សញ្ញាសម្គាល់នៃសុភមង្គល
ការស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទវាចាំបាច់ចំពោះសុភមង្គលរបស់យើង ។
ពេលធ្វើដំណើរតាមយន្តហោះទៅបំពេញភារកិច្ចកាលពីច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអង្គុយជិតបុរសម្នាក់មកពីប្រទេសហូឡង់ ។ ខ្ញុំចង់ទៅនិយាយលេងនឹងគាត់ ព្រោះខ្ញុំបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសបែលហ្សិក និងហូឡង់ ។
ពេលយើងចាប់ផ្ដើមស្គាល់គ្នា គាត់បានឲ្យនាមប័ណ្ណមកខ្ញុំ ដោយមានងារពិសេសមួយគឺ « សាស្ត្រាចារ្យនៃសុភមង្គល » ។ ខ្ញុំបានសរសើរអំពីវិជ្ជាជីវៈដ៏អស្ចារ្យរបស់គាត់ ហើយបានសួរគាត់ថា តើសាស្ត្រាចារ្យនៃសុភមង្គលធ្វើអ្វីទៅ ? គាត់បាននិយាយថា ខ្ញុំបង្រៀនមនុស្សពីរបៀបទទួលបានសុភមង្គល ដោយការស្ថាបនាទំនាក់ទំនង និងគោលដៅដ៏មានអត្ថន័យ ។ ខ្ញុំបានឆ្លើយថា « នោះពិតជាអស្ចារ្យណាស់ ប៉ុន្តែចុះបើលោកអាចបង្រៀនទាំងរបៀបដែលទំនាក់ទំនងទាំងនោះអាចបន្តហួសពីសេចក្តីស្លាប់ ហើយឆ្លើយសំណួរផ្សេងទៀតនៃព្រលឹងដូចជា តើជីវិតនេះមានគោលបំណងអ្វី តើយើងអាចយកឈ្នះលើភាពទន់ខ្សោយរបស់យើងដោយរបៀបណា ហើយតើយើងទៅណាបន្ទាប់ពីយើងស្លាប់វិញនោះ ? » គាត់បានទទួលស្គាល់ថា វាពិតជាអស្ចារ្យណាស់ បើយើងមានចម្លើយចំពោះសំណួរទាំងនោះ ហើយខ្ញុំរីករាយក្នុងការចែកចាយជាមួយគាត់នូវអ្វីដែលយើងធ្វើ ។
ថ្ងៃនេះ ខ្ញុំចង់រំឭកឡើងវិញនូវគោលការណ៍សំខាន់ៗមួយចំនួនដើម្បីទទួលបានសុភមង្គលពិតប្រាកដ ដែលមនុស្សជាច្រើននៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះហាក់ដូចជាមិនរស់នៅតាមគោលការណ៍នេះឡើយ មានរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលមានសារៈសំខាន់ ។
អាលម៉ា បានបង្រៀនប្រជាជននៅសម័យរបស់លោកថា « ដ្បិតមើលចុះ ខ្ញុំសូមប្រាប់អ្នកថា នឹងមានការណ៍ជាច្រើនកើតឡើងក្នុងពេលអនាគត ហើយ មើលចុះ មានរឿងមួយដែលសំខាន់ជាងរឿងទាំងអស់—ដ្បិតមើលចុះ នៅពេលមិនយូរប៉ុន្មានទេ ព្រះដ៏ប្រោសលោះមានព្រះជន្មរស់នៅ ហើយនឹងយាងមកក្នុងចំណោមរាស្ត្រទ្រង់ » ។១
ការប្រកាសនេះគឺមានសារៈសំខាន់ដូចគ្នាចំពោះយើងសព្វថ្ងៃនេះ នៅពេលយើងទន្ទឹងចាំ និងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ !
