សន្និសីទទូទៅ
ធ្វើ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


13:48

ធ្វើ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត » នឹង​រក​ឃើញ​ភាពសុខ​សាន្ត​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​នេះ និង​ការ​ជួបជុំ​ដ៏​រុងរឿង​នៅស្ថានសួគ៌ ។

យើង​រស់នៅ​ក្នុង​ជំនាន់​ដែល « អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត »​ ​ជួប​នឹង​បញ្ហា​ប្រឈមមុខ​ប្លែកៗ ។ អស់​អ្នក​ដែល​ជឿ​ថ្វាយបង្គំ​ដោយរាបសា និង ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ តែងតែ​ជួប​ប្រទះ​នឹង​ការ​សាកល្បង ទុក្ខលំបាក និង​ទុក្ខវេទនា​នា ។ ភរិយាខ្ញុំ ម៉ារី និង​ខ្ញុំ​មិនខុស​គ្នាទេ ។ កាល​ពីរ​បី​ឆ្នាំ​កន្លងទៅ យើង​បាន​ឃើញ​មិត្តភក្ដិ​នៅ​វិទ្យាល័យ និង​ដៃគូ​ផ្សព្វផ្សាយ​សាសនា​សហការី​ចាស់ៗ ព្រមទាំង​ឧត្តមភរិយា​របស់​ពួកគេ​មួយ​ចំនួន​បាន​ទទួល​មរណភាព ឬ​ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា​បាន​បញ្ចប់​ការសិក្សា​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ យើង​ឃើញ​មនុស្ស​ខ្លះ​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ជំនឿ និង​មាន​ជំនឿ តែ​បាន​ដើរ​ចេញពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ជា​អកុសល​យើង​បាន​បាត់បង់​ចៅ​ប្រុស​អាយុ ២៣ ឆ្នាំ ម្នាក់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ដ៏​សោកនាដកម្ម​មួយ ។ មិត្ត​ជា​ទីស្រឡាញ់ សមាជិកគ្រួសារ និង​មិត្ត​រួម​ការងារ​មួយ​ចំនួន​ក៏​បាន​ស៊ូទ្រាំ​នឹង​បញ្ហា​សុខភាព​ដ៏ពិបាក​ផងដែរ ។

នៅ​ពេល​ការសាកល្បង​កើត​ឡើង យើង​ទួញ​យំ ហើយ​ព្យាយាម​សម្រាល​បន្ទុក​គ្នា ។ យើង​សោកសៅ​ចំពោះ​អ្វី​មិន​បាន​សម្រេច និង​ចម្រៀង​ដែល​មិន​ទាន់​បាន​ច្រៀង ។ រឿង​អាក្រក់ៗ​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ឧទាហរណ៍ ដូច​អគ្គីភ័យ​ដ៏​សន្ធោ​សន្ធៅនៅ​កោះម៉ូយ រដ្ឋ ហាវ៉ៃ ភាគខាង​ត្បូង​ប្រទេស ឈីលី និង​ប្រទេស​កាណាដា មាន​ព្រឹត្តិការណ៍​ដ៏រន្ធត់​ដែល​ពេលខ្លះ​មនុស្សល្អ​ត្រូវ​ប្រឈមមុខ ។

យើង​អាននៅ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ថា ព្រះអម្ចាស់​ទ្រង់​បើក​សម្ដែង​ដល់​អ័ប្រាហាំ អំពី​ស្ថានភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​វិញ្ញាណ​ទាំង​ឡាយ ។ អ័ប្រាហាំ​រៀន​ដឹង​អំពី​ជីវិត​មុន​ផែនដី ការ​តែងតាំង​ទុកជាមុន ការ​បង្ក​បង្កើត ការ​ជ្រើសរើស​ព្រះ​ដ៏​ប្រោស​លោះ និង​ស្ថានភាព​ទីពីរ​របស់​មនុស្ស ។ ព្រះអម្ចាស់​បាន​ប្រកាស ៖

« យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នេះ​អាច​រស់​នៅ​លើ

« ហើយ​យើង​នឹង​សាកល្បងពួកគេ​មើល បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។

