« ជំពូកទី ១២ ៖ ជួយមនុស្សឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ១២ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ១២
ជួយមនុស្សឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ពិធីបុណ្យជ្រមុជទឹកគឺជាពិធីបរិសុទ្ធនៃក្តីសង្ឃឹមដែលនាំមកនូវព្រះចេស្តានៃព្រះចូលទៅក្នុងជីវិតរបស់មនុស្ស ។ ព្រះចេស្តានោះមកតាមរយៈការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ វានឹងបន្តនៅពេលដែលមនុស្សម្នាក់ស៊ូទ្រាំដល់ទីបញ្ចប់ក្នុងការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
គោលបំណងនៃការបង្រៀនរបស់អ្នកគឺដើម្បីជួយអ្នកដទៃឲ្យអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយទទួលបុណ្យជ្រមុជទឹកដោយមានបំណងប្រាថ្នាដ៏ស្មោះដើម្បីធ្វើតាមព្រះគ្រីស្ទ ។ ដូចជាមរមនបានបង្រៀនថា « ឯផលដំបូងនៃការប្រែចិត្ត គឺបុណ្យជ្រមុជទឹក » ( មរ៉ូណៃ ៨:២៥ ) ។ នៅពេលមនុស្សដែលអ្នកបង្រៀនរក្សាការតាំងចិត្តដែលអ្នកអញ្ជើញពួកគេឲ្យធ្វើ នោះពួកគេនឹងរៀបចំខ្លួនដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ ហើយរីករាយនឹងពរជ័យដែលបានសន្យា ។
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មិនមែនជាគោលដៅចុងក្រោយនោះទេ ។ ផ្ទុយទៅវិញ ពិធីបរិសុទ្ធទាំងនេះគឺជាទ្វារដែលកូនចៅរបស់ព្រះចូលទៅក្នុងផ្លូវនៃសេចក្ដីសញ្ញា ។ ផ្លូវនេះនាំទៅរកពិធីបរិសុទ្ធ សេចក្ដីសញ្ញា និងពរជ័យដ៏រីករាយនៃព្រះវិហារបរិសុទ្ធ—ហើយទីបំផុតទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃ ទី៣ ១១:២០–៤០ ) ។
លក្ខណៈសម្បត្តិដើម្បីទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ព្រះអញ្ជើញបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ឲ្យមករកទ្រង់តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល នីហ្វៃ ទី២ ២៦:៣៣; នីហ្វៃ ទី៣ ២៧:២០ ) ។ លក្ខណៈសម្បត្តិដើម្បីទទួលបុណ្យជ្រមុជទឹកគឺដូចគ្នាសម្រាប់មនុស្សទាំងអស់ ។
ចេញពី គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ៖
-
សូមធ្វើចិត្តរាបសានៅចំពោះព្រះ ។
-
មានបំណងប្រាថ្នាដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
-
មកដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
-
ប្រែចិត្តពីអំពើបាបរបស់អ្នកទាំងអស់ ហើយអធិស្ឋានសុំការអភ័យទោស ។
-
ត្រូវស្ម័គ្រចិត្តដើម្បីលើកដាក់លើខ្លួនរបស់អ្នកនូវព្រះនាមនៃព្រះគ្រីស្ទ ។
-
មានការប្តេជ្ញាចិត្តដើម្បីបម្រើព្រះគ្រីស្ទរហូតដល់ទីបញ្ចប់ ។
-
បង្ហាញតាមរយៈកិច្ចការរបស់អ្នកថា អ្នកបានទទួលព្រះវិញ្ញាណនៃព្រះគ្រីស្ទ ផ្ដាច់បាបរបស់អ្នក ។
មកពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
-
ឆ្លើយតបឲ្យបានត្រឹមត្រូវចំពោះសំណួរសម្ភាសន៍ពិធីបុណ្យជ្រមុជទឹក ។
-
រៀនមេរៀនរបស់អ្នកផ្សព្វផ្សាយសាសនាទាំងអស់ ។
-
ជួបជាមួយប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្គ្រោះ និងប៊ីស្សព ។
-
ចូលរួមការប្រជុំសាក្រាម៉ង់ជាច្រើនដង ។
លក្ខណៈសម្បត្តិទាំងនេះគឺជាការចង្អុលបង្ហាញពីដំណើរការខាងវិញ្ញាណនៃការប្រែចិត្តជឿ ។ នៅពេលមនុស្សបំពេញតាមលក្ខណៈសម្បត្តិទាំងនេះ ពួកគេបានត្រៀមខ្លួនសម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
នៅពេលដែលមនុស្សម្នាក់បានកំណត់ថ្ងៃទទួលបុណ្យជ្រមុជទឹកយ៉ាងម៉ឺងម៉ាត់ ៖
-
សូមពិនិត្យមើលកំណត់ត្រារបស់គាត់ ឬនាងនៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើងដោយប្រុងប្រយ័ត្ន ដើម្បីធានាបានថា អ្នកបានបង្រៀនគោលលទ្ធិ និងបទបញ្ញត្តិដែលចាំបាច់ទាំងឡាយ ។
-
សូមបង្កើតកាលវិភាគសម្រាប់ព្រឹត្តិការណ៍ដែលចាំបាច់ដើម្បីរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សូមពិនិត្យមើលកាលវិភាគនេះជាមួយបុគ្គលនោះ ។
-
បើអាចធ្វើបាន សូមអញ្ជើញបុគ្គលនោះឲ្យចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកមួយពីមុនពិធីបុណ្យជ្រមុជទឹករបស់គាត់ ឬនាងផ្ទាល់ ។
សូមជួយមនុស្សឲ្យរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ទទួលពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
ការសម្ភាសទទួលពិធីបុណ្យជ្រមុជទឹក គឺជាជំហានដ៏សំខាន់មួយដើម្បីធានាថា បុគ្គលម្នាក់បំពេញតាមលក្ខណខណ្ឌរបស់ព្រះអម្ចាស់សម្រាប់ពិធីបុណ្យជ្រមុជទឹក ។ ការដាក់កាលវិភាគសម្ភាសទទួលបុណ្យជ្រមុជទឹកធ្វើឡើងតែនៅពេលណាមនុស្សម្នាក់ត្រៀមខ្លួនរួចរាល់ប៉ុណ្ណោះ ។