ហេតុដូច្នោះហើយ ការសង្កេតដំបូងរបស់ខ្ញុំគឺជា ការស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទវាចាំបាច់ចំពោះសុភមង្គលរបស់យើង ។ នេះគឺជាគ្រឹះពិតប្រាកដ « ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។២ មិនថាមានអ្វីកើតឡើងនោះទេ ការធ្វើដូច្នោះរៀបចំយើងឲ្យតទល់នឹងបញ្ហាប្រឈមក្នុងជីវិត ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានទៅបោះជំរំកាយរឹទ្ធិនៅរដូវក្តៅមួយជាមួយកូនប្រុសយើង ចាស្ទីន ។ ខណៈដែលសកម្មភាពកំពុងដំណើរការ គាត់បាននិយាយយ៉ាងរីករាយថាគាត់ និងមិត្តគាត់ចង់បានស្លាកកាយរឹទ្ធិបាញ់ព្រួញ ។ ដើម្បីបានស្លាកនោះកាយរឹទ្ធិត្រូវតែប្រលងសំណេរខ្លីមួយឲ្យជាប់ និងបាញ់ព្រួញឲ្យត្រូវគោលដៅ ។
ខ្ញុំមានចិត្តបារម្ភជាខ្លាំង ។ នៅពេលនោះ ចាស្ទីន មិនសូវមានសុខភាពរឹងមាំទេ ព្រោះមានជំងឺដែលបំផ្លាញសួត និងផ្លូវរំលាយអាហាររបស់គាត់ ដែលគាត់បានពុះពារតាំងពីកំណើតមក ។ ខ្ញុំបានឆ្ងល់ថា តើគាត់អាចទាញធ្នូខ្លាំងល្មមនឹងបាញ់ព្រួញទៅចំគោលដៅឬអត់ ?
នៅពេលគាត់ និងមិត្តភក្តិចេញទៅរៀនថ្នាក់បាញ់ធ្នូ ខ្ញុំបានអធិស្ឋានដោយស្ងៀមស្ងាត់ថា សូមកុំឲ្យគាត់ខ្មាសគេដោយសារតែបទពិសោធន៍នោះឡើយ ។ រយៈពេលពីរបីម៉ោងដ៏អន្ទះសាក្រោយមក ខ្ញុំបានឃើញគាត់ដើរមករកខ្ញុំដោយទឹកមុខញញឹម ។ គាត់បានស្រែកថា « ប៉ា ! » ។ « កូនបានស្លាកកាយរឹទ្ធិហើយ ! កូនបានបាញ់ចំកណ្ដាល វាជិតគោលដៅកូនដែរ ប៉ុន្តែកូនបាញ់ចំចំណុចកណ្ដាល ! » គាត់បានប្រឹងទាញធ្នូអស់ពីកម្លាំង ហើយទុកឲ្យគ្រាប់ព្រួញនោះហោះ ទៅទាំងមិនអាចគ្រប់គ្រងគន្លងរបស់វាបាន ។ ខ្ញុំមានអំណរគុណណាស់ចំពោះគ្រូបង្រៀនថ្នាក់បាញ់ព្រួញនោះ ដែលគាត់មិនដែលនិយាយថា « សោកស្តាយណាស់ ខុសគោលដៅហើយនោះទេ ! » ផ្ទុយទៅវិញ ដោយការមើលឃើញពីដែនកំណត់របស់ ចាស្ទីន និងការខិតខំរបស់គាត់ គ្រូបានតបដោយទឹកចិត្តល្អថា « ល្អខ្លាំងណាស់ ! »
នោះក៏ដូចជាសម្រាប់យើងផងដែរ បើយើងខិតខំធ្វើតាមព្រះគ្រីស្ទ និងពួកព្យាការីរបស់ទ្រង់អស់ពីសមត្ថភាព មិនថាយើងមានដែនកំណត់យ៉ាងណានោះទេ ។ បើយើងមករកទ្រង់ ដោយការរក្សាសេចក្តីសញ្ញា និងការប្រែចិត្តពីអំពើបាបរបស់យើង នោះយើងនឹងរីករាយឮការសរសើររបស់ព្រះអង្គសង្រ្គោះថា « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ » ។៣