ឥឡូវនេះ យើង​ទាំងអស់គ្នា​នៅទីនេះ​នៅក្នុង​សណ្ឋាន​ទីពីរ​នៃដំណើរ​ឆ្ពោះទៅ​កាន់​នគរ​នៃសិរីល្អ ដែលចំណែក​នៃផែន​ការនៃ​សេចក្តី​សង្គ្រោះ​ដ៏អស្ចារ្យ​របស់ព្រះ និង​ភាព​តម្កើង​ឡើង ។ យើង​មានពរ​ជាមួយ​សិទ្ធិ​ជ្រើសរើស ហើយ​ជា​កម្មវត្ថុ​នៃ​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ ។ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់​ឲ្យ មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅជួប​នឹង​ព្រះ ។ យើង​មាន​ពរ​ដែល​បាន​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ ។ យើង​មាន​ឯកសិទ្ធិ​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់—សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ក្នុង​នាមជា អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត យើង​ព្យាយាម​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទ្រង់ ។ វាមិន​ងាយ​ស្រួល​ទេ​សម្រាប់​អ្នកដើរ​តាមទ្រង់ ។ ហើយក៏​មិន​ងាយ​ស្រួល​សម្រាប់ព្រះអង្គ​សង្គ្រោះ ដើម្បីបំពេញ​បេសកកម្ម​ក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​ស្មោះត្រង់​ដែរ ។

ព្រះគម្ពីរ​បង្ហាញ​យ៉ាងច្បាស់​ថា មនុស្ស​ជាច្រើន​នឹងចុះចាញ់​នឹង​វិធីសាស្រ្តនោះគឺ « ចូរ​យើង​ស៊ីផឹក ហើយ​អរ​សប្បាយ​ទៅ​ចុះ ត្បិត​ស្អែក​ឡើង​យើង​ត្រូវ​ស្លាប់​ហើយ » ។ អ្នក​មិន​ជឿ​ផ្សេង​ទៀត​ដក​ថយ​ទៅ​ដាច់តែ​ឯង​ស្រងូត​ស្រងាត់​ជាមួយ​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា​ដែល​តស៊ូមតិ​សម្រាប់ « សេចក្តី​ថ្មី » និង​ទស្សនៈ​របស់​មនុស្ស ។១០ ព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ ។១១

អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត​មិន​ដើរតាម​ផ្លូវ​ណាមួយ​នោះទេ ។ យើង​មានភាព​កក់ក្តៅ​ជា​សមាជិក ដែល​បាន​ចូល​រួមចំណែក​ក្នុង​សហគមន៍​ដែលយើង​រស់នៅ ។ យើងស្រឡាញ់ ចែកចាយ និង​អញ្ជើញ​បុត្រាបុត្រី​របស់​ព្រះទាំង​អស់​ឲ្យ​ធ្វើតាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ ។១២ យើង​ធ្វើតាម​ពាក្យ​ទូន្មាន​របស់​ព្យាការី​ជាទីស្រឡាញ់ គឺ ប្រធាន ណិលសុន យើង​ជ្រើសរើស​តួនាទី​ជា​អ្នក​ផ្សះផ្សាគេ ក្នុង​ពេលនេះ និង​រហូត​តទៅ ។១៣ វិធីសាស្រ្ត​ដ៏បំផុសគំនិត​នេះ​គឺ​សមស្រប​តាមទាំង​បទគម្ពីរ​ទាំងឡាយ និង​ការដឹកនាំ​របស់​ព្យាការី ។

ក្នុង​ឆ្នាំ ១៨២៩ សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​មិន​ទាន់​បាន​រៀបចំ​នៅ​ឡើយទេ ហើយ​ព្រះគម្ពីរ​មរមន​ក៏មិនទាន់​បោះពុម្ព​ដែរ ។ មនុស្ស​មួយ​ក្រុម​តូច​ដែល​តស៊ូ បាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ បាន​ដើរ​តាម​ព្យាការី យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់​បានបើក​សម្ដែង​ពាក្យ​ទូន្មាន និង​គ្រាដ៏លំបាក​ទៅដល់​យ៉ូសែប​ថា ៖ « ហេតុដូច្នេះ​ហើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហ្វូងតូច​អើយ ចូរ​ធ្វើ​ល្អ​ចុះ ចូរ​ឲ្យ​ផែនដី និង​ស្ថាននរក​រួមគ្នា​ប្រឆាំង​នឹង​អ្នក​ចុះ ដ្បិត​បើសិនជា​អ្នករាល់គ្នា​បាន​សង់​នៅលើ​ថ្មដា​របស់​យើង នោះ​ពួកគេ​ពុំ​អាច​យកឈ្នះ​បាន​ឡើយ » ។១៤ គាត់​ក៏​ប្រឹក្សា​ដល់​ពួកគេ​ផងដែរ ៖

