យើងនិយាយដោយស្នេហ៍
សូមឲ្យយើងម្នាក់ៗរៀននិយាយ និងស្ដាប់ដោយស្នេហ៍របស់ទ្រង់នៅក្នុងដួងចិត្ត និងគេហដ្ឋានរបស់យើង និងនៅក្នុងការហៅ សកម្មភាព ការងារបម្រើ និងការបម្រើក្នុងដំណឹងល្អរបស់យើង ។
ចម្រៀងថ្នាក់កុមារយើងច្រៀងថា ៖ « យើងនិយាយដោយស្នេហ៍ ។១
ខ្ញុំធ្លាប់បានជូនបន្តោងខ្សែកតូចមួយទៅស៊ីស្ទើរ ហ្គង ។ ខ្ញុំបានឲ្យគេឆ្លាក់ ចុច-ចុច ចុច-ចុច ចុច-ចុច-ដក លើបន្ដោងនោះ ។ បងប្អូនដែលធ្លាប់ស្គាល់លេខកូដ នឹងស្គាល់អក្សរនេះ គឺអក្សរអង់គ្លេស អាយ អាយ យូ ។ ប៉ុន្ដែខ្ញុំបានថែមលេខកូដទីពីរ ។ ជាភាសាចិនកុកងឺ « អាយ » មានន័យថា « ស្រឡាញ់ » ។ ដូច្នេះ លេខកូដពីរជាន់នេះបញ្ជាក់ជាសារថា « បងស្រឡាញ់អូន » ។ ស៊ូសាន សំណព្វចិត្ត « អាយ អាយ ( 爱 ) យូ » ។
យើងនិយាយពាក្យស្រឡាញ់ជាច្រើនភាសា ។ មានគេប្រាប់ខ្ញុំថា គ្រួសារមនុស្សយើងនិយាយ ៧១៦៨ ភាសា ។២ នៅក្នុងសាសនាចក្រ យើងមានភាសាចំនួន ៥៧៥ ដែលចងក្រងជាឯកសារទុក ថែមទាំងមានគ្រាមភាសាជាច្រើនទៀតផងដែរ ។ យើងក៏ទំនាក់ទំនងអំពីចេតនា ការលើកដាក់សំឡេង និងអារម្មណ៍ តាមរយៈសិល្បៈ តន្ដ្រី ការរាំ សញ្ញាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនពីក្នុងខ្លួន និងនៅជុំវិញខ្លួនផងដែរ ។ ល ។៣
នៅថ្ងៃនេះ ខ្ញុំសូមនិយាយអំពីភាសាចំនួនបីនៃក្តីស្នេហ៍ដំណឹងល្អគឺ ៖ ភាសានៃភាពកក់ក្ដៅ និងគារវភាព ភាសានៃការបម្រើ និងការលះបង់ ព្រមទាំងភាសាម្ចាស់នៃសេចក្ដីសញ្ញា ។
ទីមួយ ភាសានៃភាពកក់ក្ដៅ និងគារវភាព ។
ដោយមានភាពកក់ក្ដៅ និងគារវភាព ស៊ីស្ទើរ ហ្គង សួរកុមារ និងយុវវ័យថា « តើក្មួយៗដឹងថា ឪពុកម្ដាយ និងក្រុមគ្រួសាររបស់ក្មួយស្រឡាញ់ក្មួយៗដោយរបៀបណា ? »
នៅប្រទេសក្វាតេម៉ាឡា កុមារឆ្លើយថា « ឪពុកម្ដាយខ្ញុំធ្វើការខ្លាំងដើម្បីចិញ្ចឹមគ្រួសារយើង » ។ នៅអាមេរិកខាងជើង កុមារឆ្លើយថា « ឪពុកម្ដាយខ្ញុំអានរឿងនិទានឲ្យខ្ញុំ ហើយដាក់ខ្ញុំឲ្យគេងនៅពេលយប់ » ។ នៅដែនដីបរិសុទ្ធ កុមារឆ្លើយថា « ឪពុកម្ដាយខ្ញុំផ្តល់សុវត្ថិភាពឲ្យខ្ញុំ » ។ នៅប្រទេសហ្គាណា អាហ្វ្រិកខាងលិច កុមារឆ្លើយថា « ឪពុកម្ដាយខ្ញុំជួយខ្ញុំដាក់គោលដៅជាកុមារ និងយុវវ័យរបស់ខ្ញុំ » ។
កុមារម្នាក់ឆ្លើយថា « ទោះជាម្ដាយខ្ញុំនឿយហត់ខ្លាំងបន្ទាប់ពីធ្វើការពេញមួយថ្ងៃក្ដី ក៏គាត់ចេញមកលេងនៅខាងក្រៅជាមួយខ្ញុំដែរ » ។ ម្ដាយគាត់បានយំ ពេលឮកូននិយាយថាការលះបង់ប្រចាំថ្ងៃរបស់គាត់សំខាន់បែបនេះ ។ យុវនារីម្នាក់ឆ្លើយថា « ទោះជាពេលខ្លះ ម្ដាយ និងខ្ញុំមិនសូវចុះសម្រុងគ្នាក្ដី ក៏ខ្ញុំនៅតែទុកចិត្តម្តាយខ្ញុំដែរ » ។ ម្ដាយគាត់ក៏បានយំដែរ ។
