« ជំពូកទី ១១ ៖ ជួយមនុស្សឲ្យធ្វើ និងរក្សាការតាំងចិត្ត » ប្រកាសដំណឹងល្អរបស់យើង » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ១១ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ១១
ជួយមនុស្សឲ្យធ្វើ និងរក្សាការតាំងចិត្ត
ការប្រែចិត្ត ការតាំងចិត្ត និងការប្រែចិត្តជឿ
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា និងជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកចង់បានសេចក្តីសង្គ្រោះនៃព្រលឹង ( សូមមើល ម៉ូសាយ ២៨:៣ ) ។ ព្រះអង្គសង្គ្រោះគឺ « មានឥទ្ធិឬទ្ធិដើម្បីសង្គ្រោះ » អស់អ្នកដែលរក្សាសេចក្ដីសញ្ញាដែលពួកគេធ្វើតាមរយៈការទទួលពិធីបរិសុទ្ធបព្វជិតភាពសំខាន់ៗ ដោយចាប់ផ្តើមជាមួយពិធីបុណ្យជ្រមុជទឹក ( សូមមើល នីហ្វៃទី២ ៣១:១៩ ) ។ ការធ្វើការអញ្ជើញ និងការជួយមនុស្សឲ្យរក្សាការតាំងចិត្តនឹងរៀបចំពួកគេសម្រាប់ពិធីបុណ្យជ្រមុជទឹក ។
មនុស្សទទួលបានការសង្គ្រោះក្នុងលក្ខខណ្ឌដែលធ្វើការប្រែចិត្ត ( សូមមើល ហេលេមិន ៥:១១ ) ។ ការប្រែចិត្តគឺជាការបែរមករកព្រះយេស៊ូវគ្រីស្ទទាំងស្រុង និងដោយស្មោះ ។ ការតាំងចិត្តគឺជាផ្នែកសំខាន់មួយនៃការប្រែចិត្ត ។ នៅពេលអ្នកអញ្ជើញមនុស្សឲ្យធ្វើការតាំងចិត្តដែលជាផ្នែកនៃការបង្រៀនរបស់អ្នក នោះអ្នកកំពុងអញ្ជើញពួកគេឲ្យប្រែចិត្ត ។
ការតាំងចិត្តមានន័យថា ការជ្រើសរើសដំណើរនៃសកម្មភាព ហើយធ្វើតាមជម្រើសនោះ ។ ការប្រព្រឹត្តដោយខ្ជាប់ខ្ជួនតាមសេចក្ដីពិតនៃដំណឹងល្អនាំទៅរកការប្រែចិត្តជឿ ។
ការប្រែចិត្តជឿគឺជាការផ្លាស់ប្តូរជំនឿ ដួងចិត្ត និងជីវិតរបស់មនុស្សម្នាក់ដើម្បីទទួលយក និងធ្វើតាមព្រះហឫទ័យរបស់ព្រះ ។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។ ការប្រែចិត្តជឿកើតឡើងនៅពេលមនុស្សអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ពួកគេ ទទួលបុណ្យជ្រមុជទឹក ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ហៅការផ្លាស់ប្តូរនេះថាជាការកើតជាថ្មីខាងវិញ្ញាណ ( សូមមើល យ៉ូហាន ៣:៣–៥; ម៉ូសាយ ២៧:២៥–២៦ ) ។
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើឲ្យការប្រែចិត្តជឿអាចកើតមាន ហើយព្រះវិញ្ញាណបរិសុទ្ធនាំមកនូវការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្តនេះ ( សូមមើល ម៉ូសាយ ៥:២; អាលម៉ា ៥:១២–១៤ ) ។
ការប្រែចិត្តជឿគឺជាដំណើរការមួយ ហើយមិនមែនជាព្រឹត្តិការណ៍មួយទេ ។ ការជួយមនុស្សឲ្យប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ គឺជាចំណុចសំខាន់នៃគោលបំណងផ្សព្វផ្សាយសាសនារបស់អ្នក ។ តាមការដឹកនាំដោយព្រះវិញ្ញាណ អ្នកអញ្ជើញមនុស្សឲ្យធ្វើការតាំងចិត្ត ដែលនឹងជួយពួកគេរីកចម្រើនខាងវិញ្ញាណ ហើយទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់ពួកគេ ។ បន្ទាប់មកអ្នកជួយគាំទ្របុគ្គលទាំងឡាយឲ្យរក្សាការតាំងចិត្តដែលពួកគេបានធ្វើ ។ អ្នកជួយពួកគេធ្វើសកម្មភាពដោយសេចក្តីជំនឿឆ្ពោះទៅរកការផ្លាស់ប្តូរដ៏ស្ថិតស្ថេរ ( សូមមើល ម៉ូសាយ ៦:៣ ) ។