សូមជួយមនុស្សឲ្យរៀបចំខ្លួនសម្រាប់ការសម្ភាសន៍នេះដើម្បីឲ្យពួកគេមានអារម្មណ៍មានទំនុកចិត្តសម្រាប់ការសម្ភាសនេះ ។ សូមពន្យល់ថាតើវានឹងមានលក្ខណៈបែបណា ។ សូមប្រាប់ពួកគេថាពួកគេនឹងជួបជាមួយអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដែលដូចជាអ្នកដែរ ។
សូមពន្យល់ពីគោលបំណងនៃការសម្ភាសន៍នេះ ។ វាសំខាន់សម្រាប់ពួកគេដើម្បីធ្វើជាសាក្សីថា ពួកគេបាន « បានប្រែចិត្តចំពោះអំពើបាបរបស់ពួកគេទាំងអស់ …[ ហើយ ] បង្ហាញឲ្យឃើញតាមរយៈកិច្ចការទាំងឡាយរបស់ពួកគេថា ពួកគេបានទទួលពីព្រះវិញ្ញាណនៃព្រះគ្រីស្ទចំពោះការផ្ដាច់បាបទាំងឡាយរបស់ពួកគេ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។
សូមចែកចាយសំណួរដែលអ្នកសម្ភាសន៍នឹងសួរ ( សូមមើលខាងក្រោម ) ។ ការណ៍នេះជួយឲ្យបុគ្គលនោះរៀបចំឆ្លើយសំណួរទាំងនោះ ។
សូមប្រាកដថា បុគ្គលនោះយល់ពីអ្វីដែលអ្នកបានបង្រៀន និងសេចក្តីសញ្ញាដែលគាត់ ឬនាងនឹងធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ។ សេចក្តីសញ្ញានេះគឺដើម្បី ៖
-
ស្ម័គ្រចិត្តលើកដាក់ខ្លួនរបស់គាត់ ឬនាងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
-
គោរពព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ។
-
បម្រើព្រះ និងអ្នកដទៃ ។
-
កាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ( សូមមើល មេរៀនទី ៤ ) ។
សូមថ្លែងទីបន្ទាល់អំពីពរជ័យដ៏អស្ចារ្យដែលបានមកពីការទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ និងការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ ពរជ័យទាំងនេះរួមមានការផ្ដាច់បាប និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
ធ្វើការសម្ភាសន៍ទទួលបុណ្យជ្រមុជទឹក ។
បុគ្គលម្នាក់ៗដែលចង់ទទួលបុណ្យជ្រមុជទឹក ត្រូវទទួលការសម្ភាសន៍ពីថ្នាក់ដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច ។ នៅក្នុងបេសកកម្ម បុគ្គលនេះគឺជាអ្នកដឹកនាំមណ្ឌល ឬអ្នកដឹកនាំហ្សូន ។ គាត់ធ្វើការសម្ភាសន៍សម្រាប់ ៖
-
បុគ្គលអាយុ ៩ ឆ្នាំឡើងទៅ ដែលមិនធ្លាប់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ពីមុនមក ។
-
កុមារអាយុ ៨ ឆ្នាំឡើងទៅ ដែលឪពុកម្ដាយពុំមែនជាសមាជិកក្នុងសាសនាចក្រ ។
-
កុមារអាយុ ៨ ឆ្នាំឡើងទៅដែលមានឪពុក ឬម្ដាយម្នាក់ ដែលនឹងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ផងដែរ ។
គោលការណ៍ណែនាំសម្រាប់អ្នកសម្ភាសន៍ត្រូវបានផ្តល់ជូនដូចខាងក្រោម ។
-
រៀបចំការសម្ភាសន៍នៅកន្លែងឯកជនប្រកបដោយផាសុកភាព ដែលអាចទទួលបាននូវអារម្មណ៍នៃព្រះវិញ្ញាណ ។
-
នៅពេលសម្ភាសកុមារ យុវវ័យ ឬស្ត្រី នោះដៃគូរបស់អ្នកសម្ភាសគួរតែនៅជិតបន្ទប់ដែលនៅជាប់គ្នា កន្លែងទទួលភ្ញៀវ ឬសាល ។ បើបុគ្គលដែលទទួលការសម្ភាសស្នើសុំ នោះអាចអញ្ជើញមជ្ឈិមវ័យផ្សេងទៀតចូលរួមនៅក្នុងការសម្ភាសនេះបាន ។ ពួកអ្នកផ្សព្វផ្សាយសាសនាគួរតែចៀសវាងពីស្ថានភាពទាំងអស់ ដែលអាចនាំឲ្យមានការយល់ខុស ។
-
សូមចាប់ផ្ដើមដោយការអធិស្ឋាន ។
-
ជួយមនុស្សឲ្យមានអារម្មណ៍ផាសុកភាព ។
-
ធ្វើឲ្យការសម្ភាសន៍ជាបទពិសោធន៍លើកកម្ពស់ខាងវិញ្ញាណ ។
-
សូមប្រាកដថាបុគ្គលនោះយល់ពីគោលបំណងនៃការសម្ភាសន៍ ។
-
សួរសំណួរសម្ភាសន៍ទទួលបុណ្យជ្រមុជទឹកដែលមានរៀបរាយដូចខាងក្រោម ។ បត់បែនសំណួរទៅតាមអាយុ និងភាពចាស់ទុំ និងកាលៈទេសៈរបស់បុគ្គលនោះ ។
-
ឆ្លើយសំណួររបស់បុគ្គលនោះ ។
-
ពិនិត្យមើលព័ត៌មាននៅលើទម្រង់បែបបទនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ។ ប្រសិនបើបុគ្គលនោះជាអនីតិជន ឪពុកម្តាយ ឬអាណាព្យាបាលត្រូវចុះហត្ថលេខាលើទម្រង់បែបបទនេះ មុនពេលពិធីបុណ្យជ្រមុជទឹក ( សូមមើលផ្នែក « ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ៖ សំណួរ និងចម្លើយ » នៅក្នុងជំពូកនេះ ) ។
-
សូមអញ្ជើញបុគ្គលនោះឲ្យថ្លែងទីបន្ទាល់ ឬចែកចាយអារម្មណ៍របស់គាត់ ឬនាង ។
-
បង្ហាញការដឹងគុណចំពោះការដែលអាចជួបនឹងបុគ្គលនោះ ។
សំណួរសម្ភាសទទួលបុណ្យជ្រមុជទឹក
សំណួរសម្ភាសន៍ទទួលបុណ្យជ្រមុជទឹក មានដូចខាងក្រោម ៖
-
តើអ្នកជឿថា ព្រះគឺជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើងដែរឬទេ ? តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោកដែរឬទេ ?