ពេលខ្លះ យើងត្រូវការស្គាល់ក្ដីស្នេហ៍នៅត្រង់នេះឲ្យបានឮ ហើយឲ្យតម្លៃនៅត្រង់នេះ ។
ដោយមានភាពកក់ក្ដៅ និងគារវភាព ពិធីសាក្រាម៉ង់ និងការប្រជុំផ្សេងទៀតរបស់យើងផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ។ យើងថ្លែងពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដោយគារវភាព ដោយមានលក្ខណៈផ្ទាល់ខ្លួន និងពិតប្រាកដ មិនមែនជាដង្វាយធួនដែលគ្មានរូបរាងនោះទេ ។ យើងហៅសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទតាមព្រះនាមរបស់ទ្រង់ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងប្រើភាសាប្រកបដោយគារវភាពនៅក្នុងការអធិស្ឋាន ពេលយើងទូលទៅកាន់ព្រះវរបិតាសួគ៌ និងភាសាគោរពដោយកក់ក្ដៅ ពេលយើងនិយាយរកគ្នាទៅវិញទៅមក ។ នៅពេលយើងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាបេះដូងនៃសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ នោះយើងមិនសូវសំដៅដល់ « ការទៅព្រះវិហារបរិសុទ្ធ » ទេ តែយើងសំដៅដល់ « ការចូលគាល់ព្រះយេស៊ូវគ្រីស្ទនៅក្នុងដំណាក់នៃព្រះអម្ចាស់ »ច្រើនជាង ។ សេចក្ដីសញ្ញានីមួយៗខ្សឹបថា « យើងនិយាយដោយស្នេហ៍ » ។
សមាជិកថ្មីៗពេលនិយាយពាក្យក្នុងសាសនាចក្រគឺតម្រូវឲ្យដោះលេខកូដសិន ។ យើងផ្ទុះសំណើច ចំពោះការគិតថា« អគារស្ដេក » អាចមានន័យថា ហាងលក់សាច់អាំងពេលល្ងាច « អគារវួដ » អាចសំដៅលើមន្ទីរពេទ្យ ហើយ « លំហាត់បើក » អាចអញ្ជើញយើងឲ្យហាត់ប្រាណក្បាល ស្មា ជង្គង់ និងមេជើងនៅឯកន្លែងចតឡានក្នុងព្រះវិហារ ។ ប៉ុន្ដែ សូមមេត្តាឲ្យយើងចេះយោគយល់ និងមានចិត្តសណ្តោសដល់គ្នា ពេលយើងរៀនភាសាថ្មីៗនៃក្តីស្នេហ៍រួមគ្នា ។ មានគេប្រាក់ដល់អ្នកប្រែចិត្តជឿថ្មីម្នាក់ថានាងស្លៀកសំពត់ខ្លីពេកនៅក្នុងសាសនាចក្រ ។ ជាជាងការអន់ចិត្ត នាងបានឆ្លើយតបយ៉ាងមានឥទ្ធិពលថា « ដួងចិត្តខ្ញុំបានប្រែចិត្តជឿហើយ សូមមានចិត្តអំណត់ កាលខ្ញុំកំពុងរៀនស្លៀកឲ្យបានសមរម្យ » ។៤
