្ញៀវកិត្តិយស​ទាំងឡាយ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ភាពស្រស់ស្អាត​នៃ​ព្រះវិហារ​បរិសុទ្ធ រួមទាំង​គំរូ និង​ការតុបតែង​ដែល​ផ្សារភ្ជាប់​ប្រពៃណី​ជប៉ុន​យ៉ាង​ជ្រាលជ្រៅ ។ អ្វី​ដែល​កាន់តែ​សំខាន់​នោះ គឺ​គារវភាព និងការគោរព ដែល​ភ្ញៀវមាន ខណៈពិធី​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ត្រូវ​បានពិពណ៌នា​នៅក្នុង​បន្ទប់​ដែល​ពិធីបរិសុទ្ធ​ទាំងនេះ​នឹង​ធ្វើឡើង ។ ប៉ុន្តែ​ដែល​កក់ក្ដៅបំផុត​នោះ​គឺ​ជា​ការបំផុស​ពី​ព្រះ​វិញ្ញាណ ។

គ្រា​នៅជាមួយ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ ។ បន្ទាប់ពី​ស្មឹងស្មាធ​ដោយ​ស្ងប់ស្ងាត់​មួយ​សន្ទុះ​នៅក្នុង​បន្ទប់​សេឡេស្ទាល គាត់​បាន​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ ដោយ​រំជួលចិត្ត និង​ប៉ះពាល់​ដួង​ចិត្ត​ខ្លាំង​ថា « សូម្បី​តែ​ខ្យល់​ដែល​ខ្ញុំ​ដកដង្ហើម​ក្នុង​បន្ទប់​នេះ​ក៏​មាន​អារម្មណ៍​ខុស​គ្នា​ដែរ » ។ ខ្ញុំ​ដឹង​ថា​គាត់​កំពុង​ព្យាយាម​ពិពណ៌នា​អំពី​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពិត​ជា​គង់​នៅ​ក្នុង​កន្លែង​ពិសិដ្ឋ ។ បើ​បងប្អូន​សង្ឃឹម​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ សូម​នៅ​កន្លែង​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ​យ៉ាង​ងាយ ។

ព្រះវិហារបរិសុទ្ធ និង​ផ្ទះរបស់យើង គឺ​ជា​កន្លែង​ពិសិដ្ឋ​បំផុត​នៃ​កន្លែង​ឧទ្ទិស​ឆ្លង​ទាំងនេះ ។ នៅក្នុង​កន្លែង​ទាំងនេះ យើង​ងាយ​យាង​អញ្ជើញ និង​ទទួលស្គាល់​ព្រះវិញ្ញាណបរិសុទ្ធ ។ កន្លែង​បរិសុទ្ធ​ផ្សេងទៀត​រួម​មាន​សាលប្រជុំ អគារ​សិក្ខាសាលា និង​វិទ្យាស្ថាន និង​ទីកន្លែង​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​មជ្ឈមណ្ឌល​អ្នក​ទស្សនា​ទាំងឡាយ ។ ឈរ​នៅ​ទី​បរិសុទ្ធ

ឈរ​​ជាមួយ​បុគ្គល​បរិសុទ្ធ

ទីពីរ ឈរ​ជាមួយ​បុគ្គល​បរិសុទ្ធ ។ ខ្ញុំ​នឹង​រៀបរាប់​អំពី​គោលការណ៍​ណែនាំ​ទី​ពីរ​ចេញពី​ការចងចាំ​មួយ​ទៀត ។

ខ្ញុំ​មិន​ដែល​ភ្លេច​ការចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​ដែល​ប្រារព្ធ​ឡើង​នៅ​ទីលាន​ប្រកួត​កីឡា​ដ៏​ល្បី​មួយ​ទេ ។ ជា​ធម្មតា​ទីលាន​នេះ​ពោរពេញ​ទៅ​ដោយ​អ្នក​គាំទ្រ​ហ៊ោកញ្ជ្រៀវ​អបអរ​ក្រុម​ម្ចាស់​ផ្ទះ ហើយ​សើច​ចំអក​ដល់​គូ​ប្រកួត​របស់​ពួកគេ ។ ប៉ុន្តែ​នៅ​យប់​នេះ បរិយាកាស​ខុសប្លែក​បន្តិច ។ ទីលាន​នោះ​មាន​សុទ្ធតែ​មនុស្ស​វ័យក្មេង​រាប់​ពាន់​នាក់​ដែល​ប្រមូល​ផ្ដុំ​គ្នា​គោរព និង​រំឭក​ដល់​ជីវិត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ គាវរភាព សំឡេង​ស្ងប់ស្ងាត់ អំណរគុណ និង​ដួងចិត្ត​ដែល​ពោរពេញ​ដោយ​ការអធិស្ឋាន​របស់​ពួកគេ​បាន​បំពេញ​ទីលាន​នេះ​ដោយ​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​អាច​មើលឃើញ​ព្រះវិញ្ញាណ​នៅលើ​ផ្ទៃមុខ​ពួកគេ​យ៉ាង​ច្បាស់ ។ វា​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ស្ដែង​ចេញ​ជា​សកម្មភាព​ទីបន្ទាល់​អះអាង​ថ្លែង​ពី យ៉ូសែប ស្ម៊ីធ និង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។

