មេរៀនដ៏ទេវភាព នៃការធ្វើជាឪពុកម្តាយ
ឪពុកម្ដាយចូលរួមក្នុងភាពជាដៃគូជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេ ដើម្បីណែនាំកូនៗដ៏មានតម្លៃរបស់ពួកគេ ឲ្យត្រឡប់ទៅស្ថានសួគ៌វិញ ។
តើបងប្អូនធ្លាប់បីទារកនៅក្នុងដៃដែរឬទេ ? ទារកគ្រប់រូបបញ្ចេញនូវពន្លឺមួយដែលភ្ជាប់នូវសេចក្តីស្រឡាញ់ដ៏ពិសេស ដោយបំពេញដួងចិត្តឪពុកម្ដាយជាមួយសេចក្តីអំណរ ។១ អ្នកនិពន្ធជនជាតិម៉ិកស៊ិកម្នាក់បានសរសេរថា « ខ្ញុំបានដឹងថា នៅពេលទារក យកដៃដ៏តូចរបស់ខ្លួនច្របាច់ម្រាមដៃឪពុកគេជាលើកដំបូង នោះមានន័យថា គេបានកាន់ដៃឪពុកជារៀងរហូតហើយ » ។២
ការធ្វើជាឪពុកម្តាយគឺជាបទពិសោធន៍មួយដ៏អស្ចារ្យបំផុតមួយក្នុងជីវិត ។ ឪពុកម្ដាយចូលរួមក្នុងភាពជាដៃគូជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេ ដើម្បីណែនាំកូនៗដ៏មានតម្លៃរបស់ពួកគេ ឲ្យត្រឡប់ទៅស្ថានសួគ៌វិញ ។៣ ថ្ងៃនេះខ្ញុំសូមចែកចាយមេរៀនមួយចំនួននៃការធ្វើជាឪពុកម្ដាយដែលមាននៅក្នុងព្រះគម្ពីរ ហើយបានបង្រៀនដោយពួកព្យាការីនៅរស់ដើម្បីជួយយើងឲ្យបន្សល់ទុកនូវកេរដំណែលជាឪពុកម្ដាយរបស់យើង ។
ឡើងទៅកាន់ទីដ៏ខ្ពស់នៃវប្បធម៌ដំណឹងល្អ
យើងត្រូវតែឡើងទៅកាន់ទីដ៏ខ្ពស់នៃវប្បធម៌ដំណឹងល្អជាមួយក្រុមគ្រួសាររបស់យើង ។ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « ក្រុមគ្រួសារសមនឹងទទួលបានការណែនាំមកពីស្ថានសួគ៌ ។ ឪពុកម្តាយមិនអាចទូន្មានកូនបានគ្រប់គ្រាន់ដោយប្រើបទពិសោធន៍ផ្ទាល់ខ្លួន ការភ័យខ្លាច ឬការអាណិតអាសូរនោះទេ » ។៤
ទោះបីជាមាននូវវប្បធម៌ប្រពៃណី របៀបគ្រប់គ្រងកូន និងបទពិសោធន៍ផ្ទាល់ខ្លួន អាចសមក្នុងការចិញ្ចឹមកូនក៏ដោយ ក៏សមត្ថភាពទាំងនេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីជួយកូនៗឲ្យត្រឡប់ទៅស្ថានសួគ៌វិញបានដែរ ។ យើងត្រូវការចូលទៅកាន់កម្រិតខ្ពស់ជាងនេះ « បណ្តុំនៃគុណតម្លៃ និង … ការអនុវត្ត »៥ វប្បធម៌ប្រពៃណី ទាំងក្តីស្រឡាញ់ និងការរំពឹងទុកដែលយើងទាក់ទងជាមួយកូនៗរបស់យើង « នៅក្នុងរបៀបមួយដែលខ្ពស់ជាង និងបរិសុទ្ធជាង » ។៦ ប្រធាន ដាល្លិន អេក អូក បានរៀបរាប់ពីវប្បធម៌ដំណឹងល្អថាជា « វិធីជាក់លាក់មួយនៃជីវិតដែលជាបណ្តុំនៃគុណតម្លៃ និងការរំពឹងទុក ហើយអនុវត្ត ។ … វប្បធម៌ដំណឹងល្អ កើតមកពីផែនការនៃសេចក្ដីសង្គ្រោះ ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ និងការបង្រៀនរបស់…ពួកព្យាការីនៅរស់ ។ វប្បធម៌ដំណឹងល្អបានណែនាំយើងក្នុងរបៀបមួយ ដែលយើងនឹងចិញ្ចឹមបីបាច់គ្រួសាររបស់យើង និងរបៀបរស់នៅក្នុងជីវិតរបស់យើងម្នាក់ៗ » ។៧