សម្ដីដែលយើងប្រើ អាចទាញយើងឲ្យខិតកាន់តែជិត ឬកាន់តែឆ្ងាយពីពួកគ្រីស្ទាន និងមិត្តភក្ដិដទៃទៀត ។ ពេលខ្លះ យើងនិយាយពីកិច្ចការផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការសប្បុរសធម៌ និងសុខុមាលភាព តាមរបៀបមួយដែលបណ្ដាលឲ្យអ្នកដទៃ គិត និងជឿថា យើងធ្វើកិច្ចការទាំងនេះដោយខ្លួនយើង ។ ចូរយើងនិយាយដោយការដឹងគុណដ៏កក់ក្ដៅ និងដោយគារវភាពចំពោះកិច្ចការរបស់ព្រះជានិច្ច និងសិរីល្អរុងរឿង និងបុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។៥
ទីពីរ ភាសានៃដំណឹងល្អនៃការបម្រើ និងការលះបង់ ។
នៅពេលយើងជួបជុំគ្នានៅព្រះវិហារម្ដងទៀតរាល់សប្ដាហ៍ដើម្បីផ្តល់ការគោរព និងរីករាយក្នុងបរិសុទ្ធ យើងអាចបង្ហាញការតាំងចិត្តដើម្បីធ្វើតាមសេចក្ដីសញ្ញាសាក្រាម៉ង់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ និងចំពោះគ្នាទៅវិញទៅមក តាមរយៈការហៅបម្រើក្នុងសាសនាចក្រ ការរាប់អានគ្នា ទំនាក់ទំនងខាងសង្គម និងការបម្រើ ។
នៅពេលខ្ញុំសួរថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានពីអ្វីដែលពួកគាត់ព្រួយបារម្ភ នោះទាំងបងប្អូនប្រុស និងស្ដ្រីឆ្លើយថា « សមាជិកយើងមួយចំនួនមិនទទួលយកការហៅបម្រើក្នុងសាសនាចក្រទេ » ។ ការហៅឲ្យបម្រើដល់ព្រះអម្ចាស់ និងបម្រើគ្នាទៅវិញទៅមកក្នុងសាសនាចក្ររបស់ទ្រង់ ផ្ដល់ឱកាសដើម្បីបង្កើនចិត្តអាណិតអាសូរ សមត្ថភាព និងការបន្ទាបខ្លួន ។ កាលយើងត្រូវបានញែកចេញ នោះយើងអាចទទួលបានការបំផុសគំនិតមកពីព្រះអម្ចាស់ឲ្យលើកស្ទួយ និងពង្រឹងដល់អ្នកដទៃ និងខ្លួនយើងផងដែរ ។ ពិតណាស់ ការផ្លាស់ប្ដូរស្ថានភាព និងរដូវកាលក្នុងជីវិតយើង អាចប៉ះពាល់ដល់សមត្ថភាពយើងក្នុងការបម្រើ ប៉ុន្ដែខ្ញុំសង្ឃឹមថា វាមិនដែលផ្លាស់ប្ដូរបំណងប្រាថ្នាយើងដើម្បីបម្រើឡើយ ។ យើងសូមថ្លែងជាមួយសេ្ដចបេនយ៉ាមីនថា « បើសិនជាខ្ញុំមាន ខ្ញុំនឹងដាក់ទាន »៧ហើយផ្ដល់អ្វីទាំងអស់ដែលយើងអាចធ្វើបាន ។
ថ្នាក់ដឹកនាំស្ដេក និងវួដទាំងឡាយ សូមធ្វើចំណែករបស់យើង ។ នៅពេលយើងហៅ ( និងដោះលែង ) បងប្អូនប្រុសស្រីឲ្យបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ សូមធ្វើដូច្នោះដោយសេចក្ដីថ្លៃថ្នូរ និងការបំផុសគំនិត ។ សូមឲ្យតម្លៃដល់ពួកគាត់ម្នាក់ៗ ហើយថាពួកគាត់អាចទទួលបានជោគជ័យ ។ សូមប្រឹក្សា និងស្ដាប់បងប្អូនស្ដ្រីជាថ្នាក់ដឹកនាំ ។ សូមយើងចងចាំដូចដែលប្រធាន ជេ រ៉ូប៊ីន ក្លាក បានបង្រៀនថា នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ យើងបម្រើនៅកន្លែងដែលបានហៅ « ជាកន្លែងដែលគ្មាននរណាម្នាក់ចង់បាន ឬបដិសេធ » ។៧
