សន្និសីទទូទៅ
ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


12:36

ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន

ផែនការ​នៃ​សុភមង្គល​របស់​ព្រះ គឺ​សម្រាប់​បងប្អូន​ទាំងអស់​គ្នា ។ បងប្អូន​គឺ​ជា​បុត្រ​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ហើយ​មាន​តម្លៃ​មហិមា ។

ប្រាំ​មួយ​ឆ្នាំ​កន្លង​ទៅ​គ្រួសារ​យើង​បាន​ធ្វើ​ដំណើរ​នា​ពេល​យប់ នៅ​ក្រៅ​ក្រុង​Oxford បន្ដិច ។ ជា​ញឹក​ញាប់ ពេល​មាន​កុមារ​តូចៗ យើង​ត្រូវ​រក​កន្លែង​ឈប់ ដើម្បី​រក​កន្លែង​ដែល​មាន​ហាង និង​ភោជនីយដ្ឋាន​ផ្សេងៗ ។ ច្បាស់ណាស់ យើង​បាន​ចូល​ឡាន ទៅ​មើល​កន្លែង​នោះ ហើយ​ក៏​ចេញ​ឡាន​មកវិញ បន្ដ​ដំណើរ​របស់​យើង​ទៅ​ទៀត ។

ដប់​ប្រាំ​នាទី​ក្រោយ​មក កូនប្រុស​ច្បង​របស់​យើង​បាន​សួរ​សំណួរ​សំខាន់​មួយ​ថា ៖ « ចាសស្ពើរ នៅឯណា ? » ចាសស្ពើរ អង្គុយ​ម្នាក់​ឯង​នៅ​កៅអី​ក្រោយ​គេ ។ យើង​ស្មាន​ថា​គាត់​បាន​ដេកលក់ ឬ​ពួន ឬ​លេង​ល្បិច​អី​ដាក់​យើង ។

នៅពេល​បងប្រុស​គាត់​រក​មើល​នៅ​កៅអី​ខាង​ក្រោយ​ឲ្យ​ច្បាស់ យើង​ដឹង​ថា​កូនប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​យើង មិន​នៅក្នុង​ឡាន​ទេ ។ ពួកយើង​ធ្លាក់​ថ្លើម​ក្ដុក ។ នៅ​ពេល​យើង​បក​ទៅ​កន្លែង​សេវាកម្ម​នោះ​វិញ ពួក​យើង​សូម​អង្វរ​ដល់​ព្រះវរបិតា​ឲ្យ​ថែរក្សា ចាសស្ពើរ ឲ្យ​មាន​សុវត្ថិភាព ។ ពួក​យើង​បាន​ទូរសព្ទ​ទៅ​ប៉ូលីស ហើយ​បាន​ផ្ដល់​ដំណឹង​ដល់​ពួកគេ​អំពី​ហេតុការណ៍ ។

នៅពេល​ពួកយើង​បាន​ទៅដល់​ទាំង​អន្ទះសារ រយៈពេល ៤០ នាទី​ក្រោយមក យើង​បានឃើញ​ឡាន​ប៉ូលីស​ពីរ​គ្រឿង​ចត​នៅ សួន បើក​ភ្លើង​ស៊ីញ៉ូ ។ ចាសស្ពើរ ជិះនៅ​ក្នុង​ឡាន កំពុង​លេង​ប៊ូតុង ។ ខ្ញុំ​ចាំ​មិនភ្លេច​ពី​អារម្មណ៍​អំណរ ដែល​ពួក​យើង​បាន​ទៅ​ជួបជុំ​នឹង​គាត់​វិញ ។

ការ​បង្រៀន​ប្រៀបធៀប​ជា​ច្រើន​របស់​ព្រះអង្គសង្គ្រោះ ផ្ដោត​ទៅលើ​ការ​ប្រមូលផ្ដុំ ការ​ស្ដារឡើងវិញ ឬ​ការ​ព្យាយាម​ស្វែងរក​អ្វី​ដែល​បាន​ខ្ចាត់ព្រាត់ ឬ​បាត់បង់ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀនពាក្យ​ប្រៀបប្រដូច​អំពី​ចៀម​ដែល​វង្វេង​បាត់ កាក់​ដែល​បាត់ និង​កូន​ដែល​ខ្ជះខ្ជាយ ។.

