« ជំពូកទី ១០ ៖ បង្រៀនដើម្បីស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ១០ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ១០
បង្រៀនដើម្បីស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
អ្នកត្រូវបានហៅឲ្យបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់មនុស្សដែលនឹងទទួលអ្នក ។ ការបង្រៀនគឺជាចំណុចសំខាន់នៃការណ៍គ្រប់យ៉ាងដែលអ្នកធ្វើ ។ កាលអ្នកពឹងផ្អែកលើព្រះអម្ចាស់សម្រាប់ជំនួយ ទ្រង់បានសន្យាថា ៖
« ហើយអស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ដ្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៨ ) ។
សូមអធិស្ឋាន សិក្សា និងអនុវត្តដើម្បីកែលម្អសមត្ថភាពបង្រៀនរបស់អ្នក ។ សូមអនុវត្តគោលការណ៍នៅក្នុងជំពូកនេះ និងនៅក្នុងជំពូកផ្សេងទៀតនៃសៀវភៅនេះ ។ ស្វែងរកអំណោយទាននៃការបង្រៀនដោយយកចិត្តទុកដាក់ ដើម្បីអ្នកអាចផ្ដល់ពរដល់អ្នកដទៃ និងលើកតម្កើងព្រះ ។ ព្រះអម្ចាស់នឹងជួយអ្នកបង្រៀនដោយអំណាច និងសិទ្ធិអំណាច នៅពេលអ្នកស្វែងរកទ្រង់ដោយឧស្សាហ៍ ហើយសិក្សាព្រះបន្ទូលរបស់ទ្រង់ ។
សូមព្យាយាមបង្រៀនដូចជាព្រះអង្គសង្គ្រោះបានបង្រៀន
នៅអំឡុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ព្រះយេស៊ូវ « យាងគ្រប់សព្វ…បង្រៀន…ប្រកាស…និងប្រោសជំងឺ » ( ម៉ាថាយ ៤:២៣ ) ។ ទ្រង់បានបង្រៀននៅកន្លែងជាច្រើន—ក្នុងសាលាប្រជុំ នៅផ្ទះ និងនៅតាមផ្លូវ ។ ទ្រង់បានបង្រៀននៅក្នុងការជួបជុំធំៗ និងក្នុងការសន្ទនាជាឯកជន ។ ការប្រាស្រ័យទាក់ទងដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ទ្រង់គឺខ្លីណាស់ ឬនៅក្នុងស្ថានភាពមិនធម្មតា ។ ទ្រង់បានបង្រៀនតាមរយៈទង្វើ ក៏ដូចជាតាមរយៈព្រះបន្ទូលរបស់ទ្រង់ផងដែរ ។
ព្រះអង្គសង្គ្រោះបានបង្រៀនមនុស្សម្នាក់ៗតាមតម្រូវការពិសេសរបស់គាត់ ឬនាង ។ ឧទាហរណ៍ ពេលបម្រើដល់មនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ទ្រង់បានអភ័យទោសដល់អំពើបាបរបស់គាត់ ហើយបានប្រោសគាត់ ( សូមមើល ម៉ាកុស ២:១–១២ ) ។ ពេលធ្វើការងារបម្រើដល់ស្ត្រីដែលបានប្រព្រឹត្តអំពើសហាយស្មន់ ទ្រង់បានការពារនាង ហើយអញ្ជើញនាងមិនឲ្យប្រព្រឹត្តអំពើបាបទៀតទេ ( សូមមើល យ៉ូហាន ៨:២–១១ ) ។ នៅពេលនិយាយជាមួយបុរសស្តុកស្ដមដែលចង់បានជីវិតដ៏នៅអស់កល្បជានិច្ច ទ្រង់ « ស្រឡាញ់គាត់ » ទោះជាបុរសស្ដុកស្ដមនោះ បដិសេធមិនទទួលយកការអញ្ជើញរបស់ទ្រង់ដើម្បីធ្វើតាមទ្រង់ក៏ដោយ ( ម៉ាកុស ១០:២១; សូមមើល ខទី ១៧–២១ ) ។
អ្នកអាចកែលម្អការបង្រៀនរបស់អ្នកដោយរៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ ឧទាហរណ៍ ទ្រង់ស្រឡាញ់ព្រះវរបិតា និងអស់អ្នកដែលទ្រង់បានបង្រៀន ។ ទ្រង់ពោរពេញដោយការអធិស្ឋាន ។ ទ្រង់បានបង្រៀនចេញពីព្រះគម្ពីរ ។ ទ្រង់បានរៀបចំខាងវិញ្ញាណ ទ្រង់បានសួរសំណួរបំផុសគំនិតផ្សេងៗ ។ ទ្រង់បានអញ្ជើញមនុស្សឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ទ្រង់បានប្រៀបប្រដូចគោលការណ៍នៃដំណឹងល្អមកជីវិតប្រចាំថ្ងៃ ។
ការព្យាយាមបង្រៀនដូចជាព្រះអង្គសង្គ្រោះបានបង្រៀនគឺជាការខិតខំពេញមួយជីវិត ។ វានឹងបានដល់អ្នកមួយបន្ទាត់ម្ដងៗ នៅពេលអ្នកធ្វើតាមទ្រង់ ( សូមមើល នីហ្វៃទី២ ២៨:៣០; អេធើរ ១២:៤១ ) ។
« ចូរខំព្យាយាមដើម្បីឲ្យបានព្រះបន្ទូលរបស់យើង »
ដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ អ្នកត្រូវដឹងពីគោលលទ្ធិ និងគោលការណ៍ជាមូលដ្ឋានរបស់វា ។ អ្នកក៏ត្រូវការចំណេះដឹងខាងវិញ្ញាណ និងការបញ្ជាក់នៃសេចក្តីពិតនៃដំណឹងល្អផងដែរ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ចូរកុំខំប្រកាសព្រះបន្ទូលរបស់យើងឡើយ ប៉ុន្តែចូរខំព្យាយាមដើម្បីឲ្យបានព្រះបន្ទូលរបស់យើងជាមុនសិន » ។
ដើម្បី « ឲ្យបាន » ព្រះបន្ទូលរបស់ព្រះអម្ចាស់ មានន័យថាត្រូវសិក្សាអំពីព្រះបន្ទូល ហើយទុកឲ្យព្រះបន្ទូលជ្រាបចូលយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់អ្នក ។ នៅពេលអ្នកធ្វើកិច្ចការនេះ ទ្រង់បានសន្យាថា « ខណៈនោះ អណ្ដាតរបស់អ្នកនឹងបានធូរ ពេលនោះ បើសិនជាអ្នកមានប្រាថ្នា នោះអ្នកនឹងបានព្រះវិញ្ញាណរបស់យើង និងព្រះបន្ទូលរបស់យើង មែនហើយ គឺជាព្រះចេស្ដានៃព្រះ ដើម្បីបញ្ចុះបញ្ចូលមនុស្សលោក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១ ) ។
ព្រះអម្ចាស់បានមានព្រះបន្ទូលផងដែរថាត្រូវ « រក្សាទុកក្នុងគំនិតរបស់អ្នករាល់គ្នា បន្តនូវព្រះបន្ទូលទាំងឡាយខាងជីវិត » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៥ ) ។ ការរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងបង្កើនចំណេះដឹងរបស់អ្នក ហើយពង្រឹងទីបន្ទាល់របស់អ្នក ។ បំណងប្រាថ្នា និងសមត្ថភាពរបស់អ្នកក្នុងការចែកចាយដំណឹងល្អក៏នឹងកើនឡើងផងដែរ ។ ( សូមមើល យ៉ាកុប ៤:៦–៧; អាលម៉ា ៣២:២៧–៤២; ៣៦:២៦; ៣៧:៨–៩ ) ។
សូមទទួលយក និងរក្សាទុកព្រះបន្ទូលនៃព្រះដោយការអធិស្ឋាន ដោយការសិក្សាព្រះគម្ពីរ ប្រសាសន៍របស់ព្យាការីនៅថ្ងៃចុងក្រោយ និងមេរៀននៅក្នុង ជំពូកទី ៣ ។
បង្រៀនដោយព្រះវិញ្ញាណ
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជា « ព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ » ( រ៉ូម ១:១៦ ) ។ ដោយសារហេតុផលនោះ សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អចាំបាច់ត្រូវបង្រៀនដោយព្រះចេស្ដាដ៏ទេវភាព—ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
វាគឺជារឿងដ៏សំខាន់ដែលអ្នកអភិវឌ្ឍជំនាញបង្រៀន ។ វាក៏ជារឿងដ៏សំខាន់ដែរ ដែលអ្នករៀនពីគោលលទ្ធិ និងគោលការណ៍ដែលអ្នកបង្រៀន ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបង្រៀនសេចក្ដីពិតខាងវិញ្ញាណ អ្នកមិនពឹងផ្អែកចម្បងលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនោះទេ ។
សេចក្តីពិតខាងវិញ្ញាណគឺត្រូវបានបង្រៀនដោយអានុភាពនៃព្រះវិញ្ញាណ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ហើយព្រះវិញ្ញាណត្រូវបានប្រទានដល់អ្នក ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ហើយបើសិនជាអ្នករាល់គ្នាមិនបានទទួលព្រះវិញ្ញាណទេ នោះអ្នករាល់គ្នានឹងមិនត្រូវបង្រៀនឡើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៤; សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:១៣–១៤, ១៧–២២ ) ។
អត្ថន័យនៃការបង្រៀនដោយព្រះវិញ្ញាណ
នៅពេលអ្នកបង្រៀនដោយព្រះវិញ្ញាណ នោះអ្នកមានព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការបង្រៀនរបស់អ្នក ។ អ្នកក៏អធិស្ឋានដែលថា មនុស្សនឹងទទួលសេចក្តីពិតដោយព្រះវិញ្ញាណ ។ មនុស្សអាចនឹងត្រូវបានបញ្ចុះបញ្ចូលពីសេចក្ដីពិតខ្លះ ប៉ុន្តែដើម្បីប្រែចិត្តជឿ ពួកគេត្រូវមានបទពិសោធន៍ជាមួយនឹងព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣ ) ។
ការរៀបចំខ្លួនអ្នកឲ្យក្លាយជាឧបករណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមគិតថាព្រះវិញ្ញាណបរិសុទ្ធគឺជាដៃគូរបស់អ្នកក្នុងការបង្រៀន ។
សូមពឹងផ្អែកលើព្រះវិញ្ញាណដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវនិយាយ ។ ទ្រង់នឹងដឹកនាំគោលលទ្ធិដែលអ្នកបានសិក្សាចូលទៅក្នុងការចងចាំរបស់អ្នក ។ ទ្រង់នឹងជួយអ្នករៀបចំផែនការ និងកែសម្រួលអ្វីដែលអ្នកបង្រៀនតាមតម្រូវការរបស់មនុស្សម្នាក់នោះ ។
នៅពេលអ្នកបង្រៀនដោយព្រះវិញ្ញាណ ទ្រង់នឹងនាំសារលិខិតរបស់អ្នកទៅកាន់ដួងចិត្តរបស់មនុស្ស ។ ទ្រង់នឹងបញ្ជាក់សារលិខិតរបស់អ្នក នៅពេលអ្នកថ្លែងទីបន្ទាល់របស់អ្នក ។ អ្នក និងអស់អ្នកដែលព្រមទទួលយកអ្វីដែលអ្នកបង្រៀនដោយព្រះវិញ្ញាណនឹងត្រូវបានស្អាងឡើង យល់ចិត្ត ហើយរីករាយជាមួយគ្នា ។ ( សូមមើល នីហ្វៃទី២ ៣៣:១; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:១៣–២២ ) ។
« ព្រះវិញ្ញាណគឺជាធាតុដ៏សំខាន់តែមួយនៅក្នុងកិច្ចការនេះ ។ ដោយមានព្រះវិញ្ញាណលើកស្ទួយការហៅរបស់អ្នក នោះអ្នកអាចបង្កើតអព្ភូតហេតុសម្រាប់ព្រះអម្ចាស់នៅក្នុងតំបន់បេសកកម្មបាន ។ បើគ្មានព្រះវិញ្ញាណទេ នោះអ្នកនឹងមិនទទួលបានជោគជ័យឡើយ មិនថា ទេពកោសល្យ និងសមត្ថភាពរបស់អ្នកប៉ុណ្ណានោះទេ » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន សិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មី នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៨៦ ) ។
សេចក្តីសន្យានៃការហៅរបស់អ្នក