នៅពេលស៊ីស្ទើរ ហ្គង និងខ្ញុំបានរៀបការ អែលឌើរ ដាវីឌ ប៊ី ហេត បានទូន្មានថា « សូមបម្រើក្នុងការហៅមួយក្នុងសាសនាចក្រជានិច្ច ។ ជាពិសេសពេលជីវិតកំពុងមមាញឹក » លោកបានបន្ដថា « អ្នកត្រូវទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់មនុស្សដែលអ្នកបម្រើ និងសម្រាប់អ្នកផ្ទាល់ ពេលអ្នកបម្រើ » ។ ខ្ញុំសូមសន្យាថា យើងនិយាយដោយស្នេហ៍នៅទីនេះ នៅទីនោះ នៅគ្រប់កន្លែង នៅពេលយើងឆ្លើយថា « បាទ/ចាស » ទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រដើម្បីបម្រើព្រះអម្ចាស់ក្នុងសាសនាចក្ររបស់ទ្រង់ដោយព្រះវិញ្ញាណរបស់ទ្រង់និងសេចក្តីសញ្ញារបស់យើង ។
សាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់អាចជាកន្លែងបង្កើតឲ្យមានសហគមន៍ស៊ីយ៉ូនមួយបាន ។ កាលយើងថ្វាយបង្គំ បម្រើ អររីករាយ និងរៀនពីសេចក្ដីស្រឡាញ់របស់ទ្រង់ជាមួយគ្នា នោះយើងជួយពង្រឹងគ្នាទៅវិញទៅមកនៅក្នុងដំណឹងល្អរបស់ទ្រង់ ។ យើងអាចមិនយល់ស្របគ្នាខាងនយោបាយ ឬអំពីបញ្ហាសង្គមនានា ប៉ុន្ដែយើងរកឃើញភាពសុខដុម កាលយើងច្រៀងជាមួយគ្នានៅក្នុងក្រុមចម្រៀងវួដ ។ យើងថែទាំទំនាក់ទំនងនោះ ហើយប្រឆាំងនឹងភាពឯកោ កាលយើងធ្វើការងារបម្រើជាទៀងទាត់ចេញពីដួងចិត្តយើងនៅក្នុងផ្ទះយើង និង ដល់អ្នកជិតខាង ។
អំឡុងពេលទៅសួរសុខទុក្ខសមាជិកជាមួយប្រធានស្ដេក ខ្ញុំទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគាត់សម្រាប់សមាជិកទាំងអស់ក្នុងគ្រប់ស្ថានភាព ។ ពេលយើងបើកឡានកាត់ផ្ទះសមាជិកក្នុងស្ដេករបស់គាត់ ប្រធានស្តេកម្នាក់បានប្រាប់ថា មិនថាយើងរស់នៅក្នុងផ្ទះដែលមានអាងហែលទឹក ឬផ្ទះខ្ទមនោះ ការបម្រើក្នុងសាសនាចក្រគឺជាអភ័យឯកសិទ្ធិមួយ ដែលជារឿយៗមាននូវការលះបង់ ។ ប៉ុន្តែគាត់កត់សម្គាល់ដោយវាងវៃថា ពេលយើងបម្រើ និងលះបង់ក្នុងដំណឹងល្អរួមគ្នា នោះយើងលែងសូវមើលឃើញពីកំហុសគ្នា ហើយសេចក្ដីសុខសាន្ដកើនឡើងកាន់តែខ្លាំង ។ នៅពេលយើងអនុញ្ញាត នោះព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យនិយាយដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅទីនេះ ។
