យើងជាបុត្រាបុត្រីទ្រង់
យើងមានដើមកំណើតដ៏ទេវភាព និងសក្តានុពលគ្មានដែនកំណត់ដូចគ្នាតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូននៅចាំបទពិសោធន៍ព្យាការីសាំយូអែល កាលព្រះអម្ចាស់បញ្ជូនលោកឲ្យទៅដំណាក់អ៊ីសាយ ដើម្បីចាក់ប្រេងអភិសេកស្តេចថ្មីរបស់អ៊ីស្រាអែលដែរឬទេ ? សាំយូអែលបានឃើញអេលាប ជាបុត្រដំបូងរបស់អ៊ីសាយ ។ អេលាប មានកម្ពស់ខ្ពស់ និងមានរូបរាងសមជាអ្នកដឹកនាំ ។ សាំយូអែល បានឃើញលក្ខណៈនោះ ហើយក៏បានសរុបសេចក្តី ។ ការសរុបសេចក្តីនេះខុស ហើយព្រះអម្ចាស់បានបង្រៀនសាំយូអែល ៖ « កុំឲ្យមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ … ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » ។១
តើបងប្អូននៅចាំពីបទពិសិធន៍របស់អាន៉្នានាស នៅពេលព្រះអម្ចាស់បានបញ្ជូនលោកទៅប្រសិទ្ធពរឲ្យសុលដែរឬទេ ? កេរ្តិ៍ឈ្មោះរបស់សុលល្បីល្បាញ ហើយអាន៉្នានាសបានឮអំពីសុល និងអំពើឃោរឃៅ ការបៀតបៀនរបស់គាត់ទៅលើពួកបរិសុទ្ធឥតឈប់ឈរ ។ អាន៉្នានាសបានឮ ហើយក៏សរុបសេចក្តីថា ប្រហែលជាគាត់មិនគួរទៅធ្វើការងារបម្រើដល់សុលឡើយ ។ វាបានក្លាយជាការសរុបសេចក្តីខុសឆ្គង ហើយព្រះអម្ចាស់បានបង្រៀន អាន៉្នានាសថា ៖ « នោះជា ប្រដាប់រើសតាំងដល់ខ្ញុំ សម្រាប់នឹងប្រកាសឈ្មោះខ្ញុំដល់ពួកសាសន៍ដទៃ និងពួកស្តេចហើយ និងពួកកូនចៅសាសន៍អ៊ីស្រាអែលផង » ។២
តើបញ្ហាអ្វីដែលសាំយូអែល និងអាន៉្នានាស មាននៅក្នុងឧទាហរណ៍ទាំងពីរនេះ ? ពួកគាត់បានឃើញផ្ទាល់ភ្នែក និងឮផ្ទាល់ត្រចៀក ជាលទ្ធផល ពួកគាត់បានកាត់ក្តីលើអ្នកដទៃដោយផ្អែកលើរូបរាង និងពាក្យសម្ដី ។
ពេលពួកអាចារ្យ និងពួកផារិស៊ីឃើញស្ត្រីរូបនោះផិតក្បត់ តើពួកគេគិតអ្វី ? ជាស្រ្តីគ្មានសីលធម៌ មានបាបសមនឹងស្លាប់ ។ នៅពេលព្រះយេស៊ូវបានឃើញនាង តើទ្រង់បានទតឃើញអ្វី ? ជាស្ត្រីម្នាក់ដែលបានចុះចាញ់មួយគ្រាចំពោះភាពទន់ខ្សោយនៃសាច់ឈាម ប៉ុន្តែអាចងើបឡើងវិញតាមរយៈការប្រែចិត្ត និងដង្វាយធួនទ្រង់ ។ នៅពេលមនុស្សឃើញពីឡាត់ ដែលអ្នកបម្រើរបស់គាត់មានជំងឺស្លាប់ដៃស្លាប់ជើង តើពួកគេគិតអ្វី ? ប្រហែលជាពួកគេគិតថាជាអ្នកឈ្លានពានជនបរទេសដែលគួរឲ្យស្អប់ ។ កាលព្រះយេស៊ូវបានឃើញគាត់ តើព្រះយេស៊ូវបានទតឃើញអ្វី ? ជាបុរសម្នាក់ដែលខ្វល់ខ្វាយចំពោះសុខុមាលភាពសមាជិកគ្រួសារគាត់ ដែលបានស្វែងរកព្រះអម្ចាស់ដោយស្មោះត្រង់ និងដោយសេចក្ដីជំនឿ ។ នៅពេលប្រជាជនបានឃើញស្ត្រីមានជំងឺធ្លាក់ឈាម តើគេគិតអ្វី ? ប្រហែលជាគិតថា ជាស្រ្តីមិនស្អាតស្អំ ជាមនុស្សដែលគេបណ្ដេញចេញមិនចង់ជួប ។ នៅពេលព្រះយេស៊ូវបានឃើញនាង តើទ្រង់បានទតឃើញអ្វី ? ជាស្ត្រីដែលមានជំងឺម្នាក់ឯកោ ដាច់ពីគេ ដោយហេតុតែស្ថានភាពដែលនាងមិនអាចគ្រប់គ្រងបាន ដែលនាងសង្ឃឹមថានឹងបានជាសះស្បើយ និងមានចំណែកម្តងទៀត ។
គ្រប់កាលៈទេសៈទាំងអស់ ព្រះអម្ចាស់បានទតឃើញពីសក្ដានុពលរបស់បុគ្គលទាំងនេះ ហើយបានផ្ដល់ការងារបម្រើដូចៗគ្នា ។ ដូចដែលនីហ្វៃ និងយ៉ាកុប ប្អូនប្រុសរបស់លោកបានប្រកាស ៖
« ទ្រង់អញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ … ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី ហើយទ្រង់នឹកចាំដល់ពួកអ្នកឥតសាសនា ហើយមនុស្សទាំងអស់ ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ក៏ដូចគ្នានៅចំពោះព្រះដែរ » ។៣
« នៅក្រោមព្រះនេត្រទ្រង់ មនុស្សណាក៏មានតម្លៃដូចជាមនុស្សណាដែរ » ។៤
សូមឲ្យយើងបានដូចនេះដែរ កុំឲ្យភ្នែក ត្រចៀក ឬការភ័យខ្លាចយើងបំភាន់យើង ប៉ុន្តែបើកចិត្ត និងគំនិតយើង ឲ្យធ្វើការងារបម្រើដោយសេរីដល់អស់អ្នកដែលនៅជុំវិញយើង ដូចទ្រង់បានធ្វើដូច្នោះដែរ ។
ជាច្រើនឆ្នាំកន្លងទៅ ភរិយាខ្ញុំ អ៊ីស្សាប៊ែល បានទទួលការចាត់តាំងឲ្យធ្វើការងារបម្រើផ្សេងមួយ ។ នាងត្រូវបានស្នើសុំឲ្យទៅសួរសុខទុក្ខស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់នៅក្នុងវួដយើង ជាស្រ្តីដែលមានបញ្ហាសុខភាព ហើយភាពឯកោបានធ្វើឲ្យជីវិតគាត់ល្វីងជូរចត់ ។ វាំងននគាត់ប្រឡាក់ បន្ទប់គាត់អាប់អួរ គាត់មិនចង់មានការសួរសុខទុក្ខទេ ហើយបានបញ្ជាក់ច្បាស់ថា « គ្មានអ្វីដែលខ្ញុំអាចធ្វើឲ្យអ្នកណាម្នាក់ឡើយ » ។ អ៊ីស្សាប៊ែល បានឆ្លើយដោយមិនស្ទាក់ស្ទើរថា « ចាស ពិតជាមាន ! បងអាចជួយពួកខ្ញុំបាន ដោយអនុញ្ញាតឲ្យពួកខ្ញុំមកសួរសុខទុក្ខបង » ។ ដូច្នោះអ៊ីស្សាប៊ែលបានធ្វើសួរសុខទុកពិត ។
ក្រោយមក បងស្រីដ៏ល្អរូបនេះបានវះកាត់ជើងគាត់ ដែលតម្រូវឲ្យគាត់ប្តូរបង់រុំរបួសរាល់ថ្ងៃ ជាអ្វីមួយដែលគាត់មិនអាចធ្វើដោយខ្លួនគាត់បាន ។ អ៊ីស្សាប៊ែល បានទៅផ្ទះគាត់ លាងរបួស ហើយប្តូរបង់រំរបួសឲ្យគាត់អស់ជាច្រើនថ្ងៃ ។ នាងពុំគិតពីភាពកខ្វក់ នាងមិនគិតពីក្លិនស្អុយឡើយ ។ នាងមើលឃើញតែបុត្រីដ៏ស្រស់ស្អាតរបស់ព្រះម្នាក់ដែលត្រូវការក្ដីស្រឡាញ់ និងការមើលថែយ៉ាងទន់ភ្លន់ប៉ុណ្ណោះ ។
