សន្និសីទទូទៅ
បន្ទាបខ្លួន​ដើម្បី​ទទួល​យក និង​ធ្វើ​តាម
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


10:40

បន្ទាបខ្លួន​ដើម្បី​ទទួល​យក និង​ធ្វើ​តាម

ការបន្ទាប​ខ្លួន​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​យើង ដើម្បី​ត្រៀមខ្លួន​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ។

នៅក្នុង​ជំពូកទីប្រាំ​នៃគម្ពីរ​អាលម៉ា សំណួរ​បែប​ត្រិះរិះ​មួយ​បានលើក​ឡើង ៖ « តើ​អ្នក​រាល់​គ្នា​អាច​និយាយ​នៅ​ក្នុង​ចិត្ត​អ្នក បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ស្លាប់​នៅ​ក្នុង​ពេល​នេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ? សំណួរ​នោះ​បង្កប់​ន័យ​ថា ការបន្ទាប​ខ្លួន​គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​យើង ដើម្បី​ត្រៀមខ្លួន​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ។

យើង​ទាំងអស់​គ្នា​ចូលចិត្ត​គិត​ថា យើង​បន្ទាបខ្លួន​ល្មម​ហើយ ប៉ុន្តែ​បទពិសោធន៍​ខ្លះ​ក្នុង​ជីវិត​ធ្វើ​ឲ្យ​យើង​ដឹងខ្លួន​ថា ជា​ញឹកញាប់​បុរស ឬ​ស្ត្រី​អំនួត​នៅតែ​មាន​នៅ​ក្នុង​ខ្លួន​យើង​ដដែល ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​កូនស្រី​ពីរ​នាក់​របស់​យើង​នៅ​ផ្ទះ​ជាមួយ​យើង​នៅឡើយ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្ហាញ​ពួកគេ និង​ភរិយា​ខ្ញុំ​អំពី​អង្គភាព​អាជីវកម្ម​ដែល​ខ្ញុំ​ទទួល​បន្ទុក​នៅក្នុង​ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ ។

គោលបំណង​ពិត​គឺ​ខ្ញុំ​ចង់​បង្ហាញ​ពួកគេ​កន្លែង​មួយ ដែល​ខុស​ពី​ផ្ទះ​ពួក​យើង ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​ធ្វើ​អ្វី​ឲ្យ​ដូច​តាម​ការ​សុំ​របស់​ខ្ញុំ​ដោយ​គ្មាន​សង្ស័យ​ឡើយ ។ តាម​ធម្មតា​ពេល​យើង​មក​ដល់​ច្រកទ្វារ​វា​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ តែពេល​ឡាន​ខ្ញុំ​មក​ជិត​ដល់ ខ្ញុំ​ភ្ញាក់ផ្អើល​ព្រោះ​វា​មិន​បើក​ទេ​លើក​នេះ ។ ផ្ទុយ​ទៅវិញ មាន​សន្តិសុខ​ម្នាក់​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​ក្នុង​ជីវិត បាន​ដើរ​មក​ឡាន​ខ្ញុំ ហើយ​សុំ​មើល​កាត​ក្រុមហ៊ុន​របស់​ខ្ញុំ ។

ខ្ញុំ​ប្រាប់​គាត់​ថា ឡាន​ខ្ញុំ​មិន​ប្រើ​កាត​បើក​ចូល​ក្រុមហ៊ុន​នេះ​ទេ ក្រោយមក ខ្ញុំ​បាន​សួរ​គាត់​ជា​មនុស្ស​អំនួត​ថា ៖ « តើ​អ្នក​ឯង​ដឹង​ថា​កំពុង​និយាយ​នឹង​នរណា​ទេ ? »

គាត់​បាន​តប​ថា « មែនហើយ ដោយសារ​លោក​គ្មាន​កាត​ក្រុមហ៊ុន ខ្ញុំ​មិន​ស្គាល់​ថា​លោក​ជា​នរណា​នោះ​ទេ ដរាបណា​ខ្ញុំ​នៅ​ច្រក​នេះ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល ដោយ​គ្មាន​កាត​ត្រឹមត្រូវ​នោះ​ឡើយ » ។