អ្នកត្រូវបានហៅ និងញែកចេញ « ដើម្បីផ្សាយដំណឹងល្អរបស់យើងដោយសារព្រះវិញ្ញាណ គឺព្រះដ៏ជាជំនួយដែលបានចាត់ឲ្យចេញទៅបង្រៀនពីសេចក្ដីពិត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:១៤ ) ។ ពេលខ្លះ អ្នកអាចមានអារម្មណ៍ថាភ័យខ្លាច ឬមិនល្អគ្រប់គ្រាន់ ។ ប្រហែលជាអ្នកបារម្ភថាអ្នកមិនចេះគ្រប់គ្រាន់ ឬថាអ្នកមិនមានបទពិសោធន៍គ្រប់គ្រាន់ ។
ព្រះវរបិតាសួគ៌របស់អ្នកដែលស្គាល់អ្នកដ៏ឥតខ្ចោះ បានហៅអ្នកឲ្យបង្រៀន ដោយសារតែអ្វីដែលអ្នកអាចផ្ដល់ឲ្យក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដោយមានការតាំងចិត្ត ។ ទ្រង់នឹងពុំបោះបង់ចោលអ្នកឡើយ ។ សូមទុកចិត្តថា ព្រះវិញ្ញាណនឹងលើកតម្កើងសមត្ថភាពរបស់អ្នក ហើយនឹងបង្រៀនសេចក្ដីពិតដល់អ្នកដែលព្រមទទួល ។
អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍ថា « នៅពេលខ្ញុំជញ្ជឹងគិតអំពីឧបសគ្គនៃបេសកកម្ម ខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំល្អគ្រប់គ្រាន់ និងពុំទាន់បានរៀបចំខ្លួនរួចរាល់នោះទេ ។ ខ្ញុំចាំបានពីការអធិស្ឋានថា ‹ ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំដឹងតិចតួចណាស់ តើទូលបង្គំអាចបម្រើបេសកកម្មបានដោយរបៀបណា ? › ខ្ញុំជឿទៅលើសាសនាចក្រ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ចំណេះដឹងខាងវិញ្ញាណរបស់ខ្ញុំនៅមានកម្រិត ។ នៅពេលខ្ញុំអធិស្ឋាន ខ្ញុំទទួលបានអារម្មណ៍ថា ៖ « កូនពុំដឹងអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែកូនដឹងល្មមគ្រប់គ្រាន់ហើយ ! » ការអះអាងនោះ បានផ្ដល់នូវភាពក្លាហានដល់ខ្ញុំ ដើម្បីបោះជំហានបន្ទាប់ចូលទៅក្នុងតំបន់បេសកកម្ម » ( « You Know Enough » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣ ) ។
សូមយាងអញ្ជើញព្រះវិញ្ញាណនៅពេលដែលអ្នកចាប់ផ្ដើមបង្រៀន
ជួបគ្នាដំបូងពីរបីនាទីជាមួយមនុស្សមានសារៈសំខាន់ណាស់ ។ ចូរស្មោះត្រង់ និងគោរពគ្នា ។ សូមបង្ហាញចំណាប់អារម្មណ៍ និងសេចក្តីស្រឡាញ់ដោយស្មោះសរ ។ សូមស្វែងរកទំនុកចិត្តពីពួកគេ ។ របៀបមួយដើម្បីទទួលបានទំនុកចិត្តគឺនៅពេលដែលអ្នករៀនទទួលអារម្មណ៍ពីព្រះវិញ្ញាណជាមួយអ្នក ។
សូមសួរសំណួរសាមញ្ញមួយចំនួនដើម្បីជួយអ្នកឲ្យយល់ពីប្រវត្តិរបស់ពួកគេ និងការរំពឹងទុករបស់ពួកគេអំពីជំនួបរបស់អ្នក ។ ស្ដាប់ដោយយកចិត្តទុកដាក់ ។
មុនពេលអ្នកចាប់ផ្តើម សូមអញ្ជើញអស់អ្នកដែលមានវត្តមានចូលរួមនៅក្នុងមេរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យយកអ្វីដែលមានការរំខានចេញ ដើម្បីអាចទទួលបានអារម្មណ៍នៃព្រះវិញ្ញាណ ។
សូមពន្យល់ថា អ្នកចង់ចាប់ផ្តើម និងបញ្ចប់មេរៀននីមួយៗដោយការអធិស្ឋាន ។ ស្ម័គ្រចិត្តអធិស្ឋានបើក ។ សូមអធិស្ឋានដោយសាមញ្ញ និងដោយស្មោះសរថា ព្រះនឹងប្រទានពរដល់មនុស្សដែលអ្នកកំពុងបង្រៀននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ ។ សូមអធិស្ឋានឲ្យពួកគេអាចទទួលអារម្មណ៍ពីសេចក្តីពិតនៃអ្វីដែលអ្នកនឹងបង្រៀន ។ សូមចងចាំថា « សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់ [ មនុស្ស ] សុចរិត នោះពូកែណាស់ » ( យ៉ាកុប ៥:១៦ ) ។
សូមមានសេចក្តីជំនឿលើអំណាចនៃការប្រែចិត្តជឿនៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលមានការដឹកនាំដោយព្រះវិញ្ញាណ អ្នកអាចបង្ហាញពីគំនិតដូចខាងក្រោម នៅពេលអ្នកចាប់ផ្តើមបង្រៀន ៖
-
ព្រះគឺជាព្រះវរបិតាសួគ៌ពេញដោយក្តីស្រឡាញ់របស់យើង ។ យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ។ ទ្រង់ចង់ឲ្យយើងដកពិសោធន៍សេចក្ដីអំណរ ។
-
យើងទាំងអស់គ្នាមានឧបសគ្គ និងការតស៊ូ ។ មិនថាអ្នកកំពុងឆ្លងកាត់អ្វីក៏ដោយព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់អាចជួយអ្នកបាន ។ ទ្រង់អាចជួយអ្នករកឃើញសេចក្តីសុខសាន្ត ក្តីសង្ឃឹម ការព្យាបាល និងសុភមង្គល ។ ព្រះយេស៊ូវអាចជួយអ្នកឲ្យមានកម្លាំងកាន់តែខ្លាំងសម្រាប់ឧបសគ្គក្នុងជីវិត ។
-
យើងទាំងអស់គ្នាមានកំហុស ដែលអាចបង្កើតអារម្មណ៍នៃកំហុស ភាពអាម៉ាស់ និងការសោកស្តាយ ។ អារម្មណ៍ទាំងនេះនឹងបាត់ទៅវិញ លុះត្រាតែយើងប្រែចិត្ត ហើយស្វែងរកការអភ័យទោសពីព្រះ ។ មានតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចត្រូវបានប្រោសឲ្យជាទាំងស្រុងពីអំពើបាបរបស់យើង ។
-
យើងនឹងត្រូវបានដឹកនាំ ដើម្បីឲ្យអ្នកអាចរៀនពីសេចក្តីពិតនៃសារលិខិតរបស់យើងសម្រាប់ខ្លួនអ្នកផ្ទាល់ ។ យើងនឹងអញ្ជើញអ្នកឲ្យធ្វើកិច្ចការមួយចំនួន ដូចជាការអាន ការអធិស្ឋាន និងការចូលរួមក្នុងព្រះវិហារ ។ តួនាទីរបស់យើងគឺដើម្បីជួយអ្នកធ្វើតាមការអញ្ជើញទាំងនេះ ហើយពន្យល់ពីពរជ័យដែលអ្នកអាចទទួលបាន ។ សូមសួរសំណួរ ។
-
យើងត្រូវបានហៅដោយព្យាការីនៃព្រះឲ្យចែកចាយអ្វីដែលយើងដឹង ។ យើងដឹងថាសារលិខិតរបស់យើងគឺពិត ។
-
យើងនឹងបង្រៀនអ្នកពីរបៀបចុះសេចក្ដីសញ្ញា ឬការសន្យាពិសេសជាមួយព្រះ ។ សេចក្តីសញ្ញាទាំងនេះនឹងភ្ជាប់អ្នកទៅកាន់ព្រះ ហើយអនុញ្ញាតឲ្យអ្នកទទួលបានអំណរ កម្លាំង និងការសន្យាពិសេសពីទ្រង់ ។
-
អ្នកនឹងរៀនពីរបៀបធ្វើការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។ ការបង្រៀនដ៏សំខាន់មួយរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសញ្ញាដំបូងដែលយើងចុះគឺការធ្វើតាមគំរូរបស់ទ្រង់ ហើយទទួលបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និងសេចក្តីសញ្ញា ២២ ) ។
មុននឹងបង្រៀនមេរៀនមួយ សូមបង្ហាញទិដ្ឋភាពទូទៅសាមញ្ញមួយអំពីអ្វីដែលអ្នកនឹងបង្រៀន ។ សូមជួយមនុស្សឲ្យមើលឃើញពីរបៀបដែលវានឹងមានភាពទាក់ទងជាមួយពួកគេ ។ ឧទាហរណ៍ អ្នកអាចនិយាយថា « យើងមកទីនេះដើម្បីចែកចាយសារលិខិតដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតសាសនាចក្ររបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ហើយបានហៅព្យាការីដែលមានជីវិតរស់ដើម្បីដឹកនាំយើង » ។ ឬអ្នកអាចនិយាយថា « យើងមកទីនេះដើម្បីជួយអ្នកឲ្យដឹងថា ព្រះស្រឡាញ់អ្នក និងមានផែនការមួយសម្រាប់សុភមង្គលរបស់អ្នក » ។
មនុស្សទាំងអស់នឹងទទួលអត្ថប្រយោជន៍ នៅពេលពួកគេទទួលយក និងរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះវរបិតាសួគ៌ប្រហែលជាបានប្រទានពរដល់មនុស្សដែលអ្នករកឃើញជាមួយការរៀបចំខ្លួនខាងវិញ្ញាណដ៏មានតម្លៃ ( សូមមើល អាលម៉ា ១៦:១៦–១៧ ) ។
ការយាងអញ្ជើញព្រះវិញ្ញាណ និងការចែកចាយសេចក្ដីពិតនៅក្នុងការប្រជុំដំបូង នឹងជួយមនុស្សឲ្យទទួលស្គាល់ថាអ្នកជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។
សូមប្រើបទគម្ពីរ
ព្រះគម្ពីរបរមាណីនៃសាសនាចក្រគឺជាប្រភពមូលដ្ឋានរបស់អ្នកសម្រាប់ការបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ មានហេតុផលជាច្រើនដែលវាសំខាន់ក្នុងការប្រើព្រះគម្ពីរជាមូលដ្ឋានសម្រាប់ការបង្រៀនរបស់អ្នក ។ ឧទាហរណ៍ ៖
-
ព្រះគម្ពីរយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងការបង្រៀនរបស់អ្នក ( សូមមើល លូកា ២៤:១៣–៣២ ) ។
-
ព្រះគម្ពីរមានឥទ្ធិពលដ៏មានអានុភាពទៅលើគំនិតមនុស្សច្រើនជាងអ្វីផ្សេងៗទៀត ( សូមមើល អាលម៉ា ៣១:៥ ) ។
-
ព្រះគម្ពីរបានដោះស្រាយសំណួរដ៏ធំៗនៃព្រលឹង ( សូមមើល ជំពូកទី ៥; សូមមើល ផងដែរ នីហ្វៃទី២ ៣២:៣; យ៉ាកុប ២:៨ ) ។
-
ព្រះគម្ពីរផ្តល់សិទ្ធិអំណាច និងសុពលភាពដល់ការបង្រៀនរបស់អ្នក ។
-
ព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់បានមានព្រះបន្ទូល និងមានប្រសាសន៍ថាដូច្នោះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១២, ៥៦–៥៨; ៧១:១ ) ។
តាមរយៈការប្រើបទគម្ពីរនៅក្នុងការបង្រៀនរបស់អ្នក អ្នកអាចជួយអ្នកដទៃឲ្យចាប់ផ្តើមសិក្សាព្រះគម្ពីរដោយខ្លួនឯងបាន ។ នៅពេលដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះគម្ពីរបង្ហាញឲ្យឃើញច្បាស់ នោះពួកគេនឹងត្រូវបានលើកទឹកចិត្តឲ្យសិក្សា ។ សូមបង្ហាញពីរបៀបដែលការសិក្សាព្រះគម្ពីរនឹងជួយពួកគេរៀនដំណឹងល្អ ហើយទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះ ។ សូមផ្តល់ឧទាហរណ៍អំពីរបៀបដែលបទគម្ពីរអាចជួយពួកគេស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ហើយទទួលបានការណែនាំ និងកម្លាំង ។
សូមយកចិត្តទុកដាក់ក្នុងការសិក្សាព្រះគម្ពីរ ដើម្បីអ្នកអាចបង្រៀនពីបទគម្ពីរដោយមានប្រសិទ្ធភាព ( សូមមើល ជំពូកទី ២ ) ។ សមត្ថភាពរបស់អ្នកក្នុងការបង្រៀនពីព្រះគម្ពីរនឹងប្រសើរឡើង នៅពេលអ្នកសិក្សាវារាល់ថ្ងៃ ទាំងផ្ទាល់ខ្លួន និងជាមួយដៃគូរបស់អ្នក ។