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ​កុំ​ខ្លាច​ឡើយ ។

« ចូរ​មាន​ចិត្ត​ស្មោះត្រង់​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​គ្រង​នគរ​ស្ថាន​សួគ៌​ទុកជា​មរតក » ។១៥

ច្បាស់​ណាស់ ជោគវាសនា​សួគ៌ា​របស់​យើង​គឺមិន​កែប្រែ​ទេ នៅពេល​យើង​រង​ទុក្ខ​លំបាក​ដោយ​មារសត្រូវ ។ ក្នុងគម្ពីរ​ហេព្រើរ​បានផ្តល់​ដំបូន្មាន​ថា « មកដល់​បល្ល័ង្ក​នៃព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តីមេត្តា ហើយ​រកបាន​ព្រះគុណ​សម្រាប់​នឹង​ជួយដល់​ពេល​ត្រូវការចុះ » ។១៦ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច » ។១៧

ខ្ញុំ​ស្រឡាញ់​ប្រសាសន៍​របស់ មរមន ដែល​បាន​ដក​ស្រង់​ដោយ​កូនប្រុស​របស់​គាត់មរ៉ូណៃ​ថា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្តពី​ព្រោះ​តែ​ដំណើរ​ដ៏​សុខសាន្ត​របស់​បង​ប្អូន​ជាមួយ​នឹង​កូន​ចៅ​មនុស្ស » ។១៨

សម្រាប់​យើង​ក្នុង​សាសនាចក្រ​ដែល​ខិតខំ​ធ្វើជា « អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទដោយ​សុខសាន្ត នោះថ្ងៃ​ដ៏​ភ្លឺស្វាង​កំពុង​រង់ចាំ​យើង នៅពេល​យើង​ផ្ដោត​លើ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ការសាកល្បង​ជាផ្នែក​មួយ​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​កើតឡើង​ចំពោះ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ទូទាំង​ពិភពលោក ។ ការណ៍​នេះ​រាប់បញ្ចូល​ទាំង​ជម្លោះ​ធំៗ​រវាងប្រទេស​នានា និង​បុគ្គល​ផងដែរ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រូវបាន​គេ​សួរជាញឹកញាប់​ថា « ហេតុអ្វី​បានជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿងអាក្រក់ៗ​កើតឡើង ជាពិសេស​ចំពោះ​មនុស្សល្អ ? » ហើយ « ហេតុអ្វី​បាន​ជាអស់​អ្នក​ដែល​សុចរិត និង​អស់អ្នកនៅ​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់​មិន​បាន​ការពារ​ពី​សោកនាដកម្ម​បែប​នេះ ?

យើង​មិន​ដឹង​ចម្លើយ​ទាំងអស់​ទេ តែ​យើង​ដឹង​ពី​គោលការណ៍​សំខាន់ៗ ដែល​អនុញ្ញាតឲ្យ​យើង​ប្រឈមមុខ​នឹង​ការសាកល្បង ទុក្ខលំបាក និង​ទុក្ខវេទនា​ដោយ​សេចក្តី​ជំនឿ និង​មាន​ទំនុកចិត្ត​ថា​មាន​អនាគត​ដ៏ភ្លឺស្វាង​រង់ចាំ​យើងម្នាក់ៗ ។ គ្មាន​ឧទាហារណ៍​ណា នៅ​ក្នុង​ព្រះគម្ពីរ​ទាក់​ទង​នឹង​ការ​ឆ្លង​កាត់​ទុក្ខវេទនា ល្អជាង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី កាល​លោក​ជាប់​ទោស​ក្នុង​គុក លីប៊ើធី ទេ ។

ព្រះអម្ចាស់​បាន​ប្រកាស​ផ្នែក​ខ្លះ​ថា ៖

« បើសិនជា​ថ្គាម​នៃស្ថាននរក​នឹង​ហារត្របាក់​អ្នកក្ដី​បុត្រយើង​អើយចូរអ្នក​ដឹងថា​គ្រប់ការណ៍​ទាំងនេះ​នឹងផ្ដល់ ការពិសោធន៍​ដល់អ្នក​ហើយ​នឹង​ទៅជាការល្អ​ដល់អ្នក​ទៅវិញ ។

« កូន​មនុស្ស​បាន​ចុះទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី ?

