ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៦ ៖ ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ


« ជំពូក​ទី ៦ ៖ ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ ) ។

« ជំពូក​ទី ៦ » ប្រកាស​ដំណឹងល្អ​របស់​យើង

ការហៅ​ពួក​អ្នក​នេសាទ ( ព្រះគ្រីស្ទ​កំពុង​ហៅ​ពេត្រុស និង​អនទ្រេ ) ដោយ ហារី អាន់ឌើរសិន

ជំពូក​ទី ៦

ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ការស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោលបំណង​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ទាំង ស្វែងរក និង ទទួល គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​គុណលក្ខណៈ​មួយណា​ដែល​ខ្ញុំ​គួរផ្តោត​លើ​ឥឡូវនេះ ?

សេចក្ដីណែនាំ

នៅពេល​ចាប់ផ្ដើម​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​បានយាង​តាម​ច្រាំង​សមុទ្រ​កាលីឡេ ហើយ​ហៅ​ពួក​អ្នកនេសាទ​ពីរ​នាក់ គឺ​ពេត្រុស និង​អនទ្រេ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​មក​តាម​ខ្ញុំ » និង « ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ » ( ម៉ាថាយ ៤:១៩; សូមមើល​ផងដែរ ម៉ាកុស ១:១៧ ) ។

ព្រះអម្ចាស់​ក៏​បាន​ហៅ​អ្នក​ឲ្យ​ធ្វើការ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​អញ្ជើញ​អ្នក​ឲ្យ​ដើរ​តាម​ទ្រង់​ដែរ ។ « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? » ទ្រង់​បាន​សួរ ។ « យើង​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ( នីហ្វៃទី៣ ២៧:២៧ ) ។

ជំពូក​មួយ​ចំនួន​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ផ្តោតលើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដូចជា របៀប​សិក្សា របៀប​បង្រៀន និង​របៀប​ដាក់​គោលដៅ ។ ថាតើ​អ្នក​ជា​នរណា និង ថាតើ​អ្នក​នឹង​ប្រែក្លាយ​ជា​នរណា គឺ​សំខាន់​ដូចជា​អ្វី​ដែល​អ្នក​ធ្វើ​ដែរ ។ នោះ​គឺជា​ការផ្ដោត​ក្នុង​ជំពូក​នេះ ។

ព្រះគម្ពីរ​ពិពណ៌នា​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ចាំបាច់​សម្រាប់​អ្នក​ក្នុងការ​ស្វែងរក​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺជា​គុណសម្បតិ្ត ឬ​ចរិត​នៃ​និស្ស័យ និង​បុគ្គលិកលក្ខណៈ​របស់​ព្រះ​អង្គសង្រ្គោះ ។ ជំពូក​នេះ​ពិពណ៌នា​អំពី​គុណលក្ខណៈ​មួយ​ចំនួន ។ សូម​សិក្សា​បទគម្ពីរ​ទាំងនេះ និង​បទគម្ពីរ​ដែល​ទាក់ទង​នឹង​វា ។ សូម​រកមើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ផ្សេងទៀត នៅពេល​អ្នក​សិក្សា​វគ្គ​បទគម្ពីរ​ផ្សេងៗ ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤ ។ តើ​គុណលក្ខណៈ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​កំណត់​ថា​មាន​សារៈសំខាន់​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ? តើ​ការស្វែងរក​គុណលក្ខណៈ​ទាំងនេះ​ជួយ​អ្នក​សម្រេច​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​ដោយ​របៀប​ណា ?

« ស្វែងរក​ព្រះ​យេស៊ូវ​គ្រីស្ទ »

ព្យាការី​មរ៉ូណៃ​បាន​អញ្ជើញ​យើង​ថា « ខ្ញុំ​ចង់​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ស្វែងរក​ព្រះ​យេស៊ូវ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ » ( អេធើរ ១២:៤១ ) ។ មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ស្វែងរក​ព្រះយេស៊ូវ គឺ​ការខិតខំ​ប្រឹងប្រែង​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​រៀន​អំពី​ទ្រង់ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ បេសកកម្ម​របស់អ្នក​គឺជា​ពេលវេលា​ដ៏​ប្រសើរបំផុត​ដើម្បី​ផ្តោតលើ​រឿង​នេះ ។

នៅពេល​អ្នក​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ នោះ​អ្នក​នឹង​សម្រេច​គោលបំណង​របស់​អ្នក​ក្នុងនាម​អ្នក​ផ្សព្វផ្សាយ​សាសនា​កាន់តែ​ខ្លាំង​ឡើង ។ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​អំណរ សេចក្តី​សុខសាន្ត និង​ការរីកចម្រើន​ខាង​វិញ្ញាណ នៅពេល​គុណលក្ខណៈ​របស់​ទ្រង់​ក្លាយ​ជា​ផ្នែក​នៃ​បុគ្គលិក​លក្ខណៈ​របស់​អ្នក ។ អ្នក​ក៏​នឹង​បង្កើត​គ្រឹះ​សម្រាប់​បន្ត​ដើរ​តាម​ទ្រង់​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ។

អំណោយទាន​មកពី​ព្រះ

គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ​ជា​អំណោយទាន​មក​ពី​ព្រះ ។ ដូចជា​ការណ៍​ល្អ​គ្រប់យ៉ាង​ដែរ អំណោយទាន​ទាំងនេះ​បាន​មក​តាមរយៈ « ព្រះ​គុណ​នៃ​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( អេធើរ ១២:៤១ ) ។

ផ្ដោត​លើ​ព្រះគ្រីស្ទ ពេល​អ្នក​ខិតខំ​ដើម្បី​បណ្ដុះ​គុណលក្ខណៈ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ) ។ គុណលក្ខណៈ​ទាំងនេះ​មិនមែន​ជា​របស់​ដែល​នៅក្នុង​បញ្ជី​ត្រួតពិនិត្យ​នោះ​ទេ ។ វា​មិន​មែន​ជា​បច្ចេកទេស​ដែល​អ្នក​បង្កើត​នៅក្នុង​កម្មវិធី​ការអភិវឌ្ឍន៍​ខ្លួន​នោះ​ទេ ។ វា​មិនមែន​ទទួលបាន​តែ​តាមរយៈ​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​នោះ​ទេ ។ ផ្ទុយទៅវិញ អ្នក​អាច​ទទួល​វា នៅពេល​អ្នក​ខិតខំ​ដើម្បី​ប្រែក្លាយ​ជា​សិស្ស​ដ៏​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អធិស្ឋាន​ទូលសុំ​ឲ្យ​ព្រះ​ប្រទាន​គុណលក្ខណៈ​ទាំងនេះ​ដល់អ្នក ។ សូម​ស្គាល់​ភាពទន់ខ្សោយ​របស់​អ្នក​ដោយ​រាបទាប និង​តម្រូវការ​របស់​អ្នក​ដើម្បី​ទទួល​បាន​ព្រះចេស្តា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ ទ្រង់​នឹង « ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ [ អ្នក ] វិញ » ( អេធើរ ១២:២៧ ) ។

ដំណើរការ​សន្សឹមៗ

ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ​គឺជា​ដំណើរការ​ធ្វើ​ដោយសន្សឹមៗ​ពេញ​មួយ​ជីវិត ។ ដោយ​មាន​បំណងប្រាថ្នា​ចង់​ផ្គាប់​ព្រះហឫទ័យ​ព្រះ សូម​អភិវឌ្ឍ​ការសម្រេចចិត្ត​មួយ​ក្នុង​ពេល​តែមួយ ។

ចូរ​អត់ធ្មត់​ជាមួយ​ខ្លួនឯង ។ ព្រះ​ជ្រាប​ដឹង​ថា​ការផ្លាស់ប្តូរ និង​ការរីកចម្រើន​ត្រូវការ​ពេលវេលា ។ ទ្រង់​សព្វព្រះទ័យនឹង​បំណងប្រាថ្នា​ដ៏​ស្មោះសរ​របស់​អ្នក ហើយ​នឹង​ប្រទានពរ​ដល់​អ្នក​ចំពោះ​រាល់​ការខិតខំ​ប្រឹងប្រែង​ដែល​អ្នក​ធ្វើ ។

នៅពេល​អ្នក​ខិតខំ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​គ្រីស្ទ នោះ​បំណង​ប្រាថ្នា គំនិត និង​សកម្មភាព​របស់​អ្នក​នឹង​ផ្លាស់ប្តូរ ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​រាល់​និស្ស័យ​របស់​អ្នក​នឹង​ត្រូវ​បាន​កែលម្អ ( សូមមើល ម៉ូសាយ ៣:១៩ ) ។

ប៉ាលី ភី ប្រាត្ត

ព្រះវិញ្ញាណ​បរិសុទ្ធ​ពង្រីក និង​ពង្រឹង​សមត្ថភាព​របស់​យើង ។ ទ្រង់ « បំផុស​ឲ្យ​មាន​គុណធម៌ សប្បុរសធម៌ សេចក្ដីល្អ ភាពទន់ភ្លន់ ភាពផ្អែមល្ហែម និង​សេចក្ដី​សប្បុរស ។… សរុប​សេចក្ដី​ទៅ ព្រះវិញ្ញាណ​ជា​ខួរឆ្អឹង ជា​អំណរ​ដល់​ដួងចិត្ត ជា​ពន្លឺ​ដល់​កែវ​ភ្នែក តន្ត្រី​ដល់​ត្រចៀក និង​ជីវិត​ដល់​រាងកាយ​ទាំងមូល » ( ប៉ាលី ភី ប្រាត្ត Key to the Science of Theology [ ឆ្នាំ ១៨៥៥ ] ទំព័រ ៩៨–៩៩ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​បទគម្ពីរ​ខាងក្រោម​អំពី​ការស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ?