ដូច​ដែល​ហេតុការណ៍​ជាមួយ​នឹង ចាសស្ពើរ នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​នឹក​គិត​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព និង​សារៈសំខាន់​នៃ​កូនចៅ​របស់​ព្រះ ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតាសួគ៌ ដែល​ទ្រង់​ស្គាល់​បងប្អូន និងខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ចង់ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត​ទាំងនេះ នាថ្ងៃនេះ ។

I. បុត្រ​នៃ​ព្រះ

ជីវិត​តែង​មាន​ឧបសគ្គ ។ មនុស្ស​ជាច្រើន​មាន​អារម្មណ៍​លើសលប់ ឯកា ឯកោ ឬនឿយហត់ ។ នៅពេល​រឿងរ៉ាវ​មាន​ការលំបាក យើង​អាច​មាន​អារម្មណ៍​ថា យើង​ដើរ​វង្វេង ឬ​ធ្លាក់ចុះ ។ ដោយ​ដឹង​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​កូន​របស់​ព្រះ និង​ជា​សមាជិក​នៃ​គ្រួសារ​អស់កល្ប​របស់​ទ្រង់ វា​នឹង​ជួយ​ស្ដារ​អារម្មណ៍​នៃ​ភាព​មានចំណែក និង​គោលបំណង​ឡើងវិញ ។

ប្រធាន អិម. រ័សុល បាឡឺត បាន​ចែកចាយ​ថា ៖ « មាន​អត្តសញ្ញាណ​ដ៏​សំខាន់​មួយ ដែល​យើង​ទាំងអស់​គ្នា​មាន​ក្នុង​ពេលនេះ និង​ជា​រៀងរហូត ។… នោះគឺថា បងប្អូន គឺជា ហើយ​នឹង​ជា​បុត្រា ឬបុត្រី​របស់​ព្រះ​ជានិច្ច ។ ការយល់ដឹង​ពី​សេចក្ដីពិត​នេះ —— ពេល​យល់​ដឹង​ពិត ហើយ​ឱបក្រសោប​យក​វា — នោះ​វា​គឺជា​ការផ្លាស់ប្តូរ​ជីវិត ។

សូម​កុំ​​យល់​ខុស ឬ​គិត​ថា​បងប្អូន​ពុំ​សំខាន់​ចំពោះ​ព្រះវរបិតា​សួគ៌​នោះ​ឡើយ ។ បងប្អូន​ពុំមែន​ជា​ផល​ពី​ធម្មជាតិ​ដែល​កើតមក​ដោយ​ចៃដន្យ ឬជប់​ចេញ​មក ឬ​កើត​មក​ពី​ពេលវេលា​រួមផ្សំ​នឹង​ឱកាស​នោះ​ទេ ។ កន្លែង​ណា​មាន​ការតុបតែង ទីនោះ​មាន​អ្នកតុបតែង ។

ជីវិត​របស់​បងប្អូន មាន​អត្ថន័យ និង​គោលបំណង ។ ការ​ស្ដារឡើងវិញ​ជា​បន្ដបន្ទាប់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ នាំ​ពន្លឺ និង​ការ​យល់ដឹង​ទាក់ទង​ទៅនឹង​អត្តសញ្ញាណ​ដ៏​ទេវភាព របស់​បងប្អូន ។ បងប្អូន គឺ ជាបុត្រ សំណព្វ របស់ព្រះវរបិតាសួគ៌ ។ បងប្អូន​គឺជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ដំណើរឿង​ប្រៀបធៀប និង​ការ​បង្រៀន​ទាំងអស់​នោះ ។ ព្រះ​ស្រឡាញ់​បងប្អូន​យ៉ាង​ខ្លាំង ដែល​ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​របស់​ទ្រង់​មក​ព្យាបាល សង្គ្រោះ និងប្រោសលោះ​បងប្អូន ។

