សន្និសីទទូទៅ
ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


10:33

ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច « ធន់​នៅ​ថ្ងៃ​នោះ » បាន ។

វាគឺជា​ថ្ងៃមួយ​ពោរពេញ​ទៅដោយ​រឿង​ប្រៀបប្រដូច ដែលបាន​បង្ហាញចំៗ​ចំពោះ​សំណួរ​ស្មុគស្មាញ និង​គោលលទ្ធិ​ជ្រៅ ។ បន្ទាប់ពី​បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង​ទៅដល់​អស់អ្នក​ដែល​ប្រៀបដូចជា « ម៉ុងខ្មោច​ដែល​លាបស​ឯខាងក្រៅ ល្អមើល​ពិតមែន តែ​ខាងក្នុង​មានពេញ​ដោយ​ឆ្អឹងខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់មុខ​វិញ » នោះ​ព្រះយេស៊ូវ​បានបង្រៀន​រឿង​ប្រៀបប្រដូច​បីថែមទៀត​អំពី​ការត្រៀមខ្លួន​ខាងវិញ្ញាណ និង​ភាពជាសិស្ស ។ រឿង​ប្រៀបប្រដូច​មួយក្នុង​ចំណោម​រឿងទាំងបី​នោះគឺ​រឿង​ស្ត្រីព្រហ្មចារី​ទាំងដប់នាក់ ។

« គ្រានោះ នគរស្ថានសួគ៌​នឹងបាន​ដូចជា​ស្រីព្រហ្មចារី​ដប់នាក់ ដែលយក​ចង្កៀង​រៀងខ្លួន ចេញទៅ​ទទួលប្តី​ថ្មោងថ្មី ។

ក្នុង​ពួកនាង​ទាំងនោះ មាន​ប្រាំនាក់​មានគំនិត ហើយ​ប្រាំនាក់ល្ងង់ ។

នាង​ល្ងង់​ទាំងនោះ យកតែ​ចង្កៀង​ទៅ តែមិនបាន​យកប្រេង​ជាប់នឹង​ខ្លួនផងទេ ៖

ឯពួកនាង​មាន​គំនិតវិញ បានយក​ទាំងចង្កៀង ហើយ​និង​ប្រេង​ដាក់ក្នុង​ដបទៅ​ជាមួយផង ។

តែដោយ​ព្រោះ​ប្តី​ក្រ​មក​ពេក បាន​ជានាង​ទាំងនោះ​ងោកងុយ ហើយ​ដេកលក់​ទៅ ។

លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់តែ​ឮសូរ​សម្រែក​ថា នែ ប្តី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ។

ស្រី​ព្រហ្មចារី​ទាំងឡាយ​ក៏ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀងៗ​រាល់​ខ្លួន ។

ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ ។

តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ ។

ហើយ​កំពុង​តែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្តី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បម្រុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោងការ​ជាមួយ​គ្នា រួចគេ​បិទ​ទ្វារ ។

« ឯ​នាង​ព្រហ្មចារី​ឯទៀត​ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើងខ្ញុំ​ផង » ។

« តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ ។

« ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ជា​ថ្ងៃណា ឬ​ពេលណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះទេ » ។

ប្រធាន ដាល្លិន អេក អូក បានបង្ហោះ​សំណួរ​បំផុស​គំនិត​ដូចខាងក្រោម ដែល​ទាក់ទង​នឹង​ការ​មក​ដល់​របស់​ប្តី​នោះថា ៖ចុះ​បើ​ថ្ងៃ​នៃ​ការយាង​មក​របស់​ទ្រង់​គឺជា​ថ្ងៃស្អែក​វិញ​នោះ ? ប្រសិនបើ​យើងបាន​ដឹងថា យើង​ត្រូវជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក—តាមរយៈ​ការស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការយាងមក​ដែល​មិន​បាន​រំពឹងទុករបស់ទ្រង់—តើ​យើងនឹង​ធ្វើអ្វី​នៅ​ថ្ងៃ​នេះ ?