ចូរ​ក្រោក​ឡើង ហើយ​ដើរ ដោយ ស៊ីម៉ូន ឌីវី

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សម្រាប់​សេចក្តីជំនឿ​ដែល​នាំ​ទៅរក​សេចក្តី​សង្គ្រោះ អ្នក​ផ្ដោត​វា​សំខាន់​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កិច្ចការ ៤:១០–១២; ម៉ូសាយ ៣:១៧; មរ៉ូណៃ ៧:២៤–២៦ ) ។ នៅពេល​អ្នក​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ អ្នក​ទុក​ចិត្ត​លើ​ទ្រង់​ជា​ព្រះរាជបុត្រា​តែ​មួយ​នៃ​ព្រះ ។ អ្នក​មាន​ទំនុកចិត្ត​ថា នៅពេល​អ្នក​ប្រែចិត្ត អ្នក​នឹង​ត្រូវ​បាន​អត់ទោស​ពី​អំពើបាប​របស់​អ្នក​តាមរយៈ​ការពលិកម្ម​ធួន​របស់​ទ្រង់ ហើយ​ត្រូវបាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី៣ ២៧:១៦, ២០ ) ។

សេចក្ដីជំនឿ​គឺ​មិនមែន​ជា​ចំណេះដឹង​ដ៏​ឥតខ្ចោះ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ វា​គឺជា​ការធានា​មកពី​ព្រះវិញ្ញាណ​នៃ​អ្វី​ដែល​អ្នក​មើល​មិន​ឃើញ ប៉ុន្តែ​វា​ជា​ការពិត ។ ( សូម​មើល អាលម៉ា ៣២:២១ ) ។

អ្នក​បង្ហាញ​សេចក្ដីជំនឿ​របស់​អ្នក​តាមរយៈ​ទង្វើ ។ ទង្វើ​ទាំងនេះ​រួម​មាន​ការធ្វើ​តាម​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​រួម​ទាំង​ការបម្រើ​អ្នក​ដទៃ និង​ជួយ​ពួកគេ​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ ។ អ្នក​ក៏​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​តាមរយៈ​ការឧស្សាហ៍​ព្យាយាម ការប្រែចិត្ត និង​សេចក្ដី​ស្រឡាញ់ ។

សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​អំណាច ។ នៅពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​នឹង​ទទួល​បានពរ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ដែល​ស័ក្តិសម​នឹង​កាលៈទេសៈ​របស់​អ្នក ។ អ្នក​នឹង​អាច​ដកពិសោធន៍​អព្ភូតហេតុ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។ ( សូមមើល យ៉ាកុប ៤:៤–៧; មរ៉ូណៃ ៧:៣៣; ១០:៧ ) ។

សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រីកចម្រើន នៅពេល​អ្នក​កាន់តែ​ទំនាក់ទំនង​ជាមួយ​ទ្រង់ និង​ការបង្រៀន​របស់​ទ្រង់ ។ វា​នឹង​កើន​ឡើង នៅពេល​អ្នក​ស្រាវជ្រាវ​បទព្រះគម្ពីរ អធិស្ឋាន​ដោយ​ស្មោះសរ ហើយ​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។ ការសង្ស័យ និង​អំពើបាប​បំផ្លាញ​ជំនឿ ។

អែលឌើរ នែល អិល អាន់ឌើរសិន

« សេចក្ដី​ជំនឿ​ពុំ​គ្រាន់តែ​ជា​អារម្មណ៍​នោះ​ទេ វា​គឺជា​ការសម្រេចចិត្ត ។ ដោយ​មាន​ការអធិស្ឋាន ការសិក្សា ការគោរពប្រតិបត្តិ និង​សេចក្តីសញ្ញា​ទាំងឡាយ យើង​ស្ថាបនា និង​ពង្រឹង​ជំនឿ​របស់យើង ។ ការជឿ​របស់យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ក្លាយ​ជា​កញ្ចក់​ដ៏​មាន​អានុភាព ដែល​តាមរយៈ​នោះ​យើង​វិនិច្ឆ័យ​អ្វីៗ​ផ្សេង​ទៀត ។ បន្ទាប់មក នៅពេល​យើង​ឃើញ​ថា​ខ្លួន​យើង​ស្ថិត​ក្នុង​ជីវិត​ដ៏​លំបាក​នោះ​… យើង​មាន​កម្លាំង​ដើម្បី​ដើរ​ផ្លូវត្រូវ » ( នែល អិល អាន់ឌើរសិន « It’s True, Isn’t It? Then What Else Matters? » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧៤ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​សេចក្ដី​ជំនឿ​ជា​អ្វី ?

តើ​អ្នក​ទទួល​បាន​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ហើយ​តើ​តាម​រយៈ​សេចក្ដី​ជំនឿ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ?

តើ​ពរជ័យ​អ្វី​ខ្លះ​កើត​ឡើង​តាមរយៈ​សេចក្តីជំនឿ ?

ក្តីសង្ឃឹម​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ដោយ យ៉ូសែប ប្រ៊ីកឃី

សេចក្តី​សង្ឃឹម

ក្តីសង្ឃឹម​មិន​មែន​គ្រាន់តែ​ជា​ការគិត​ប្រកប​ដោយ​ក្តី​ប្រាថ្នា​នោះ​ទេ ។ ផ្ទុយទៅ​វិញ វា​គឺជា​ទំនុកចិត្ត​ដែល​មាន​មូលដ្ឋាន​នៅក្នុង​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះ​គ្រីស្ទ​ថា ព្រះ​នឹង​បំពេញ​តាម​ការសន្យា​របស់​ទ្រង់​ចំពោះ​អ្នក ( សូមមើល មរ៉ូណៃ ៧:៤២ ) ។ វា​គឺជា​ការរំពឹង​ទុក « សេចក្តី​ល្អ​ដែល​ត្រូវ​មក » តាមរយៈ​ព្រះគ្រីស្ទ ( ហេព្រើរ ៩:១១ ) ។

ប្រភព​នៃ​ក្តីសង្ឃឹម​ខ្លាំងក្លា​របស់​អ្នក​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្យាការី​មរមន​បានសួរ​ថា ៖ « តើ​អ្វី​ទៅ​ដែល​អ្នក​រាល់គ្នាសង្ឃឹម​ចង់​បាន ? » បន្ទាប់មក​លោក​បាន​ឆ្លើយថា « អ្នក​រាល់គ្នា​នឹង​មាន​សេចក្តីសង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់ឡើងវិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១; សូមមើល ខទី ៤០–៤៣ ) ។

នៅ​ពេល​អ្នក​ផ្តោត​សេចក្តី​សង្ឃឹម​របស់​អ្នក​លើ​ព្រះគ្រីស្ទ នោះ​អ្នក​មាន​ការ​ធានា​ថា​អ្វីៗ​ទាំងអស់​នឹង​ដំណើរការ​ជាមួយ​គ្នា​ដើម្បី​សេចក្តី​ល្អ​របស់​អ្នក ( សូមមើល គោលលទ្ធិ និងសេចក្ដី​សញ្ញា ៩០:២៤ ) ។ ការ​ធានា​នេះ​ជួយ​អ្នក​ឲ្យ​តស៊ូ​ដោយ​សេចក្ដី​ជំនឿ ពេល​អ្នក​ប្រឈម​មុខ​នឹង​ការ​សាកល្បង ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ពី​ការ​សាក​ល្បង និង​អភិវឌ្ឍ​ភាពធន់ និង​កម្លាំង​ខាង​វិញ្ញាណ​ផងដែរ ។ សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​ផ្តល់​ជា​យុថ្កា​មួយ​សម្រាប់​ព្រលឹង​របស់​អ្នក ( សូមមើល អេធើរ ១២:៤ ) ។

សេចក្តី​សង្ឃឹម​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុក​ចិត្ត​ថា ព្រះ​នឹង​លើក​តម្កើង​ការ​ប្រឹងប្រែង​សុចរិត​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​អ្នក ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១៧ ) ។

វិធី​មួយ​ដើម្បី​បង្កើន​សេចក្តី​សង្ឃឹម​គឺ​តាមរយៈ​ការ​ប្រែចិត្ត ។ ការ​ក្លាយ​ទៅ​ជា​ស្អាត​ស្អំ និង​ការ​ទទួល​បាន​ការ​អត់​ទោស​តាម​រយៈ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ បង្កើត និង​ធ្វើ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ ( សូមមើល អាលម៉ា ២២:១៦ ) ។

នីហ្វៃ​បានទូន្មាន​ថា « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប។ » ( នីហ្វៃទី២ ៣១:២០ ) ។ ពេល​អ្នក​រស់នៅ​តាម​ដំណឹងល្អ អ្នក​នឹង​រីកចម្រើន​នៅក្នុង​សមត្ថភាព​របស់​អ្នក​ដើម្បី​« ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ » ( រ៉ូម ១៥:១៣ ) ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« នៅ​ពេល​មាន​ទុក្ខ​លំបាក យើង​អាច​កាន់​ខ្ជាប់​នូវ​សេចក្ដី​សង្ឃឹម​ថា​អ្វីៗ​នឹង ‹ ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់ [ យើង ] › នៅពេល​យើង​ធ្វើ​តាម​ការ​ទូន្មាន​របស់​ព្យាការី​របស់​ព្រះ ។ សេចក្តី​សង្ឃឹម​បែបនេះ​ទៅលើ​ព្រះ សេចក្ដីល្អ​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់ ធ្វើ​ឲ្យ​យើង​មាន​ភាព​ក្លាហាន​ក្នុង​អំឡុង​ការ​ប្រឈម​ដ៏​លំបាក ហើយ​ផ្តល់​កម្លាំង​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា​មាន​ការ​គំរាម​កំហែង​ដោយ​សារតែ​ការ​ភ័យ​ខ្លាច ការ​សង្ស័យ និង​ការ​អស់​សង្ឃឹម » ( ឌៀថើរ អេហ្វ អុជដូហ្វ « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៣ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​សេចក្តី​សង្ឃឹម​គឺជា​អ្វី ហើយ​តើ​យើង​សង្ឃឹម​ចង់​បាន​អ្វី ?