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនពីទេវភាពរបស់ព្រះអង្គសង្គ្រោះនៃពិភពលោក និងពីសេចក្តីស្រឡាញ់ និងអំណាចប្រោសលោះរបស់ទ្រង់ដើម្បីព្យាបាល ពង្រឹង និងលើកយើងឡើង នៅពេលយើងកំពុងខិតខំមករកទ្រង់យ៉ាងស្មោះត្រង់ ។ ផ្ទុយទៅវិញ គ្មានផ្លូវដែលយើងអាចធ្វើដំណើរជាមួយនឹងហ្វូងមនុស្ស ហើយក៏ដើរចូលទៅរកព្រះយេស៊ូវដែរនោះទេ ។ ព្រះអង្គសង្គ្រោះបានយកឈ្នះសេចក្តីស្លាប់ ជំងឺ និងអំពើបាប ហើយបានផ្តល់ផ្លូវសម្រាប់ភាពល្អឥតខ្ចោះនៅទីបញ្ចប់របស់យើង បើយើងនឹងធ្វើតាមទ្រង់ឲ្យអស់ពីចិត្ត ។៤
ការសង្កេតមើលទីពីររបស់ខ្ញុំគឺមានសារៈសំខាន់ចំពោះសុភមង្គលរបស់យើង ដែលយើងត្រូវចាំថា យើងជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។ ការដឹង និងការទុកចិត្តលើការពិតនេះ ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។
ប៉ុន្មានឆ្នាំមុន ពេលជិះយន្តហោះត្រឡប់មកផ្ទះពីការចាត់តាំងរបស់សាសនាចក្រ ស៊ីស្ទើរ សាប៊ីន និងខ្ញុំបានអង្គុយពីក្រោយបុរសមាឌធំម្នាក់ដែលសាក់មុខខឹងដ៏ធំនៅខាងក្រោយក្បាលទំពែករបស់គាត់ ហើយក៏មានលេខ ៤៣៩ ផងដែរ ។
នៅពេលយន្តហោះចុះចត ខ្ញុំបាននិយាយថា « អធ្យាស្រ័យលោក ។ តើលោកប្រកាន់ទេ បើខ្ញុំសូមសួរពីអត្ថន័យនៃលេខសាក់នៅខាងក្រោយក្បាលលោកនោះ ? » ខ្ញុំពុំហ៊ានសួរអំពីមុខខឹងនោះទេ ។
គាត់បានឆ្លើយថា « រូបនោះគឺតំណាងឲ្យខ្ញុំ ។ លេខនោះបង្ហាញថាខ្ញុំជានរណា ។ ខ្ញុំជាម្ចាស់ទឹកដីនោះ ៖ ២១៩ ! »
បួនរកសាមសិបប្រាំបួន គឺជាលេខពិតប្រាកដនៅលើក្បាលគាត់ ដូច្នេះខ្ញុំភ្ញាក់ផ្អើលដែលគាត់យល់ខុស ដោយសារវាមានសារៈសំខាន់សម្រាប់គាត់ ។
ខ្ញុំបានគិតថាតើវាគួរឲ្យសោកស្ដាយប៉ុណ្ណាដែលអត្តសញ្ញាណ និងការគោរពខ្លួនឯងរបស់បុរសម្នាក់នេះផ្អែកលើលេខដែលទាក់ទងនឹងទឹកដីរបស់ក្រុមក្មេងទំនើងទៅវិញ ។ ខ្ញុំបានគិតក្នុងចិត្តថា បុរសជើងខ្លាំងម្នាក់នេះ នៅគ្រាមួយធ្លាប់ជាក្មេងតូចរបស់នរណាម្នាក់ ដែលនៅតែត្រូវការដឹងថាខ្លួនមានតម្លៃ និងមានចំណែក ។ បើគាត់ដឹងថាគាត់ជានរណាពិតប្រាកដ ហើយគាត់ជារបស់ផងអង្គណាពិតប្រាកដនោះ ដ្បិតយើងទាំងអស់គ្នាត្រូវបាន « ចេញថ្លៃលោះ » ។៥