ខ្ញុំ​បាន​រៀន​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា​ការត្រៀមខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ការយាងមក​របស់​ព្រះអម្ចាស់ ពុំ​គ្រាន់តែ​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វិធី​តែមួយគត់​ដើម្បី​ស្វែងរក​ភាពសុខសាន្ត និង​សុភមង្គល ។

វា​ជា​ថ្ងៃ​ដ៏​តក់ស្លុត​មួយ​នៅពេល​ដែលខ្ញុំ​បានឮ​ជា​លើក​ដំបូង​ថា « អ្នកមាន​ជំងឺ​មហារីក » ។ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ស្រឡាំងកាំង ! យើង​បើក​ឡាន​មក​ផ្ទះ​វិញ​ទាំងស្ងៀមស្ងាត់​កាលគិត​អំពី​ដំណឹង​នោះ ដួងចិត្ត​ខ្ញុំ​បានគិត​ទៅ​ដល់​កូនប្រុស​ទាំងបីនាក់​ ។

ខ្ញុំបាន​ទូលសួរ​ទៅកាន់​ព្រះវរបិតា​ក្នុង​ចិត្ត​ថា « តើ​ទូលបង្គំ​នឹងត្រូវ​ស្លាប់​មែនទេ ? »

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ខ្សឹប​ប្រាប់ថា « អ្វីៗ​ទាំងអស់​នឹងមិន​អីទេ » ។

បន្ទាប់មក​ខ្ញុំបាន​សួរថា « តើ​ទូលបង្គំ​នឹង​នៅរស់​មែនទេ ? »

ជាថ្មី​ម្តងទៀត ចម្លើយ​បាន​មក​ថា « អ្វីៗ​ទាំងអស់​នឹងមិន​អីទេ » ។

ខ្ញុំ​មាន​ការច្របូកច្របល់ ។ តើ​ហេតុអ្វី​បានជា​ខ្ញុំ​ទទួល​ចម្លើយ​ដូចគ្នា​ថាតើ​ខ្ញុំរស់ ឬ​ស្លាប់​យ៉ាង​ដូច្នោះ ?

បន្ទាប់មក​ភ្លាមៗ​នោះ​ស្រាប់តែ​តួខ្លួន​ខ្ញុំទាំងមូល មាន​អារម្មណ៍​ពោរពេញ​ទៅ​ដោយ​ភាពសុខសាន្ត​ដ៏​ជាក់ច្បាស់​នៅពេល​ខ្ញុំ​បាន​នឹកថា ៖ យើង​មិន​ចាំបាច់​ប្រញាប់​ទៅផ្ទះ ហើយ​បង្រៀន​កូន​របស់​យើង​អំពី​របៀប​អធិស្ឋាន​នោះទេ ។ ពួកគេ​បាន​ដឹង​អំពី​របៀប​ទទួល​ចម្លើយ និង​ការលួងលោម​មកពី​ការអធិស្ឋាន​ហើយ ។ យើង​មិនចាំបាច់​ប្រញាប់​ទៅផ្ទះ ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះគម្ពីរ ឬ​ប្រសាសន៍​របស់​ពួកព្យាការី​នៅរស់​ឡើយ ។ ប្រសាសន៍​ទាំងនោះ​គឺជា​ប្រភព​​នៃ​កម្លាំង និង​ការយល់ដឹង​ដែល​គេ​ធ្លាប់​ស្គាល់​រួចទៅហើយ ។ យើង​មិន​ចាំបាច់​ប្រញាប់​ទៅផ្ទះ ហើយ​បង្រៀន​ពួកគេ​អំពី​ការប្រែចិត្ត ការរស់​ឡើងវិញ ការស្តារ​ឡើងវិញ ផែនការ​នៃ​សេចក្តី​សង្គ្រោះ ក្រុមគ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។