គ្មាន​អ្វី​អាច​ឃាត់​ព្រះវិញ្ញាណ​មិន​ឲ្យ​គង់​នៅ​ក្នុង​ចំណោម​ការប្រមូលផ្ដុំ​នៃ​ជន​បរិសុទ្ធ​ឡើយ ។ បើ​បងប្អូន​សង្ឃឹម​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ សូម​នៅ​ជាមួយ​បុគ្គល​ដែល​ព្រះវិញ្ញាណ​អាច​គង់នៅ​យ៉ាង​ងាយ​នោះ ។ ព្រះអង្គសង្រ្គោះ​បានមាន​ព្រះបន្ទូល​ថា « ដ្បិត​កន្លែង​ណា​ដែល​មាន ២ ឬ ៣ នាក់​ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ » ។ សម្រាប់​យុវវ័យ សូម​ពិចារណា​អំពី​ការប្រមូលផ្តុំ​បុគ្គល​បរិសុទ្ធ​របស់​ក្មួយៗ មាន​កូរ៉ុម និង​ថ្នាក់​របស់​ក្មួយៗ FSY និង​ថ្នាក់សិក្ខាសាលា វួដ និង​សកម្មភាព​ស្តេក —​ក្រុម​ចម្រៀង​វួដ ។ សូម​ជ្រើសរើស​នៅ​ជាមួយ​បុគ្គល​សុចរិត ហើយ​ទៅ​កន្លែង​ដែល​មាន​សេចក្តី​សុចរិត ។ ស្វែងរក​កម្លាំង​របស់​បងប្អូន​នៅ​ក្នុង​ចំណោម​មនុស្ស​ដទៃ ។ ស្វែងរក​មិត្តល្អ ។ ធ្វើ​ជា​មិត្ត​ល្អ ។ គាំទ្រ​គ្នា​នៅ​គ្រប់​កន្លែង​ដែល​បងប្អូន​នៅ ។ ឈរ​ជាមួយ​បុគ្គល​បរិសុទ្ធ ។

ថ្លែងទីបន្ទាល់​អំពី​សេចក្តីពិត​ដ៏​បរិសុទ្ធ

ទីបី ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​បរិសុទ្ធ​ឲ្យ​បានញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន ។ ជា​និច្ចកាល​ព្រះ​ដ៏​ជា​ជំនួយ​ចែកចាយ​សំឡេង​ទ្រង់ ពេល​យើង​ថ្លែង​ទីបន្ទាល់​ដោយ​សំឡេង​របស់​យើង ។ ព្រះវិញ្ញាណ​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​អ្នក​និយាយ និង​អ្នក​ស្តាប់​ដូច​គ្នា ។

ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​ធ្លាប់​ជិះ​តាក់ស៊ី​រយៈ ៤៥ នាទី​នៅទីក្រុង​ញូវ​យ៉ក ។ នៅក្នុង​ការសន្ទនា​ដ៏​កក់ក្តៅ​អំពី​ដំណឹងល្អ​ជាមួយ​អ្នក​បើកបរ​ក្នុង​អំឡុង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​អាកាស​យានដ្ឋាន ខ្ញុំ​បាន​បង់​ប្រាក់​ឲ្យ​គាត់ ហើយ​រៀបចំ​ខ្លួន​ចេញពី​តាក់ស៊ី ។ រួច​ខ្ញុំ​ភ្ញាក់ខ្លួន​ថា ខ្ញុំ​មិន​បាន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែកចាយ​នោះ​ទេ ។ ឈប់សិន ខ្ញុំ​បាន​ចែកចាយ​ទីបន្ទាល់​សាមញ្ញ​ខ្លី​មួយ ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ​មក ធ្វើ​ឲ្យ​យើង​ទាំងពីរ​នាក់​ទឹកភ្នែក​រលីងលោង ។