ជាច្រើនឆ្នាំមកនេះ ខ្ញុំ និងមនុស្សជាច្រើនរាប់មិនអស់ បានទទួលពរដោយអំណោយទានរបស់ អ៊ីស្សាប៊ែល ព្រោះនាងមើលឃើញដូចដែលព្រះអម្ចាស់ទតឃើញ ។ មិនថាបងប្អូនជាប្រធានស្តេក ឬជាអ្នកស្វាគមន៍ក្នុងវួដ មិនថាបងប្អូនជាស្ដេចនៃប្រទេសអង់គ្លេស ឬរស់នៅក្នុងខ្ទមនោះទេ មិនថាបងប្អូននិយាយភាសាដូចគាត់ ឬភាសាផ្សេងនោះទេ មិនថាបងប្អូនរក្សាបទបញ្ញត្តិទាំងអស់ ឬមានការលំបាកនឹងបទបញ្ញត្តិមួយចំនួននោះទេ នាងនឹងចម្អិនអាហារដ៏ឆ្ងាញ់បំផុត ដាក់ចានដ៏វិសេសបំផុតជូនបងប្អូនពិសារ ។ ស្ថានភាពសេដ្ឋកិច្ច ពណ៌សម្បុរ កម្រិតវប្បធម៌ សញ្ជាតិ កម្រិតនៃភាពសុចរិត ឋានៈក្នុងសង្គម ឬអត្តសញ្ញាណ ឬស្លាកសញ្ញាណាផ្សេងទៀត ពុំមានផលវិបាកសម្រាប់នាងនោះទេ ។ នាងមើលទៅកាន់មនុស្សចេញពីបេះដួង នាងមើលឃើញមនុស្សគ្រប់គ្នាជាបុត្ររបស់ព្រះ ។
ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនថា ៖
មារសត្រូវរីករាយក្នុងការដាក់ស្លាកឲ្យយើង ដោយសារវាបំបែក ហើយរារាំងរបៀបដែលយើងគិតអំពីខ្លួនឯង និងចំពោះគ្នាទៅវិញទៅមក ។ វាជារឿងដ៏សោកសៅ ពេលយើងគោរពស្លាកជាងយើងគោរពគ្នា ។
« ស្លាកអាចដឹកនាំទៅរកការវិនិច្ឆ័យ និងប្រទូសរ៉ាយ ។ ការរំលោភបំពាន ឬ ការរើសអើង ចំពោះគ្នា ដោយសារតែសញ្ជាតិ ពូជសាសន៍ ទំនោរផ្លូវភេទ ភេទ សញ្ញាបត្រ វប្បធម៌ ឬអត្តសញ្ញាណសំខាន់ៗផ្សេងទៀត គឺជាការប្រមាថដល់អង្គបង្កបង្កើតរបស់យើង ! »៥
សញ្ជាតិបារាំងពុំមែនជាអត្តសញ្ញាណខ្ញុំទេ វាគឺជាកន្លែងដែលខ្ញុំបានកើត ។ សម្បុរ-ស មិនមែនជាអត្តសញ្ញាខ្ញុំទេ វាជាពណ៌ស្បែកខ្ញុំ ឬវាជាចន្លោះខ្វះខាត ។ សាស្រ្តាចារ្យពុំមែនជាអត្តសញ្ញាណខ្ញុំទេ វាជាអ្វីដែលខ្ញុំធ្វើដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំ ។ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅពុំមែនជាអត្តសញ្ញាណខ្ញុំទេ វាគឺជាការបម្រើរបស់ខ្ញុំនៅក្នុងព្រះនគរនាសម័យនេះ ។
ដូចជាប្រធាន ណិលសុន បានរំឭកយើងថា « ជាដំបូង ហើយសំខាន់បំផុត ក្មួយៗគឺជាបុត្ររបស់របស់ព្រះ » ។៦ បងប្អូនក៏ជាបុត្ររបស់ព្រះ ហើយមនុស្សទាំងអស់ជុំវិញយើងក៏ដូច្នោះដែរ ។ ខ្ញុំអធិស្ឋានសូមឲ្យយើងអាចទទួលបានការដឹងគុណកាន់តែខ្លាំងចំពោះសេចក្ដីពិតដ៏អស្ចារ្យនេះ ។ វាផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង !
យើងប្រហែលត្រូវបានចិញ្ចឹមបីបាច់នៅក្នុងវប្បធម៌ផ្សេងៗគ្នា យើងប្រហែលជាមកពីស្ថានភាពសេដ្ឋកិច្ចសង្គមផ្សេងៗគ្នា កេរដំណែលក្នុងជីវិតរមែងស្លាប់របស់យើង រួមទាំងសញ្ជាតិ ពណ៌សម្បុរ ចំណង់ចំណូលចិត្តអាហារ ទិសដៅនយោបាយជាដើម អាចផ្សេងគ្នាខ្លាំង ។ ប៉ុន្តែយើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ទ្រង់ ដោយគ្មានករណីលើកលែងឡើយ ។ យើងមានដើមកំណើតដ៏ទេវភាព និងសក្តានុពលគ្មានដែនកំណត់ដូចគ្នាតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
ស៊ី. អេស. លីវីស បាននិយាយបែបនេះថា ៖ « វាជារឿងដ៏អស្ចារ្យបំផុតមួយ ដើម្បីរស់នៅក្នុងសង្គមដែលអាចមានព្រះ និងទេពធិតាដើម្បីចងចាំថាមនុស្សដែលមិនគួរឲ្យចាប់អារម្មណ៍បំផុតដែលអ្នកអាចនិយាយជាមួយ នៅថ្ងៃណាមួយនឹងក្លាយជាអង្គមួយ បើអ្នកបានឃើញរឿងនោះឥឡូវនេះ អ្នកអាចនឹងចង់ថ្វាយបង្គំយ៉ាងខ្លាំង ។ … វាគ្មានមនុស្សដែល មិនគួរឲ្យចាប់អារម្មណ៍ ទេ ។ បងប្អូនមិនដែលនិយាយជាមួយមនុស្សធម្មតានោះទេ ។ ជាតិសាសន៍ វប្បធម៌ សិល្បៈ អរិយធម៌—ទាំងនេះគឺជារឿងរមែងស្លាប់ ហើយជីវិតពួកគេ ក៏ដូចជាជីវិតរបស់យើងដែរមិនមានភាពយូរអង្វែងឡើយ ។ ប៉ុន្តែអ្នកដែលយើង លេងសើចជាមួយ ធ្វើការជាមួយ រៀបការជាមួយ ធ្វើអាជីវកម្មជាមួយ និងព្រងើយកន្ដើយដាក់ គឺមានជាអមតៈ » ។៧
គ្រួសាររបស់យើងមានអភ័យឯកសិទ្ធិរស់ក្នុងប្រទេស និងវប្បធម៌ផ្សេងៗ កូនៗរបស់យើងមានពរបានរៀបការនឹងសាសន៍ផ្សេងៗ ។ ខ្ញុំក៏បានចាប់ផ្ដើមដឹងថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញគឺស្មើភាពគ្នាបំផុត ។ ពេលយើងពិតជាឱបយកដំណឹងល្អ នោះ « ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនព្រះ » ។៨ សេចក្តីពិតដ៏អស្ចារ្យធ្វើឲ្យយើងមានសេរី ហើយស្លាកសញ្ញា និងភាពខុសគ្នាទាំងអស់ដែលអាចប៉ះពាល់ដល់យើង និងទំនាក់ទំនងយើងចំពោះគ្នា គឺ« ត្រូវបានលេបចូលក្នុង … ព្រះគ្រីស្ទ » យ៉ាងងាយ ។៩ មិនយូរប៉ុន្មាន វាបង្ហាញច្បាស់ថាយើងក៏ដូចជាអ្នកផ្សេងទៀតដែរ « មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ។១០
ថ្មីៗនេះ ខ្ញុំបានឮប្រធានសាខានៃអង្គភាពភាសាចម្រុះវប្បធម៌មួយរបស់យើង យោងទៅលើរឿងនេះ កាលអែលឌើរ ហ្គើរីត ដបុលយូ ហ្គង បានធ្វើក្នុងនាមជា អ្នកមានចំណែកក្នុងសេចក្តី សញ្ញា ។១១ ឱ !