បុគ្គលដែលរក្សាការតាំងចិត្តមុនពិធីបុណ្យជ្រមុជទឹក ទំនងជានឹងធ្វើ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋបន្ទាប់ពីនោះ ។ នៅពេលអ្នកបង្រៀនមនុស្សឲ្យរក្សាការតាំងចិត្ត នោះអ្នកកំពុងបង្រៀនពួកគេឲ្យរក្សាសេចក្ដីសញ្ញា ។ ការចុះ និងការរក្សាសេចក្តីសញ្ញាគឺជាផ្នែកដ៏សំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ជំពូកនេះរួមបញ្ចូលគោលការណ៍ណែនាំសម្រាប់ការធ្វើការអញ្ជើញ ពរជ័យដែលបានសន្យា ការចែកចាយទីបន្ទាល់របស់អ្នក និងការជួយមនុស្សឲ្យរក្សាការតាំងចិត្តរបស់ពួកគេ ដើម្បីពួកគេអាចមករកព្រះអង្គសង្គ្រោះ ហើយបានសង្រ្គោះ ។
ធ្វើការអញ្ជើញ
ក្នុងនាមជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកអញ្ជើញមនុស្សឲ្យធ្វើតាមទ្រង់ ហើយទទួលបានអំណរពីដំណឹងល្អរបស់ទ្រង់ ។ អ្នកធ្វើការអញ្ជើញជាក់លាក់សម្រាប់ពួកគេឲ្យធ្វើអ្វីដែលនឹងពង្រឹងជំនឿរបស់ពួកគេលើព្រះគ្រីស្ទ ។ បន្ទាប់មកអ្នកជួយគាំទ្រពួកគេឲ្យរក្សាការតាំងចិត្តរបស់ពួកគេ ។
ការអញ្ជើញ និងការតាំងចិត្តមានសារៈសំខាន់សម្រាប់ហេតុផលដូចខាងក្រោម ៖
-
វាជួយមនុស្សឲ្យរស់នៅតាមគោលការណ៍ដែលពួកគេរៀន ដើម្បីពួកគេទទួលការបញ្ជាក់ពីសាក្សីនៃព្រះវិញ្ញាណ ។
-
ការរក្សាការតាំងចិត្តគឺជារបៀបមួយដែលមនុស្សបង្ហាញការប្រែចិត្ត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។
-
ការប្រែចិត្តជួយមនុស្សឲ្យទទួលបានសេចក្តីសុខសាន្ត និងអំណរនៃការអភ័យទោសរបស់ព្រះ ។ ពួកគេក៏នឹងទទួលបានជំនួយបន្ថែមពីព្រះសម្រាប់ឧបសគ្គរបស់ពួកគេផងដែរ ។
-
ការរក្សាការតាំងចិត្តរៀបចំមនុស្សឲ្យធ្វើ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។
-
អ្នកអាចបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះមនុស្ស និងជំនឿរបស់អ្នកលើការសន្យារបស់ព្រះ ដោយជួយមនុស្សឲ្យរក្សាការតាំងចិត្តរបស់ពួកគេ ។
អញ្ជើញនៅពេលបានដឹកនាំដោយព្រះវិញ្ញាណ
សូមស្វែងរកការដឹកនាំនៃព្រះវិញ្ញាណអំពីការអញ្ជើញអ្វីដែលត្រូវធ្វើ និងនៅពេលណាដែលត្រូវធ្វើការអញ្ជើញ ។ សូមពិចារណាថាតើការបង្រៀនឬគោលលទ្ធិណាមួយ ដែលយល់បានត្រឹមត្រូវ នឹងជួយមនុស្សម្នាក់ឲ្យទទួលយកការអញ្ជើញរបស់អ្នក ។ ការអញ្ជើញដ៏ត្រឹមត្រូវនៅចំពេលត្រឹមត្រូវអាចបំផុសគំនិតមនុស្សឲ្យធ្វើរឿងដែលនឹងស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ។ សកម្មភាពទាំងនេះអាចដឹកនាំទៅរកការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត ( សូមមើល ម៉ូសាយ ៥:២; អាលម៉ា ៥:១២–១៤ ) ។
អ្នកអាចធ្វើការអញ្ជើញតូចតាចដូចជា ការអានព្រះគម្ពីរមួយជំពូក ឬមកចូលរួមការប្រជុំសាក្រាម៉ង់ ។ ឬវាអាចជាព្រឹត្តការណ៍សំខាន់ដូចការទទួលបុណ្យជ្រមុជទឹកដែរ ។ ការអញ្ជើញគួរតែសមរម្យអាស្រ័យលើកាលៈទេសៈនៃដំណើរខាងវិញ្ញាណរបស់គាត់ ឬនាង ។
ការអញ្ជើញដែលដឹកនាំដោយព្រះវិញ្ញាណពង្រឹងគ្នាទៅវិញទៅមក ដើម្បីជួយមនុស្សម្នាក់ឲ្យរីកចម្រើនខាងវិញ្ញាណ ( សូមមើល នីហ្វៃទី២ ២៨:៣០; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១២–១៣ ) ។ សូមសួរខ្លួនឯងថា « តើមនុស្សរក្សាការតាំងចិត្តអ្វីខ្លះ ? តើគាត់ ឬនាងត្រូវធ្វើអ្វីបន្ទាប់ទៀតដើម្បីរីកចម្រើន ? »
សូមស្តាប់អ្នកដែលអ្នកកំពុងនិយាយជាមួយ ឬកំពុងបង្រៀន ។ ចេញពីអ្វីដែលអ្នកឮ និងទទួលអារម្មណ៍ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណអំពីការអញ្ជើញណាដែលនឹងជួយមនុស្សម្នាក់ៗឲ្យឈានទៅរកការចុះសេចក្ដីសញ្ញាពិសិដ្ឋ ។
គោលការណ៍ដើម្បីធ្វើការអញ្ជើញ
ការធ្វើការអញ្ជើញតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ។ សូមមានជំនឿថាទ្រង់នឹងប្រទានពរដល់មនុស្សណាដែលទទួលយក ហើយធ្វើតាមការអញ្ជើញរបស់អ្នក ។
