លើសពីវីរបុរសធម្មតា
ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាវីរបុរសរបស់យើងប៉ុណ្ណោះទេ ទ្រង់ជាព្រះអម្ចាស់ និងជាស្តេចរបស់យើង ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃមនុស្សជាតិ ។
ចាប់តាំងពីឆ្នាំ ១៨៥៦ ដល់ឆ្នាំ ១៨៦០ មានអ្នកត្រួសត្រាយផ្លូវពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់ បានទាញគ្រឿងសម្ភារពួកគេក្នុងរទេះរុញ ដើរជាង ១០០០ ម៉ែល ( ១៦០០ គ.ម ) ពេលពួកគេធ្វើដំណើរទៅកាន់ជ្រលងភ្នំសលត៍ ឡេក ។ មួយរយហុកសិបប្រាំពីរឆ្នាំកន្លងទៅ ក្នុងសប្ដាហ៍នេះ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៨៥៦ ប្រធាន ព្រិកហាំ យ៉ង់ បានភ្ញាក់ផ្អើលពេលដឹងថា ក្រុមរទេះរុញចំនួនពីរ ដែលដឹកនាំដោយ អ៊ែតវឺត ម៉ាទីន និង ចេមស៍ លីវី នៅឆ្ងាយរាប់រយម៉ែលទៀតពីទីក្រុងសលត៍ ឡេក ដែលរដូវត្រជាក់បានមកដល់ឆាប់ៗហើយ ។១ នៅថ្ងៃបន្ទាប់ មិនឆ្ងាយពីកន្លែងដែលយើងជួបគ្នាពេលនេះ ប្រធាន យ៉ង់ បានឈរនៅចំពោះមុខពួកបរិសុទ្ធ ហើយបានប្រកាសថា « បងប្អូនប្រុសស្រីរបស់យើងជាច្រើនកំពុងស្ថិតនៅទីវាលជាមួយរទេះរុញ ហើយយើងត្រូវនាំពួកគេមកទីនេះ … ចូរទៅនាំអ្នកទាំងនោះមកពីវាលទំនាបឥឡូវនេះចុះ » ។២
ពីរថ្ងៃក្រោយមក ក្រុមជំនួយសង្គ្រោះដំបូងបានចេញដំណើរស្វែងរកអ្នកត្រួសត្រាយផ្លូវក្រុមរទេះរុញទាំងនោះ ។
សមាជិកម្នាក់នៃក្រុមវិលី បានរៀបរាប់អំពីស្ថានភាពអស់សង្ឃឹម មុនពេលក្រុមសង្គ្រោះដ៏សំខាន់នេះមកដល់ ។ លោកបានចែកចាយថា « [ គ្រាន់តែ ]ពេលគ្រប់គ្នាហៀបនឹងស្លាប់ ហើយនៅសល់តិចតួចសម្រាប់បន្តរជីវិត… ចម្លើយមកពីព្រះចំពោះការអធិស្ឋានរបស់យើង ហាក់ដូចជាផ្គរលាន់ចេញពីផ្ទៃមេឃស្រឡះ ។ ក្រុមជួយសង្គ្រោះ នាំយកអាហារ និងសម្ភារមក… ឲ្យឃើញ ។ … តើយើងអាចអរគុណព្រះសម្រាប់ការជួយសង្គ្រោះយើងដោយរបៀបណា » ។៣
ក្រុមសង្គ្រោះទាំងនោះ គឺជាវីរបុរសសម្រាប់ពួកអ្នកត្រួសត្រាយផ្លូវ ដោយហ៊ានប្រថុយជីវិតផ្សងគ្រោះថ្នាក់ក្នុងលក្ខខណ្ឌអាកាសធាតុដ៏កាចសាហាវ ដើម្បីនាំមនុស្សទាំងអស់ទៅផ្ទះដោយសុវត្ថិភាពតាមដែលអាចធ្វើបាន ។ វីរបុរសម្នាក់ក្នុងចំណោមនោះគឺ លោក អេប្រាអិម ហាងស៍ ។
នៅពាក់កណ្តាលខែតុលា លោក ហាងស៍ បានត្រឡប់ទៅផ្ទះគាត់នៅសលត៍លេកវិញ បន្ទាប់ពីការធ្វើដំណើរទាំងយប់ ហើយលោកមិនបានដឹងពីទុក្ខលំបាករបស់ក្រុមរទេះរុញទេ លោកបានភ្ញាក់ដោយឮសម្លេងនិយាយថា « មនុស្សនៅក្នុងក្រុមរទេះរុញកំពុងជួបឧបសគ្គ ហើយពួកគេត្រូវការលោក តើលោកចង់ទៅជួយពួកគេទេ ? »
