បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ
សូមឲ្យយើងរីករាយកាន់តែខ្លាំងនូវញាតិវង្សខាងវិញ្ញាណ ដែលមានរវាងគ្នានឹងគ្នា ហើយឲ្យតម្លៃទៅលើគុណលក្ខណៈខុសគ្នា និងអំណោយទានផ្សេងៗ ដែលយើងទាំងអស់គ្នាមាន ។
មិត្តជាទីស្រឡាញ់អើយ ពួកយើងបានមានសន្និសីទដ៏អស្ចារ្យនាថ្ងៃនេះ ។ យើងទាំងអស់គ្នាបានទទួលអារម្មណ៍ពី ព្រះវិញ្ញាណនៃព្រះអម្ចាស់ និងសេចក្ដីស្រឡាញ់របស់ទ្រង់តាមរយៈសារលិខិតដ៏អស្ចារ្យដែលបានចែកចាយដោយថ្នាក់ដឹកនាំរបស់យើង ។ ខ្ញុំមានឯកសិទ្ធិណាស់ដើម្បីថ្លែងទៅកាន់បងប្អូននាល្ងាចនេះ ជាអ្នកឡើងនិយាយចុងបញ្ចប់សម្រាប់សម័យប្រជុំនេះ ។ ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់បន្ដគង់នៅជាមួយយើង កាលដែលយើងរីករាយជាមួយគ្នា ក្នុងនាមជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ។
ព្យាការីជាទីស្រឡាញ់របស់យើង រ័សុល អិម ណិលសុន បានប្រកាសថា « ខ្ញុំសូមអំពាវនាវដល់សមាជិករបស់យើងនៅគ្រប់ទីកន្លែងឲ្យនាំមុខនៅក្នុងការបោះបង់ចោលនូវអាកប្បកិរិយា និងសកម្មភាពនៃការរើសអើងនេះ ។ ខ្ញុំសូមអង្វរបងប្អូនឲ្យលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីរបស់ព្រះទាំងអស់ » ។១ ក្នុងនាមជាសាសនាចក្រសាកល និងកំពុងរីកលូតលាស់ឥតឈប់ឈរ ការធ្វើតាមការអញ្ជើញរបស់ព្យាការីរបស់យើង គឺជាតម្រូវការដ៏សំខាន់មួយសម្រាប់ការស្ថាបនានគររបស់ព្រះអង្គសង្គ្រោះនៅក្នុងគ្រប់ជាតិសាសន៍នៃពិភពលោក ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បង្រៀនថា យើងទាំងអស់គ្នាគឺជាបុត្រា និងបុត្រីខាងវិញ្ញាណដ៏ជាទីស្រឡាញ់នៃព្រះមាតាបិតាសួគ៌ទាំងអស់គ្នា ដែលទ្រង់ពិតជាស្រឡាញ់យើង ២ហើយថាយើងបានរស់នៅជាគ្រួសារមួយនៅក្នុងទីវត្តមានរបស់ព្រះ ពីមុនយើងកើតមកលើផែនដីនេះ ។ ដំណឹងល្អក៏បង្រៀនផងដែរថា យើងទាំងអស់គ្នាត្រូវបានបង្កើតតាមរូបអង្គដូចជាព្រះ ។៣ ហេតុដូច្នោះហើយយើងគឺស្មើភាពគ្នាចំពោះទ្រង់ ៤ដ្បិតទ្រង់ « បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែមួយ » ៥ហេតុដូច្នោះហើយយើងទាំងអស់គ្នាមាននិស្ស័យ និងកេដំណែល និងសក្ដានុពលនៃព្រះ ដ្បិត « មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុង[ យើង ] ទាំងអស់ » ។ ៦
ក្នុងនាមជាពួកសិស្សនៃព្រះគ្រីស្ទ យើងត្រូវបានអញ្ជើញឲ្យបង្កើនសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ ភាពជាបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើងដោយដួងចិត្តវេញធ្លុងជាមួយគ្នាក្នុងសាមគ្ពីភាព និងសេចក្ដីស្រឡាញ់ ទោះជាយើងមានភាពខុសគ្នាក្ដី ដូច្នេះចូរបង្កើនសមត្ថភាពរបស់យើងដើម្បីលើកកម្ពស់ការគោរពចំពោះសេចក្ដីថ្លៃថ្នូរនៃបុត្រាបុត្រីទាំងអស់របស់ព្រះ ។៧
តើនោះពុំដូចជាស្ថានភាពដែលប្រជាជននីហ្វៃបានជួបប្រទះ កាលពីជិតពីរសតវត្សរ៍ពីមុនព្រះគ្រីស្ទបានយាងទៅបម្រើចំពោះពួកគេទេឬអី ?
« ពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ »…
« ក៏គ្មានចែកទៅជាពួកលេមិន ឬពួកណាផ្សេងទៀតឡើយ តែគេទាំងអស់គ្នាទៅជារូបមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ និងជាអ្នកគ្រងនគរព្រះទុកជាមរតក ។
ពួកគេបានពរ ហើយចម្រើនឡើង !៨
ប្រធានណិលសុន បានគូសបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃការផ្សាយនូវសេចក្ដីថ្លៃថ្នូរ និងការគោរពចំពោះបងប្អូនរបស់យើង នៅពេលលោកថ្លែងថា ៖ « អង្គបង្កបង្កើតរបស់យើងទាំងអស់គ្នា ទូលអង្វរឲ្យយើងម្នាក់ៗបោះបង់ចោលនូវអាកប្បកិរិយា និងសកម្មភាពនៃការរើសអើងទាស់នឹងក្រុមណាមួយនៃកូនចៅរបស់ព្រះចោលចេញ ។ បើមាននរណាម្នាក់ក្នុងចំណោមពួកយើងមានការរើសអើងចំពោះជាតិសាសន៍ដទៃទៀត ចាំបាច់ត្រូវប្រែចិត្ត !… វាតម្រូវឲ្យយើងម្នាក់ៗធ្វើអ្វីក៏ដោយដែលយើងអាចធ្វើទៅបាន ក្នុងឥទ្ធិពលរបស់យើងដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ និងការគោរពចំពោះបុត្រាបុត្រីនៃព្រះគ្រប់រូបដែលសមនឹងទទួល » ។៩ ៩ តាមជាក់ស្ដែង សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ គឺត្រូវមានការគោរពចំពោះភាពខុសគ្នារបស់យើង ។១០
សូមពិចារណាអំពីចំណងដ៏ពិសិដ្ឋដែលបង្រួបបង្រួមយើងជាមួយព្រះ ក្នុងនាម ជាបុត្រាបុត្រីរបស់ទ្រង់ ដែល ការដឹកនាំដ៏ព្យាករនេះ ដែលបានផ្ដល់ឲ្យដោយប្រធាន ណិលសុន គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយដោយគ្មានសង្ស័យ ដើម្បីស្ថាបនាស្ពាននៃការយល់ដឹង ជាជាងការបង្កើតជញ្ជាំងនៃការរើសអើង និងការផ្ដាច់ខ្លួននៅក្នុងចំណោមពួកយើង ។១១ ទោះ ជាយ៉ាងណាក៏ដោយ ដូចប៉ុលបានព្រមានដល់ពួកអេភេសូរថា យើងត្រូវទទួលស្គាល់ថា ដើម្បីសម្រេចបានគោលបំណងនេះ វានឹងតម្រូវឲ្យមានការខិតខំរៀងៗខ្លួន និងជារួមដើម្បីប្រព្រឹត្តដោយភាពរាបសារ បន្ទាបខ្លួន និងអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក ។១២
មានដំណើររឿងមួយរបស់គ្រូអាចារ្យសាសន៍យូដាម្នាក់ ដែលរីករាយនឹងការមើលព្រះអាទិត្យរះជាមួយនឹងមិត្តពីរនាក់ ។ គាត់បានសួរពួកគេថា « តើអ្នកអាចដឹងថាពេលយប់កន្លងផុតទៅ ហើយមានថ្ងៃថ្មីមួយចាប់ផ្ដើមឡើងដោយរបៀបណា ? »
