« តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ »
អស់អ្នកដែលកំពុងឆ្ពោះទៅមុខតាមគន្លងនៃករណីយកិច្ចខ្លួន គឺជាកម្លាំងនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំអធិស្ឋានដោយស្មោះទូលសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធ កាលខ្ញុំបង្ហាញសេចក្ដីស្រឡាញ់ ការកោតសរសើរ និងការដឹងគុណចំពោះសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក ។
ពួកគេគឺជាក្រុមរទេះរុញចុងក្រោយ
នៅឆ្នាំ ១៩៤៧ ជាគម្រប់ខួបលើកទី ១០០ នៃអ្នកត្រួសត្រាយផ្លូវ ពួកបរិសុទ្ធថ្ងៃចុងក្រោយដំបូង ដែលបានមកដល់ជ្រលងភ្នំសលត៍លេក ។ ពិធីរំឭកចងចាំជាច្រើនបានធ្វើឡើងអំឡុងឆ្នាំនោះ ហើយមានការសម្តែងការដឹងគុណច្រើនឥតគណនាជូនដល់ពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទដែលលះបង់ ដែលបានកាប់ឆ្ការផ្លូវ សង់លំនៅដ្ឋាន ដាំដំណាំលើវាលខ្សាច់បែកក្រហែង និងបានរៀបចំសហគមន៍នានា ។
ប្រធាន ជេ រ៉ូប៊ីន ក្លាក ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានសម្តែងការគោរព និងការដឹងគុណដ៏គួរឲ្យចងចាំ និងដក់ជាប់ក្នុងចិត្ត ចំពោះពួកអ្នកត្រួសត្រាយផ្លូវដ៏ស្មោះត្រង់ទាំងនេះនៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ១៩៤៧ ។
នៅក្នុងសាររបស់លោក ប្រធាន ក្លាក បានទទួលស្គាល់ថ្នាក់ដឹកនាំល្បីៗ ដែលពួកលោកបានដឹកនាំការធ្វើចំណាកស្រុកទៅភាគខាងលិច ដូចជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល, វិលហ្វួឌ វូឌដ្រុព្វ , ប៉ាលី ភី ប្រាត្ត និងមនុស្សជាច្រើនទៀត ។ ប៉ុន្តែគោលបំណងចម្បងរបស់លោក ពុំមែនដើម្បីរៀបរាប់ឡើងវិញអំពីសមិទ្ធិផលរបស់បុគ្គលដែលគួរឲ្យកត់សម្គាល់ទាំងនេះនោះទេ ។ ផ្ទុយទៅវិញ សុន្ទរកថាលោកផ្តោតលើព្រលឹងដែលតស៊ូ ទាំងមនុស្សល្បី ឬមិនល្បី ដែលបានកត់ត្រាទុកជាផ្លូវការក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ ចំណងជើងនៃសារបង្រៀនរបស់លោកគឺ « ពួកគេគឺជាក្រុមរទេះរុញចុងក្រោយ » ។១
ប្រធាន ក្លាក បានពណ៌នាយ៉ាងលម្អិតអំពីចរិកលក្ខណៈ និងបញ្ហាប្រឈមនានាដែលជនចំណាកស្រុកជួបប្រទះ កាលធ្វើដំណើរតាមរទេះរុញចុងក្រោយបង្អស់នៅក្នុងក្រុមរទេះសេះនីមួយៗដែលឆ្លងកាត់វាលទំនាបយ៉ាងវែង ។ លោកបានសរសើរដល់វីរបុរសអនាមិក និងមិនល្បីទាំងនេះ ដែលពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ ព្យាយាមអូសរទេះជាប់ផុងរុញពីមុខពួកគេ—ជាអ្នកដែលបានយកឈ្នះលើឧបសគ្គរាប់មិនអស់ដែលពួកគេជួបនៅតាមផ្លូវ ។
