« ជំពូកទី ៨ ៖ សម្រេចកិច្ចការតាមរយៈគោលដៅ និងផែនការ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ៨ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ៨
សម្រេចកិច្ចការតាមរយៈគោលដៅ និងផែនការ
អ្នកត្រូវបានចាត់តាំងឲ្យជួយកិច្ចការរបស់ព្រះអម្ចាស់ក្នុងផ្នែកជាក់លាក់មួយ ។ ទ្រង់ចង់ឲ្យអ្នកផ្ដល់ពរដល់បុគ្គលម្នាក់ៗដោយសេចក្តីស្រឡាញ់ និងសេចក្តីពិតរបស់ទ្រង់ ។ ទ្រង់ចង់ឲ្យអ្នកអញ្ជើញ និងជួយពួកគេឲ្យមករកទ្រង់ ។
ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នក « ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ [ នេះ ] » ។ ទ្រង់បានបង្គាប់ឲ្យអ្នក « ប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ [ អ្នក ] ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧; សូមមើល ខទី ២៦–២៩ ) ។ ធ្វើអស់ពីសមត្ថភាពរបស់អ្នកដើម្បីធ្វើឲ្យវួដ ឬសាខានីមួយៗដែលអ្នកបម្រើរឹងមាំជាងពេលដែលអ្នកមកដល់ដំបូង
ជំពូកនេះនឹងជួយអ្នករៀនពីរបៀបដាក់គោលដៅ បង្កើតផែនការដើម្បីសម្រេចវា និងអនុវត្តផែនការរបស់អ្នកដោយឧស្សាហ៍ព្យាយាម ។ វាពិពណ៌នាអំពីសូចនាករសំខាន់ៗសម្រាប់ការប្រែចិត្តជឿ ដែលណែនាំការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីជួយបុត្រាបុត្រីរបស់ព្រះឲ្យរីកចម្រើនខាងវិញ្ញាណ ។ បន្ទាប់មក វាបង្ហាញពីដំណើរការដាក់គោលដៅសាមញ្ញ ដែលអ្នកអាចប្រើក្នុងគ្រប់ទិដ្ឋភាពនៃការងារផ្សព្វផ្សាយសាសនា រួមទាំងគោលដៅផ្ទាល់ខ្លួន និងដៃគូរបស់អ្នកផងដែរ ។ វាក៏បង្ហាញពីរបៀបធ្វើវគ្គផែនការប្រចាំសប្តាហ៍ និងប្រចាំថ្ងៃជាមួយដៃគូរបស់អ្នកផងដែរ ។
ការរៀនដាក់គោលដៅ និងបង្កើតផែនការអាចផ្តល់ពរដល់អ្នកពេញមួយជីវិតរបស់អ្នក ។ វាអាចជួយអ្នកចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ បម្រើដោយស្មោះត្រង់ក្នុងសាសនាចក្រ បន្តការសិក្សា រីកចម្រើនក្នុងការងាររបស់អ្នក និងស្ថាបនាគ្រួសារដ៏រឹងមាំ ។
ជួយអ្នកដទៃឲ្យប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ
ផ្តោតលើគោលបំណងផ្សព្វផ្សាយសាសនារបស់អ្នក ។
ប្រហែលជាអ្នកបានឆ្ងល់ថាតើការទទួលខុសត្រូវមួយណាក្នុងចំណោមការទទួលខុសត្រូវជាច្រើនរបស់អ្នកដែលសំខាន់ជាងគេ ។ នេះជាសំណួរដ៏ល្អមួយក្នុងការពិចារណានៅពេលដែលអ្នកដាក់គោលដៅ និងផែនការរៀងរាល់សប្តាហ៍ និងជារៀងរាល់ថ្ងៃ ។ ដើម្បីជួយឆ្លើយវា សូមគិតអំពីគោលបំណងរបស់អ្នកជាអ្នកផ្សព្វផ្សាយសាសនា ៖
« អញ្ជើញដល់មនុស្សដទៃមកកាន់ព្រះគ្រីស្ទ ដោយការជួយពួកគេឲ្យទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញ តាមរយៈសេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។
សូមឲ្យគោលបំណងនៃអ្នកផ្សព្វផ្សាយសាសនារបស់អ្នកដឹកនាំគោលដៅ និងផែនការរបស់អ្នក ។ ផ្ដោតលើរបៀបដែលអ្នកអាចជួយបុគ្គលម្នាក់ៗអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីប្រែចិត្ដជឿលើព្រះអង្គសង្គ្រោះ ហើយទទួលដំណឹងល្អរបស់ទ្រង់ ។
ស្វែងរកការណែនាំពីព្រះវិញ្ញាណ ហើយប្រឹក្សាជាមួយដៃគូរបស់អ្នក នៅពេលអ្នកដាក់គោលដៅ និងធ្វើផែនការ ។ បន្ទាប់មកអនុវត្តតាមផែនការរបស់អ្នក ហើយប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព ។
« យើងពុំប្រកាស ហើយបង្រៀនដើម្បី ‹ នាំមនុស្សចូលមកក្នុងសាសនាចក្រ › ឬដើម្បីបង្កើនសមាជិកភាពនៃសាសនាចក្រនោះទេ ។ យើងពុំប្រកាស ហើយបង្រៀនគ្រាន់តែដើម្បីបញ្ចុះបញ្ចូលមនុស្សឲ្យរស់នៅក្នុងជីវិតកាន់តែប្រសើរនោះទេ ។… យើងអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទតាមរយៈការប្រែចិត្ត និងពិធីបុណជ្រមុជទឹក ព្រមទាំងពិធីបញ្ជាក់ ដើម្បីបើកទ្វារនគរសេឡេស្ទាលដល់បុត្រា និង បុត្រីទាំងឡាយនៃព្រះ ។ គ្មាននរណាទៀតដែលអាចធ្វើកិច្ចការនេះបានទេ » ( ដាល្លិន អេក អូក « The Purpose of Missionary Work » ការចាក់ផ្សាយពីកិច្ចការផ្សព្វផ្សាយសាសនាតាមប្រព័ន្ធផ្កាយរណបនាខែ មេសា ឆ្នាំ ១៩៩៥ ) ។
សូមសម្របនឹងសូចនាករសំខាន់ៗសម្រាប់ការប្រែចិត្តជឿ
ថ្នាក់ដឹកនាំសាសនាចក្របានកំណត់សូចនាករសំខាន់ៗចំនួនប្រាំមួយសម្រាប់ការប្រែចិត្តជឿ ។ សូចនាករសំខាន់ៗជួយអ្នកឲ្យផ្តោតលើការរីកចម្រើនខាងវិញ្ញាណនៃបុត្រាបុត្រីរបស់ព្រះ ។ វាបង្កើតឡើងក្នុងបំណងជួយអ្នកឲ្យសម្របការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់អ្នកជាមួយនឹងគោលបំណងផ្សព្វផ្សាយសាសនារបស់អ្នក ។
សូចនាករសំខាន់ៗសម្រាប់ការប្រែចិត្តជឿត្រូវបានបង្ហាញខាងក្រោម ។
|
អ្នករៀនថ្មីកំពុងរៀន ។ អ្នករៀនថ្មីម្នាក់ៗ ( ដែលមិនបានទទួលពិធីបុណ្យជ្រមុជទឹក ) ដែលបានទទួលការបង្រៀនមួយនៅក្នុងសប្ដាហ៍ណាមួយ ( ប៉ុន្តែមិនត្រូវបានបង្រៀននៅក្នុងអំឡុងពេលបីខែកន្លងទៅនេះ ) ហើយព្រមទទួលការណាត់ជួបត្រឡប់មកវិញជាក់លាក់មួយ ។ ជាទូទៅ មេរៀនមួយមាន បញ្ចូលទាំងការអធិស្ឋាន ( នៅពេលសមរម្យ ) យ៉ាងហោចណាស់បង្រៀនគោលការណ៍នៃដំណឹងល្អមួយ និងបន្ថែមការអញ្ជើញមួយ ។ |
|
មេរៀនដែលមានសមាជិកម្នាក់ចូលរួម ។ ចំនួនមេរៀនក្នុងសប្តាហ៍ដែលបានបង្រៀនដល់មនុស្សម្នាក់ ( មិនបានទទួលបុណ្យជ្រមុជទឹក ) និងសមាជិកម្នាក់ដែលបានចូលរួម ។ |
|
អ្នករៀនកំពុងរៀនដែលចូលរួមក្នុងការប្រជុំសាក្រាម៉ង់ ។ អ្នករៀនម្នាក់ៗ ( មិនបានជ្រមុជទឹក ) ដែលអ្នកកំពុងបង្រៀនបានចូលរួមការប្រជុំសាក្រាម៉ង់នៅសប្តាហ៍នោះ ។ |
|
អ្នករៀនដែលបានដាក់កាលបរិច្ឆេទទទួលបុណ្យជ្រមុជទឹក ។ អ្នករៀនម្នាក់ៗដែលបានយល់ព្រមទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅកាលបរិច្ឆេទជាក់លាក់មួយ ។ |