-
តើអ្នកជឿថា សាសនាចក្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្តារឡើងវិញតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធដែរឬទេ ? តើអ្នកជឿថា [ ប្រធានសាសនាចក្របច្ចុប្បន្ន ] គឺជាព្យាការីមួយរូបរបស់ព្រះដែរឬទេ ? តើការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក ?
-
តើការប្រែចិត្តមានន័យយ៉ាងណាចំពោះអ្នក ? តើអ្នកមានអារម្មណ៍ថា អ្នកបានប្រែចិត្តពីអំពើបាបពីអតីតកាលរបស់អ្នកហើយឬនៅ ?
-
អ្នកបានត្រូវបង្រៀនថា សមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមមាននូវការរស់នៅតាមបទដ្ឋានរបស់ដំណឹងល្អផងដែរ ។ តើអ្នកយល់អ្វីខ្លះអំពីបទដ្ឋានដូចខាងក្រោមនេះ ? តើអ្នកយល់ព្រមគោរពតាមបទដ្ឋានទាំងនេះដែរឬទេ ?
-
ច្បាប់ព្រហ្មចារីភាព ដែលហាមឃាត់រាល់ទំនាក់ទំនងផ្លូវភេទនៅក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរសម្នាក់ និងស្ត្រីម្នាក់
-
ច្បាប់ដង្វាយមួយភាគក្នុងដប់
-
ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
-
ការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ រួមទាំងការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការបម្រើដល់អ្នកដទៃទៀតផងដែរ
-
-
តើអ្នកធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើមាន តើឥឡូវនេះអ្នកស្ថិតនៅក្នុងការព្យួរទោស ដោយមានលក្ខខណ្ឌ ឬការដោះលែងឲ្យរួចពីទោសដែរឬទេ ?
-
តើអ្នកធ្លាប់រម្លូតកូនដែរឬទេ ? ( សូមមើល ក្បួនខ្នាត ៣៨.៦.១ ) ។
-
នៅពេលអ្នកទទួលបុណ្យជ្រមុជទឹក នោះគឺអ្នកចុះសេចក្ដីសញ្ញាជាមួយព្រះថា អ្នកព្រមលើកដាក់មកលើខ្លួនអ្នកនូវព្រះនាមនៃព្រះគ្រីស្ទ បម្រើអ្នកដទៃទៀត ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេលទាំងអស់ និងរក្សាព្រះបញ្ញត្តិរបស់ទ្រង់ពេញមួយជីវិតរបស់អ្នក ។ តើអ្នករៀបចំខ្លួនហើយ ដើម្បីរក្សាសេចក្ដីសញ្ញានេះ ហើយព្យាយាមដើម្បីស្មោះត្រង់នឹងសេចក្ដីសញ្ញានេះឬនៅ ?
សម្រាប់ការណែនាំទាំងឡាយ ប្រសិនបើបុគ្គលឆ្លើយដោយអះអាងថាពិតចំពោះសំណួរទី ៥ ឬ ៦ សូមមើល ក្បួនខ្នាតទូទៅ ៣៨.២.៨.៧ និង ៣៨.២.៨.៨ ។
សូមស្វែងយល់អំពីគោលការណ៍ និងគោលការណ៍ណែនាំទាក់ទងនឹងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅក្នុង ក្បួនខ្នាតទូទៅ ៣៨.២.៨ ។ គោលការណ៍មួយចំនួនទាំងនេះទាក់ទងនឹងកាលៈទេសៈពិសេសដែលអ្នកអាចជួបប្រទះ ។
បន្ទាប់ពីការសម្ភាស អ្នក នោះផ្សព្វផ្សាយសាសនា និងបេក្ខជនចូលរួមជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។ ប្រសិនបើបុគ្គលនោះត្រៀមខ្លួនរួចរាល់ដើម្បីទទួលបុណ្យជ្រមុជទឹក នោះពួកអ្នកផ្សព្វផ្សាយសាសនាពន្យល់អំពីអ្វីដែលនឹងកើតឡើងនៅឯពិធីបុណ្យជ្រមុជទឹក ។ ពួកគេក៏ពន្យល់ផងដែរថា ជាធម្មតាពិធីបញ្ជាក់ធ្វើឡើងនៅក្នុងការប្រជុំសាក្រាម៉ង់នៃវួដដែលបុគ្គលនោះរស់នៅ ។
នៅពេលដែលពិធីបុណ្យជ្រមុជទឹកត្រូវផ្អាក
ជួនកាលពិធីបុណ្យជ្រមុជទឹកត្រូវផ្អាក ដោយសារមានបញ្ហាប្រឈមជាមួយនឹងទីបន្ទាល់ ឬភាពស័ក្តិសម ។ នៅពេលរឿងនេះកើតឡើង សូមដោះស្រាយស្ថានការណ៍ដោយសម្ងាត់ និងឯកជន ។ សូមជួយបុគ្គលនោះយល់ពីរបៀបរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកនៅថ្ងៃអនាគត ។
សូមលើកទឹកចិត្តបុគ្គលនោះ ហើយផ្តល់សេចក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមស្នើសុំឲ្យសមាជិកវួដសាងទំនាក់ទំនង ។ បន្តបង្រៀនគោលការណ៍គ្រឹះនៃដំណឹងល្អ រហូតដល់បុគ្គលនោះត្រៀមខ្លួនជាស្រេចដើម្បីទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សូមរង់ចាំដល់ពេលនោះ ដើម្បីដាក់កាលបរិច្ឆេទបុណ្យជ្រមុជទឹកថ្មី ។
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ៖ សំណួរ និងចម្លើយ
តើខ្ញុំត្រូវការការអនុញ្ញាតដើម្បីធ្វើបុណ្យជ្រមុជទឹកដល់អនីតិជនដែរឬទេ ? សាសនាចក្រមានការព្រួយបារម្ភចំពោះសុខុមាលភាពរបស់កុមារ និងភាពសុខដុមនៃបរិយាកាសក្នុងផ្ទះរបស់ពួកគេ ។ អនីតិជនដូចដែលបានកំណត់ដោយច្បាប់ក្នុងមូលដ្ឋាន អាចត្រូវបានទទួលពិធីបុណ្យជ្រមុជទឹកបាន តែនៅពេលដែលលក្ខខណ្ឌទាំងពីរនៅខាងក្រោមនេះត្រូវបានបំពេញប៉ុណ្ណោះ ៖
-