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃវប្បធម៌ដំណឹងល្អនេះ ។ ការទទួលយកវប្បធម៌ដំណឹងល្អនៅក្នុងគ្រួសាររបស់យើង គឺសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសដ៏ប្រសើរមួយ ដែលគ្រាប់ពូជនៃសេចក្ដីជំនឿអាចរីកចម្រើនបាន ។ ដើម្បីឡើងទៅកាន់ទីដ៏ខ្ពស់ ប្រធាន អូក អញ្ជើញយើង « ឲ្យបោះបង់ចោលនូវប្រពៃណី ឬទំនៀមទម្លាប់ផ្ទាល់ខ្លួន ឬមកពីគ្រួសារនានា ឬការអនុវត្តទំាងឡាយណាដែលផ្ទុយពីការបង្រៀនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ។៨ ឪពុកម្តាយទាំងឡាយ ការអៀនខ្មាស់ក្នុងការបង្កើតឲ្យមានវប្បធម៌ដំណឹងល្អ អាចធ្វើឲ្យខ្មាំងសត្រូវបង្កើតបានទីតាំងមួយនៅក្នុងផ្ទះរបស់យើង ឬអាក្រក់ជាងនេះ វាបង្កើតនៅក្នុងដួងចិត្តរបស់កូនៗរបស់យើង ។
នៅពេលយើងជ្រើសរើសបង្កើតវប្បធម៌ដំណឹងល្អ ដែលជាវប្បធម៌ចម្បងនៅក្នុងគ្រួសាររបស់យើង ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ៩នោះ របៀបដែលយើងគ្រប់គ្រងកូន វប្បធម៌ប្រពៃណី និងការអនុវត្តបច្ចុប្បន្នរបស់យើង នឹងត្រូវ សម្រិតសម្រាំង ហើយធ្វើឲ្យប្រសើរឡើង ។
ធ្វើឲ្យគេហដ្ឋានក្លាយជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថាគេហដ្ឋានគួរតែជា « មជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ។១០ គោលបំណងនៃការរៀនសូត្រដំណឹងល្អគឺដើម្បី « ធ្វើឲ្យការប្រែចិត្តជឿរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅខ្លាំងឡើង ហើយជួយយើងឲ្យកាន់តែប្រែក្លាយដូចជាទ្រង់ទាំងទ្វេ » ។១១ សូមពិចារណាអំពីទំនួលខុសត្រូវនៃការធ្វើជាឪពុកម្តាយដ៏សំខាន់បីយ៉ាង ដែលបានរៀបរាប់ដោយពួកព្យាការី និងពួកសាវ័កដែលអាចជួយយើងឲ្យបង្កើតវប្បធម៌នៃដំណឹងល្អកាន់តែខ្ពស់ជាងនៅក្នុងគេហដ្ឋានរបស់យើង ។
ទីមួយ ៖ បង្រៀនដោយសេរី