នៅពេល​បងប្អូន​ស្វែងរក និង​ឆ្លៀត​ឱកាស​ចែកចាយ​ទីបន្ទាល់​បងប្អូន​នឹង​អ្នក​ដទៃ នោះ​បងប្អូន​នឹង​បង្កើត​ពេល​វេលា​ដើម្បី​ស្គាល់​ព្រះវិញ្ញាណ​ផ្ទាល់​ខ្លួន ។

សូម​ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ

គោលការណ៍​ចុងក្រោយ​គឺ​ការស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​អាច​ធ្វើ​ជា​គូកន​យើង​ជានិច្ច ប៉ុន្តែ​ទ្រង់​មាន​បន្ទូល​ដោយ​ទន់ភ្លន់ និង​ស្ងប់ស្ងាត់ ។ ព្យាការី អេលីយ៉ា បាន​រកឃើញ​ថា ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មិន​នៅក្នុង​ខ្យល់ ការរញ្ជួយ​ដី ឬ​ភ្លើង​ឡើយ ប៉ុន្តែ​ជា « សំឡេង​តូច​រហៀងៗ » ។ ព្រះសូរសៀង « ពុំ​មែន​ជា​សូរ​ផ្គរលាន់​ទេ » ប៉ុន្តែ​ជា « សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពាក្យ​ខ្សឹប » ប៉ុន្តែ​ព្រះសូរសៀង​នេះ​អាច « ចាក់​ទំ​លុះ​ទៅ​ដល់​ទាំង​ព្រលឹង » ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​ថ្លែងថា ៖ « ព្រះវិញ្ញាណ​ពុំ​ទាញ​ការយកចិត្ត​ទុកដាក់​របស់​យើង​ដោយ​ការស្រែក ឬ​ចាប់​រលាក់​ដៃ​យើង​ខ្លាំងៗ​នោះ​ទេ ។ តែផ្ទុយ​ទៅ​វិញ​ព្រះវិញ្ញាណ​ខ្សឹប ។ ព្រះវិញ្ញាណ​មាន​លក្ខណៈ​ទន់ភ្លន់​ខ្លាំង បើ​យើង​វីវក់ នោះ​យើង​ប្រហែលជា​មិន​ទទួល​អារម្មណ៍​ដឹង​ពី​ទ្រង់​ទាល់តែ​សោះ » ។១០ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពេល​ខ្លះ​ព្រះសូរសៀង​ទ្រង់​ស្រទន់​ណាស់ ឬ​ខ្ញុំ​រវល់​ពេក​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់​បាន​ឮ​សូរសៀង​នេះ​ជំនួស​ខ្ញុំ ។ ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​ខ្ញុំ​បាន​កើត​មាន​ឡើង​ជា​ច្រើនដង​តាម​រយៈ​ភរិយា​ខ្ញុំ លីសា ។ ឪពុកម្តាយ ឬ​ថ្នាក់​ដឹកនាំ​ដ៏សុចរិត​អាច​ទទួល​បាន​ការណែនាំ​ដ៏​បំផុស​គំនិត​សម្រាប់​បងប្អូន​ផងដែរ ។

សំឡេង​ស្រែក​ហ៊ោ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែល​មាន​នៅ​ក្នុង​ពិភពលោក​អាច​នឹង​មាន​ឥទ្ធិពល​គ្រប​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏ស្ងប់ស្ងាត់ ហើយ​តូចរហៀងនោះ ។ សូម​ស្វែងរក​កន្លែង​ស្ងាត់មួយ កន្លែង​បរិសុទ្ធមួយ ដែល​បងប្អូន​អាច​ព្យាយាម​ដើម្បី​ទទួលបាន​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។

ពាក្យ​ណែនាំ​មួយចំនួន

នៅពេល​បងប្អូន​ពិចារណា​អំពី​គោលការណ៍​ទាំងនេះ​ដើម្បី​យាងអញ្ជើញ និង​ស្គាល់​ព្រះវិញ្ញាណ សូម​ពិចារណា​ពាក្យ​ណែនាំ​ខាងក្រោម​នេះ​ដោយ​យកចិត្តទុកដាក់ ។១១

បញ្ជាក់ពី​ការបំផុស​គំនិត​ខាងវិញ្ញាណ​របស់​បងប្អូន ។ ឧទាហរណ៍ ការបំផុស​ពី​ព្រះវិញ្ញាណ​នឹង​ស្រប​ទៅនឹង​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ។

