ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយរបស់បងប្អូន
សូមកុំធ្វើជាច្រវ៉ាក់ទន់ខ្សោយក្នុងចំណងនៃសេចក្ដីជំនឿដ៏រឹងមាំនេះ ដែលបងប្អូនបានចាប់ផ្ដើម ឬបានទទួលទុកជាកេរដំណែលឡើយ ។ សូមធ្វើជាច្រវ៉ាក់ដ៏រឹងមាំមួយ ។
ពីរបីឆ្នាំកន្លងទៅ កាលខ្ញុំបម្រើនៅតំបន់ពាយព្យអាមេរិកខាងត្បូង និងរស់នៅប្រទេសប៉េរូ ខ្ញុំមានបទពិសោធន៍ដ៏ល្អមួយ ដែលខ្ញុំចង់ចែកចាយជាមួយបងប្អូន ។
វាកើតឡើងពេលខ្ញុំត្រឡប់មកផ្ទះវិញ ពីការចាត់តាំងនៅចុងសប្ដាហ៍ដ៏មមាញឹក ។ ក្រោយពីបានបញ្ចប់ដំណើរការអន្ដោប្រវេសន៍នៅព្រលានយន្ដហោះរួចហើយ ខ្ញុំឃើញអ្នកបើកតាក់ស៊ីដ៏រួសរាយម្នាក់មកពីសេវាតាក់ស៊ីរង់ចាំខ្ញុំ ដូចសព្វដង ។ គាត់នាំខ្ញុំទៅតាក់ស៊ីគាត់ ហើយខ្ញុំអង្គុយនៅខាងក្រោយសម្រាកដោយស្ងប់ស្ងាត់ រីករាយទៅផ្ទះវិញ ។ បន្ទាប់ពីបើកបានពីរបីផ្លូវ អ្នកគ្រប់គ្រងគាត់ បានទូរសព្ទមកប្រាប់គាត់ថា ខ្ញុំជិះខុសតាក់ស៊ីហើយ ។ គាត់បានកក់ឡានមួយទៀតឲ្យខ្ញុំ ហើយអ្នកគ្រប់គ្រងនោះបានសុំឲ្យគាត់នាំខ្ញុំទៅព្រលានយន្ដហោះវិញ បើខ្ញុំចង់ប្ដូរឡាន ។ ខ្ញុំបានប្រាប់គាត់ថា មិនចាំបាច់ទេ រួចយើងអាចបន្ដដំណើរទៅមុខ ។ បន្ទាប់ពីនៅស្ងាត់ស្ងៀមបានពីរបីនាទី គាត់មើលមកខ្ញុំតាមកញ្ចក់ ហើយសួរថា « លោកជាពួកមរមន មែនទេ ? »
មែនហើយ ក្រោយពីឮសំណួរអញ្ជើញនោះ ខ្ញុំដឹងថា ខ្ញុំអស់ពេលស្ងាត់ទៀតហើយ ។ ខ្ញុំរំភើបចិត្តចង់សន្ទនាជាមួយគាត់អំពីសំណួរនោះ ។
ខ្ញុំបានដឹងថា គាត់ឈ្មោះ អូម៉ា ភរិយាគាត់ឈ្មោះ ម៉ារី ថេរេសា ហើយពួកគេមានកូនពីរនាក់—ខារ៉ូលីណា អាយុ ១៤ ឆ្នាំ និង រ៉ូឌ្រីហ្គោ អាយុ ១០ ឆ្នាំ ។ អូម៉ា គឺជាសមាជិកសាសនាចក្រតាំងពីគាត់នៅក្មេងម្ល៉េះ ។ គ្រួសារគាត់ធ្លាប់សកម្ម ប៉ុន្ដែពេលមួយ ឪពុកម្ដាយគាត់ឈប់ទៅព្រះវិហារ ។ អូម៉ា បានអសកម្ម នៅពេលគាត់អាយុ ១៥ ឆ្នាំ ។ មកដល់ពេលនេះ គាត់អាយុ ៤០ ឆ្នាំ ។
នៅរំពេចនោះ ខ្ញុំដឹងថា ខ្ញុំ មិន បានជិះតាក់ស៊ីខុសទេ ។ វាពុំចៃដន្យនោះទេ ! ខ្ញុំបានប្រាប់គាត់ថា ខ្ញុំជានរណា ហើយខ្ញុំជិះតាក់ស៊ីគាត់ ដោយសារព្រះអម្ចាស់កំពុងហៅគាត់ឲ្យត្រឡប់មកសកម្មក្នុងសាសនាចក្រទ្រង់វិញ ។