ព្រះវរបិតាសួគ៌បានបង្រៀនអ័ដាមអំពីព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ ទ្រង់បានបង្រៀនលោកថា « ឲ្យបង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនៗ [ របស់លោក ] » ។១២ ឬនិយាយម្យ៉ាងទៀតថា ព្រះវរបិតាសួគ៌បានបង្រៀន អ័ដាមឲ្យបង្រៀនការណ៍ទាំងនេះដោយសេរី សប្បុរស និងដោយគ្មានការបង្ខិតបង្ខំឡើយ ។១៣ ព្រះគម្ពីរប្រាប់យើងថា « អ័ដាម និងនាងអេវ៉ាបានថ្វាយពរដល់ព្រះនាមនៃព្រះ ហើយពួកគេបានប្រាប់គ្រប់ការណ៍ទាំងអស់ដល់ពួកកូនប្រុសកូនស្រីរបស់គេ » ។១៤
យើងបង្រៀនកូនៗរបស់យើងដោយសប្បុរស នៅពេលយើងចំណាយពេលដ៏មានតម្លៃជាមួយពួកគេ ។ យើងបង្រៀនដោយគ្មានការបង្ខិតបង្ខំ នៅពេលពិភាក្សាអំពីប្រធានបទដែលដូចជា ពេលវេលាលើអេក្រង់ ដោយប្រើធនធានដែលសាសនាចក្របានផ្តល់ឲ្យ ។១៥ យើងបង្រៀនដោយសេរីនៅពេលយើងសិក្សាព្រះគម្ពីរជាមួយកូនៗរបស់យើង ដោយប្រើសៀវភៅ ចូរមកតាមខ្ញុំ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណធ្វើជាគ្រូបង្រៀន ។
ទីពីរ ៖ គំរូនៃភាពជាសិស្ស
នៅក្នុងគម្ពីរយ៉ូហានយើងបានអានថា នៅពេលដែលពួកសាសន៍យូដាជាច្រើនបានសួរព្រះអង្គសង្គ្រោះអំពីការប្រព្រឹត្តរបស់ទ្រង់ នោះព្រះយេស៊ូវបានបង្វែរការយកចិត្តទុកដាក់ទៅលើគំរូរបស់ទ្រង់ ព្រះវរបិតារបស់ទ្រង់ ។ ទ្រង់បានបង្រៀន ៖ « ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ។ »១៦ ឪពុកម្តាយទាំងឡាយ តើយើងត្រូវធ្វើជាគំរូអ្វីខ្លះដល់កូនៗរបស់យើង ? ភាពជាសិស្ស
ក្នុងនាមជាឪពុកម្ដាយ យើងអាចបង្រៀនអំពីសារៈសំខាន់នៃការដាក់ព្រះជាមុន នៅពេលយើងពិភាក្សាអំពីបញ្ញត្តិទីមួយ ប៉ុន្តែយើងធ្វើជាគំរូនៅពេលយើងទុកការរំខាននៃលោកិយមួយអន្លើរ ហើយរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធជារៀងរាល់សប្ដាហ៍ ។ យើងអាចបង្រៀនអំពីសារៈសំខាន់ពីសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ នៅពេលយើងនិយាយអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍សេឡេស្ទាល ប៉ុន្តែយើងធ្វើគំរូនៅពេលយើងគោរពសេចក្ដីសញ្ញារបស់យើងដោយប្រព្រឹត្តចំពោះស្វាមី ឬភិរិយារបស់យើងដោយសេចក្ដីថ្លៃថ្នូរ ។
ទីបី ៖ អញ្ជើញឲ្យអនុវត្ត
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគួរតែជាចំណុចនៃទីបន្ទាល់របស់កូនៗយើង ហើយទីបន្ទាល់ទាំងនេះត្រូវតែមានដល់កូនម្នាក់ៗតាមរយៈវិវរណៈរៀងៗខ្លួន ។១៧ ដើម្បីជួយដល់កូនៗរបស់យើងក្នុងការស្ថាបនាទីបន្ទាល់របស់ពួកគេ យើងលើកទឹកចិត្តពួកគេឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីជ្រើសរើសអ្វីដែលត្រឹមត្រូវ១៨ ហើយរៀបចំពួកគេពេញមួយជីវិតនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះ ។១៩
