ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង
ចិត្តក្ដួលអាណិត គឺជាគុណលក្ខណៈនៃព្រះគ្រីស្ទ ។ វាកើតចេញពីក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ហើយគ្មានដែនកំណត់ទេ ។
នាព្រឹកនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចូលរួមជាមួយខ្ញុំក្នុងការធ្វើដំណើរទៅអាហ្វ្រិក ។ បងប្អូននឹងពុំឃើញមានសត្វតោ សត្វសេះបង្កង់ ឬដំរីទេ ប៉ុន្តែប្រហែលជានៅចុងបញ្ចប់នៃការធ្វើដំណើរ បងប្អូននឹងមើលឃើញនូវវិធីដែលសមាជិករាប់ពាន់នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឆ្លើយតបចំពោះបទបញ្ញត្តិធំទីពីររបស់ព្រះគ្រីស្ទដើម្បី « ស្រឡាញ់អ្នកជិតខាងអ្នក » ( ម៉ាកុស ១២:៣១ ) ។
សូមនឹកស្រម៉ៃមួយសន្ទុះ អំពីដីនៅព័ណ៌ក្រហមនៅទីជនបទនៃប្រទេសអាហ្វ្រិក ។ បងប្អូនមើលឃើញដីស្ងួតហួតហែង ដែលគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់អស់រយៈពេលជាច្រើនឆ្នាំ ។ គោក្របីពីរបីក្បាលដើរឆ្លងកាត់ផ្លូវដែលមាន តែស្បែកដណ្ដប់ឆ្អឺង ដែលឃ្វាលដោយអ្នកមើលគោ ការ៉ាម៉ាចុង ដែលដណ្ដប់ភួយ ពាក់ស្បែកជើងផ្ទាត់ ដើរដោយសង្ឃឹមថានឹងអាចរកបានស្មៅ និងទឹក ។
នៅពេលបងប្អូនដើរតាមផ្លូវថ្មរដិបរដុប នោះបងប្អូននឹងឃើញកុមារស្អាតៗជាច្រើនក្រុម ហើយងឿងឆ្ងល់ថាហេតុអ្វីបានជាពួកគេមិននៅសាលារៀន ដូច្នេះ ។ កុមារទាំងនោះញញឹម ហើយលើកដៃក្រវី ដាក់បងប្អូន រួចបងប្អូនក៏លើកដៃក្រវីទៅវិញទាំងទឹកភ្នែក និងស្នាមញញឹម ។ កុមារក្មេងៗបំផុតចំនួន ៩២ ភាគរយ ដែលបងប្អូនមើលឃើញនៅពេលធ្វើដំណើរនេះ រស់នៅដោយកង្វះអាហារ ហើយដួងចិត្ត្របស់បងប្អូនថ្ងូរដោយទុក្ខព្រួយ ។
នៅ ខាងមុខបងប្អូនមើលឃើញម្ដាយម្នាក់កំពុងទូលធុងទឹកជិតម្ភៃលីត្រ ( ១៩ លីត្រ )នៅលើក្បាល ហើយក្ដៀតធុងមួយទៀតនៅ នឹងដៃ ។ គាត់ជាតំណាងឲ្យមេផ្ទះម្នាក់នៅក្នុងតំបន់នេះដែលស្ត្រី ទាំងចាស់ទាំងក្មេងដើរច្រើនជាង ៣០នាទីទៅមករាល់ថ្ងៃដើម្បីដងទឹកសម្រាប់គ្រួសាររបស់ពួកគេ ។ រលកនៃភាពសោកសៅបានបោកបក់មកលើបងប្អូន ។
ពីរម៉ោងបានកន្លងផុតទៅ ហើយបងប្អូនបានដល់កន្លែងណាត់ជួបស្ងាត់ជ្រងំ ។ កន្លែងប្រជុំគឺពុំមែនជាសាលធំមួយ ឬបោះជាតង់នោះទេ តែនៅក្រោមដើមឈើធំៗពីរបីដើម ដែលផ្ដល់ជាជម្រកពីកម្ដៅព្រះអាទិត្យ ។ នៅកន្លែងនេះ បងប្អូនកត់សម្គាល់ឃើញថា គ្មានទឹក គ្មានភ្លើង គ្មានបង្គន់ចុចទឹកនោះទេ ។ បងប្អូនមើលជុំវិញ ហើយឃើញថាបងប្អូនស្ថិតនៅ ក្នុងចំណោមមនុស្សដែលស្រឡាញ់ព្រះ ហើយរំពេចនោះបងប្អូនទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះមានចំពោះពួកគេ ។ ពួកគេបានមកជួបជុំដើម្បីទទួលជំនួយ និងសេចក្ដីសង្ឃឹម ហើយបងប្អូនបានទៅដល់ដើម្បីចែកចាយដល់ពួកគេ ។