សំណួរនោះដិតជាប់គំនិតគាត់ ហើយគាត់បានប្រញាប់ត្រឡប់ទៅទីក្រុងសលត៍ លេកវិញ ។ ពេលស្ដាប់ឮប្រធាន ហ៊ីប៊ឺ ស៊ី ឃីមបឹល ហៅរកអ្នកស្ម័គ្រចិត្តបន្ថែម នោះលោក ហាងស៍ បានចេញទៅជួយសង្គ្រោះដោយផ្ទាល់នៅថ្ងៃស្អែកឡើង ។ គាត់ធ្វើដំណើរយ៉ាងលឿនទៅមុនអ្នកជួយសង្គ្រោះផ្សេងទៀតនៅតាមផ្លូវ ហើយពេលទៅដល់ក្រុម ម៉ាទិន លោក ហាងស៍ បានចាំថា ៖ « កែវភ្នែកដែលមើលមកខ្ញុំ កាលខ្ញុំចូលទៅដល់ជំរុំរបស់ពួកគេមិនអាចរលុបពីការចងចាំខ្ញុំទេ … [ ហើយ ]គ្រប់គ្រាន់នឹងដកជាប់ក្នុងបេះដូងដ៏មុតមាំបំផុត ។៤
អេប្រាអិម ហាងស៍ បានចំណាយពេលជាច្រើនថ្ងៃចេញពីតង់មួយទៅតង់មួយទៀតប្រសិទ្ធពរអ្នកឈឺ ។ គាត់បានរៀបរាប់ថា « ភ្លាមៗនោះ នៅពេលយើងព្យាបាលអ្នកឈឺ ហើយបណ្តេញជំងឺទាំងនោះ ក្នុងព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ អ្នករងទុក្ខក៏បានរួមគ្នាតែមួយ ពួកគេបានជាសះស្បើយមួយរំពេច ។៥ អេប្រាអិម ហាងស៍ នឹងជាវីរបុរសរបស់អ្នកត្រួសត្រាយផ្លូវក្រុមរទេះរុញទាំងនោះជារៀងរហូត ។
ស្រដៀងគ្នានឹងក្រុមជួយសង្គ្រោះដ៏អស្ចារ្យនោះដែរ ព្រឹត្តការណ៍ដែលមានឥទ្ធិពលលើជីវិតយើង និងប្រវត្តិសាស្ត្រ គឺជាញឹកញាប់កើតមកពីការសម្រេចចិត្ត និងជោគជ័យរបស់បុរសស្ត្រីម្នាក់ៗ—វិចិត្រករដ៏អស្ចារ្យ អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំអាជីវកម្ម និងអ្នកនយោបាយ ។ បុគ្គលដ៏វិសេសទាំងនេះ ជារឿយៗត្រូវបានផ្តល់កិត្តិយសជា វីរបុរស ដោយសាងសង់វិមានអនុស្សាវរីយ៍ ដើម្បីរំឭកដល់វីរភាពអង់អាចរបស់ពួកគេ ។
កាលខ្ញុំនៅក្មេង វីរបុរសដំបូងរបស់ខ្ញុំគឺក្រុមអត្តពលិក ។ ខ្ញុំចងចាំកាលពីក្មេង ខ្ញុំប្រមូលកាតកីឡាវាយកូនបាល់ជាមួយនឹងរូបភាព និងស្ថិតិរបស់ក្រុមកីឡាករវាយកូលបាល់ មេជ័រ លីក ។ « ការគោរពបូជាវីរបុរស » កាលជាកុមារភាពអាចជារឿងសប្បាយ និងស្លូតត្រង់ ដូចជាពេលកុមារស្លៀកពាក់តាមវីរបុរសដែលពួកគេចូលចិត្ត ក្នុងពិធីបុណ្យហាឡូវិនជាដើម ។ ទោះជាយើងកោតសរសើរ និងគោរពដល់វីរភាពរបស់បុរស និងស្ត្រីដែលមានទេពកោសល្យ និងមានសមត្ថភាព និងការរួមចំណែកដ៏អស្ចារ្យក្តី ក៏កម្រិតនៃការ « ការសាទរ » នោះបើជ្រុលហួសហេតុពេកវាអាចប្រៀបដូចជា កូនចៅអ៊ីស្រាអែល ថ្វាយបង្គំរូបគោមាស នៅវាលខ្សាច់នៃភ្នំស៊ីណាយអ៊ីចឹងដែរ ។