វាជាការល្អក្នុងការលើកទឹកចិត្តកូនៗរបស់យើងម្នាក់ៗឲ្យទទួលយកការអញ្ជើញរបស់ប្រធាន ណិលសុនឲ្យទទួលខុសត្រូវលើទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ —ស្វែងរកវា ចិញ្ចឹមបីបាច់វាដើម្បីឲ្យវារីកចម្រើន ដើម្បីឲ្យវាមានសេចក្ដីពិតហើយកុំបំពុលវាដោយទស្សនវិជ្ជាមិនពិតរបស់អ្នកដែលមិនជឿឡើយ ។២០
ការចិញ្ចឹមកូន ដោយចេតនា សុចរិត
បំណងប្រាថ្នាដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌របស់យើង ក្នុងនាមជា ឪពុក ឬម្ដាយត្រូវបានបង្ហាញនៅក្នុងវិវរណៈមួយដែលបានផ្ដល់ឲ្យទៅម៉ូសេថា ៖ « ត្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។២១ ប្រធាន ណិលសុន បានបន្ថែមថា « ព្រះនឹងធ្វើអ្វីៗដែលទ្រង់អាចធ្វើទៅបាន ហាក់ដូចជាបំពានលើសិទ្ធជ្រើសរើសរបស់បងប្អូន ដើម្បីជួយបងប្អូនកុំឲ្យបាត់បង់ឱកាសទទួលពរជ័យដ៏មហិមាបំផុតក្នុងភាពអស់កល្បជានិច្ច » ។២២
ក្នុងនាមជាឪពុកម្តាយ យើងជាភ្នាក់ងាររបស់ព្រះក្នុងការថែរក្សាកូនៗរបស់យើង ។២៣ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតបរិយាកាសមួយដែលកូនៗរបស់យើងអាចមានអារម្មណ៍ពីព្រះចេស្តាដ៏ទេវភាពរបស់ទ្រង់ ។
ព្រះវរបិតាសួគ៌មិនមានព្រះទ័យឲ្យយើងជាឪពុកម្តាយអង្គុយនៅម្ខាង ធ្វើជាអ្នកចាំមើលថា កូនយើងមានជីវិតខាងវិញ្ញាណកើតឡើងដែរឬទេ ។ ខ្ញុំសូមបង្ហាញពីគំនិតនៃការចិញ្ចឹមកូន ដោយការតាំងចិត្តជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនមួយ ។ នៅពេលខ្ញុំចូលរួមនៅអង្គការបឋមសិក្សានៅក្នុងសាខាតូចមួយនៅ ក្វាតេម៉ាឡា ឪពុកម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមបង្រៀនខ្ញុំអំពីសារៈសំខាន់នៃពររបស់លោកអយ្យកោ ។ ម្តាយខ្ញុំបានចំណាយពេលដើម្បីចែកចាយបទពិសោធន៍របស់គាត់ អំពីការទទួលបានពររបស់លោកអយ្យកោដ៏មានតម្លៃ ។ គាត់បានបង្រៀនខ្ញុំពីគោលលទ្ធិដែលទាក់ទងនឹងពររបស់លោកអយ្យកោ ហើយគាត់បានធ្វើជាសាក្សីអំពីពរជ័យដែលបានសន្យាទាំងនោះ ។ ការចិញ្ចឹមកូនដោយការតំាងចិត្តរបស់គាត់បានបំផុសគំនិតខ្ញុំ ឲ្យមានបំណងចង់ទទួលបានពររបស់លោកអយ្យកោរបស់ខ្ញុំ ។