|
អ្នករៀនដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សមាជិកថ្មីម្នាក់ៗដែលបានទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយសម្រាប់អ្នកដែលបញ្ជូនទម្រង់បែបបទត្រូវបានបញ្ចូនតាមអេឡិចត្រូនិកក្នុងសប្តាហ៍ដែលបានផ្តល់ជូននោះ ។ ( សូមមើល ជំពូកទី ១២ សម្រាប់និយមន័យនៃពិធីបុណ្យជ្រមុជទឹកអ្នកប្រែចិត្តជឿ និងសម្រាប់ព័ត៌មានអំពីការបង្កើតកំណត់ត្រា ) ។ |
|
សមាជិកថ្មីចូលរួមការប្រជុំសាក្រាម៉ង់ ។ សមាជិកថ្មីម្នាក់ៗដែលមានទម្រង់បែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដែលបានបញ្ជូនក្នុងរយៈពេល ១២ ខែកន្លងមកបានចូលរួមការប្រជុំសាក្រាម៉ង់សប្តាហ៍នោះ ។ |
សរុបមក សូមផ្តល់អាទិភាពដល់ការជួយអ្នករៀនជ្រើសរើសចូលរួមក្នុងបទពិសោធន៍ទាំងនេះ ។ សូមផ្តោតការខិតខំប្រឹងប្រែងរបស់អ្នកលើសកម្មភាពខាងក្រោម ៖
-
មនុស្សដែលជួយអ្នកស្វែងរកអ្នករៀនថ្មីដើម្បីបង្រៀន
-
មនុស្សដែលជួយអ្នករៀនឲ្យរីកចម្រើនឆ្ពោះទៅរកការចុះ និងការគោរពសេចក្ដីសញ្ញា
-
មនុស្សដែលជួយអ្នករៀនដែលបានទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ក្នុងឆ្នាំកន្លងទៅ
ប្រសិនបើអ្នកមិនអាចមើលឃើញពីរបៀបដែលការខិតខំប្រឹងប្រែងរបស់អ្នកអាចជួយអ្នករៀនឲ្យរីកចម្រើនតាមរបៀបដែលឆ្លុះបញ្ចាំងនៅក្នុងសូចនាករសំខាន់ៗរបស់អ្នកទេ សូមវាយតម្លៃថាតើសកម្មភាពនោះជាការប្រើប្រាស់ពេលវេលារបស់អ្នកបានល្អឬអត់ ។
សម្រាប់អ្នករៀនដែលអ្នកចំណាយពេលតិចតួចជាមួយ សូមបន្តបណ្តុះចំណាប់អារម្មណ៍របស់ពួកគេចំពោះដំណឹងល្អ ។ អ្នកអាចអញ្ជើញសមាជិកឲ្យទាក់ទងពួកគេ ។ អ្នកក៏អាចប្រើបច្ចេកវិទ្យាដើម្បីលើកទឹកចិត្តពួកគេ ហើយបន្តបម្រើពួកគេផងដែរ ។ សូមប្រើ « ការប្រើប្រាស់បច្ចេកវិទ្យា » នៅក្នុងជំពូកទី ៩ ដើម្បីទទួលបានគំនិតបន្ថែម ។
« គោលបំណងដ៏សំខាន់នៃការដាក់ផែនការ និងគោលដៅដើម្បីបង្កើតភាពជាសិស្ស—គឺដើម្បីឲ្យអ្នកប្រែចិត្តជឿដែលបានញែកចេញ ដែលចុះ និងគោរពតាមសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដោយចាប់ផ្ដើមដោយសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ដែលនាំទៅកាន់សេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ » ( ឃ្វីនថិន អិល ឃុក « Purpose and Planning » សិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំបេសកកម្ម ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ) ។
ដាក់គោលដៅសូចនាករសំខាន់ៗ និងរៀបចំផែនការ
ក្នុងអំឡុងពេលធ្វើផែនការប្រចាំសប្តាហ៍ អ្នក និងដៃគូរបស់អ្នកដាក់គោលដៅសម្រាប់សូចនាករសំខាន់ៗទាំងអស់ ។ គោលដៅសូចនាករសំខាន់ៗរបស់អ្នកគួរតែឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អ្នកក្នុងការជួយមនុស្សកាន់តែច្រើនឲ្យដកពិសោធន៍នូវពរជ័យនៃការប្រែចិត្តជឿ ។
សូមដាក់គោលដៅ និងបង្កើតផែនការដើម្បីធ្វើអ្វីៗក្រោមការគ្រប់គ្រងរបស់អ្នក ដែលអាចមានឥទ្ធិពលលើលទ្ធផលនៃសូចនាករសំខាន់ៗ ។ ឧទាហរណ៍ ៖
-
អ្នកអាចដាក់គោលដៅសូចនាករសំខាន់ៗ ដើម្បីចាប់ផ្តើមបង្រៀនចំនួនមនុស្សថ្មីក្នុងចំនួនជាក់លាក់មួយនៅអំឡុងពេលសប្តាហ៍នោះ ។ មិនថាអ្នកសម្រេចបានគោលដៅនោះឬអត់ អាស្រ័យលើសិទ្ធិជ្រើសរើសរបស់មនុស្ស ។ ប៉ុន្តែត្រូវធ្វើអ្វីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដើម្បីសម្រេចវាបាន ។ របៀបមួយគឺដាក់គោលដៅដើម្បីនិយាយជាមួយមនុស្សថ្មីនៅចំនួនជាក់លាក់មួយជារៀងរាល់ថ្ងៃ ។ បន្ទាប់មកដាក់ផែនការពីរបៀបធ្វើវា ។ សូមមើលគំនិតនេះនៅក្នុង ឧបសម្ព័ន្ធ ២ នៃជំពូកនេះ និងនៅក្នុង ជំពូកទី ៩ ។
-
អ្នកអាចដាក់គោលដៅសូចនាករសំខាន់ៗ ដើម្បីមានចំនួនជាក់លាក់នៃសមាជិកថ្មី និងមនុស្សដែលអ្នកកំពុងបង្រៀនចូលរួមការប្រជុំសាក្រាម៉ង់ ។ ពួកគេមក ឬមិនមកគឺអាស្រ័យលើសិទ្ធិជ្រើសរើសរបស់ពួកគេ ។ ប៉ុន្តែធ្វើអ្វីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក ដើម្បីមានឥទ្ធិពលលើលទ្ធផលសូចនាករសំខាន់ៗទាំងនេះ ។ សូមដាក់ផែនការនៅពេលណាដែលត្រូវអញ្ជើញពួកគេ និងរបៀបតាមដាន ។
-
អ្នកអាចដាក់គោលដៅសូចនាករសំខាន់មួយដើម្បីឲ្យសមាជិកចូលរួមនៅក្នុងមេរៀនមួយចំនួនក្នុងអំឡុងពេលសប្តាហ៍នេះ ។ មិនថាអ្នកសម្រេចគោលដៅនោះឬអត់ទេ អាស្រ័យលើសមាជិក និងមនុស្សដែលអ្នកកំពុងបង្រៀន ។ ប៉ុន្តែធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីមានឥទ្ធិពលលើលទ្ធផលសូចនាករសំខាន់ៗនេះ ។ សូមដាក់គោលដៅដើម្បីធ្វើការជាមួយថ្នាក់ដឹកនាំវួដ ដើម្បីឲ្យសមាជិកចូលរួម ។ បន្ទាប់មកដាក់ផែនការពីរបៀបដែលអ្នកនឹងសម្របសម្រួលការចូលរួមរបស់ពួកគេ ។
ក្នុងនាមជាដៃគូ អ្នកដាក់គោលដៅសូចនាករសំខាន់ៗសម្រាប់តំបន់ផ្ទាល់ខ្លួនរបស់អ្នក ។ ផ្អែកលើ ( ១ ) ការរីកចម្រើនរបស់អ្នកដែលអ្នកកំពុងបង្រៀន និង ( ២ ) តម្រូវការក្នុងការស្វែងរកមនុស្សថ្មីដើម្បីបង្រៀន ។ ការស្វែងរកមនុស្សថ្មីដើម្បីបង្រៀនគឺជាតម្រូវការជាប់ជានិច្ច ។
គោលដៅសូចនាករសំខាន់ៗនៃបេសកកម្មទាំងមូលគឺផ្អែកលើគោលដៅដែលដៃគូនីមួយៗបានដាក់ ។
កម្មវិធីប្រកាសដំណឹងល្អរបស់យើងនឹងជួយអ្នកបន្តផ្ដោតលើអ្នករៀននៅពេលអ្នកដាក់គោលដៅសូចនាករសំខាន់ៗ ។ កម្មវិធីនេះក៏នឹងជួយអ្នកឲ្យរៀនពីគោលដៅពីអតីតកាល និងបង្ហាញពីការរីកចម្រើនរបស់អ្នកឆ្ពោះទៅរកគោលដៅបច្ចុប្បន្នផងដែរ ។