ប្រធាន ក្លាក បានប្រកាសថា « ក្រុមរទេះរុញចុងក្រោយនោះបានបន្តឆ្ពោះទៅមុខ ទាំងអស់កម្លាំង និងហត់នឿយ ដោយមានដំបៅជើង ជួនកាលស្ទើរតែបាក់ទឹកចិត្តអស់ ប៉ុន្តែដោយសារសេចក្តីជំនឿរបស់ពួកគេថា ព្រះស្រឡាញ់ពួកគេ ថាដំណឹងល្អដែលបានស្តារឡើងវិញគឺជាការពិត ហើយថាព្រះអម្ចាស់បានដឹកនាំ និងនាំផ្លូវពួកបងប្អូនប្រុសដែលដឹកនាំនៅខាងមុខនោះ » ។២
លោកបានបញ្ចប់សារលិខិតរបស់លោកដោយការសរសើរដ៏គួរឲ្យរំភើបនេះថា ៖ « ចំពោះព្រលឹងរាបសាដ៏មហិមាទាំងក្នុងសេចក្តីជំនឿ ក្នុងកិច្ចការ ក្នុងការរស់នៅដោយសុចរិត និងក្នុងការរៀបចំមរតកដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបានរបស់យើង ខ្ញុំសូមសម្តែងសេចក្តីស្រឡាញ់ដ៏រាបសារបស់ខ្ញុំ ដោយការគោរព និងដោយគារវភាពដ៏ខ្ពង់ខ្ពស់ » ។៣
គ្មានការបម្រើណាដែលអន់ជាងនោះទេ
ក្នុងឆ្នាំ ១៩៩០ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ កាលគ្រានោះ ជាប្រធាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងសារអំពីការរួមចំណែកដែលមិនអាចខ្វះបានរបស់សមាជិកនៃសាសនាចក្ររាប់មិនអស់ ដែលបម្រើដោយឧស្សាហ៍ និងស្មោះត្រង់ ហើយមិនដែលទទួលតំណែង ឬបានទទួលស្គាល់ ឬប្រកាសជាសាធារណៈនោះទេ ។
ប្រធាន ហាន់ធើរ បានពន្យល់ថា ៖
« មានរឿងដំណាលអំពីយុវជន និងមេទ័ព មរ៉ូណៃ ដ៏ក្លាហាន ៖
«‹ មែនហើយ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើសិនជាមនុស្សទាំងអស់ដែលធ្លាប់រស់នៅ ហើយកំពុងរស់នៅ ហើយនឹងរស់នៅ ដូចមរ៉ូណៃ មើលចុះ អំណាចទាំងឡាយរបស់ស្ថាននរក នឹងត្រូវញ័ររន្ធត់រហូតតទៅ មែនហើយ អារក្សនឹងគ្មានអំណាចទៅលើចិត្តនៃកូនចៅមនុស្សឡើយ › ( អាលម៉ា ៤៨:១៧ ) ។
« ឱនេះជាការការសរសើរចំពោះបុរសដ៏ល្បី និងមានឥទ្ធិពលម្នាក់ ។… ខគម្ពីរពីរខាងក្រោយគឺជាសេចក្ដីថ្លែងការណ៍អំពី ហេលេមិន និងបងប្អូនរបស់គាត់ ដែលមានតួនាទីមិនសំខាន់ ដូចមរ៉ូណៃ អានថា ៖
«‹ ឥឡូវនេះ មើលចុះ ហេលេមិន និងបងប្អូនលោកក៏បម្រើដល់ប្រជាជនមិនអន់ជាងមរ៉ូណៃដែរ› » ( អាលម៉ា ៤៨:១៩ » ) ។
ប្រធាន ហឹនធើរ បានបន្តថា « ឬនិយាយម្យ៉ាងទៀតថា ទោះបីជាហេលេមិនមិនសូវកត់សម្គាល់ ឬល្បីល្បាញដូចមរ៉ូណៃ ក៏គាត់បម្រើមិនអន់ដែរមានន័យថា គាត់បានជួយ ឬមានប្រយោជន៍ដូចជាមរ៉ូណៃដែរ » ។៤