បុគ្គលទាំងឡាយនឹងផ្លាស់ប្តូរ នៅពេលអ្នកអញ្ជើញពួកគេឲ្យធ្វើតាមសេចក្តីពិតនៃដំណឹងល្អ ហើយជួយពួកគេឲ្យឃើញពីរបៀបដែលការផ្លាស់ប្តូរនឹងផ្តល់ពរជ័យដល់ពួកគេ ។ ពួកគេនឹងផ្លាស់ប្តូរដល់កម្រិតដែលពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយទទួលបទពិសោធន៍នៃអំណរនៃការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
រាល់ពេលដែលអ្នកទំនាក់ទំនងជាមួយមនុស្សដោយផ្ទាល់ ឬតាមអនឡាញក្តី សូមពិចារណាថាតើការអញ្ជើញណាដែលអាចជួយពួកគេពង្រឹងជំនឿរបស់ពួកគេលើព្រះគ្រីស្ទ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ពេលខ្លះវាអាចសាមញ្ញដូចជាការជួបជាមួយអ្នកម្ដងទៀត ឬមកចូលរួមសកម្មភាពសាសនាចក្រ ។
នៅពេលអ្នករៀបចំខ្លួនដើម្បីបង្រៀនមេរៀនមួយ សូមពិចារណាពីតម្រូវការ និងការរីកចម្រើនរបស់មនុស្សម្នាក់ៗ ។ សូមប្រាកដថាផែនការមេរៀនរបស់អ្នករួមបញ្ចូលការអញ្ជើញមួយឬច្រើន ដែលនឹងជួយមនុស្សឲ្យរីកចម្រើន ។
សូមប្រយ័ត្នកុំធ្វើការអញ្ជើញច្រើនពេកក្នុងពេលតែមួយ ។ មនុស្សម្នាក់ត្រូវការពេលវេលាដើម្បីធ្វើ រីកចម្រើន និងរៀនពីការអញ្ជើញនីមួយៗ ។
សូមក្លាហាន ប៉ុន្តែមិនត្រូវជំរុញឲ្យធ្វើតាមជ្រុលពេកទេ នៅពេលអ្នកអញ្ជើញមនុស្សឲ្យធ្វើការតាំងចិត្ត ( សូមមើល អាលម៉ា ៣៨:១២ ) ។ សូមគោរពដល់សិទ្ធិជ្រើសរើសរបស់មនុស្សទាំងឡាយ ។
សូមអញ្ជើញដោយប្រើភាសាទន់ភ្លន់ និងច្បាស់លាស់
ការអញ្ជើញជាញឹកញាប់មានទម្រង់ជាសំណួរ « តើអ្នកនឹង » ដែលទាមទារចម្លើយ បាទ/ចាស ឬទេ ។ សូមធ្វើឲ្យការអញ្ជើញរបស់អ្នកមានលក្ខណៈទន់ភ្លន់ ជាក់លាក់ និងច្បាស់លាស់ ។ វាគួរតែអញ្ជើញ ឬដឹកនាំមនុស្សឲ្យធ្វើការតាំងចិត្តដើម្បីប្រព្រឹត្តដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ទោះបីជាការអញ្ជើញរបស់អ្នកនឹងមានលក្ខណៈពិសេសសម្រាប់មនុស្សម្នាក់ៗក៏ដោយ សូមពិចារណាឧទាហរណ៍ខាងក្រោមនេះ ៖
-
ការចូលរួមក្នុងព្រះវិហារផ្តល់ពេលវេលា និងទីកន្លែងសម្រាប់អ្នកដើម្បីថ្វាយបង្គំព្រះ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់ទ្រង់ ។ វាក៏អាចជួយអ្នកឲ្យក្លាយជាផ្នែកមួយនៃសហគមន៍ដែលចេះគាំទ្រគ្នា នៅពេលអ្នកធ្វើការផ្លាស់ប្តូរ ដើម្បីចូលទៅជិតព្រះអង្គសង្គ្រោះ ។ តើអ្នកនឹងមកចូលរួមការប្រជុំសាក្រាម៉ង់នៅថ្ងៃអាទិត្យនេះជាពួកខ្ញុំដែរឬទេ ?
-
ដោយសារពេលនេះ ពួកយើងបានពិភាក្សាអំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរ តើអ្នកនឹងអាន [ វគ្គបទគម្ពីរជាក់លាក់មួយ ] ដែរឬទេ ? តើអ្នកនឹងសរសេរចំណាប់អារម្មណ៍ ឬសំណួរដែលអ្នកអាចមានដែរឬទេ ? ពួកយើងអាចពិភាក្សាពីគំនិតរបស់អ្នកនៅពេលដែលយើងជួបលើកក្រោយ ។
-
យើងបានពិភាក្សាអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ និងបទបញ្ញត្តិរបស់ទ្រង់ ។ តើអ្នកនឹងធ្វើតាមគំរូរបស់ទ្រង់ដោយទទួលបុណ្យជ្រមុជទឹកក្នុងសាសនាចក្ររបស់ទ្រង់ ហើយធ្វើការសន្យាជាមួយទ្រង់ដែរឬទេ ? ( សូមមើល « ការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ » នៅក្នុងជំពូកទី ៣ ) ។
-
អ្នកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងព្រះកាន់តែច្រើននៅក្នុងជីវិតរបស់អ្នក ។ តើអ្នកនឹងអធិស្ឋានដោយសេចក្ដីជំនឿក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីឲ្យអ្នកអាចទទួលបាននូវពរជ័យនៃការអធិស្ឋានដែរឬទេ ?