ព្រះយេស៊ូវគ្រីស្ទ បាន​ទទួល​ស្គាល់​ធម្មជាតិ​ដ៏​ទេវភាព និង​តម្លៃ​ដ៏​អស់កល្ប​នៃ​មនុស្ស​ម្នាក់ៗ ។ ទ្រង់​បាន​ពន្យល់​អំពី​របៀប​ដែល​បទបញ្ញត្តិ​ធំ​ពីរ ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង គឺជា​គ្រឹះ​នៃ​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។ ទំនួល​ខុសត្រូវ​ដ៏​ទេវភាព មួយ​របស់​យើង គឺ​មើលថែ​ដល់​អ្នកខ្វះខាត ។ នេះ​ជា​មូលហេតុ​ដែល​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ពួក​យើង « រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក … ទួញយំ​ជាមួយ​អស់​អ្នកណា​ដែល​ទួញយំ… ហើយ​លួងលោម​ចិត្ត​ដល់​អស់​អ្នកណា​ដែល​ត្រូវការ​ការលួងលោម​ចិត្ត » ។

សាសនា គឺ​ពុំ​មែន​គ្រាន់​តែ​អំពី​ទំនាក់ទំនង​របស់​យើង​នឹង​ព្រះ​ប៉ុណ្ណោះទេ វា​ក៏​ជា​ទំនាក់ទំនង​របស់​យើង​ជា​មួយ​គ្នា​នឹង​គ្នា​ផងដែរ ។ អែលឌើរ ជែហ្វ្រី អរ ហូឡិន បានពន្យល់ថា ភាសាអង់គ្លេស ពាក្យថា សាសនាកើតចេញ​មកពី​ភាសា​ឡាតាំង religareដែលមានន័យថា « ឲ្យចង » ឬ ពាក្យ​កាន់តែ​ចំ​គឺថា « ឲ្យចងជាថ្មី » ។ ដូច្នេះ « សាសនាពិត [ គឺជា ]​ចំណង​ដែល​ចង​យើង​ទៅនឹង​ព្រះ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក » ។

របៀប​ដែល​យើង​ប្រព្រឹត្ត​នឹង​គ្នា គឺ​ពិតជា​សំខាន់​ណាស់ ។ ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ថា « សារ​របស់​ព្រះអង្គសង្គ្រោះ​ច្បាស់លាស់ ៖ ពួក​សិស្ស​របស់​ទ្រង់​[ ពិត ] ជួយ​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត បញ្ចុះបញ្ចូល និង​បំផុសគំនិត » ។១០ ការណ៍នេះ​គឺ​កាន់តែ​សំខាន់ នៅពេល​អ្នកធ្វើ​ដំណើរ​ដែល​ជា​បងប្អូន​យើង មានអារម្មណ៍​ថា​ពួកគាត់​វង្វេង ឯកោ បំភ្លេច ឬ​ដក​ខ្លួនចេញ ។

យើង​ពុំ​ចាំបាច់​ត្រូវ​មើល​ឆ្ងាយ​ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​បញ្ហា​នោះទេ ។ យើង​អាច​ចាប់​ផ្ដើម​ដោយ​ការ​ជួយ​នរណា​ម្នាក់​នៅ​ក្នុង​គ្រួសារ ក្រុមជំនុំ ឬ​សហគមន៍​មូលដ្ឋាន​របស់​យើង​ផ្ទាល់ ។ យើង​ក៏​អាច​ព្យាយាម​ជួយ​សង្គ្រោះ​ដល់​ការរងទុក្ខ​របស់​មនុស្ស ៧០០ លាននាក់​ដែល​កំពុង​រស់នៅ​យ៉ាង​ក្រីក្រ ហើយ ១១ឬ ១០០ លាននាក់ ដែល​ត្រូវ​បង្ខំ​ឲ្យ​ចំណាក​ស្រុក ដោយសារ​តែ ការបៀតបៀន ជម្លោះ និងអំពើហឹង្សា លើ​អត្ថសញ្ញាណ ។១២ ព្រះយេស៊ូវគ្រីស្ទ គឺជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការមើលថែ​ដល់​អ្នកទាំងឡាយ​ដែល​ខ្វះខាត — អ្នកស្រេកឃ្លាន មនុស្សចម្លែក អ្នកឈឺ អ្នកក្រីក្រ និងអ្នកជាប់ឃុំឃាំង ។ កិច្ចការ​របស់​ទ្រង់ គឺជា​កិច្ចការ​របស់​យើង ។