បន្ទាប់មក ប្រធាន ហឹនធើរ បានទូន្មានយើងទាំងអស់គ្នាថា គ្មានការបម្រើណាដែលអន់ជាងទេ ។ លោកមានប្រសាសន៍ថា « បើអ្នកមានអារម្មណ៍ថា អ្វីៗជាច្រើនដែលអ្នកធ្វើក្នុងឆ្នាំនេះ ឬឆ្នាំក្រោយៗ មិនធ្វើឲ្យអ្នកល្បីល្បាញទេ សូមទទួលការលួងលោមនេះ ។ មនុស្សល្អបំផុតដែលធ្លាប់រស់នៅក៏មិនល្បីល្បាញដែរ ។ សូមបម្រើ និងរីកចម្រើន ដោយស្មោះត្រង់ និងស្ងប់ស្ងាត់ » ។៥
តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ ។
ខ្ញុំមានអំណរគុណចំពោះសមាជិកសាសនាចក្ររាប់លាននាក់ ដែលសព្វថ្ងៃនេះកំពុងមករកព្រះអង្គសង្គ្រោះ៦ ហើយឆ្ពោះទៅមុខ លើផ្លូវនៃសេចក្តីសញ្ញានៅក្នុងរទេះរុញចុងក្រោយនៃក្រុមទេះសេះ សហសម័យកាលរបស់យើង—និងពិតជាគ្មានការបម្រើណាដែលអន់ជាងទេ ។ ជំនឿដ៏រឹងមាំរបស់បងប្អូនលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងជីវិតមិនក្លែងបន្លំ និងពិសិដ្ឋរបស់បងប្អូន បំផុសគំនិតខ្ញុំឲ្យក្លាយជាមនុស្ស និងជាសិស្សកាន់តែល្អប្រសើរឡើង ។
ខ្ញុំស្រឡាញ់បងប្អូន ។ ខ្ញុំសរសើរបងប្អូន ។ ខ្ញុំសូមអរគុណ ! ហើយខ្ញុំសូមស្ងើចសរសើរបងប្អូន ។
សេចក្តីថ្លែងការណ៍មួយនៅក្នុងព្រះគម្ពីរមរមនដោយសាំយូអែល ជាសាសន៍លេមិន សង្ខេបបានយ៉ាងល្អបំផុតអំពីអារម្មណ៍របស់ខ្ញុំចំពោះបងប្អូន ។
« ពួកគេភាគច្រើនដើរ តាមគន្លងនៃករណីយកិច្ចរបស់ពួកគេហើយគេបានដើរដោយប្រយ័ត្នប្រយែងនៅចំពោះព្រះ ហើយពួកគេប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ និងសេចក្ដីយុត្តិធម៌ទាំងឡាយ ។…
« មែនហើយ ខ្ញុំសូមប្រាប់អ្នកថា ពួកគេច្រើនកំពុងធ្វើយ៉ាងនេះ ហើយពួកគេខ្នះខ្នែងព្យាយាមពុំឈប់ឈរ ដើម្បីគេអាចនាំបងប្អូនរបស់គេដែលនៅសល់ទាំងប៉ុន្មានឲ្យស្គាល់សេចក្ដីពិត » ។៧
ខ្ញុំជឿថាឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីបងប្អូនប្រុសស្រីដែលចេះសង្កេត ស្វែងរក ហើយអង្គុយក្បែរមនុស្សឯកោ នៅម្នាក់ឯងក្នុងការប្រជុំនៅព្រះវិហារ និងនៅកន្លែងផ្សេងៗជាច្រើនទៀត ។ ពួកគេ ខិតខំឥតឈប់ដើម្បី « កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ៨ដោយមិនរំពឹងចង់បានការទទួលស្គាល់ ឬការសរសើរអ្វីឡើយ ។