ជួយមនុស្សអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ។ ព័ត៌មានខាងក្រោមអាចជួយបាន ។
ណែនាំឲ្យស្គាល់ព្រះគម្ពីរ
សូមពិពណ៌នាប្រវត្តិរបស់សារលិខិតដោយសង្ខេបៗ ។ ឧទាហរណ៍ខាងក្រោមបង្ហាញពីវិធីមួយចំនួនដើម្បីណែនាំពីបទគម្ពីរមួយ ៖
-
« នៅក្នុងប្រវត្តិរបស់យ៉ូសែប ស្ម៊ីធ យ៉ូសែបប្រាប់យើងតាមប្រសាសន៍របស់លោកផ្ទាល់អំពីអ្វីដែលបានកើតឡើង នៅពេលលោកចូលទៅក្នុងព្រៃដើម្បីអធិស្ឋាន ។ លោកបានមានប្រសាសន៍ថា ‹ ខ្ញុំបានឃើញបង្គោលពន្លឺមួយ … › »
-
« នៅក្នុងវគ្គបទគម្ពីរនេះ ព្យាការីអាលម៉ាកំពុងបង្រៀនប្រជាជនដែលមានជីវភាពក្រីក្រឲ្យអនុវត្តសេចក្តីជំនឿរបស់ពួកគេលើព្រះបន្ទូលនៃព្រះ ។ លោកបានប្រៀបធៀបព្រះបន្ទូលទៅនឹងគ្រាប់ពូជមួយដែលអាចយកទៅបណ្ដុះនៅក្នុងចិត្តរបស់យើង ។ តើអ្នកនឹងចាប់ផ្តើមអានខ … ? »
អានវគ្គបទគម្ពីរ
អានខគម្ពីរឲ្យឮៗ ឬសុំសិស្សដែលអ្នកកំពុងបង្រៀនឲ្យអានឲ្យឮៗ ។ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលមានការលំបាកក្នុងការអានព្រះគម្ពីរ ។ ប្រសិនបើវគ្គបទគម្ពីរមួយពិបាកយល់ សូមអានជាមួយពួកគេ ហើយពន្យល់តាមតម្រូវការ ។ សូមឲ្យនិយមន័យពាក្យ ឬ ឃ្លាពិបាកៗ ។ ឬផ្តល់ឲ្យពួកគេនូវអត្ថបទដ៏សាមញ្ញមួយដើម្បីអាន ។ សូមអញ្ជើញពួកគេឲ្យរកមើលចំណុចជាក់លាក់នៅក្នុងវគ្គបទគម្ពីរនេះ ។
អនុវត្តតាមបទគម្ពីរ
នីហ្វៃបានមានប្រសាសន៍ថា « ខ្ញុំប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង ដើម្បីទុកជាប្រយោជន៍ និងការចេះដឹងដល់យើង » ( នីហ្វៃទី១ ១៩:២៣ ) ។ ដើម្បី « ប្រៀបធៀប » មានន័យថាការអនុវត្តបទគម្ពីរទៅនឹងជីវិតរបស់អ្នក ។
ប្រៀបធៀបបទគម្ពីរទៅនឹងអស់អ្នកដែលអ្នកបង្រៀន ដោយបង្ហាញពីរបៀបដែលដំណើររឿង និងគោលការណ៍នានាទាក់ទងនឹងពួកគេផ្ទាល់ ។ ឧទាហរណ៍ ៖
-
« ដូចជាអ្នកដែរ ប្រជាជនអាលម៉ាមានបន្ទុកដ៏ធ្ងន់ ស្ទើរតែលើសពីពួកគេអាចទ្រាំបាន ។ ប៉ុន្តែ នៅពេលពួកគេអនុវត្តសេចក្ដីជំនឿ និងអធិស្ឋាន នោះព្រះបានពង្រឹងពួកគេ ដើម្បីពួកគេអាចស៊ូទ្រាំនឹងឧបសគ្គនានា ។ បន្ទាប់មក ទ្រង់បានរំដោះពួកគេចេញពីការសាកល្បងរបស់ពួកគេ ។ គឺដូចជាទ្រង់បានធ្វើជាមួយប្រជាជនទាំងនេះ ខ្ញុំដឹងថាព្រះនឹងជួយអ្នកឆ្លងកាត់ឧបសគ្គរបស់អ្នក នៅពេលអ្នក … » ( សូមមើល ម៉ូសាយ ២៤ ) ។
-
« សេចក្តីណែនាំរបស់អាលម៉ា ទៅកាន់ប្រជាជននៅឯទឹកមរមន អនុវត្តចំពោះយើងនៅសព្វថ្ងៃនេះ ។ ចន តើអ្នកស្ម័គ្រចិត្តដើម្បី … ? » ( សូមមើល ម៉ូសាយ ១៨ ) ។
សូមបង្រៀនមនុស្សពីរបៀប « ប្រៀបធៀប » ព្រះគម្ពីរដោយខ្លួនពួកគេផ្ទាល់ ។ ការស្វែងរកការអនុវត្តផ្ទាល់ខ្លួននឹងជួយពួកគេអនុវត្ត និងដកពិសោធណ៍នៃអំណាចនៃព្រះបន្ទូលនៃព្រះ ។
សូមអញ្ជើញ និងជួយមនុស្សឲ្យអានដោយខ្លួនពួកគេ ។
មនុស្សដែលអ្នកបង្រៀនត្រូវអានព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ដើម្បីទទួលបានទីបន្ទាល់អំពីសេចក្ដីពិត ។ តាមរយៈការប្រើប្រាស់បទគម្ពីរប្រកបដោយប្រសិទ្ធភាពក្នុងការបង្រៀនរបស់អ្នក អ្នកអាចជួយមនុស្សឲ្យចាប់ផ្តើមសិក្សាព្រះគម្ពីរដោយខ្លួនពួកគេផ្ទាល់ ។
បន្ទាប់ពីការទៅជួបនីមួយៗ សូមស្នើឲ្យពួកគេអានជំពូក ឬខគម្ពីរជាក់លាក់ ។ សូមផ្ដល់យោបល់សំណួរនានាសម្រាប់ពួកគេដើម្បីពិចារណានៅពេលពួកគេអាន ។ សូមលើកទឹកចិត្តពួកគេឲ្យសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃដោយខ្លួនពួកគេផ្ទាល់ និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ អ្នកក៏អាចរៀបចំឲ្យសមាជិកអានជាមួយពួកគេផងដែរ ។
មុនពេលចាប់ផ្តើមមេរៀនបន្ទាប់ សូមតាមដានដោយពិភាក្សាអំពីអ្វីដែលអ្នកបានអញ្ជើញមនុស្សឲ្យអាន ។ តាមតម្រូវការ សូមជួយពួកគេឲ្យយល់ ហើយ « ប្រៀបធៀប » បទគម្ពីរទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាគំនិត និងសំណួរទាំងឡាយ ។
ពេលអ្នកជួយសិស្សអាន ស្វែងយល់ និងអនុវត្តព្រះគម្ពីរ—ជាពិសេសព្រះគម្ពីរមរមន—នោះពួកគេនឹងមានបទពិសោធន៍ខាងវិញ្ញាណជាមួយនឹងព្រះបន្ទូលនៃព្រះ ។ ពួកគេនឹងទំនងជាអានដោយខ្លួនឯង ហើយធ្វើឲ្យព្រះគម្ពីរក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ ។
សូមជួយមនុស្សឲ្យចូលប្រើបទគម្ពីរ
ព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ អាចរកបានតាមមធ្យោបាយជាច្រើនទៀត និងមានជាភាសាច្រើនជាងពេលមុនៗ ។ សូមស្វែងយល់ថាតើជម្រើសបោះពុម្ព និងឌីជីថលអ្វីខ្លះ ដែលមានសម្រាប់មនុស្សដែលអ្នកបង្រៀន ។ សូមជួយមនុស្សឲ្យចូលមើលបទគម្ពីរតាមរបៀបដែលត្រូវនឹងតម្រូវការ និងចំណូលចិត្តរបស់ពួកគេ ។ សូមពិចារណាដូចខាងក្រោម ៖
-
សួរសិស្សថាតើភាសាមួយណាដែលពួកគេចង់អាន ឬស្តាប់បទគម្ពីរ ។
-
អស់អ្នកដែលមានការពិបាកក្នុងការអាន ឬពិបាកយល់អំពីអ្វីដែលគេអាន អាចនឹងទទួលបានប្រយោជន៍ពីការអានឮៗជាមួយគ្នា ឬស្តាប់ជាសំឡេង ។ អ្វីៗទាំងនេះអាចរកបានតាមរយៈកម្មវិធី និងគេហទំព័រសាសនាចក្រដោយឥតគិតថ្លៃ ។
-
ប្រសិនបើមនុស្សម្នាក់មានឧបករណ៍ឌីជីថល សូមជួយគាត់ឲ្យចូលមើលព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ។ កម្មវិធីព្រះគម្ពីរមរមន និងបណ្ណាល័យដំណឹងល្អ គឺឥតគិតថ្លៃ និងងាយស្រួលធ្វើការចែកចាយ ។
-
ប្រសិនបើប្រើអត្ថបទឈែត ឬអ៊ីមែល សូមផ្ញើតំណ ឬរូបភាពព្រះគម្ពីរ ។ នៅពេលបង្រៀននៅក្នុងឈែតជាវីដេអូ សូមពិចារណាចែកចាយអេក្រង់របស់អ្នក ដើម្បីអ្នកអាចអានបទគម្ពីរជាមួយគ្នាបាន ។
-
សូមជួយមនុស្សឲ្យទទួលបានប្រសាសន៍របស់ព្យាការីដែលនៅរស់ ។
ចែកចាយទីបន្ទាល់របស់អ្នក
ទីបន្ទាល់គឺជាសាក្សីខាងវិញ្ញាណ ដែលបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បីចែកចាយទីបន្ទាល់របស់អ្នកគឺផ្តល់ការប្រកាសដ៏សាមញ្ញមួយដោយផ្ទាល់អំពីចំណេះដឹង ឬជំនឿអំពីសេចក្ដីពិតនៃដំណឹងល្អ ។ ការចែកចាយទីបន្ទាល់របស់អ្នក បន្ថែមសាក្សីផ្ទាល់ខ្លួនរបស់អ្នកចំពោះសេចក្តីពិតដែលអ្នកបានបង្រៀនពីព្រះគម្ពីរ ។
ការចែកចាយទីបន្ទាល់របស់អ្នក គឺជារបៀបដ៏មានឥទ្ធិពលមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណ ហើយជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃឥទ្ធិពលរបស់ទ្រង់ ។ បេសកកម្មមួយនៃបេសកកម្មរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជារឿយៗទ្រង់បំពេញកិច្ចការនេះក្នុងភាពជាគូកនជាមួយអ្នក នៅពេលអ្នកថ្លែងទីបន្ទាល់ ។
ទីបន្ទាល់ដ៏មានឥទ្ធិពលមិនអាស្រ័យលើវោហារ ឬកម្រិតសំឡេងរបស់អ្នកនោះទេ—ប៉ុន្តែអាស្រ័យលើការជឿជាក់ និងភាពស្មោះត្រង់នៃដួងចិត្តរបស់អ្នកវិញទេ ។ សូមប្រយ័ត្នកុំប្រញាប់ប្រញាល់ ឬធ្វើឲ្យទីបន្ទាល់របស់អ្នកដូចជាការសម្តែង ។ សូមផ្តល់ឱកាសឲ្យមនុស្សមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីដល់ពួកគេថា អ្វីដែលអ្នកបានបង្រៀនគឺជាការពិត ។
ទីបន្ទាល់របស់អ្នកអាចសាមញ្ញដូចជា « ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់យើង » ឬ « ខ្ញុំបានដឹងសម្រាប់ខ្លួនខ្ញុំថា ព្រះគម្ពីរមរមនពិត » ។ អ្នកក៏អាចចែកចាយបទពិសោធន៍ខ្លីៗអំពីរបៀបដែលអ្នកទទួលបានទីបន្ទាល់នេះផងដែរ ។
នៅពេលអ្នកបង្រៀន សូមចែកចាយទីបន្ទាល់របស់អ្នក នៅពេលអ្នកទទួលបានការបំផុសគំនិត មិនមែនគ្រាន់តែនៅពេលចុងបញ្ចប់នោះទេ ។ នៅពេលដៃគូរបស់អ្នកកំពុងបង្រៀន សូមចែកចាយទីបន្ទាល់របស់អ្នក ដើម្បីផ្តល់សាក្សីទីពីរអំពីអ្វីដែលគាត់ ឬនាងបានបង្រៀន ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា គោលការណ៍ដែលអ្នកកំពុងបង្រៀននឹងផ្ដល់ពរដល់ជីវិតរបស់មនុស្សនោះ ប្រសិនបើគាត់ ឬនាងនឹងធ្វើតាមវា ។ សូមប្រាប់អំពីរបៀបដែលការរស់នៅតាមគោលការណ៍នេះបានផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ។ ទីបន្ទាល់ដ៏ស្មោះរបស់អ្នកនឹងជួយបង្កើតបរិយាកាសមួយសម្រាប់មនុស្សឲ្យមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្ដីពិត ។
សូមដាក់ផែនការ និងកែសម្រួលការបង្រៀនរបស់អ្នក ដើម្បីបំពេញតាមតម្រូវការទាំងឡាយ
មនុស្សម្នាក់ៗដែលអ្នកបង្រៀនគឺពិសេស ។ សូមស្វែងរកការយល់ដឹងអំពីចំណាប់អារម្មណ៍ តម្រូវការ និងកង្វល់ខាងវិញ្ញាណរបស់គាត់ ឬនាង ។ សូមសួរសំណួរ ហើយស្តាប់ដោយយកចិត្តទុកដាក់ ។ ទោះបីជាអ្នកប្រហែលជាមិនយល់ច្បាស់ពីតម្រូវការរបស់បុគ្គលនោះក៏ដោយ សូមចាំថា ព្រះវរបិតាសួគ៌ជ្រាបដឹង ។ ទ្រង់នឹងដឹកនាំអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមឲ្យព្រះវិញ្ញាណដឹកនាំលំដាប់នៃមេរៀន
សូមឲ្យព្រះវិញ្ញាណដឹកនាំតាមលំដាប់ដែលអ្នកបង្រៀនមេរៀន ។ អ្នកមានភាពបត់បែនក្នុងការបង្រៀនមេរៀនតាមលំដាប់លំដោយ ដែលល្អបំផុតសម្រាប់តម្រូវការ សំណួរ និងកាលៈទេសៈរបស់អ្នកដែលអ្នកបង្រៀន ។