អែលឌើរ ហ្គែរីត ដបុលយូ ហ្គង បង្រៀនថា « ជាញឹកញាប់ ដំណើរ​ត្រឡប់​ទៅ​ព្រះ​វិញ​របស់​យើង​គឺស្ថិតនៅ​លើ​សាមគ្គីភាព » ។ ១៣ ដូច្នោះ វួដ​របស់​យើង គួរតែ​ជា​ជម្រក​មួយ​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំងអស់ ។ តើ​យើង​ចូលរួម​ព្រះវិហារ​ដោយ​អកម្ម ឬ​ទៅ​ចូលរួម​បង្កើត​ជា​សហគមន៍​ដែល​មាន​គោលបំណង​ថ្វាយបង្គំ ចងចាំ​ព្រះគ្រីស្ទ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សកម្ម ? ១៤ យើង​អាច​ប្រុង​ស្ដាប់​តាម​ដំបូន្មាន​របស់​ប្រធាន ណិលសុន ថា ឲ្យ​វិនិច្ឆ័យ​តិច ស្រឡាញ់​ច្រើន ហើយ​ផ្ដល់​ក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង ។ ១៥

II. អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការបង្ហាញ​ក្ដីស្រឡាញ់​ដ៏​ឧត្ដុង្គឧត្តម​របស់​ព្រះវរបិតាសួគ៌​យើង​ចំពោះ​កូនចៅ របស់​ទ្រង់ ។ ១៦ ពាក្យ ដង្វាយធួន ពិពណ៌នា​អំពី​ការនាំ « មក​ជា​តែ​មួយ » នៃ​អ្នក​ដែល​បាន​ឃ្លាត​ចេញ ឬ​បែកខ្ញែក ។

បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ​យើង គឺ​ដើម្បី​ផ្ដល់​ជា​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ការ​សង្គ្រោះ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរនោះ ។ ព្រះអង្គសង្គ្រោះ​ស្គាល់​តាម​បទពិសោធន៍​ទ្រង់​ផ្ទាល់​អំពី​របៀប​ដើម្បី​គាំទ្រ​យើង​ឆ្លងកាត់​ឧបសគ្គ​នានា​ក្នុង​ជីវិត ។១៧ ច្បាស់ណាស់ ព្រះគ្រីស្ទ​គឺជា​អង្គសង្គ្រោះ និង​ជា​អង្គព្យាបាល​ព្រលឹង​យើង ។

នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ទ្រង់​ជួយ​យើង​បន្ដ​ឆ្ពោះ​ទៅ​មុខ​ឆ្លងកាត់​ការ​លំបាក ។ ទ្រង់​បន្ដ​ផ្ដល់​សេចក្ដីស្រឡាញ់ និង​ការ​អញ្ជើញ​ប្រកបដោយ​ក្ដី​មេត្តា​ករុណា​របស់ទ្រង់ ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ … នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។ ១៨