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីស្វាមីភរិយា និងកូនៗដែលជាដៃគូគាំទ្រ ឪពុកម្តាយ ឬកូនដែលបម្រើក្នុងតួនាទីជាអ្នកដឹកនាំនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ ។ ភាពនឹងនរ ភាពស្ងប់ស្ងាត់របស់ពួកគេ ជាធម្មតាមិនត្រូវបានគេគាំទ្រ ទាំងមិនទទួលស្គាល់ពីឥទ្ធិពលពួកគេប្រទានពរដល់បុគ្គល និងក្រុមគ្រួសារជាច្រើន តាមរបៀបដែលនឹងបានដឹងយ៉ាងពេញលេញតែនៅក្នុភាពអស់កល្បជានិច្ចប៉ុណ្ណោះ ។
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីបុគ្គលដែលបានងាកចេញពីព្រះ ហើយបានបន្ទាបខ្លួនត្រឡប់មករកទ្រង់ម្តងទៀត៩ប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយស្វែងរកអំណាចនៃការលាងសម្អាត និងការព្យាបាលនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ មករកព្រះគ្រីស្ទ១០ ដោយត្រឡប់ទៅកាន់ផ្លូវនៃសេចក្ដីសញ្ញា ចេញពីផ្លូវអំពើបាបដែលនាំទៅ « ផ្លូវហាមឃាត់ » ។១១ គឺជារឿងសំខាន់ និងសុចរិតបំផុតខាងវិញ្ញាណ ។ ពេលពួកគេឆ្ពោះទៅមុខដោយសេចក្តីជំនឿ និងមិន ណាយចិត្តនឹងធ្វើការល្អ នោះពួកគេកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំក្នុងជីវិតពួកគេផ្ទាល់១២ « រហូតដល់គ្រប់ជំនាន់ និងដល់អស់កល្បជានិច្ច » ។១៣
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីបុគ្គលសុចរិត ដែលប្រាថ្នាចង់ទឹមនឹងព្រះអង្គសង្គ្រោះ តាមរយៈសិទ្ធិអំណាចនៃសេចក្តីសញ្ញា និងពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់—ប៉ុន្តែអាចនឹងត្រូវបានហាមឃាត់មិនឲ្យធ្វើដូច្នេះដោយកត្តានានាដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ។ ខ្ញុំសូមសន្យាថាភាពតានតឹងបងប្អូន នឹងធូរស្រាល ហើយការគោរពប្រតិបត្តិ និងភាពស្មោះត្រង់របស់បងប្អូន ក្នុងការចុះចូលឆន្ទៈទៅនឹងឆន្ទៈព្រះដោយអត់ធ្មត់ នោះនឹងទទួលបានរង្វាន់ « តាមពេលដែលព្រះអម្ខាស់បានកំណត់ផ្ទាល់ » ។១៤ « ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បានតែព្រឹកឡើង គង់នឹងមានអំណរឡើងដែរ » ។១៥
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាពីអ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់ដ៏បំផុសគំនិតនៅជុំវិញពិភពលោក ដែលបានបម្រើព្រះអម្ចាស់តាមរយៈការជួយមិត្តភក្តិ និងសមាជិកឲ្យ « បានឮភាពពោរពេញនៃដំណឹងល្អតាមសម្ដី [ របស់ពួកគេ ] និងជាភាសា[ របស់ពួកគេ ] » ។១៦ សំឡេង ភាសាគរ និងឯកសារដែលបានបកប្រែរបស់ពួកគេ បង្ហាញពីការពិតដ៏អស់កល្បជានិច្ច ប៉ុន្តែយើងមួយចំនួនតូចប៉ុណ្ណោះ ដែលស្គាល់ឈ្មោះ ឬធ្លាប់បង្ហាញការដឹងគុណដល់ពួកគេ ។ តាមរយៈពរជ័យនៃអំណោយទាននៃភាសាដែលពួកគេបានទទួល អ្នកបកប្រែ និងអ្នកបកប្រែផ្ទាល់មាត់បម្រើដោយឧស្សាហ៍ មិនគិតខ្លួនឯង ហើយជាញឹកញាប់ មិនបានបញ្ចេញឈ្មោះទេ ក្នុងការជួយមនុស្សឲ្យទទួលបានអំណោយទានខាងវិញ្ញាណនៃសេចក្តីជំនឿតាមរយៈការអាន និង ឮព្រះបន្ទូលនៃព្រះ ។១៧
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីបុរស ស្ត្រីដែលរៀបការដោយស្មោះត្រង់ ដែលគោរពទំនួលខុសត្រូវនៃសេចក្តីសញ្ញារបស់ពួកគេក្នុងការបង្កបង្កើតឲ្យមាន ពាសពេញលើផែនដី ហើយអស់អ្នកដែលត្រូវបានប្រទានពរដោយកម្លាំង និង ភាពអត់ធ្មត់ ដើម្បីស៊ូទ្រាំជាមួយកូនពួកគេនៅក្នុងការប្រជុំសាក្រាម៉ង់ ។ នៅក្នុងពិភពលោកច្របូកច្របល់ ដែលរំខាន ដោយគ្រោះមហន្តរាយ និងការដាក់អាទិភាពខុសឆ្គងកាន់តែច្រើននេះ ព្រលឹងដ៏ក្លាហានទាំងនេះ មិនស្តាប់តាមសំឡេងលោកិយដែលគិតសរសើរតែខ្លួនឯងឡើយ ។ ពួកគេមានគារវភាព ចំពោះភាពបរិសុទ្ធ និងសារៈសំខាន់នៃជីវិតនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
មានគូស្វាមីភរិយាជាច្រើន បានទុកចិត្ដព្រះ នៅពេលបំណងប្រាថ្នាដ៏សុចរិតនៃដួងចិត្តរបស់ពួកគេ មិនដឹងថាក្តីសង្ឃឹម និងក្តីសុបិនរបស់ពួកគេនឹងកើតដោយរបៀបណា និងពេលណានោះ ។ ពួកគេ « សង្ឃឹមដល់ព្រះយេហូវ៉ា »១៨ ហើយមិនទាមទារឲ្យទ្រង់បំពេញតាមវេលាកំណត់នៃជីវិតរមែងស្លាប់របស់ពួកគេទេ ។ « ត្បិតចាប់តាំងពីកំណើតលោកិយមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ឱព្រះអង្គអើយ នូវការណ៍ដ៏ធំដែលទ្រង់បានរៀបចំសម្រាប់[ ពួកគេ ] ដែលសង្ឃឹមដល់ទ្រង់ឡើយ » ។១៩
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ » ពិពណ៌នាអំពីថ្នាក់ដឹកនាំអង្គការបឋមសិក្សា រាប់ពាន់នាក់ ដែលស្រឡាញ់ និងបង្រៀនកុមារនៃសាសនាចក្ររាល់ថ្ងៃឈប់សម្រាក ។
សូមពិចារណាអំពីឥទ្ធិពលដ៏អស់កល្បនៃការបម្រើដែលផ្តល់ឲ្យដោយពួកសិស្សដ៏លះបង់ទាំងនេះ—និងពរជ័យដែលបានសន្យាដ៏មហិមា ចំពោះអស់អ្នកដែលធ្វើការបម្រើដល់កុមារ ។
« [ ព្រះយេស៊ូវ ] ក៏យកកូនតូចមួយ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានព្រះបន្ទូលទៅគេថា
« អ្នកណាដែលទទួលកូនតូចមួយ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ » ។២០