ឪពុកម្តាយដែលមានសិទ្ធិចិញ្ចឹមម្នាក់( ច្រើន ) ឬអាណាព្យាបាលស្របច្បាប់ម្នាក់( ច្រើន )ផ្ដល់ការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ។ ពួកគេគួរតែមានការយល់ដឹងជាទូទៅអំពីគោលលទ្ធិដែលកូនរបស់ពួកគេនឹងរៀនក្នុងនាមជាសមាជិកនៃសាសនាចក្រ ។ ពួកគាត់ក៏គួរតែស្ម័គ្រចិត្តគាំទ្រដល់កូន ពេលចុះសេចក្ដីសញ្ញា និងរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកផងដែរ ។
-
បុគ្គលដែលដឹកនាំការសម្ភាសត្រូវដឹងថា កុមារនេះយល់ពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកដែរឬទេ ។ គាត់គួរតែមានទំនុកចិត្តថា កុមារនេះនឹងខិតខំកាន់តាមសេចក្ដីសញ្ញានេះ តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងឡាយ រួមទាំងការចូលរួមការប្រជុំសាសនាចក្រផងដែរ ។
តើខ្ញុំត្រូវការការយល់ព្រមពីស្វាមី ឬភរិយាដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យស្វាមី ឬភរិយាគាត់ដែរឬទេ ? បាទ ឬចាស ។ បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ហើយ ត្រូវតែមានការយល់ព្រមរបស់ស្វាមី ឬភរិយារបស់គាត់ ពីមុនទទួលពិធីបុណ្យជ្រមុជទឹក ។
ប្រសិនបើឪពុក ឬម្តាយក្នុងគ្រួសារនោះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលបុណ្យជ្រមុជទឹក តើខ្ញុំគួរធ្វើបុណ្យជ្រមុជទឹកឲ្យសមាជិកផ្សេងទៀតក្នុងគ្រួសារនោះ ឬរង់ចាំរហូតដល់ឪពុកម្តាយត្រៀមខ្លួនរួចរាល់ ? វាជាការប្រសើរដែលសមាជិកគ្រួសារទទួលបុណ្យជ្រមុជទឹកជាមួយគ្នា ។ ទោះជាយ៉ាងណា បើមានអ្នកខ្លះមិនទាន់ត្រៀមខ្លួនរួចរាល់ទេ នោះសមាជិកគ្រួសារម្នាក់ៗអាចទទួលបុណ្យជ្រមុជទឹកបាន ដរាបណាទទួលបានការអនុញ្ញាតដែលចាំបាច់ណាមួយរួចហើយ ។
តើពិធីបុណ្យជ្រមុជទឹកសម្រាប់សមាជិកគ្រួសារគួរផ្អាក រហូតដល់ឪពុកអាចទទួលបព្វជិតភាពអើរ៉ុន និងធ្វើពិធីបុណ្យជ្រមុជទឹកដោយខ្លួនគាត់ដែរឬទេ ? អត់ទេ ។ បងប្អូនប្រុសដែលទើបទទួលបុណ្យជ្រមុជទឹកថ្មីៗ មិនទទួលបានបព្វជិតភាពអើរ៉ុននៅថ្ងៃដែលពួកគេទទួលបុណ្យជ្រមុជទឹកនោះទេ ។ ពួកគេត្រូវទទួលការសម្ភាសពីប៊ីស្សព និងបានគាំទ្រដោយសមាជិកវួដជាមុនសិន ។
តើខ្ញុំអាចបង្រៀន និងធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សម្នាក់ដែលលាលែងពីសមាជិកភាពសាសនាចក្រ ឬដែលដកចេញពីសមាជិកភាពដែរឬទេ ? បុគ្គលដែលលាលែងពីសមាជិកភាពសាសនាចក្រ ឬដែលដកចេញពីសមាជិកភាពអាចត្រូវអនុញ្ញាតឲ្យចូលមកវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប្រសិនបើពួកគេចង់ទទួលការបង្រៀន សូមប្រឹក្សាជាមួយថ្នាក់ដឹកនាំបព្វជិតភាពក្នុងតំបន់ និងប្រធានបេសកកម្មរបស់អ្នកអំពីតួនាទីណាមួយដែលអ្នកអាចមាន ។
នៅក្នុងស្តេក ការអនុញ្ញាតឲ្យចូលមកវិញដោយការធ្វើពិធីបុណ្យជ្រមុជទឹកគឺស្ថិតនៅក្រោមការដឹកនាំរបស់ប៊ីស្សព ឬប្រធានស្តេក ។ នៅក្នុងបេសកកម្ម ការអនុញ្ញាតឲ្យចូលមកវិញគឺស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានបេសកកម្ម ។ ថ្នាក់ដឹកនាំទាំងនេះនឹងទទួលការណែនាំពីគណៈប្រធានទីមួយតាមតម្រូវការ ។ ពួកអ្នកផ្សព្វផ្សាយសាសនាមិនធ្វើការសម្ភាសន៍ទទួលបុណ្យជ្រមុជទឹក ឬបំពេញទម្រង់បែបបទនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ទាំងអស់នេះនោះទេ ។ ក៏ប៉ុន្ដែ អ្នកផ្សព្វផ្សាយសាសនាមួយរូបអាចត្រូវបានអញ្ជើញឲ្យធ្វើពិធីបុណ្យជ្រមុជទឹក ។
អតីតសមាជិកសាសនាចក្រដែលចូលរួមជាថ្មីម្តងទៀត គឺពុំមែនជាអ្នកប្រែចិត្តជឿឡើយ ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះពួកអ្នកផ្សព្វផ្សាយសាសនាអាចមានតួនាទីសំខាន់ក្នុងការជួយពួកគេទទួលបានពរជ័យនៃសមាជិកភាពសាសនាចក្រម្ដងទៀត ។
ចុះបើមនុស្សម្នាក់ត្រូវបានដាក់ថ្ងៃកំណត់ទទួលបុណ្យជ្រមុជទឹក ប៉ុន្តែមិនបានរក្សាការសន្យាទាំងអស់នោះវិញ ? សូមទុកការកំណត់ពេលសម្ភាសទទួលបុណ្យជ្រមុជទឹកនោះសិន រហូតទាល់តែបុគ្គលនោះរក្សាការតាំងចិត្ត និងបំពេញតាមលក្ខខណ្ឌនៃពិធីបុណ្យជ្រមុជទឹក ។ សូមមើល « នៅពេលពិធីបុណ្យជ្រមុជទឹកត្រូវផ្អាក » នៅក្នុងជំពូកនេះ ។
ចុះបើគូស្នេហ៍ចង់ធ្វើបុណ្យជ្រមុជទឹក ប៉ុន្តែរស់នៅជាមួយគ្នា ? គូស្នេហ៍រស់នៅជាមួយគ្នាដោយពុំបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរស និងស្ត្រី នោះមិនអាចទទួលបុណ្យជ្រមុជទឹកបានទេ រហូតដល់ពួកគេរស់នៅតាមច្បាប់ព្រហ្មចារីយ៍ភាពសិន ។ ការណ៍នេះមានន័យថា ឈប់រស់នៅជាមួយគ្នាទៀត—មិនថាជាគូស្នេហ៍ដែលស្រឡាញ់ភេទដូចគ្នា ប្រតិព័ទ្ធភេទដូចគ្នា—ឬជាមួយបុរសម្នាក់ និងស្ត្រីម្នាក់នោះទេ វាមានន័យថាត្រូវរៀបការស្របច្បាប់ ។ វាក៏រួមបញ្ចូលការអនុវត្តសេចក្ដីជំនឿដើម្បីមានការប្រែចិត្ត ដូចបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ។ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រីគឺជាផ្នែកសំខាន់នៃផែនការរបស់ព្រះ ។