ពាក្យ​ប្រៀប​ធៀប​នៃ​ពាក្យ​នឹម គឺមាន​អនុភាព ណាស់ ។ ដូច ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន ពន្យល់ ថា ៖ « នឹម គឺជា​ឧបករណ៍​មួយ ដែល​អនុញ្ញាត​ឲ្យ ‘ កម្លាំង ’ នៃ​សត្វ​ទីពីរ​ត្រូវបាន​ភ្ជាប់ ហើយ ផ្គួប កម្លាំង​គ្នា​នឹង​សត្វ​មួយ​ទៀត​ដោយ​ចែក​រំលែក និង​សម្រាល​បន្ទុក​ធ្ងន់​ដែល​មាន​ក្នុង​ដៃ ។ បន្ទុក​មួយ​ដែល​មនុស្ស​ម្នាក់​ថា​លើសលប់ ឬ​មិន​អាច​រែក​ពន់​បាន វា​នឹង​អាច​រែក ហើយ​សម្រាល​ទៅ​បាន នៅពេល​ដែល​មនុស្ស​ពីរនាក់​ចូលនឹម​រែក​រួមគ្នា​នោះ ។ ១៩

ប្រធាន ណិលសុន បាន​បង្រៀន ៖ « បងប្អូន​មករក​ព្រះគ្រីស្ទ​ដើម្បី​បាន​ទឹម​ជាមួយ​នឹង​ទ្រង់ និង​ជាមួយ​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​កុំឲ្យ​បងប្អូន​ទាញ​បន្ទុក​ជីវិត​តែម្នាក់​ឯង ។ បងប្អូន​កំពុង​អូសទាញ​បន្ទុក​ជីវិត​ដោយ​ទឹម​នឹង​ជាមួយ​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក » ។២០

តើ​យើង​ទឹម ឬ​ចងខ្លួន​យើង​ភ្ជាប់​ទៅ​នឹង​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់ ៖

« ការចុះ និង​ការរក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ គឺជា​ការទឹម​យើង​ជាមួយ​នឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ការ​ពិត ព្រះអង្គសង្គ្រោះ​កំពុង​ដាស់តឿន​យើង​ឲ្យ​ពឹងផ្អែក និង​ទាញ​រួមគ្នា​ជាមួយ​នឹង​ទ្រង់ » ។ …

« យើង​ពុំ​នៅ ហើយ​នឹង​ពុំ​ដែល​នៅ​ឯកោ​ឡើយ » ។ ២១

ចំពោះ​អ្នក​ណា​ដែល​មាន​បន្ទុក វង្វេង ភាន់​ច្រឡំ ៖ បងប្អូន​ពុំ​ចាំបាច់​ធ្វើ​វា​តែឯង​ឡើយ ។២២ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​ពិធីបរិសុទ្ធ​របស់​ទ្រង់ បងប្អូន​អាច​ទឹម ឬ​ចងភ្ជាប់​ខ្លួន​ទៅ​នឹង​ទ្រង់ ។ ទ្រង់​នឹង​ប្រទាន​កម្លាំង និងការព្យាបាលដោយ​សេចក្ដីស្រឡាញ់ ដែល​បងប្អូន​ត្រូវការ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ធ្វើដំណើរ​នៅ​ខាង​មុខ ។ ទ្រង់​គឺ​នៅ​តែ​ជា​ជម្រក​ពី​ព្យុះភ្លៀង​របស់​យើង ។២៣

III. សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌

សម្រាប់​កំណត់ត្រា ចាសស្ពើរ គឺ​ជា​មនុស្ស​ឆ្លាត គួរឲ្យ​ស្រឡាញ់ មាន​បញ្ញា និង មិន​រញ៉ាំរញ៉ូវ ។ ប៉ុន្តែ​គន្លឹះ​នៃ​រឿង​នេះ គឺ​គាត់​ជាកូន​របស់​ខ្ញុំ ។ គាត់​ជា​កូនប្រុស​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ច្រើន​ជាង​ដែល​គាត់​ដឹង ។ បើ​ឪពុក​ដែល​មិន​ល្អ​ឥតខ្ចោះខាង​សាច់​ឈាម​មានអារម្មណ៍​បែប​នេះ​អំពី​កូន​របស់គាត់ តើ​បងប្អូន​អាច​ស្រម៉ៃ​ឃើញ​ថា​តើ​ព្រះវរបិតា​សួគ៌​ដែល​ល្អ​ឥតខ្ចោះ ដ៏​រុងរឿង និង​ជាទីស្រឡាញ់​មាន​ព្រះទ័យ​យ៉ាងណា​អំពី បងប្អូន ?

