ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៧ ៖ រៀន​ភាសា​បេសកកម្ម​របស់​អ្នក


« ជំពូក​ទី ៧ ៖ រៀន​ភាសា​បេសកកម្ម​របស់​អ្នក » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៧ » ប្រកាស​ដំណឹងល្អ​របស់​យើង

ពិភពលោក និង​ទង់ជាតិ

ជំពូក​ទី ៧

រៀន​ភាសា​បេសកកម្ម​របស់​អ្នក

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ខ្ញុំអាច​ពង្រឹង​សេចក្ដីជំនឿខ្ញុំ​ទៅ​លើ​ព្រះអម្ចាស់​ដើម្បី​ជួយ​ខ្ញុំ​រៀន​ភាសា​មួយ​ថ្មី​ដោយ​របៀបណា ?

  • ហេតុអ្វី​ខ្ញុំ​គួរ​កែលម្អ​សមត្ថភាព​ភាសា​របស់​ខ្ញុំ​ជា​បន្តបន្ទាប់​ដូច្នេះ ?

  • តើ​ខ្ញុំ​អាច​ពង្រីក​សមត្ថភាព​ខ្ញុំ​ដើម្បី​និយាយ និង​បង្រៀន​ជា​ភាសា​បេសកកម្ម​របស់ខ្ញុំ​ដោយ​របៀបណា ?

  • តើ​ខ្ញុំ​អាច​ទទួល​បាន​អំណោយទាន​នៃ​ភាសា​ដោយ​របៀប​ណា ?

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះអម្ចាស់​បាន​ប្រកាស​ថា « មនុស្ស​គ្រប់រូប​នឹង​ឮ​ភាពពោរពេញ​នៃ​ដំណឹង​ល្អ​ដោយ​នូវ​ពាក្យ​សម្តី​របស់​ខ្លួន និង ដោយ​នូវ​ភាសា​របស់​ខ្លួន តាមរយៈ​ពួកអ្នក​ដែល​ត្រូវ​បាន​តែងតាំង​ចំពោះ​អំណាច​នេះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១១ ) ។

ចំណុច​ដែលបានរៀបរាប់​ខាងក្រោម​គឺជា​របៀប​ដែល​អ្នក​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ជា​ភាសា​បេសកកម្ម​របស់អ្នក ៖

  • សូម​ជឿ​ថា អ្នក​ត្រូវបាន​ហៅ​មក​ពី​ព្រះ​តាមរយៈ​ព្យាការី ។

  • ចូរ​ទូល​សូម​ជំនួយ​របស់​ព្រះ​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់ ។

  • ចូរ​ធ្វើការ​ដោយ​ឧស្សាហ៍​តាមរយៈ​ការសិក្សា ការអនុវត្ត និង​ការប្រើ​ភាសា​បេសកកម្ម​របស់​អ្នក​ជារៀង​រាល់ថ្ងៃ ។

  • ចូរ​មាន​ភាពស័ក្ដិសម​ចំពោះ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការគោរព​តាម​បទបញ្ញត្តិ និង​ការរស់នៅ​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ចូរ​បន្សុទ្ធ​បំណង​ចិត្ត​របស់អ្នក​ដោយ​ការ​ស្រឡាញ់​ព្រះ និង​ការ​ស្រឡាញ់​បុត្រា​បុត្រី​របស់ទ្រង់ ព្រមទាំង​ការ​មាន​បំណង​ប្រាថ្នា​ចង់​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។

ត្រូវ​មាន​ការលះបង់ខ្ពស់ និង​ឧស្សាហ៍ព្យាយាម

ការរៀនសូត្រ​ភាសា​បេសកកម្ម​របស់​អ្នក​ដើម្បី​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​ការខិតខំ​ដ៏​ឧស្សាហ៍ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ សូម​កុំ​ភ្ញាក់​ផ្អើល ប្រសិនបើ​កិច្ចការ​នោះ​មើល​ទៅពិបាក ។ វា​ត្រូវការ​ពេលវលា ។ ចូរ​អត់ធ្មត់​ជាមួយ​ខ្លួនឯង ។ នៅពេល​អ្នក​ខិតខំ​រៀន​ភាសា​នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ជំនាញ​ចាំបាច់​ដើម្បី​បំពេញ​គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