ព្រះគ្រីស្ទ និង​កុមារា​កុមារី ដោយ មីនើរវ៉ា ធៀឆើត

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់

នៅគ្រា​មួយ​មាន​បុរស​ម្នាក់​បាន​ទូលសួរ​ព្រះយេស៊ូវ​ថា « ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត ? » ព្រះយេស៊ូវ​បាន​តប​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។ នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ។ ហើយ​បញ្ញត្តិ​ទី ២ ក៏​បែប​ដូចគ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៦–៣៩ ) ។

សេចក្តីសប្បុរស​គឺជា​« សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ វា​រាប់​បញ្ចូល​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​នៅអស់​កល្ប​ជានិច្ច​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ផង​ដែរ ។

ព្យាការី​មរមន​បានបង្រៀន​ថា​« ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ » ( មរ៉ូណៃ ៧:៤៨ ) ។ ពេល​អ្នក​អធិស្ឋាន​ដើម្បី​ឲ្យ​មាន​សេចក្ដី​សប្បុរស​បំពេញ​ដួងចិត្ត​របស់​អ្នក នោះ​អ្នក​នឹង​ភ្លក់​រសជាតិ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​មនុស្ស​ទូទៅ​នឹង​កើន​ឡើង ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ព្រួយ​បារម្ភ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សុភមង្គល​ដ៏​អស់​កល្ប​របស់​ពួកគេ ។ អ្នក​នឹង​ឃើញ​ពួកគេ​ជា​បុត្រា​បុត្រី​របស់​ព្រះ​ដែល​មាន​សក្ដានុពល​នៃ​ការ​ក្លាយ​ដូចជា​ទ្រង់ ហើយ​អ្នក​នឹង​ធ្វើ​ការ​ជំនួស​ពួកគេ ។

នៅ​ពេល​អ្នក​អធិស្ឋាន​សម្រាប់​អំណោយទាន​នៃ​សេចក្ដី​សប្បុរស អ្នក​នឹង​មិន​សូវ​មាន​ទំនោរ​ក្នុង​ការ​រស់នៅ​ក្នុង​អារម្មណ៍​អវិជ្ជមាន ដូចជា​កំហឹង ឬ​ការច្រណែន​នោះទេ ។ អ្នក​នឹង​ក្លាយ​ជា​អ្នក​មិន​សូវ​ចេះ​វិនិច្ឆ័យ ឬ​រិះគន់​អ្នក​ដទៃ ។ អ្នក​នឹង​មាន​បំណង​ប្រាថ្នា​កាន់តែ​ច្រើន​ដើម្បី​ព្យាយាម​យល់​ពី​ពួកគេ និង​ទស្សនៈ​របស់​ពួកគេ ។ អ្នក​នឹង​កាន់តែ​មាន​ភាព​អត់ធ្មត់ ហើយ​ព្យាយាម​ជួយ​មនុស្ស​ទូទៅ នៅពេល​ពួកគេ​ជួប​ការលំបាក ឬ​បាក់​ទឹកចិត្ត ។ ( សូមមើល មរ៉ូណៃ ៧:៤៥ ) ។

ដូចជា​សេចក្តី​ជំនឿ​ដែរ សេចក្តី​សប្បុរស​នាំ​ទៅ​រក​សកម្មភាព ។ អ្នក​ពង្រឹង​វា នៅពេល​អ្នក​បម្រើ​មនុស្ស​ដទៃ ហើយ​លះបង់​ដោយ​គ្មាន​ចង់​បាន​ការតប​ស្នង​មក​វិញ ។

សេចក្ដី​សប្បុរសគឺជា​ការផ្លាស់ប្តូរ ។ ព្រះវរបិតាសួគ៌​ប្រទាន​សេចក្ដីសប្បុរស « ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​… ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់​…ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ » ( មរ៉ូណៃ ៧:៤៨ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​សេចក្ដី​សប្បុរស​គឺជា​អ្វី ?

តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដី​សប្បុរស​ចេញ​ពី​បទគម្ពីរ​ខាងក្រោម​នេះ ?

នាង​អេសធើរ ( ម្ចាស់​ក្សត្រី​អេសធើរ ) ដោយ មីនើរវ៉ា ធៀឆើត

គុណធម៌

មាត្រា​នៃ​សេចក្ដី​ជំនឿ​( ១:១៣ )​ចែង​ថា​« យើង​ខ្ញុំ​ជឿ​លើ​ការ​ប្រព្រឹត្ត…​ដោយ​គុណធម៌ » ។ គុណធម៌​គឺជា​គន្លង​មួយ​នៃ​គំនិត និង​អាកប្បកិរិយា​ដែល​ផ្អែក​ទៅលើ​បទដ្ឋាន​សីលធម៌​ដ៏​ខ្ពង់ខ្ពស់ ។ វា​គឺជា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ ។ ផ្នែក​សំខាន់​មួយ​នៃ​គុណធម៌​គឺ​ការខិតខំ​ដើម្បី​មាន​ភាពស្អាតស្អំ និង​បរិសុទ្ធ​ខាងវិញ្ញាណ និង​ខាងរូបកាយ ។

គុណធម៌​មាន​ប្រភព​ចេញពី​គំនិត និង​បំណងប្រាថ្នា​របស់​អ្នក ។ ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​« ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់​ឈរ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤៥ ) ។ ផ្ដោតលើ​គំនិត​ដ៏​សុចរិត និង​លើក​ស្ទួយ ។ យក​គំនិត​ដែល​មិន​ស័ក្តិសម​ចេញពី​គំនិត​របស់​អ្នក ជា​ជាង​រស់នៅ​ជាមួយ​គំនិត​នោះ ។

គំនិត​របស់​អ្នក​ប្រៀប​ដូច​ជា​ឆាក​ក្នុង​រោង​កុន ។ ប្រសិន​បើ​អ្នក​បណ្តោយ​ឲ្យ​គំនិត​មិន​ល្អ​បន្ត​លើ​ឆាក​នៃ​គំនិត​របស់​អ្នក នោះ​អ្នក​ទំនង​ជា​នឹង​ធ្វើបាប ។ ប្រសិន​បើ​អ្នក​បំពេញ​គំនិត​របស់​អ្នក​ដោយ​​អ្វី​ដែល​ល្អ​យ៉ាង​សកម្ម អ្នក​ទំនង​ជានឹង​ទទួល​យក​អ្វី​ដែល​មាន​គុណធម៌ ហើយ​ចៀសវាង​ពីអ្វី​ដែល​អាក្រក់ ។ ត្រូវ​មាន​ប្រាជ្ញា​ចំពោះ​អ្វី​ដែល​អ្នក​អនុញ្ញាត​ឲ្យ​ចូល និង​បន្ត​នៅ​ដំណាក់កាល​និវត្តន៍​នៃគំនិត​របស់​អ្នក ។

នៅ​ពេល​អ្នក​ព្យាយាម​រស់នៅ​ប្រកប​ដោយ​គុណធម៌ នោះ​អ្នក​[ នឹង ] « មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​… ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជា​និច្ច » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤៥–៤៦ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​ការមាន​គុណធម៌​មាន​ន័យ​ដូចម្ដេច ?

សេចក្ដី​ទៀងត្រង់

សេចក្ដី​ទៀង​ត្រង់​កើត​ចេញ​ពី​បញ្ញត្តិ​ដ៏​ធំ​ទី​មួយ​ឲ្យ​ស្រឡាញ់​ព្រះ ( សូមមើល ម៉ាថាយ ២២:៣៧ ) ។ ដោយសារ​អ្នក​ស្រឡាញ់​ព្រះ អ្នក​ពិត​ជា​ស្មោះ​នឹង​ទ្រង់​គ្រប់​ពេល ។ ដូចជា​ពួក​កូនប្រុស​របស់​ហេលេមិន​ដែរ អ្នក « ដើរ​ដោយ​ស្មោះត្រង់​នៅ​ចំពោះ​ទ្រង់ » ( អាលម៉ា ៥៣:២១ ) ។

ពេល​អ្នក​មាន​សេចក្ដី​ទៀងត្រង់ អ្នក​យល់​ថា​មាន​រឿង​ត្រូវ និង​ខុស ហើយ​ថា​មាន​សេចក្ដី​ពិតទាំងស្រុង—គឺ​សេចក្ដី​ពិត​របស់​ព្រះ ។ អ្នក​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់អ្នក​ដើម្បី​ជ្រើសរើស​ស្របតាម​សេចក្ដីពិត​របស់​ព្រះ ហើយ​អ្នក​ប្រែចិត្ត​ភ្លាមៗ​នៅពេល​អ្នក​មិន​បាន​ធ្វើ​ដូច្នោះ ។ អ្វី​ដែល​អ្នក​ជ្រើសរើស​គិត—និង​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ពេល​ដែល​អ្នក​ជឿ​ថា​គ្មាន​អ្នក​ណា​កំពុង​មើល—គឺ​ជា​រង្វាស់​ដ៏​រឹងមាំ​នៃ​សេចក្ដី​ទៀងត្រង់​របស់​អ្នក ។