ចំពោះ​មិត្ត​ជា​ទីស្រឡាញ់​នៃ​ជំនាន់​កំពុង​ពេញវ័យ ដែល​កើត​ជំនាន់ កៅសិប និង​ពីរពាន់ សូម​ដឹង​ថា សេចក្ដីជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។២៤ យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​មនុស្ស​ជាច្រើន​ទាល់តែ « មើលឃើញ​ទើប​ជឿ » ។ សេចក្ដីជំនឿ​អាច​នឹង​ជា​ឧបសគ្គ ហើយវា​តម្រូវ​ឲ្យ​ធ្វើ​ការ​ជ្រើសរើស ។ ប៉ុន្តែ​ការ​អធិស្ឋាន​ទទួល​បាន​ចម្លើយ ។២៥ ហើយ​ចម្លើយ​នានា​អាច​ដឹង​ក្នុង​អារម្មណ៍ ។២៦ រឿង​ពិត​បំផុត​មួយចំនួន​នៅ​ក្នុង​ជីវិត គឺ​មើល​មិន​ឃើញ​ទេ តែ​អាច​ទទួល​អារម្មណ៍ អាច​ដឹង និង​មានបទពិសោធន៍ ។ វាគឺជាការពិតផងដែរ ។

ព្រះយេស៊ូវគ្រីស្ទ​មានព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ដឹង ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​របស់​បងប្អូន ។២៧ ទ្រង់​បង្រៀន​ថា « បើ​មាន​មនុស្ស​ម្នាក់ មាន​កូន​ប្រុស​មួយ ហើយ​វា​ឈរ​នៅ​ក្រៅ រួច​និយាយ​ថា លោក​ឪពុក​អើយ សូម​បើក​ទ្វារផ្ទះ​ឲ្យ​ខ្ញុំ​ចូល​ទទួល​ទាន​អាហារ​ជា​មួយ​លោក​ផង ហើយ​តើ​ឪពុក​នឹង​មិន​និយាយ​ថា ចូល​មក​កូន​ប្រុស ដ្បិត​អ្វី​ដែល​ជា​របស់​យើង​ក៏ជា​របស់​ឯង ហើយ​អ្វី​ដែល​ជា​របស់​ឯង​ក៏​ជា​របស់​យើង​ទេ​ឬអី ?២៨ តើ​អ្នក​អាច​គិត​កាន់​តែផ្ទាល់​ខ្លួន​អំពី​រូបភាព​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ជា​ព្រះបិតា​ដ៏អស់កល្ប​ជានិច្ច​បាន​ឬទេ ?

អ្នក​ជា​បុត្រ​របស់​ទ្រង់ ។ បើ​បងប្អូន​មានអារម្មណ៍​ថា​វង្វេង បើ​បងប្អូន​មាន​សំណួរ ឬ​ខ្វះ​ប្រាជ្ញា បើ​បងប្អូន​មាន​បញ្ហា​នឹង​ស្ថានភាព ឬ​កំពុង​តែ​ពុះពារ​នឹង​បញ្ហា​ខាង​វិញ្ញាណ សូម​ងាក​ទៅ​រក​ទ្រង់ ។ សូម​អធិស្ឋាន​ទៅ​កាន់​ទ្រង់​សូម​ការលួងលោម​ចិត្ត ក្ដីស្រឡាញ់ ចម្លើយ និង​ការ​ដឹកនាំ ។ មិន​ថា​បងប្អូន​ត្រូវ​ការ​អ្វី ហើយ​មិន​ថា​បងប្អូន​នៅ កន្លែង​ណា​ទេ សូម​បើក​ដួងចិត្ត​របស់​បងប្អូន​ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង ។ ព្រោះ​មនុស្ស​មួយចំនួន បងប្អូន​អាច​នឹង​ចង់​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ណិលសុន ហើយ​សួរ​ថា « តើ​ទ្រង់​ពិត​ជា​គង់នៅ​ទីនោះ​ឬ— តើ​ទ្រង់​ស្គាល់​បងប្អូន​ឬទេ ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក​​ស្តាប់ » ។២៩