នៅគ្រា​នោះ រាល់​មេរៀន​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ វគ្គសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន​នៃ​សេចក្តី​ជំនឿ​ដែលបាន​អធិស្ឋាន ពរជ័យ​ដែល​បានផ្តល់ សក្ខីភាព​ដែលបាន​ចែកចាយ សេចក្តី​សញ្ញា​ដែលបាន​ធ្វើ​និង​រក្សា ការទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ជា​ការសំខាន់​ដែលត្រូវ​គោរព​ប្រតិបត្តិ​ថ្ងៃឈប់​សម្រាក—អូ៎ ! គឺវា​សំខាន់​ណាស់ ! វា​យឺត​ពេល​ហើយ​នៅក្នុង​ការដាក់ប្រេង​នៅក្នុង​ចង្កៀង​របស់​យើង ។ យើង​ត្រូវការ​គ្រប់​ដំណក់​ទាំងអស់ ហើយ​យើង​ត្រូវការ​វា​នៅ​ពេល​ឥឡូវនេះ !

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្តារ​ឡើងវិញ នោះ​បើ​ខ្ញុំស្លាប់ គ្រួសារខ្ញុំ​នឹង​ទទួល​បាន​ការលួងលោម ពង្រឹង ហើយ​ថ្ងៃណាមួយ​នឹងបាន​ស្តារ​ឡើងវិញ ។ បើសិន​ខ្ញុំ​នៅរស់ ខ្ញុំនឹង​អាចមាន​សិទ្ធិទទួល​នូវ​ព្រះចេស្តា​ដ៏អស្ចារ្យ​បំផុត​នៅលើ​ផែនដីនេះ ដើម្បី​ជួយ​ទ្រទ្រង់ និង​ព្យាបាល​ខ្ញុំ ។ នៅទី​បញ្ចប់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្វីៗ​ទាំងអស់​នឹងមិន​អីទេ ។

យើង​រៀន​មក​ពី​ការសិក្សា​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ថា​តើ « ពាក្យ​មិនអីទេ » មាន​ន័យ​ដូចម្តេច ៖

« ហើយ​នៅថ្ងៃនោះ ក្នុងកាល​ដែលយើង​នឹង​យាង​មក​ដោយ​នូវ​សិរីល្អ​របស់យើង នោះ​ពាក្យ​ប្រៀបប្រដូច​នឹងត្រូវ​បាន​សម្រេច ដែល​យើង​បានមាន​បន្ទូល​អំពី​ស្រីព្រហ្មចារី​ដប់នាក់​នោះ ។

« ត្បិត​ពួក​អ្នក​ណា​ដែលមាន​ប្រាជ្ញា ហើយ​បានទទួល​សេចក្ដីពិត ហើយ​បានទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នកណែនាំ​របស់ខ្លួន ហើយ​ដែលពុំ​ត្រូវ​គេ​បញ្ឆោត—យើង​ប្រាប់អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះចោល​ទៅ​ក្នុង​ភ្លើងឡើយ ប៉ុន្តែ​នឹង ធន់នៅ​ថ្ងៃនោះ » ។

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច « ធន់​នៅ​ថ្ងៃ​នោះ » បាន ។ ការ​ធ្វើ​ឲ្យ​ធន់​នៅ​ថ្ងៃ​នេះ មិន​មាន​ន័យ​ថា​ការ​បន្ថែម​ទៅ​ក្នុង​បញ្ជី​ឲ្យ​កើន​ឡើង​ជា​រៀង​រហូត​នោះ​ទេ ។ សូម​គិត​អំពី កែវពង្រីក​មួយ ។ គោលបំណង​តែមួយគត់​របស់វា គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​វត្ថុ​នោះ​កាន់តែ​ធំ​ប៉ុណ្ណោះ​ទេ ។ វាក៏អាច​ប្រមូលផ្តុំ និង​ជាចំណុច​ប្រសព្វ​នៃពន្លឺ ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ថាមពល​ផងដែរ ។ យើង​ត្រូវធ្វើ​ឲ្យ​ការខិតខំ​របស់​យើងសាមញ្ញ ផ្តោតឲ្យ​ចំ​ ហើយ​ធ្វើជា​អ្នកប្រមូល​ពន្លឺ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវការ​បទពិសោធន៍​ដ៏បរិសុទ្ធ និង​វិវរណៈ​បន្ថែមទៀត ។