ដានីយ៉ែល​នៅក្នុង​រូង​សិង្ហ ក្លាក ខេលលី ផ្រាយ

សេចក្ដី​ទៀងត្រង់​មាន​ន័យថា អ្នក​មិន​បន្ទាប​បទដ្ឋាន ឬ​អាកប្បកិរិយា​របស់​អ្នក ដើម្បី​អ្នក​អាច​ទទួល​បាន​ការចាប់អារម្មណ៍ ឬ​ទទួល​យក​ដោយ​អ្នក​ដទៃ​នោះទេ ។ អ្នក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​ពេល​អ្នក​ដទៃ​សើច​ចំអក​ចំពោះ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការស្មោះត្រង់​ចំពោះ​ព្រះ​ក៏​ដោយ ( សូម​មើល នីហ្វៃទី១ ៨:២៤–២៨ ) ។ អ្នក​រស់​នៅ​ដោយ​កិត្តិយស​ក្នុង​គ្រប់​មជ្ឈដ្ឋាន រួមទាំង​របៀប​ដែល​អ្នក​តំណាង​ឲ្យ​ខ្លួនឯង​នៅ​លើ​អនឡាញ​ផងដែរ ។

ពេល​អ្នក​មាន​សេចក្ដី​ទៀតត្រង់ អ្នក​គោរពតាម​សេចក្ដីសញ្ញា​របស់​អ្នក​ជាមួយ​នឹង​ព្រះ ព្រម​ទាំង​ការតាំងចិត្ត​ដ៏​សុចរិត​របស់​អ្នក​ចំពោះ​អ្នក​ដទៃ ។

សេចក្ដី​ទៀងត្រង់​រួមបញ្ចូល​ការស្មោះត្រង់​ចំពោះ​ព្រះ ខ្លួនឯង ថ្នាក់​ដឹកនាំ​របស់​អ្នក និង​អ្នក​ដទៃ ។ អ្នក​មិន​កុហក លួច បន្លំ ឬ​បោកបញ្ឆោត​ឡើយ ។ នៅពេល​អ្នក​ធ្វើ​អ្វី​មួយ​ខុស អ្នក​ទទួល​ខុសត្រូវ ហើយ​ប្រែចិត្ត ជាជាង​ព្យាយាម​បង្ហាញ​អំពី​ភាពត្រឹមត្រូវ ឬ​ធ្វើ​ឲ្យ​វា​សម​ហេតុផល ។

នៅ​ពេល​អ្នក​រស់នៅ​ដោយ​សេចក្ដី​ទៀងត្រង់ នោះ​អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ក្នុង​ចិត្ត និង​ការគោរព​ចំពោះ​ខ្លួនឯង ។ ព្រះអម្ចាស់ និង​មនុស្ស​ដទៃ​នឹង​ទុកចិត្ត​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

តើ​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដី​ទៀងត្រង់​យ៉ាង​ដូចម្ដេច សូម្បី​តែ​ក្នុង​គ្រា​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​ទ្រង់ ?

តើ​កងទ័ព​កម្លោះ​នៅក្នុង​កងទ័ព​របស់​ហេលេមិន បាន​បង្ហាញ​សេចក្តី​ថ្លៃថ្នូរ​យ៉ាង​ដូចម្ដេច ?

តើ​ដានីយ៉ែល បង្ហាញ​សេចក្តី​ថ្លៃថ្នូរ​យ៉ាង​ដូច​ម្ដេច ? តើ​ព្រះបាន​ប្រទានពរ​ដល់​ដានីយ៉ែល​ដោយ​របៀបណា ?

ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ស្រឡាញ់​បងប្រុស​របស់​យ៉ូសែប ស្ម៊ីធ ឈ្មោះ ហៃរុម ?

បន្ថែម​សេចក្តីជំនឿ គុណធម៌ ដោយ វ៉លធើរ រ៉េន

ចំណេះ​ដឹង

ព្រះអម្ចាស់​បានប្រឹក្សា​ថា « ចូរ​ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។ ក្នុង​អំឡុងពេល​បេសកកម្ម​របស់​អ្នក និង​ពេញ​មួយ​ជីវិត​របស់​អ្នក ចូរ​ស្វែងរក​ចំណេះដឹង ជា​ពិសេស​ចំណេះដឹង​ខាងវិញ្ញាណ ។

សូម​សិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​ប្រសាសន៍​របស់​ព្យាការី​ដែល​មាន​ជីវិត​ផងដែរ ។ តាមរយៈ​ការសិក្សា និង​ការអធិស្ឋាន ស្វែងរក​ជំនួយ​សម្រាប់​សំណួរ​ជាក់លាក់ បញ្ហា​ប្រឈម និង​ឱកាស​នានា ។ រកមើល​វគ្គបទគម្ពីរ​ដែល​អ្នក​អាច​ប្រើ​ក្នុង​ការបង្រៀន និង​ក្នុងការឆ្លើយ​សំណួរ​អំពី​ដំណឹងល្អ ។

នៅពេល​អ្នក​សិក្សា​ដោយ​ឧស្សាហ៍ព្យាយាម និង​ពោរពេញ​ដោយ​ការអធិស្ឋាន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ។ ទ្រង់​នឹង​បង្រៀន​អ្នក និង​ប្រទាន​ដល់​អ្នក​នូវ​ការយល់ដឹង ។ ទ្រង់​នឹង​ជួយ​អ្នក​អនុវត្ត​ការបង្រៀន​ពី​ព្រះគម្ពីរ និង​ព្យាការី​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ជីវិត​របស់​អ្នក ។ ដូច​នីហ្វៃ​ដែរ អ្នក​អាច​និយាយ​ថា ៖

« ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​បទគម្ពីរ​ទាំង​ឡាយ ឯ​ចិត្ត​ខ្ញុំ​រំពឹងគិត​ពី​បទគម្ពីរ​ទាំង​នោះ ។… មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ឯចិត្ត​ខ្ញុំ​រំពឹងគិត​ជា​រៀង​រហូត​អំពី​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​មក » ( នីហ្វៃទី​២ ៤:១៥–១៦ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​ចំណោះដឹង​អាចជួយ​អ្នក​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​អាច​ទទួល​បាន​ចំណេះដឹង​ដោយ​របៀបណា ?

មនុស្ស​ចាំង​នឹង​ពន្លឺ​ព្រះអាទិត្យ

ការអត់ធ្មត់

ការអត់ធ្មត់​គឺជា​សមត្ថភាព​ដើម្បី​ទុកចិត្ដ​លើ​ព្រះ នៅពេល​អ្នក​ប្រឈមមុខ​នឹង​ការពន្យារ​ពេល ការប្រឆាំង ឬ​ការរងទុក្ខ ។ តាមរយៈ​សេចក្តី​ជំនឿ​របស់អ្នក អ្នក​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះ​ថា ពរជ័យ​ដែល​បាន​សន្យា​របស់ទ្រង់​នឹង​ត្រូវ​បាន​បំពេញ ។

ពេល​អ្នក​អត់ធ្មត់ អ្នក​មើល​ទៅ​ជីវិត​ចេញពី​ទស្សនៈ​ដ៏​អស់កល្ប ។ អ្នក​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ពរជ័យ ឬ​លទ្ធផល​ភ្លាមៗ​នោះ​ទេ ។ សេចក្ដី​ប៉ងប្រាថ្នា​ដ៏​សុចរិត​របស់អ្នក​ជា​ធម្មតា​នឹង​ត្រូវ​បានដឹង « មួយ​បន្ទាត់​ម្ដងៗ​…​ឯណេះ​បន្តិច ឯណោះ​បន្តិច » ( នីហ្វៃទី២ ២៨:៣០ ) ។ បំណងប្រាថ្នា​សុចរិត​មួយ​ចំនួន​ប្រហែលជា​មិន​អាច​ដឹង​បាន​រហូត​ដល់​ក្រោយពី​ជីវិត​នេះ ។

ការអត់ធ្មត់​មិន​មែន​ជា​ការខ្ជិល ឬ​ការបោះបង់​ដោយ​អកម្ម​ឡើយ ។ វា​គឺជា « [ ការប្រព្រឹត្ត ]​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច [ របស់​អ្នក ] » នៅពេល​អ្នក​បម្រើ​ព្រះ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៣:១៧ ) ។ អ្នក​ដាំ ស្រោចទឹក និង​បំប៉ន​គ្រាប់ពូជ ហើយ​ព្រះ​នឹង​បង្កើន​ផល « មិន​យូរ​មិន​ឆាប់ » ( អាលម៉ា ៣២:៤២; សូមមើល​ផងដែរ កូរិនថូស ទី១ ៣:៦–៨ ) ។ អ្នក​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ព្រះ ដោយ​ទុកចិត្ត​ថា ពេល​អ្នក​បានបំពេញ​ចំណែក​របស់​អ្នក ទ្រង់​នឹង​សម្រេច​កិច្ចការ​របស់​ទ្រង់​តាម​ពេលវេលា​របស់​ទ្រង់ និង​ស្រប​តាម​សិទ្ធិ​ជ្រើសរើស​ជា​បុគ្គល ។

ការអត់ធ្មត់​ក៏​មាន​ន័យ​ថា​នៅពេល​ដែល​អ្វីមួយ​មិន​អាច​ផ្លាស់ប្តូរ​បាន អ្នក​មក​ទទួល​យក​វា​ដោយ​ភាព​ក្លាហាន ព្រះគុណ និង​ជំនឿ ។

សូម​អភិវឌ្ឍ​ភាពអត់ធ្មត់​ជាមួយ​អ្នក​ដទៃ រួមទាំង​ដៃគូ​របស់អ្នក និង​មនុស្ស​ដែល​អ្នកបម្រើ​ផងដែរ ។ សូម​មាន​ចិត្ត​អត់ធ្មត់​ចំពោះ​ខ្លួន​ឯង​ផងដែរ ។ សូម​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព ខណៈពេល​ដែល​ដឹង​ថា អ្នក​នឹង​រីកចម្រើន​មួយ​ជំហាន​ម្តងៗ ។

ដូច​នឹង​លក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​ផ្សេង​ទៀត ការចម្រើន​ឡើង​ក្នុង​ការអត់ធ្មត់​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ ការអនុវត្ត​ការអត់ធ្មត់​អាច​មាន​ឥទ្ធិពល​ព្យាបាល​លើ​ព្រលឹង​អ្នក និង​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« ការអត់ធ្មត់​មាន​ន័យ​ថា​ជា​ការរង់ចាំ និង​ការកាន់ខ្ជាប់​យ៉ាង​សកម្ម ។ វា​មាន​ន័យ​ថា ទ្រាំទ្រ​នឹង​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព—ដោយ​ខិតខំ សង្ឃឹម ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ទទួល​បន្ទុក​ដោយ​អត់ធន់ ទោះ​ជា​បំណង​ក្នុង​ចិត្ត​យើង​ត្រូវបាន​ពន្យារ​ពេល​ក៏​ដោយ ។ សេចក្ដី​ខ្ជាប់ខ្ជួន​ពុំ​គ្រាន់តែ​ជា​ការកាន់ខ្ជាប់​ធម្មតា​នោះ​ទេ វា​គឺ​ជា​ការកាន់ខ្ជាប់​បាន​យ៉ាង​ល្អ ! » ( ឌៀថើរ អេស្វ អុជដូហ្វ « Continue in Patience » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៧ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​សិក្សា ម៉ូសាយ ២៨:១–៩ ។

  • តើ​អ្វី​ជា​បំណងប្រាថ្នា​របស់​ពួក​បុត្រា​របស់​ម៉ូសាយ ?

