លោកម្ចាស់ យើងចង់ឃើញព្រះយេស៊ូវ
យើងចង់មើលឃើញព្រះយេស៊ូវថាទ្រង់ជានរណា ហើយចង់ដឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។
បញ្ហាមិនអាចសម្គាល់មុខមនុស្ស
ថ្ងៃមួយនៅនិទាឃរដូវនៃ ឆ្នាំ ១៩៤៥ មានយុវជនម្នាក់បានភ្ញាក់ឡើងនៅក្នុងមន្ទីពេទ្យទាហានមួយ ។ គាត់សំណាងណាស់ដែលនៅរស់—គាត់ត្រូវគេបាញ់ចំពីក្រោយត្រចៀក ប៉ុន្តែវេជ្ជបណ្ឌិតបានធ្វើការវៈកាត់ ហើយឥឡូវគាត់អាចដើរ និងនិយាយបានដូចធម្មតា ។
ជាអកុសល គ្រាប់កាំភ្លើងបានបំផ្លាញផ្នែកមួយនៃខួរក្បាលរបស់គាត់ មិនឲ្យសម្គាល់មុខមនុស្សបាន ។ ឥឡូវនេះគាត់មើលទៅភរិយាទាំងមិនចាំអីសោះ គាត់មិនស្គាល់ម្តាយខ្លួនឯងផងដែរ ។ សូម្បីតែមុខនៅក្នុងកញ្ចក់ ក៏គាត់មិនស្គាល់ដែរ—គាត់មិនអាចដឹងថាជាមនុស្សប្រុស ឬស្រីទេ ។១
គាត់បានក្លាយជាមនុស្សដែលមិនអាចសម្គាល់មុខមនុស្សបាន—ស្ថានភាពមួយដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ។២
មនុស្សដែលមានបញ្ហាធ្ងន់ធ្ងរមិនអាចសម្គាល់មុខមនុស្សមួយរូប បានព្យាយាមកំណត់អត្តសញ្ញាណអ្នកដទៃដោយប្រើច្បាប់នៃការទន្ទេញចាំ—ជាច្បាប់មួយដើម្បីស្គាល់កូនស្រីតាមរយៈស្នាមអាចម៍រុយ ឬមិត្តភក្តិតាមរយៈការដើរអូសជើងរបស់គេ ។
ការធំឡើង
នេះគឺជារឿងទីពីរ វានៅជិតបង្កើយ កាលពីក្មេង ខ្ញុំតែងតែឃើញម្តាយខ្ញុំគឺជាអ្នកបង្កើតច្បាប់ ។ គាត់តែងតែសម្រចថាពេលណាខ្ញុំអាចលេង ហើយពេលណាខ្ញុំត្រូវចូលគេង ហើយកាន់តែពិបាក គឺដកស្មៅនៅក្នុងសួនច្បារ ។
ពិតណាស់គាត់ស្រឡាញ់ខ្ញុំ ។ គួរឲ្យខ្មាស់ណាស់ ដែលជាញឹកញាប់ ខ្ញុំមើលទៅគាត់គឺជា « មនុស្សផ្តាច់ការម្នាក់ប៉ុណ្ណោះ » ។
តែប៉ុន្មានឆ្នាំក្រោយមក ទើបខ្ញុំមើលទៅគាត់ថាជានរណាឲ្យពិតប្រាកដ ។ ខ្ញុំខ្មាសដែលនិយាយថាខ្ញុំមិនដែលចាប់អារម្មណ៍ពីការលះបង់របស់គាត់ ឬឆ្ងល់ថាហេតុអ្វីបានជាច្រើនឆ្នាំមកនេះ គាត់ស្លៀកតែសំពត់ចាស់ពីរដដែលៗដូច្នោះ ( ខណៈដែលខ្ញុំមានសម្លៀកបំពាក់ថ្មីៗ ) ឬហេតុអ្វីក្នុងនាមជាម្តាយដែលមានកូនប្រាំពីរនាក់ចូលសម្រាន្តឆាប់ម្ល៉េះ ។