ត្រូវ​ប្រាកដ​ថា​អារម្មណ៍​ដែល​បងប្អូន​ទទួលបាន​គឺ​ស្រប​នឹង​ការចាត់តាំង​របស់​បងប្អូន ។ លុះត្រា​តែ​បងប្អូន​ត្រូវ​បាន​ហៅ​ដោយ​សិទ្ធិ​អំណាច​ត្រឹម​ត្រូវ នោះ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​មិន​ត្រូវ​បាន​ប្រទាន​ឲ្យ​បងប្អូន​ដើម្បី​ប្រឹក្សា ឬ​កែ​តម្រូវ​អ្នក​ដទៃ​ឡើយ ។

រឿង​ខាង​វិញ្ញាណ​មិន​អាច​បង្ខំ​បានទេ ។ បងប្អូន​អាច​បណ្ដុះ​អាកប្បកិរិយា និង​បរិយាកាស​ដែល​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បងប្អូន​អាច​រៀបចំ​ខ្លួន ប៉ុន្តែ​បងប្អូន​មិន​អាច​កំណត់​ពី​របៀប ឬ​ពេល​ដែល​ការបំផុសគំនិត​មក​ដល់​ឡើយ ។ ចូរ​អត់ធ្មត់ និង​ទុកចិត្ត​ថា បងប្អូន​នឹងទទួលអ្វី​ដែលបងប្អូន​ត្រូវការ កាលពេលវេលា​មកដល់ ។

ប្រើ​ការ​វិនិច្ឆ័យ​ដ៏ល្អ​បំផុត​របស់បងប្អូន ។ ពេលខ្លះ យើង​ចង់ទទួល​បានការដឹកនាំ​ពី​ព្រះវិញ្ញាណ​នៅគ្រប់កិច្ចការ ។ ប៉ុន្តែ​ជារឿយៗ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យយើង​ប្រើ​បញ្ញា​ដែល​ព្រះ​ប្រទាន​ឲ្យ ហើយ​ធ្វើ​សកម្មភាព​តាម​របៀប​ដែល​ស្រប​ទៅនឹង​ការយល់ដឹង​ដ៏ល្អ​បំផុត​របស់យើង ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖

« បំណង​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ គឺ​ជា​កម្លាំង​មួយ ប៉ុន្តែ វា​ចាំ​បាច់​ត្រូវ​អម​ដោយ​ការ​យល់​ដឹង​មួយ​ថា ព្រះ​វរបិតា​សួគ៌​យើង បាន​ទុក​ឲ្យ​យើង​ជ្រើស​រើស​ផ្ទាល់​ខ្លួន ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ។… មនុស្ស​ដែល​ព្យាយាម​ដាក់​ការ​សម្រេច​ចិត្ត​ទាំង​អស់​ទៅ​ឲ្យ​ព្រះអម្ចាស់ ហើយ​ទូល​អង្វរ​សូម​វិវរណៈ​នៅ​គ្រប់​ជម្រើស​មិន​យូរ​មិន​ឆាប់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពួកគេ​អធិស្ឋាន​សូម​ការ​ណែនាំ តែ​មិន​បាន​ទទួល​វា​ឡើយ ។…

« យើង​គួរ​សិក្សា​រឿងទាំងឡាយ​ក្នុង​គំនិត​របស់​យើង ។ … បន្ទាប់មក យើង​គួរ​តែ​អធិស្ឋាន​សម្រាប់​ការ​ណែនាំ ហើយ​ធ្វើ​តាម ។ … បើ​យើង​មិន​ទទួល​បាន​ការដឹកនាំ យើង​គួរធ្វើតាម​ការវិនិច្ឆ័យ​ដ៏ល្អបំផុត​របស់​យើង » ។១២

សេចក្ដីបញ្ចប់​ជាមួយ​នឹង​ការអញ្ជើញ

សរុប​សេចក្តីមក ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​គួរតែ​ជា​មនុស្ស​ដែលមាន​អំណោយទាន​ក្នុង​ការរក្សា​សេចក្តីសញ្ញា ។ យ៉ាង​ណា​ក៏​ដោយ យើង​ម្នាក់ៗ​នៅតែ​តម្រូវ​ឲ្យខិតខំ​អនុវត្ត​អំណោយ​ទាន​ខាង​វិញ្ញាណ បន្ទាប់​មក​យាងអញ្ជើញ ហើយ​រៀន​ស្គាល់​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ។ គោលការណ៍​ណែនាំ​ចំនួន​បួន​ដើម្បី​ជួយយើង​ក្នុងការ​ខិតខំ​ខាងវិញ្ញាណ​ដ៏សំខាន់​នេះគឺ ៖

  1. ឈរ​នៅ​ទី​បរិសុទ្ធ ។

  2. ឈរ​ជាមួយ​បុគ្គល​បរិសុទ្ធ ។

  3. ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏បរិសុទ្ធ ។

  4. សូម​ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សមត្ថភាព​របស់​បងប្អូន​ក្នុងការ​យាងអញ្ជើញ និង​ទទួល​ស្គាល់​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​នឹង​អភិវឌ្ឍ​មួយ​ជំហាន​ម្តងៗ ។ « ការ​កាន់​តែ​ស្គាល់​ភាសា​នៃ​ព្រះវិញ្ញាណ គឺ​ដូចជា​ការ​រៀន​ភាសា​ផ្សេង​មួយ​ទៀត​ដែរ ។ វាគឺជា​ដំណើរ​ការ​សន្សឹមៗ​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ខិតខំ​យ៉ាង​ឧស្សាហ៍ » ។១៣

ជាថ្មី​ម្ដងទៀត សូម​ចងចាំ​ថា ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អ្នក​មាន​អំណោយទាន ។ សូម​ស្រមៃ​ពី​ទិដ្ឋភាព​ថ្ងៃអាទិត្យ​តមអាហារ​ស្រដៀង​គ្នានេះ ដែល​រៀបរាប់​ប្រាប់ខ្ញុំ​កាល​ថ្មីៗ​នេះ ។ មាន​ក្មេង​ម្នាក់​ឈរ​លើ​ឈើ​កំណល់ជើង​ដែល​មើល​ស្ទើរតែ​មិនឃើញ​នៅលើ​វេទិកា ។ ឪពុក​នាង​បាន​ឈរ​ក្បែរ​នាង​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត និង​ជួយ​ដោយ​ខ្សឹប​ដាក់​ត្រចៀក​នាង ខណៈ​នាង​បាន​ចែកចាយ​ដោយ​មោទនភាព​ថា « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

ទីបន្ទាល់​មួយ​ទៀត​គឺ​មក​ពី​យុវមជ្ឈិមវ័យ​ម្នាក់​ដែល​បាន​ចាប់ផ្តើម​និយាយ​ដោយ​ការ​ភ័យ​ខ្លាច​ថា « ខ្ញុំ​ចង់​មាន​អ្នក​ខ្សឹប​ដាក់​ត្រចៀក​ផងដែរ » ។ បន្ទាប់​មក នាង​មាន​ការ​បំផុស​គំនិត ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​មាន​នរណា​ម្នាក់​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​បែប​នោះ​គឺ— ព្រះវិញ្ញាណ​បរិសុទ្ធ ! »

ខ្ញុំ​សូម​បញ្ចប់​ដោយ​ការ​អញ្ជើញ​មួយ ជាពិសេស​ចំពោះ​យុវវ័យ ។ បងប្អូន​ជាច្រើន​ចាប់ផ្តើម​ថ្ងៃ​របស់ខ្លួន​ដោយ​ឈរ​នៅមុខ​កញ្ចក់ ។ ថ្ងៃស្អែក សប្តាហ៍នេះ ឆ្នាំនេះ ជានិច្ចកាល ចូរ​ឈរ​មួយ​ភ្លែត ដូច​ចាំមើល​ខ្លួនឯង​ក្នុងកញ្ចក់​ដែរ ។ ចូរ​គិត​ក្នុង​ចិត្ត ឬ​បើ​ប្អូនៗ​ចូលចិត្ត ចូរ​និយាយ​ខ្លាំងៗថា ៖ « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! ខ្ញុំ​ជា​កូន​របស់​ព្រះ ! ទ្រង់​ស្គាល់​ខ្ញុំ ! ទ្រង់​ស្រឡាញ់​ខ្ញុំ ! ខ្ញុំ​មាន​អំណោយទាន—​អំណោយទាន​ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ជាដៃ​គូដ៏​ខ្ជាប់​ខ្ជួន​របស់ខ្ញុំ ! »

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ទៅកាន់បងប្អូន ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ជា​អ្នក​មាន​អំណោយទាន អំពី​ព្រះជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាម៉ែន ៕