ខ្ញុំ​គិត​ចង់​មើល​ទៅ​កញ្ចក់​ក្រោយ ដើម្បី​មើល​ប្រតិកម្ម​របស់​កូនស្រី​ខ្ញុំ​ចំពោះ​រឿង​នោះ ប៉ុន្តែ​ខ្ញុំ​ដឹង​ពួកគេ​កំពុង​ជក់ចិត្ត​រឿង​នោះ ! ! ភរិយា​ខ្ញុំ​ដែល​អង្គុយ​ក្បែរ​ខ្ញុំ បាន​គ្រវី​ក្បាល​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​របស់​ខ្ញុំ ។ បន្ទាប់មក ចុងក្រោយ​ខ្ញុំ​សុំទោស​ដល់​សន្តិសុខ​នោះ ហើយ​និយាយ​ថា ខ្ញុំ​សោកស្តាយ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​ដាក់​គាត់​បែប​នេះ ។ គាត់​តប​ថា « ខ្ញុំ​អភ័យទោស​ឲ្យ​លោក តែ​ថ្ងៃនេះ​បើ​គ្មាន​កាត​ក្រុមហ៊ុន​ទេ ខ្ញុំ​មិន​ឲ្យ​លោក​ចូល​ទេ ! »

រួច ខ្ញុំ​បាន​បើក​ឡាន​មក​ផ្ទះ​វិញ​យឺតៗ​ទៅ​យក​កាត ហើយ​បាន​រៀន​មេរៀន​ដ៏មាន​តម្លៃ​នេះ​ថា ៖​នៅពេល​យើង​ជ្រើសរើស​មិន​បន្ទាប​ខ្លួន ចុង​បញ្ចប់​យើង​នឹង​ទទួល​បាន​ការអាម៉ាស់ ។

យើង​ឃើញ​ក្នុង​គម្ពីរ​សុភាសិត​ថា « ចិត្ត​ឆ្មើងឆ្មៃ​របស់​មនុស្ស នឹង​នាំឲ្យ​ទាបថោក​ទៅ តែ​អ្នកណា​ដែល​មាន​ចិត្ត​សុភាព​រាបទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ » ។ ដើម្បី​អភិវឌ្ឍ​ភាពរាបសា យើង​ត្រូវតែ​យល់ពី​អត្ថន័យ​ពិត​របស់​វា​នៅក្នុង​បរិបទ​នៃ​ដំណឹងល្អ ។

មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​អំពី​ការ​បន្ទាប​ខ្លួន​ទៅ​នឹង​រឿង​ផ្សេងៗទៀត ឧទាហរណ៍​ដូចជា​ភាពក្រីក្រ​ជាដើម ។ ប៉ុន្តែ​តាមពិត មាន​មនុស្ស​ជាច្រើន​ដែល​ក្រ តែ​មាន​អំនួត ហើយ​ក៏​មាន​មនុស្ស​ជាច្រើន​ដែល​មាន​ទ្រព្យ តែ​បន្ទាប​ខ្លួន ។ អ្នក​ខ្លះ​ទៀត​ខ្មាស់អៀន​ខ្លាំង ឬ​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួនឯង សំបក​ក្រៅ​មើល​ទៅ​ដូចជា​រាបសា​ណាស់ ប៉ុន្តែ​ក្នុង​ខ្លួន​ពោរពេញ​ទៅ​ដោយ​អំនួត ពេល​ខ្លះ ។

អ៊ីចឹង តើ​អ្វី​ទៅ​ជា​ការបន្ទាប​ខ្លួន ? យោង​តាម​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើងការបន្ទាប​ខ្លួន​គឺ​ជា « ឆន្ទៈ​ដើម្បី​ចុះចូល​នឹង​ឆន្ទៈ​នៃ​ព្រះអម្ចាស់ ។ …វា​គឺ​ជា​ការងាយ​បង្រៀន ។ [ វា​គឺជា ] កាតាលីករ​ដ៏​សំខាន់​មួយ​ជំរុញ​ការរីចម្រើន​ខាង​វិញ្ញាណ » ។

ពិតជា​យើង​ទាំងអស់​គ្នា​មាន​ឱកាស​ច្រើន​ដើម្បី​កែលម្អ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នេះ ។ ដំបូង ខ្ញុំ​សូម​មើល​ពី​របៀប​ដែល​យើង​មាន ឬ​គួរតែ​មាន​ចិត្ត​រាបសា​ដើម្បី​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​យើង ។ លំហាត់​មួយ​សម្រាប់​យើង​ម្នាក់ៗ​អាច​ជា ៖

  • តើ​យើង​ប្រើ​ឈ្មោះ​ពេញ​នៃ​សាសនាចក្រ​ក្នុង​ការទំនាក់ទំនង​ទាំងអស់​ដែរ​ឬ​ទេ ? ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​ថា « ការដក​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ចេញពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​សាតាំង » ។

  • តើ​យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​ដោយ​ទទួល​យក​ការអញ្ជើញ​ដ៏​ជាក់លាក់​របស់​ព្យាការី​យើង​ដែរ​ឬ​ទេ ? « នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ » ។

  • តើ​យើង​បាន​យក​ឈ្នះ​លើ​លោកិយ​ដោយ​ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ជាជាង​លើ​ទស្សនវិជ្ជា​មនុស្ស ដូច​ដែល​ព្យាការី​យើង​បាន​បង្រៀន​ដែរ​ឬ​ទេ ?