យើងប្រហែលជាមានបញ្ហាមិនអាចសម្គាល់មុខមនុស្ស
ប្រហែលជាបងប្អូនសម្គាល់ឃើញថារឿងទាំងពីរនេះគឺជារឿងតែមួយ—ព្រោះអស់ជាច្រើនឆ្នាំមកនេះខ្ញុំពិតជាមានបញ្ហាមិនអាចសម្គាល់មុខមនុស្សមែន ។ ខ្ញុំបរាជ័យ ដោយមើលមិនស្គាល់ម្តាយរបស់ខ្ញុំ ជា មនុស្សបែបណា ។ ខ្ញុំមើលឃើញតែច្បាប់របស់គាត់ ប៉ុន្តែខ្ញុំមើលមិនឃើញសេចក្តីស្រឡាញ់របស់គាត់ទេ ។
ខ្ញុំប្រាប់រឿងទាំងពីរនេះដល់បងប្អូនដើម្បីបង្ហាញចំណុចមួយ ៖ ខ្ញុំសង្ស័យថាបងប្អូនស្គាល់នរណាម្នាក់ ( ប្រហែលជាបងប្អូន គឺជា ម្នាក់នោះ ) ដែលរងទុក្ខដោយភាពខ្វាក់មុខខាងវិញ្ញាណ ។
បងប្អូនអាចនឹងពិបាកមើលឃើញ ថា ព្រះជាបិតាដែលមានសេចក្ដីស្រឡាញ់ ។ បងប្អូនអាចមើលទៅស្ថានសួគ៌ មិនឃើញមានផ្ទៃមុខនៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាករុណានោះទេ ប៉ុន្តែឃើញតែក្បួនច្បាប់ដ៏ក្រាស់ក្រែល ដែលបងប្អូនត្រូវដើរតាមនៅលើផ្លូវរបស់បងប្អូនទៅវិញ ។ ប្រហែលជាបងប្អូនជឿថាព្រះគ្រប់គ្រងស្ថានសួគ៌របស់ទ្រង់ មានបន្ទូលតាមរយៈព្យាការីរបស់ទ្រង់ ហើយស្រឡាញ់បងប្អូនស្រីរបស់បងប្អូន ប៉ុន្តែលួចឆ្ងល់ថា តើទ្រង់ស្រឡាញ់បងប្អូនដែរឬទេ ។៣ ប្រហែលបងប្អូនកាន់ដំបងដែក តែមិនទាន់បានដឹងពីក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដែលកំពុងដើរទៅនោះទេ ។៤
ខ្ញុំសង្ស័យថាបងប្អូនស្គាល់មនុស្សបែបនេះ ពីព្រោះខ្ញុំ ជា មនុស្សបែបនេះអស់រយៈពេលជាយូរមកហើយ—ខ្ញុំមានបញ្ហាមិនអាចសម្គាល់មុខខាងវិញ្ញាណ ។
ខ្ញុំគិតថាជីវិតខ្ញុំគឺធ្វើតាមតែច្បាប់ ហើយវាស់វែងតាមបទដ្ឋានដែលមើលមិនឃើញ ។ ខ្ញុំបានដឹងថាព្រះស្រឡាញ់បងប្អូនយ៉ាងល្អឥតខ្ចោះ ប៉ុន្តែខ្ញុំអត់មានអារម្មណ៍ខ្លួនឯងទេ ។ ខ្ញុំខ្លាចតែខ្ញុំគិតច្រើនអំពីការចូលទៅស្ថានសួគ៌ ជាជាងការនៅជាមួយព្រះវរបិតាសួគ៌របស់ខ្ញុំ ។
បើបងប្អូនដូចខ្ញុំ ពេលខ្លះច្រៀងតែលើបបូរមាត់ តែមិនច្រៀងចម្រៀងនៃក្តីស្រឡាញ់នៃការប្រោសលោះទេ នោះ ៥ តើយើងអាចធ្វើអ្វីខ្លះ ?