នោះជាគោលគំនិតដ៏ស្រស់ស្អាត ! យើងមានចំណែកនៅក្នុងក្រុមមនុស្សដែលព្យាយាមដើម្បីដាក់ព្រះអង្គសង្រ្គោះ និងសេចក្តីសញ្ញាពួកគេជាចំណុចសំខាន់នៅក្នុងជីវិត និងត្រូវរស់នៅក្នុងដំណឹងល្អដោយរីករាយ ។ ហេតុដូច្នេះហើយ ជំនួសឲ្យការមើលគ្នារបស់យើងដោយកែវភ្នែកខូចនៃជីវិតរមែងស្លាប់ នោះដំណឹងល្អបានឲ្យយើងមើលឃើញ ហើយអនុញ្ញាតឲ្យយើងមើលគ្នា តាមរយៈកែវភ្នែកនៃសេចក្ដីសញ្ញាមិនប្រែប្រួលដ៏ពិសិដ្ឋរបស់យើង ។ ក្នុងការធ្វើដូច្នេះ យើងចាប់ផ្តើមលុបបំបាត់និស្ស័យរើសអើង និងការលម្អៀងរបស់យើងចំពោះអ្នកដទៃ ដែលជួយពួកគេកាត់បន្ថយការរើសអើង និងការលម្អៀងមកលើយើង១២ តាមវដ្តនៃគុណធម៌ដ៏អស្ចារ្យ ។ ជាការពិត យើងធ្វើតាមការអញ្ជើញរបស់ព្យាការីជាទីស្រឡាញ់ថា ៖ « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ របៀបដែលយើងប្រព្រឹត្តចំពោះគ្នាពិតជាសំខាន់ខ្លាំងណាស់ ! របៀបដែលយើងនិយាយទៅកាន់ និងអំពីអ្នកដទៃនៅផ្ទះ នៅព្រះវិហារ នៅកន្លែងធ្វើការ និងនៅតាមអនឡាញ គឺសំខាន់ខ្លាំងណាស់ ។ ថ្ងៃនេះ ខ្ញុំសុំឲ្យពួកយើងប្រាស្រ័យទាក់ទងនឹងអ្នកដទៃតាមរបៀបមួយដែលខ្ពស់ជាង និងបរិសុទ្ធជាងនេះ ។១៣
នៅរសៀលនេះ នៅក្នុងស្មារតីនៃការអញ្ជើញនោះ ខ្ញុំសូមបន្ថែមការសន្យារបស់ខ្ញុំចំពោះកុមារអង្គការបឋមសិក្សាដ៏អស្ចារ្យរបស់យើងថា ៖
បើអ្នកមិនអាចដើរដូចអ្នកដទៃ
មនុស្សខ្លះគេដើរចេញពីអ្នក
តែខ្ញុំអត់ទេ ! អត់ទេ !
បើអ្នកមិននិយាយដូចអ្នកដទៃ
មនុស្សខ្លះនិយាយចំអកអ្នក
តែខ្ញុំអត់ទេ ! អត់ទេ !
ខ្ញុំដើរនិងនិយាយ ជាមួយអ្នក ។
នោះជាក្តីស្រឡាញ់ចំពោះអ្នក ។
ព្រះយេស៊ូវពុំងាកចេញទេ ។
ទ្រង់ប្រទានក្តីស្រឡាញ់គ្រប់គ្នា ។
ខ្ញុំនឹងផ្ដល់ ! នឹងផ្ដល់ !១៤
ខ្ញុំថ្លែងទីបន្ទាល់ថា ទ្រង់ដែលយើងថ្លែងថាជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងគឺពិតជាព្រះវរបិតាយើង ទ្រង់ស្រឡាញ់យើង ទ្រង់ស្គាល់បុត្រាបុត្រីទ្រង់ម្នាក់ៗយ៉ាងច្បាស់ ទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះយើងម្នាក់ៗ ហើយយើងទាំងអស់គ្នាពិតជាដូចៗគ្នាចំពោះទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា របៀបដែលយើងប្រព្រឹត្តចំពោះគ្នា គឺជាការឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់យើង និងការដឹងគុណចំពោះការពលិកម្មដ៏ពិសេស និងដង្វាយធួននៃព្រះរាជបុត្រាទ្រង់ដោយផ្ទាល់ ព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំអធិស្ឋាន ដូចទ្រង់ សូមឲ្យ យើងអាចស្រឡាញ់អ្នកដទៃ ព្រោះនោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ពុំមែនដោយសារតែពួកគេកំពុងធ្វើរឿងត្រឹមត្រូវ ឬគេថា « ត្រឹមត្រូវ » នោះទេ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