ភាគពាយ័ព្យ​នៃ​ប្រទេស​អ៊ីស្រាអែល គឺជា​ជួរភ្នំ​ដ៏ស្រស់ស្អាត ដែល​ជារឿយៗ​គេហៅថា « ភ្នំ​បៃតង​ជានិច្ច » ។ ភ្នំ​កើមែលនៅតែ​មាន​ពណ៍បៃតង​ពេញ​មួយ​ឆ្នាំ ភាគច្រើន​មាន​បរិមាណ​ទឹកសន្សើម​តិចតួច ។ ជាការចិញ្ចឹម​បីបាច់ធ្វើឡើង​រាល់ថ្ងៃ ។ ដូចគ្នានឹង​ទឹកសន្សើម​នៃភ្នំ​កើមែល​ដែរ នៅពេល​យើង​ស្វែងរក​ការចិញ្ចឹម​បីបាច់​ខាងព្រលឹង​វិញ្ញាណ​យើង « នូវអ្វី​ដែល​ទាក់ទង​នឹង​សេចក្ដី​សុចរិត »១០កិច្ចការ​តូចតាច និង​ងាយ »១១ទីបន្ទាល់​របស់យើង និង​ទីបន្ទាល់​របស់កូនៗ​យើង​នឹងនៅ​មាន​ជានិច្ច !

ឥឡូវ​បងប្អូន​អាច​គិតថា « ប៉ុន្តែ​ស៊ីស្ទើរ រ៉ាយ មិន​ស្គាល់​គ្រួសារ​របស់ខ្ញុំ​នោះទេ ។ យើង​ពិតជា​មាន​ការលំបាក ហើយ​មិន​មាន​អ្វី​ដូច​បានរៀបរាប់​នេះទេ » ។ បងប្អូន​គិត​ត្រូវ​ហើយ ។ ខ្ញុំ​មិន​ស្គាល់​គ្រួសារ​របស់​បងប្អូន​ទេ ។ ប៉ុន្តែ ព្រះ​ដែលមាន​សេចក្តី​ស្រឡាញ់​ដ៏អស់កល្ប សេចក្តី​មេត្តាករុណា ព្រះចេស្តា ចំណេះដឹង និង​សិរីល្អ​ស្គាល់​បងប្អូន ។

សំណួរ​ដែល​បងប្អូន​អាចនឹង​សួរ​គឺជា​សំណួរ​នៃ​បេះដូង ដែលឈឺចាប់​នៅក្នុង​ជម្រៅ​នៃព្រលឹង​របស់​បងប្អូន ។ សំណួរ​ស្រដៀងគ្នា​នេះ​បាន​រក​ឃើញ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ៖

« លោកគ្រូ​អើយ [ គ្រួសារ​ខ្ញុំ ] វិនាស​ហើយ លោក​មិនរវល់​ទេឬអី ? »១២

« តើ​មាន​សេចក្តី​សង្ឃឹម​ឯណា ? »១៣

« តើ [ ខ្ញុំ ] ត្រូវ​ធ្វើអ្វី​ដើម្បី​ឲ្យ​ពពក​នៃ​សេចក្ដី​ងងឹត​នេះ អាច​បក់ចេញ​កុំឲ្យ​គ្របលើ [ ខ្ញុំ ] ? »១៤

« តើ​នឹងរក​ប្រាជ្ញា​ឯណា​បាន ? ហើយ តើ​កន្លែង​យល់​ចិត្ត​នៅឯណា ? »១៥

« ធ្វើម្ដេច​ឲ្យ [ ខ្ញុំ ] មានលទ្ធភាព ហើយ​ក្ដាប់ជាប់​នូវគ្រប់​ទាំងអ្វីៗ​ដែលល្អបាន ? »១៦