គោលដៅ និងលទ្ធផលនៃសូចនាករសំខាន់ៗត្រូវបានរាយការណ៍ដោយស្វ័យប្រវត្តិទៅកាន់អ្នកដឹកនាំបេសកកម្ម និងអ្នកដឹកនាំបេសកកម្មវ័យក្មេងរបស់អ្នកតាមរយៈកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ។
សូមប្រយ័ត្នកុំសង្កត់ធ្ងន់លើគោលដៅសូចនាករសំខាន់មួយលើគោលដៅផ្សេងទៀត ។ ការផ្តោតជាបន្តលើសូចនាករសំខាន់ៗទាំងអស់នឹងជួយអ្នកអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ហើយចុះសេចក្តីសញ្ញាយ៉ាងខ្ជាប់ខ្ជួន ។
« នៅពេលស្នាដៃការងារត្រូវបានវាស់វែង នោះស្នាដៃការងារនោះនឹងរីកចម្រើន ។ នៅពេលដែលកិច្ចការត្រូវបានវាស់វែង និងរាយការណ៍ អត្រានៃការកែលម្អនឹងកើនឡើង( បានដកស្រង់ដោយ ថូម៉ាស អេស ម៉នសុន « Thou Art a Teacher Come from God » Improvement Era ខែ ធ្នូ ឆ្នាំ ១៩៧០ ទំព័រ ១០១ ) ។
ខិតខំធ្វើការ
ព្រះអម្ចាស់មានព្រះទ័យឲ្យអ្នក « ប្រតិបត្តិ…ដោយសេចក្ដីឧស្សាហ៍គ្រប់ជំពូក » នៅក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:៩៩ ) ។ សេចក្តីឧស្សាហ៍ព្យាយាម គឺជាការខិតខំដ៏ជាប់លាប់ និងក្លាហាន ។
ធ្វើការដោយឧស្សាហ៍ព្យាយាមលើគោលដៅសូចនាករសំខាន់ៗរបស់អ្នក ។ អញ្ជើញមនុស្សឲ្យធ្វើការតាំងចិត្តដែលនាំទៅរកការប្រែចិត្តជឿ ។ ការខិតខំប្រឹងប្រែងដោយឧស្សាហ៍ព្យាយាមរបស់អ្នកអាចជំរុញពួកគេឲ្យធ្វើសកម្មភាពដែលនឹងជួយពួកគេមករកព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ២:១៤–១៦ ) ។
បង្រៀនដំណឹងល្អតាមរបៀបដែលបំពេញតម្រូវការរបស់មនុស្ស ។ នៅពេលដែលយល់គោលលទ្ធិដោយព្រះវិញ្ញាណ នោះគឺហាក់ដូចជាគ្មានអ្វីផ្សេងទៀតក្រៅពីព្រះវិញ្ញាណឡើយដែលបំផុសគំនិតពួកគេឲ្យប្រព្រឹត្តតាម ។
ក្នុងពេលដូចគ្នានេះ សូមដឹងថាគោលដៅសូចនាករសំខាន់ៗ អាស្រ័យលើសិទ្ធិជ្រើសរើសរបស់អ្នកដទៃ ។ សូមគោរពដល់សិទ្ធិជ្រើសរើសរបស់អ្នកដទៃ ។
សូមចងចាំថាសូចនាករសំខាន់ៗមិនមែនជាគោលដៅចុងក្រោយទេ ។ ផ្ទុយទៅវិញ វាតំណាងឲ្យការរីកចម្រើនខាងវិញ្ញាណដ៏មានសក្ដានុពលរបស់បុគ្គលម្នាក់ឆ្ពោះទៅកាន់ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការប្រែចិត្តជឿដែលស្ថិតស្ថេរ ។ ការរីកចម្រើនពិតប្រាកដរបស់អ្នករៀននឹងអាស្រ័យលើជម្រើសរបស់ពួកគេ ។ អ្នកគាំទ្រការរីកចម្រើនរបស់ពួកគេដោយការអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទជំនួសពួកគេ នៅពេលអ្នកដាក់គោលដៅ ផែនការ ធ្វើសកម្មភាពដោយឧស្សាហ៍ព្យាយាម និងបម្រើពួកគេតាមរបៀបដែលបំផុសគំនិត ។
របៀបដាក់គោលដៅ និងបង្កើតផែនការដើម្បីសម្រេចវា ។
ការដាក់គោលដៅ និងការរៀបចំផែនការ គឺជាសកម្មភាពនៃសេចក្តីជំនឿ ។ គោលដៅឆ្លុះបញ្ចាំងពីបំណងប្រាថ្នានៃដួងចិត្តរបស់អ្នក និងចក្ខុវិស័យរបស់អ្នកក្នុងការជួយខ្លួនអ្នក និងអ្នកដទៃឲ្យមករកព្រះអង្គសង្គ្រោះ ។
គោលដៅ និងផែនការដែលបានពិចារណាដោយប្រុងប្រយ័ត្ននឹងផ្តល់ឲ្យអ្នកនូវទិសដៅច្បាស់លាស់ ។ វាអាចជួយអ្នកស្វែងរកមនុស្សដើម្បីបង្រៀនបន្ថែមទៀត ។ វាអាចណែនាំអ្នកក្នុងការជួយមនុស្សដែលអ្នកបង្រៀនពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ហើយឈានទៅរកការប្រែចិត្តជឿ ។
សូមដាក់គោលដៅរបស់អ្នក និងរៀបចំផែនការបទពិសោធន៍ដែលបំផុសគំនិត ។ សូមអធិស្ឋានដោយអស់ពីចិត្ត អនុវត្តសេចក្តីជំនឿ ប្រឹក្សាជាមួយដៃគូរបស់អ្នក ហើយធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ ។ នៅពេលអ្នកដាក់ផែនការបែបនេះ អ្នកនឹងមានអារម្មណ៍ថាព្រះអម្ចាស់កំពុងធ្វើការតាមរយៈអ្នក ដើម្បីផ្ដល់ពរដល់អ្នកដទៃ ។
« គោលដៅមួយគឺជាទិសដៅ ឬ ជា ទីបញ្ចប់ ឯផែនការវិញគឺជាផ្លូវដែលធ្វើឲ្យបងប្អូនអាចទៅដល់ទីនោះ ។… ការដាក់គោលដៅនឹងជាចាប់ផ្តើមដ៏សំខាន់ដោយមានលទ្ធផលដែលចង់បាននៅក្នុងគំនិត ។ ហើយការដាក់ផែនការគឺជាការបង្កើតរបៀបមួយដើម្បីសម្រេចឲ្យបានលទ្ធផលនោះ » ( អិម. រ័សុល បាឡឺដ « Return and Receive » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ ) ។
គោលការណ៍សម្រាប់ការដាក់ និងសម្រេចគោលដៅ
ដំណើរការខាងក្រោមនឹងជួយអ្នកដាក់ និងសម្រេចគោលដៅ ។
-
ដាក់គោលដៅ និងធ្វើផែនការប្រកបដោយការអធិស្ឋាន ។ សូមដាក់គោលដៅដែលប្រាកដនិយម ប៉ុន្តែវានឹងធ្វើឲ្យអ្នកខិតខំ និងទាមទារឲ្យមានសេចក្តីជំនឿ ។ សូមចៀសវាងការដាក់គោលដៅខ្ពស់ពេក ឬទាបពេក ។ សូមដាក់ផែនការពីរបៀបដែលអ្នកនឹងសម្រេចវាបាន ។
-
កត់ត្រា និងដាក់កាលវិភាគ ។ កត់ត្រាគោលដៅ និងផែនការរបស់អ្នកក្នុងកាលវិភាគលម្អិតមួយ ។
-
អនុវត្តតាមផែនការរបស់អ្នក ។ ខិតខំសម្រេចគោលដៅរបស់អ្នកដោយឧស្សាហ៍ព្យាយាម ។ អនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ ដើម្បីជួយអ្នក ។
-
រំឭក ហើយតាមដាន ។ វាយតម្លៃការរីកចម្រើន និងកត់ត្រាការខិតខំប្រឹងប្រែងរបស់អ្នកជាប្រចាំ ។ សម្រេចចិត្តថាត្រូវធ្វើអ្វីផ្សេង និងរបៀបកែលម្អ ។ កែសម្រួលផែនការតាមតម្រូវការ ។
នៅពេលអ្នកប្រើដំណើរការដាក់គោលដៅនេះ ព្រះអម្ចាស់នឹងលើកតម្តើងការខិតខំរបស់អ្នក ។ សមត្ថភាពរបស់អ្នកនឹងរីកចម្រើន ដូចជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។ អ្នកនឹងនាំមកនូវការល្អជាច្រើនក្នុងការប្រសិទ្ធពរដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
ដាក់គោលដៅ និងបង្កើតផែនការក្នុងគ្រប់ផ្នែកនៃការងារ
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណប្រកបដោយការអធិស្ឋាន នៅពេលអ្នកអនុវត្តដំណើរការដាក់គោលដៅចំពោះគ្រប់ទិដ្ឋភាពនៃកិច្ចការផ្សព្វផ្សាយសាសនា ។ កិច្ចការទាំងនេះមួយចំនួនរួមមាន ៖
-