« …​ចូរ​កុំ​ខ្លាច​នូវ​អ្វី ដែល​មនុស្ស​អាច​ប្រព្រឹត្ត​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក ជា​រៀង​ដរាបត​ទៅ » ។១៩

ច្បាស់​ណាស់​យើងមាន​ព្រះវរបិតាសួគ៌​ដែលជ្រាប និង​ស្រឡាញ់​យើង ហើយ​ជ្រាបដឹង​ពីទុក្ខវេទនា​របស់​យើង​ដ៏​ឥតខ្ចោះ ។ ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​យើង ។

ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន អិម រ័សុល បាឡឺដ លោក​ទាំងពីរ បាន​បញ្ជាក់​យ៉ាងមុ​តមាំ​អំពី​សារៈសំខាន់​នៃ​ការបោះ​ពុម្ព​កំណែថ្មី​នៃ ការប្រកាស​ដំណឹងល្អ​របស់​យើង.២០ ។ ខ្ញុំ​ចែក​រំលែក​ភាពរីករាយ​របស់​ពួកលោក ការបោះពុម្ពថ្មីនេះ ជាការពង្រីក​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ ជាការ​ប្រកាស​ដ៏មានអានុភាព ៖

« នៅ​ក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ឈឺចាប់ ទុក្ខ​វេទនា និង​ជំងឺ​របស់​យើង ។ ដោយសារ​រឿង​នេះ ទ្រង់​ជ្រាប​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ ( អាលម៉ា ៧:១២; សូមមើលផងដែរ ខទី ១១ ) ។ ទ្រង់​បាន​អញ្ជើញ​ថា ចូរ​មក​ឯ​ខ្ញុំ ហើយ​នៅ​ពេល​យើង​ធ្វើ​ដូច្នេះ ទ្រង់​នឹង​ឲ្យ​យើង​រាល់​គ្នា​ឈប់​សម្រាក ក្តីសង្ឃឹម កម្លាំង ទស្សនវិស័យ និង​ការជា​សះស្បើយ ( ម៉ាថាយ ១១:២៨; សូមមើលផងដែរ ខទី ២៩–៣០ ) ។

« នៅពេល​យើង​ពឹងផ្អែក​ទៅ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យស៊ូទ្រាំ​ការសាកល្បង ជម្ងឺ និង ការឈឺចាប់​របស់​យើង ។ យើងអាច​ពេញ​ដោយ​អំណរ ភាពសុខសាន្ដ និង ការលួងលោម​ចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។២១

យើង​អាច​រីករាយ​ធ្វើ​ជា​ អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត

ផែនការ​នៃសុភមង្គល​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​ទ្រង់ មិនត្រឹមតែ​រួមបញ្ចូល​ជីវិតមុន​ឆាក​ជីវិត​នេះ និងជីវិត​រមែង​ស្លាប់​នោះទេ ប៉ុន្តែក៏​មាន​សក្តានុពល​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច រួមទាំង​ការជួបជុំ​គ្នាដ៏អស្ចារ្យ និង​ដ៏រុងរឿង​ជាមួយនឹង​មនុស្ស​ដែលយើង​បាត់បង់​ផងដែរ ។ កំហុស​ទាំងអស់​នឹង​ត្រូវបាន​កែតម្រូវ ហើយ​យើង​នឹងឃើញ​យ៉ាងច្បាស់​ឥតខ្ចោះ និង​ដោយ​ទស្សនវិស័យ និង​ការយល់ដឹង​ដែលគ្មាន​ទោស ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ប្រៀបធៀប​ទស្សនវិស័យ​នេះ​ជាមួយ​នឹង​មនុស្សណា​ម្នាក់​ដែល​ដើរ​ចូលទៅ​កណ្តាល​ការសម្តែង​ទាំងបីឆាក ។២២ អ្នក​ដែល​គ្មាន​ចំណេះដឹង​អំពី​ផែនការ​របស់​ព្រះវរបិតា​មិន​យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សណ្ឋាន​ដំបូង ( ឬ​ជីវិត​មុន​ផែនដី ) និង​គោលបំណង​ដែល​បាន​បង្កើត​ឡើង​នៅ​ទីនោះទេ ​ពួកគេ​ក៏​មិន​យល់​ពី​ការ​បញ្ជាក់ និង​ដំណោះស្រាយ​ដែល​កើត​ឡើង​ក្នុង​សណ្ឋាន​ទី​បី ដែល​ជា​ជោគជ័យ​ដ៏​រុងរឿង​នៃ​ផែនការ​របស់​ព្រះវរបិតា​ដែរ ។