ពេលពេញវ័យ អ្វីដែលធ្លាប់ជាភាពរីករាយត្រង់ៗក្នុងកុមារភាពក្លាយជាថ្មជំពប់ នៅពេល « ការគោរពបូជាវីរបុរស » ដែលជាអ្នកនយោបាយ អ្នកសរសេរប្លុក អ្នកមានឥទ្ធិពល អត្តពលិក ឬ តន្ត្រីករធ្វើឲ្យយើងខ្វល់ខ្វាយ « ហួសទិសដៅ »៦ ហើយបាត់បង់ទស្សនៈវិស័យនៃអ្វីដែលចាំបាច់ពិតប្រាកដ ។
សម្រាប់កូនចៅអ៊ីស្រាអែល ឧបសគ្គពួកគេពុំមែនជាមាសដែលពួកគេនាំទៅជាមួយក្នុងការធ្វើដំណើរទៅកាន់ដែនដីសន្យានោះទេ ប៉ុន្តែឧបសគ្គរបស់ពួកគេ គឺជាការអនុញ្ញាតឲ្យមាសក្លាយទៅជារូបសំណាក ហើយបន្ទាប់មកបានក្លាយជាកម្មវត្ថុនៃការថ្វាយបង្គំរបស់ពួកគេ ដែលបង្វែរការយកចិត្ដទុកដាក់ចេញពីព្រះយេហូវ៉ា ដែលបានញែកសមុទ្រក្រហម ហើយបានរំដោះពួកគេចេញពីសេវកភាពនោះ ។ ការផ្តោតអារម្មណ៍របស់ពួកគេលើរូបសំណាកគោបានជះឥទ្ធិពលលើសមត្ថភាពក្នុងការថ្វាយបង្គំព្រះពិតរបស់ពួកគេ ។៧
វីរបុរស អង់អាចរបស់យើងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតគឺជា ព្រះយេស៊ូវគ្រីស្ទ ហើយអ្វីមួយ ឬនរណាម្នាក់ ដែលបង្វែរយើងចេញពីការបង្រៀនរបស់ទ្រង់ ដូចមានក្នុងព្រះគម្ពីរ និងតាមរយៈពាក្យសម្ដីរបស់ព្យាការីនៅរស់ វាអាចជះឥទ្ធិពលអវិជ្ជមានដល់ការរីកចម្រើនរបស់យើងនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មុនពេលបង្កើតផែនដីនេះយើងសម្លឹងទៅព្រះយេស៊ូវគ្រីស្ទ នៅពេលផែនការដែលបានដាក់ស្នើដោយព្រះវរបិតាសួគ៌ត្រូវបានដឹងច្បាស់ រួមបញ្ចូលទាំងឱកាសដើម្បីយើងរីកចម្រើន និងប្រែក្លាយដូចជាទ្រង់ ពេលនោះហើយគឺជាការចាប់ផ្តើមសាកល្បង ។
ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាអ្នកដឹកនាំការពារផែនការរបស់ព្រះវរបិតាយើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការអនុវត្តផែនការនោះផងដែរ ។ ទ្រង់បានឆ្លើយតបនឹងព្រះវរបិតា ហើយបានស្ម័គ្រព្រះទ័យថ្វាយអង្គទ្រង់ « ជាថ្លៃលោះមនុស្សទាំងអស់ »៨ ដើម្បីសងបំណុលដែលយើងម្នាក់ៗជំពាក់ព្រោះអំពើបាប ប៉ុន្តែមិនអាចបង់សងដោយខ្លួនឯងបាន ។
ប្រធាន ដាល្លិន អេក អូកស៍ មានបង្រៀនថា « [ ព្រះយេស៊ូវគ្រីស្ទ ]បានធ្វើអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់ការធ្វើដំណើរនៅក្នុងជីវិតរមែងស្លាប់របស់យើង ឆ្ពោះទៅកាន់ជោគវាសនាដែលបានគ្រោងទុកនៅក្នុងផែនការរបស់ព្រះវបិតាសួគ៌យើង » ។៩
នៅឯសួនច្បារគែតសេម៉ានី ពេលប្រឈមមុខនឹងកិច្ចការដ៏ច្រើនលើសលប់ ព្រះអង្គសង្គ្រោះបានថ្លែងយ៉ាងអង់អាចថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ហើយបានលើកដាក់លើព្រះអង្គទ្រង់នូវការឈឺចាប់ ជំងឺ និងការរងទុក្ខសម្រាប់អំពើបាបនៃអស់អ្នកដែលរស់នៅលើផែនដីទាំងអស់ ។១០ ទាំងទង្វើនៃការស្តាប់បង្គាប់ និងការប្តេជ្ញាចិត្តដ៏ល្អឥតខ្ចោះ ព្រះយេស៊ូវគ្រីស្ទ បាន បំពេញកិច្ចការបង្កបង្កើតដ៏មហិមាទាំងអស់ ប្រកបដោយវីរភាព ហើយបញ្ចប់ដោយការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ។
នៅក្នុងសន្និសីទទូទៅថ្មីៗរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានរំឭកយើងថា ៖ « មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! » ។១១ ហើយខ្ញុំសូមបន្ថែមថា « ចូរជ្រើសរើសទ្រង៉ » ។
នៅក្នុងពិភពលោកដ៏ស្មុគស្មាញរបស់យើង វាអាចជាការល្បួងឲ្យងាកទៅរក « វីរបុរស » របស់សង្គម ដែលប្រឹងប្រែងផ្តល់ភាពច្បាស់លាស់ដល់ជីវិត នៅពេលដែលវាហាក់ដូចជាច្របូកច្របល់ ឬ លើសលប់នោះ ។ យើងទិញសម្លៀកបំពាក់ដែលពួកគេឧបត្ថម្ភ យើងប្រកាន់យកនយោបាយដែលគេឃោសនា ហើយយើងធ្វើតាមយោបល់ដែលពួកគេបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ រឿងនេះអាចមិនអីសម្រាប់ការកម្សាន្ដបណ្តោះអាសន្ន ប៉ុន្តែយើងត្រូវប្រុងប្រយត្ន័ ថាទម្រង់នៃការគោរពវីរបុរសនេះនឹងមិនក្លាយទៅជារូបចម្លាក់គោមាសរបស់យើងទេ ។ ការជ្រើសរើសវីរបុរស « ត្រឹមត្រូវ » មានលទ្ធផលអស់កល្បជានិច្ច ។
នៅពេលគ្រួសារយើងទៅដល់ប្រទេស អេស្ប៉ាញ ដើម្បីចាប់ផ្តើមការបម្រើរបស់យើងក្នុងនាមជាអ្នកដឹកនាំបេសកកម្ម យើងបានរកឃើញពាក្យសម្រង់ក្នុងស៊ុមរូបថតមួយ ចែកចាយដោយ អែលឌើរ ណែល អេ ម៉ាកស្វែល ពាក់ព័ន្ធទៅនឹងវីរបុរសដែលយើងជ្រើសរើសធ្វើតាម ។ « បើអ្នកមិនជ្រើសរើសនគរព្រះជាមុនទេ នោះវានឹងគ្មានអ្វីខុសប្លែកចំពោះអ្វីដែលអ្នកបានជ្រើសរើសនៅទីបញ្ចប់នោះទេ » ។១២ បងប្អូនប្រុសស្រី គឺដោយសារយើងជ្រើសរើសព្រះយេស៊ូវគ្រីស្ទ ជាស្តេចលើសអស់ទាំងស្តេច នោះគឺយើងជ្រើសរើសនគរនៃព្រះ ។ ជម្រើសផ្សេងទៀត គឺប្រៀបដូចយើងជ្រើសរើស ស្នាដៃមនុស្ស ឬ ចម្លាក់គោមាស ហើយទីបំផុតយើងនឹងបរាជ័យ ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីដានីយ៉ែល យើងបានអានដំណើររឿងរបស់ សាដ្រាក់. មែសាក់ និង អ័បេឌនេកោ ដែលពួកគេដឹងយ៉ាងច្បាស់ថាវីរបុរសមួយណាដែលត្រូវជ្រើសរើស … ដែលពុំមែនជាព្រះណាមួយរបស់ស្តេចនេប៊ូក្នេសាទេ ។ ពួកគេបានប្រកាសដោយទំនុកចិត្តថា ៖