នៅរដូវក្ដៅនេះ គ្រួសារយើងបានជួបនឹងសមាជិកសាសនាចក្រ និងមិត្តភក្ដិដ៏អស្ចារ្យជាច្រើននៅទីក្រុង ឡាហ្វបារ៉ាហ្វ និងអក់ស្វឺត ប្រទេសអង់គ្លេស ។ ការជួបជុំដ៏មានអត្ថន័យទាំងនេះបានរំឭកខ្ញុំពីរបៀបដែលសកម្មភាពសង្គម និងការបម្រើក្នុងវួដ អាចស្ថាបនាចំណងមិត្តភាពថ្មីៗ និងយូរអង្វែងក្នុងដំណឹងល្អ ។ ជួនកាលខ្ញុំបានមានអារម្មណ៍ថា នៅកន្លែងជាច្រើនក្នុងសាសនាចក្រ បើមានសកម្មភាពវួដមួយចំនួនបន្ថែមទៀតដែលបានគ្រោងទុក និងធ្វើតាមគោលបំណងនៃដំណឹងល្អ នោះវាអាចចងក្រងដួងចិត្តយើងរួមគ្នាឲ្យមានការរាប់អាន និងសាមគ្គីភាពកាន់តែខ្លាំងថែមទៀត ។
ប្រធាន និងគណៈកម្មការសកម្មភាពវួដដ៏បំផុសគំនិតមួយ ថែទាំដល់បុគ្គលទាំងឡាយ និងសហគមន៍ពួកបរិសុទ្ធ ។ សកម្មភាពដែលរៀបចំផែនការបានល្អរបស់ពួកគេ ជួយមនុស្សគ្រប់គ្នាឲ្យមានអារម្មណ៍ថា ពួកគេមានតម្លៃ មានគេរាប់អាន និងអញ្ជើញឲ្យមានចំណែកមួយដែលចាំបាច់ ។ សកម្មភាពបែបនោះបង្រួមគម្លាតអាយុ និងសាវតា បង្កើតឲ្យមានអនុស្សាវរីយ៍ដ៏យូរអង្វែង ហើយអាចធ្វើបានដោយចំណាយតិចតួច ឬគ្មានចំណាយទាល់តែសោះ ។ សកម្មភាពដំណឹងល្អដ៏រីករាយក៏អញ្ជើញឲ្យអ្នកជិតខាង និងមិត្តភក្ដិចូលរួមផងដែរ ។
ជាញឹកញាប់ ទំនាក់ទំនងសង្គម និងការបម្រើដើរព្រមគ្នា ។ យុវមជ្ឈិមវ័យដឹងថា ប្រសិនបើក្មួយពិតជាចង់ស្គាល់នរណាម្នាក់ នោះសូមលាបថ្នាំក្បែរគ្នានៅលើជណ្ដើរ នៅក្នុងគម្រោងបម្រើណាមួយ ។
ពិតណាស់ គ្មានបុគ្គលណាម្នាក់ គ្មានគ្រួសារណាមួយល្អឥតខ្ចោះនោះទេ ។ យើងទាំងអស់គ្នាត្រូវការជំនួយ ដើម្បីនិយាយដោយស្នេហ៍ឲ្យបានកាន់តែប្រសើរ ។ « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » ។៨ សេចក្ដីជំនឿ ការបម្រើ និងការលះបង់ទាញយើងឲ្យទៅហួសពីខ្លួនយើង ខិតកាន់តែជិតព្រះអង្គសង្គ្រោះរបស់យើង ។ កាលណាយើងមានការបម្រើ មានការលះបង់ និងមានចិត្តមេត្តា ស្មោះត្រង់ ហើយមិនគិតពីខ្លួនឯងនៅក្នុងទ្រង់កាន់តែខ្លាំង នោះយើងនឹងចាប់ផ្តើមយល់អំពីសេចក្ដីមេត្តាករុណា និងព្រះគុណដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់យើងកាន់តែខ្លាំងឡើង ។
ហើយការណ៍នោះនាំយើងទៅកាន់ភាសានៃដំណឹងល្អនៃម្ចាស់សេចក្ដីសញ្ញា ។
យើងរស់នៅក្នុងពិភពលោកមួយដែលផ្តោតតែលើខ្លួនឯង ។ ច្រើនខ្លាំងដែលនិយាយថា « ខ្ញុំរើសខ្លួនខ្ញុំ » ។ វាហាក់ដូចជាយើងជឿថា យើងស្គាល់ខ្លួនឯងច្បាស់ ចាប់អារម្មណ៍ពីខ្លួន ឯង និងរបៀបតស៊ូដើម្បីខ្លួនឯង ។
ប៉ុន្ដែនៅទីបំផុត វាមិនពិតនោះទេ ។ ព្រះយេស៊ូវគ្រីស្ទធ្វើជាគំរូនៃសេចក្ដីពិតដ៏មានអានុភាព និងមិនចេះហួសសម័យនេះថា ៖
« ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ។