ការជួយមនុស្សដែលអ្នកកំពុងបង្រៀនឲ្យរីកចម្រើន( សូមមើល ឧបសម្ព័ន្ធ ១ នៅក្នុងជំពូកនេះ ) ។
-
ការស្វែងរកមនុស្សថ្មីដើម្បីបង្រៀន( សូមមើល ឧបសម្ព័ន្ធ ២ នៅក្នុងជំពូកនេះ ) ។
-
ការធ្វើការជាមួយសមាជិក និងការបម្រើមនុស្សនៅក្នុងសហគមន៍ និងវួដ ( សូមមើល ឧបសម្ព័ន្ធ ៩ និង១៣ ) ។
-
ការធ្វើការដោយមានសាមគ្គីភាពជាមួយនឹងដៃគូ( សូមមើល ចំណុច ៦ នៅក្នុង « ការធ្វើផែនការប្រចាំសប្ដាហ៍ » ) ។
-
ការពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
-
ការកែលម្អចំណេះដឹង និងសមត្ថភាពរបស់អ្នក រួមទាំងការរៀនភាសា ( សូមមើល ជំពូកទី ៧ ) ។
ដាក់គោលដៅដែលត្រឹមត្រូវ
សូមចៀសវាងការដាក់គោលដៅសូចនាករសំខាន់ៗសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចណែនាំ និងលើកទឹកចិត្តពួកគេក្នុងការអនុវត្តគោលការណ៍នៃការដាក់គោលដៅ នៅពេលពួកគេដាក់គោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ។
ប្រុងប្រយ័ត្នកុំធ្វើការប្រៀបធៀបជាមួយអ្នកដទៃ ។
កុំប្រើការសម្រេចគោលដៅជាកូតា សម្រាប់ការទទួលស្គាល់ជាសាធារណៈ ឬដើម្បីកែតម្រូវជាសាធារណៈ ឬធ្វើឲ្យនរណាម្នាក់អាម៉ាស់ឡើយ ។
« យើងជឿជាក់លើការដាក់គោលដៅ ។ យើងរស់នៅដោយមានគោលដៅ ។ … គោលដៅសំខាន់ [មួយ] គឺដើម្បីនាំយកដំណឹងល្អទៅកាន់មនុស្សទាំងអស់ ។ … គោលដៅរបស់យើងគឺដើម្បីសម្រេចឲ្យបានជីវិតអស់កល្បជានិច្ច ។ នោះគឺជាគោលដៅដ៏ធំបំផុតក្នុងពិភពលោកនេះ » ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, សិក្ខាសាលារបស់អ្នកតំណាងប្រចាំតំបន់ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៩៧៥ ទំព័រ ៦ ) ។
អនុវត្តការធ្វើផែនការប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ
ការធ្វើផែនការប្រចាំសប្តាហ៍ជួយឲ្យអ្នកមើលឃើញរូបភាពធំ និងផ្តោតលើមនុស្ស ។ វាក៏ជួយអ្នកផ្តោតលើសកម្មភាពដែលសំខាន់បំផុតផងដែរ ។ ការធ្វើផែនការប្រចាំថ្ងៃជួយអ្នកសម្របខ្លួន និងរៀបចំខ្លួនធ្វើសកម្មភាពជាក់លាក់ជារៀងរាល់ថ្ងៃ ។ អ្នកចង់មានផលិតភាព មិនមែនគ្រាន់តែរវល់ប៉ុណ្ណោះ ។
ក្នុងអំឡុងពេលការធ្វើផែនការ សូមសួរខ្លួនឯងនូវសំណួរមូលដ្ឋានអំពីអ្វីដែលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកធ្វើ ។ ស្វែងរកការបំផុសគំនិតដើម្បីឆ្លើយសំណួរទាំងនេះតាមរបៀបដែលសមស្របសម្រាប់ស្ថានភាព និងមនុស្សម្នាក់ៗ ។ បន្ទាប់មក ចម្លើយគួរតែចេញជារូបរាងនៅក្នុងផែនការរបស់អ្នក ។
វគ្គផែនការប្រចាំសប្តាហ៍
រៀបចំវគ្គផែនការប្រចាំសប្តាហ៍ជាមួយដៃគូរបស់អ្នកនៅពេលថ្ងៃ និងពេលវេលាដែលប្រធានបេសកកម្មរបស់អ្នកកំណត់ ។ សូមធ្វើតាមជំហានដូចខាងក្រោម ៖
-
សូមអធិស្ឋាន ហើយស្វែងរកការបំផុសគំនិត ។ ទូលសូមព្រះវរបិតាសួគ៌ឲ្យដឹកនាំអ្នកក្នុងការដាក់ផែនការដែលនឹងជួយសម្រេចគោលបំណងរបស់ទ្រង់ ។ ទូលសូមឲ្យទ្រង់ប្រទានពរដល់ការខិតខំរបស់អ្នកដើម្បីជួយមនុស្សរីកចម្រើន ហើយមករកព្រះគ្រីស្ទ ។
-
ដាក់គោលដៅ និងបង្កើតផែនការសម្រាប់សូចនាករសំខាន់ៗទាំងអស់ដោយប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ។ ប្រើដំណើរការដាក់គោលដៅដែលបានពិពណ៌នាពីមុននៅក្នុងជំពូកនេះ ។ ចាប់ផ្តើមជាមួយ ៖
-
អ្នករៀនដែលបានទទួលបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ក្នុងឆ្នាំកន្លងទៅ ។
-
អ្នករៀនដែលមានកាលបរិច្ឆេទទទួលបុណ្យជ្រមុជទឹក ។
-
អ្នករៀនដែលអ្នកកំពុងបង្រៀន ដែលចូលរួមក្នុងការប្រជុំសាក្រាម៉ង់ ។
-
មនុស្សថ្មីដែលកំពុងរៀន ។
-
សមាជិកត្រឡប់មកសកម្មឡើងវិញ ក្រុមគ្រួសារដែលមាននរណាម្នាក់ជាសមាជិក និងអ្នកត្រៀមខ្លួនធ្វើជាអែលឌើរ ។
-
អ្នករៀនដែលបានបង្រៀនពីមុន ។
សូមមើល ឧបសម្ព័ន្ធ ១ នៅក្នុងជំពូកនេះដើម្បីទទួលបានគំនិតអំពីការប្រើប្រាស់ដំណើរការដាក់គោលដៅក្នុងការធ្វើការជាមួយមនុស្សដែលអ្នកកំពុងបង្រៀន ។
-
-
សូមប្រើដំណើរការដាក់គោលដៅដើម្បីស្វែងរកមនុស្សបង្រៀន ( សូមមើល ឧបសម្ព័ន្ធ ២ នៅក្នុងជំពូកនេះ និង ជំពូកទី ៩ សម្រាប់ជំនួយស្វែងរក ) ។
-
សូមប្រើដំណើរការដាក់គោលដៅដើម្បីបង្កើតទំនាក់ទំនងជាមួយថ្នាក់ដឹកនាំវួដ និងសមាជិក ។ សូមដាក់គោលដៅ ហើយធ្វើផែនការសម្រាប់របៀបដែលអ្នកនឹងគាំទ្រពួកគេក្នុងការខិតខំចែកចាយដំណឹងល្អរបស់ពួកគេ ( សូមមើលគំនិតនៅក្នុង ជំពូកទី ៩ និង ១៣ ) ។ សូមរៀបចំខ្លួនសម្រាប់កិច្ចប្រជុំសម្របសម្រួលប្រចាំសប្តាហ៍របស់វួដ ( សូមមើល ជំពូកទី ១៣ ) ។
-
សូមពិនិត្យមើលផែនការ និងគោលដៅរបស់អ្នកនៅក្នុងកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ។ សូមបញ្ជាក់ការណាត់ជួប និងការប្រជុំរបស់អ្នក ។
-
មានការប្រជុំក្រុមប្រឹក្សាដៃគូ ។ ការណ៍នេះជាធម្មតាបញ្ចូលនូវកត្តាដូចតទៅនេះ ៖
-
ប្រសិនបើចង់បាន សូមចែកចាយគោលដៅផ្ទាល់ខ្លួនដែលសមរម្យ ហើយស្នើសុំដៃគូរបស់អ្នកឲ្យជួយដើម្បីសម្រេចគោលដៅទាំងនេះ ។
-
សូមពិភាក្សាពីភាពរឹងមាំនៃទំនាក់ទំនងរបស់អ្នក ។ សូមពិភាក្សាអំពីបញ្ហាប្រឈមណាមួយជាមួយនឹងការគោរពប្រតិបត្តិ ឬធ្វើការដោយមានសាមគ្គីភាព ។ ដោះស្រាយជម្លោះណាមួយដោយ ( ១ ) អនុញ្ញាតឲ្យបុគ្គលម្នាក់ៗបញ្ចេញទស្សនៈរបស់ខ្លួនទាំងស្រុង ( ២ ) ការយល់ដឹង និងទទួលយកកង្វល់របស់បុគ្គលម្នាក់ៗ និង ( ៣ ) បង្កើតដំណោះស្រាយរួមគ្នាដែលដោះស្រាយកង្វល់សំខាន់បំផុត ។
-
ចែកចាយជាមួយដៃគូរបស់អ្នកនូវអ្វីដែលអ្នកគិតថាជាចំណុចខ្លាំងរបស់គាត់ ឬនាង ។ សូមស្នើសុំមតិយោបល់ពីរបៀបដែលអ្នកអាចកែលម្អឲ្យប្រសើរឡើង ។
-
ដាក់គោលដៅដែលនឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកប្រសើរឡើង ។