មនុស្ស​ជា​ច្រើន​ពុំ​មាន​អំណរគុណ ចំពោះ​ផែនការ​ជាទីស្រឡាញ់ និង​ទូលំទូលាយ​របស់​ទ្រង់​ទេ ចំពោះមនុស្ស​ខ្លះ​វា​ក្លាយ​ជា​គុណវិបត្តិ​ទៅវិញ ព្រោះ​វាមិនមែនជា​កំហុស​គេទេ ដូច្នេះ​នៅទីបំផុត​នឹង​មិន​រងផល​ប៉ះពាល់​អ្វីទេ ។២៣

ព្រះគម្ពីរ​បង្ហាញ​យ៉ាងច្បាស់ថា អ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត ដែលធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​សុចរិត ហើយ​កាន់តាម​បទបញ្ញត្តិ​របស់ទ្រង់​នឹង​ទទួលពរ ។ ព្រះគម្ពីរ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​សុចរិត មិនថា​ស្ថានភាព​ក្នុងជីវិត​របស់​ពួកគេ​បែបណាទេ នេះជាផ្នែក​មួយ​នៃ​សុន្ទរកថា​របស់​ស្តេច​បេនយ៉ាមីន​ទៅកាន់​ប្រជាជន​របស់ទ្រង់ ។ ទ្រង់​សន្យា​ថា អស់​អ្នក​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ដោយ​ស្មោះត្រង់ នឹង​បាន​ទទួល​ពរ​គ្រប់​យ៉ាង​ក្នុង​ជីវិត​នេះ​និង « ទទួល​នៅ​ស្ថានសួគ៌ …[ និង ]​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិនចេះចប់​មិន​ចេះ​ហើយ » ។២៤

យើង​ទទួល​ស្គាល់ថា​យើង​ទាំងអស់គ្នា​ភាគច្រើន​បាន​ជួបប្រទះ​នឹងព្យុះ​នៃ​ការបំផ្លិច​បំផ្លាញ​មួយចំនួន​ទាំង​ខាងរូបកាយ និង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​យើង ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​គង់នៅ ស្ថានសួគ៌ គឺជា​ព្រះសិរសា​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​នេះ បាន​ប្រទាន​ព្រះគម្ពីរ និង​ព្យាការី​ដើម្បី​រៀបចំ​យើង ព្រមាន​យើង​អំពី​គ្រោះថ្នាក់ និង​ផ្ដល់​ការណែនាំ​ដល់​យើង​ដើម្បី​រៀបចំ និង​ការពារ​យើង ។ ការណែនាំ​ខ្លះ​ទាមទារ​ឲ្យ​ធ្វើ​សកម្មភាព​ភ្លាមៗ និងខ្លះទៀត​ផ្តល់ការ​ការពារ​ជាច្រើន​ឆ្នាំ​នាពេល​អនាគត ។ បុព្វកថា​របស់​ព្រះអម្ចាស់​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា កណ្ឌ​ទី ១ដាស់តឿន​យើង​ឲ្យ « ស្ដាប់​តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី » ។២៥

កណ្ឌ​ទី ១ ក៏​ព្រមាន​យើង​ផងដែរ « ចូរ​រៀបចំ ចូរ​រៀបចំ​សម្រាប់​អ្វី​ដែល​នឹង​មកដល់ចុះ » ។២៦ ព្រះអម្ចាស់​ប្រទាន​ឱកាស​ដល់​រាស្ដ្រ​ទ្រង់​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ឧបសគ្គ​ដែល​ពួកគេ​នឹង​ជួបប្រទះ ។

ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដ៏​មាន​ព្រះចេស្តា ដល់​ប្រធាន ព្រិកហាំ យ៉ង់ នៅ​ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ១៨៤៧ នៅ វិនទើរ ខ្វរទើរ្ស ។២៧ វិវរណៈ​នេះ​គឺ​ជា​គំរូ​បុរាណ​នៃ​ការ​រៀបចំ​រាស្រ្ត​របស់​ព្រះអម្ចាស់​សម្រាប់​អ្វី​ដែល​នឹង​មក​ដល់ ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​បាន​ចាប់ផ្តើម​ការចាកចេញ​របស់​ពួកគេ​ទៅកាន់​ជ្រលង​ភ្នំ សលត៍ លេក ។ ពួកគេ​បាន​សាងសង់​ព្រះវិហារបរិសុទ្ធ​ណៅវូ​ដោយ​ជោគជ័យ ហើយ​បាន​ទទួល​ពិធីបរិសុទ្ធ​ពិសិដ្ឋ​នៃ​សេចក្តី​សង្គ្រោះ ។ ពួកគេ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពីរដ្ឋ មិសសួរី ហើយ​អ្នក​បៀតបៀន​ពួកគេ​បាន​បណ្ដេញ​ពួកគេ​ចេញ​ពីទីក្រុង ណៅវូ ក្នុង​រដូវ​រងា​ដ៏​កាចសាហាវ ។ វិវរណៈ​ដែល​ប្រទាន​ដល់ ព្រិកហាំ បាន​ផ្ដល់​ការ​ប្រឹក្សា​ច្បាស់លាស់​អំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​ចាកចេញ ។ ព្រះអម្ចាស់​បាន​សង្កត់ធ្ងន់​ជា​ពិសេស​ទៅលើ​ការ​ថែទាំ​ជនក្រីក្រ ស្ត្រី​មេម៉ាយ អ្នក​គ្មាន​ឪពុក និង​គ្រួសារ​នៃ​អស់អ្នក​ដែល​បម្រើ​ក្នុង​កងទ័ព​មរមន ខណៈ​ដែល​បុគ្គល​សំខាន់​នៃ​ពួកបរិសុទ្ធ​បាន​បន្ត​ដំណើរ​ដ៏​គ្រោះថ្នាក់​របស់​ពួកគេ ។

បន្ថែម​លើការផ្តល់​ដំបូន្មាន​ផ្សេង​ទៀតដើម្បី​រស់នៅ​ដោយ​សុចរិត នោះ​ព្រះអម្ចាស់​បាន​សង្កត់​ធ្ងន់​លើ​គោលការណ៍​ពីរ​ផ្សេង​ទៀត​ដែល​បន្ត​អនុវត្ត​រហូត​ដល់​សព្វថ្ងៃ​នេះ ។

ទីមួយ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ « សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់ ដោយ​ការ​ច្រៀង ដោយ​ការ​លេង​ភ្លេង ដោយ​ការ​រាំ និង​ដោយ​ការ​អធិស្ឋាន អំពី​ការ​សរសើរ និង​អំណរគុណ » ។២៨

ទីពីរ ព្រះអម្ចាស់​បាន​ទូន្មាន​បើ​ពួកគេ « មាន​ចិត្ត​ទុក្ខ​ព្រួយ ចូរ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ដោយ​ការ​អង្វរករ សូម​ឲ្យ​ដួង​ព្រលឹង​អ្នក​អាច​មាន​អំណរ​អរ​ផង » ។២៩

ពាក្យ​ដាស់តឿន​ទាំង​ពីរ​នេះ​ជា​ដំបូន្មាន​ដ៏​អស្ចារ្យ​សម្រាប់​ជំនាន់​របស់​យើង​ផ្ទាល់ ។ ជីវិត​ពោរពេញ​ដោយ​ការសរសើរ តន្ត្រី និង​អរព្រះគុណ​គឺជា​ពរជ័យ​យ៉ាង​ពិសេស ។ ការមាន​អំណរគុណ ហើយ​ពឹងផ្អែក​លើជំនួយ​ពីស្ថាន​សួគ៌​តាមរយៈ​ការអធិស្ឋាន គឺជាវិធី​ដ៏មាន​ព្រះចេស្តា​ដើម្បី​ក្លាយជា​ អ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត ។ ការ​ព្យាយាម​ដើម្បី​មាន​ក្តីសង្ឃឹម​ជានិច្ច ជួយ​ជៀស​វាង​ពីការ​ធ្លាក់​ចុះ​ខាង​វិញ្ញាណ ។

បន្ទាត់​ចុង​ក្រោយ​នៃ​ទំនុកតម្កើង បង្ហាញ​ពី​ចម្លើយ​នៅ​ទីបំផុត​តាម​របៀប​មួយ​ដ៏​អស្ចារ្យ ៖ « Earth has no sorrow that heav’n cannot heal »៣០

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​ថា « អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្តនឹង​រក​ឃើញ​ភាពសុខ​សាន្ត​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​នេះ និង​ការ​ជួបជុំ​ដ៏​រុងរឿង​នៅស្ថានសួគ៌ ។ ខ្ញុំ​ថ្លែង​ជាសាក្សី​យ៉ាង​ពិតប្រាក​អំពីភាព​ជាព្រះ​របស់ព្រះអង្គ​សង្គ្រោះ និង ភាព​ពិត​នៃដង្វាយ​ធួន​របស់ទ្រង់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