ពេលខ្ញុំអាយុ ១២ ឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំបានជួយខ្ញុំឲ្យស្វែងរកលោកអយ្យកោ ។ ការស្វែងរកគឺចាំបាច់ណាស់ដោយសារតែគ្មានលោកអយ្យកោនៅក្នុងតំបន់ដែលយើងរស់នៅទេ ។ ខ្ញុំបានធ្វើដំណើរទៅរកលោកអយ្យកោម្នាក់ដែលនៅក្នុងស្តេកមួយ ដែលមានចម្ងាយ ១៥៦គីឡូម៉ែត្រ ( ៩៧ ម៉ែល ) ។ ខ្ញុំចាំយ៉ាងច្បាស់ពីពេលដែលលោកអយ្យកោ បានដាក់ដៃលើក្បាលខ្ញុំដើម្បីប្រទានពរដល់ខ្ញុំ ។ ខ្ញុំបានដឹងដោយការបញ្ជាក់ខាងវិញ្ញាណដ៏មានព្រះចេស្តា ដោយគ្មានការសង្ស័យ ថាព្រះវរបិតាសួគ៌របស់ខ្ញុំបានស្គាល់ខ្ញុំ ។
សម្រាប់ក្មេងប្រុសអាយុ ១២ ឆ្នាំ មកពីក្រុងតូចមួយនោះ រឿងនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ។ ចិត្តខ្ញុំបែរទៅរកព្រះវរបិតាសួគ៌របស់ខ្ញុំនៅថ្ងៃនោះ ដោយសារការចិញ្ចឹមកូនដោយការតំាងចិត្តរបស់ម្ដាយ និងឪពុកខ្ញុំ ហើយខ្ញុំនឹងដឹងគុណជារៀងរហូតចំពោះពួកគាត់ ។
ស៊ីស្ទើរ ចយ ឌី ចូនស៍ អតីតប្រធានអង្គការបឋមសិក្សាទូទៅ បានបង្រៀន ៖ « យើងមិនអាចរង់ចាំឲ្យការប្រែចិត្តជឿកើតឡើងឯកឯងចំពោះកូនៗរបស់យើងនោះទេ ។ ការប្រែចិត្តជឿដោយចៃដន្យ គឺមិនមែនជាគោលការណ៍នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ » ។២៤ សេចក្ដីស្រឡាញ់ និងការអញ្ជើញដ៏បំផុសគំនិតរបស់យើងអាចធ្វើឲ្យមានភាពខុសគ្នា អំពីរបៀបដែលកូនៗរបស់យើងប្រើសិទ្ធជ្រើសរើសរបស់ពួកគេ ។ ប្រធាន ណិលសុន បានបញ្ជាក់ថា « គ្មានកិច្ចការណាផ្សេងទៀតដែលអស្ចារ្យជាងការចិញ្ចឹមកូនដោយចេតនាសុចរិតឡើយ ! »២៥
សេចក្ដីបញ្ចប់
ឪពុកម្តាយទាំងឡាយ ពិភពលោកនេះពេញទៅដោយទស្សនវិជ្ជា វប្បធម៌ និងគំនិតដែលប្រកួតប្រជែងគ្នា ដើម្បីទាញយកចំណាប់អារម្មណ៍របស់កូនៗយើង ។ អគារដ៏ធំហើយទូលាយបានផ្សព្វផ្សាយពីសមាជិកភាពរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នបំផុត ។ ព្យាការី មរ៉ូណៃ បានបង្រៀនថា « ប៉ុន្តែដោយអំណោយទាននៃព្រះរាជបុត្រារបស់ទ្រង់ នោះព្រះទ្រង់បានរៀបចំផ្លូវមួយដ៏ប្រសើរលើសលែងទៅទៀត » ។២៦
ពេលយើងធ្វើជាដៃគូជាមួយព្រះតាមរយៈសេចក្ដីសញ្ញា ហើយក្លាយជាភ្នាក់ងាររបស់ទ្រង់ក្នុងការថែរក្សាកូនៗរបស់យើង នោះទ្រង់នឹងញែកការតាំងចិត្តរបស់យើងចេញជាបរិសុទ្ធ បំផុសគំនិតដល់ការបង្រៀនរបស់យើង និងធ្វើឲ្យការអញ្ជើញរបស់យើងទាក់ទាញដើម្បីឲ្យ « កូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។២៧ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