  • តើ​អ្វី​ទៅ​ជា​ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ ? ( សូមមើល អាលម៉ា ១៧:១០–១១; ២៦:២៧ ) ។

  • តើ​អ្វី​ខ្លះ​ជា​លទ្ធផល​នៃ​ការអត់ធ្មត់ និង​ការឧស្សាហ៍​ព្យាយាម​របស់​ពួកគេ ? ( សូមមើល អាលម៉ា ២៦ ) ។

សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

ហេតុអ្វី​ភាពអត់ធ្មត់​មាន​សារៈសំខាន់ ? តើ​ភាពអត់ធ្មត់ និង​សេចក្តីជំនឿ​ទាក់ទង​គ្នា​ដោយ​របៀប​ណា ?

ដោយគាប់​ព្រះទ័យ​ដល់​ព្រះ ( ព្រះ​យេស៊ូវ​កំពុង​អធិស្ឋាន​ជាមួយ​មាតា​របស់​ទ្រង់ ) ដោយ ស៊ីម៉ូន ឌីវី

ការបន្ទាបខ្លួន

ការបន្ទាបខ្លួន​គឺ​ជា​ការមាន​ឆន្ទៈ​ក្នុង​ការចុះចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។ វា​គឺជា​ការមាន​ឆន្ទៈ​ក្នុង​ការថ្វាយ​ការគោរព​ដល់​ទ្រង់​សម្រាប់​អ្វី​ដែល​បាន​សម្រេច ។ វា​គឺជា​ការងាយ​បង្រៀន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៦:៣២ ) ។ ការបន្ទាប​ខ្លួន​រួម​ទាំង​ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​ព្រះ និង​ការស្គាល់​នូវ​តម្រូវការ​ឥត​ឈប់​ឈរ​របស់អ្នក​ដើម្បី​ទទួល​ជំនួយ​របស់​ទ្រង់ ។ ទ្រង់​ជួយ​អ្នក​ដែល​មាន​ចិត្ត​រាបសា ។

ការបន្ទាបខ្លួន​គឺជា​សញ្ញាមួយ​នៃ​ភាពរឹងមាំ​ខាង​វិញ្ញាណ ពុំ​មែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ឡើយ ។ ការបន្ទាបខ្លួន​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​ខាង​វិញ្ញាណ ( សូមមើល អេធើរ ១២:២៧ ) ។

នៅពេល​អ្នក​ទុកចិត្ត​ព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន អ្នក​អាច​មាន​ការធានា​ថា​បទបញ្ញត្តិ​របស់​ទ្រង់​គឺ​សម្រាប់​ជា​ប្រយោជន៍​របស់​អ្នក ។ អ្នក​មាន​ទំនុកចិត្ត​ថា អ្នក​អាច​ធ្វើ​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​អ្នក បើ​អ្នក​ពឹងផ្អែក​លើ​ទ្រង់ ។ អ្នក​ក៏​ស្ម័គ្រចិត្ត​ទុកចិត្ត​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ធ្វើ​តាម​ដំបូន្មាន​របស់​ពួកលោក​ផងដែរ ។ ការបន្ទាបខ្លួន​នឹង​ជួយ​អ្នក​ឲ្យ​គោរព​ប្រតិបត្តិ ខិតខំ និង​បម្រើ ។

ពាក្យផ្ទុយ​នឹង​ការបន្ទាប​ខ្លួន​នោះ​គឺ​សេចក្តី​ឆ្មើងឆ្មៃ ។ ការ​មាន​សេចក្តី​ឆ្មើងឆ្មៃ​មាន​ន័យ​ថា​ដាក់​ការទុកចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ជាង​លើ​ព្រះ ។ វា​ក៏​មាន​ន័យ​ថា​រាប់​ថា​កិច្ចការ​ខាង​លោកិយ​សំខាន់​ជាង​កិច្ចការ​របស់​ព្រះ​ដែរ ។ សេចក្តី​ឆ្មើងឆ្មៃ​គឺជា​ការប្រកួតប្រជែង មនុស្ស​ដែល​មាន​សេចក្តីឆ្មើងឆ្មៃ​មាន​ចិត្ត​ចង់​បាន​ច្រើន ហើយ​សន្មត​ថា​ពួកគេ​ល្អ​ជាង​អ្នក​ដទៃ ។ សេចក្តីឆ្មើងឆ្មៃ គឺជា​ឧបសគ្គ​ដ៏​ធំ ។

ការសិក្សា​ព្រះគម្ពីរ

តើ​ការបន្ទាបខ្លួន​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​បាន ពេល​អ្នក​បន្ទាប​ខ្លួន ?

តើ​អ្នក​អាច​ស្គាល់​សេចក្តី​ឆ្មើងឆ្មៃ​នៅក្នុង​ខ្លួន​របស់​អ្នក​ដោយ​របៀប​ណា ?

សាវក​ប៉ុល​កំពុង​បង្រៀន​ហ្វូង​មនុស្ស

ការឧស្សាហ៍​ព្យាយាម

សេចក្តី​ឧស្សាហ៍ព្យាយាម គឺជា​ការខិតខំ​ដ៏​ជាប់លាប់ និង​ពិតប្រាកដ ។ នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ការឧស្សាហ៍​ព្យាយាម​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ។ នៅពេល​អ្នក​ឧស្សាហ៍​ព្យាយាម នោះ​អ្នក​នឹង​ឃើញ​នូវ​អំណរ និង​ការពេញចិត្ត​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូមមើល អាលម៉ា ២៦:១៦ ) ។

ការឧស្សាហ៍​ព្យាយាម​រួមមាន​ការធ្វើ​រឿង​ល្អៗ​ជាច្រើន​តាម​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​អ្នក ជំនួស​ឲ្យ​ការរង់ចាំ​ថ្នាក់​ដឹកនាំ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧–២៩ ) ។

សូម​បន្ត​ធ្វើ​ល្អ ទោះ​លំបាក ឬ​​ហត់​នឿយក៏​ដោយ ។ ប៉ុន្តែ​ស្គាល់​ពី​តម្រូវការ​ក្នុង​ការ​មាន​តុល្យភាព និង​ការសម្រាក ដើម្បី​អ្នក​មិន « រត់​លឿន​ជាង​កម្លាំង ដែល [ អ្នក ] មាន​នោះ​ឡើយ » ( ម៉ូសាយ ៤:២៧ ) ។

សូម​ផ្ដោត​ចិត្ត និង​ចំណាប់អារម្មណ៍​របស់​អ្នក​ទៅ​លើ​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ។ សូម​ចៀសវាង​អ្វី​ដែល​រំខាន​អ្នក​ពី​អាទិភាព​របស់អ្នក ។ សូម​ផ្តោតលើ​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​របស់អ្នក​លើ​សកម្មភាព​ដែល​នឹង​មាន​ប្រសិទ្ធភាព​បំផុត​នៅ​តំបន់​របស់អ្នក និង​មាន​ប្រយោជន៍​បំផុត​ចំពោះ​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។

ប្រធាន ហិនរី ប៊ី អាវរិង

« នេះ​គឺជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​ហៅ​យើង ហើយ​ទុកចិត្ត​យើង សូម្បីតែ​ទ្រង់​ជ្រាបដឹង​ថា​យើង​មាន​ភាពទន់ខ្សោយ​ក្តី ។ ទ្រង់​ជ្រាបដឹង​ពី​ឧបសគ្គ​ដែល​យើង​ប្រឈមមុខ ។ តាមរយៈ​ការបម្រើ​ដ៏​ស្មោះត្រង់ និង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ប្រាថ្នា​ចង់បាន​អ្វី​ដែល​គាប់ព្រះទ័យ​ទ្រង់ ហើយ​ប្រែក្លាយ​ជា​មនុស្ស​បែបណា ដើម្បី​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​យើង​បម្រើ​ជំនួស​ទ្រង់ ។ កាល​យើង​បម្រើ​ទ្រង់​យូរ​គ្រប់គ្រាន់​ល្មម ហើយ​ដោយ​សេចក្តីឧស្សាហ៍​ព្យាយាម នោះ​យើង​នឹង​​ផ្លាស់ប្តូរ ។ យើង​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ( ហិនរី ប៊ី អាវរិង « Act in All Diligence » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦២–៦៣ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​ការ​ឧស្សាហ៍​ព្យាយាម​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

ហេតុអ្វី​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ឧស្សាហ៍​ព្យាយាម ?