-
ពួកខ្ញុំមានវីដេអូមួយដែលពួកខ្ញុំគិតថាអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីវា ។ តើពួកខ្ញុំអាចបង្ហាញវីដេអូនេះ ឬផ្ញើតំណទៅឲ្យអ្នកបានទេ ? តើអ្នកនឹងមើលវីដេអូនេះដែរឬទេ ? តើពួកខ្ញុំអាចសួរអ្នកនៅថ្ងៃស្អែកដើម្បីដឹងពីអ្វីដែលអ្នកបានគិតដែរឬទេ ?
សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកពិចារណាពីរបៀបធម្មតាដើម្បីធ្វើការអញ្ជើញដ៏ទន់ភ្លន់ ជាក់លាក់ និងច្បាស់លាស់ ។
សូមសន្យាពរជ័យដល់មនុស្សទាំងឡាយ
ព្រះសន្យាថានឹងប្រទានពរដល់យើង នៅពេលយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១ ) ។ អស់អ្នកដែលរក្សាបទបញ្ញត្តិទាំងឡាយ ហើយបន្តនៅស្មោះត្រង់ « បានពរគ្រប់យ៉ាង » ហើយនឹង « រស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ( ម៉ូសាយ ២:៤១ ) ។
នៅពេលអ្នកអញ្ជើញមនុស្សឲ្យធ្វើការតាំងចិត្ត សូមសន្យាពរជ័យដល់ពួកគេសម្រាប់ការរក្សាការតាំងចិត្តរបស់ពួកគេ ។ អ្នកអាចស្វែងយល់ពីពរជ័យជាច្រើនទាំងនេះដោយការសិក្សាព្រះគម្ពីរ ការបង្រៀនរបស់ព្យាការីនៅថ្ងៃចុងក្រោយ និងមេរៀននៅក្នុង ជំពូកទី ៣ ។ សូមគិតផងដែរអំពីពរជ័យនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សូមសម្រេចចិត្តដោយការអធិស្ឋានថាតើពរជ័យអ្វីខ្លះដែលត្រូវសន្យាដល់មនុស្សម្នាក់ៗ នៅពេលអ្នកធ្វើការអញ្ជើញ ។
នៅពេលអញ្ជើញមនុស្សម្នាក់ឲ្យរស់នៅតាមបទបញ្ញត្តិមួយ សូមបង្រៀនដូចតទៅនេះ ៖
-
ការគោរពតាមបទបញ្ញត្តិទាំងឡាយបង្ហាញពីសេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ១៤:១៥ ) ។
-
ការគោរពតាមបទបញ្ញត្តិទាំងឡាយបង្ហាញព្រះថា យើងទុកចិត្តលើទ្រង់ ( សូមមើល សុភាសិត ៣:៥–៦ ) ។
-
ពរជ័យរបស់ព្រះគឺមានទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ( សូមមើល ម៉ូសាយ ២:៤១ ) ។
-
ពរជ័យដ៏មហិមាបំផុតរបស់ព្រះគឺជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។
-
ពេលយើងអធិស្ឋានដោយស្មោះអស់ពីចិត្ត ហើយប្រព្រឹត្តដោយសេចក្ដីជំនឿ នោះព្រះនឹងជួយយើងឲ្យសម្រេចបាននូវអ្វីដែលទ្រង់បានបញ្ជាឲ្យយើងធ្វើ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។
-
ព្រះបំពេញតាមការសន្យារបស់ទ្រង់ដើម្បីប្រទានពរដល់យើងតាមរបៀប និងពេលវេលារបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៨ ) ។
ជារឿយៗមនុស្សប្រឈមមុខនឹងការផ្ទុយក្នុងការរក្សាតាមបទបញ្ញត្តិទាំងឡាយ ។ សូមគាំទ្រដល់មនុស្សដែលអ្នកបង្រៀន ហើយធានាដល់ពួកគេថា ព្រះនឹងប្រទានពរដល់ពួកគេ នៅពេលពួកគេព្យាយាមធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ។ សូមជួយពួកគេឲ្យយល់ថា ការផ្ទុយគឺជាឱកាសមួយដើម្បីរីកចម្រើនដោយការជ្រើសរើសធ្វើតាមព្រះគ្រីស្ទ ទោះបីជាវាពិបាកក៏ដោយ ( សូមមើល នីហ្វៃទី២ ២:១១, ១៣–១៦ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសន្យាថា « មានពរជ័យខ្លះកើតមានឡើងយ៉ាងឆាប់ ឯពរជ័យខ្លះទៀតកើតមាននៅពេលក្រោយ ហើយពរជ័យខ្លះទៀតពុំកើតមាននៅក្នុងជីវិតនេះទេ រហូតទៅដល់ស្ថានសួគ៌ ប៉ុន្តែចំពោះអស់អ្នកដែលឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពរជ័យនឹងកើតមានមក » ( « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ) ។
ចែកចាយទីបន្ទាល់របស់អ្នក