សំណួរ ៥ និង ៦ នៅក្នុងការសម្ភាសន៍ទទួលបុណ្យជ្រមុជទឹក សួរថាតើបុគ្គលនោះធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬបានចូលរួមក្នុងការរំលូតកូនដែរឬទេ ។ តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើនរណាម្នាក់ឆ្លើយថា « បាទ ឬចាស » ចំពោះសំណួរទាំងពីរនេះ ? ប្រសិនបើអ្នកដឹងពីស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងនេះអំឡុងពេលសម្ភាសទទួលបុណ្យជ្រមុជទឹក សូមកុំសួរអំពីព័ត៌មានលម្អិតឡើយ ។ សូមកុំសន្យាថាបុគ្គលនោះនឹងទទួលបានការអនុញ្ញាតដើម្បីទទួលបុណ្យជ្រមុជទឹកឡើយ ។ ផ្ទុយទៅវិញ សូមបង្ហាញសេចក្ដីស្រឡាញ់របស់អ្នក ហើយពន្យល់ដោយទន់ភ្លន់ថា អ្នកដែលមានភាពចាស់ទុំ និងបទពិសោធន៍ច្រើនជាងអ្នក នឹងជួបជាមួយបុគ្គលនោះ និងជួយបុគ្គលនោះ ។
ផ្ញើសំណើសម្ភាសន៍ទទួលបុណ្យជ្រមុជទឹកទៅកាន់ប្រធានបេសកកម្មរបស់អ្នក ។ គាត់ ឬទីប្រឹក្សារបស់គាត់ម្នាក់នឹងជួបជាមួយបុគ្គលនោះ ។ សូមមើល ក្បួនខ្នាត ៣៨.២.៨.៧ និង ៣៨.២.៨.៨ ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើកំណត់ត្រាសមាជិកភាពបានបង្កើតឡើង មុនពេលខ្ញុំដាក់ស្នើទម្រង់បែបបទពិធីបុណ្យជ្រមុជទឹក និងបញ្ជាក់នោះ ? សូមទាក់ទងទៅប្រធានបេសកកម្មរបស់អ្នកដើម្បីទទួលបានការណែនាំ ។
កម្មវិធីពិធីបុណ្យជ្រមុជទឹក
កម្មវិធីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គួរតែជាចំណុចសំខាន់ខាងវិញ្ញាណសម្រាប់សមាជិកថ្មី ។ កម្មវិធីពិធីបុណ្យជ្រមុជទឹកគួរតែត្រូវបានកំណត់ពេលភ្លាមៗនៅពេលដែលបុគ្គលម្នាក់បានបំពេញនូវលក្ខណៈសម្បត្តិសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ ពន្យល់ពីអ្វីដែលបានរៀបចំ និងមូលហេតុ សូមពិភាក្សាអំពីការស្លៀកពាក់ត្រឹមត្រូវ រួមទាំងរបៀបដែលបុគ្គលនោះនឹងត្រូវសម្លៀកបំពាក់ពណ៌-សដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
កម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកប្រែចិត្តជឿគឺត្រូវបានរៀបចំក្រោមការណែនាំរបស់ប៊ីស្សព ។ អ្នកដឹកនាំបេសកកម្មវួដ ( ប្រសិនបើមានការហៅបម្រើនេះ ) ឬសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ ដែលជាអ្នកដឹកនាំកិច្ចការអ្នផ្សព្វផ្សាយសាសនា រៀបផែនការ និងដឹកនាំកម្មវិធីទាំងនេះ ។ គាត់សម្របសម្រួលជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទំាងឡាយ ។ កម្មវិធីពិធីបុណ្យជ្រមុជទឹកគួរតែមានភាពសាមញ្ញ ខ្លី និងលើកកម្ពស់ខាងវិញ្ញាណ ។
សូមអញ្ជើញសមាជិកនៃគណៈប៊ីស្សព សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះ និងសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ ( ប្រសិនបើគាត់មិនដឹកនាំ ) ឲ្យចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក ។ នៅពេលសមស្រប សូមអញ្ជើញអ្នកដឹកនាំអង្គការផ្សេងទៀត អ្នកដឹកនាំយុវវ័យ និងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ( ប្រសិនបើត្រូវបានចាត់តាំង ) ។ សូមធ្វើការជាមួយអ្នកដែលទទួលបុណ្យជ្រមុជទឹក ដើម្បីអញ្ជើញមិត្ដភក្ដិ និងសាច់ញាតិឲ្យចូលរួមពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
សូមពិចារណាអញ្ជើញមនុស្សផ្សេងទៀតដែលអ្នកកំពុងបង្រៀន ។ បទពិសោធន៍ទាំងនេះនឹងជួយពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយរៀនបន្ថែមទៀតអំពីដំណឹងល្អ ។ បន្ទាប់ពីកម្មវិធីនេះ សូមតាមដានដើម្បីពិភាក្សាអំពីបទពិសោធរបស់ពួកគេ ហើយអញ្ជើញពួកគេឲ្យទទួលការបង្រៀន ។
កម្មវិធីពិធីបុណ្យជ្រមុជទឹក អាចរួមមានដូចខាងក្រោម ៖
-
តន្រ្តីកំដរបើកកម្មវិធី
-
ការស្វាគមន៍ខ្លីៗពីថ្នាក់ដឹកនាំបព្វជិតភាពដែលកំពុងដឹកនាំកម្មវិធី ( សមាជិកនៃប៊ីស្សពគួរធ្វើជាអធិបតី បើអាច )
-
ទំនុកតម្កើងបើក និងការអធិស្ឋានបើក
-
សារលិខិតខ្លីមួយ ឬពីរអំពីប្រធានបទដំណឹងល្អ ដូចជា ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ចម្រៀងពិសេស