តើ​ការឧស្សាហ៍​ព្យាយាម​ទាក់ទង​នឹង​សិទ្ធិជ្រើសរើស​ដោយ​របៀប​ណា ?

កងទ័ព​វ័យ​ក្មេង​ពីរពាន់​នាក់ ( កងទ័ព​កម្លោះ​ពីរពាន់​នាក់ ) ដោយ អាណុល ហ្វ្រីបើក

ការគោរព​ប្រតិបត្តិ

ការបម្រើ​របស់អ្នក​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​គឺជា​ការបន្ថែម​នៃ​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ព្រះ​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​ពិសិដ្ឋ នោះ​អ្នក​បាន​ធ្វើ​សេចក្ដីសញ្ញា​ថា អ្នក​នឹង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

ស្ដេច​បេនយ៉ាមីន​មាន​បន្ទូល​ថា « ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ ) ។

ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​គឺជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ១៤:១៥ ) ។ ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា « បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដែរ » ( យ៉ូហាន ១៥:១០ ) ។

សូម​ធ្វើតាម​គោលការណ៍​ណែនាំ​នៅក្នុង បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ធ្វើ​តាម​ការទូន្មាន​របស់​ប្រធាន​បេសកកម្ម​របស់​អ្នក និង​ភរិយា​របស់​គាត់​ផងដែរ នៅពេល​ពួកគាត់​ទូន្មាន​អ្នក​ដោយ​សេចក្តីសុចរិត ។

អែលឌើរ ឌែល ជី រិនឡាន់

« ការគោរព​ប្រតិបត្តិ​គឺ​ជា​ជម្រើសរបស់​យើង ។ ព្រះអង្គសង្គ្រោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​រឿងនេះ ។ ដូចដែល​បាន​ថ្លែង​នៅក្នុង​ការបកប្រែ​ដោយយ៉ូសែប ស្ម៊ីធ នៃ លូកា ១៤:២៨ ព្រះយេស៊ូវ​បាន​ណែនាំ​ថា ‹ តាំង​វា​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​អ្នក​នឹង​ធ្វើ​នូវ​រឿង​ទាំងឡាយ ដែល​យើង​នឹង​បង្រៀន ហើយ​បញ្ជា​ដល់​អ្នក › ។ វា​គឺ​សាមញ្ញ​ណាស់ ។… នៅពេល​យើង​ធ្វើ​ដូច្នេះ ស្ថេរភាព​ខាងវិញ្ញាណ​របស់​យើង​នឹង​ត្រូវ​បានពង្រឹង​យ៉ាងខ្លាំង ។ យើង​នឹង​ចៀសវាង​ការខ្ជះខ្ជាយ​ធនធាន​ដែល​ព្រះ​បាន​ប្រទាន​មក ហើយ​ចៀសវាង​ការ​គ្មាន​ផលិតភាព និង​ការផ្លិចបំផ្លាញ​ក្នុង​ជីវិត​របស់​យើង » ( ឌែល ជី រិនឡាន់ « Constructing Spiritual Stability » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នា​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ ] ទំព័រ ២ speeches.byu.edu ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​ការគោរព​ប្រតិបត្តិ​មកពី​ការធ្វើ​តាម​បទគម្ពីរ ?

ព្រះគ្រីស្ទ និង​ពួក​អ្នក​នេសាទត្រី ( តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្វី​ទាំងនេះ​ទេ ) ដោយ ជេ ខឺក រីឆាដ

គំរូ​សម្រាប់​ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ

គំរូ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ និង​ទទួលបាន​គុណលក្ខណៈ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ជំពូក​នេះ និង​គុណលក្ខណៈ​ផ្សេង​ទៀត​ដែល​បានពិពណ៌នា​នៅក្នុង​បទគម្ពីរ​នេះ ៖

  • កំណត់​គុណលក្ខណៈ​ដែល​អ្នក​ចង់​ស្វែងរក ។

  • សរសេរ​ការ​ពិពណ៌នា​អំពី​គុណលក្ខណៈ​នេះ ។

  • រាយបញ្ជី និង​សិក្សា​វគ្គបទគម្ពីរ​ដែល​បង្ហាញ​ឧទាហរណ៍​នៃ​គុណលក្ខណៈ ឬ​ដែល​បង្រៀន​អំពី​វា ។

  • សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក ។

  • ដាក់​គោលដៅ និង​រៀបចំ​ផែនការ​ដើម្បី​រីកចម្រើន​នៅក្នុង​គុណលក្ខណៈ​នេះ ។

  • សូម​អធិស្ឋាន​ឲ្យ​ព្រះ​ជួយ​អ្នក​ក្នុង​ការអភិវឌ្ឍន៍ និង​ទទួល​បាន​គុណលក្ខណៈ​នេះ ។

  • សូម​វាយតម្លៃ​ការរីក​ចម្រើន​របស់​អ្នក​តាម​កាលកំណត់ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល ចង់ កែលម្អ ដែល​ទទួល​ស្គាល់​ថា គេ​ត្រូវការ​បទបញ្ញត្តិ​ហើយ ព្យាយាម រក្សា​វា ដែល​រីករាយ​នឹង​គុណធម៌​ដូច​ព្រះគ្រីស្ទ ហើយ ខិតខំ អស់ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​វា ។ ប្រសិន​បើ​អ្នក​ជំពប់ដួល​ពេល​កំពុង​ព្យាយាម​នោះ កាល​មនុស្ស​គ្រប់រូប​ជំពប់​ដួល​ដែរ នោះ​ព្រះអង្គ​សង្គ្រោះ​គង់​នៅចាំ​ជួយ​អ្នក​ឲ្យ​បន្ដ​ដើរ​ទៅមុខ​ទៀត ។… មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ទទួល​បានជ័យជំនះ​ដែល​អ្នក​ស្វែងរក​នោះ » ( ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៦ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​គុណលក្ខណៈ​ពី​ជំពូក​នេះ ឬ​ពី​ព្រះគម្ពីរ ។ សូម​ធ្វើ​តាម​គំរូ​ដែល​បានពិពណ៌នា ដើម្បី​យល់ និង​ស្វែងរក​គុណលក្ខណៈ​នោះ ។

សូម​ក្រឡេកមើល​ស្លាក​ឈ្មោះ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។ តើ​វា​ខុស​ប្លែក​ពី​ស្លាកឈ្មោះ​ដែល​បុគ្គលិក​ក្រុមហ៊ុន​ពាក់​ដោយ​របៀប​ណា ? សូម​ចំណាំ​ថា ផ្នែក​ដែល​លេចធ្លោ​បំផុតពីរ​គឺ​ឈ្មោះ​របស់​អ្នក និង​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​អាច​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសើរ​ជាង​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ទ្រង់​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​មនុស្ស​ក្នុង​ការភ្ជាប់​ឈ្មោះ​របស់​អ្នក​ជាមួយ​នឹង​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​តាម​របៀប​វិជ្ជមាន ?

សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

សូម​ពិនិត្យមើល​គុណលក្ខណៈ​ដែល​បាន​រាយ​ក្នុង​បទគម្ពីរ​ខាង​ក្រោម ។ សូម​កត់ត្រា​រាល់​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​បំពេញ​តាម​ការកំណត់ « សកម្មភាព​អំពី​គុណលក្ខណៈ » នៅ​ចុងបញ្ចប់​នៃ​ជំពូក​នេះ ។

  • ស្វែងរក​គុណលក្ខណៈ​មួយ​នៅក្នុង​ជំពូក​នេះ ។ ចូរ​សួរ​ខ្លួន​ឯង ៖

    • តើ​ខ្ញុំ​អាច​រៀន​បន្ថែម​ទៀត​អំពី​គុណលក្ខណៈ​នេះ​ដោយ​របៀប​ណា ?

    • តើ​ការស្វែងរក​គុណលក្ខណៈ​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ផ្ដល់​ការងារបម្រើ​ដ៏​ប្រសើរ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • សូម​ស្វែងរក​គំរូ​នៃ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​បុរស និង​ស្ត្រី​នៅក្នុង​ព្រះគម្ពីរ ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • សូម​ស្វែងរក​ឧទាហរណ៍​នៃ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​តន្ត្រី​ដ៏​ពិសិដ្ឋ​នៃ​សាសនាចក្រ ។ នៅពេល​អ្នក​ស្វែងរក​គុណលក្ខណៈ​មួយ សូម​ទន្ទេញ​ពាក្យ​នៃ​ទំនុកតម្កើង ឬ​ចម្រៀង ដើម្បី​ស្វែងរក​កម្លាំង និង​អំណាច ។ សូម​ច្រៀង​ឡើង​វិញ ឬ​ច្រៀង​ពាក្យ​ឲ្យ​ខ្លួន​ឯង​ស្ដាប់​ដើម្បី​ទទួល​ការបំផុស​គំនិត និង​ដើម្បី​យាងឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • ការសិក្សា​សេចក្តីយោង​ពី​គុណលក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​ធនធាន​ដែល​បាន​អនុម័ត​ផ្សេង​ទៀត ។ ពិភាក្សា​ពី​របៀប​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ។ អ្នក​ក៏​អាច​ពិភាក្សា​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់​អ្នក​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ​គ្រីស្ទ​ផងដែរ ។

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • ពីរបី​ថ្ងៃ​មុន​ការប្រជុំ​ក្រុម​ប្រឹក្សា ឬ​សន្និសីទ សូម​សុំ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​រៀបចំ​សុន្ទរកថា​រយៈពេល​ប្រាំ​នាទី​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។ សូម​ទុកពេល​នៅក្នុង​ការប្រជុំ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរបីនាក់​ដើម្បី​ចែកចាយ​ការពិភាក្សា​របស់​ពួកគេ ។

  • សូម​បែងចែក​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​បួន​ក្រុម ហើយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​កិច្ចការ​ដូច​ខាង​ក្រោម ៖

    ក្រុម​ទី ១ ៖ អាន នីហ្វៃទី១ ១៧:៧–១៦ ហើយឆ្លើយ​សំណួរ​ខាងក្រោម ៖

    • តើ​នីហ្វៃ​បាន​អនុវត្ត​សេចក្តី​ជំនឿ​របស់​គាត់​តាម​របៀប​ណា ?