« ដ្បិតបើមនុស្សណា [ ទាំងប្រុសទាំងស្រី ] នឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅប្តូវ ឲ្យបានព្រលឹងខ្លួនវិញ ? »៩
ព្រះយេស៊ូវគ្រីស្ទប្រទានផ្លូវដ៏ប្រសើរមួយ—ទំនាក់ទំនងដែលស្ថាបនាលើសេចក្ដីសញ្ញាដ៏ទេវភាពដែល រឹងមាំជាងចំណងនៃសេចក្ដីស្លាប់ ។ សេចក្ដីសញ្ញាជាមួយព្រះ និងជាមួយគ្នាទៅវិញទៅមក អាចព្យាបាល និងបន្សុទ្ធយើង និងទំនាក់ទំនងជាទីស្រឡាញ់បំផុតរបស់យើងបាន ។ នៅក្នុងសេចក្ដីពិត ទ្រង់ស្គាល់យើងច្បាស់ជាង ហើយស្រឡាញ់យើងខ្លាំងជាងយើងស្គាល់ ឬស្រឡាញ់ខ្លួនឯងទៅទៀត ។ នៅក្នុងសេចក្ដីពិត ពេលយើងធ្វើសេចក្ដីសញ្ញាទាំងអស់ដែលយើងមាន នោះយើងអាចប្រែក្លាយជាមនុស្សកាន់តែប្រសើរជាងយើងគិតទៅទៀត ។ ព្រះចេស្ដា និងព្រះបញ្ញាញាណរបស់ព្រះអាចប្រទានពរឲ្យយើងមានអំណោយទានដ៏ល្អទាំងអស់ ទៅតាមពេលវេលា និងរបៀបរបស់ទ្រង់ ។
បញ្ញា សប្បនិម្មិត( AI ) ដែលបង្កើតឡើងសម្រាប់ ជំហានដ៏អស្ចារ្យក្នុងការបកប្រែភាសា ។ ជាយូរមកហើយដែលកុំព្យូទ័រអាចបកប្រែឃ្លាគ្រាមភាសាដូចជា « វិញ្ញាណស្ម័គ្រចិត្ត ប៉ុន្ដែសាច់ឈាមទន់ខ្សោយ » ទៅជា « ស្រាល្អ ប៉ុន្ដែសាច់ខូច » ទៅវិញ ។ គួរឲ្យចាប់អារម្មណ៍ ព្រោះគំរូដ៏ច្រើនម្ដងហើយម្ដងទៀតនៃភាសាមួយ បង្រៀនកុំព្យូទ័រឲ្យចេះភាសាមួយកាន់តែច្បាស់ កាន់តែមានប្រសិទ្ធភាព ជាងការបង្រៀនកុំព្យូទ័រនោះឲ្យដឹងពីក្បួនវេយ្យាករណ៍ ។
ស្រដៀងគ្នាដែរ បទពិសោធន៍ផ្ទាល់ខ្លួន ដដែលៗរបស់យើង អាចក្លាយជារបៀបខាងវិញ្ញាណដ៏ល្អបំផុតរបស់យើង ដើម្បីរៀនភាសាដំណឹងល្អនៃភាពកក់ក្ដៅ និងគារវភាព ការបម្រើ និងការលះបង់ និងភាសាម្ចាស់នៃសេចក្ដីសញ្ញា ។
ដូច្នេះ តើព្រះយេស៊ូវគ្រីស្ទមានបន្ទូលទៅកាន់បងប្អូនដោយស្នេហ៍នៅកន្លែងណា និងតាមរបៀបណាខ្លះ ?
តើបងប្អូនស្ដាប់ឮបន្ទូលនៃក្តីស្នេហ៍របស់ទ្រង់នៅកន្លែងណា និងតាមរបៀបណាខ្លះ ?
សូមឲ្យយើងម្នាក់ៗរៀននិយាយ និងស្ដាប់ដោយស្នេហ៍របស់ទ្រង់នៅក្នុងដួងចិត្ត និងគេហដ្ឋានរបស់យើង និងនៅក្នុងការហៅ សកម្មភាព ការងារបម្រើ និងការបម្រើក្នុងដំណឹងល្អរបស់យើង ។
នៅក្នុងផែនការរបស់ព្រះ នៅថ្ងៃមួយ យើងម្នាក់ៗនឹងផ្លាស់ប្ដូរពីជីវិតនេះទៅកាន់ជីវិតបន្ទាប់ទៀត ។ នៅពេលយើងជួបព្រះអម្ចាស់ ខ្ញុំស្រមៃថា ទ្រង់មានបន្ទូលដោយពាក្យណែនាំ និងការសន្យាថា « យើងនិយាយដោយស្នេហ៍ » ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