អ្នក​មិន​ឯកោ​នៅក្នុង​ការរៀន​ភាសា​បេសកកម្ម​របស់​អ្នក​នោះ​ទេ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក នៅពេល​អ្នក​ស្វែងរក​ជំនួយ​ពី​ទ្រង់​ទាំងទ្វេ ។ សូម​ព្យាយាម ហើយ​បើក​ចិត្ត​ដើម្បី​ទទួល​ជំនួយ​ពី​ដៃគូ សមាជិក មនុស្ស​ដែល​អ្នក​បង្រៀន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត និង​មនុស្ស​ដទៃទៀត ។

សូម​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន ហើយ​និយាយ​ភាសា​នោះ​នៅគ្រប់​ឱកាស ។ សូម​កុំខ្លាច​ក្នុង​ការ​មាន​កំហុស ។ មនុស្ស​គ្រប់គ្នា​ដែល​រៀន​ភាសា​ថ្មី​តែង​មាន​កំហុស ។ មនុស្ស​ទូទៅ​នឹងយល់ ហើយ​ពួកគេ​នឹង​មាន​អំណរគុណ​ចំពោះ​ការ​ខិតខំ​របស់​អ្នក​ដើម្បីរៀន​ភាសា​របស់​ពួកគេ ។

បន្ត​កែលម្អ​ជំនាញ​ភាសា​របស់អ្នក​រហូត​ដល់​ចុង​បញ្ចប់​នៃ​បេសកកម្ម​របស់​អ្នក ។ នៅពេល​សមត្ថភាព​និយាយ​ភាសា​របស់​អ្នក​រីកចម្រើន នោះ​មនុស្ស​នឹង​ស្ដាប់​​អ្វី​ដែល​អ្នក​និយាយ​ជាជាង​របៀប​ដែល​អ្នក​និយាយ ។ អ្នក​នឹង​មិន​សូវ​បារម្ភ​អំពី​របៀប​ប្រាស្រ័យ​ទាក់ទង និង​មាន​លទ្ធភាព​កាន់តែ​ប្រសើរ​ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« យើង​បាន … សង្ឃឹមថា អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់រូប​ដែល​កំពុង​រៀន​ភាសា … ថ្មី​មួយ​នឹង​ចេះវា​ស្ទាត់ជំនាញ​តាម​ដែល​អាច​ធ្វើទៅ​បាន ។… ហើយ​នៅពេល​អ្នក​ធ្វើ​ដូច្នេះ ជំនាញ [ បង្រៀន ] និង​ថ្លែង​ទីបន្ទាល់​របស់អ្នក​នឹង​កែលម្អ ។ អ្នក​នឹង​ត្រូវបាន​ទទួល​យក​ និង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខាង​វិញ្ញាណ​ដល់​[ មនុស្ស​ដែល​អ្នក​បង្រៀន ] ។ …

« សូម​កុំ​រីករាយ​នឹង​អ្វី​ដែល​យើង​ហៅ​ថា ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ចេះ​តែ​វាក្យសព្ទ​ឡើយ ។ ពង្រីក​សមត្ថភាព​ភាសា​របស់​អ្នក ហើយ​អ្នក​នឹង​អាច​ចូល​ទៅ​កាន់​ដួងចិត្ត​របស់​មនុស្ស​ទាំងនោះ​កាន់​តែ​ច្រើន »​( ជេហ្វ្រី អ័រ ហូឡិន missionary satellite broadcast ខែ សីហា ឆ្នាំ​១៩៩៨ ) ។

សូម​បន្ត​ប្រើ​ភាសា​បេសកកម្ម​របស់​អ្នក​បន្ទាប់​ពី​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ព្រះអម្ចាស់​បាន​ដាក់ទុន​ច្រើន​ណាស់​ទៅលើ​អ្នក ហើយ​ទ្រង់​ប្រហែល​ជា​ប្រើ​សមត្ថភាព​ភាសា​របស់​អ្នក​នៅពេល​ក្រោយ​ក្នុង​ជីវិត​របស់​អ្នក ។

រៀន​ភាសា​អង់គ្លេស

ប្រសិនបើ​អ្នក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ អ្នក​គួរតែ​សិក្សា​វា​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ការណ៍​នេះ​នឹង​ផ្ដល់​ពរជ័យ​ដល់អ្នក​អំឡុង​បេសកកម្ម​និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ការរៀន​ភាសា​អង់គ្លេស​ក៏​នឹង​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​របស់​អ្នក​ដែរ ។

សម្រាប់​ជំនួយ​បន្ថែម​អំពី​ការរៀន​ភាសា​អង់គ្លេស សូមមើល EnglishConnect សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