    • តើ​នីហ្វៃ​បាន​ធ្វើ​អ្វីខ្លះ​ដែល​មាន​ដូចជា​ព្រះគ្រីស្ទ ?

    • តើ​មាន​សេចក្ដីសន្យា​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជា​មួយ​នីហ្វៃ ?

    • តើ​ដំណើររឿង​នេះ​អនុវត្ត​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

    ក្រុម​ទី ២ ៖ អាន ម៉ាកុស ៥:២៤–៣៤ ហើយ​ឆ្លើយ​សំណួរខាង​ក្រោម ៖

    • តើ​ស្រ្តី​នេះ​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

    • ហេតុអ្វី​បាន​ជា​នាង​បាន​ជា​សះស្បើយ ?

    • តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​នាង​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ដោយ​របៀប​ណា ?

    ក្រុម​ទី ៣ ៖ អាន យ៉ាកុប ៧:១–១៥ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ៖

    • ហេតុអ្វី​បាន​ជា​ជំនឿ​របស់​យ៉ាកុប​រឹងមាំ​ល្មម​នឹង​ទប់ទល់​នឹង​ការវាយ​ប្រហារ​របស់ សេរេម ?

    • តើ​យ៉ាកុប​អនុវត្ត​សេចក្ដី​ជំនឿ​យ៉ាង​ណា ពេល​គាត់​និយាយ​ជា​មួយ​សេរេម ?

    • តើ​ការប្រព្រឹត្ត​របស់​យ៉ាកុប មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

    ក្រុម​ទី ៤ ៖ អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១៨ និង​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖

    • តើ​យ៉ូសែប ស្ម៊ីធ បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណាខ្លះ ?

    • តើ​សេចក្តី​ជំនឿ​របស់​លោក​ត្រូវ​បាន​សាកល្បង​ដោយ​របៀបណា ?

    • តើ​លោក​បាន​ធ្វើ​អ្វី​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះ​គ្រីស្ទ ?

    • តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​យ៉ូសែប ស្ម៊ីធ​ដោយ​របៀបណា ?

    បន្ទាប់ពី​ក្រុម​ទាំងអស់​បាន​បញ្ចប់​រួចរាល់​ហើយ សូម​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ជុំ​គ្នា ហើយ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • សូម​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​អាន​ដំណឹងល្អ​មួយ​ក្នុង​ចំណោម​គម្ពីរ​ទាំង​បួន​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ឬ នីហ្វៃទី៣ ១១–២៨ ។ សូម​ឲ្យ​ពួកគេ​គូស​ចំណាំ​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ដែល​ពួកគេ​ក៏​អាច​ធ្វើបាន​ផងដែរ ។

  • សូម​ប្រើ​ការដាក់​គោលដៅ និង​ផែនការ​ដើម្បី​បង្រៀន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អំពី​ភាព​ឧស្សាហ៍​ព្យាយាម ។ បង្ហាញ​ពី​របៀប​ដែល​ការឧស្សាហ៍​ព្យាយាម​ផ្តោតលើ​អ្នករៀន គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់ ។

  • អំឡុងពេល​សម្ភាសន៍ ឬ​ក្នុង​ការសន្ទនា សូម​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​អំពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​ពួកគេ​កំពុង​ស្វែងរក ។

សកម្មភាព​អំពី​គុណលក្ខណៈ

គោលបំណង​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ឱកាស​សម្រាប់​ការលូតលាស់​ខាងវិញ្ញាណ ។ សូមអាន​ចំណុច​នីមួយៗ​ខាងក្រោម ។ សូម​សម្រេចចិត្ត​ថាតើ​សេចក្តី​ថ្លែងការណ៍​នោះ​ពិត​ប៉ុនណា​អំពី​អ្នក ហើយ​ជ្រើសរើស​ការឆ្លើយតប​ដែល​ត្រឹមត្រូវ ។ សូម​កត់ត្រា​ការឆ្លើយតប​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

គ្មាន​នរណា​ម្នាក់ អាច​ឆ្លើយតប​ទៅ​នឹង​រាល់​សេចក្តី​ថ្លែងការណ៍ « ជានិច្ច » នោះ​ទេ ។ ការរីកចម្រើន​ខាង​វិញ្ញាណ​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ នោះ​គឺជា​ហេតុផល​មួយ​ដែល​វា​គួរ​ឲ្យ​រំភើប និង​គួរ​ផ្តល់​រង្វាន់ ពី​ព្រោះ​វា​មាន​ឱកាស​រាប់​មិន​អស់​ដើម្បី​រីក​ចម្រើន និង​ទទួលបាន​ពរជ័យ​នៃ​ការរីក​ចម្រើន ។

សូម​មាន​ទំនុកចិត្ត​ចំពោះ​ការចាប់​ផ្តើម​ពីចំណុច​របស់អ្នក ។ សូម​តាំងចិត្ត​ខ្លួន​ឯង​ដើម្បី​ធ្វើ​កិច្ចការ​ខាងវិញ្ញាណ​ដែល​ត្រូវការ ជាចាំបាច់​ចំពោះ​ការរីកចម្រើន ។ សូម​ស្វែងរក​ជំនួយ​របស់​ព្រះ ។ ពេល​អ្នក​មាន​ការលំបាក សូម​មាន​ទំនុកចិត្ត​ថា​ទ្រង់​នឹង​ជួយ​អ្នក ។ នៅពេល​អ្នក​អធិស្ឋាន សូម​ស្វែងរក​ការណែនាំ​អំពី​គុណលក្ខណៈ​ដែល​ត្រូវ​ផ្តោតលើ​ពេល​ផ្សេងៗ​ក្នុង​អំឡុងពេល​បេសកកម្ម​របស់​អ្នក ។

គន្លឹះ​ចម្លើយ

  • ១ = មិន​ដែល​សោះ

  • ២ = ពេលខ្លះ

  • ៣ = ញឹកញាប់

  • ៤ = ស្ទើរតែ​ជានិច្ចកាល

  • ៥ = ជានិច្ចកាល

សេចក្តី​ជំនឿ

  1. ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ ហើយ​ព្រមទទួល​ថាទ្រង់ជា ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ( នីហ្វៃទី២ ២៥:២៩ )

  2. ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​ស្រឡាញ់​ខ្ញុំ ។ ( នីហ្វៃទី១ ១១:១៧ )

  3. ខ្ញុំទុកចិត្ត​លើ​ព្រះអង្គសង្គ្រោះ​ល្មម​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ហើយ​ធ្វើអ្វី​ដែល​ទ្រង់បង្គាប់ ។ ( នីហ្វៃទី១ ៣:៧ )

  4. ខ្ញុំ​ជឿ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​អាច​ទទួល​ការអភ័យទោស​ពី​អំពើបាប​របស់ខ្ញុំ ហើយ​ញែក​ជា​បរិសុទ្ធ នៅពេល​ខ្ញុំ​ប្រែចិត្ត ។ ( អេណុស ១:២–៨ )

  5. ខ្ញុំ​ជឿ​ថា ព្រះ​ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការ​អធិស្ឋាន​របស់​ខ្ញុំ ។ ( ម៉ូសាយ ២៧:១៤ )

  6. ខ្ញុំ​គិត​អំពី​ព្រះអង្គ​សង្គ្រោះ​នៅពេល​ថ្ងៃ ហើយ​ចងចាំ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧៧, ៧៩ )

  7. ខ្ញុំ​មាន​ជំនឿ​ថា ព្រះ​នឹង​នាំ​មក​នូវ​រឿង​ល្អៗ​ក្នុង​ជីវិត​ខ្ញុំ និង​ជីវិត​អ្នក​ដទៃ ពេល​យើង​លះបង់​ខ្លួន​យើង​ចំពោះ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ ។ ( អេធើរ ១២:១២ )

  8. ខ្ញុំ​ដឹង​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​ពិត ។ ( មរ៉ូណៃ ១០:៣–៥ )

  9. ខ្ញុំ​មាន​ជំនឿ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ព្រះគ្រីស្ទ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។ ( មរ៉ូណៃ ៧:៣៣ )

សេចក្តី​សង្ឃឹម

  1. បំណងប្រាថ្នា​ដ៏​ធំ​បំផុត​មួយ​របស់ខ្ញុំ គឺ​​ទទួល​បានជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​នៅក្នុង​នគរ​សេឡេស្ទាល ។ ( មរ៉ូណៃ ៧:៤១ )

  2. ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ខ្ញុំ​នឹង​មាន​បេសកកម្ម​ដ៏​រីករាយ និង​ជោគជ័យ ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣១:៣–៥ )

  3. ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​សុទិដ្ឋិនិយម អំពី​អនាគត ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២៣ )

  4. ខ្ញុំ​ជឿ​ថា ថ្ងៃណាមួយ ខ្ញុំ​នឹង​រស់នៅជាមួយ​ព្រះ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ( អេធើរ ១២:៤ )

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់

  1. ខ្ញុំ​មាន​បំណង​ដ៏​ស្មោះសរ​ដើម្បី​ទទួល​បាន​សុខុមាលភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​សុភមង្គល​នៃ​អ្នក​ដទៃ ។ ( ម៉ូសាយ ២៨:៣ )

  2. នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​បាន​ទូលសូម​​សេចក្ដីសប្បុរស—ដែលជា​សេចក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ ។ ( មរ៉ូណៃ ៧:៤៥–៤៨ )