-
ពិធីបុណ្យជ្រមុជទឹក
-
ខណៈដែលបុគ្គលទទួលពិធីបុណ្យជ្រមុជទឹក ផ្លាស់សម្លៀកបំពាក់ នោះជាពេលនៃការមានគារវភាព ។ ( អាចចាក់បទទំនុកតម្កើង ឬចម្រៀងអង្គការបឋមសិក្សា ឬច្រៀងចម្រៀងក្នុងអំឡុងពេលនេះ ។ ឬពួកអ្នកផ្សព្វផ្សាយសាសនាអាចផ្តល់បទបង្ហាញអំពីដំណឹងល្អខ្លីមួយ ) ។
-
សមាជិកថ្មីឡើងថ្លែងទីបន្ទាល់ បើចង់ធ្វើ
-
ទំនុកតម្កើងបិទ និងការអធិស្ឋានបិទ
-
តន្រ្តីកំដរបិទកម្មវិធី
ប្រសិនបើអ្នកកំណត់ពេលធ្វើពិធីបុណ្យជ្រមុជទឹកនៅថ្ងៃអាទិត្យ សូមជ្រើសរើសពេលវេលាណាមួយដែលមិនសូវមានការប៉ះពាល់នឹងការប្រជុំទូទៅនៅថ្ងៃអាទិត្យ ។
ពិធីបញ្ជាក់
បុគ្គលម្នាក់ទទួលពិធីបរិសុទ្ធនៃពិធីបញ្ជាក់បន្ទាប់ពីគាត់ ឬនាងទទួលបុណ្យជ្រមុជទឹក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៤១ ) ។ អ្នកប្រែចិត្តជឿថ្មីត្រូវបានចាត់ទុកថាជាសមាជិកនៃសាសនាចក្រ បន្ទាប់ពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ត្រូវបានបញ្ចប់ និងត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ ។
ពិធីបញ្ជាក់គឺនៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ ទោះជាយ៉ាងណា គាត់មិនធ្វើការសម្ភាសន៍មួយទៀតដើម្បីធ្វើពិធីបញ្ជាក់ឡើយ ។
សូមធ្វើការយ៉ាងជិតស្និទ្ធជាមួយប៊ីស្សព និងប្រធានបេសកកម្មវួដ ( ប្រសិនបើមាន ) ដើម្បីធានាឲ្យបានថាអ្នកប្រែចិត្តជឿថ្មីបានទទួលពិធីបញ្ជាក់ ។ ពិធីបញ្ជាក់គួរតែធ្វើឡើងភ្លាមៗតាមដែលសមរម្យ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ជាការល្អគឺនៅថ្ងៃអាទិត្យបន្ទាប់ ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពអាចអនុញ្ញាតឲ្យមានពិធីបញ្ជាក់ធ្វើឡើងនៅថ្ងៃធ្វើពិធីបុណ្យជ្រមុជទឹកបាន ដែលជាករណីលើកលែង ( សូមមើល ក្បួនខ្នាត ១៨.៨ ) ។
ជាធម្មតា ពួកអ្នកប្រែចិត្តជឿទទួលពិធីបញ្ជាក់នៅក្នុងការប្រជុំសាក្រាម៉ង់ណាមួយនៅក្នុងវួដដែលពួកគេរស់នៅ ។ ជាធម្មតាប៊ីស្សពអញ្ជើញអ្នកផ្សព្វផ្សាយសាសនាជាអែលឌើរដែលកំពុងបម្រើនៅក្នុងវួដឲ្យចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាធ្វើពិធីបញ្ជាក់នោះ គាត់ក៏ត្រូវការការអនុម័តពីប្រធានបេសកកម្មផងដែរ ( សូមមើល ក្បួនខ្នាត ១៨.៨.១ ) ។ យ៉ាងហោចណាស់ សមាជិកមួយរូបនៃគណៈប៊ីស្សពចូលរួម ។
បំពេញទម្រង់បែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ការបង្កើតកំណត់ត្រាសមាជិកភាពភ្លាមៗបន្ទាប់ពីបុគ្គលម្នាក់បានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គឺសំខាន់ណាស់ ។ ទាក់ទងនឹងកំណត់ត្រានៅសម័យរបស់លោក មរ៉ូណៃ បានសរសេរថា សមាជិកថ្មី « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ ហើយឈ្មោះរបស់ពួកគេត្រូវបានយកទៅ ដើម្បីឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ » ( មរ៉ូណៃ ៦:៤ ) ។
នៅពេលអ្នកបង្រៀននរណាម្នាក់ដែលកំពុងរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក សូមចាប់ផ្តើមបំពេញទម្រង់បែបបទនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង ។ សូមពន្យល់ថាទម្រង់បែបបទនេះនឹងប្រើដើម្បីបង្កើតកំណត់ត្រាសមាជិកភាព ។ កំណត់ត្រានេះនឹងមានព័ត៌មានសំខាន់ៗអំពីពិធីបរិសុទ្ធដែលបុគ្គលបានទទួល ។ នៅពេលសមាជិកសាសនាចក្រប្តូរលំនៅដ្ឋាន កំណត់ត្រាសមាជិកភាពរបស់ពួកគេត្រូវបានបញ្ជូនទៅវួដថ្មីរបស់ពួកគេ ដើម្បីឲ្យអ្នកដឹកនាំ និងសមាជិកក្នុងតំបន់អាចគាំទ្រពួកគេ ។
នៅពេលដែលសមាជិកថ្មីបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមធ្វើបច្ចុប្បន្នភាពទម្រង់បែបបទនេះដាក់ព័ត៌មានអំពីពិធីបរិសុទ្ធនីមួយៗ រួមទាំងបុគ្គលដែលជាអ្នកធ្វើពិធីទាំងនេះផងដែរ ។ ពេលអ្នកបានបំពេញទម្រង់បែបបទហើយ សូមកត់ត្រាព័ត៌មាននៅក្នុងកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ហើយបញ្ជូនវាទៅស្មៀនវួដតាមអេឡិចត្រូនិក ។ នៅពេលស្មៀនបានទទួលទម្រង់នេះភ្លាម គាត់ពិនិត្យវា ហើយបង្កើតកំណត់ត្រាសមាជិកភាព ។
បន្ទាប់ពីកំណត់ត្រាសមាជិកភាពត្រូវបានបង្កើតឡើង នោះស្មៀនរៀបចំវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្ដល់ជូនបុគ្គលរូបនោះ ។
ឈ្មោះ និងភេទនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
បន្ដផ្ដល់ការងារបម្រើ