ក្រោយមក យើងនិយាយអំពីគ្រាដែលគាត់ និងគ្រួសារគាត់ជាសមាជិកសកម្មនៅក្នុងសាសនាចក្រ ។ គាត់មានអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមពេលធ្វើរាត្រីជួបជុំក្រុមគ្រួសារដ៏រីករាយ ព្រមទាំងច្រៀងចម្រៀងកុមារមួយចំនួនទៀត ។ បន្ទាប់មក គាត់បានច្រៀងយ៉ាងស្រទន់ពីរបីពាក្យនៃបទ « ខ្ញុំជាកូនរបស់ព្រះ » ។១
ក្រោយពីទទួលបានអាសយដ្ឋាន លេខទូរសព្ទ និងការអនុញ្ញាតពីគាត់ ដើម្បីប្រាប់ទៅប៊ីស្សព រួចខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងព្យាយាមមកសាលាប្រជុំនៅថ្ងៃទីមួយដែលគាត់ត្រឡប់មកព្រះវិហារវិញ ។ យើងបានបញ្ចប់ការធ្វើដំណើរពីព្រលានយន្ដហោះមកផ្ទះខ្ញុំ យើងក៏បាននិយាយពីអតីតកាលរបស់គាត់ខ្លះដែរ ហើយយើងក៏បែកផ្លូវគ្នាទៅ ។
ពីរបីសប្ដាហ៍ក្រោយមក ប៊ីស្សពរបស់គាត់បានទូរសព្ទមកខ្ញុំ ប្រាប់ខ្ញុំថា អូម៉ា គ្រោងនឹងមកព្រះវិហារនៅថ្ងៃអាទិត្យជាក់លាក់មួយ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងទៅទីនោះ ។ នៅថ្ងៃអាទិត្យនោះ អូម៉ា បានទៅព្រះវិហារជាមួយកូនបុ្រសរបស់គាត់ ។ ភរិយា និងកូនស្រីគាត់ពុំទាន់ចាប់អារម្មណ៍ទេ ។ ពីរបីខែក្រោយមក ប៊ីស្សពគាត់បានទូរសព្ទមកខ្ញុំម្ដងទៀត លើកនេះ គាត់ប្រាប់ខ្ញុំថា អូម៉ា នឹងជ្រមុជទឹកឲ្យភរិយា និងកូនទាំងពីរនាក់របស់គាត់ ហើយគាត់អញ្ជើញខ្ញុំឲ្យចូលរួមដែរ ។ នេះគឺជារូបថតនៅថ្ងៃអាទិត្យនោះ ដែលពួកគេត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ។
នៅថ្ងៃអាទិត្យដដែលនោះ ខ្ញុំបានប្រាប់ អូម៉ា និងគ្រួសារគាត់ថា បើពួកគេរៀបចំខ្លួនរួចរាល់ក្នុងពេលមួយឆ្នាំ ខ្ញុំនឹងមានកិត្តិយសដើម្បីធ្វើពិធីផ្សារភ្ជាប់ជូនពួកគេនៅព្រះវិហារបរិសុទ្ធលីម៉ា ពេរ៉ូ ។ នេះគឺជារូបថតមួយឆ្នាំក្រោយមកនៃគ្រាដ៏គួរឲ្យចងចាំនោះសម្រាប់ពួកយើងទាំងអស់គ្នា ។
ហេតុអ្វីខ្ញុំចែកចាយបទពិសោធន៍នេះនឹងបងប្អូន ? ខ្ញុំចែកចាយដោយមានគោលបំណងចំនួនពីរ ។
ទីមួយ ដើម្បីថ្លែងទៅកាន់សមាជិកដ៏ល្អដែលបោះបង់ចោលដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដោយសារហេតុផលមួយចំនួន ។ ទីពីរ ដើម្បីថ្លែងទៅកាន់សមាជិកដែលកំពុងចូលរួមនៅសព្វថ្ងៃនេះ ដែលប្រហែលជាមិនទាន់មានភាពស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ខ្លួន ដូចដែលពួកគេគួរតែធ្វើនៅឡើយ ។ ក្នុងករណីទាំងពីរនេះ កូនចៅជំនាន់ក្រោយរបស់ពួកគេ ត្រូវទទួលរងឥទ្ធិពល ហើយពរជ័យ និងការសន្យាដែលត្រៀមទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគេ ក៏ស្ថិតក្នុងហានិភ័យដែរ ។