« តើ​ទ្រង់​សព្វព្រះហឫទ័យ​ឲ្យទូលបង្គំ​ធ្វើដូចម្តេច ? »១៧

ហើយ​បន្ទាប់មក​ចម្លើយ​ដ៏​ផ្អែមល្ហែម​ឆ្លើយថា ៖

« តើ​អ្នកជឿ​ដល់​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​ក្នុង​ការសង្គ្រោះ​ដែរ​ឬ​ទេ ? »១៨

« តើ​ទ្រង់​ដែល​បាន​បញ្ជា​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ទទួល​យក​សេចក្ដីល្អ​សប្បុរស​របស់ទ្រង់​ឬទេ ? »១៩

« តើអ្នក​ជឿថា [ ទ្រង់ ] អាចនឹង​ធ្វើការ​នេះ​បាន​ឬ​ទេ ? »២០

« តើអ្នក​ជឿ​សេចក្តី​ទំនាយ​របស់​ពួកហោរា​ឬទេ ? »២១

« តើអ្នក​រាល់គ្នា​អនុវត្ត​សេចក្ដី​ជំនឿ ទៅលើ​ការប្រោសលោះ​របស់ទ្រង់ ដែល​បាន​បង្កើត​អ្នក​មក​ឬទេ ? »២២

« តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ទេ​ឬ​អី ? »២៣

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​មិន​អាច​ចែក​រំលែក​ប្រេង​របស់​យើង​បាន​ទេ ប៉ុន្តែ​យើង​អាច​ចែកចាយ​ពន្លឺ របស់ទ្រង់បាន ។ ប្រេង​ដែលនៅ​ក្នុង​ចង្កៀង​យើង​នឹងមិន​ត្រឹមតែ​ជួយយើង « ធន់​នៅ​ថ្ងៃ​នោះ » ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏អាច​ជា​មធ្យោបាយ​បំភ្លឺ​ផ្លូវ​ដែលនាំ​អ្នក​ដែល​យើង​ស្រឡាញ់​ទៅកាន់​ព្រះអង្គសង្គ្រោះ ដែល​ទ្រង់​ឈរ​ត្រៀម​ខ្លួន​ជា​ស្រច « ដោយ​លាត​ព្រះពាហុ​ចាំ​ទទួល » ពួកគេ ។២៤

« ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះថា ចូរ​ទប់​សំឡេង​ឯងមិន​ឲ្យយំ និង​ភ្នែក​ឯងមិន​ឲ្យហូរ​សស្រាក់​ឡើយ ការ​របស់​ឯង​នឹងបាន​រង្វាន់​ជាពិត … ហើយ​វារាល់គ្នា​នឹង​វិល​មកពី​ស្រុក​របស់​ខ្មាំងសត្រូវ​វិញ ។

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា​មាន « សេចក្តី​សង្ឃឹម​សម្រាប់​ចុងបំផុត​របស់​ឯងកូនចៅ​ឯងនឹង​វិលមក​ឯ​ព្រំដែន​របស់​គេ​វិញ » ។២៥

ព្រះយេស៊ូវ​គ្រីស្ទ គឺជា « សេចក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​យើង » ។ គ្មាន​អ្វី​ដែល​យើង​មាន ឬ​មិនបាន​ធ្វើ ហួសពី​លទ្ធភាព​នៃដង្វាយធួន​ដ៏អស់កល្ប និង​និរន្ដរ៍​របស់ទ្រង់​ឡើយ ។ ទ្រង់​គឺជា​មូលហេតុ​មិន​ចេះចប់​នៅក្នុង​ដំណើររឿង​របស់​យើង ។២៦ ហេតុដូច្នោះ​ហើយ​យើង « ត្រូវតែ​ឈាន​ទៅមុខ​ដោយខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយមាន​ពន្លឺនៃ​សេចក្ដី​សង្ឃឹម​ដ៏ឥតខ្ចោះ ហើយ​ដោយមាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិនជា [ យើង ] ខិតខំ​ឈាន​ទៅមុខ ដោយ​ទទួលទាន​នូវព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាបដល់​ចុងបំផុត មើលចុះ នោះ​ព្រះវរបិតា ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះថា ៖ [ យើង ] នឹងមាន​ជីវិតដ៏​នៅអស់កល្ប​ជានិច្ច » ។២៧