ម្តងម្កាល អ្នកអាចបញ្ចូលគោលការណ៍ពីមេរៀនផ្សេងៗគ្នាដើម្បីដោះស្រាយតម្រូវការ និងចំណាប់អារម្មណ៍របស់មនុស្សម្នាក់ ។ សូមមើលឧទាហរណ៍បីខាងក្រោមនេះ ។
យូគី បានរកឃើញអ្នកនៅលើអនឡាញ ហើយកំពុងសួរថាហេតុអ្វីបានជាមិត្តភក្តិរបស់នាងនៅក្នុងសាសនាចក្រមិនជក់បារី ឬផឹកស្រា ។ អ្នកអាចនឹងបង្រៀននាងអំពីពរជ័យនៃបទបញ្ញត្តិទាំងឡាយដោយប្រើផ្នែកខាងក្រោមពីជំពូកទី ៣ ៖
-
សេចក្តីសញ្ញារបស់យើងដើម្បីគោរពព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ
-
ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈ យ៉ូសែប ស្ម៊ីធ
សាំយូអែលមានអារម្មណ៍ថាគាត់មិនចុះចំណោមគេសោះ ។ អ្នកអាចនឹងបង្រៀនគាត់អំពីអត្តសញ្ញាណរបស់គាត់ និងទីកន្លែងរបស់គាត់នៅក្នុងគ្រួសាររបស់ព្រះដោយប្រើផ្នែកខាងក្រោមពីជំពូកទី ៣ ៖
-
ជីវិតមុនផែនដី ៖ ព្រះរាជបំណង និងផែនការរបស់ព្រះសម្រាប់យើង
-
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្ដល់ពរដល់បុត្រាបុត្រីទាំងអស់របស់ព្រះ
តាថាណា បានសិក្សាពីសាសនាជាច្រើន ហើយចង់ដឹងពីអ្វីដែលធ្វើឲ្យសាសនាចក្រខុសគ្នា ។ អ្នកអាចនឹងបង្រៀននាងអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយប្រើផ្នែកខាងក្រោមពីជំពូកទី ៣ ៖
-
ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈ យ៉ូសែប ស្ម៊ីធ
-
ព្រះគម្ពីរមរមន ៖ ជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
-
អធិស្ឋានដើម្បីដឹងសេចក្តីពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ
ព្រះវរបិតាសួគ៌ស្គាល់បុត្រាបុត្រីរបស់ទ្រង់ ដូច្នេះសូមស្វែងរកការបំផុសគំនិតដើម្បីធ្វើការសម្រេចចិត្តទាំងនេះ នៅពេលអ្នករៀបចំបង្រៀន ។ សូមអធិស្ឋានសម្រាប់អំណោយទាននៃការយល់ដឹង ពេលអ្នកសម្រេចចិត្តថាត្រូវបង្រៀនអ្វី ។ សូមកត់ត្រាគំនិត និងអារម្មណ៍ដែលអ្នកទទួលបាន ។
សូមទុកពេលឲ្យអ្នករៀនអនុវត្តអ្វីដែលពួកគេកំពុងរៀន
នៅពេលអ្នកបង្រៀន សូមទុកពេលឲ្យអ្នករៀនអនុវត្តអ្វីដែលពួកគេកំពុងរៀន ( សូមមើល នីហ្វៃទី៣ ១៧:២–៣ ) ។ សូមរកមើលវិធីសមស្របដើម្បីគាំទ្រពួកគេក្នុងការរក្សាការតាំងចិត្តរបស់ពួកគេ ។ សូមផ្ដោតលើការជួយពួកគេដោយទង្វើដែលនឹងស្ថាបនាគ្រឹះនៃសេចក្តីជំនឿ ដូចជាការអធិស្ឋាន ការអាន និងការចូលរួមក្នុងព្រះវិហារ ។ ការណ៍នេះនឹងអាចធ្វើឲ្យពួកគេរក្សាការតាំងចិត្តបន្ថែម ។
នៅពេលអ្នករៀបចំផែនការ និងបង្រៀន សូមយកចិត្តទុកដាក់នឹងព័ត៌មានថ្មីៗដែលអ្នកចែកចាយ ។ គោលបំណងចម្បងនៃការបង្រៀនរបស់អ្នកគឺដើម្បីជួយមនុស្សម្នាក់ឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលដឹកនាំទៅរកការប្រែចិត្ត ។ គោលបំណងរបស់អ្នកគឺមិនមែនដើម្បីមើលថាតើព័ត៌មានប៉ុន្មានដែលអ្នកអាចចែកចាយបាននោះទេ ។
ចូរបង្រៀនក្នុងល្បឿនមួយដែលសមរម្យសម្រាប់បុគ្គលនោះ ។ សូមសួរសំណួរ និងស្តាប់ដោយយកចិត្តទុកដាក់ ដើម្បីឲ្យអ្នកយល់ ថាតើគាត់ ឬនាងកំពុងរៀន និងអនុវត្តអ្វីដែលអ្នកកំពុងបង្រៀនបានល្អប៉ុនណា ។
សេចក្តីពិតដែលអ្នកបង្រៀន រួមជាមួយនឹងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អាចមានឥទ្ធិពលលើអ្នករៀនឲ្យអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេតាមរបៀបដែលពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះគ្រីស្ទ ។ នៅពេលពួកគេអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ដោយអនុវត្តតាមអ្វីដែលពួកគេរៀន នោះពួកគេនឹងបានដឹងដោយព្រះវិញ្ញាណថាដំណឹងល្អគឺជាការពិត ។
សូមប្រើឱកាសបង្រៀនផ្សេងៗគ្នា
ឱកាសបង្រៀនមានទម្រង់ជាច្រើន ដូចជាការទៅជួបផ្ទាល់ ការឈែតជាវីដេអូ ការហៅទូរសព្ទ សារជាអក្សរ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
សូមគោរពពេលវេលារបស់អ្នករៀន
សូមបង្រៀនដោយសាមញ្ញ និងសង្ខេបៗ ។ អ្នករៀនទំនងជាចង់ជួបជាមួយអ្នកនៅពេលអ្នកគោរពពេលវេលា និងសំណើរបស់ពួកគេ ។ សូមសួរថាតើពួកគេមានពេលទំនេរប៉ុន្មានសម្រាប់ជំនួបនេះ ។ សូមចាប់ផ្តើម និងបញ្ចប់ការសន្ទនាតាមពេលវេលាដែលបានព្រមព្រៀង ទោះជាការបង្រៀនដោយផ្ទាល់ ឬតាមអនឡាញក៏ដោយ ។ ត្រូវដឹងថានៅកន្លែងខ្លះ ការហៅទូរសព្ទ ឬការឈែតជាវីដេអូអាចមានតម្លៃថ្លៃ ។
អ្នកនឹងត្រូវការជួបជាច្រើនដងដើម្បីបង្រៀនគោលការណ៍ក្នុងមេរៀនមួយ ។ ជាធម្មតាការទៅបង្រៀនមិនគួរលើសពី ៣០ នាទីទេ ហើយអ្នកអាចបង្រៀនមនុស្សម្នាក់ក្នុងរយៈពេលតិចត្រឹមតែ ៥ នាទីប៉ុណ្ណោះ ។ សូមកែសម្រួលការបង្រៀនរបស់អ្នកទៅតាមពេលវេលារបស់អ្នករៀន ។
សូមប្រើបច្ចេកវិទ្យាដោយឈ្លាសវៃ
អ្នកមានឱកាសជាច្រើនក្នុងការបង្រៀនអ្នករៀនដោយប្រើបច្ចេកវិទ្យា ។ មនុស្សមួយចំនួនចូលចិត្តភាពងាយស្រួល ឬភាពឯកជននៃការប្រាស្រ័យទាក់ទងគ្នាតាមរយៈមធ្យោបាយអេឡិចត្រូនិច ។ សូម្បីតែមនុស្សដែលអ្នកទៅជួបដោយផ្ទាល់ក៏អាចទទួលបានអត្ថប្រយោជន៍ពីការគាំទ្របន្ថែមតាមរយៈបច្ចេកវិទ្យាដែរ ។ សូមពិភាក្សាអំពីធនធានដែលមានសម្រាប់ទំនាក់ទំនង ។ បន្ទាប់មកតាមដាន និងបន្តទំនាក់ទំនង ។ សូមទុកឲ្យចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដឹកនាំការប្រាស្រ័យទាក់ទងរបស់អ្នក ។
បច្ចេកវិទ្យាដូចជាការហៅជាវីដេអូអាចមានប្រយោជន៍ជាពិសេសសម្រាប់ការបង្រៀនដល់មនុស្សដែលមានកាលវិភាគមមាញឹក ឬរស់នៅឆ្ងាយ ។ នៅពេលខ្លះវាកាន់តែងាយស្រួលសម្រាប់សមាជិកក្នុងការចូលរួមក្នុងមេរៀនតាមរយៈបច្ចេកវិទ្យា ។
ជួយអ្នកសិក្សាវ័យក្មេង
នៅអំឡុងការងារមប្រើរបស់ព្រះអង្គសង្រ្គោះ ទ្រង់បានប្រាប់ដល់ពួកសិស្សរបស់ទ្រង់ថា « ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ » ( ម៉ាកុស ១០:១៤ ) ។ នៅពេលអ្នកបង្រៀនក្មេងៗ សូមកែតម្រូវវិធីសាស្រ្ត និងសារលិខិតរបស់អ្នក ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ ។ សូមជួយពួកគេរៀនដំណឹងល្អដោយពិភាក្សាអំពីអ្វីដែលពួកគេស្គាល់ ។ សូមប្រាកដថាពួកគេយល់ពីអ្វីដែលអ្នកកំពុងបង្រៀន ។
បង្រៀនជាមួយដៃគូរបស់អ្នកដោយសាមគ្គីភាព
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « អ្នករាល់គ្នាត្រូវចេញទៅដោយនូវព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង ដោយផ្សាយដំណឹងល្អរបស់យើងពីរនាក់ៗ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៦ ) ។ ទ្រង់បានប្រទានការទទួលខុសត្រូវដល់អ្នក និងដៃគូរបស់អ្នកផងដែរដើម្បី « រួមគ្នាតែមួយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៧ ) ។ ការបង្រៀនរបស់អ្នកនឹងកាន់តែមានឥទ្ធិពល និងគួរឲ្យចាប់អារម្មណ៍ ប្រសិនបើអ្នក និងដៃគូរបស់អ្នកធ្វើកិច្ចការដោយសាមគ្គីភាព ។ ជំនួសដោយផ្តល់ការសង្ខេបផ្នែកខ្លះនៃមេរៀន ។
ក្នុងអំឡុងពេលសិក្សាជាមួយដៃគូ សូមពិភាក្សា និងអនុវត្តពីរបៀបដែលអ្នកនឹងបង្រៀន ដើម្បីអ្នកអាចមានសាមគ្គីភាព ។ សូមរៀបចំរបៀបដែលអ្នកនឹងធ្វើការជាមួយគ្នានៅពេលបង្រៀនសិស្សតាមអនឡាញ ។ សូមធ្វើតាម វិធីបង្ការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលបានគ្រោងនៅក្នុងជំពូកទី ២ ។
នៅពេលដៃគូរបស់អ្នកកំពុងបង្រៀន សូមអធិស្ឋាន ស្តាប់ ហើយមើលគាត់ ឬនាង ។ សូមគាំទ្រដៃគូរបស់អ្នកដោយផ្តល់សាក្សីទីពីរដល់សេចក្តីពិតដែលគាត់ ឬនាងបានបង្រៀន ( សូមមើល អាលម៉ា ១២:១ ) ។ សូមធ្វើតាមចំណាប់អារម្មណ៍របស់អ្នក នៅពេលព្រះវិញ្ញាណដាស់តឿនអ្នកឲ្យនិយាយអ្វីមួយ ។
សូមចាប់អារម្មណ៍ដោយស្មោះសរចំពោះមនុស្សដែលអ្នកបង្រៀន ។ សូមស្តាប់ពួកគេ ។ រក្សាការមើលចំកែវភ្នែកនៅពេលពួកគេ ឬអ្នកកំពុងនិយាយ ។ សូមសង្កេតមើលការឆ្លើយតបរបស់ពួកគេដោយប្រុងប្រយ័ត្ន ហើយស្តាប់តាមការបំផុសគំនិតខាងវិញ្ញាណ ។
សូមអញ្ជើញឲ្យសមាជិកចូលរួម
សូមអញ្ជើញសមាជិកឲ្យជួយមនុស្សដែលអ្នកបង្រៀន និងគាំទ្រមនុស្សដែលអ្នកកំពុងធ្វើការជាមួយ ។ ការណ៍នេះអាចកើតឡើងដោយផ្ទាល់ ឬពីចម្លាយ ។ ក្នុងអំឡុងពេលនៃការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមប្រឹក្សាជាមួយថ្នាក់ដឹកនាំវួដអំពីអ្នកដែលអាចជួយបាន ។
នៅពេលសមាជិកចូលរួមក្នុងការបង្រៀន និងការរាប់អាន នោះពួកគេអាចបន្ថែមការយល់ដឹង និងបង្កើតទំនាក់ទំនងជាមិត្តភក្តិបាន ។ ពួកគេនឹងមានអារម្មណ៍រីករាយអំពីកិច្ចការផ្សព្វផ្សាយសាសនា ។
សូមអញ្ជើញសមាជិកឲ្យជួយបង្រៀន
មុនពេលមេរៀន សូមរៀបចំផែនការជាមួយសមាជិកអំពីរបៀបធ្វើការជាមួយគ្នា ។ អ្នកអាចប្រើសារជាអក្សរ ឬការហៅទូរសព្ទខ្លីៗ ដើម្បីបញ្ជាក់ពីអ្វីដែលអ្នកនឹងបង្រៀន អ្នកណានឹងអធិស្ឋាន អ្នកណានឹងដឹកនាំការសន្ទនា និងព័ត៌មានលម្អិតផ្សេងទៀត ។