ក្រុមប្រឹក្សាភាពជាដៃគូអាចជួយអ្នកឲ្យអភិវឌ្ឍជំនាញសំខាន់ៗដែលអ្នកអាចប្រើក្នុងជីវិតផ្ទាល់ខ្លួន និងគ្រួសារ ការបម្រើក្នុងសាសនាចក្រ ការងារ និងទំនាក់ទំនងដទៃទៀត ។
-
-
បញ្ចប់ដោយការអធិស្ឋាន ។
វគ្គផែនការប្រចាំថ្ងៃ
ដាក់គោលដៅ និងរៀបចំផែនការជាមួយដៃគូរបស់អ្នករយៈពេល ៣០ នាទីរៀងរាល់ព្រឹក ។ សូមធ្វើតាមជំហានដូចខាងក្រោម ៖
-
សូមអធិស្ឋាន ហើយស្វែងរកការបំផុសគំនិត ។
-
សូមពិនិត្យមើលការរីកចម្រើនឆ្ពោះទៅរកគោលដៅសូចនាករសំខាន់ៗប្រចាំសប្តាហ៍របស់អ្នក ។
-
សូមពិនិត្យមើលផែនការរបស់អ្នកដើម្បីជួយមនុស្សដែលអ្នកកំពុងបង្រៀន ។ សូមផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីជួយមនុស្សដែលកំពុងរីកចម្រើនបំផុត ។ កែសម្រួលគោលដៅ និងផែនការប្រចាំថ្ងៃតាមតម្រូវការ ។
-
តាំងចិត្តធ្វើសកម្មភាពដែលអ្នកនឹងធ្វើនៅថ្ងៃនោះ ដើម្បីស្វែងរកមនុស្សថ្មីបង្រៀន និងជួយមនុស្សដែលអ្នកកំពុងបង្រៀន ។
-
សូមដាក់ផែនការពីរបៀបដែលអ្នកនឹងធ្វើការជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងសមាជិក ។
-
បញ្ចប់ដោយការអធិស្ឋាន ។
ប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង
ទាក់ទងនឹងអស់អ្នកដែលបានទទួលបុណ្យជ្រមុជទឹកនៅសម័យនេះ មរ៉ូណៃ បានមានប្រសាសន៍ថា « ឈ្មោះរបស់ពួកគេត្រូវបានយកទៅ ដើម្បីឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ » ( មរ៉ូណៃ ៦:៤ ) ។ ការរក្សាកំណត់ត្រាល្អគឺជាវិធីមួយដែលអ្នកអាចអនុវត្តគោលការណ៍នេះ ។
សូមកត់ត្រាការខិតខំរបស់អ្នក
ការរក្សាកំណត់ត្រាគឺជាផ្នែកមួយនៃការឧស្សាហ៍ព្យាយាម ការមើលថែតំបន់របស់អ្នកដោយក្ដីស្រឡាញ់ និងការព្រួយបារម្ភ ។ សូមរក្សាកំណត់ត្រារបស់អ្នកឲ្យត្រឹមត្រូវ និងបច្ចុប្បន្នភាព ។ ការណ៍នេះនឹងជួយអ្នកឲ្យចងចាំនូវអ្វីដែលអ្នកត្រូវធ្វើដើម្បីជួយអ្នករៀន ។
កម្មវិធីប្រកាសដំណឹងល្អរបស់យើងអនុញ្ញាតឲ្យអ្នកសម្របសម្រួល និងចែកចាយព័ត៌មានសំខាន់ៗជាមួយថ្នាក់ដឹកនាំ និងសមាជិកក្នុងតំបន់អំពីការរីកចម្រើនរបស់អ្នករៀន និងការងារ ។
អនុវត្តតាមការណែនាំអំពីទិន្នន័យ និងឯកជនភាព
អនុវត្តតាមការរក្សាទិន្នន័យ និងគោលការណ៍ណែនាំឯកជនភាព នៅពេលកត់ត្រាគោលដៅ និងផែនការនៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង និងនៅក្នុងឯកសារដែលបានបោះពុម្ព ។ សម្រាប់ព័ត៌មាន សូមមើល បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ, ៧.៥ ។
សួរខ្លួនឯងនូវសំណួរខាងក្រោម មុនពេលអ្នកកត់ត្រា ឬចែកចាយព័ត៌មាននៅក្នុងកម្មវិធី ប្រកាសដំណឹងល្អរបស់យើង អ៊ីម៉ែល ប្រព័ន្ធផ្សព្វផ្សាយសង្គម កំណត់ចំណាំ ឬការប្រាស្រ័យទាក់ទងផ្សេងទៀត ៖
-
តើមនុស្សម្នាក់នេះមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលខ្ញុំកំពុងថត ?
-
តើខ្ញុំនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើនរណាម្នាក់បានចែកចាយព័ត៌មានអំពីខ្ញុំបែបនេះជាមួយអ្នកដទៃ ?
-
តើខ្ញុំធ្វើតាមគោលការណ៍សាសនាចក្រ និងច្បាប់ឯកជនភាពទិន្នន័យសម្រាប់តំបន់របស់ខ្ញុំដែរឬទេ ប្រសិនបើខ្ញុំថត ឬចែកចាយព័ត៌មាននេះ ?
ការទទួលខុសត្រូវ
គោលការណ៍នៃទំនួលខុសត្រូវគឺជាមូលដ្ឋានគ្រឹះនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ( សូមមើល អាលម៉ា ៥:១៥–១៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៣; ១៣៧:៩ ) ។ គោលការណ៍នេះមានឥទ្ធិពលលើរបៀបដែលអ្នកគិត និងទទួលអារម្មណ៍អំពីការទទួលខុសត្រូវដ៏ពិសិដ្ឋដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។ ការទទួលខុសត្រូវក៏មានឥទ្ធិពលលើរបៀបដែលអ្នកចាប់ផ្ដើមការងាររបស់អ្នកដែរ ។
ក្នុងអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅលើផែនដី ព្រះអង្គសង្គ្រោះបានប្រទានកិច្ចការដល់ពួកសិស្សរបស់ទ្រង់ ដើម្បីជួយពួកគេរីកចម្រើន អភិវឌ្ឍ និងសម្រេចកិច្ចការរបស់ទ្រង់ ។ ទ្រង់ក៏បានផ្តល់ឱកាសដល់ពួកគេក្នុងការទទួលខុសត្រូវចំពោះការងារដែលពួកគេត្រូវបានផ្តល់ឲ្យធ្វើដែរ ( សូមមើល លូកា ៩:១០; នីហ្វៃទី៣ ២៣:៦–១៣ ) ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកក៏ទទួលខុសត្រូវដូចគ្នាចំពោះការងារដែលព្រះអម្ចាស់បានប្រទានឲ្យអ្នកធ្វើ ។
សូមចាប់ផ្ដើមការដាក់គោលដៅ និងការធ្វើផែនការរបស់អ្នកជាមួយនឹងគំនិតថា អ្នកនឹងទទួលខុសត្រូវចំពោះព្រះអម្ចាស់តាមរយៈការអធិស្ឋានជារៀងរាល់ថ្ងៃ ។ ក៏ត្រូវទទួលខុសត្រូវចំពោះខ្លួនឯង និងចំពោះថ្នាក់ដឹកនាំបេសកកម្មរបស់អ្នកផងដែរ ។
ការទទួលខុសត្រូវគួរតែជាបទពិសោធន៍ប្រកបដោយសេចក្តីស្រឡាញ់ និងវិជ្ជមានដែលការខិតខំរបស់អ្នកត្រូវបានទទួលស្គាល់ ហើយអ្នកស្វែងរកវិធីដែលអ្នកអាចកែលម្អ ។
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមពិចារណាប្រយោគខាងក្រោមចេញពីសំបុត្រការហៅរបស់អ្នក ៖ « នៅពេលអ្នកលះបង់ពេលវេលា និងការយកចិត្តទុកដាក់របស់អ្នកក្នុងការបម្រើព្រះអម្ចាស់ ដោយទុកចោលនូវរាល់កិច្ចការផ្ទាល់ខ្លួនផ្សេងទៀតទាំងអស់ នោះព្រះអម្ចាស់នឹងប្រទានពរអ្នកជាមួយនឹងការកើនឡើងនូវចំណេះដឹង និងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ » ។ សួរខ្លួនឯងនូវសំណួរខាងក្រោម ហើយកត់ត្រាចំណាប់អារម្មណ៍របស់អ្នក ។
-
តើខ្ញុំធ្វើយ៉ាងណាជាមួយនឹងការលះបង់ពេលវេលា និងការយកចិត្តទុកដាក់របស់ខ្ញុំក្នុងការបម្រើព្រះអម្ចាស់ ?
-
តើខ្ញុំធ្លាប់បានទទួលពរជ័យអ្វីខ្លះ ?
-
តើទីបន្ទាល់របស់ខ្ញុំត្រូវបានពង្រឹងដោយរបៀបណា ?