ជីវិត​អស់កល្ប​ជា​អំណរ​ដ៏អស់កល្ប​ជានិច្ច ។ អំណរ​នៅក្នុង​ជីវិតនេះ ឥឡូវ​នេះ—ទោះ​ជា​មាន​​បញ្ហា​នៅក្នុង​ជីវិតយើង​ក្ដី ប៉ុន្តែ​ដោយសារ​ជំនួយ​របស់​ព្រះអម្ចាស់ យើង​រៀន ហើយ​ទីបំផុត​យកឈ្នះ​ឧបសគ្គ​ទាំងនោះ—ហើយ ​អំណរដ៏អស្ចារ្យ​កើតមាន​នៅក្នុង​ជីវិត​ខាងមុខ ។ ទឹកភ្នែក​នឹង​ស្ងួត ចិត្ត​សង្រេង​នឹង​ត្រូវបាន​ធូរ​ស្បើយ អ្វី​ដែល​បាត់បង់​នឹង​ត្រូវបាន​រក​ឃើញ កង្វល់​នឹង​ត្រូវបាន​ដោះស្រាយ គ្រួសារ​នឹង​ត្រូវបាន​ស្ដារ​ឡើង​វិញ ហើយ​អ្វីៗ​ដែល​ព្រះវរបិតា​មាន​នឹង​ក្លាយ​ជា​របស់​យើង ។២៨

ចូរ​ក្រឡេក​មើលទៅ​ព្រះយេស៊ូវគ្រីស្ទ​ហើយ​រស់នៅ២៩នេះ​គឺជា​សក្ខីភាព​របស់ខ្ញុំ​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ និង​បរិសុទ្ធ​ដែលជា « អ្នកគង្វាល និង​ជាអ្នកថែទាំ​ព្រលឹង​ជាទីស្រឡាញ់ [ របស់យើង ] »៣០ជា​ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាថាយ ២២:៣៧ ។

  2. ម៉ាថាយ ២៥:១–១១ ។

  3. ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៥:១១ ( នៅក្នុង ម៉ាថាយ ២៥:១២ លេខយោង  ) ។

  4. ម៉ាថាយ ២៥:១៣ ។

  5. អែលឌើរ ជេម អ៊ី ថាល់មិច បានបង្រៀន ៖ « កូនកំលោះ​គឺជា​ព្រះអម្ចាស់​ព្រះយេស៊ូវ ពិធី​រៀបអាពាហ៍ពិពាហ៍​គឺ​តំណាងឲ្យ​ការយាងមក​នៅក្នុង​សេរីល្អ​របស់ទ្រង់ ដើម្បី​ទទួលយក​សម្រាប់​ខ្លួន​ព្រះអង្គ​នូវ​សាសនាចក្រ​នៅលើ​ផែនដី ដែលជា​កូនក្រមុំ​របស់ទ្រង់ ។ ពួកក្រមុំ​ព្រហ្មចារី​តំណាង​ឲ្យ​មនុស្ស​ទាំងឡាយ​ដែលប្រកាស​ជំនឿ​នៅលើ​ព្រះគ្រីស្ទ ហើយ​ជាអ្នក​ដែលរំពឹង​ដោយ​ជឿជាក់ថា​នឹង​បាន​រួមបញ្ចូល​នៅក្នុងចំណោម អ្នកចូលរួម​ដែលមាន​ពរនៅក្នុង​ពិធីនោះ ។ ចង្កៀង​ដែលមាន​ពន្លឺ​ដែល​ស្រីក្រមុំ​ទាំងនោះ​កាន់ គឺជា​វិជ្ជាជីវៈ​ខាងក្រៅ​នៃ​ជំនឿ និង​ការអនុវត្ត​របស់​គ្រីសស្ទាន ហើយ​នៅក្នុង​ដបដាក់ប្រេង​របស់អ្នក​ដែលមាន​គំនិត យើង​អាចនឹង​មើលឃើញ​អំពី​កម្លាំង​ខាងវិញ្ញាណ និង​ភាពបរិបូរណ៍ ដែល​ការឧស្សាហ៍​ព្យាយាម និង​ការលះបង់​នៅក្នុង​ការបម្រើ​ព្រះតែមួយគត់​ទើបអាច​ធានាបាន » ( Jesus the Christឆ្នាំ ១៩១៦ ] ទំព័រ ៥៧៨-៧៩ ) ។