ដូចប្រធាន ណិលសុន រំឭកយើងថា ចម្លើយគឺព្រះយេស៊ូវជានិច្ច ។ ៦ ហើយនោះគឺជាដំណឹងដ៏ល្អណាស់ ។
លោកម្ចាស់ យើងចង់ឃើញព្រះយេស៊ូវ
មានខគម្ពីរខ្លីមួយនៅក្នុង យ៉ូហាន ដែលខ្ញុំស្រឡាញ់ ។ ខគម្ពីរនោះប្រាប់អំពីក្រុមអ្នកក្រៅ ដែលទៅរកសិស្សរបស់ទ្រង់ដោយមានសំណើដ៏សំខាន់មួយ ។ ពួកគេនិយាយ « លោកម្ចាស់ យើងខ្ញុំ [ ចង់ ] ឃើញព្រះយេស៊ូវ » ។៧
នោះគឺជាអ្វីដែលយើងចង់បាន—គឺមើលឃើញព្រះយេស៊ូវថាទ្រង់ជានរណា ហើយចង់ដឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។ នេះគួរតែជាមូលហេតុនៃអ្វីដែលពួកយើងធ្វើភាគច្រើននៅក្នុងសាសនាចក្រ ហើយជាពិសេសនៅគ្រប់ការប្រជុំសាក្រាម៉ង់ ។ បើបងប្អូនឆ្ងល់ថាតើមេរៀនប្រភេទណាដែលត្រូវបង្រៀន ការប្រជុំប្រភេទណាដែលត្រូវរៀបចំ តើត្រូវបោះបង់ពួកឌីកុន ហើយទៅលេងបាល់ឬអត់ ៨បងប្អូនអាចយកខគម្ពីរនេះធ្វើជាការណែនាំដល់បងប្អូន ៖ តើការណ៍នេះអាចជួយមនុស្សមើលឃើញ និងស្រឡាញ់ព្រះយេស៊ូវដែរឬទេ ? បើអត់ទេ អាចសាកល្បងអ្វីមួយផ្សេងទៀត ។
នៅពេលដែលខ្ញុំដឹងថាខ្ញុំមានបញ្ហាមិនអាចសម្គាល់មុខខាងវិញ្ញាណ ខ្ញុំមើលឃើញតែក្រឹត្យវិន័យ ប៉ុន្តែមិនឃើញព្រះភក្រ័នៃសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាទេនោះ ខ្ញុំដឹងថាវាពុំមែនជាកំហុសរបស់សាសនាចក្រឡើយ ។ វាពុំមែនជាកំហុសរបស់ព្រះទេ ហើយវាពុំមានន័យថាគ្រប់យ៉ាងបានបាត់បង់នោះដែរ វាគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវរៀន ។ សូម្បីតែពួកសិស្សនៅសម័យមុន ជាញឹកញាប់ជួបមុខផ្ទាល់ជាមួយព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ប៉ុន្តែមិនបានស្គាល់ទ្រង់នោះទេ ចាប់តាំងពីនៅផ្នូរក្នុងសូនច្បារ រហូតទៅដល់ច្រាំងនៃស្រុកកាលីឡេអ្នកដើរតាមដំបូងគេរបស់ទ្រង់បាន « ឃើញព្រះយេស៊ូវកំពុងឈរ តែមិនដឹងជាព្រះយេស៊ូវទេ » ។៨ ពួកគេត្រូវរៀនស្គាល់ទ្រង់ ហើយយើងក៏ដូចគ្នាផងដែរ ។៩
សេចក្ដីសប្បុរស