ឃ្លាមួយនៃបទចម្រៀងដ៏ឈ្លាសវៃចេញពីខ្សែភាពយន្តរឿង The Prince of Egypt ដែលសរសេរថា « មើលជីវិតរបស់អ្នក តាមរយៈកែវភ្នែកនៃស្ថានសួគ៌ » ។៦ នៅពេលដែលចំណេះដឹងនៃពូជពង្សដ៏ទេវភាពរបស់យើង និងសក្តានុពលដ៏អស់កល្បជានិច្ចបានជ្រាបចូលជ្រៅក្នុងព្រលឹងយើង នោះយើងនឹងអាចសម្លឹងមើលជីវិតថា ពោរពេញដោយគោលបំណង គឺជាការផ្សងព្រេងដែលមិនបានលាតត្រដាង ដើម្បីរៀន និងរីកចម្រើន សូម្បីតែ « យើងមើលឃើញតាមកញ្ចក់ស្រអាប់ »៧ក្នុងរយៈពេលខ្លីក្តី ។
សញ្ញាសម្គាល់ទីបីសម្រាប់សុភមង្គលគឺត្រូវចងចាំពីតម្លៃនៃព្រលឹងជានិច្ច ។ យើងធ្វើការណ៍នេះបានល្អប្រសើរបំផុត ដោយការធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះដែលបានដាស់តឿនថា « ឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។៨
ព្រះអម្ចាស់ក៏បានបង្រៀនដែរថា ៖ « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។៩
គម្ពីរសុភាសិតបានផ្ដល់ដំបូន្មានយ៉ាងឈ្លាសវៃថា « កាលណាឯងមានកម្លាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្តល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ » ។១០
យើងនឹងមិនដែលស្តាយក្រោយពីការធ្វើល្អពេកនោះទេ ។ នៅក្នុងព្រះនេត្ររបស់ព្រះ សេចក្តីសប្បុរសគឺមានន័យដូចនឹងភាពអស្ចារ្យ ។ ផ្នែកមួយនៃទឹកចិត្តល្អគឺការអត់ទោស និងមិនវិនិច្ឆ័យ ។
ជាច្រើនឆ្នាំមុន គ្រួសារវ័យក្មេងរបស់យើងបានទៅមើលកុនសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ យើងទាំងអស់គ្នាជិះឡានធំ លើកលែងតែកូនប្រុស និងភរិយារបស់ខ្ញុំ វ៉ាលឺរី ។ នៅខាងក្រៅមេឃងងឹតទៅហើយ នៅពេលកូនប្រុសយើងបើកទ្វារ រត់សំដៅទៅឡាន គាត់បានទាត់ចំអ្វីមួយដោយចៃដន្យដែលគាត់គិតថា ជាសត្វឆ្មាយើងនៅទីធ្លាមុខផ្ទះ ។ ជាអកុសលសម្រាប់កូនប្រុសយើង និងភរិយាខ្ញុំ សត្វដែលនៅពីក្រោយគាត់នោះ ពុំមែនជាសត្វឆ្មាទេ ប៉ុន្តែជាសត្វស្កាំងដែលវាខឹងសម្បាខ្លាំង វាយបកមកវិញ ! ពួកយើងបានត្រឡប់ចូលផ្ទះវិញ ដោយពួកគាត់ទាំងពីរបានងូតទឹក និងកក់សក់ជាមួយនឹងទឹកប៉េងប៉ោះ ដែលជា មធ្យោបាយ ដោះស្រាយដ៏ប្រាកដ ដើម្បីបំបាត់ក្លិនស្អុយរបស់សត្វស្កាំងនោះ ។ ពេលដែលពួកគេបានសម្អាតនិងផ្លាស់ប្តូរសម្លៀកបំពាក់រួចហើយ លែងធុំក្លិនស្អុយទៀតហើយ ដូច្នេះយើងសម្រេចចិត្តថាយើងអាចទៅមើលកុនបាន ។