  6. ដាល្លិន អេក អូក « Preparation for the Second Coming » Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ។

  7. គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៥៦–៥៧ ការគូសបញ្ជាក់​បាន​បន្ថែម ។

  8. « ទឹកសន្សើម​ធ្លាក់​ផ្តល់​នូវសំណើម​ក្នុង​បរិមាណ​មាន​កំណត់ សូម្បីតែ​នៅក្នុង​រដូវ​ក្តៅស្ងួត​ក៏ដោយ ហើយ​វាមាន​សារៈសំខាន់​ចំពោះដំណាំ​សម្រាប់​រដូវក្តៅ ដូចជា​ឪឡឹក​ជាដើម ។ តំបន់​ដែលនៅ​ជិតទៅនឹង​សមុទ្រ រំពឹងថា​មាន​ទឹកសន្សើម​កាន់តែល្អ​នៅពេលយប់ដែលមិន​សូវមានខ្យល់ នៅពេល​ដីកាន់តែ​ត្រជាក់ នោះ​បក់ប៉ះ​នៅលើ​ផ្ទៃរបស់វា ។​ ជាទូទៅ វាលទំនាប​ឆ្នេរសមុទ្រ​មាន​ទឹកសន្សើម​ច្រើនជាង​តំបន់ដីគោក ទឹកសន្សើម​មានច្រើន​បំផុត គឺ​លើភ្នំ​កើមែល ដែលមាន​ទឹកសន្សើម​ជាមធ្យម ២៥០ យប់​នៅក្នុង​មួយឆ្នាំ » ( Efraim Orni and Elisha Efrat Geography of Israel កំណែថ្មី ទី ៣ [ ឆ្នាំ ១៩៨០ ] ទំព័រ ១៤៧ ) ។

  9. គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៨:១៩ ។

  10. ម៉ូសាយ ២៣:១៨ ។

  11. អាលម៉ា ៣៧:៦ ។

  12. ម៉ាកុស ៤:៣៨ ។

  13. យ៉ូប ១៧:១៥ ។

  14. ហេលេមិន ៥:៤០ ។

  15. យ៉ូប ២៨:១២ ។

  16. មរ៉ូណៃ ៧:២០ ។

  17. កិច្ចការ ៩:៦ ។

  18. អាលម៉ា ១៥:៦ ។

  19. នីហ្វៃទី ២ ២៦:២៨ ។

  20. ម៉ាថាយ ៩:២៨ ។

  21. កិច្ចការ ២៦:២៧ ។

  22. អាលម៉ា ៥:១៥ ។

  23. លោកុប្បត្តិ ១៨:២៥ ។

  24. មរមន ៦:១៧ ។

  25. យេរេមា ៣១:១៦-១៧ ការគូសបញ្ជាក់​បាន​បន្ថែម ។

  26. សូមមើល ខាំមៀល អិន ចនសុន « សូមយាង​ព្រះគ្រីស្ទ​ឲ្យនិពន្ធ​ដំណើររឿង​របស់​បងប្អូន » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨២ ៖ « សូមឲ្យ​ទុក្ខលំបាក និង​សេចក្ដី​វេទនា ដែលជា​ផ្នែកមួយ​នៃដំណើររឿង​ដ៏ល្អ​ទាំងអស់ ក្លាយជា​មធ្យោបាយ​ដែលបងប្អូន​នឹងខិត​ទៅកាន់តែ​ជិត និង​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ » ។

  27. នីហ្វៃទី ២ ៣១:២០ ។

  28. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ។

  29. សូមមើល អាលម៉ា ៣៧:៤៧ ។

  30. ពេត្រុស​ទី១ ២:២៥ ។