នោះជាការធ្វើដំណើររបស់ស៊ីស្ទើរ អាឌើន និងខ្ញុំ ដែលទៅអមដំណើរបងស្រី ខាំមៀល ចនសុន ដែលជាប្រធានសមាគមសង្គ្រោះទូទៅរបស់យើង និងស្វាមីរបស់គាត់ ឌ័ហ្គ និងស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង ជានាយកនៃសេវាកម្មមនុស្សធម៌របស់សាសនាចក្រ ពេលពួកយើងធ្វើដំណើរនៅក្នុងយូហ្គានដា ជាប្រទេសមួយដែលមានប្រជាជន ៤៧ លាននាក់ នៅក្នុងតំបន់អាហ្វ្រិកកណ្ដាលនៃសាសនាចក្រ ។ នៅថ្ងៃនោះ យើងបានទៅមើលគម្រោងសុខភាពសហគមន៍មួយ ដែលផ្ដល់មូលនិធិរួមគ្នាដោយសេវាកម្មមនុស្សធម៌របស់សាសនាចក្រ យូនីសែហ្វ និងមន្ទីរសុខាភិបាលនៃរដ្ឋាភិបាលយូហ្គានដា នៅក្រោមម្លប់ដើមឈើជាច្រើន ។ អង្គការទាំងនេះ គឺជាអង្គការដែលជាទីទុកចិត្ត ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ដើម្បីធានាថាមូលនិធិដែលបានបរិច្ចាគខាងមនុស្សធម៌មកពីសមាជិកនៃសាសនាចក្រត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្ន ។
កាលបេះដូងសោកសៅពេលដែលឃើញកុមារខ្វះអាហារូបត្ថម្ភ និងរងគ្រោះដោយជំងឺរបេង គ្រុនចាញ់ និងជំងឺរាគរូសឥតឈប់ឈរ នោះយើងម្នាក់ៗត្រូវបង្កើនក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែកដ៏ល្អប្រសើរដល់អ្នកដែលយើងបានជួប ។
សេចក្ដីសង្ឃឹមនោះកើតមាន ជាចំណែកមួយ តាមរយៈសណ្ដានចិត្តល្អ របស់សមាជិកសាសនាចក្រនៅជុំវិញពិភពលោក ដែលបានបរិច្ចាគពេលវេលា និងប្រាក់កាក់ចំពោះកិច្ចខិតខំខាងមនុស្សធម៌របស់សាសនាចក្រ ។ នៅពេលខ្ញុំឃើញអ្នកឈឺ និងអ្នករងទុក្ខត្រូវបានជួយ លើកកម្ពស់ នោះខ្ញុំបានឱនក្បាលគោរពដោយដឹងគុណ។ នៅគ្រានោះ ខ្ញុំយល់បានប្រសើរអំពីអត្ថន័យនៃពាក្យ ស្ដេចលើសអស់ទាំងស្ដេច ដែលថា ៖
« ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ …នគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា…៖
ពី ព្រោះ យើង បាន ឃ្លាន ហើយ អ្នក រាល់ គ្នា បាន ឲ្យ បរិភោគ យើង បាន ស្រេក ហើយ អ្នក រាល់ គ្នា បាន ឲ្យ ផឹក យើង ជា អ្នក ដទៃ ហើយ អ្នក រាល់ គ្នា បាន ទទួល យើង » ( ម៉ាថាយ ២៥:៣៤–៣៥) ។