ពេលយើងអង្គុយនៅកៅអីជួរក្រោយ មនុស្សម្នានៅជុំវិញយើងម្នាក់ៗក៏សម្រេចចិត្តចេញទៅទិញពោតលីងភ្លាម ។ នៅពេលពួកគេត្រឡប់មកវិញ ពួកគេមិនបានអង្គុយនៅកៅអីចាស់របស់ពួកគេទេ ។
យើងបានសើច ពេលយើងរំឭកពីបទពិសោធន៍នោះ ប៉ុន្តែចុះបើអំពើបាបទាំងអស់របស់យើងមានក្លិនវិញនោះ ? ចុះបើយើងអាចធុំក្លិនភាពមិនស្មោះត្រង់ តណ្ហា ច្រណែន ឬការឆ្មើងឆ្មៃនោះ ? បើភាពទន់ខ្សោយរបស់យើងបានបង្ហាញឲ្យឃើញ សង្ឃឹមថាយើងនឹងគិតគូរ និងប្រុងប្រយ័ត្នចំពោះអ្នកដទៃបន្តិច ហើយ ពួកគេក៏ធ្វើដូចគ្នាដូច្នេះដែរចំពោះយើង នៅពេលយើងធ្វើការផ្លាស់ប្តូរដែលត្រូវការនៅក្នុងជីវិតរបស់យើង ។ ខ្ញុំពិតជាចូលចិត្តក្លិនថ្នាំជក់នៅក្នុងព្រះវិហារ ព្រោះវាបង្ហាញថា មាននរណាម្នាក់កំពុងព្យាយាមផ្លាស់ប្តូរ ។ ពួកគេត្រូវការដៃស្វាគមន៍របស់យើងឱបពួកគេ ។
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ដំបូន្មានដ៏ឈ្លាសវៃថា « វិធីដ៏ងាយបំផុតមួយដើម្បីស្គាល់ អ្នកដើរតាមដ៏ពិត របស់ព្រះយេស៊ូវគ្រីស្ទគឺ មើលថាតើបុគ្គលនោះប្រព្រឹត្តចំពោះមនុស្សដទៃដោយចិត្តអាណិតអាសូរប៉ុនណា » ។១១
ប៉ុលបានសរសេរទៅកាន់ពួកអេភេសូរថា « ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ » ។១២
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវបានសុំឲ្យទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះរបស់យើងដោយពុំព្យាយាមផ្លាស់ប្តូរទ្រង់ទាំងទ្វេឡើយ ។ ព្រះយេស៊ូវគ្រីស្ទជ្រាបដឹងពីភាពមិនឥតខ្ចោះរបស់មនុស្សគ្រប់គ្នាយ៉ាងច្បាស់ ហើយនិងកាត់សេចក្តីពួកគេដោយឥតខ្ចោះ ។
សញ្ញាសម្គាល់សុភមង្គលទីបួនរបស់ខ្ញុំ គឺបន្ដមានទស្សនវិស័យដ៏អស់កល្បជានិច្ច ។ ផែនការរបស់ព្រះវរបិតាយើងលាតសន្ធឹងទៅកាន់ភាពអស់កល្បជានិច្ច វាងាយស្រួលក្នុងការផ្តោតពីបច្ចុប្បន្នកាល ហើយបំភ្លេចពីអនាគតកាល ។
ខ្ញុំរៀនមេរៀនប្រកបដោយអានុភាពនេះកាលពីប៉ុន្មានឆ្នាំមុនមកពី ជេនីហ្វឺ កូនស្រីអាយុ ១៦ ឆ្នាំរបស់យើង ។ នាងហៀបនឹងរប្តូរសួតទាំងពីរ ព្រោះក្លែបសួតមានជំងឺទាំងប្រាំរបស់នាងនឹងត្រូវយកចេញទាំងអស់ ហើយដាក់ក្លែបសួតតូចៗពីរដែលមានសុខភាពល្អជំនួសវិញ ដែលក្លែបសួតទាំងនេះបានបរិច្ចាគដោយមិត្តភក្តិចិត្តល្អដូចជាព្រះគ្រីស្ទដ៏អស្ចារ្យពីរនាក់ ។ ការផ្លាស់ប្តូរនេះគឺជានីតិវិធីដែលមានហានិភ័យខ្ពស់ ប៉ុន្តែនៅយប់មុនការវះកាត់ ជេនីហ្វឺ និយាយមកកាន់ខ្ញុំដោយអស់កម្លាំង ( ទម្ងន់៤១ គ.