សូមចែកចាយទីបន្ទាល់របស់អ្នក នៅពេលណាដែលអ្នកធ្វើការអញ្ជើញ និងសន្យាពីពរជ័យទាំងឡាយ ។ សូមប្រាប់ពីរបៀបដែលអ្នកបានទទួលពរជ័យ នៅពេលអ្នកបានរស់នៅតាមគោលការណ៍ដែលអ្នកកំពុងបង្រៀន ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា គោលការណ៍នេះនឹងផ្ដល់ពរដល់ជីវិតរបស់បុគ្គលនោះ នៅពេលគាត់ ឬនាងរស់នៅតាម ។
ទីបន្ទាល់ដ៏ស្មោះរបស់អ្នកនឹងជួយបង្កើតបរិយាកាសមួយសម្រាប់មនុស្សឲ្យមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្ដីពិត ។ ការណ៍នេះនឹងលើកទឹកចិត្តពួកគេឲ្យទទួលយកការអញ្ជើញដែលអ្នកសុំ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « ចែកចាយទីបន្ទាល់របស់អ្នក » នៅក្នុងជំពូកទី ១០ ។
សូមជួយមនុស្សរក្សាការតាំងចិត្តរបស់ពួកគេ ។
នៅពេលមនុស្សទទួលយកការអញ្ជើញរបស់អ្នកឲ្យធ្វើអ្វីមួយ សូមតាមដានដើម្បីជួយពួកគេរក្សាការតាំងចិត្តរបស់ពួកគេ ។ អ្នកកំពុងជួយមនុស្សឲ្យអភិវឌ្ឍជំនឿលើព្រះគ្រីស្ទ ។ តួនាទីរបស់អ្នកគឺដើម្បីជួយពួកគេពង្រឹងជំនឿ និងការតាំងចិត្តរបស់ពួកគេដើម្បីឈានទៅរកការប្រែចិត្តជឿពេញលេញ ។ សូមកុំគ្រាន់តែអញ្ជើញមនុស្សឲ្យផ្លាស់ប្តូរឡើយ សូមគាំទ្រពួកគេក្នុងការធ្វើការផ្លាស់ប្តូរ ។
មនុស្សនឹងទទួលបានសាក្សីនៃព្រះវិញ្ញាណ នៅពេលពួកគេអនុវត្តសេចក្តីជំនឿចំពោះការប្រែចិត្ត ដោយការរក្សាការតាំងចិត្ត ។ ជាញឹកញាប់ សាក្សីនោះមិនមក « លុះដល់ពេលក្រោយការសាកល្បងនៃសេចក្ដីជំនឿរបស់ [ ពួកគេ ] សិន » ( អេធើរ ១២:៦ ) ។ សូមកុំភ្ញាក់ផ្អើលពេលមានការផ្ទុយកើតឡើង ។ សូមរៀបចំផែនការពីរបៀបដែលអ្នកនឹងជួយពួកគេឆ្លងកាត់ការសាកល្បង ដើម្បីឲ្យពួកគេទទួលបានសាក្សីនៃព្រះវិញ្ញាណ ។ សមាជិកផ្សេងទៀតនៃសាសនាចក្រក៏អាចផ្តល់ការគាំទ្រផងដែរ ។
ជាញឹកញាប់ អ្នករៀនទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណ ពេលអ្នកនៅជាមួយពួកគេ ។ សូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការអធិស្ឋាន ការអានព្រះគម្ពីរ និងការធ្វើតាមការអញ្ជើញរបស់អ្នក ដើម្បីឲ្យពួកគេនឹងទទួលបានអារម្មណ៍ទាំងនេះនៅពេលពួកគេតាំងចិត្តដោយខ្លួនឯង ។
ការរក្សាការតាំងចិត្តរៀបចំអ្នករៀនសម្រាប់ពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៅលើមាគ៌ានៃការប្រែចិត្តជឿពេញមួយជីវិត ។ កិច្ចខិតខំរបស់អ្នកអាចជួយពួកគេ « សម្ដែងដោយកិច្ចការទាំងឡាយរបស់ពួកគេ » នូវបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។
ដាក់ផែនការសម្រាប់ទំនាក់ទំនងខ្លីៗប្រចាំថ្ងៃ
ការជួយមនុស្សឲ្យរក្សាការតាំងចិត្តចាប់ផ្តើមនៅពេលអ្នកទៅលេង និងបង្រៀនពួកគេជាលើកដំបូង ។ សុំឲ្យពួកគេកត់ត្រាការតាំងចិត្តរបស់ពួកគេនៅលើទូរសព្ទ ប្រតិទិន ឬលើអ្វីមួយដែលអ្នកទុកឲ្យពួកគេ ។
សូមសួរថាតើអ្នក ឬសមាជិកដែលបានចូលរួមការបង្រៀន អាចធ្វើការទាក់ទងខ្លីៗទៅអ្នករៀនជាប្រចាំថ្ងៃពីមុនទៅបង្រៀនលើកក្រោយដែរឬទេ ។ សូមពន្យល់ថាគោលបំណងនៃទំនាក់ទំនងទាំងនេះគឺដើម្បីគាំទ្រពួកគេ និងពិពណ៌នាអំពីវិធីមួយចំនួនដែលអ្នកអាចធ្វើបាន ។ ទំនាក់ទំនងទាំងនេះគឺជាមធ្យោបាយមួយដើម្បីអនុវត្តគោលការណ៍នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១០៦ ។
សូមកំណត់វិធីសាស្រ្តនៃការទំនាក់ទំនងដែលនឹងមានប្រសិទ្ធភាពបំផុត ដូចជាការទៅសួរសុខទុក្ខមួយភ្លែត ការហៅទូរសព្ទ ការផ្ញើសារជាអក្សរ ឬការផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ បច្ចេកវិទ្យាផ្តល់ជម្រើសជាច្រើនសម្រាប់ការរំឭក និងជំនួយបន្ថែម ។
សូមលើកទឹកចិត្ត និងជួយមនុស្សក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នក ។