ឥឡូវ នេះ គឺ ជា ពេល ដើម្បី « ឲ្យ ពន្លឺ របស់ អ្នក រាល់ គ្នា បាន ភ្លឺ ទៅ មុខ មនុស្ស លោក យ៉ាង នោះ ដែរ ដើម្បីឲ្យ គេ ឃើញ ការ ល្អ ដែល អ្នក រាល់ គ្នា ប្រព្រឹត្ត រួច សរសើរ ដំកើង ដល់ ព្រះ វរបិតា នៃ អ្នក រាល់ គ្នា ដែល គង់ នៅ ស្ថាន សួគ៌ » (ម៉ាថាយ ៥:១៦ សូមមើលខ ១៤-១៥ ផងដែរ ) ។ នៅជ្រុងម្ខាងដ៏ឆ្ងាយនៃផែនដីនេះ អំពើល្អរបស់បងប្អូនបានបំភ្លឺជីវិត ហើយសម្រាលបន្ទុករបស់មនុស្សដែលខ្វះខាតជាខ្លាំង ហើយព្រះត្រូវបានថ្វាយសិរីរុងរឿង ។
នៅថ្ងៃដែលក្ដៅ និងហុយដីនោះ ខ្ញុំចង់ឲ្យបងប្អូនបានឮពីការអធិស្ឋានសរសើរតម្កើង និងថ្លែងអំណរគុណចំពោះព្រះរបស់ពួកគេ ។ ពួកគេចង់ឲ្យខ្ញុំនិយាយទៅកាន់បងប្អូនជាភាសាកំណើតការ៉ាម៉ាចុង, ពួកគេថា « អាឡាការ៉ា » ។ សូមអរគុណ ។
ការធ្វើដំណើររបស់យើង រំឭកខ្ញុំអំពីរឿងប្រៀបធៀបនៃសាសន៍សាម៉ារីល្អ ដែលគាត់បានធ្វើដំណើរទៅតាមផ្លូវដីមួយ ដែលមិនដូចជាផ្លូវដែលខ្ញុំបានពិពណ៌នាទេ ជាផ្លូវមួយដែលចេញពីទីក្រុងយេរូសាឡិម ទៅកាន់ក្រុងយេរីខូរ ។ សាសន៍សាម៉ារីដែលផ្ដល់ការងារបម្រើម្នាក់នេះ បង្រៀនយើងអំពីអត្ថន័យនៃការស្រឡាញ់អ្នកជិតខាងអ្នក » ។
គាត់បានឃើញ « មានមនុស្សម្នាក់…[ ក៏ ]ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ » ( លូកា ១០:៣០ ) ។ សាសន៍សាម៉ារី « មានចិត្តក្តួលអាណិតដល់គាត់ » ( លូកា ១០:៣០ ) ។
ចិត្តក្ដួលអាណិត គឺជាគុណលក្ខណៈនៃព្រះគ្រីស្ទ ។ វាកើតចេញពីក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ហើយគ្មានដែនកំណត់ទេ ។ ព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៃពិភពលោក គឺជាតួយ៉ាងនៃក្ដីមេត្តាករុណា ។ នៅពេលយើងអានថា « ព្រះគ្រីស្ទព្រះកន្សែង » ( យ៉ូហាន ១១:៣៥ ) នោះយើងគឺជាសាក្សី ដូចជាម៉ារា និងម៉ាថា ដោយសារតែក្ដីមេត្តារបស់ទ្រង់ ទើបបណ្ដាលឲ្យទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ( សូមមើល យ៉ូហាន ១១:៣៣ ) ។ នៅក្នុងព្រះគម្ពីរមរមន គំរូនៃសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទ គឺព្រះយេស៊ូវបានយាងទៅជួបនឹងហ្វូងមនុស្ស ហើយមានបន្ទូលថា ៖
តើមាននរណាខ្វិន ឬ ខ្វាក់ ឬថ្លង់…ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួក …
« …ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា » ( នីហ្វៃទី ៣ ១៧:៧, ៩ ) ។