បន្តទំនាក់ទំនង និងគាំទ្រសមាជិកថ្មី បន្ទាប់ពីពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ហើយ។ សូមជួយពួកគេឲ្យចូលរួមព្រះវិហារ និងបង្កើតទំនាក់ទំនងជាមួយសមាជិក ។ សូមអានព្រះគម្ពីរមរមនជាមួយពួកគេ ហើយជួយពួកគេចែកចាយដំណឹងល្អជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ។ ណែនាំពួកគេឲ្យស្គាល់កូនសៀវភៅ ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ ។ សូមបន្តប្រើកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ដើម្បីកត់ត្រាការរីកចម្រើនរបស់ពួកគេ ដូចជាការចូលរួមរបស់ពួកគេនៅឯការប្រជុំសាក្រាម៉ង់ និងមេរៀនដែលពួកគេបានទទួល ។
បន្ទាប់ពីពិធីបញ្ជាក់ សូមបង្រៀនមេរៀនរបស់អ្នកផ្សព្វផ្សាយសាសនាម្ដងទៀត ។ អ្នកដឹកនាំការបង្រៀននេះ ។ ទោះជាយ៉ាងណាក្ដី សូមសម្របសម្រួលនឹងថ្នាក់ដឹកនាំវួដ ដើម្បីឲ្យអ្នកផ្សព្វផ្សាយសាសនាវួដ ឬសមាជិកផ្សេងទៀតចូលរួម ។ នៅពេលអ្នកបង្រៀន សូមលើកទឹកចិត្តសមាជិកថ្មីឲ្យគោរពរាល់ការតាំងចិត្តនៅក្នុងមេរៀនទាំងនោះ ។
នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមប្រឹក្សាអំពីរបៀបដែលសមាជិកអាចគាំទ្រអ្នកប្រែចិត្តជឿថ្មី និងជួយពួកគេឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងសាសនាចក្រ ។ សូមរៀបផែនការថាតើនរណានឹងណែនាំពួកគេឲ្យកូរ៉ុម ឬអ្នកដឹកនាំអង្គការបានស្គាល់ ។ សម្របសម្រួលការចូលរួមរបស់សមាជិកផ្សេងទៀតនៅពេលអ្នកបង្រៀនមេរៀនម្តងទៀត ។ ស្នើសុំឲ្យមានបងប្អូនប្រុសផ្ដល់ការងារបម្រើ ( និងបងប្អូនស្រីផ្ដល់ការងារបម្រើ សម្រាប់ស្រ្តី ) ។
បន្ទាប់ពីបុរសបានទទួលពិធីបញ្ជាក់ នោះគាត់មានសិទ្ធិទទួលបានបព្វជិតភាពអើរ៉ុន ប្រសិនបើគាត់មានអាយុយ៉ាងតិចណាស់ ១២ ឆ្នាំ នៅចុងឆ្នាំនោះ ។ ការតែងតាំងបព្វជិតភាពអើរ៉ុនស្ថិតក្រោមការដឹកនាំរបស់ប៊ីស្សព ( សូមមើល ក្បួនខ្នាតទូទៅ ៣៨.២.៩.១ ) ។
តាមដែលសមស្រប សូមប្រាស្រ័យទាក់ទងពេញមួយជីវិតរបស់អ្នកជាមួយអ្នកដែលអ្នកបានបង្រៀន ។ សូមគាំទ្រពួកគេក្នុងការទទួលពរជ័យទាំងអស់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
« នៅពេលយើងមកដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប យើងអាចស្វែងរកសំឡេងនៅក្នុងព្រះយេស៊ូវគ្រីស្ទ អោបក្រសោបនៅក្នុងព្រះហស្តនៃការយោគយល់របស់ទ្រង់ដោយសុវត្ថិភាព ។ ពិធីបរិសុទ្ធដ៏ពិសិដ្ឋផ្ដល់សេចក្ដីសញ្ញាជាកម្មសិទ្ធិ និង ‹ អំណាចនៃសេចក្ដីល្អ › ដើម្បីញែកចេញបំណងចិត្តនិងសកម្មភាពខាងក្រៅឲ្យបរិសុទ្ធ [ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ] ។ ដោយព្រះទ័យល្អជាទីស្រឡាញ់ និងការអត់ធ្មត់របស់ទ្រង់ នោះសាសនាចក្ររបស់ទ្រង់ក្លាយជាផ្ទះស្នាក់របស់យើង » ( ហ្គើរីត ដបុលយូ ហ្គង « Room in the Inn » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៧ ) ។
ជួយសមាជិកថ្មីចូលរួមក្នុងពរជ័យនៃព្រះវិហារបរិសុទ្ធ
សមាជិកថ្មីដែលមានអាយុសមស្របអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលអនុញ្ញាតឲ្យពួកគេទទួលបុណ្យជ្រមុជទឹកសម្រាប់សមាជិកគ្រួសារដែលបានស្លាប់ទៅរបស់ពួកគេ ( សូមមើល ក្បួនខ្នាតទូទៅ ២៦.៤.២ ) ។ ពួកគេទទួលបានប័ណ្ណនេះពីប៊ីស្សព ។ សូមលើកទឹកចិត្ត និងជួយសមាជិកថ្មីឲ្យទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យបានឆាប់តាមដែលសមហេតុសមផល ។ ប្រសិនបើព្រះវិហារបរិសុទ្ធនៅជិតនោះ សូមពិចារណាផ្ដល់ការអញ្ជើញសម្រាប់ពេលវេលាជាក់លាក់មួយសម្រាប់សមាជិកថ្មីដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនដែលបានស្លាប់របស់ពួកគេ ។
នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមរៀបចំផែនការដែលនឹងណែនាំសមាជិកថ្មីឲ្យអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដស្គាល់ ។ អ្នកដឹកនាំរូបនេះអាចជួយពួកគេរៀបចំខ្លួនដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធដោយចុះសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់ពួកគេ ។
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមរាយបញ្ជីនៃបញ្ហាដែលបេក្ខជនទទួលបុណ្យជ្រមុជទឹកអាចជួបប្រទះ ។ ហេតុអ្វីបានជាវាសំខាន់ដែលបុគ្គលម្នាក់ទទួលអារម្មណ៍នៃស្រឡាញ់ និងមិត្តភាពរបស់សមាជិកសាសនាចក្រ ?