សម្រាប់រាល់ការអញ្ជើញដែលអ្នកធ្វើ សូមកត់ត្រានៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង អំពីរបៀបតាមដាននៅថ្ងៃបន្ទាប់ ។ នៅពេលអ្នករៀបចំផែនការនៅថ្ងៃបន្ទាប់ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលអ្នកពិភាក្សាអំពីរបៀបជួយមនុស្សឲ្យរក្សាការតាំងចិត្តរបស់ពួកគេ ។
សូមធ្វើទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នកជាមួយមនុស្សពេញដោយភាពវិជ្ជមាន និងដោយការលើកទឹកចិត្ត ។ សូមអធិស្ឋានសម្រាប់ពួកគេ ។ បង្ហាញសេចក្តីស្រឡាញ់ និងការយោគយល់នៅពេលអ្នកជួយពួកគេរក្សាការតាំងចិត្តរបស់ពួកគេ ។ ឆ្លើយសំណួរ និងជួយពួកគេឲ្យយកឈ្នះលើបញ្ហាប្រឈមនានា ។ ប្រសិនបើមានពេល សូមអានព្រះគម្ពីរមរមនជាមួយគ្នា ។ សូមចែកចាយប្រព័ន្ធផ្សព្វផ្សាយសាសនាចក្រដែលទាក់ទង រួមទាំងតន្ត្រីដែលផលិតដោយសាសនាចក្រ ដែលអាចលើកស្ទួយដល់ពួកគេ ។ សូមចេះគោរពដល់ពេលវេលា និងបំណងប្រាថ្នារបស់ពួកគេ ។
សូមណែនាំពួកគេឲ្យស្គាល់សមាជិកសាសនាចក្រផ្សេងទៀត ។ នៅពេលសមស្រប សូមសុំឲ្យសមាជិកជួយមនុស្សរក្សាការតាំងចិត្តរបស់ពួកគេ ( សូមមើល ជំពូកទី ១០ ) ។
សូមសរសើរដល់មនុស្សដែលកំពុងខិតខំរក្សាការតាំងចិត្តរបស់ពួកគេ ។ សូមជួយពួកគេមើលពីរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំរបស់ពួកគេ ។ មនុស្សទាំងនេះកំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេ ដែលត្រូវការការខិតខំ និងការអត់ធ្មត់ជាច្រើន ។ សូមជួយពួកគេស្គាល់ពរជ័យដែលពួកគេកំពុងទទួល ។ សូមបង្ហាញទំនុកចិត្តថាពួកគេអាចទទួលបានជោគជ័យ ។
សូមបង្ហាញសេចក្ដីស្រឡាញ់ផងដែរ ប្រសិនបើមនុស្សមិនបានរក្សាការតាំងចិត្តរបស់ពួកគេទេ ។ សូមផ្ដល់ការគាំទ្រដល់ពួកគេក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នក ។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់បានទទួលយកការអញ្ជើញឲ្យអានជំពូកមួយនៅក្នុងព្រះគម្ពីរមរមន ប៉ុន្តែមិនទាន់បានធ្វើវានៅឡើយទេ សូមស្នើឲ្យអានវាជាមួយគ្នា ។ សូមជួយបុគ្គលនោះឲ្យរកឃើញដោយដកពិសោធន៍ពីរបៀបដែលការរក្សាការតាំងចិត្តអាចផ្តល់ពរជ័យដល់ជីវិតរបស់គាត់ ឬនាង ។
វាអាចនឹងត្រូវការការព្យាយាមជាច្រើនលើកច្រើនសារសម្រាប់មនុស្សម្នាក់ដើម្បីរក្សាការតាំងចិត្ត ហើយអ្នកប្រហែលជាត្រូវទៅជួបជាច្រើនដងដើម្បីជួយពួកគេ ។ សូមពិភាក្សាអំពីរបៀបដែលពួកគេអាចយកឈ្នះលើបញ្ហាប្រឈមនានាក្នុងការរក្សាការតាំងចិត្ត ។ សូមមានចិត្តអត់ធ្មត់ និងចេះជួយគ្នា មិនត្រូវរិះគន់ ឬវិនិច្ឆ័យគ្នាឡើយ ។
សូមមានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នក ។
នៅពេលអ្នកតាមដានជាមួយអ្នករៀន សូមសុំឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេក្នុងការរក្សាការតាំងចិត្ត ។ សូមសួរពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។ ការណ៍នេះនឹងជួយពួកគេឲ្យស្គាល់ពីឥទ្ធិពលនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ និងជួយពួកគេឲ្យស្គាល់ជំហានបន្ទាប់ ។
នៅពេលអ្នកទាក់ទងអ្នករៀនជារៀងរាល់ថ្ងៃ ផ្នែកសំខាន់នៃគោលបំណងរបស់អ្នកគឺដើម្បីយាងអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់ពួកគេ ។ សូមជួយពួកគេស្គាល់ពីរបៀបទទួលអារម្មណ៍ពីព្រះវិញ្ញាណ ពេលអ្នកមិននៅជាមួយពួកគេ ។ ទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នកគួរពង្រឹងអារម្មណ៍ខាងវិញ្ញាណដែលពួកគេមាននៅពេលអ្នកបង្រៀនពួកគេ ។ ពួកគេនឹងប្រែចិត្តជឿ នៅពេលពួកគេទទួលអារម្មណ៍ពីអានុភាព និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