  • តើ​យើង​បាន​ក្លាយជា​អ្នកផ្សះផ្សា​គេ ដោយ​ការនិយាយ​វិជ្ជមាន ទៅ​កាន់​នរណា​ម្នាក់ និង​អំពី​នរណា​ម្នាក់​ដែរ​ឬ​ទេ ? ប្រធាន ណិលសុន បាន​បង្រៀន​យើង​ក្នុង​សន្និសីទ​ទូទៅ​កន្លងទៅថា ៖« បើសិនជា​មាន​អ្វី​ណាមួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរឲ្យ​សរសើរ ដែល​យើង​អាច​និយាយ​អំពី​មនុស្ស​ម្នាក់​ទៀត—មិន​ថា​ចំពោះ​មុខ ឬ​ពីក្រោយ​ខ្នង​គាត់​នោះ​ទេ—ការណ៍​នោះ​គួរតែ​ជា​បទដ្ឋាន​នៃ​ទំនាក់ទំនង​របស់​យើង » ។

ទាំងនេះ​ជា​ការណែនាំ​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​ឥទ្ធិពល ។ សូម​ចាំ​ថា អ្វី​ដែល​ប្រជាជន​ត្រូវ​ធ្វើ​ដើម្បី​បាន​ជា​សះស្បើយ គឺ​គ្រាន់តែ​មើលទៅ​ពស់​លង្ហិន​ដែល​បាន​លើកឡើង​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ « ដោយ​វិធី​នេះ​ងាយ​ពេក ឬ​ស្រួល​ពេក ទើប​មាន​មនុស្ស​ជាច្រើន​ត្រូវ​វិនាស » ។

ក្នុង​អំឡុង​សន្និសីទ​នេះ យើង​បាន​ឮ​នឹង​បន្ដ​ស្តាប់​ការទូន្មាន​ដ៏​មិន​ចេះ​ចប់​របស់​ពួក​ព្យាការី និង​សាវក​របស់​យើង ។ វា​ជា​ឱកាស​ដ៏​ឥត​ខ្ចោះ​ដើម្បី​អភិវឌ្ឍ​ភាព​រាបសា និង​ដើម្បី​ឲ្យ​គំនិត​ដ៏រឹងរូស​របស់​យើង​ត្រូវបាន​លេប​ដោយ​ការជឿ​ស៊ប់​កាន់តែ​ខ្លាំង​ថា ព្រះអម្ចាស់​មាន​បន្ទូល​តាមរយៈ​ថ្នាក់ដឹកនាំ​ដែល​បាន​ជ្រើសរើស​ទាំងនេះ ។

លើស​ពីនេះ​នៅពេល​អភិវឌ្ឍ​ភាពរាបសា យើង​ក៏​ត្រូវតែ​យល់ និង​ទទួល​ថា យើង​មិន​អាច​យកឈ្នះ​លើ​ឧបសគ្គ ឬ​សម្រេច​បាន​សក្តានុពល​ពេញលេញ​របស់​យើង​ដោយ​ការខិតខំ​ផ្ទាល់ខ្លួន​តែ​ម្យ៉ាង​នោះទេ ។ វាគ្មិន អ្នក​និពន្ធ គ្រូ​បង្វឹក និង​អ្នក​មាន​ឥទ្ធិពល​លើ​ពិភពលោក និយាយ​ជា​ពិសេស​នៅ​លើ​វេទិកា​ឌីជីថល ថា​អ្វីៗ​ទាំងអស់ គឺអាស្រ័យ​លើ​យើង និង​សកម្មភាព​យើង​តែប៉ុណ្ណោះ ។ ពិភពលោក​ជឿ​លើ​ដៃ​នៃ​មនុស្ស ។

ប៉ុន្តែ​តាមរយៈ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ យើង​បាន​រៀន​ថា យើង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្តី​សប្បុរស​របស់​ព្រះវរបិតា​សួគ៌ និង​ដង្វាយធួន​នៃ​ព្រះអង្គ​សង្រ្គោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ « ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ។​១០ ហេតុនេះ​ហើយ វា​សំខាន់​ណាស់​ក្នុង​ការប្រព្រឹត្ត និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ព្រោះ​ថា​ការធ្វើ​ដូច្នេះ​នឹង​ផ្តល់​ឲ្យ​យើង​នូវ​សិទ្ធិ​ពេញលេញ​ដើម្បី​ទទួល​បាន​អំណាច​នៃ​ការព្យាបាល លទ្ធភាព និង​ភាពឥតខ្ចោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ដង្វាយធួន​ទ្រង់​នោះ ។

ការចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់​រាល់​សប្តាហ៍ និង​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ ហើយ​ទទួល និង​ធ្វើ​សេចក្តីសញ្ញា​ជា​ថ្មី គឺជា​សញ្ញា​សម្គាល់​មួយ​ថា យើង​ទទួល​ស្គាល់​នូវ​ការ​ពឹងផ្អែក​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការណ៍​នោះ​នឹង​នាំ​ព្រះចេស្តា​ទ្រង់​ចូល​ក្នុង​ជីវិត​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លងកាត់​គ្រប់​បញ្ហា ហើយ​ទីបំផុត​បំពេញ​នូវ​កម្រិត​នៃ​ការបង្ក​បង្កើត​របស់​យើង ។

កន្លង​ទៅ​នេះ កម្រិត​នៃ​ភាពរាបសា និង​ការយល់ដឹង​របស់​ខ្ញុំ​អំពី​ការពឹងផ្អែក​លើ​ព្រះអម្ចាស់​ត្រូវ​បាន​សាកល្បង​ម្តង​ទៀត ។ ខ្ញុំ​បាន​ជិះ​តាក់​ស៊ី​ទៅ​អាកាសយានដ្ឋាន​ដើម្បី ទៅ​កន្លែង​ដែល​មាន​ស្ថានភាព​ពិបាក​ដោះស្រាយ ។ អ្នកបើក​តាក់ស៊ី​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ បាន​សម្លឹង​មើល​ខ្ញុំ​តាម​កញ្ចក់ ហើយ​និយាយ​ថា « ខ្ញុំ​អាច​មើល​ឃើញ​ថា អ្នក​មិន​សុខ​ស្រួល​ទេ​នៅ​ថ្ងៃនេះ ! »

« អ្នក​អាច​ដឹង​ឬ ? » ខ្ញុំ​បាន​សួរ ។

គាត់​បាន​និយាយ​ថា « ប្រាកដ​ណាស់ ។ បន្ទាប់មក គាត់​និយាយ​ដូច​នេះ​ថា « អ្នក​មាន​ពន្លឺ​ស្រអាប់​នៅ​ជុំវិញ​អ្នក !»

ខ្ញុំ​បាន​ពន្យល់​គាត់​ថា ខ្ញុំ​មាន​ស្ថានភាព​មួយ​ពិបាក​ដោះស្រាយ រួច​គាត់​ក៏​សួរ​ខ្ញុំ​ថា « តើ​លោក​បាន​ធ្វើ​អស់ពី​លទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ឬ​នៅ ? »

ខ្ញុំ​តប​ថា ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​អស់​ហើយ ។

បន្ទាប់​មក គាត់​និយាយ​អ្វី​មួយ​ដែល​ខ្ញុំ​ចាំ​ជានិច្ច​ថា « អ៊ីចឹង សូម​ទុក​រឿង​នេះ​នៅក្នុង​ព្រះហស្ត​ព្រះ​ចុះ អ្វីៗ​នឹង​មិន​អី​ទេ » ។

ខ្ញុំ​សារភាព​ថា ខ្ញុំ​មាន​បំណង​ចង់​សួរ​គាត់​ថា « តើ​លោក​ដឹង​ថា លោក​កំពុង​និយាយ​ជាមួយ​នរណា​ទេ ? » តែ​ខ្ញុំ​មិន​ធ្វើ​ទេ » ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់​សូម​ជំនួយ​ពី​ទ្រង់​ពេញ​មួយ​ម៉ោង​ពេល​ជិះ​យន្តហោះ ។ ពេល​ខ្ញុំ​ចុះពី​យន្តហោះ ខ្ញុំ​បាន​ដឹង​ថា ស្ថានភាព​ដ៏​លំបាក​ដែល​ត្រូវ​ដោះស្រាយ​នោះ គឺ​បាល​ល្អ​វិញ​ហើយ មិន​ចាំបាច់​មាន​វត្តមាន​ខ្ញុំ​ទេ ។

បងប្អូន​ប្រុសស្រី ការបង្គាប់ ការអញ្ជើញ និង​ការសន្យា​មកពី​ព្រះអម្ចាស់​គឺ​ច្បាស់លាស់ និង​លួងលោម ៖ « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹកដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទអធិស្ឋាន​ទាំងឡាយ​របស់​អ្នក » ។១១

សូម​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប​ក្នុង​ការ​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី​យើង ហើយ​ទទួល​ថា មាន​តែ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់ប្ដូរ​យើង​បាន—តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដែល​បាន​ទទួល​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់—យើង​ក្លាយជា​បុគ្គល​ដ៏​ល្អ​បំផុត​​ក្នុង​ជីវិត​នេះ ហើយ​ថ្ងៃ​មួយ​ធ្វើឲ្យ​យើង​មាន​ភាពល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