-
តើខ្ញុំអាចកែលម្អតាមរបៀបណា ?
-
-
សូមចំណាយពេលបន្តិច ដើម្បីគិតអំពីថ្ងៃចុងក្រោយរបស់អ្នកនៅក្នុងបេសកកម្ម ។ នៅពេលថ្ងៃនោះមកដល់ ៖
-
តើអ្នកចង់ឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទៅជាយ៉ាងណា ?
-
តើអ្នកចង់ក្លាយជាអ្វី ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរចម្លើយចំពោះសំណួរទាំងនេះ ។ ប្រើដំណើរការការដាក់គោលដៅ ដើម្បីរៀបចំផែនការនូវអ្វីដែលអ្នកអាចធ្វើបានឥឡូវនេះ ដើម្បីធ្វើការឆ្ពោះទៅរកគោលដៅទាំងនេះ ។ សូមកត់ត្រាផែនការរបស់អ្នក ។
-
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
ដោយប្រើកម្មវិធី ប្រកាសដំណឹងល្អរបស់យើង សូមឆ្លើយសំណួរខាងក្រោម ៖
-
តើកំណត់ត្រាទាំងអស់មានបច្ចុប្បន្នភាពត្រឹមត្រូវដែរឬទេ ?
-
តើអ្នកផ្សព្វផ្សាយសាសនាថ្មីក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍ពីកំណត់ត្រានៃការខិតខំស្វែងរកអ្នករៀនថ្មីដើម្បីបង្រៀនរបស់អ្នកដែរឬទេ ?
-
ប្រសិនបើអ្នកត្រូវពិនិត្យមើលកម្មវិធីរបស់អ្នកឥឡូវនេះ តើវាអាចជួយអ្នកឲ្យដឹងថាអ្នករៀននៅឯណាដែរឬទេ ? តើវានឹងជួយអ្នកឲ្យដឹងអំពីការរីកចម្រើនរបស់ពួកគេដែរឬទេ ?
-
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
អញ្ជើញអ្នកផ្សព្វផ្សាយសាសនាឲ្យចែកចាយបទពិសោធន៍ជាមួយនឹងគោលដៅដែលពួកគេបានកំណត់ និងផែនការដែលពួកគេបានធ្វើដើម្បីជួយអ្នករៀនឲ្យរីកចម្រើន ។ ឧទាហរណ៍អាចរួមបញ្ចូលគោលដៅ និងផែនការដើម្បីជួយអ្នករៀន ៖
-
អភិវឌ្ឍសេចក្តីជំនឿដ៏ធំលើព្រះអង្គសង្គ្រោះ ។
-
ប្រែចិត្ត ហើយធ្វើការផ្លាស់ប្តូរ ដើម្បីចូលទៅជិតព្រះ ។
-
បានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
-
ត្រឡប់មកសាសនាចក្រវិញ ហើយបន្តសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
-
-
អានស្ថានភាពមួយខាងក្រោមទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យពួកអ្នកផ្សព្វផ្សាយសាសនាបែងចែកជាក្រុមតូចៗ ។ ឲ្យក្រុមនីមួយៗប្រើ ជំហានទី ១ និងទី ២ នៅក្នុងដំណើរការដាក់គោលដៅ ដើម្បីជួយអ្នករៀននៅក្នុងឧទាហរណ៍ទាំងនេះ ឲ្យរីកចម្រើនឆ្ពោះទៅរកពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ឲ្យក្រុមនីមួយៗចែកចាយគំនិតរបស់ពួកគេ ។
-
អ្នករៀនរបស់អ្នកព្រមទទួលយកការអញ្ជើញឲ្យចូលរួមព្រះវិហារក្នុងសប្តាហ៍នេះ ។
-
អ្នករៀនម្នាក់បានទទួលយកការអញ្ជើញដើម្បីធ្វើបុណ្យជ្រមុជទឹក ហើយបានដាក់គោលដៅជាមួយអ្នកដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
-
អ្នករៀនម្នាក់ព្រមទទួលយកការអញ្ជើញរបស់អ្នកដើម្បីអានព្រះគម្ពីរមរមន ហើយបានតាំងចិត្តអាន នីហ្វៃទី១ ១ ។
-
-
អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យប្រើកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ដើម្បីជួយពួកគេដាក់គោលដៅជាក់ស្តែង ប៉ុន្តែជាគោលដៅធំដោយ ៖
-
ការពិនិត្យមើលប្រវត្តិ និងភាពរីកចម្រើននៃសូចនាករសំខាន់ៗកន្លងមក ។
-
ដាក់គោលដៅប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ។
-
បន្ថែមអ្នករៀនទៅក្នុងគោលដៅសូចនាករសំខាន់ៗ ។
ពិភាក្សាអំពីរបៀបដែលជំហានទាំងនេះអាចជួយអ្នកផ្សព្វផ្សាយសាសនាដាក់ផែនការដែលកាន់តែមានប្រសិទ្ធភាព នៅពេលពួកគេជួយអ្នករៀនឲ្យរីកចម្រើន ។ សូមឲ្យអ្នកផ្សព្វផ្សាយសាសនាពិចារណាដូចតទៅនេះ ៖
-
តើអ្នកនឹងប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង នៅពេលអនាគតតាមគម្រោងរបស់អ្នកដោយរបៀបណា ?
-
តើមានវិធីអ្វីផ្សេងទៀតដែលអ្នកបានរកឃើញដើម្បីប្រើកម្មវិធីឲ្យមានប្រសិទ្ធភាពជាងនេះ ?
-
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
ពិនិត្យមើលកម្មវិធីប្រកាសដំណឹងល្អរបស់យើងរបស់អ្នកផ្សព្វផ្សាយសាសនាឲ្យបានញឹកញាប់ ។ អញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេប្រើវា ដើម្បីតាមដានគោលដៅ និងផែនការរបស់ពួកគេ និងដើម្បីជួយអ្នករៀនឲ្យរីកចម្រើន ។
-
ម្តងម្កាល សង្កេតមើលជំពូកការធ្វើផែនការប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។
ឧបសម្ព័ន្ធ ១
អនុវត្តដំណើរការការដាក់គោលដៅក្នុងការធ្វើការជាមួយអ្នករៀនរបស់អ្នក
ផ្នែកនេះផ្តល់នូវឧទាហរណ៍អំពីរបៀបដែលអ្នកអាចអនុវត្តដំណើរការដាក់គោលដៅដើម្បីជួយអ្នករៀនរបស់អ្នក ។
១. ដាក់គោលដៅ និងបង្កើតផែនការ
សូមពិចារណាអំពីតម្រូវការខាងវិញ្ញារបស់អ្នករៀនរបស់អ្នកប្រកបដោយការអធិស្ឋាន ។ សូមដាក់គោលដៅ និងបង្កើតផែនការដើម្បីជួយពួកគេបំពេញតម្រូវការទាំងនេះ ។ សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីពិនិត្យមើលការរីកចម្រើនរបស់មនុស្សម្នាក់ៗ ។ សូមប្រើសូចនាករសំខាន់ៗសម្រាប់ការប្រែចិត្តជឿដើម្បីកំណត់សកម្មភាពដែលនឹងជួយមនុស្សម្នាក់ៗឲ្យឈានជំហានបន្ទាប់ក្នុងការមករកព្រះគ្រីស្ទ ។
នៅពេលអ្នកដាក់គោលដៅ និងរៀបចំផែនការ សូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើការជ្រើសរើសអ្វីខ្លះដែលបុគ្គលនេះធ្វើដែលបង្ហាញពីការរីកចម្រើនសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នករៀនមានបទពិសោធន៍អ្វីខ្លះជាមួយនឹងព្រះវិញ្ញាណ ?
-
តើគាត់ ឬនាងអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ?
-
តើយើងអាចរៀនអ្វីបន្ថែមទៀតពីបុគ្គលនេះ ដើម្បីជួយគាត់ ឬនាង ?
-
តើមានអ្វីត្រូវកើតឡើងដើម្បីជួយបុគ្គលនេះអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ទទួលអារម្មណ៍ និងស្គាល់ព្រះវិញ្ញាណ ប្រែចិត្ត និងទទួលបុណ្យជ្រមុជទឹក ?
-
តើយើងអាចរៀបចំខ្លួនសម្រាប់ការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍របស់វួដ ដើម្បីបញ្ចូលអ្នកដឹកនាំ និងសមាជិកវួដក្នុងការជួយបុគ្គលនេះដោយរបៀបណា ? ( សូមមើល ជំពូកទី ១៣ ) ។
-
តើគោលដៅសូចនាករសំខាន់ៗអ្វីខ្លះដែលយើងអាចកំណត់ដែលឆ្លុះបញ្ចាំងពីសេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់ ?