« ព្រះដែលយើងបម្រើ ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ។…
« តែបើមិនជួយទេ នោះ សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាសដែលទ្រង់បានតាំងឡើងនោះដែរ »។១៣
នៅពេលសាវកប៉ុលបានបង្រៀនថា « មានមនុស្សល្អជាច្រើន »១៤ ហើយខ្ញុំអាចបន្ថែមវីរបុរសជាច្រើន ដែលយើងអញ្ជើញឲ្យឱនក្បាល ឲ្យថ្វាយបង្គំ និងឱបក្រសោប ។ ប៉ុន្តែដូចជាមិត្តបីនាក់របស់ដានីយ៉ែលបានដឹងថា មានតែអង្គមួយប៉ុណ្ណោះដែលធានាថានឹងជួយសង្គ្រោះ— ព្រោះទ្រង់បាននិងតែងតែជួយសង្គ្រោះជានិច្ច ។
សម្រាប់យើងក្នុងដំណើរត្រឡប់ទៅទីវត្តមានរបស់ព្រះ ទៅកាន់ដែនដីសន្យារបស់យើង វាពុំអាស្រ័យទៅលើអ្នកនយោបាយ តន្ត្រីករ អត្តពលិក ឬ វីឡកហ្គឺ នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជា ការជ្រើសរើសរបស់យើង ដែលអនុញ្ញាតឲ្យពួកគេក្លាយជារបស់សំខាន់ជំនួសឲ្យ ការយកចិត្តទុកដាក់ និងការផ្តោតទៅលើព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។
យើងជ្រើសរើសទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ពេលយើងជ្រើសរើសគោរពពេលវេលាទ្រង់ មិនថាយើងនៅផ្ទះ ឬធ្វើដំណើរទៅវិស្សមកាលក្តី ។ យើងជ្រើសរើសទ្រង់នៅពេលយើងជ្រើសរើសព្រះបន្ទូលទ្រង់តាមរយៈព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីដែលនៅរស់ ។ យើងជ្រើសរើសទ្រង់ នៅពេលយើងជ្រើសរើសកាន់បណ្ណព្រះវិហារបរិសុទ្ធ ហើយរស់នៅស័ក្ដិសមនឹងប្រើបណ្ណនោះ ។ យើងជ្រើសរើសទ្រង់នៅពេលយើងជាអ្នកផ្សះផ្សាគេ ហើយបដិសេធការឈ្លោះប្រកែកគ្នា « ជាពិសេស នៅពេលយើងមានទស្សនៈខុសគ្នា » ។១៥
គ្មានអ្នកដឹកនាំណាធ្លាប់ក្លាហានជាងទ្រង់ គ្មានអ្នកណាមានមនុស្សធម៌ មានសប្បុសជាងទ្រង់ដែរ គ្មានគ្រូពេទ្យណាអាចព្យាបាលជម្ងឺបានល្អជាងទ្រង់ ហើយក៏គ្មានវិចិត្រករណាចេះច្នៃប្រឌិតល្អជាងព្រះយេស៊ូវគ្រីស្ទឡើយ ។
នៅក្នុងពិភពលោកនៃវីរបុរស ត្រូវមានវិមានអនុស្សាវរីយ៍ និងសារមន្ទីរដែលឧទ្ទិសដល់វីរភាពអង់អាច របស់បុរសស្រី្ត ខាងសាច់ឈាមទាំងនោះ តែមានអង្គមួយឈរពីលើអស់មនុស្សទាំងពួង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាវីរបុរសយើងប៉ុណ្ណោះទេ ទ្រង់ជាព្រះអម្ចាស់ និងជាស្តេចរបស់យើង ទ្រង់ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃមនុស្សជាតិ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។