បងប្អូនប្រុសស្រីទាំងឡាយ ៖

  • សូមស្គាល់ព្រះវរបិតាសួគ៌របស់បងប្អូន ។ ទ្រង់​ល្អឥតខ្ចោះ ហើយ​ប្រកប​ដោយ​សេចក្ដីស្រឡាញ់ ។

  • សូម​ស្គាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​ជានរណា ។៣០ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ សូម​ចងភ្ជាប់​ខ្លួន​បងប្អូន និង​អ្នក​ទាំងឡាយ​ដែល​បងប្អូន​ស្រឡាញ់​ទៅ​នឹង​ទ្រង់ ។

  • ហើយ​សូម​ស្គាល់​ថា បងប្អូន​ជា​នរណា ។ សូម​ស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​ពិត​របស់​បងប្អូន ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះ គឺ​សម្រាប់​បងប្អូន​ទាំងអស់​គ្នា ។ បងប្អូន​គឺ​ជា​បុត្រ​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ហើយ​មាន​តម្លៃ​មហិមា ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ។

អំពី​សេចក្ដីពិត​ដ៏​សាមញ្ញ​ជា​គ្រឹះ​ទាំងនេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល លូកា ១៥:៤–៣២ ។

  2. ប្រកាសដំណឹងល្អរបស់យើង ៖ សេចក្តីណែនាំ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ( ២០២៣ ) ទំព័រ  ។

  3. ( អិម រ័សុល បាឡឺដ « Children of Heavenly Father » ( Brigham Young University devotional, នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ) នៅលើគេហទំព័រ speeches.byu.edu ។

  4. សូមមើល យ៉ូហាន ៣:១៦; ម៉ូសាយ ១៥:១; នីហ្វៃទី ៣ ១៧:៦–១០

  5. សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៣ ។

  6. សូមមើល ម៉ាថាយ ២២:៣៦–៤០ ។

  7. សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១.២ បណ្ណាល័យ​ដំណឹងល្អ ។

  8. ម៉ូសាយ ១៨:៨, ៩ ។

  9. ជែហ្វ្រី អ័រ ហូឡិន « Religion:Bound by Loving Ties,» ( Bringham Young University Devotional, ថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ ២០១៦ ) speeches.byu.edu ។

  10. សូមមើល រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ផ្សះផ្សា​គេ » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩៩ ។

  11. « ចំនួន​មនុស្ស​ក្រីក្រ​បំផុត​បានកើន​ឡើង​ពី ៧០ លាន ទៅ​ដល់​ច្រើនជាង ៧០០ លាន​នាក់ » ( « ភាព​ក្រីក្រ » ថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២២, World Bank, worldbank.org) ។

  12. « មនុស្ស​ច្រើន​ជាង ១០០ លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ទីលំនៅ » ( « Refugee Data Finder,» ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ ២០២២, United Nations High Commissioner for Refugees, unhcr.org ) ។

  13. ហ្គែរីត ដបុលយូ ហ្គង « Room in the Inn » Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៥ ។

  14. សូមើល ក្បួនខ្នាតទូទៅ, ១.៣.៧, បណ្ណាល័យ​ដំណឹងល្អ ។

  15. សូមមើល រ័សុល អិម ណិលសុន « ត្រូវការ​អ្នក​ផ្សះផ្សា​គេ » ទំព័រ ៩៨-១០១ ។

  16. សូមមើល យ៉ូហាន ៣:១៦ ។

  17. សូម មើល អាលម៉ា ១៣:២៧–២៩; គោលលទ្ធិ និង សេចក្ដី សញ្ញា ១០៩:២១ ។

  18. ម៉ាថាយ ១១:២៨–២៩

  19. ហាវើដ ដបុលយូ ហឹនធើរ « ចូរ​មក​តាម​ខ្ញុំ » Ensignខែ​វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ១៨ ។