បង្ហាញសេចក្ដីស្រឡាញ់
ដំណើរការនៃការប្រែចិត្តជឿគឺផ្ដោតសំខាន់លើសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី៤ ១:១៥ ) ។ ស្វែងរកអំណោយទាននៃសេចក្តីសប្បុរស ។ ការបង្ហាញសេចក្ដីស្រឡាញ់ដោយស្មោះអាចជួយមនុស្សឲ្យមានអារម្មណ៍ថា មានព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ។ ការបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកក៏អាចជួយពួកគេឲ្យទទួលយកការអញ្ជើញ និងរក្សាការតាំងចិត្តដែលនាំទៅរកការប្រែចិត្តជឿផងដែរ ។
នៅពេលអ្នកស្រឡាញ់ ហើយបង្រៀនអ្នកដទៃ នោះការប្រែចិត្តជឿរបស់អ្នកផ្ទាល់ចំពោះព្រះអង្គសង្គ្រោះនឹងកាន់តែជ្រាលជ្រៅ ។
ការជួយដល់ការប្រែចិត្តរបស់អ្នកដទៃគឺជាកិច្ចការដ៏ពិសិដ្ឋ ។ អ្នកនឹងទទួលបានអំណរដែលស្ថិតស្ថេរ នៅពេលអ្នកលះបង់ខ្លួនអ្នកចំពោះកិច្ចការនេះ និងដើម្បីបម្រើអ្នកដទៃ ( សូមមើល ម៉ាថាយ ១០:៣៩; ម៉ូសាយ ២:១៧; អាលម៉ា ២៧:១៧–១៨; គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១៦ ) ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យមនុស្សមក ហើយនៅ
កិច្ចការផ្សព្វផ្សាយសាសនាមានឥទ្ធិពលខ្លាំងបំផុត នៅពេលដែលមនុស្សធ្វើ និងរក្សាការតាំងចិត្តដើម្បីរស់នៅតាមដំណឹងល្អ ហើយបន្តសកម្មនៅក្នុងសាសនាចក្រពេញមួយជីវិតរបស់ពួកគេ ។ ការគ្រាន់តែមកចូលរួមនៅក្នុងសាសនាចក្រគឺមិនគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេមក ហើយនៅ ( សូមមើល យ៉ូហាន ១៥:១៦ ) ។ សូមដឹកនាំការបង្រៀន និងការអញ្ជើញរបស់អ្នកទាំងអស់ឆ្ពោះទៅរកគោលដៅនោះ ។ ដើម្បីទទួលបានពរជ័យទាំងអស់ដែលព្រះវរបិតាសួគ៌មានសម្រាប់ពួកគេ សមាជិកត្រូវបន្តរស់នៅតាមដំណឹងល្អដោយការរក្សាបទបញ្ញត្តិ និងសេចក្ដីសញ្ញាដែលពួកគេបានធ្វើ នៅពេលពួកគេបន្តសកម្មក្នុងសាសនាចក្រ ។
នីហ្វៃ បានបង្រៀនថា « បន្ទាប់ពីអ្នកបានចូលតាមផ្លូវតូច ហើយចង្អៀតនេះហើយ ខ្ញុំសូមសួរថា តើបានសម្រេចសព្វគ្រប់ហើយឬនៅ ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ៖ ទេ …អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ …ហើយ [ បើអ្នក ] កាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:១៩–២០ ) ។
សូមខិតខំឲ្យអស់ពីលទ្ធភាពរបស់អ្នកដើម្បីជួយមនុស្សឲ្យស័ក្ដិសមដើម្បីទទួល « ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមឲ្យនិយមន័យមួយពីបទបញ្ញត្តិចេញពី មេរៀនទី ៤ ។ ស្វែងរក និងកត់ត្រាសេចក្តីយោងបទគម្ពីរ និងសម្រង់ប្រសាសន៍របស់ព្យាការីនៅសម័យចុងក្រោយ ដែលពិពណ៌នាអំពីពរជ័យដែលបានសន្យាដែលទាក់ទងនឹងបទបញ្ញត្តិនេះ ។ សូមគិតអំពីពរជ័យដែលអ្នកបានទទួលដោយការគោរពតាមបទបញ្ញត្តិនេះ ហើយសរសេរវានៅក្នុងសៀវភៅកត់ត្រារបស់អ្នក ។
-
នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយគ្រួសាររបស់អ្នក ឬអ្នកដទៃ សូមសួរពីរបៀបដែលពួកគេបានទទួលពរជ័យដោយការគោរពតាមបទបញ្ញត្តិជាក់លាក់មួយ ( ឧទាហរណ៍ ការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ គោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ឬរក្សាបទបញ្ញត្តិដែលពិបាកសម្រាប់នរណាម្នាក់ដែលអ្នកកំពុងបង្រៀន ) ។
-
សូមឆ្លើយសំណួរខាងក្រោមដើម្បីជួយអ្នកក្នុងការកំណត់ចំណុចដែលអ្នកអាចកែលម្អនៅពេលធ្វើការអញ្ជើញ ។ ដាក់ផែនការដើម្បីកែលម្អ ។
-
តើអ្នករៀនដឹងថាខ្ញុំស្រឡាញ់ពួកគេឬទេ ?