២. កត់ត្រា និងដាក់កាលវិភាគផែនការរបស់អ្នក
សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើងដើម្បីកត់ត្រា និងដាក់កាលវិភាគគោលដៅ និងផែនការរបស់អ្នកយ៉ាងលម្អិត ។ ការណ៍នេះនឹងជួយអ្នកឲ្យរៀបចំការងារ និងកំណត់សកម្មភាពដែលត្រូវអនុវត្តជារៀងរាល់ថ្ងៃ ។ សូមអនុវត្តតាមច្បាប់ឯកជនភាពទិន្នន័យសម្រាប់តំបន់របស់អ្នក ។
នៅពេលអ្នកកត់ត្រា និងរៀបចំផែនការរបស់អ្នក សូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើអ្វីខ្លះជាក់លាក់ដែលយើងអាចធ្វើបានក្នុងថ្ងៃនេះ និងសប្តាហ៍នេះ ដើម្បីគាំទ្រការរីកចម្រើនរបស់បុគ្គលនេះ ?
-
តើគោលលទ្ធិ ( ឬមេរៀន ) អ្វីដែលនឹងជួយបុគ្គលនេះអភិវឌ្ឍសេចក្តីជំនឿកាន់តែរឹងមាំលើព្រះគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អ ? តើយើងអាចបង្រៀនគោលលទ្ធិនេះដោយរបៀបណា ដើម្បីឲ្យគាត់ ឬនាងយល់ ហើយត្រូវបានស្ថាបនាឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ?
-
តើយើងនឹងបញ្ជាក់ការណាត់ជួបដោយរបៀបណា និងនៅពេលណា ?
-
តើយើងគួរផ្ដល់ការអញ្ជើញ ឬតាមដានអ្វីខ្លះ ? តើយើងនឹងតាមដានដោយរបៀបណា និងពេលណា ?
-
តើយើងនឹងជួយបុគ្គលនោះឲ្យចូលរួមព្រះវិហារ អានព្រះគម្ពីរ អធិស្ឋាន និងរក្សាការតាំងចិត្តដែលនាំទៅរកការចុះសេចក្ដីសញ្ញាជាមួយព្រះដោយរបៀបណា និងនៅពេលណា ?
-
តើសមាជិកអាចចូលរួមដោយរបៀបណា ?
-
តើធនធានអនឡាញអ្វីខ្លះដែលយើងអាចចែកចាយជាមួយបុគ្គលនោះ ?
-
តើផែនការបម្រុងទុកអ្វីខ្លះដែលយើងអាចធ្វើបាន ប្រសិនបើអ្វីមួយមិនបានសម្រេចដូចការគ្រោងទុក ?
៣. ធ្វើតាមផែនការរបស់អ្នក
សូមអធិស្ឋាននៅក្នុងចិត្តអ្នកពេញមួយថ្ងៃ នៅពេលអ្នកធ្វើតាមផែនការរបស់អ្នក ។ ព្រះវិញ្ញាណនឹងជួយអ្នកឲ្យដឹងពីកន្លែងដែលត្រូវទៅ អ្វីដែលត្រូវធ្វើ អ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវកែតម្រូវ ។
នៅពេលថ្ងៃ សូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើយើងអាចធ្វើការដោយសេចក្ដីជំនឿ ដោយទុកចិត្តលើព្រះអម្ចាស់ដើម្បីជួយយើង និងលើកតម្កើងការខិតខំរបស់យើងដើម្បីបម្រើបុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
-
តើយើងអាចមានគំនិតច្នៃប្រឌិត និងក្លាហានយ៉ាងដូចម្ដេច ពេលធ្វើតាមផែនការរបស់យើង ?
-
តើយើងអាចបត់បែនផែនការរបស់យើងតាមតម្រូវការ និងកាលៈទេសៈរបស់អ្នករៀនដោយរបៀបណា ?
ផែនការនឹងមិនតែងដំណើរការទៅដូចជាអ្វីដែលអ្នកសង្ឃឹមចង់បាននោះទេ ។ សូមចេះបត់បែន និងប្រើប្រាស់ផែនការបម្រុងនៅពេលចាំបាច់ ។
៤. ពិនិត្យមើលការរីកចម្រើន និងតាមដាន
ជាមួយដៃគូរបស់អ្នក សូមពិនិត្យមើលការរីកចម្រើនឆ្ពោះទៅរកគោលដៅដែលអ្នកបានដាក់ដើម្បីបង្រៀនមនុស្ស និងជួយពួកគេឲ្យរីកចម្រើន ។ ដាក់ផែនការដើម្បីតាមដាន ។ កែសម្រួលផែនការរបស់អ្នកតាមតម្រូវការ នៅពេលអ្នកខិតខំដើម្បីសម្រេចគោលដៅរបស់អ្នក ។
សួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើមនុស្សដែលយើងកំពុងបង្រៀនកំពុងឆ្ពោះទៅរកការចុះសេចក្ដីសញ្ញាជាមួយព្រះដែរឬទេ ?
-
តើពួកគេប្រឈមមុខនឹងឧបសគ្គអ្វី ? តើពួកគេមានកង្វល់អ្វី ?
-
តើយើងអាចធ្វើអ្វីខ្លះនៅថ្ងៃនេះដើម្បីជួយពួកគេ និងលើកទឹកចិត្តពួកគេឲ្យធ្វើសកម្មភាព—ដោយផ្ទាល់ ឬតាមរយៈបច្ចេកវិទ្យា ?
-
តើពួកគេកំពុងមានបទពិសោធន៍ជាមួយនឹងអារម្មណ៍នៃព្រះវិញ្ញាណដែរឬទេ ?
-
តើពួកគេមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រ និងកំពុងស្ថាបនាមិត្តភាពដែរឬទេ ? តើនរណាអាចចូលរួមនៅពេលយើងបង្រៀនបន្ទាប់ទៀត ?
-
តើយើងអាចរៀនអ្វីខ្លះពីការបរាជ័យ ?
-
តើយើងធ្វើបានល្អប៉ុនណាក្នុងការសម្រេចគោលដៅរបស់យើង ? តើមានអ្វីដែលយើងគួរកែសម្រួល ឬធ្វើខុសពីនេះដែរឬទេ ?
-
តើវាជាពេលកាត់បន្ថយការទំនាក់ទំនងដែរឬទេ ?
សូមមើល ជំពូកទី ១១ សម្រាប់គោលការណ៍ និងគំនិតបន្ថែមអំពីរបៀបតាមដាន និងជួយមនុស្សឲ្យរីកចម្រើន ។
ឧបសម្ព័ន្ធ ២
សូមអនុវត្តដំណើរការការដាក់គោលដៅក្នុងការស្វែងរកមនុស្សដើម្បីបង្រៀន
ផ្នែកនេះផ្តល់នូវឧទាហរណ៍អំពីរបៀបដែលអ្នកអាចអនុវត្តដំណើរការការដាក់គោលដៅក្នុងការស្វែងរកមនុស្សថ្មីដើម្បីបង្រៀន ។ សូមប្រើដំណើរការនេះក្នុងផែនការប្រចាំសប្តាហ៍ និងប្រចាំថ្ងៃរបស់អ្នក ។
១. ដាក់គោលដៅ និងបង្កើតផែនការ
ជាមួយដៃគូរបស់អ្នក សូមពិចារណាដោយការអធិស្ឋាននូវអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យអ្នកធ្វើ ដើម្បីស្វែងរកមនុស្សបន្ថែមទៀតដើម្បីបង្រៀន ។ សូមធ្វើបែបនេះជារៀងរាល់សប្តាហ៍ និងរាល់ថ្ងៃ ។ សូមមានជំនឿថាទ្រង់កំពុងរៀបចំមនុស្សសម្រាប់អ្នក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:៣–៨ ) ។
ដាក់គោលដៅស្វែងរកជារៀងរាល់ថ្ងៃ ។ ដាក់ផែនការសម្រាប់ធ្វើសកម្មភាពក្រោមការគ្រប់គ្រងរបស់អ្នកដែលជះឥទ្ធិពលលើលទ្ធផលសូចនាករសំខាន់ៗ ។ ឧទាហរណ៍រួមមាន ៖
-
តើមានមនុស្សថ្មីប៉ុន្មាននាក់ដែលអ្នកនឹងនិយាយជាមួយអំពីដំណឹងល្អជារៀងរាល់ថ្ងៃ ។
-
តើអ្នកនឹងសួរសមាជិក មនុស្សដែលអ្នកកំពុងបង្រៀន និងមនុស្សដែលអ្នកទាក់ទងប៉ុន្មានដង ថាតើពួកគេស្គាល់នរណាម្នាក់ដែលអាចចាប់អារម្មណ៍នឹងសារលិខិតរបស់អ្នកឬទេ ។
-
អ្នកនឹងឆ្លើយតបទៅអ្នករៀនថ្មី ឬមតិយោបល់នៅលើការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឆាប់រហ័សប៉ុណ្ណា ។
សូមពិនិត្យមើលកម្មវិធីប្រកាសដំណឹងល្អរបស់យើង ហើយសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើព្រះវរបិតាសួគ៌ចង់ឲ្យយើងធ្វើអ្វីខ្លះនៅថ្ងៃនេះ និងសប្តាហ៍នេះ ដើម្បីស្វែងរកមនុស្សដើម្បីបង្រៀន ?
-
តើគោលដៅសូចនាករសំខាន់ៗប្រចាំថ្ងៃ និងប្រចាំសប្តាហ៍អ្វីខ្លះដែលយើងអាចដាក់ដើម្បីស្វែងរកមនុស្សបង្រៀន ?