ខ្ញុំសូមចាប់ផ្ដើម ករណីទីមួយ សមាជិកល្អៗដែលបានចាកចេញពីផ្លូវនៃសេចក្ដីសញ្ញា ដូចដែលបានកើតឡើងចំពោះមិត្តសាសន៍ប៉េរូរបស់ខ្ញុំ ឈ្មោះ អូម៉ា ។ ពេលខ្ញុំសួរគាត់ថា ហេតុអ្វីគាត់សម្រេចចិត្តត្រឡប់មកវិញ គាត់បានតបថា ដោយសារគាត់ និងភរិយាមានអារម្មណ៍ថា កូនៗពួកគេនឹងរីករាយក្នុងជីវិតដែលមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាជាង ។ គាត់មានអារម្មណ៍ថា វាដល់ពេលត្រឡប់មកព្រះវិហារវិញហើយ ដើម្បីជាប្រយោជន៍ដល់កូនៗរបស់ពួកគេ ។
វាគួរឲ្យសោកស្ដាយណាស់ ពេលយើងជួបនឹងសមាជិកអសកម្ម ឬមិនមែនជាសមាជិកក្នុងសាសនាចក្រ ដែលធ្លាប់មានដំណឹងល្អក្នុងក្រុមគ្រួសារពួកគេហើយ តែបានបាត់បង់វាទៅវិញ ដោយសារតែការសម្រេចចិត្តរបស់ឪពុកម្ដាយ ឬជីដូនជីតាពួកគេ ចាកចេញពីសាសនាចក្រមួយគ្រាសិន ។ ការសម្រេចចិត្តនោះអាចជះឥទ្ធិពលលើកូនចៅជំនាន់ក្រោយពួកគេជារៀងរហូត !
កូនៗ និងចៅៗពួកគេ ពុំទទួលបានការការពារ និងពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតពួកគេទេ ។ ហើយរឹតតែខ្លោចផ្សាទៀតនោះគឺ ពួកគេបានបាត់បង់ការសន្យានៃគ្រួសារដ៏អស់កល្បជានិច្ច ដែលនឹងមាននៅថ្ងៃមួយ ។ ការសម្រេចចិត្តរបស់មនុស្សម្នាក់ បានជះឥទ្ធិពលលើចំណងកូនចៅទាំងមូល ។ កេរដំណែលសេចក្ដីជំនឿ បានបាក់បែក ។
ប៉ុន្ដែ ដូចយើងដឹងហើយថា អ្វីក៏ដោយដែលបាក់បែកអាចជួសជុលបាន តាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ដោយហេតុផលនេះហើយ សូមពិចារណាអំពីការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ៖ « ឥឡូវនេះ បើបងប្អូនបានដើរចេញពីផ្លូវនេះ ខ្ញុំសូមអញ្ជើញបងប្អូនដោយសង្ឃឹមអស់ពីចិត្តថា សូមត្រឡប់មកវិញ ។ ទោះបីបងប្អូនមានកង្វល់ មានឧបសគ្គយ៉ាងណាក្តី មានកន្លែងមួយសម្រាប់បងប្អូននៅទីនេះ ក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ បងប្អូន និងជំនាន់នានាដែលមិនទាន់កើតនៅឡើយ នឹងមានពរតាមរយៈទង្វើរបស់បងប្អូនក្នុងពេលនេះ ដើម្បីត្រឡប់មកលើផ្លូវនៃសេចក្តីសញ្ញាវិញ » ។២