  3. ខ្ញុំ​ព្យាយាម​យល់​ពី​អារម្មណ៍​អ្នក​ដទៃ និង​មើល​ឃើញ​ពី​ទស្សនៈ​របស់​ពួកគេ ។ ( ពួកចៅហ្វាយ ១:២២ )

  4. ខ្ញុំ​អត់ទោស​ឲ្យ​អ្នក​ផ្សេង​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់​ចិត្ត និង​បង្ខូច​ខ្ញុំ ។ ( អេភេសូរ ៤:៣២ )

  5. ខ្ញុំ​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ជួយ​អ្នក​ដែល​ឯកោ ពុះពារ ឬ​បាក់​ទឹកចិត្ត ។ ( ម៉ូសាយ ១៨:៩ )

  6. នៅពេល​សមស្រប ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការយក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ ដោយ​ផ្ដល់​ការងារបម្រើ​ដល់​ពួកគេ​តាមរយៈ​ពាក្យសម្តី និង​ទង្វើ ។ ( លូកា ៧:១២–១៥ )

  7. ខ្ញុំ​រកមើល​ឱកាស​ដើម្បី​បម្រើ​អ្នក​ដទៃ ។ ( ម៉ូសាយ ២:១៧ )

  8. ខ្ញុំ​និយាយ​រឿង​វិជ្ជមាន​អំពី​អ្នកដទៃ ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២៧ )

  9. ខ្ញុំ​មាន​ចិត្ត​សប្បុរស និង​អត់ធ្មត់​ជាមួយ​អ្នក​ដទៃ ទោះ​បី​ជា​ពួកគេ​ពិបាក​ចុះ​សម្រុង​ជាមួយ​ក៏​ដោយ ។ ( មរ៉ូណៃ ៧:៤៥ )

  10. ខ្ញុំ​រីករាយ​នឹង​ជោគជ័យ​របស់​អ្នក​ដទៃ ។ ( អាលម៉ា ១៧:២–៤ )

គុណធម៌

  1. ខ្ញុំ​មាន​ដួងចិត្ត​ស្អាតស្អំ និង​បរិសុទ្ធ ។ ( ទំនុក​ដំកើង ២៤:៣–៤ )

  2. ខ្ញុំ​មាន​បំណងប្រាថ្នា​ធ្វើ​ល្អ ។ ( ម៉ូសាយ ៥:២ )

  3. ខ្ញុំ​ផ្ដោត​លើ​គំនិត​សុចរិត លើកតម្កើង ហើយ​ដក​គំនិត​ដែល​មិនល្អ​ចេញ​ពី​ចិត្ត​របស់ខ្ញុំ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៤៥ )

  4. ខ្ញុំ​ប្រែចិត្ត​ពីអំពើបាប​របស់ខ្ញុំ ហើយ​ព្យាយាម​ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់ខ្ញុំ ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:២៦–២៨; អេធើរ ១២:២៧ )

  5. ខ្ញុំ​ទទួល​អារម្មណ៍​នៃ​អានុភាព​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១២–១៣ )

សេចក្ដី​ទៀងត្រង់

  1. ខ្ញុំ​ពិត​ចំពោះ​ព្រះ​គ្រប់​ពេលវេលា ។ ( ម៉ូសាយ ១៨:៩ )

  2. ខ្ញុំ​មិន​បន្ទាប​បទដ្ឋាន ឬ​អាកប្បកិរិយា​របស់​ខ្ញុំ​ទេ ដើម្បី​ខ្ញុំ​អាច​ចាប់អារម្មណ៍ ឬ​ឲ្យ​អ្នក​ដទៃ​ទទួល​យក​ខ្ញុំ​ទេ ។ ( នីហ្វៃទី១ ៨:២៤–២៨ )

  3. ខ្ញុំ​ស្មោះត្រង់​ជាមួយ​ព្រះ ខ្លួន​ខ្ញុំ ថ្នាក់​ដឹកនាំ​របស់ខ្ញុំ និង​អ្នកដទៃ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥១:៩ )

  4. ខ្ញុំ​ជា​មនុស្ស​អាច​ពឹងអាស្រ័យ​បាន ។ ( អាលម៉ា ៥៣:២០ )

ចំណេះ​ដឹង

  1. ខ្ញុំ​មាន​ទំនុកចិត្ត​នៅក្នុង​ការយល់ដឹង​របស់ខ្ញុំ​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃដំណឹងល្អ ។ ( អាលម៉ា ១៧:២–៣ )

  2. ខ្ញុំ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ ( ធីម៉ូថេ ទី២ ៣:១៦–១៧ )

  3. ខ្ញុំ​ខិតខំ​ស្វែងយល់​សេចក្តីពិត និង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខ្ញុំ ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៧ )

  4. ខ្ញុំ​ស្វែងរក​ចំណេះដឹង និង​ការណែនាំ​តាមរយៈ​ព្រះវិញ្ញាណ ។ ( នីហ្វៃទី១ ៤:៦ )

  5. ខ្ញុំ​ស្រឡាញ់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ( នីហ្វៃទី២ ៤:១៥ )

ការអត់ធ្មត់

  1. ខ្ញុំ​រង់ចាំ​ដោយ​អត់​ធ្មត់​នូវ​ពរជ័យ និង ការសន្យា​ទាំងឡាយ​របស់​ព្រះ​អម្ចាស់​ដែល​នឹង​បំពេញ ។ ( នីហ្វៃទី២ ១០:១៧ )

  2. ខ្ញុំ​អាច​រង់ចាំបាន​ដោយ​គ្មាន​ការអាក់អន់ចិត្ត ឬ​ស្មុគស្មាញ​ឡើយ ។ ( រ៉ូម ៨:២៥ )

  3. ខ្ញុំ​អត់ធ្មត់​ជាមួយ​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ( អាលម៉ា ១៧:១១ )

  4. ខ្ញុំ​អត់ធ្មត់​ជាមួយ​អ្នក​ដទៃ ។ ( រ៉ូម ១៥:១ )

  5. ខ្ញុំ​អត់ធ្មត់​នឹង​ខ្លួន​ឯង ហើយ​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ នៅពេល​ខ្ញុំ​ខិតខំ​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់ខ្ញុំ ។ ( អេធើរ ១២:២៧ )

  6. ខ្ញុំ​អាច​ប្រឈមមុខ​នឹង​ទុក្ខលំបាក​ដោយភាព​អត់ធ្មត់ និង​សេចក្តីជំនឿ ។ ( អាលម៉ា ៣៤:៤០–៤១ )

ការបន្ទាបខ្លួន

  1. ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព​ក្នុង​ចិត្ត ។ ( ម៉ាថាយ ១១:២៩ )

  2. ខ្ញុំ​ពឹងផ្អែក​លើ​ជំនួយ​របស់​ព្រះ ។ ( អាលម៉ា ២៦:១២ )

  3. ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​ខ្ញុំ​បាន​ទទួល​មកពី​ព្រះ ។ ( អាលម៉ា ៧:២៣ )

  4. ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ទៀងត្រង់ និង​ស្មោះត្រង់ ។ ( អេណុស ១:៤ )

  5. ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការណែនាំ​មកពី​ថ្នាក់ដឹកនាំ ឬ​គ្រូបង្រៀន​របស់​ខ្ញុំ ។ ( នីហ្វៃទី៣ ៩:២៨–២៩ )

  6. ខ្ញុំ​ខិតខំ​ចុះចូល​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ ។ ( ម៉ូសាយ ២៤:១៥ )

ការឧស្សាហ៍​ព្យាយាម

  1. ខ្ញុំ​ធ្វើ​ការប្រកបដោយ​ប្រសិទ្ធភាព ទោះបី​គ្មាន​ការគ្រប់​គ្រង​ជិតដិត​ក៏ដោយ ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២៦–២៧ )

  2. ខ្ញុំ​ផ្ដោត​កិច្ចខិតខំ​របស់ខ្ញុំ​ទៅលើ​រឿង​ដែល​សំខាន់​បំផុត ។ ( ម៉ាថាយ ២៣:២៣ )

  3. ខ្ញុំ​មាន​ការអធិស្ឋាន​ផ្ទាល់ខ្លួន​យ៉ាងហោច​ណាស់​ពីរ​ដង​ក្នុងមួយ​ថ្ងៃ ។ ( អាលម៉ា ៣៤:១៧–២៧ )

  4. ខ្ញុំ​ផ្ដោត​គំនិត​របស់​ខ្ញុំ​លើ​ការហៅបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:២, ៥ )

  5. ខ្ញុំ​ដាក់​គោលដៅ និង​ផែនការ​ជា​ប្រចាំ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៩ )

  6. ខ្ញុំ​ខិតខំ​ធ្វើការ​រហូត​ដល់​ការងារ​ខ្ញុំ​បញ្ចប់ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០:៤ )

  7. ខ្ញុំ​រកឃើញ​អំណរ និង​ការពេញចិត្ត​នៅក្នុង​ការងារ​របស់​ខ្ញុំ ។ ( អាលម៉ា ៣៦:​២៤–២៥ )

ការគោរព​ប្រតិបត្តិ

  1. នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូលសូម​កម្លាំង​ដើម្បី​តទល់​នឹង​ការល្បួង និង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ( នីហ្វៃទី៣ ១៨:១៥ )

  2. ខ្ញុំ​មាន​ភាពស័ក្ដិសម​ដើម្បី​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:៨ )

  3. ខ្ញុំ​ស្ម័គ្រចិត្ត​គោរពតាម​ច្បាប់​របស់​បេសកកម្ម និង​ធ្វើ​តាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ​ទាំងឡាយ ។ ( ហេព្រើរ ១៣:១៧ )

  4. ខ្ញុំ​ខិតខំ​ដើម្បី​រស់នៅ​ស្របតាម​ក្រឹត្យវិន័យ និង​គោលការណ៍​នៃ​ដំណឹងល្អ ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:៥ )