ផ្ទុយទៅវិញការខិតខំរបស់យើងទាំងអស់ ទាំងបងប្អូន និងខ្ញុំ ពុំព្យាបាលមនុស្សគ្រប់គ្នាទេ ប៉ុន្តែយើងម្នាក់ៗ អាចធ្វើជាមនុស្សម្នាក់ ដែលអាចធ្វើឲ្យមានភាពខុសប្លែកសម្រាប់សេចក្ដីល្អនៅក្នុងជីវិតរបស់មនុស្សណាម្នាក់ ។ វាគ្រាន់តែជាក្មេងប្រុសម្នាក់ ជាក្មេងប្រុសម្នាក់ ដែលបានផ្តល់នំប៉័ងប្រាំដុំ និងត្រីពីរក្បាល ជាអាហារដល់មនុស្សប្រាំពាន់នាក់ ។ យើងអាចនឹងត្រូវសួរអំពីការផ្ដល់ឲ្យរបស់យើង ដូចជាសិស្ស អាន់ទ្រេ ដែលសួរអំពីនំប៉័ង និងត្រី ថា« តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម៉្លេះ ? » ( យ៉ូហាន ៦:៩ ) ។ ខ្ញុំសូមអះអាងនឹងបងប្អូនថា វាគ្រប់គ្រាន់ដើម្បីផ្ដល់ឲ្យនូវអ្វីដែលបងប្អូនអាចមានលទ្ធភាព បន្ទាប់មកអនុញ្ញាតឲ្យព្រះគ្រីស្ទតម្កើងការខិតខំរបស់បងប្អូន ។
ត្រង់ចំណុចនេះ អែលឌើរ ជែហ្វ្រី អរ ហូឡិន បានអញ្ជើញយើង « ទាំងមាន ឬក្រ … ឲ្យ’ ធ្វើអ្វីដែលយើងអាចធ្វើបាន’ នៅពេលអ្នកដទៃកំពុងខ្វះខាត » ។ បន្ទាប់មកលោកថ្លែងទីបន្ទាល់ដូចខ្ញុំថ្លែងថា ព្រះ « នឹងជួយបងប្អូន ហើយដឹកនាំបងប្អូននៅក្នុងទង្វើដោយក្ដីមេត្តានៃភាពជាសិស្ស[ របស់បងប្អូន ] » ( Are We Not All Beggers? » Liahona, ខែវិច្ឆិកា ឆ្នាំ ២០១៤, ៤១ ) ។
នៅដែនដីដ៏ឆ្ងាយ នៅថ្ងៃដែលមិនអាចបំភ្លេចបាននោះ ខ្ញុំបានឈរនៅទីនោះ និងឥឡូវនេះ ធ្វើជាសាក្សីនៃក្ដីមេត្តាដ៏រញ្ជួយព្រលឹង និងផ្លាស់ប្ដូរជីវិតរបស់សមាជិកនៃសាសនាចក្រ ទាំងអ្នកមាន ទាំងអ្នកក្រ ។
រឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អ បន្ដថា គាត់ « រុំរបួសឲ្យ [ បុរស ] នោះ … ព្រមទាំង ថែទាំរក្សាគាត់ » ( លូកា ១០:៣៤ ) ។ កិច្ចខិតខំខាងមនុស្សធម៌របស់សាសនាចក្រយើង បង្ហាញថាយើងឆ្លើយតបយ៉ាងរហ័សទៅនឹងគ្រោះធម្មជាតិ និងរុំរបួសដែលរីករាលដាលនៃជម្ងឺ ភាពអត់ឃ្លាន ទារកស្លាប់ កង្វះអាហារូបត្ថម្ភ ការផ្លាស់ទីលំនៅ និងរបួសដែលតែងតែមើលមិនឃើញនៃភាពបាក់ទឹកចិត្ត ការខកចិត្ត និងភាពអស់សង្ឃឹម ។
សាសន៍សាម៉ារី បន្ទាប់មកបាន « យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង » ( លូកា ១០:៣៥ ) ។ ក្នុងនាមជាសាសនាចក្រ យើងមានអំណរគុណចំពោះការសហការជាមួយនឹង « ម្ចាស់ផ្ទះ » ឬអង្គការជាច្រើនដូចជា សេវាសង្គ្រោះកាតូលិក យូនីសែហ្វ និងកាកបាទក្រហម/អឌ្ឍចន្ទក្រហម ដើម្បីជួយនៅក្នុងការខិតខិតផ្នែកមនុស្សធម៌របស់យើង ។ យើងក៏មានអំណរគុណដូចគ្នាចំពោះ « ប្រាក់៤កាក់ » ឬពីរអឺរ៉ូ ពីរពេសូ ឬពីរស៊ីលីងរបស់បងប្អូន ដែលបានជួយសម្រាលបន្ទុក ដែលមនុស្សជាច្រើននៅជុំវិញពិភពលោក កំពុងតែរែកពន់នោះ ។ បងប្អូនប្រហែលជានឹងមិនស្គាល់អ្នកដែលទទួលយកពេលវេលា ប្រាក់ និងកាក់របស់បងប្អូនទេ ប៉ុន្តែសេចក្ដីមេត្តាករុណា ពុំតម្រូវឲ្យយើងស្គាល់ពួកគេនោះទេ វាតម្រូវឲ្យយើងស្រឡាញ់ពួកគេតែ ប៉ុណ្ណោះ ។