តួនាទីចម្បងរបស់សមាជិកនៅក្នុងមេរៀនគឺផ្តល់ទីបន្ទាល់ដោយស្មោះសរ ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនខ្លីៗ និងបង្កើតទំនាក់ទំនងជាមួយអ្នករៀន ។ អ្នកអាចសុំសមាជិកឲ្យចែកចាយពីរបៀបដែលពួកគេអាចរៀន ទទួលយក និងរស់នៅតាមគោលការណ៍ជាក់លាក់មួយនៅក្នុងមេរៀន ។ ប្រសិនបើពួកគេជាអ្នកប្រែចិត្តជឿ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេសម្រេចចិត្តចូលរួមក្នុងសាសនាចក្រ ។
នៅពេលសមាជិកណែនាំនរណាម្នាក់ សុំឲ្យពួកគេចូលរួមក្នុងការបង្រៀន ។ សមាជិកអាចចូលរួមកាន់តែច្រើននៅក្នុងស្ថានភាពទាំងនេះ ។ សូមប្រឹក្សាជាមួយពួកគេអំពីរបៀបដែលពួកគេចង់ចូលរួម ។
សូមពិចារណាពីរបៀបដែលការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្រៀនជាមួយសមាជិកប្រហែលជាសមរម្យ ។ បច្ចេកវិទ្យាអនុញ្ញាតឲ្យសមាជិកចូលរួមជាមួយអ្នកដោយមិនមានការចំណាយពេល ដែលតម្រូវឲ្យធ្វើដំណើរទៅជួបដោយផ្ទាល់ឡើយ ។
នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមរៀបចំផែនការជាមួយថ្នាក់ដឹកនាំវួដ ដើម្បីឲ្យសមាជិកចូលរួមក្នុងមេរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ( សូមមើល ជំពូកទី ១៣ ) ។ សូមពិចារណាសុំសមាជិកថ្មីឲ្យជួយបង្រៀន ។
សូមអញ្ជើញសមាជិកឲ្យផ្ដល់ការគាំទ្រ
សមាជិកក៏អាចផ្តល់ការគាំទ្រដ៏មានតម្លៃដល់មនុស្សនៅចន្លោះការបង្រៀនសួរសុខទុក្ខផងដែរ ។ ពួកគេអាចផ្ញើសារ អានព្រះគម្ពីរជាមួយគ្នា អញ្ជើញបុគ្គលនោះមកលេងផ្ទះរបស់ពួកគេ ឬចូលរួមសកម្មភាព ឬអញ្ជើញពួកគេឲ្យអង្គុយជាមួយគ្នានៅព្រះវិហារ ។ ពួកគេអាចឆ្លើយសំណួរ ហើយបង្ហាញថាជីវិតរបស់ពួកគេមានលក្ខណៈបែបណាក្នុងនាមជាសមាជិកនៃសាសនាចក្រ ។ បទពិសោធន៍ជីវិត និងទស្សនៈរបស់ពួកគេអាចជួយពួកគេឲ្យភ្ជាប់ទំនាក់ទំនងជាមួយមនុស្សតាមរបៀបដែលជួនកាលវាខុសគ្នាយ៉ាងខ្លាំងពីទំនាក់ទំនងរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។
សូមប្រឹក្សាជាមួយសមាជិកអំពីរបៀបដែលអ្នកអាចធ្វើការរួមគ្នា ដើម្បីជួយអ្នករៀនក្រៅពីពេលបង្រៀន ។
បង្រៀនដើម្បីឲ្យមានការយល់ដឹង
សូមបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នករៀននឹងយល់អំពីដំណឹងល្អនេះ ។ សូមសិក្សាបទគម្ពីរ និងមេរៀន ដើម្បីអ្នកអាចបង្រៀនយ៉ាងច្បាស់ពីបទគម្ពីរទាំងនោះ ។ កាលណាអ្នកបង្រៀនកាន់តែច្បាស់ នោះឱកាសសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើទីបន្ទាល់អំពីសេចក្ដីពិតក៏កាន់តែប្រសើរដែរ ។
សូមសួរសំណួរដើម្បីជួយអ្នករៀនគិតអំពីអ្វីដែលអ្នកបានបង្រៀន ។ បន្ទាប់មក សូមស្តាប់ថាតើពួកគេយល់ និងទទួលយកដំណឹងល្អដែរឬទេ ។
ផ្នែកនៃការបង្រៀនដើម្បីឲ្យមានការយល់ដឹងគឺការពន្យល់ពាក្យ ឃ្លា និងគំនិតទាំងឡាយ ។ អ្នកអាចកែលម្អសមត្ថភាពរបស់អ្នកដើម្បីបង្រៀនដំណឹងល្អដោយ ៖
-
ការយល់ពីពាក្យដែលអ្នកប្រើ ។
-
ឲ្យនិយមន័យពាក្យដែលអ្នកដទៃប្រហែលជាមិនយល់ ។
-
សួរសំណួរដូចជា « តើអ្នកនឹងចែកចាយជាមួយយើងនូវការយល់ដឹងរបស់អ្នកអំពីអ្វីដែលយើងទើបតែបានពន្យល់ដែរឬទេ ? » ឬ « តើអ្នកព្រមសង្ខេបអំពីអ្វីដែលយើងបាននិយាយដែរឬទេ ? »
នៅពេលអ្នកបង្រៀនគោលលទ្ធិនៅក្នុង ជំពូកទី ៣ ប្រើពាក្យ ឃ្លា និងគំនិតទាំងឡាយណាដែលមនុស្សប្រហែលជាមិនយល់ ។ សូមស្វែងយល់អត្ថន័យទាំងនេះដោយការប្រើធនធានដែលមាននៅក្នុងបណ្ណាល័យដំណឹងល្អ ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary និង Gospel Topics ។
សូមបង្រៀនដោយសាមញ្ញ និងសង្ខេបៗ ។ សូមរក្សាវាឲ្យផ្ដោតលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ស្ថាបនាការយល់ដឹងអំពីគោលលទ្ធិ និងគោលការណ៍គ្រឹះ ។ ជួយអ្នករៀនស្វែងរកការយល់ដឹងដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលពួកគេទទួលបានការយល់ដឹងនេះ ពួកគេនឹងចាប់ផ្ដើមជឿសារលិខិតនៃដំណឹងល្អហើយ ។
សួរសំណួរ
ព្រះអង្គសង្គ្រោះបានសួរសំណួរទាំងឡាយដែលអញ្ជើញដល់មនុស្សឲ្យគិត ហើយទទួលអារម្មណ៍យ៉ាងខ្លាំងអំពីសេចក្ដីពិតដែលទ្រង់បានបង្រៀន ។ សំណួររបស់ទ្រង់បានបំផុសគំនិតដល់ ការស្វែងរកព្រលឹង និងការតាំងចិត្ត ។
សំណួរល្អៗទាំងនេះក៏មានសារៈសំខាន់នៅក្នុងការបង្រៀនរបស់អ្នកដែរ ។ វានឹងជួយអ្នកឲ្យយល់ពីចំណាប់អារម្មណ៍ កង្វល់ និងសំណួររបស់អ្នករៀន ។ សំណួរល្អៗអាចយាងអញ្ជើញព្រះវិញ្ញាណ ហើយជួយមនុស្សឲ្យរៀន ។
សួរសំណួរទំាងឡាយដែលបំផុសគំនិត
សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណក្នុងការសួរសំណួរល្អៗ ។ សំណួរត្រឹមត្រូវនៅពេលត្រឹមត្រូវ អាចជួយមនុស្សឲ្យរៀនអំពីដំណឹងល្អ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
សំណួរដែលបំផុសគំនិត និងការស្តាប់ដោយស្មោះសរនឹងជួយអ្នករៀនឲ្យកាន់តែមានទំនុកចិត្តក្នុងការនិយាយដោយបើកចំហ និងមានទំនុកចិត្តក្នុងការចែកចាយអារម្មណ៍របស់ពួកគេ ។ ការណ៍នេះអាចជួយពួកគេរកឃើញទីបន្ទាល់ដែលកំពុងរីកចម្រើន ។ ពួកគេក៏នឹងកាន់តែមានទំនុកចិត្តក្នុងការសួរសំណួរដល់អ្នកនៅពេលដែលពួកគេមិនយល់អ្វីមួយ ឬមានកង្វល់ផងដែរ ។
តារាងខាងក្រោមបង្ហាញពីគោលការណ៍មួយចំនួននៃការសួរសំណួរដែលបំផុសគំនិត រួមជាមួយនឹងឧទាហរណ៍មួយចំនួន ។
គោលការណ៍ និងឧទាហរណ៍នៃសំណួរដែលបំផុសគំនិត
គោលការណ៍ទាំងឡាយ |
ឧទាហរណ៍ |
សូមសួរសំណួរដែលជួយមនុស្សឲ្យមានអារម្មណ៍ថាមានព្រះវិញ្ញាណ ។ |
|
សូមសួរសំណួរដែលសាមញ្ញ និងងាយយល់ ។ |
|
សូមសួរសំណួរដែលជួយអ្នករៀនគិតអំពីអ្វីដែលអ្នកកំពុងបង្រៀន ។ |
|
សូមសួរសំណួរដែលជួយអ្នកឲ្យដឹងថាមនុស្សយល់ច្បាស់ពីអ្វីដែលអ្នកកំពុងបង្រៀន ។ |
|
សូមសួរសំណួរដែលជួយអ្នករៀនចែកចាយនូវអ្វីដែលពួកគេកំពុងទទួលអារម្មណ៍ ។ |
|
សូមសួរសំណួរដែលបង្ហាញពីក្តីស្រឡាញ់ និងការបារម្ភ ។ |
|
សូមសួរសំណួរដែលជួយអ្នករៀនអនុវត្តអ្វីដែលពួកគេរៀន ។ |
|
សូមចៀសវាងសំណួរដែលមិនមានប្រសិទ្ធភាព ឬហួសហេតុ
ព្យាយាមកុំសួរសំណួរដែល ៖
-
មានចម្លើយមិនច្បាស់លាស់ ។
-
អាចនឹងធ្វើឲ្យនរណាម្នាក់ខ្មាសអៀន ប្រសិនបើគាត់ ឬនាងមិនដឹងចម្លើយ ។
-
បញ្ចូលគំនិតច្រើនជាងមួយ ។
-
ទាក់ទងនឹងគោលលទ្ធិដែលអ្នកមិនទាន់បានបង្រៀន ។
-
មិនមានគោលបំណងច្បាស់លាស់ ។
-
ដែលលើស ។
-
មានការគាស់កកាយ ឬអាចធ្វើឲ្យអ្នករៀនខឹង និងអាក់អន់ចិត្ត ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃសំណួរដែលមិនសូវមានប្រសិទ្ធភាព ៖
-
តើនរណាជាព្យាការីដំបូង ? ( បុគ្គលនោះប្រហែលជាមិនដឹងពីចម្លើយទេ ) ។
-
តើការរក្សារូបកាយយើងឲ្យបរិសុទ្ធជួយយើងឲ្យមានព្រះវិញ្ញាណ ហើយបង្ហាញថាយើងមានឆន្ទៈធ្វើតាមព្យាការីរបស់ព្រះដោយរបៀបណា ? ( មានគំនិតច្រើនជាងមួយ ) ។
-
តើវាមានសារៈសំខាន់ដើម្បីដឹងអំពីបទបញ្ញត្តិរបស់ព្រះដែរឬទេ ? ( នេះគឺជាសំណួរបាទ-ទេ ហើយចម្លើយច្បាស់ណាស់ ) ។
-
តើមានអ្វីខ្លះដែលយើងអាចធ្វើជារៀងរាល់ថ្ងៃ ដែលនឹងជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ ? ( នេះជាសំណួរមិនច្បាស់លាស់ដែលកំពុងស្វែងរកចម្លើយជាក់លាក់ ៖ អធិស្ឋាន ) ។
-
តើនរណាជាព្យាការី បន្ទាប់ពីណូអេ ? ( បុគ្គលនោះប្រហែលជាមិនដឹងពីចម្លើយឡើយ ហើយសំណួរមិនសំខាន់សម្រាប់សារលិខិតរបស់អ្នកទេ ) ។
-
តើអ្នកយល់ពីអ្វីដែលខ្ញុំចង់និយាយដែរឬទេ ? ( បុគ្គលនោះអាចនឹងមានអារម្មណ៍ថាអ្នកកំពុងមើលងាយគាត់ ឬនាង ) ។
ស្ដាប់
នៅពេលអ្នកស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់ នោះអ្នកនឹងយល់ពីពួកគេកាន់តែច្បាស់ ។ នៅពេលពួកគេដឹងថា គំនិត និងអារម្មណ៍របស់ពួកគេសំខាន់ចំពោះអ្នក ពួកគេនឹងកាន់តែស្តាប់ការបង្រៀនរបស់អ្នក សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន និងធ្វើការតាំងចិត្តផ្សេងៗ ។
នៅពេលដែលអ្នកស្ដាប់ អ្នកនឹងទទួលបានការយល់ដឹងដើម្បីដឹងពីរបៀបបត់បែនការបង្រៀនរបស់អ្នកទៅតាមតម្រូវការ និងចំណាប់អារម្មណ៍របស់ពួកគេ ។ អ្នកនឹងយល់កាន់តែច្បាស់អំពីសេចក្ដីពិតនៃដំណឹងល្អដែលមានប្រយោជន៍បំផុតសម្រាប់ពួកគេ ។
ជាពិសេសសូមស្តាប់តាមការខ្សឹបប្រាប់ពីព្រះវិញ្ញាណ ។ នៅពេលអ្នកដទៃចែកចាយអារម្មណ៍របស់ពួកគេ ព្រះវិញ្ញាណបរិសុទ្ធអាចនឹងបំផុសគំនិតអ្នកឲ្យមានការពិចារណា ឬគំនិត ។ ព្រះវិញ្ញាណក៏អាចជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកដទៃកំពុងព្យាយាមបង្ហាញផងដែរ ។
ស្តាប់ដោយការយកចិត្តទុកដាក់ពិតប្រាកដ