ឥឡូវនេះ ខ្ញុំសូមនិយាយអំពីករណីទីពីរ សមាជិកទាំងឡាយដែលកំពុងចូលរួមនៅសព្វថ្ងៃនេះ ដែលប្រហែលជាមិនទាន់មានភាពស្មោះត្រង់ ដូចដែលពួកគេគួរតែធ្វើនៅឡើយ ។ គឺដូចជាការសម្រេចចិត្តកាលពីម្សិលមិញ វាជះឥទ្ធិពលលើជីវិតពិតនៅថ្ងៃនេះដែរ នោះការសម្រេចចិត្តនៅថ្ងៃនេះ នឹងជះឥទ្ធិពលលើអនាគតយើង និងអនាគតសមាជិកគ្រួសារយើង ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀនយើង ៖
ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ លើកទឹកចិត្តយើងឲ្យគិតអំពីអនាគត ។ … វាបង្រៀននូវគំនិតដ៏អស្ចារ្យអំពីអនាគត ដើម្បីដឹកនាំសកម្មភាពរបស់យើងនាសព្វថ្ងៃនេះ ។
« ផ្ទុយទៅវិញ យើងគ្រប់គ្នាស្គាល់មនុស្សដែលបារម្ភតែពីបច្ចុប្បន្នកាល ៖ ចំណាយនៅថ្ងៃនេះ រីករាយនៅថ្ងៃនេះ ហើយពុំគិតអំពីអនាគត ។
« … នៅពេលយើងធ្វើការសម្រេចចិត្តបច្ចុប្បន្ន យើងគួរតែសួរជានិច្ចថា ‹ តើការណ៍នេះនឹងដឹកនាំទៅឯណា ? » ៣ តើការសម្រេចចិត្តបច្ចុប្បន្នរបស់យើងនឹងដឹកនាំយើងទៅរកអំណរនាពេលនេះ និងពេលដ៏អស់កល្បជានិច្ច ឬវានឹងដឹកនាំយើងទៅរកទុក្ខសោក និងទឹកភ្នែក ?
មនុស្សមួយចំនួនអាចគិតថា « យើងមិនចាំបាច់ទៅព្រះវិហាររាល់ថ្ងៃអាទិត្យនោះទេ » ឬថា « ចាំពេលអ្វីៗល្អប្រសើរយើងនឹងថ្វាយដង្វាយមួយភាគក្នុងដប់ » ឬថា « ខ្ញុំនឹងមិនគាំទ្រថ្នាក់ដឹកនាំសាសនាចក្រលើប្រធានបទនេះ » ។
« ប៉ុន្តែ » ពួកគេនិយាយថា « យើងដឹងថា សាសនាចក្រនេះជាសាសនាចក្រពិត ហើយយើងនឹងមិនចាកចោលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើយ » ។
អ្នកដែលគិតដូច្នេះ មិនដឹងពីឥទ្ធិពលអវិជ្ជមាន ដែលសមាជិកភាពប្រភេទ « ស្ទើរៗ » នេះ នឹងមានមកលើជីវិតពួកគេ និងជីវិតកូនចៅជំនាន់ក្រោយពួកគេទេ ។ ឪពុកម្ដាយអាចនៅសកម្ម ប៉ុន្ដែគ្រោះថ្នាក់នៃការបាត់បង់កូនៗពួកគេគឺហានិភ័យខ្ពស់—ក្នុងជីវិតនេះ និងភាពដ៏អស់កល្បជានិច្ច ។
ចំពោះអ្នកដែលនឹងមិនគ្រងសិរីល្អសេឡេស្ទាលជាមួយក្រុមគ្រួសាររបស់ពួកគេ ព្រះអម្ចាស់មានបន្ទូលថា « ពួកគេនេះហើយ ដែលពុំ ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ ហេតុដូច្នោះហើយ ពួកគេពុំបានមកុដលើនគរនៃព្រះរបស់យើងឡើយ » ។៤ តើនោះជាអ្វីដែលយើងចង់បានសម្រាប់ខ្លួនឯង ឬកូនចៅយើងឬ ? តើយើងមិនគួរមានភាព ក្លាហានកាន់តែខ្លាំង ហើយភាព ស្ទើរឲ្យកាន់តែតិច ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងដល់កូនចៅជំនាន់ក្រោយរបស់យើងទេឬអី ?