សូមអរគុណ ប្រធាន រ័សុល អិមណិលសុន ដែលរំឭកពួកយើងថា « នៅពេលយើងស្រឡាញ់ព្រះដោយអស់អំពីចិត្តរបស់យើង នោះទ្រង់នឹងបង្វែរដួងចិត្តយើងទៅរកសុខមាលភាពរបស់អ្នកដទៃ » ( បទបញ្ញត្តិធំទីពីរ » លីអាហូណាខែវិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧ ) ។ ខ្ញុំថ្លែងទីបន្ទាល់ថា យើងម្នាក់ៗនឹងមានអំណរ ភាពសុខសាន្ដ ភាពរាបសារ និងសេចក្ដីស្រឡាញ់កាន់តែច្រើន នៅពេលយើងឆ្លើយតបទៅ នឹងការហៅរបស់ប្រធាន ណិលសុន និងការអង្វររបស់យ៉ូសែប ស្ម៊ីធឲ្យ « ផ្ដល់អាហារដល់អ្នកស្រេកឃ្លាន ផ្ដល់សម្លៀកបំពាក់ដល់អ្នកអាក្រាត ផ្គត់ផ្គង់ដល់ស្ត្រីមេម៉ាយ ជូតទឹកភ្នែករបស់ក្មេងកំព្រា [ និង ] លួងលោមចិត្តដល់អ្នករងទុក្ខ ទោះជានៅ ក្នុងសាសនាចក្រនេះ ឬនៅកន្លែងដទៃទៀត ឬមិននៅក្នុងព្រះវិហារណាទាំងអស់ក្ដី គឺគ្រប់កន្លែងដែល [ យើងរកឃើញ ] ពួកគេ ( « Editor’s Reply to a Letter from Richard Savary » ( យ៉ូសែប ស្ម៊ីធ Times and Seasonsទី ១៥ ខែមីនា ឆ្នាំ ១៨៤២, ៧៣២ ) ។
អស់ជាច្រើនខែកន្លងទៅនោះ យើងរកឃើញអ្នកស្រេកឃ្លាន និងអ្នករងទុក្ខនៅទីវាលស្ងួតហួងហែង និងហុយដី ហើយបានធ្វើជាសាក្សីចំពោះកែវភ្នែកដែលអង្វរសុំជំនួយ ។ តាមរបៀបរបស់យើងផ្ទាល់ យើងមានសេចក្តីរំជួល ទាំងក្នាញ់ក្នុងចិត្ត ( សូមមើល យ៉ូហាន ១១:៣៣ ) ហើយប៉ុន្តែអារម្មណ៍ទាំងនោះ ត្រូវបានខ្ជោលឡើង នៅពេលយើងឃើញសេចក្ដីមេត្តាករុណារបស់សមាជិកសាសនាចក្រនៅកន្លែងធ្វើការ ខណៈដែលអ្នកស្រេកឃ្លានត្រូវបានផ្តល់អាហារ ស្ត្រីមេម៉ាយត្រូវបានផ្គត់ផ្គង់ អ្នករងទុក្ខត្រូវបានសម្រាលទុក្ខ ហើយបានជូតទឹកភ្នែករបស់ពួកគេ ។
សូមឲ្យយើងមើលទៅសុខុមាលភាពរបស់អ្នកដទៃជារៀងរហូត ហើយបង្ហាញតាមពាក្យសម្ដី និងទង្វើរថា យើង « គឺមានឆន្ទៈដើម្បីរែកបន្ទុកគ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:៨ ) ដើម្បី « នឹងប្រោសមនុស្សដែលមានចិត្តសង្រេង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៤២ ) ហើយដើម្បីរក្សាបទបញ្ញត្តិធំទីពីរ ដើម្បី « ស្រឡាញ់អ្នកជិតខាងអ្នក » ( ម៉ាកុស ១២:៣១ ) ។. នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។