ការស្តាប់ត្រូវការការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពិតប្រាកដ ។ ខណៈពេលដែលអ្នកផ្សេងទៀតនិយាយ ត្រូវប្រាកដថាអ្នកផ្តោតលើអ្វីដែលពួកគេកំពុងនិយាយ ។ សូមចៀសវាងពីទំនោរក្នុងការដាក់ផែនការពីអ្វីដែលអ្នកនឹងនិយាយ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖ « ការស្តាប់គឺសំខាន់ជាងការនិយាយទៅទៀត ។ មនុស្សទាំងនេះមិនមែនជាវត្ថុដែលគ្មានជីវិតដែលគ្រាន់តែចែកចាយដំណឹងល្អឲ្យតែបានទទួលប៉ុណ្យជ្រមុជទឹកប៉ុណ្ណោះទេ ។ … សូមសួរមិត្តភក្តិទាំងនេះអំពីអ្វីដែលមានសារៈសំខាន់បំផុតចំពោះ ពួកគេ ។ តើអ្វីដែល ពួកគេ ស្រឡាញ់ចូលចិត្ត និងអ្វីខ្លះដែល ពួកគេ ឲ្យតម្លៃ ? បន្ទាប់មក ចូរស្ដាប់ ។ ប្រសិនបើបរិយាកាសនេះត្រឹមត្រូវ អ្នកអាចសួរថាតើពួកគេភ័យខ្លាចអ្វី អ្វីដែលពួកគេចង់បាន ឬអ្វីដែលពួកគេមានអារម្មណ៍ថាបាត់បង់នៅក្នុងជីវិតរបស់ពួកគេ ។ ខ្ញុំសូមសន្យានឹងអ្នកថា អ្វី ដែលពួកគេនិយាយ ពួកគេនឹង តែងតែ បញ្ជាក់ពីសេចក្តីពិតនៃដំណឹងល្អ ដែលអ្នកអាចថ្លែងទីបន្ទាល់ និងអំពីអ្វីដែលអ្នកអាចផ្តល់ជូនបន្ថែមទៀត ។ … ប្រសិនបើយើងស្តាប់ដោយសេចក្តីស្រឡាញ់ នោះយើងពុំត្រូវការគិតអំពីអ្វីដែលត្រូវនិយាយឡើយ ។ អ្វីដែលត្រូវនិយាយនឹងប្រទានដល់យើង—ដោយព្រះវិញ្ញាណ និងដោយមិត្តភក្តិរបស់យើង » ( « Witnesses unto Me » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១៥ ) ។
សូមសង្កេតមើលសារដែលមិនបានបញ្ចេញជាពាក្យសម្តី
មនុស្សក៏ប្រាស្រ័យទាក់ទងតាមរយៈភាសាកាយវិការរបស់ពួកគេផងដែរ ។ សូមកត់សម្គាល់ពីរបៀបដែលពួកគេអង្គុយ ទឹកមុខរបស់ពួកគេ អ្វីដែលពួកគេធ្វើជាមួយដៃរបស់ពួកគេ សំឡេងរបស់ពួកគេ និងកន្លែងដែលពួកគេកំពុងសម្លឹងមើល ។ ការសង្កេតមើលសារលិខិតដែលមិនបានបញ្ចេញជាពាក្យសម្តីអាចជួយអ្នកឲ្យយល់ពីអារម្មណ៍របស់អ្នកទាំងឡាយដែលអ្នកបង្រៀន ។
ក៏ត្រូវដឹងពីភាសាកាយវិការរបស់អ្នកផងដែរ ។ ផ្ញើសារនៃចំណាប់អារម្មណ៍ និងភាពរីករាយដោយការស្តាប់ដោយស្មោះ ។
សូមទុកពេលឲ្យមនុស្សគិត និងឆ្លើយតប
ព្រះអង្គសង្គ្រោះតែងតែសួរសំណួរដែលទាមទារពេលវេលាសម្រាប់ឲ្យមនុស្សម្នាក់ឆ្លើយតប ។ នៅពេលអ្នកសួរសំណួរ សូមផ្អាកដើម្បីផ្តល់ឱកាសឲ្យមនុស្សគិត និងឆ្លើយតប ។ សូមកុំខ្លាចចំពោះការស្ងៀមស្ងាត់ ។ ជាញឹកញាប់ មនុស្សជាច្រើនត្រូវការពេលវេលាដើម្បីគិតអំពីរបៀបឆ្លើយសំណួរ ឬដើម្បីបង្ហាញពីអារម្មណ៍ដែលពួកគេមាន ។
អ្នកអាចផ្អាកបន្ទាប់ពីសួរសំណួរ បន្ទាប់ពីការចែកចាយបទពិសោធន៍ខាងវិញ្ញាណ ឬនៅពេលដែលអ្នករៀនពិបាកបញ្ចេញមតិរបស់ពួកគេ ។ សូមប្រាកដថា អ្នកផ្តល់ពេលវេលាដល់ពួកគេ ដើម្បីគិតឲ្យបានសព្វគ្រប់ មុនពេលអ្នកឆ្លើយតប ។ សូមកុំរំខានខណៈពេលពួកគេកំពុងនិយាយ ។
ឆ្លើយតបដោយការយល់ចិត្ត
នៅពេលមនុស្សម្នាក់ឆ្លើយសំណួរ សូមចាប់ផ្តើមការឆ្លើយតបរបស់អ្នកដោយបង្ហាញការយល់ចិត្តប្រសិនបើសមរម្យ ។ ការយល់ចិត្តបង្ហាញថាអ្នកព្រួយបារម្ភពិតប្រាកដ ។ សូមចៀសវាងពីការលោតទៅរកការសន្និដ្ឋាន ផ្តល់ដំណោះស្រាយភ្លាមៗ ឬហាក់ដូចជាមានចម្លើយទាំងអស់ ។
សូមបញ្ជាក់ថាអ្នកយល់ពីអ្វីដែលមនុស្សនិយាយ
នៅពេលស្វែងយល់ពីអ្វីដែលមនុស្សកំពុងនិយាយ សូមសួរតបវិញដើម្បីបញ្ជាក់ថាអ្នកយល់ ។ ឧទាហរណ៍ អ្នកអាចសួរថា « អ៊ីចឹង អ្វីដែលអ្នកកំពុងនិយាយគឺ ។ តើវាត្រឹមត្រូវទេ ? » ឬ « បើខ្ញុំយល់មិនខុសនោះគឺអ្នកមានអារម្មណ៍ថា » ។ នៅពេលដែលអ្នកមិនប្រាកដថាអ្នកយល់ទេ សូមសួរបុគ្គលនោះបញ្ជាក់ ។
ស្វែងយល់ពីបញ្ហាប្រឈមក្នុងការប្រាស្រ័យទាក់ទងគ្នា
អ្នកនឹងជួយមនុស្សបានច្រើនបំផុតតាមរយៈការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់ពួកគេ ។ មនុស្សខ្លះប្រហែលជាចង់និយាយច្រើនជាងគេ ។ ពេលខ្លះមនុស្សគ្រាន់តែត្រូវការនរណាម្នាក់ដើម្បីស្តាប់ដោយចិត្តអាណិតអាសូរចំពោះបញ្ហា និងអារម្មណ៍របស់ពួកគេប៉ុណ្ណោះ ។ មនុស្សផ្សេងទៀតអាចព្យាយាមគ្រប់គ្រងគេ ឬជជែកតវ៉ា ។
សូមរៀនគ្រប់គ្រងស្ថានការណ៍បែបនេះដោយការប៉ិនប្រសព្វ និងដោយក្តីស្រឡាញ់ ។ អ្នកប្រហែលជាអាចសម្របការបង្រៀនរបស់អ្នក ភ្ជាប់ទៅនឹងពាក្យសម្តីដែលមនុស្សម្នាក់បានចែកចាយ ។ ឬអ្នកប្រហែលជាត្រូវនិយាយដោយគួរសមថា អ្នកចង់ពិភាក្សាអំពីកង្វល់របស់ពួកគេនៅពេលផ្សេងទៀត ។ ព្រះវិញ្ញាណអាចជួយអ្នកឲ្យដឹងពីរបៀបឆ្លើយតបក្នុងស្ថានភាពលំបាកនានា ។
ជួយអ្នករៀនឲ្យមានអារម្មណ៍ស្រណុកចិត្ត ក្នុងការចែកចាយអារម្មណ៍ពិត
ដើម្បីចៀសវាងការខ្មាសអៀន មនុស្សមួយចំនួននឹងឆ្លើយសំណួរតាមរបៀបដែលពួកគេគិតថា អ្នកចង់ឲ្យពួកគេឆ្លើយ ជាជាងចែកចាយអារម្មណ៍ពិតរបស់ពួកគេ ។ សូមស្វែងរកដើម្បីអភិវឌ្ឍទំនាក់ទំនងមួយដែលអនុញ្ញាតឲ្យពួកគេអាចស្រណុកចិត្ត ក្នុងការចែកចាយពីអារម្មណ៍ពិតរបស់ពួកគេជាមួយអ្នក ។
ការយល់ និងការភ្ជាប់ជាមួយអ្នករៀននឹងអនុញ្ញាតឲ្យអ្នកជួយពួកគេ បំពេញតាមចំណាប់អារម្មណ៍ និងតម្រូវការរបស់ពួកគេ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។ បង្កើតទំនាក់ទំនងនៃការទុកចិត្តដោយមានភាពស្មោះត្រង់ជាមួយពួកគេ រក្សាទំនាក់ទំនងអ្នកផ្សព្វផ្សាយសាសនាដែលសមរម្យ និងបង្ហាញការគោរព ។
ជួយមនុស្សស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់របស់ពួកគេ
សូមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីឆ្លើយសំណួររបស់អ្នករៀន និងជួយដោះស្រាយកង្វល់របស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការទទួលខុសត្រូវរបស់អ្នកក្នុងការឆ្លើយគ្រប់សំណួរនោះទេ ។ នៅទីបំផុត មនុស្សត្រូវតែដោះស្រាយសំណួរ និងកង្វល់របស់ពួកគេសម្រាប់ខ្លួនពួកគេ ។
ត្រូវដឹងថាមិនមែនគ្រប់សំណួរ និងកង្វល់ទាំងអស់អាចឆ្លើយបានទាំងស្រុងនោះទេ ។ ចម្លើយខ្លះកាន់តែច្បាស់តាមពេលវេលា ។ សំណួរផ្សេងទៀតមិនទាន់បានបើកបង្ហាញនៅឡើយទេ ។ សូមផ្ដោតលើការស្ថាបនាគ្រឹះដ៏រឹងមាំនៃសេចក្ដីពិតជាមូលដ្ឋាន និងចាំបាច់នៃដំណឹងល្អ ។ គ្រឹះនេះនឹងជួយអ្នក និងអស់អ្នកដែលអ្នកបង្រៀនឲ្យឆ្ពោះទៅមុខដោយភាពអត់ធ្មត់ និងជំនឿ នៅពេលដែលមានសំណួរដែលមិនមានចម្លើយ ឬពិបាក ។
គោលការណ៍មួយចំនួនសម្រាប់ការឆ្លើយសំណួរគឺបានព្រៀងនៅក្នុងផ្នែកនេះ ។
យល់ពីកង្វល់
អ្វីមួយចំនួនដែលអ្នកបង្រៀនដល់អ្នករៀនអាចហាក់ដូចជាពិបាក ឬពួកគេមិនសូវដឹង ។ ប្រសិនបើអ្នករៀនមានចម្ងល់ឬកង្វល់ សូមស្វែងយល់ពីចម្ងល់ និងកង្វល់ទាំងនោះឲ្យច្បាស់លាស់សិន ។ ពេលខ្លះ កង្វល់របស់មនុស្សមួយចំនួន ដូចជាផ្ទាំងទឹកកក ។ មានតែផ្នែកតូចមួយប៉ុណ្ណោះ ដែលស្ដែងឲ្យឃើញនៅផ្ទៃខាងលើ ។ កង្វល់ទាំងនេះអាចស្មុគស្មាញ ។ សូមអធិស្ឋានទូលសូមអំណោយទាននៃការយល់ដឹង ហើយធ្វើតាមព្រះវិញ្ញាណអំពីអ្វីដែលអ្នកឆ្លើយតប ។ ព្រះវរបិតាសួគ៌ជ្រាបដឹងពីដួងចិត្ត និងបទពិសោធន៍ទំាងឡាយរបស់មនុស្សទំាងអស់ ( ផ្ទាំងទឹកកកទាំងមូល ) ។ ទ្រង់នឹងជួយអ្នកដឹងនូវអ្វីដែលល្អបំផុតសម្រាប់មនុស្សម្នាក់ៗ ។
ជាញឹកញយ កង្វល់ទាក់ទងនឹងរឿងសង្គមច្រើនជាងទាក់ទងនឹងគោលលទ្ធិ ។ ឧទាហរណ៍ មនុស្សមួយចំនួនអាចខ្លាចការប្រឆាំងពីសមាជិកគ្រួសារ ប្រសិនបើពួកគេចូលរួមសាសនាចក្រ ។ ឬពួកគេអាចខ្លាចមិត្តភក្តិនៅកន្លែងធ្វើការមិនរាប់រកពួកគេ ។
សូមស្វែងយល់ពីប្រភពនៃកង្វល់នេះ ដោយការសួរសំណួរ និងស្តាប់ ។ តើកង្វល់ដែលកើតឡើងគឺដោយសារបុគ្គលនោះមិនមានការបញ្ជាក់ខាងវិញ្ញាណអំពីសេចក្ដីពិតនៃការស្ដារឡើងវិញឬ ? តើវាកើតឡើងដោយសារបុគ្គលនោះមិនចង់តាំងចិត្តដើម្បីរស់នៅតាមគោលការណ៍នៃដំណឹងល្អឬ ? ការដឹងពីឫសគល់នៃកង្វល់របស់ពួកគេនឹងជួយអ្នកឲ្យដឹងថាតើត្រូវផ្តោតលើទីបន្ទាល់ ឬក៏ការតាំងចិត្ត ។
សូមប្រើបទគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ដើម្បីជួយឆ្លើយសំណួរ
សូមបង្ហាញអ្នករៀនអំពីរបៀបដែលសេចក្ដីពិតក្នុងព្រះគម្ពីរអាចជួយឆ្លើយសំណួររបស់ពួកគេ និងដោះស្រាយកង្វល់របស់ពួកគេ ។ ( សូមមើល « ព្រះគម្ពីរមរមនថ្លែងពីសំណួរខាងព្រលឹង » នៅក្នុងជំពូកទី ៥ ) ។ នៅពេលមនុស្សស្វែងរកការបំផុសគំនិតដោយការសិក្សា និងការអនុវត្តតាមព្រះគម្ពីរ នោះពួកគេនឹងបង្កើនសមត្ថភាពរបស់ពួកគេដើម្បីស្តាប់ និងធ្វើតាមព្រះអម្ចាស់ ។ សេចក្តីជំនឿរបស់ពួកគេលើទ្រង់នឹងកើនឡើង ។ នៅពេលសេចក្តីជំនឿកាន់តែកើនឡើងនោះទីបន្ទាល់ ការប្រែចិត្ត និងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកក៏មកដល់ដែរ ។
« ពេលខ្លះ ខ្ញុំបើកទៅព្រះគម្ពីរដើម្បីរៀនពីគោលលទ្ធិ ។ ពេលខ្លះខ្ញុំបើកទៅព្រះគម្ពីរដើម្បីទទួលបានការណែនាំ ។ ខ្ញុំទៅរកព្រះគម្ពីរដោយមានសំណួរ ហើយជាធម្មតាសំណួរនោះគឺ ‹ តើព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ? › ឬ ‹ តើទ្រង់សព្វព្រះទ័យឲ្យខ្ញុំមានអារម្មណ៍យ៉ាងណា ? › ខ្ញុំរកឃើញគំនិតថ្មីៗ គំនិតដែលខ្ញុំមិនធ្លាប់គិតពីមុនមក ហើយខ្ញុំទទួលបានការបំផុសគំនិត និងការណែនាំ និងចម្លើយចំពោះសំណួររបស់ខ្ញុំ » ( ហិនរី ប៊ី អាវរិង នៅក្នុង « A Discussion on Scripture Study » Ensign ខែ កក្កដា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។
វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា ការយល់ដឹងជាច្រើនរបស់យើងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ កើតចេញពីអ្វីដែលត្រូវបានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស្ម៊ីធ និងអ្នកដែលបានស្នងតំណែងពីលោក ។ សំណួរអំពីភាពពិតនៃដំណឹងល្អអាចត្រូវបានដោះស្រាយដោយទទួលបានទីបន្ទាល់ថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ។ ការអាន និងការអធិស្ឋានអំពីព្រះគម្ពីរមរមន គឺជាវិធីដ៏សំខាន់មួយដើម្បីទទួលបានទីបន្ទាល់នេះ ។
សូមជួយមនុស្សឲ្យផ្ដោតលើការពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ការអាន និងការអធិស្ឋានអំពីព្រះគម្ពីរមរមន គឺជាវិធីដ៏សំខាន់មួយដើម្បីពង្រឹងសេចក្តីជំនឿរបស់ពួកគេ ។
អញ្ជើញពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ
នៅពេលមនុស្សអភិវឌ្ឍ និងពង្រឹងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អដែលបានស្ដារឡើងវិញ នោះពួកគេនឹងអាចដោះស្រាយសំណួរ និងកង្វល់របស់ពួកគេពីគ្រឹះនៃសេចក្ដីជំនឿ ។ នៅពេលពួកគេធ្វើសកម្មភាពដោយសេចក្ដីជំនឿលើសេចក្ដីពិតដែលពួកគេជឿ នោះពួកគេនឹងអាចទទួលបានទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អផ្សេងទៀត ។
របៀបមួយចំនួនដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿរួមមាន ៖
-
ការអធិស្ឋានជាញឹកញាប់ និងដោយស្មោះអស់ពីចិត្តដើម្បីទទួលការបំផុសគំនិត និងការណែនាំ ។
-
ការសិក្សាព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ។
-
ការចូលរួមក្នុងព្រះវិហារ ។
សូមទុកអ្វីដែលត្រូវសិក្សាមួយអន្លើ ហើយអធិស្ឋានអំពីរឿងនោះ
នៅចុងបញ្ចប់នៃការចុះបង្រៀនសួរសុខទុក្ខនីមួយៗ សូមផ្តល់អ្វីមួយដល់មនុស្សដើម្បីសិក្សា សញ្ជឹងគិត និងអធិស្ឋានអំពីការរៀបចំសម្រាប់ការជួបបន្ទាប់ ។ ការអាន ការអធិស្ឋាន និងការជញ្ជឹងគិតរវាងការបង្រៀនសួរសុខទុក្ខយាងអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់ពួកគេ ។
អ្នកអាចអញ្ជើញអ្នករៀនឲ្យអានជំពូកជាក់លាក់នៅក្នុងព្រះគម្ពីរមរមន ។ ឬអ្នកអាចលើកទឹកចិត្តពួកគេឲ្យប្រើធនធានរបស់សាសនាចក្រ ដូចជា បណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកចម្លើយចំពោះសំណួរ សិក្សាអំពីប្រធានបទ ឬមើលវីដេអូ ។ ការណ៍នេះអាចក្លាយជាប្រធានបទបើកនៃការពិភាក្សានៅពេលអ្នកជួបលើកក្រោយ ។
សូមចៀសវាងការសូមឲ្យមនុស្សធ្វើច្រើនពេក ជាពិសេស ប្រសិនបើអ្នកប្រាស្រ័យទាក់ទងជាមួយពួកគេខ្លីៗញឹកញាប់ ។
ការជួយមនុស្សដែលញៀន
អ្នកអាចជួយមនុស្សដែលកំពុងពុះពារដើម្បីយកឈ្នះលើការញៀនដោយការពិភាក្សាពេញដោយក្ដីស្រឡាញ់អំពីការពុះពាររបស់ពួកគេ គាំទ្រពួកគេ និងភ្ជាប់ពួកគេជាមួយនឹងធនធានទាំងឡាយ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យចូលរួមក្រុមជំនួយដែលគាំទ្រដល់ការព្យាបាលឲ្យជាសះស្បើយពីការញៀនមួយរបស់សាសនាចក្រ ។ ក្រុមទាំងនេះអាចជួបដោយផ្ទាល់ ឬតាមអនឡាញ ។ ( សូមមើល AddictionRecovery.ChurchofJesusChrist.org ) ។ សូមលើកទឹកចិត្តពួកគេដើម្បីប្រើប្រាស់ធនធាននៅក្នុងផ្នែក « Addiction » នៃជំនួយជីវិតនៅក្នុងបណ្ណាល័យដំណឹងល្អ ។
ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រប្រចាំតំបន់ ក៏អាចផ្ដល់ជំនួយគាំទ្រផងដែរ ។ មនុស្សមួយចំនួនដែលមានការញៀនអាចត្រូវការការព្យាបាលវេជ្ជសាស្រ្ត និងការព្យាបាលសុខភាពផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ ។
នេះគឺជាការផ្ដល់យោបល់មួយចំនួនសម្រាប់របៀបដែលអ្នកអាចជួយគាំទ្រមនុស្សដែលមានការពុះពារដើម្បីជម្នះលើការញៀន ៖
-
ពង្រឹងការខិតខំរបស់ពួកគេដើម្បីមករកព្រះគ្រីស្ទ ។ សូមជួយពួកគេឲ្យឃើញថា ការខិតខំរបស់ពួកគេដើម្បីសង្គ្រោះ និងព្យាបាលត្រូវបានទទួលស្គាល់ និងឲ្យតម្លៃដោយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមបង្រៀនពួកគេថា ពួកគេអាចត្រូវបានពង្រឹងតាមរយៈព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។ ទ្រង់ទទួលស្គាល់យ៉ាងពេញទំហឹងនូវចេតនានៃដួងចិត្តរបស់ពួកគេក្នុងការធ្វើអំពើល្អ ។
-
សូមអធិស្ឋានសម្រាប់ពួកគេនៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ហើយអធិស្ឋានជាមួយពួកគេ ។ តាមដែលសមរម្យ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការប្រសិទ្ធពរបព្វជិតភាពពីថ្នាក់ដឹកនាំបព្វជិតភាពក្នុងតំបន់ ។
-
សូមបន្តបង្រៀនពួកគេនូវដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមបង្រៀនពួកគេថា ព្រះវរបិតាសួគ៌ ព្រះអង្គសង្រ្គោះ និងព្រះវិញ្ញាណបរិសុទ្ធស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេទទួលបានជោគជ័យ ។
-
សូមលើកទឹកចិត្តពួកគេឲ្យចូលរួមព្រះវិហារ និងបង្កើតទំនាក់ទំនងជាមួយសមាជិកជាប្រចាំ ។
-
ត្រូវមានភាពវិជ្ជមាន និងផ្ដល់ការគាំទ្រ ជាពិសេសប្រសិនបើពួកគេត្រឡប់ទៅប្រព្រឹត្តម្តងទៀត ។
ការញៀនគឺពិបាកយកឈ្នះ ហើយការត្រឡប់ទៅប្រព្រឹត្តម្តងទៀតអាចកើតឡើងបាន ។ ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រមិនគួរភ្ញាក់ផ្អើលពី ការណ៍នេះទេ ។ ពួកគេគួរតែបង្ហាញសេចក្ដីស្រឡាញ់ មិនមែនការវិនិច្ឆ័យនោះទេ ។
សមាជិកថ្មីដែលឈប់ទៅព្រះវិហារប្រហែលជាអាចត្រឡប់ទៅរកការញៀនដូចពីមុន ហើយប្រហែលជាមានអារម្មណ៍មិនមានភាពស័ក្តិសម និងបាក់ទឹកចិត្ត ។ ការទៅសួរសុខទុក្ខភ្លាមៗ ផ្តល់ការលើកទឹកចិត្ត និងការគាំទ្រអាចជួយបាន ។ សមាជិកគួរបង្ហាញទាំងពាក្យសម្ដី និងទង្វើថា សាសនាចក្រជាកន្លែងដែលអាចរកឃើញសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី៣ ១៨:៣២ ) ។
ការបង្រៀនមនុស្សដែលមិនមានប្រវត្តិជាពួកគ្រីស្ទាន
មនុស្សមួយចំនួនដែលអ្នកបង្រៀន ប្រហែលជាមិនមានប្រវត្តិជាគ្រីស្ទាន ឬប្រហែលជាមិនជឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទេ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះជាច្រើនមានជំនឿ ការអនុវត្ត និងទីកន្លែងដែលពួកគេគោរពបូជា ។ វាជាការចាំបាច់ដែលអ្នកបង្ហាញការគោរពចំពោះជំនឿសាសនា និងប្រពៃណីរបស់ពួកគេ ។
ជួយពួកគេឲ្យយល់ថាព្រះជានរណា
អ្នកប្រហែលជាឆ្ងល់ថាតើអ្នកគួរកែសម្រួលការបង្រៀនរបស់អ្នកដោយរបៀបណាសម្រាប់មនុស្សដែលមិនមានប្រវត្តិជាគ្រីស្ទាន ។ គោលការណ៍ដែលជួយមនុស្សឲ្យមានជំនឿគឺដូចគ្នានៅគ្រប់វប្បធម៌ទាំងអស់ ។ សូមជួយមនុស្សឲ្យទទួលបានការយល់ដឹងត្រឹមត្រូវអំពីព្រះ និងបេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ពួកគេដើម្បីរៀនពីសេចក្ដីពិតទាំងនេះគឺតាមរយៈបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួន ។ របៀបមួយចំនួនដែលអ្នកអាចជួយពួកគេឲ្យមានបទពិសោធន៍ទាំងនេះគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
សូមបង្រៀនថា ព្រះជាព្រះវរបិតាសួគ៌របស់យើង ហើយទ្រង់ស្រឡាញ់យើង ។ យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកសាក្សីនោះសម្រាប់ខ្លួនពួកគេ ។
-
សូមបង្រៀនអំពីផែនការនៃសេចក្តីសង្រ្គោះ ។
-
សូមបង្រៀនថា ព្រះជាព្រះវរបិតា ហើយព្រះយេស៊ូវគ្រីស្ទបានយាងមកជួបយ៉ូសែប ស្ម៊ីធ ។
-
សូមថ្លែងទីបន្ទាល់ដោយស្មោះសរអំពីដំណឹងល្អ រួមទាំងរបៀបដែលអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងមូលហេតុដែលអ្នកជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
សូមអញ្ជើញពួកគេឲ្យផ្ដល់ការអធិស្ឋានដោយសាមញ្ញ ចេញពីចិត្ត—ជាមួយអ្នក និងដោយខ្លួនរបស់ពួកគេផ្ទាល់ ។
-
សូមអញ្ជើញពួកគេឲ្យអានព្រះគម្ពីរមរមនប្រចាំថ្ងៃ—ជាមួយអ្នក និងដោយខ្លួនពួកគេផ្ទាល់ ។
-
សូមអញ្ជើញពួកគេឲ្យចូលរួមក្នុងព្រះវិហារ ។
-
សូមណែនាំពួកគេឲ្យស្គាល់សមាជិកសាសនាចក្រ ដែលអាចពន្យល់ពីរបៀបដែលពួកគេបានមកជឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សូមអញ្ជើញពួកគេឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយ ។
មនុស្សភាគច្រើនចង់មានទំនាក់ទំនងកាន់តែខ្លាំងជាមួយព្រះ ហើយស្វែងរកគោលបំណង និងអត្ថន័យក្នុងជីវិត ។ សូមជួយពួកគេមើលឃើញពីរបៀបដែលពួកគេជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ និងរបៀបដែលទ្រង់មានផែនការសម្រាប់ពួកគេ ។ ឧទាហរណ៍ អ្នកអាចចាប់ផ្តើមដោយការនិយាយអ្វីមួយដូចតទៅនេះ ៖