ក ) ថា « កុំបារម្ភអី ប៉ា ! ថ្ងៃស្អែកកូននឹងក្រោកពីដំណេកដោយមានសួតថ្មី ឬកូននឹងក្រោកពីដំណេកនៅកន្លែងល្អជាងនេះ ។ ក្រោកពីដំណេកមួយណាក៏ល្អទាំងអស់ » ។ នោះគឺជាជំនឿ ជាទស្សនវិស័យដ៏អស់កល្បជានិច្ចនោះ ! ការមើលឃើញជីវិតពីចំណុចល្អដ៏នៅអស់កល្បជានិច្ចផ្តល់នូវភាពច្បាស់លាស់ ការលួងលោម ភាពក្លាហាន និងក្តីសង្ឃឹម ។
បន្ទាប់ពីការវះកាត់ ថ្ងៃដែលទន្ទឹងចាំជាយូរបានមកដល់ដើម្បីដកបំពង់ដកដង្ហើមចេញ ហើយបិទបំពង់ខ្យល់ដែលជួយ ជេនីហ្វឺ ដកដង្ហើម យើងរង់ចាំដោយអន្ទះសាដើម្បីមើលថាតើក្លែបតូចៗទាំងពីររបស់នាងនឹងដំណើរការឬអត់ ។ នៅពេលដែលនាងដកដង្ហើមដំបូង នាងក៏យំភ្លាម ។ ដោយឃើញពីការព្រួយបារម្ភរបស់យើង នាងបាននិយាយភ្លាមថា « ដកដង្ហើមបានដោយខ្លួនឯងបែបនេះ វាស្រួលណាស់ » ។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានអរព្រះគុណដល់ព្រះវរបិតាសួគ៌ទាំងព្រឹកទាំងយប់ សម្រាប់សមត្ថភាពក្នុងការដកដង្ហើមរបស់ខ្ញុំ ។ យើងត្រូវបានហ៊ុមព័ទ្ធដោយពរជ័យរាប់មិនអស់ ដែលយើងអាចមិនដឹង បើយើងមិនបានគិតគូរ ។ ផ្ទុយទៅវិញ នៅពេលដែលគ្មានអ្វីត្រូវរំពឹងទុក ហើយអ្វីគ្រប់យ៉ាងចេះថ្លែងអំណរគុណ នោះជីវិតគឺវិសេសវិសាលណាស់ ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា ៖ « ជារៀងរាល់ព្រឹកគឺជាអំណោយទានមកពីព្រះ ។ សូម្បីតែខ្យល់ដែលយើងដកដង្ហើមគឺជាកម្ចីដ៏ពេញដោយក្តីស្រឡាញ់មកពីព្រះ ។ ទ្រង់ថែរក្សាយើងជារៀងរាល់ថ្ងៃ ហើយជួយយើងពីមួយគ្រាទៅមួយគ្រា ។ ហេតុដូច្នោះហើយ ទង្វើដ៏ថ្លៃថ្នូដំបូងរបស់យើងនៅពេលព្រឹក គួរតែជាការអធិស្ឋានការដឹងគុណដ៏រាបទាប » ។១៣
ការណ៍នោះបាននាំមកនូវការសង្កេតទីប្រាំ និងចុងក្រោយរបស់ខ្ញុំ យើងនឹងគ្មានអំណរទេ បើយើងមិនចេះដឹងគុណនោះ ។
ព្រះអម្ចាស់បានប្រកាសថា « ហើយអ្នកណាដែលទទួលគ្រប់ទាំងអស់ដោយអំណរគុណ នោះនឹងត្រូវបានធ្វើឲ្យរុងរឿង » ។១៤ ប្រហែលនេះមកពីការដឹងគុណផ្ដល់កំណើតដល់គុណធម៌ផ្សេងៗជាច្រើន ។