នៅពេលខ្ញុំបានដឹងថាខ្ញុំមានបញ្ហាមិនអាចស្គាល់ខាងវិញ្ញាណ ខ្ញុំចាប់ផ្តើមធ្វើតាមការទូន្មានរបស់មរមនឲ្យអធិស្ឋាន « ដោយអស់ពីកម្លាំងចិត្ត » ដើម្បីបានពោរពេញដោយសេចក្ដីស្រឡាញ់ដែលបានសន្យាទៅកាន់សិស្សរបស់ទ្រង់—សេចក្តីស្រឡាញ់ខ្ញុំចំពោះទ្រង់ និងសេចក្តីស្រឡាញ់ទ្រង់ចំពោះខ្ញុំ—និង « ឃើញទ្រង់ ជាទ្រង់ពិតប្រាកដ … ហើយមានសេចក្ដីសង្ឃឹមនេះ » ។១០ ខ្ញុំបានអធិស្ឋានរាប់ឆ្នាំដើម្បីអាចធ្វើតាមបទបញ្ញត្តិដ៏អស្ចារ្យទីមួយឲ្យស្រឡាញ់ព្រះ និងទទួលអារម្មណ៍ពី « សេចក្ដីពិតដ៏ធំបំផុតដំបូងគេ … ថាព្រះស្រឡាញ់ យើងដោយអស់ពីព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និងព្រះចេស្ដា របស់ទ្រង់១១
ដំណឹងល្អ
ខ្ញុំក៏បានអានដំណឹងល្អទាំងបួនម្ដងហើយម្ដងទៀត—អានលើកនេះមិនស្រង់យកក្រឹត្យវិន័យទេ ប៉ុន្តែដើម្បីមើលឃើញថា ទ្រង់ជានរណា និងអ្វីដែលទ្រង់ស្រឡាញ់ ។ ហើយនៅពេលក្រោយមក ខ្ញុំត្រូវបានបោកបក់ដោយទឹកទន្លេនៃសេចក្ដីស្រឡាញ់ដែលហូរចេញពីទ្រង់ ។
ព្រះយេស៊ូវប្រកាសថាទ្រង់ ត្រូវចាត់ឲ្យមក « ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសពីសេចក្ដីប្រោសលោះ ដល់ពួកឈ្លើយ និង សេចក្តីភ្លឺឡើងវិញ ដល់មនុស្សខ្វាក់ » ។១២
នោះពុំមែនគ្រាន់តែជាបញ្ជីការងារត្រូវធ្វើ ឬស្វែងរកកេរ្តិ៍ឈ្មោះល្អនោះទេ វាជារូបរាងនៃសេចក្តីស្រឡាញ់ទ្រង់ ។
ពេលបើកមើលដំណឹងល្អត្រួសៗ ស្ទើរតែគ្រប់ទំព័រ យើងមើលឃើញទ្រង់មើលថែដល់អ្នករងទុក្ខ—ខាងសង្គម ខាងវិញ្ញាណ និងខាងសាច់ឈាម ។ ទ្រង់បានពាល់មនុស្សដែលគេចាត់ទុកថាកខ្វក់ ហើយមិនស្អាត១៣និងឲ្យអាហារដល់អ្នកដែលអត់ឃ្លាន ។១៤
តើរឿងអ្វីដែលបងប្អូនចូលចិត្តជាងគេអំពីព្រះយេស៊ូវ ? ខ្ញុំសង្ស័យថារឿងនោះបង្ហាញអំពីព្រះរាជបុត្រានៃព្រះដែលឈោងទៅឱបក្រសោបឬផ្ដល់ក្ដីសង្ឃឹមដល់ នរណាម្នាក់នៅដ៏ឆ្ងាយ—មនុស្សឃ្លង់ ១៥សាសន៍សាម៉ារីដែលគេស្អប់១៦អ្នកទារពន្ធ និងមនុស្សមានបាបដែលគេបង្ខូចឈ្មោះ១៧ឬសត្រូវរបស់ជាតិសាសន៍ ។១៨ ព្រះគុណបែបនេះគឺអស្ចារ្យណាស់ ។
បើព្យាយាមកត់ត្រាទុករាល់ពេលដែលទ្រង់សរសើរ ឬព្យាបាល ឬបរិភោគជាមួយអ្នកក្រៅ នោះបងប្អូននឹងសរសេរអស់ទឹកប៊ិចមុនពេលបងប្អូនអានចប់គម្ពីរលូកា ។