  20. « The Mission and Ministry of the Savior: A Discussion with Elder Russell M. Nelson» Ensignខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ១៨ ។

  21. ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ ។

  22. ប្រធាន ខាំមៀល អិន ចនសុន បាន​មាន​ប្រសាសន៍​ថា ៖ បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​មិន​អាច​ទៅ​តែ​ឯង ខ្ញុំ​មិន​ធ្វើដូច្នេះ ហើយ​ខ្ញុំ​នឹង​មិនធ្វើ​បែបនោះ​ទេ ។ ការ​ជ្រើស​រើស​នៅ​ជាប់​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​រយៈ​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ព្រះ​នោះ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » [ ភីលីព ៤:១៣]” ( « Jesus Christ Is Relief » Liahona, ខែ​ឧសភា ឆ្នាំ ២០២៣, ៨២ ) ។

  23. សូមមើល អេភេសូរ ៦២:៦–៨ ។

  24. សូមមើល យ៉ាកុប ២:១៧ ។

  25. សូមមើល ម៉ាថាយ ៧:៧–៨, លូកា ១:៥ ។

  26. « ព្រះវិញ្ញណ​បរិសុទ្ធ​គឺជា​ព្រះ​ដ៏​ជា​ជំនួយ ( យ៉ូហាន ១៤:២៦ ) ។ ដូចជា​សំឡេង​ដ៏​ទន់ភ្លន់​នៃ​ឪពុកម្តាយ​ជា​ទីស្រឡាញ់​ដែល​អាច​ធ្វើ​ឲ្យ​កូន​ឈប់​យំ​ដែរ នោះ​ការខ្សឹប​នៃ​ព្រះវិញ្ញាណ​អាច​ធ្វើ​ឲ្យ​សេចក្ដីភ័យខ្លាច​យើង​ស្ងប់ស្ងៀម បណ្ដេញ​ទុក​កង្វល់​ពី​ជីវិត​របស់​យើង និង​លួងលោមចិត្ត​យើង នៅ​ពេល​ដែល​យើង​សោកសង្រេង ។ ព្រះវិញ្ញាណបរិសុទ្ធ​អាច​បំពេញ​ឲ្យ​អ្នក « នូវ​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ » និង « ការណ៍​ទាំងឡាយ​ប្រកប​ដោយ​សេចក្ដីសុខសាន្ត​នៃ​នគរ » ( មរ៉ូណៃ ៨:២៦, គ. និង ស. ៣៦:២ ) ( ប្រធានបទ និង​សំណួរ, « ព្រះវិញ្ញាណបរិសុទ្ធ » បណ្ណាល័យ​ដំណឹងល្អ ) ។

    ព្រះវិញ្ញាណ​បរិសុទ្ធ « ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង​អំពី​ព្រះរាជបុត្រា » ( នីហ្វៃទី ២ ៣១:១៨ ) ។ គឺ​តាមរយៈ​តែ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​នៃ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពិត ។

    ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ហើយ​តាមរយៈ​ព្រះចេស្ដា​នៃ​ទ្រង់ នោះ​យើង « ដឹង​សេចក្ដីពិត​នៃ​រឿង​គ្រប់​យ៉ាង » (មរ៉ូណៃ ១០:៥) » ( « The Holy Ghost Testifies of Truth, » Liahona, ខែ​មិនា ឆ្នាំ ២០១០, ១៤, ១៥ ) ។

    « ប៉ុន្តែ​កាលណា​ព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណ នៃសេចក្តីពិតដែលចេញពីព្រះវរបិតាមក ព្រះអង្គ នោះទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ (យ៉ូហាន ១៥:២៦) ។

  27. សូមមើល យ៉ូហាន ១៤:៦–៧, ១៧:៣ ។

  28. ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១៧ ( នៅក្នុង​Bible appendix ) ។

  29. រ័សុល អិម ណិលសុន « Come, Follow Me » Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ ។

  30. សូមមើល ម៉ាកុស ៨:២៧–២៩ ។