ម្នាក់បានតបថា « អ្នកអាចដឹង នៅពេលអ្នកអាចមើលទៅទិសខាងកើត ហើយអាចមើលដឹងថាសត្វចៀមខុសពីសត្វពពែ » ។
ម្នាក់ទៀតក៏តបថា « អ្នកអាចដឹង នៅពេលអ្នកអាចមើលទៅជើងមេឃ ហើយមើលស្គាល់ដើមអូលីវខុសពីដើមល្វា » ។
បន្ទាប់មកពួកគេងាកទៅមើលអាចារ្យដ៏ឈ្លាសវៃនោះ ហើយសួរគាត់សំណួរដូចគ្នានោះ ។ បន្ទាប់ពីនឹកគិតជាយូរ គាត់បានតបថា « អ្នកអាចដឹង នៅពេលអ្នកមើលទៅទិសខាងកើត ហើយមើលឃើញមុខមនុស្សស្រីឬមនុស្សប្រុស ហើយអាចប្រាប់ថា ‹ នាងជាប្អូនស្រីខ្ញុំ គាត់ជាបងប្រុសខ្ញុំ › » ។១៣
មិត្តជាទីស្រឡាញ់ ខ្ញុំអាចអះអាងនឹងបងប្អូនថា ពន្លឺនៃថ្ងៃថ្មីមួយ រះភ្លឺត្រចង់នៅក្នុងជីវិតយើង នៅពេលយើងមើលឃើញ និងប្រព្រឹត្តចំពោះបងប្អូនរបស់យើងដោយការគោរព និងសេចក្ដីថ្លៃថ្នូរ ហើយធ្វើជាបងប្អូនប្រុសស្រីពិតនៅក្នុងព្រះគ្រីស្ទ ។
អំឡុងការបម្រើនៅលើផែនដីរបស់ទ្រង់ ព្រះយេស៊ូវជាគំរូដ៏ឥតខ្ចោះនៃគោលការណ៍នេះកាលទ្រង់« បានចេញទៅធ្វើការល្អ »១៤ ចំពោះមនុស្សគ្រប់រូប អញ្ជើញពួកគេឲ្យមករកទ្រង់ ហើយទទួលទានសេចក្ដីល្អរបស់ទ្រង់ មិនថាជាតិសាសន៍ ឋានៈសង្គម ឬចរិតវប្បធម៌របស់ពួកគេយ៉ាងណាទេ ។ ទ្រង់បានបម្រើ ព្យាបាល ហើយតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការរបស់មនុស្សគ្រប់រូប ជាពិសេស អ្នកដែលពេលខ្លះត្រូវបានគេចាត់ទុកថាខុសពីគេ មើលងាយ ឬមិនរាប់រក ។ ទ្រង់ពុំបដិសេធនរណាម្នាក់ឡើយ ប៉ុន្តែបានប្រព្រឹត្តចំពោះពួកគេដោយស្មើភាព និងក្ដីស្រឡាញ់ ដ្បិតទ្រង់បានមើលឃើញពួកគេជាបងប្អូនប្រុសស្រីរបស់ទ្រង់ ជាបុត្រាបុត្រីនៃព្រះវរបិតាដូចគ្នា ។១៥
មានគ្រាដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ដែលបានកើតឡើង គឺនៅពេលដែលព្រះអង្គសង្គ្រោះបានធ្វើដំណើរទៅស្រុកកាលីឡេ ដោយមានចេតនាយាងកាត់តាមផ្លូវស្រុកសាម៉ារី ។១៦ បន្ទាប់មកព្រះយេស៊ូវបានសម្រេចព្រះទ័យគង់សម្រាកនៅជិតនឹងអណ្ដូង ទឹកយ៉ាកុប ។ ខណៈពេលនៅទីនោះ មានស្រ្តីសាសន៍សាម៉ារីម្នាក់បានដើរមកដងទឹក ។ នៅក្នុងព្រះបញ្ញាញាណទ្រង់ ព្រះយេស៊ូវបានថ្លែងទៅកាន់នាងថា « សូមឲ្យខ្ញុំផឹកផង » ។១៧