ប្រធាន អិម. រ័សុល បាឡឺត បានលើកឡើងអំពីកង្វល់ស្រដៀងគ្នាផងដែរថា
ចំពោះមនុស្សខ្លះ ការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យជឿ ហើយបន្ដនៅស្មោះត្រង់ នៅតែមានការលំបាក … សិស្សមួយចំនួនមានបញ្ហាពិបាកយល់អំពីគោលនយោបាយ ឬការបង្រៀនជាក់លាក់របស់សាសនាចក្រ ។ អ្នកខ្លះទៀតមានចម្ងល់អំពីប្រវត្តិរបស់យើង ឬអំពីការមិនល្អឥតខ្ចោះរបស់សមាជិក និងអ្នកដឹកនាំមួយចំនួន ទាំងនៅអតីតកាល និងបច្ចុប្បន្នកាល ។ …
« … ការសម្រេចចិត្ត ‹ ឈប់ › ដើរជាមួយនឹងសមាជិកសាសនាចក្រ និងថ្នាក់ដឹកនាំដែលព្រះអម្ចាស់បានជ្រើសរើស នឹងមាន ផលប៉ះពាល់នៅពេលខាងមុខ ដែលវាមិនទាន់មើលឃើញនៅពេលនេះ » ។៥
ឱ ! នោះជាកេរដំណែលដ៏ក្រៀមក្រំមួយដែលបានបន្សល់ទុក—តើហេតុអ្វីទៅ ? មិនថាវាដោយសារអ្វីនោះទេ វាមិនល្អទេដើម្បីមើលរំលងឥទ្ធិពលអវិជ្ជមានខាងវិញ្ញាណ ដែលនឹងមានលើជំនាន់ខាងមុខនោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ បើបងប្អូនកំពុងឆ្លងកាត់ស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងពីរ ដែលខ្ញុំបានលើកឡើងក្នុងសារលិខិតនេះ សូមពិចារណាពីគន្លងសកម្មភាពរបស់បងប្អូនឡើងវិញ ។ បងប្អូនដឹងថា មានផែនការមួយសម្រាប់យើងនៅក្នុងជីវិតនេះ ។ បងប្អូនដឹងថា ក្រុមគ្រួសារអាចរស់នៅអស់កល្បជានិច្ច ។ ហេតុអ្វីក៏ដាក់គ្រួសារបងប្អូនឲ្យស្ថិតនៅក្នុងគ្រោះថ្នាក់ដូច្នេះ ? សូមកុំធ្វើជាច្រវ៉ាក់ទន់ខ្សោយក្នុងចំណងនៃសេចក្ដីជំនឿដ៏រឹងមាំនេះ ដែលបងប្អូនបានចាប់ផ្ដើម ឬបានទទួលទុកជាកេរដំណែលឡើយ ។ សូមធ្វើជាច្រវ៉ាក់ដ៏រឹងមាំមួយ ។ វាដល់ពេលដែលបងប្អូនត្រូវធ្វើកិច្ចការនេះហើយ ហើយព្រះអម្ចាស់អាចជួយបងប្អូនបាន ។
ខ្ញុំសូមអញ្ជើញបងប្អូនដោយអស់ពីក្រអៅបេះដូង ឲ្យគិតអំពីការណ៍នេះ មើលទៅខាងមុខ ហើយវាយតម្លៃថា « តើការណ៍នេះនឹងដឹកនាំទៅឯណា » បើចាំបាច់ សូមក្លាហានដើម្បីតម្រែតម្រង់ផ្លូវខ្លួន ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយរបស់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។