-
សិក្សា មរ៉ូណៃ ៦ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៦៨–៦៩ ។ តើអ្នកអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីការជួយមនុស្សរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ? សរសេរអ្វីដែលអ្នករៀន ។ សូមចែកចាយគំនិតរបស់អ្នកជាមួយដៃគូ អំឡុងពេលសិក្សាជាដៃគូ ។
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
ប្រធាន ហិនរី ប៊ី អាវរិង បានពន្យល់ពីមូលហេតុដែលបទដ្ឋាននៃដំណឹងល្អមានសារៈសំខាន់ ។ សូមពិភាក្សាការប្រឹក្សាខាងក្រោម ។ តើអ្នកអាចលើកទឹកចិត្តមនុស្សឲ្យចង់បំពេញតាមបទដ្ឋានទាំងនេះដោយរបៀបណា ?
« ព្រះអម្ចាស់បានដាក់បទដ្ឋានរបស់ទ្រង់ដើម្បីទ្រង់អាចប្រទានពរដល់យើង ។ សូមគិតអំពីពរជ័យទាំងនោះ ៖ ទ្រង់សន្យានឹងអ្នកដែលបំពេញតាមបទដ្ឋាននូវជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់សន្យានូវសេចក្តីសុខសាន្តផ្ទាល់ខ្លួន ។ ទ្រង់សន្យាថានឹងមានឱកាសទទួលបានពិធីបរិសុទ្ធដ៏បរិសុទ្ធក្នុងដំណាក់របស់ទ្រង់ ។ ហើយទ្រង់សន្យានឹងអស់អ្នកដែលស៊ូទ្រាំក្នុងការរស់នៅតាមបទដ្ឋានរបស់ទ្រង់ថា ពួកគេនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។ …
« ដោយសារយើងស្រឡាញ់មនុស្សដែលយើងបម្រើ នោះយើងទាំងអស់គ្នាចង់ធ្វើឲ្យកាន់តែប្រសើរក្នុងការលើកកម្ពស់ដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើងទៅកាន់ភាពស្មោះត្រង់ និងភាពបរិសុទ្ធ ដែលពួកគេត្រូវការ ដើម្បីទទួលបានពរជ័យទាំងអស់ពីព្រះអម្ចាស់ ។ …
« … អ្នកចាប់ផ្ដើមដោយការកាន់បទដ្ឋានរបស់ព្រះអម្ចាស់យ៉ាងច្បាស់ និងដោយគ្មានការសុំទោស ។ ហើយនៅពេលដែលពិភពលោកកាន់តែរសាត់ចេញពីពួកគេ ហើយចំអកពួកគេ នោះយើងត្រូវតែក្លាហានក្នុងការធ្វើវា » ( « Standards of Worthiness » First Worldwide Leadership Training Meeting ខែ មករា ឆ្នាំ ២០០៣ ទំព័រ ១០–១១ ) ។
-
ការពិនិត្យឡើងវិញនូវសំណួរសម្ភាសទទួលបុណ្យជ្រមុជទឹក ។ សូមពិចារណាពីរបៀបដែលអ្នកនឹងដោះស្រាយស្ថានភាពដូចខាងក្រោម ៖
-
បុគ្គលនោះមិនបានប្រាប់អ្នកថាគាត់កំពុងស្ថិតក្នុងការសាកល្បងពីឧក្រិដ្ឋកម្មនោះទេ ។
-
បុគ្គលនោះមិនបានទទួលចម្លើយចំពោះការអធិស្ឋានថា យ៉ូសែប ស្ម៊ីធ ជាព្យាការីនោះទេ ។
-
បុគ្គលនោះជក់បារីពីរថ្ងៃមុន ។
-
បុគ្គលនោះមិនប្រាកដថានាងបានទទួលចម្លើយចំពោះការអធិស្ឋានរបស់នាងទេ ។
-
គ្រួសារនោះមានសម្ពាធពីមិត្តភក្តិ ហើយមិនប្រាកដថាពួកគេត្រៀមខ្លួនរួចរាល់ដើម្បីទទួលពិធីបុណ្យជ្រមុជទឹកទេ ។
-
-
សូមពិនិត្យមើលទម្រង់បែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ហេតុអ្វីព័ត៌មានដែលអ្នកផ្តល់ឲ្យត្រូវតែត្រឹមត្រូវ និងពេញលេញ ?
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
សូមពិនិត្យមើលសារៈសំខាន់នៃការសម្ភាសទទួលពិធីបុណ្យជ្រមុជទឹក ។ សូមពិភាក្សាអំពីរបៀបដែលអ្នកផ្សព្វផ្សាយសាសនាអាចជួយមនុស្សរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ ។
-
សូមពិភាក្សាអំពីរបៀបដើម្បីប្រើកម្មវិធីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជាឱកាសស្វែងរកអ្នករៀន ។
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
សូមធ្វើការជាមួយបព្វជិតភាពក្នុងតំបន់ និងអ្នកដឹកនាំអង្គការ ដើម្បីធានាឲ្យបានថាពួកគេកំពុងប្រើប្រាស់របាយការណ៍ការរីកចម្រើននៅលើផ្លូវនៃសេចក្តីសញ្ញាប្រកបដោយប្រសិទ្ធភាព ។
-
បង្រៀនអ្នកដឹកនាំមណ្ឌល អ្នកដឹកនាំហ្សូន និងអ្នកដឹកនាំការបំពាក់បំប៉នអំពីរបៀបរៀបចំមនុស្សឲ្យទទួលការសម្ភាសន៍ពិធីបុណ្យជ្រមុជទឹក ។ អញ្ជើញពួកគេឲ្យបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដើម្បីរៀបចំមនុស្សទទួលការសម្ភាសន៍នេះ ។
-
បង្រៀនអ្នកដឹកនាំមណ្ឌល និងហ្សូនអំពីរបៀបធ្វើការសម្ភាសទទួលពិធីបុណ្យជ្រមុជទឹក ។
-
បង្រៀនពីរបៀបឆ្លើយការសម្ភាសន៍ពិធីបុណ្យជ្រមុជទឹក នៅពេលមនុស្សម្នាក់បង្ហាញថា គាត់ ឬនាងបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។
-
នៅពេលអាចធ្វើបាន សូមចូលរួមពិធីបុណ្យជ្រមុជទឹកសម្រាប់សមាជិកថ្មី ។ ជួបជាមួយសមាជិកថ្មី ហើយស្វែងយល់អំពីបទពិសោធន៍នៃការប្រែចិត្តជឿរបស់ពួកគេ ។ ចែកចាយអ្វីដែលអ្នកបានរៀនជាមួយដៃគូរបស់អ្នក និងជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។