ព្រះជាព្រះវរបិតា ទ្រង់មានព្រះជន្មរស់ ហើយស្រឡាញ់យើង ។ យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ។ យើងបានរស់នៅជាមួយព្រះ មុនពេលយើងកើតមក ។ ដោយសារយើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ទ្រង់ យើងទាំងអស់គ្នាគឺជាបងប្អូននឹងគ្នា ។ ទ្រង់ចង់ឲ្យយើងត្រឡប់ទៅកាន់ទ្រង់វិញ ។ ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ទ្រង់បានប្រទានផ្លូវសម្រាប់យើងដើម្បីត្រឡប់ទៅកាន់ទ្រង់វិញតាមរយៈព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
សូមបត់បែនការបង្រៀនរបស់អ្នកតាមតម្រូវការ
ពួកអ្នកប្រែចិត្តជឿជាច្រើននាក់មានប្រវត្តិចេញពីអ្នកដែលមិនមែនជាគ្រីស្ទាននិយាយថា ពួកគេមិនបានយល់ច្រើនអំពីអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនទេ ។ ទោះជាយ៉ាងណា ពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយចង់ធ្វើអ្វីដែលអ្នកផ្សព្វផ្សាយសាសនាបានស្នើសុំ ។ សូមធ្វើអស់ពីសមត្ថភាពរបស់អ្នកដើម្បីជួយមនុស្សឲ្យយល់ពីគោលលទ្ធិនៃដំណឹងល្អ ។ សូមអត់ធ្មត់ និងផ្ដល់ការគាំទ្រ ។ វាអាចត្រូវការពេលវេលាសម្រាប់មនុស្សដើម្បីរៀនស្វែងយល់ និងបង្ហាញពីអារម្មណ៍របស់ពួកគេ ។ អ្នកប្រហែលជាត្រូវកែតម្រូវល្បឿន និងជម្រៅនៃការបង្រៀនរបស់អ្នក ដើម្បីជួយពួកគេ ។
ការណែនាំខាងក្រោមអាចជួយនៅពេលអ្នករៀបចំបង្រៀនមនុស្សដែលមិនមានប្រវត្តិជាគ្រីស្ទាន ៖
-
ស្វែងយល់ពីតម្រូវការ ឬចំណាប់អារម្មណ៍ខាងវិញ្ញាណដែលជំរុញឲ្យពួកគេជួបជាមួយអ្នក ។
-
ផ្តល់នូវទិដ្ឋភាពទូទៅ និងការពិនិត្យឡើងវិញដ៏សាមញ្ញសម្រាប់មេរៀននីមួយៗ ។
-
សូមឲ្យពួកគេប្រាប់អ្នកអំពីអ្វីដែលពួកគេយល់ និងអ្វីដែលពួកគេបានដកពិសោធន៍ ។
-
ឲ្យនិយមន័យពាក្យ និងគោលការណ៍សំខាន់ៗ ។ មនុស្សប្រហែលជាមិនស្គាល់ពាក្យជាច្រើនដែលអ្នកប្រើនៅពេលអ្នកបង្រៀនទេ ។
-
សូមត្រឡប់ទៅមេរៀនដែលបានបង្រៀនពីមុនវិញ ដើម្បីបង្រៀនគោលលទ្ធិកាន់តែច្បាស់ ។ ការណ៍នេះអាចចាំបាច់នៅពេលណាមួយនៅអំឡុងពេលដំណើរការបង្រៀន ។
-
កំណត់ការអញ្ជើញដែលអ្នកអាចធ្វើ ដើម្បីជួយមនុស្សឲ្យទទួលបាននូវពរជ័យនៃដំណឹងល្អ ។
បញ្ជីរាយនាមខាងក្រោមគឺជាធនធានមួយចំនួននៅក្នុងបណ្ណាល័យដំណឹងល្អ ដែលអ្នកអាចប្រើដើម្បីជួយអ្នកដែលមិនមានប្រវត្តិជាគ្រីស្ទាន ៖
-
« តើព្រះជានរណា ? »
-
« តើព្រះយេស៊ូវគ្រីស្ទជានរណា ? »
-
« អ្វីដែលត្រូវរំពឹងចង់បាននៅពេលទៅជួបជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ »
-
« ពួកអ៊ីស្លាម និងពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ជំនឿ គុណតម្លៃ និងរបៀបរស់នៅ »
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមសន្មតថាអ្នកត្រូវបានដាក់នៅក្នុងស្ថានភាពដូចតទៅនេះ ។ តើអ្នកអាចប្រើគោលការណ៍ និងជំនាញក្នុងជំពូកនេះដោយរបៀបណាដើម្បីជួយមនុស្សទាំងនេះឲ្យរីកចម្រើន ? សូមដាក់ផែនការពីរបៀបដែលអ្នកនឹងអនុវត្តវានៅក្នុងស្ថានភាពនីមួយៗ ។
-
នរណាម្នាក់ដែលបានរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកប្រាប់អ្នកថា គាត់ ឬនាងលែងចង់ជួបជាមួយអ្នកទៀតហើយ ។
-
អ្នកកំពុងជួបជាលើកទីប្រាំពីរជាមួយនឹងបុគ្គលម្នាក់ដែលពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើននាក់បានបង្រៀនជាច្រើនដងក្នុងរយៈពេលពីរឆ្នាំ ។ សញ្ញានៃការរីកចម្រើនគឺមានតិចតួចណាស់ ។
-
-
សូមជ្រើសរើសមេរៀនមួយរបស់អ្នកផ្សព្វផ្សាយសាសនា ។ កំណត់យកវគ្គបទគម្ពីរមួយ ឬពីរពីគោលការណ៍សំខាន់នីមួយៗ ។ អនុវត្តការបង្រៀនពីវគ្គបទគម្ពីរទាំងនោះ ដូចបានរៀបរាប់នៅក្នុងព្រះគម្ពីរផ្នែក « សូមប្រើបទគម្ពីរ » នៃជំពូកនេះ ។
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
សូមអានដំណើររឿងរបស់អាំម៉ូន និងស្ដេចឡាម៉ូណៃនៅក្នុង អាលម៉ា ១៨–១៩ និងដំណើររឿងរបស់អើរ៉ុននៅក្នុង អាលម៉ា ២២:៤–១៨ ។ នៅពេលអ្នកអាន សូមស្វែងយល់ និងពិពណ៌នាអំពីរបៀបដែល អាំម៉ូន និងអើរ៉ុន ៖
-
ធ្វើតាមព្រះវិញ្ញាណ ហើយបង្រៀនដោយសេចក្ដីស្រឡាញ់ ។
-
ចាប់ផ្ដើមបង្រៀន ។
-
បត់បែនការបង្រៀនរបស់ពួកគេស្របតាមតម្រូវការ ។
-
ថ្លែងទីបន្ទាល់ ។
-
ប្រើគម្ពីរ ។
-
សួរសំណួរ ស្តាប់ និងជួយអ្នកដែលពួកគាត់បានបង្រៀនឲ្យដោះស្រាយកង្វល់របស់ពួកគេ ។
-
លើកទឹកចិត្តអ្នកដែលពួកគាត់បានបង្រៀនឲ្យធ្វើការប្តេជ្ញាចិត្ត ។
ពិភាក្សាអំពីរបៀបដែលការបម្រើ និងការបង្រៀនរបស់ពួកគេជះឥទ្ធិពលដល់ស្តេចឡាម៉ូណៃ បិតារបស់ទ្រង់ និងអ័ប៊ីស ។
-
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
សូមអញ្ជើញសមាជិក ឬអ្នកដែលកំពុងរៀនបច្ចុប្បន្នឲ្យចូលរួមការប្រជុំរបស់អ្នក ។ សូមពន្យល់ដល់ក្រុមថាអ្នកចង់ឲ្យពួកអ្នកផ្សព្វផ្សាយសាសនាកែលម្អសមត្ថភាពរបស់ពួកគេក្នុងការចែកចាយសារលិខិតសំខាន់របស់ពួកគេ ។ សូមជ្រើសរើសមេរៀន និងជំនាញ ។ សូមឲ្យពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនមនុស្សម្នាក់ ឬច្រើននាក់អំពីមេរៀនដែលអ្នកបានជ្រើសរើសរយៈពេល ២០ នាទី ដោយផ្តោតលើជំនាញដែលអ្នកបានកំណត់ ។ សូមឲ្យពួកគេផ្លាស់ប្តូរមនុស្សដែលពួកគេបង្រៀនបន្ទាប់ពី ២០ នាទី ។ បន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនហើយ សូមនាំក្រុមមកជួបគ្នា ។ សូមឲ្យមនុស្សម្នាក់ ឬច្រើននាក់ប្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាអំពីអ្វីដែលមានប្រសិទ្ធភាពបំផុត និងរបៀបមួយដែលពួកគេអាចកែលម្អ ។
-
សូមបង្ហាញវីដេអូឧទាហរណ៍អំពីពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀន ឬកំពុងទំនាក់ទំនងមនុស្ស ។ សូមជ្រើសរើសជំនាញមួយ ហើយពិភាក្សាអំពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាអនុវត្តគោលការណ៍ទាំងឡាយសម្រាប់ជំនាញនោះ ។
-
សូមជ្រើសរើសជំនាញមួយ ហើយស្វែងយល់គោលលទ្ធិ ឬវគ្គបទគម្ពីរដែលគាំទ្រដល់ជំនាញនោះ ។ បង្រៀនមូលដ្ឋានគ្រឹះនៃគោលលទ្ធិនេះដល់ពួកអ្នកផ្សព្វផ្សាយសាសនា ។
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
ម្តងម្កាល សូមទៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ពេលពួកគេបង្រៀន ។ សូមដាក់ផែនការអំពីរបៀបដែលអ្នកអាចចូលរួមនៅក្នុងការបង្រៀន ។
-
សូមលើកទឹកចិត្តថ្នាក់ដឹកនាំក្នុងតំបន់ឲ្យចូលរួមជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងការបង្រៀនការសួរសុខទុក្ខ ។
-
សូមបង្ហាញ និងជួយពួកអ្នកផ្សព្វផ្សាយសាសនាអនុវត្តជំនាញបង្រៀនមួយដែលបានពិពណ៌នានៅក្នុងជំពូកនេះ ដូចជាការសួរសំណួរល្អៗ និងការស្តាប់ជាដើម ។
-
បង្ហាញពីការប្រើប្រាស់បទគម្ពីរប្រកបដោយប្រសិទ្ធភាព នៅពេលបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងសន្និសីទហ្សូន ក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម និងការសម្ភាសន៍ ។ សូមធ្វើដូចគ្នានៅពេលអ្នកបង្រៀនជាមួយពួកគេ ។
-
សូមជួយពួកអ្នកផ្សព្វផ្សាយសាសនាឲ្យយល់ពីបទគម្ពីរ ហើយបង្កើតសេចក្តីស្រឡាញ់ចំពោះពួកគេ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានប្រឹក្សាថ្នាក់ដឹកនាំបេសកកម្មថា ៖
« ចូរស្រឡាញ់ព្រះបន្ទូលនៃព្រះដែលពិតជាសំខាន់ណាស់ចំពោះវប្បធម៌នៃបេសកកម្មរបស់អ្នក ។… ចូរធ្វើខ្លួនឲ្យងាយសម្គាល់ពីវិវរណៈ និងការប្រើប្រាស់ព្រះគម្ពីរបរមាណីជាប្រចាំ ដែលជាលក្ខណៈសំខាន់មួយនៃពួកអ្នកផ្សព្វផ្សាយសាសនារបស់អ្នកអស់មួយជីវិតរបស់ពួកគេ ។
« នៅពេលអ្នកបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនារបស់អ្នក—ហើយគ្រប់ពេលទាំងអស់—សូមបង្រៀនពួកគេចេញពីព្រះគម្ពីរ ។ សូមឲ្យពួកគេដឹងពីរបៀបដែលអ្នកទទួលបានកម្លាំង និងការបំផុសគំនិត ។ សូមបង្រៀនពួកគេឲ្យស្រឡាញ់ និងពឹងផ្អែកលើវិវរណៈដែលបានទទួលកាន់តែច្រើនទាំងនោះ ។
« ប្រធានបេសកកម្ម [ របស់ខ្ញុំ ] បានបង្រៀនចេញពីព្រះគម្ពីរមរមន និង ព្រះគម្ពីរ [ ផ្សេងទៀត ] ជារៀងរាល់ ពេលយើងនៅជាមួយគាត់ ឬបង្រៀនអ្វីផ្សេងទៀតដែលស្រដៀងនោះ ។ ការសម្ភាសន៍ផ្ទាល់ខ្លួនត្រូវបានបង្កប់ដោយបទគម្ពីរ ។ គម្រោងសម្រាប់…ការប្រជុំត្រូវបានធ្វើតាមព្រះគម្ពីរបរមាណី ។…
« យើងមិនបានដឹងទេនៅពេលនោះ ប៉ុន្តែប្រធានរបស់យើងកំពុងលើកដៃយើងនៅខាងស្តាំ និងខាងឆ្វេង ដោយដាស់តឿនយើងអស់ពីថាមពលនៃព្រលឹងរបស់គាត់ និងអស់ពីកម្រិតនៃចំណេះដឹងទាំងអស់ដែលគាត់មានដើម្បីកាន់ដំបងដែកដើម្បីឲ្យយើងនឹងមិនវិនាសឡើយ [ សូមមើល នីហ្វៃទី១ ១៥:២៣–២៥ ] » ( « The Power of the Scriptures » សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំបេសកកម្មនាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ) ។