ខ្ញុំបានឃើញរឿងនេះ ហើយបេះដូងខ្ញុំក្តុកក្តួលដែលស្គាល់ក្ដីស្រឡាញ់ ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាទ្រង់ប្រហែលជាស្រឡាញ់ខ្ញុំផងដែរ ។ ដូចប្រធាន ណិលសុន បានបង្រៀនថា « កាលណាបងប្អូនរៀនពីព្រះអង្គសង្គ្រោះកាន់តែច្រើន នោះវាកាន់តែងាយស្រួលដើម្បីទុកចិត្តលើសេចក្ដីមេត្តារបស់ទ្រង់ សេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់ » ។១៩ ហើយបងប្អូននឹងកាន់តែទុកចិត្ត ហើយស្រឡាញ់ព្រះវរបិតាសួគ៌របស់បងប្អូនថែមទៀត ។
អែលឌើរ ហូឡិន បានបង្រៀនយើងថា ព្រះយេស៊ូវ យាងមកដើម្បីបង្ហាញ « យើងថាព្រះជាព្រះវរបិតាអស់កល្បរបស់យើងជានរណា និងមានលក្ខណៈយ៉ាងណា ថាតើទ្រង់លះបង់ទាំងស្រុងយ៉ាងណា ដើម្បីកូនចៅរបស់ទ្រង់ » ២០នៅគ្រប់វ័យ និងគ្រ់បជាតិសាសន៍ ។
ប៉ុលបាននិយាយថា ព្រះគឺជា « ព្រះវរបិតា នៃក្ដីមេត្តាករុណា [ ទាំងអស់ ] ហើយព្រះនៃការលួងលោមទាំងអស់ » ។២១
ប្រសិនបើបងប្អុនឃើញទ្រង់ខុសពីនេះ សូមបន្តព្យាយាម ។
សេចក្ដីសញ្ញា និងការឱបក្រសោបរបស់ព្រះ
ពួកព្យាការីអញ្ជើញយើងឲ្យស្វែងរកព្រះភ័ក្ត្ររបស់ទ្រង់ ។២២ ខ្ញុំយកការអញ្ជើញនេះជាការរំឭកថាយើងថ្វាយបង្គំព្រះវរបិតា ពុំមែនជារូបមន្តទេ ហើយថាយើងមិនទាន់បញ្ចប់ទេ ទាល់តែយើងឃើញព្រះយេស៊ូវ ដែលជាព្រះភ័ក្រនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាយើងសិន ២៣ហើយធ្វើតាមទ្រង់ ពុំត្រឹមតែធ្វើតាមច្បាប់របស់ទ្រង់ប៉ុណ្ណោះទេ ២៤
នៅពេលពួកព្យាការី និងសាវកមានប្រសាសន៍អំពីសេចក្តីសញ្ញា ពួកលោកមិនដូចជាគ្រូបង្វឹកដែលស្រែក ( ពិន័យកាតក្រហម ) ពីកន្លែងអង្គុយប្រាប់យើងឲ្យ « ព្យាយាមឲ្យកាន់តែខ្លាំង ! នោះទេ ! » ពួកលោកចង់ឲ្យយើងមើលឃើញសេចក្ដីសញ្ញារបស់យើងជាទំនាក់ទំនងគ្រឹះ២៥ហើយអាចត្រូវបានព្យាបាលបញ្ហាមិនអាចសម្គាល់មុខខាងវិញ្ញាណ ។២៦ សេចក្ដីសញ្ញាពុំមែនជាច្បាប់ឲ្យរកក្ដីស្រឡាញ់ទ្រង់ទេ ទ្រង់ស្រឡាញ់បងប្អូនយ៉ាងល្អឥតខ្ចោះរួចទៅហើយ ។ ឧបសគ្គរបស់យើងគឺត្រូវយល់ និងកែទម្រង់ជីវិតរបស់យើងចំពោះសេចក្ដីស្រឡាញ់នោះ ។២៧