ស្ត្រីរូបនេះមានសេចក្ដីអស្ចារ្យដែលសាសន៍យូដាម្នាក់នេះ បានសុំស្ត្រីសាសន៍សាម៉ារីឲ្យជួយ ហើយបង្ហាញនូវការភ្ញាក់ផ្អើលដោយនិយាយថា « លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ ? នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ » ។១៨
ប៉ុន្តែជាក់ស្ដែងព្រះយេស៊ូវ បានបោះបង់ចោលនូវទំនៀមទម្លាប់ដ៏យូររវាងសាសន៍សាម៉ារី និងសាសន៍យូដានោះ ទ្រង់បានបម្រើដល់ស្ត្រីរូបនេះដោយសេចក្ដីស្រឡាញ់ ជួយនាងឲ្យដឹងថាទ្រង់ជានរណាពិត គឺទ្រង់ជាព្រះមែស៊ី ដែលនឹងប្រាប់គ្រប់ការទាំងអស់ ហើយដែលនាងកំពុងរងចាំការយាងមករបស់ទ្រង់នោះ ។១៩ ឥទ្ធិពលនៃ ការបម្រើដ៏ទន់ភ្លន់នោះ បានបណ្ដាលឲ្យស្ត្រីរូបនោះរត់ទៅក្នុងទីក្រុងប្រកាសដល់ប្រជាជនអំពីអ្វីដែលបានកើតឡើង ដោយនិយាយថា « តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? »១៩
ខ្ញុំអាណិតខ្លាំងណាស់ចំពោះអស់អ្នកដែលត្រូវបានគេធ្វើបាប ប្រមាថ ឬបៀតបៀនមកពីមនុស្សដែលគ្មានបេះដូង និងពុំចេះគិត ដោយសារតែក្នុងជីវិតខ្ញុំ ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកនូវការឈឺចាប់របស់មនុស្សល្អ រងទុក្ខមកពីការវិនិច្ឆ័យ ឬបដិសេធ ដោយសារតែពួកគេនិយាយ មានរូបរាង ឬរស់នៅខុសពីគេ ។ ខ្ញុំក៏មាន អារម្មណ៍សោកសៅក្នុងចិត្តជាខ្លាំងផងដែរចំពោះអស់អ្នកដែលមានគំនិតនៅតែខ្មៅងងឹត ដែលការមើលឃើញមានកម្រិត ហើយដួងចិត្តនៅតែរឹងរូសដោយសារពួកគេជឿទៅលើការទាបជាងរបស់អស់អ្នកដែលខុសពីពួកគេនោះ ។ ទស្សនៈដ៏មានកម្រិតរបស់ពួកគេអំពីអ្នកដទៃ គឺពិតជារារាំងសមត្ថភាពរបស់ពួកគេមិនឲ្យមើលឃើញថាពួកគេជានរណា ក្នុងនាមជាកូនរបស់ព្រះ ។
ដូចបានទាយទុកដោយពួកព្យាការី ពួកយើងកំពុងរស់នៅក្នុងជំនាន់ដ៏គ្រោះថ្នាក់ ដែលនាំ ទៅការយាងមកជាលើកទី ពីររបស់ព្រះអង្គសង្គ្រោះ ។២១ ពិភពលោកជាទូទៅត្រូវបានបែកខ្ញែកដោយសារការបែងចែកដ៏ខ្លាំង ដែលសង្កត់ធ្ងន់ទៅលើបន្ទាត់ពូជសាសន៍ នយោបាយ និងសេដ្ឋកិច្ចសង្គម ។ ការបែងចែកដូច្នោះ ជួនកាលអាចទៅជាឥទ្ធិពលលើរបៀបនៃការគិត និងការប្រព្រឹត្តរបស់មនុស្សទាក់ទងនឹងបងប្អូនរបស់ពួកគេ ។ ដោយសារមូលហេតុនេះ វាពុំចម្លែកទេ ដែលមើលឃើញមនុស្សបង្ហាញពីរបៀបនៃ ការគិត ការប្រព្រឹត្ត ការនិយាយអំពីវប្បធម៌ ពូជសាសន៍ និងជាតិព័ន្ធដទៃទៀត ថាអន់ជាងខ្លួនស្មានទុកមុន គំនិតខុសឆ្គង ហើយជាញឹកញាប់ជាគំនិតចំអក បង្កើតជាឥរិយាបទមើលងាយ ព្រងើយកន្តើយ មិនគោរព ព្រមទាំងរើសអើងទាស់នឹងពួកគេផងដែរ ។ ឥរិយាបទដូច្នេះ មានឬសគល់មកពីភាពអំនួត ភាពឆ្មើងឆ្មៃ ច្រណែន និងប្រច័ន្ធ ជាលក្ខណៈនៃធម្មជាតិមនុស្សខាងសាច់ឈាម ២២ ហើយវាជាការផ្ទុយទៅនឹងចរិតលក្ខណៈដូចជាព្រះគ្រីស្ទទាំងស្រុង ។ ទង្វើបែបនេះ គឺមិនត្រឹមត្រូវទេចំពោះអស់អ្នកដែលព្យាយាមប្រែក្លាយជាសិស្សពិតរបស់ទ្រង់ ។២៣ តាមពិត បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅក្នុងសហគមន៍នៃពួកបរិសុទ្ធ គឺពុំគួរមាននូវគំនិត ឬសកម្មភាពរើសអើងនេះទេ ។
ក្នុងនាមជាបុត្រា និងបុត្រីនៃសេចក្ដីសញ្ញា យើងអាចជួយលុបបំបាត់នូវឥរិយាបទប្រភេទនេះ ដោយការមើលទៅភាពខុសគ្នាជាក់ស្ដែង ដែលយើងមានរវាងគ្នានឹងគ្នាតាមព្រះនេត្ររបស់ព្រះអង្គសង្គ្រោះ ២៤ ហើយផ្ដោតទៅលើអ្វីដែលយើងមានជារួម— គឺអត្តសញ្ញាណដ៏ទេវភាពនិងញាតិវង្សរបស់យើង ។ លើសពីនោះទៅទៀត យើងអាចព្យាយាមដាក់ខ្លួនយើងនៅក្នុងសុបិន ក្ដីសង្ឃឹម ភាពសោកសៅ និងការឈឺចាប់នៃអ្នកជិតខាងរបស់យើង ។ យើងទាំងអស់គ្នាគឺជាអ្នកធ្វើដំណើររួមគ្នា ក្នុងនាមជាកូនរបស់ព្រះ យើងមានស្ថានភាពមិនល្អឥតខ្ចោះ ហើយមានសមត្ថភាពដើម្បីរីកចម្រើនដូចគ្នា ។ យើងត្រូវបានអញ្ជើញឲ្យដើរជាមួយគ្នា ដោយភាពសុខសាន្ដ ទាំងដួងចិត្តយើងមានពេញដោយក្ដីស្រឡាញ់ចំពោះព្រះ និងមនុស្សគ្រប់រូប — ឬដូចជាអ័ប្រាហាំ លីនខុន បានកត់ចំណាំថា « គ្មានការព្យាបាទចំពោះមនុស្សណាឡើយ តែមានសេចក្ដីសប្បុរសចំពោះមនុស្សទាំងអស់វិញ » ។២៥
តើបងប្អូនធ្លាប់គិតអំពីរបៀបដែលគោលការណ៍នៃការគោរពចំពោះសេចក្ដីថ្លៃថ្នូរ និងភាពស្មើគ្នារបស់មនុស្សជាតិ ត្រូវបានបង្ហាញតាមរបៀបដ៏សាមញ្ញ ដែលយើងស្លៀកពាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឬទេ ? យើងទាំងអស់គ្នាមកព្រះវិហារបរិសុទ្ធដោយមានគោលបំណងតែមួយរួមគ្នា ហើយមានពេញដោយបំណងប្រាថ្នាដើម្បីបានបរិសុទ្ធ និងស្អាតស្អំនៅក្នុងទីវត្តមានដ៏ពិសិដ្ឋរបស់ទ្រង់ ។ ក្នុងសម្លៀកបំពាក់-ស យើងទាំងអស់គ្នាត្រូវបានព្រះអម្ចាស់ផ្ទាល់ទទួលយកក្នុងនាមជាបុត្រាបុត្រីសំណព្វរបស់ទ្រង់ ជាបុរស និងស្ត្រីនៃព្រះ ជាពូជពង្សរបស់ព្រះគ្រីស្ទ ។២៦ យើងទាំងអស់គ្នាមានឯកសិទ្ធិដើម្បីធ្វើពិធីបរិសុទ្ធដូចគ្នា ធ្វើសេចក្ដីសញ្ញាដូចគ្នា ការប្ដេជ្ញាចិត្តរបស់យើងដើម្បីរស់នៅឲ្យកាន់តែខ្ពស់ និងកាន់តែ បរិសុទ្ធ ហើយទទួលបានការសន្យាដ៏អស់កល្ប ជានិច្ចដូចគ្នា ។ ដោយគោលបំណងរួមគ្នា នោះយើងមើលគ្នាដោយកែវភ្នែកថ្មី ហើយនៅក្នុងភាពតែមួយរបស់យើង នោះ យើងសាទរដល់ភាពខុសគ្នារបស់យើង ក្នុងនាមជាបុត្រាបុត្រីដ៏ទេវភាពរបស់ព្រះ ។
ក្នុងពេលថ្មីៗនេះ ខ្ញុំបានជួយធ្វើជាមគ្គុទេសន៍សម្រាប់អ្នកមុខអ្នកការ និងមន្ត្រីរដ្ឋាភិបាលនៅក្នុងពិធីសម្ពោធព្រះវិហារបរិសុទ្ធប្រេស៊ីឡា ប្រេស៊ីល ។ ខ្ញុំបានឈប់នៅត្រង់កន្លែងផ្លាស់សម្លៀកបំពាក់ ជាមួយនឹងអនុប្រធានាធិបតីនៃប្រទេសប្រេស៊ីល ហើយយើងបានពិភាក្សាអំពីសម្លៀកបំពាក់ពណ៌-ស ដែលមនុស្សគ្រប់គ្នាពាក់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានពន្យល់ទៅគាត់ថា ការប្រើប្រាស់សម្លៀកបំពាក់-សជាសាកលនេះ គឺជានិមិត្តរូបថា យើងទាំងអស់គ្នាគឺស្មើភាពគ្នាចំពោះព្រះ ហើយថានៅក្នុងព្រះវិហារបរិសុទ្ធ អត្តសញ្ញាណរបស់យើង គឺលែងជាអនុប្រធានាធិបតីនៃប្រទេសមួយ ឬថ្នាក់ដឹកនាំសាសនាចក្រម្នាក់ទៀតហើយ ប៉ុន្តែអត្តសញ្ញាណដ៏ អស់កល្បរបស់យើង គឺជាបុត្រានៃព្រះវរបិតាសួគ៌ដ៏ជាទីស្រឡាញ់ទៅវិញទេ ។
ទន្លេIguacu ហូរកាត់ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយបានហូរចាក់ទៅខ្ពង់រាបមួយ ដែលបង្កើតបានជាប្រព័ន្ធទឹកធ្លាក់ ដ៏ល្បីលើពិភពលោកឈ្មោះថាទឹកធ្លាក់ Iguacu—វា ជាការបង្កបង្កើតរបស់ព្រះដ៏ស្រស់ស្អាត និងអស្ចារ្យបំផុតមួយនៅលើផែនដី ដែលចាត់ទុកថាជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោក ។ បរិមាណទឹកដ៏ច្រើនសន្ធឹកហូរចូលទៅក្នុងទន្លេតែមួយ ហើយបន្ទាប់មកបំបែកចេញ បង្កើតបានជាទឹកធ្លាក់រាប់រយដែលមិនអាចប្រៀបផ្ទឹមបាន ។ បើនិយាយក្នុងន័យធៀប ប្រព័ន្ធទឹកធ្លាក់ដ៏អស្ចារ្យនេះគឺជាការឆ្លុះបញ្ចាំងពីក្រុមគ្រួសាររបស់ព្រះនៅលើផែនដី