ឃ្លា « តាមគន្លងនៃករណីយកិច្ចរបស់ពួកគេ »ពិពណ៌នាពីកូនៗដែលប្តេជ្ញាថែទាំឪពុកម្តាយវ័យចំណាស់យ៉ាងយកចិត្តទុកដាក់ដោយទន់ភ្លន់ ពិពណ៌នាពីអ្នកម្តាយសម្រាន្តបានតិច លួងលោមកូនដែលភ័យខ្លាចខណៈពេលកំពុងឈរយាមដូច « សត្វតោចាំទ្វារ » ផ្ទះរបស់នាង២១សមាជិកនៃសាសនាចក្រដែលមកដល់លឿន ហើយចេញទៅវិញក្រោយគេ ដើម្បីជួយរៀបចំ និងបត់កៅអីទុកដាក់ និងបុគ្គលដ៏បំផុសគំនិតដែលអញ្ជើញក្រុមគ្រួសារ មិត្តភក្តិ ព្រមទាំងសហការីឲ្យមក ហើយមើល មកហើយជួយ និងមក ហើយនៅ ។២២
ខ្ញុំពិពណ៌នាតែឧទាហរណ៍មួយចំនួនដែលបានជ្រើសរើសពីសិស្សនៃសេចក្ដីសញ្ញា ដែលគោរព និងលះបង់របស់ព្រះយេស៊ូវគ្រីស្ទ ដូចជាបងប្អូនដែលកំពុងឆ្ពោះទៅមុខ « តាមគន្លងនៃករណីយកិច្ច[ របស់បងប្អូន ] » ។ មានឧទាហរណ៍ បន្ថែមរាប់លានអំពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលថ្វាយ « ព្រលឹងទាំងមូល »២៣ចំពោះព្រះ ដែលបានរកឃើញនៅក្នុងគេហដ្ឋានដែលផ្តោតលើព្រះគ្រីស្ទ និងនៅក្នុងអង្គភាពសាសនាចក្រជុំវិញពិភពលោក ។
បងប្អូនស្រឡាញ់ និងបម្រើ ស្តាប់ និងរៀន យកចិត្តទុកដាក់ និងលួងលោម ហើយបង្រៀន និងថ្លែងទីបន្ទាល់ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ បងប្អូនតមអាហារ ហើយអធិស្ឋានជាញឹកញាប់ មុតមាំកាន់តែខ្លាំងដោយភាពរាបសា ហើយកាន់តែរឹងប៉ឹងនៅក្នុងសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ « ឲ្យចិត្ត [ របស់បងប្អូន ] បានពោរពេញទៅដោយអំណរ និងការលួងលោមចិត្ត មែនហើយ គឺរហូតដល់ធ្វើឲ្យចិត្តគេបរិសុទ្ធ ហើយញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារ…ប្រគល់ចិត្ត [ របស់បងប្អូន ] ដល់ព្រះ » ។២៤
ការសន្យា និងទីបន្ទាល់
ពួកគេជារទេះរុញចុងក្រោយបំផុត គ្មានការបម្រើណាដែលអន់ជាងទេ ហើយអស់អ្នកដែលកំពុងឆ្ពោះទៅមុខតាមគន្លងនៃករណីយកិច្ចរបស់ខ្លួន គឺជាកម្លាំងនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ហើយព្រះអម្ចាស់បានសន្យាថា « គ្រប់ទាំងបល្ល័ង្ក និងអំណាចគ្រប់គ្រង ក្សត្របុរី និងអំណាចទាំងឡាយ នឹងត្រូវបានបើកសម្ដែង ហើយប្រទានមកលើអស់អ្នកណាដែលស៊ូទ្រាំដោយក្លាហាន ដើម្បីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។២៥
ខ្ញុំសូមធ្វើសាក្សីដោយអំណរថា ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់មានព្រះជន្មរស់ ហើយការសន្យារបស់ទ្រង់ទាំងទ្វេគឺមានពិតប្រាកដ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