យើងព្យាយាមដើម្បីមើលតាមរយៈសេចក្ដីសញ្ញារបស់យើង ដូចតាមបង្អួច ដើម្បីមើលឃើញព្រះភ័ក្ត្រប្រកបដោយក្ដីមេត្តារបស់ព្រះបិតានៅពីខាងក្រោយ ។
សេចក្ដីសញ្ញាទាំងឡាយ គឺរូបរាងនៃការឱបក្រសោបរបស់ព្រះ ។
« ទន្លេ » នៃសេចក្ដីស្រឡាញ់របស់ព្រះ
ទីបំផុត យើងអាចរៀនមើលទៅទ្រង់តាមរយៈការបម្រើរបស់ទ្រង់ ។ « ត្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ ដែលខ្លួនពុំដែលបានបម្រើនោះដូចម្ដេចបាន ? »២៨
ប៉ុន្មានឆ្នាំមុន ខ្ញុំទទួលបានការហៅបម្រើថ្មីមួយដែលខ្ញុំមិនសូវចង់ទទួល ។ ខ្ញុំបានភ្ញាក់ពីព្រលឹម ដោយភ័យខ្លាច—ប៉ុន្តែមានឃ្លាមួយក្នុងចិត្តដែលខ្ញុំមិនធ្លាប់ឮពីមុន ៖ ថាដើម្បីបម្រើក្នុងសាសនាចក្រនេះគឺត្រូវឈរនៅក្នុងទន្លេនៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ សាសនាចក្រនេះគឺជាក្រុមមនុស្សធ្វើការដែលមានរនាស់ និងប៉ែល កំពុងព្យាយាមជួយជម្រះផ្លូវទឹកសម្រាប់ទន្លេនៃសេចក្តីស្រឡាញ់របស់ព្រះដើម្បីឲ្យទៅដល់បុត្រាបុត្រីរបស់ទ្រង់នៅជួរចុងក្រោយ ។
ទោះបីបងប្អូនជានរណាក៏ដោយ មិនថាអតីតកាលបងប្អូនយ៉ាងណា មានកន្លែងមួយសម្រាប់បងប្អូននៅ ក្នុងសាសនាចក្រនេះ ។២៩
សូមចាប់យករនាស់ និងប៉ែល មកចូលរួមក្នុងក្រុម ។ សូមជួយនាំយកសេចក្តីស្រឡាញ់របស់ទ្រង់ឲ្យទៅដល់បុត្រាបុត្រីទ្រង់ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ខ្លះនឹងជះមកលើខ្លួនបងប្អូនវិញ ។៣០
ចូរយើងស្វែងរកព្រះភ័ក្រដ៏ជាទីស្រឡា្ញញ់ ការឱបក្រសោបសេចក្តីសញ្ញាទ្រង់ បន្ទាប់មករួមដៃជាមួយបុត្រាបុត្រីរបស់ទ្រង់ ហើយយើងនឹងច្រៀងបទ « ព្រះនៃអ៊ីស្រាអែល »ជាមួយគ្នា ៖
ព្រះសង្គ្រោះសូមទ្រង់
ចែងចាំងពន្លឺភក្ត្រា
សូមប្រទានការលួងលោមចិត្តខ្ញុំ
ហើយសូមឱ្យចិត្តចង់បាន
នូវស្ថានបរិសុទ្ធ
ធ្វើឲ្យខ្ញុំមានសង្ឃឹមក្នុងចិត្ត ។៣១
សូមឲ្យយើងស្វែងរកព្រះភ័ក្រដ៏ជាទីស្រឡាញ់របស់ទ្រង់ និងធ្វើជាគ្រឿងប្រដាប់ ដែលគួរនឹងសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ។៣២ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