-
តើខ្ញុំមានទំនុកចិត្តថាពួកគេនឹងទទួលបានពរជ័យដោយធ្វើតាមការអញ្ជើញរបស់យើងដែរឬទេ ?
-
តើខ្ញុំផ្តល់ពេលវេលា និងចំណាប់អារម្មណ៍ដើម្បីធ្វើការប្រាស្រ័យទាក់ទងប្រចាំថ្ងៃជាមួយអ្នករៀនដើម្បីជួយពួកគេរក្សាការតាំងចិត្តរបស់ពួកគេដែរឬទេ ?
-
តើផែនការមេរៀនរបស់យើងរួមបញ្ចូលការអញ្ជើញជាក់លាក់ឲ្យធ្វើសកម្មភាពដែរឬទេ ?
-
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
ពិនិត្យមើលការអញ្ជើញនៅក្នុងមេរៀនមួយរបស់អ្នកផ្សព្វផ្សាយសាសនា ។ សម្រាប់ការអញ្ជើញនីមួយៗ សូមឆ្លើយសំណួរខាងក្រោម ៖
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកទាំងឡាយដែលរក្សាការតាំងចិត្តនេះ ?
-
តើការគោរពតាមគោលការណ៍នេះនឹងជួយមនុស្សបង្កើនសេចក្ដីជំនឿ និងទីបន្ទាល់របស់ពួកគេដោយរបៀបណា ?
-
តើការប្តេជ្ញាចិត្តនេះនឹងជួយមនុស្សឲ្យប្រែចិត្ត ហើយកាន់តែឆាប់ដឹងថាមានអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ?
-
-
នៅលើឧបករណ៍ធ្វើផែនការរបស់អ្នក សូមធ្វើបញ្ជីអំពីមនុស្សដែលអ្នកបានទាក់ទងក្នុងរយៈពេលពីរថ្ងៃកន្លងទៅ ។ រួមបញ្ចូលទាំងមនុស្សដែលអ្នកកំពុងបង្រៀន និងសមាជិក ។
-
សម្រាប់មនុស្សម្នាក់ៗ សូមសរសេរការអញ្ជើញដែលអ្នកបានបន្ថែម និងការតាំងចិត្តដែលពួកគេបានធ្វើ ។
-
សូមពិចារណាអំពីការអញ្ជើញផ្សេងទៀតដែលអ្នកអាចធ្វើបាន ។
-
សូមពិភាក្សាពីមូលហេតុដែលអ្នកអាចទទួលបានការតាំងចិត្តពីមនុស្សមួយចំនួនក្នុងចំណោមមនុស្សទាំងនេះ ប៉ុន្តែមិនមែនមកពីអ្នកដទៃនោះទេ ។
-
តើអ្នកនឹងត្រូវធ្វើអ្វីដើម្បីតាមដានការអញ្ជើញទាំងនេះ ?
-
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
សូមពិភាក្សាអំពីគំនិតប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិតសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃជាមួយមនុស្សដែលអ្នកកំពុងបង្រៀន ។ តើពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើការជាមួយសមាជិកយ៉ាងមានប្រសិទ្ធភាពដោយរបៀបណា ? តើប្រព័ន្ធផ្សព្វផ្សាយដែលបានបោះពុម្ព ឬជាឌីជីថលមានប្រយោជន៍អ្វីខ្លះ ? តើអ្នកអាចធ្វើអ្វីបានខ្លះពេលមនុស្សមិននៅផ្ទះ ឬរវល់ខ្លាំងពេកមិនអាចជួបអ្នកបាន ?
-
សូមពិភាក្សាអំពីរបៀបទាំងឡាយដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនបទបញ្ញត្តិប្រកបដោយប្រសិទ្ធភាពនៅក្នុង មេរៀនទី ៤ ។
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
នៅពេលដែលអាចធ្វើទៅបាន សូមទៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ពេលពួកគេបង្រៀន ។ សូមជួយពួកគេផ្តោតលើការជួយមនុស្សធ្វើ និងរក្សាការចិត្ត ។
-
សូមលើកទឹកចិត្តថ្នាក់ដឹកនាំបព្វជិតភាពវួដ ថ្នាក់ដឹកនាំអង្គការ និងសមាជិកឲ្យប្រាស្រ័យទាក់ទងជាប្រចាំថ្ងៃជាមួយមនុស្សដែលពួកអ្នកផ្សព្វផ្សាយសាសនាកំពុងបង្រៀន—ប្រសិនបើបុគ្គលនោះយល់ព្រមឲ្យទាក់ទងទៅ ។