តើការយល់ដឹងរបស់យើងនឹងផ្លាស់ប្តូរយ៉ាងណា បើរាល់ព្រឹកយើងភ្ញាក់ពីដំណេកដោយមានតែពរជ័យដែលយើងបានមានអំណរគុណកាលពីយប់នោះ ។ ការមិនចេះថ្លែងអំណរគុណចំពោះពរជ័យរបស់យើងអាចនាំឲ្យមានអារម្មណ៍មិនចេះស្កប់ស្កល់ ដែលអាចប្លន់អំណរ និងសុភមង្គលយើង ដែលបានមកពីការដឹងគុណ ។ អ្នកដែលនៅក្នុងអគារដ៏ធំ និងទូលាយទាក់ទាញយើងឲ្យមើលហួសទីដៅ ដោយហេតុនេះហើយបានជាបាត់បង់អ្វីដែលសំខាន់បំផុត ។
ជាក់ស្តែង សុភមង្គល និងពរជ័យដ៏មហិមាបំផុតនៃជីវិតរមែងស្លាប់នឹងរកឃើញនៅក្នុងបុគ្គលដែលយើងបានប្រែក្លាយតាមរយៈព្រះគុណរបស់ព្រះ នៅពេលយើងធ្វើ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយទ្រង់ ។ ព្រះអង្គសង្គ្រោះរបស់យើងនឹងកែលម្អ និងបន្សុទ្ធយើងតាមរយៈគុណបុណ្យនៃការពលិកម្មដ៏ធួនរបស់ទ្រង់ រួចព្រះបន្ទូលអំពីអ្នកដែលធ្វើតាមទ្រង់ដោយស្ម័គ្រចិត្តថា « ពួកគេនឹងបានជារបស់យើង ក្នុងកាលយើងនឹងយាងមករើសគ្រឿងអលង្ការទាំងឡាយរបស់យើង » ។១៥
ខ្ញុំសន្យានឹងបងប្អូនថា បើយើងស្ថាបនាជីវិតយើងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ឲ្យតម្លៃអត្តសញ្ញាណដ៏ពិតរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ចងចាំតម្លៃនៃព្រលឹងនីមួយៗ រក្សាទស្សនៈវិស័យដ៏នៅអស់កល្បជានិច្ច ហើយមានអំណរគុណដោយដឹងគុណចំពោះពរជ័យជាច្រើនរបស់យើង ជាពិសេសការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យមករកទ្រង់ នោះយើងអាចស្វែងរកសុភមង្គលពិតដែលយើងស្វែងរកអំឡុងដំណើរផ្សងព្រេងក្នុងជីវិតរមែងស្លាប់នេះបាន ។ ជីវិតនឹងនៅតែមានបញ្ហា ប៉ុន្តែយើងនឹងអាចប្រឈមនឹងបញ្ហានីមួយៗបានយ៉ាងល្អដោយមានគោលបំណង និងភាពសុខសាន្ត ដោយសារសេចក្តីពិតដ៏អស់កល្បជានិច្ច ដែលយើងយល់ និងរស់នៅតាម ។
ខ្ញុំសូមថ្លែងជាសាក្សីដល់បងប្អូនអំពីសេចក្តីពិតនៃព្រះ ដែលជាព្រះវរបិតាពេញដោយក្តីស្រឡាញ់ និងពីព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ គឺព្រះយស៊ូវគ្រីស្ទរបស់យើង ។ ខ្ញុំក៏ថ្លែងទីបន្ទាល់អំពីព្យាការីដែលរស់នៅផងដែរ ថាជាអ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ឱ !វាជាពរជ័យណាស់ណា៎ដែលបានទទួលឱវាទពីស្ថានសួគ៌តាមរយៈពួកលោក ។ ដូចជាព្រះអង្គសង្រ្គោះបានមានព្រះបន្ទូលយ៉ាងច្បាស់ថា « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។១៦ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