ដ្បិតយើងមានប្រភពដើម និងសារធាតុខាងវិញ្ញាណដូចគ្នា ដែលបានមកពីមរតក និងញាតិវង្សដ៏ទេវភាពរបស់យើង ។ ទោះជាយ៉ាងណា ពួកយើងម្នាក់ៗ មកពីវប្បធម៌ខុសគ្នា ជាតិព័ន្ធនិងសញ្ជាតិផ្សេងៗគ្នាដែលមានមតិ និងបទពិសោធន៍ និងអារម្មណ៍ផ្សេងគ្នា ។ ក្រៅពីនេះ យើងដើរឆ្ពោះទៅមុខ នៅក្នុងនាមជាកូនរបស់ព្រះ និងជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ ដោយពុំបាត់បង់នូវទំនាក់ទំនងដ៏ទេវភាពរបស់យើង ដែលធ្វើឲ្យយើងជាមនុស្សពិសេស និងជាសហគមន៍សំណព្វមួយ ។27
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមឲ្យយើងសម្របដួងចិត្ត និងគំនិតដោយចំណេះដឹង និងទីបន្ទាល់ថា យើងទាំងអស់គ្នាគឺស្មើភាពគ្នានៅ ចំពោះព្រះ ហើយថាយើងទាំងអស់គ្នាបានទទួលពេញលេញនូវសក្ដានុពល និងមរតកអស់កល្បដូចគ្នា ។ សូមឲ្យយើងរីករាយកាន់តែខ្លាំងនូវញាតិវង្សខាងវិញ្ញាណ ដែលមានរវាងគ្នានឹងគ្នា ហើយឲ្យតម្លៃទៅលើគុណលក្ខណៈខុសគ្នា និងអំណោយទានផ្សេងៗ ដែលយើងទាំងអស់គ្នាមាន ។ ប្រសិនបើយើងធ្វើដូច្នោះ ខ្ញុំសន្យានឹងបងប្អូនថា យើងនឹងហូរមកតាមរបៀបរៀងៗខ្លួនរបស់យើង ដូចជាទឹកធ្លាក់ Iguazu ដោយពុំបាត់បង់ទំនាក់ទំនងដ៏ទេវភាពរបស់យើង ដែលសម្គាល់យើងថាជាមនុស្សពិសេស ជាកូនចៅនៃព្រះគ្រីស្ទ ហើយជាអ្នកគ្រងមរតកទៅក្នុងនគរព្រះ » ។២៨
ខ្ញុំថ្លែងទីបន្ទាល់ចំពោះបងប្អុនថា នៅពេលយើងបន្ដហូរចាក់មកតាមវិធីនេះអំឡុងជីវិតរមែងស្លាប់របស់យើង នោះថ្ងៃថ្មីនឹងចាប់ផ្ដើមជាមួយនឹងពន្លឺថ្មីមួយ ដែលនឹងបំភ្លឺជីវិតរបស់យើង ហើយបង្កើតជាឱកាសដ៏អស្ចារ្យដើម្បីឲ្យតម្លៃកាន់តែច្រើន ហើយកាន់តែទទួលពរជ័យពេញលេញមកពីភាពចម្រុះព្រះដែលបានបង្កើតយើងផ្សេងៗគ្នានៅក្នុងចំណោមកូនចៅរបស់ទ្រង់ ។២៩ យើងនឹងក្លាយជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ពិត ដើម្បីលើកកម្ពស់ គោរព និងផ្ដល់សេចក្ដីថ្លៃថ្នូរនៅក្នុងចំណោមបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ប្រធាន ណិលសុន គឺជាព្យាការីរបស់ព្រះនៅ ក្នុងជំនាន់របស់យើង ។ ខ្ញុំសូមធ្វើសាក្សីអំពីការពិតទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។