-
តើសកម្មភាពស្វែងរកមួយណាដែលល្អបំផុតសម្រាប់ពេលវេលាស្មើនេះ និងទីតាំងនេះ ?
-
តើយើងអាចបំផុសគំនិត និងគាំទ្រសមាជិកវួដក្នុងការខិតខំរបស់ពួកគេដើម្បីចែកចាយដំណឹងល្អតាមរយៈគោលការណ៍នៃស្រឡាញ់ ចែកចាយ និង អញ្ជើញដោយរបៀបណា ?
-
តើសមាជិកថ្មីណាខ្លះដែលយើងអាចទាក់ទងដើម្បីជួយពួកគេចូលរួមការប្រជុំសាក្រាម៉ង់ ? តើពួកគេមានមិត្តភក្តិណាដែលពួកគេអាចអញ្ជើញដែរឬទេ ?
-
តើយើងអាចធ្វើការជាមួយក្រុមប្រឹក្សាវួដ ឬអ្នកចូលរួមក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍របស់វួដ ដើម្បីស្វែងរកក្រុមគ្រួសារដែលជាមាជិកតែម្នាក់ ជាសមាជិកត្រឡប់មកសកម្មឡើងវិញ និងអ្នកត្រៀមខ្លួនបម្រើជាអែលឌើរ ដើម្បីទំនាក់ទំនងដោយរបៀបណា ?
-
តើអ្នកដែលកំពុងរៀន អ្នកដែលធ្លាប់បានរៀន និងអ្នកដែលបានផ្ទេរមកណាម្នាក់ ដែលយើងអាចទាក់ទងបាន ? តើយើងទាក់ទងពួកគេដោយរបៀបណា ? ( ដោយផ្ទាល់ តាមរយៈបច្ចេកវិទ្យា ទូរសព្ទ ឬតាមមធ្យោបាយផ្សេងទៀត )
-
តើមានរបៀបថ្មីអ្វីខ្លះដែលយើងអាចស្វែងរកមនុស្ស ?
-
តើទេពកោសល្យ និងកម្លាំងផ្ទាល់ខ្លួនអ្វីខ្លះដែលយើងអាចប្រើបាន ?
-
តើយើងអាចកែលម្អសមត្ថភាពរបស់យើងដើម្បីស្វែងរកមនុស្សបង្រៀនដោយរបៀបណា ?
-
តើយើងអាចជួយមនុស្សដែលយើងទាក់ទងទទួលអារម្មណ៍ថាមានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?
សម្រាប់ឧទាហរណ៍នៃសកម្មភាពស្វែងរក សូមមើល ជំពូកទី ៩, ១០ និង ១៣ ។
សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីជួយអ្នកកំណត់សកម្មភាពការស្វែងរកដែលមានប្រសិទ្ធភាពកាលពីអតីតកាល ។ ឧទាហរណ៍ អ្នកអាចមើលឃើញពីរបៀបដែលអ្នកប្រែចិត្តជឿថ្មីៗត្រូវបានរកឃើញ ។
ស្វែងរកការបំផុសគំនិត ហើយបើកទូលាយចំពោះការចាប់អារម្មណ៍ និងគំនិតថ្មីៗ ។ ចៀសវាងការជាប់គាំងទម្លាប់ដដែលៗ ។ ពួកអ្នកផ្សព្វផ្សាយសាសនាដែលតែងតែស្វែងរកមនុស្សថ្មីបង្រៀន ជារឿយៗប្រើវិធីជាច្រើនរៀងរាល់សប្តាហ៍ ។ ពួកគេធ្វើតាមជាប្រចាំ ។
២. កត់ត្រា និងដាក់កាលវិភាគផែនការរបស់អ្នក
ជាមួយដៃគូរបស់អ្នក សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីកត់ត្រា និងដាក់កាលវិភាគគោលដៅ និងផែនការរបស់អ្នកយ៉ាងលម្អិត ។ ការកត់ត្រា និងដាក់កាលវិភាគផែនការរបស់អ្នកនឹងជួយអ្នកឲ្យដឹងពីសកម្មភាពដែលត្រូវធ្វើ និងពេលណាត្រូវធ្វើវា ។
សួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើយើងនឹងទាក់ទងមនុស្សនៅពេលណា និងដោយរបៀបណា ? តើវិធីសាស្រ្តល្អបំផុតមានអ្វីខ្លះ ? តើទីតាំងល្អបំផុតនៅឯណា ? តើពេលវេលាដ៏ល្អបំផុត សម្រាប់វិធីសាស្រ្តផ្សេងគ្នាក្នុងការស្វែងរកអ្នករៀនមានអ្វីខ្លះ ?
-
តើយើងអាចមានការសន្ទនាប្រកបដោយអត្ថន័យជាមួយមនុស្សដែលយើងជួបដោយរបៀបណា ?
-
តើយើងនឹងរកឃើញតាមអនឡាញដោយរបៀបណា និងនៅពេលណា ?
-
តើយើងនឹងទាក់ទងទៅអ្នករៀនថ្មីនៅពេលណា ?
-
តើផែនការបម្រុងអ្វីដែលយើងនឹងធ្វើ នៅពេលផែនការផ្សេងៗទាំងអស់បរាជ័យនោះ ?
៣. ធ្វើតាមផែនការរបស់អ្នក
សូមឧស្សាហ៍ព្យាយាមសម្រេចគោលដៅរបស់អ្នកដើម្បីស្វែងរកមនុស្សបង្រៀន ។ សូមអធិស្ឋានក្នុងចិត្តរបស់អ្នកពេញមួយថ្ងៃ ។ សូមបើកចិត្តស្វាគមន៍ និងនិយាយទៅកាន់មនុស្សដែលអ្នកជួប ។ ព្រះវិញ្ញាណនឹងជួយអ្នកឲ្យដឹងពីកន្លែងដែលត្រូវទៅ អ្វីដែលត្រូវធ្វើ អ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវកែតម្រូវ ។
នៅពេលថ្ងៃ សូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើយើងអាចធ្វើការដោយសេចក្ដីជំនឿ ដោយទុកចិត្តលើព្រះអម្ចាស់ដើម្បីជួយយើង និងលើកតម្កើងការខិតខំរបស់យើងដើម្បីបម្រើបុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
-
តើយើងអាចមានគំនិតច្នៃប្រឌិត និងក្លាហានយ៉ាងដូចម្ដេច ពេលធ្វើតាមផែនការរបស់យើង ?
-
តើយើងអាចបត់បែនផែនការរបស់យើងតាមតម្រូវការ និងកាលៈទេសៈរបស់អ្នករៀនដោយរបៀបណា ?
-
តើយើងអាចជួយមនុស្សទទួលអារម្មណ៍នៃឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
ផែនការនឹងមិនតែងដំណើរការទៅដូចជាអ្វីដែលអ្នកសង្ឃឹមចង់បាននោះទេ ។ សូមចេះបត់បែន និងប្រើប្រាស់ផែនការបម្រុងនៅពេលចាំបាច់ ។
៤. ពិនិត្យមើលការរីកចម្រើន និងតាមដាន
នៅពេញមួយថ្ងៃ និងពេញមួយសប្តាហ៍ សូមពិនិត្យមើលការរីកចម្រើនក្នុងការសម្រេចគោលដៅរបស់អ្នកក្នុងការស្វែងរកមនុស្សបង្រៀនប្រកបដោយការអធិស្ឋាន ។ សួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើយើងធ្វើបានល្អប៉ុណ្ណាក្នុងការសម្រេចគោលដៅ និងធ្វើតាមផែនការរបស់យើង ?
-
តើយើងគួរកែតម្រូវអ្វីខ្លះដើម្បីសម្រេចគោលដៅរបស់យើងក្នុងការស្វែងរកមនុស្ស ?
-
តើយើងអាចចៀសវាងការធ្លាក់ចូលក្នុងទម្លាប់ដែលមិនមានប្រសិទ្ធភាពក្នុងការស្វែងរកមនុស្សបង្រៀនដោយរបៀបណា ?
-
តើមានអ្វីថ្មីដែលយើងអាចសាកល្បងក្នុងអំឡុងពេលស្មើនេះ ?
-
តើគំនិតអ្វីខ្លះដែលយើងអាចពិភាក្សានៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍របស់វួដ ដើម្បីជួយយើងស្វែងរកមនុស្សបង្រៀន ? ( សូមមើល ជំពូកទី ១៣ ) ។
សូមប្រើតារាង « កិច្ចខិតខំស្វែងរក » ជាដៃគូនៅក្នុងជំពូកទី ៩ ដើម្បីវាយតម្លៃកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រចាំសប្តាហ៍ និងប្រចាំថ្ងៃរបស់អ្នក ។ សូមស្គាល់អ្វីៗដែលអ្នកកំពុងធ្វើបានល្អ ហើយពិចារណាពីរបៀបដែលអ្នកអាចកែលម្អបាន ។
នៅពេញមួយថ្ងៃ សូមផ្អាកពីរបីនាទី ដើម្បីស្គាល់ពីព្រះហស្តរបស់ព្រះនៅក្នុងកិច្ចការរបស់អ្នក ។