ស្ត្រី​ម្នាក់​កំពុង​សរសេរ​សៀវភៅ​កំណត់ហេតុ

គោលការណ៍​នៃ​ការរៀនភាសា

ត្រូវ​មាន​ការទទួលខុសត្រូវ

ដាក់​គោលដៅ​ដើម្បី​កែលម្អ​សមត្ថភាព​ភាសា​របស់​អ្នក ហើយ​កែតម្រូវ​វា​ជា​ទៀងទាត់ ។ បង្កើត​ផែនការ​សិក្សា​ភាសាមួយ ។ និយាយ​ភាសា​នោះ​នៅ​គ្រប់​ឱកាស ។

ធ្វើ​ឲ្យ​ការសិក្សា​របស់​អ្នក​ប្រកប​ដោយ​អត្ថន័យ

សូម​អនុវត្ត​អ្វីដែល​អ្នក​សិក្សា​ទៅ​នឹង​ស្ថានភាព​ជីវិត​ពិត និង​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់អ្នក ។ ផ្ដោត​លើ​ភាសា​ដែល​នឹង​ជួយ​អ្នក​ឲ្យ​និយាយ​អ្វី ដែល​អ្នក​ត្រូវ​និយាយ ។

ព្យាយាម​ប្រាស្រ័យ​ទាក់ទង

សូម​និយាយភាសា​នោះ​ជាមួយ​នឹង​ដៃគូ​របស់អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ ក្ដាប់​យក​ឱកាស​គ្រប់ពេល​ដើម្បី​រៀន និង​អនុវត្ត ។ ឧទាហរណ៍ អ្នកអាច​សុំ​ឲ្យ​សមាជិក​ម្នាក់​ដែល​ទើប​ត្រឡប់​មក សកម្ម​វិញ ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​កំពុង​បង្រៀន​ជួយ​អ្នក​ជាមួយ​នឹង​ភាសា នោះ ។ គ្មាន​អ្វី​ជំនួស​ឲ្យ​ការ​និយាយ​ជាមួយ​នឹង​អ្នក​ដែល​មាន​និយាយ​ភាសា​កំណើត​នោះទេ ។

កុំ​ប្រៀបធៀប

សូម​កុំប្រៀបធៀប​ជំនាញ​ភាសា​របស់​អ្នក​នឹង​ដៃគូ ឬ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ឡើយ ។ ការប្រៀបធៀប​នាំ​ទៅរក​អំនួត ឬ​ការបាក់​ទឹកចិត្ត ។

រៀន​ពី​គំនិត​ថ្មី​ៗ​ឲ្យ​បាន​ហ្មត់ចត់

សូម​រំឭក​ដែល​អ្នក​បាន​សិក្សា​ឲ្យ​បាន​ទៀងទាត់ ហើយ​អនុវត្ត​វា​នៅក្នុង​ស្ថានភាព​ថ្មីៗ ។ វា​នឹង​ជួយ​អ្នក​ឲ្យ​នឹកចាំ ហើយ​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​រៀន ។

បុរស​ម្នាក់​កំពុង​មើល​សៀវភៅ

បង្កើត​ផែនការ​សិក្សា​ភាសា

ផែនការ​សិក្សា​ភាសា​មួយ​ជួយ​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី និង​អ្នកដែល​មាន​បទពិសោធន៍​ឲ្យ​ផ្ដោត​លើ​អ្វីដែល​ពួកគេ​អាច​ធ្វើ​រៀងរាល់ថ្ងៃ ដើម្បី​កែលម្អ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការនិយាយ​ភាសា​បេសកកម្ម​របស់​ពួកគេ ។ ផែនការ​របស់​អ្នក​នឹង​ដាក់បញ្ចូល​នូវ​អ្វីដែល​អ្នក​នឹង​ធ្វើ​អំឡុង​ម៉ោង​សិក្សា​ភាសា​របស់​អ្នក និង​ពេញ​មួយ​ថ្ងៃនោះ ។

ជំហានខាងក្រោម​នេះ​បង្ហាញ​ពី​របៀប​ដែលអ្នក​អាច​បង្កើត​ផែនការ​សិក្សា​ភាសា​មួយ ដោយប្រើ​ដំណើរការ​ដាក់​គោលដៅ​នៅក្នុង​ជំពូក​ទី ៨ ។ សូម​សម្រប​ដំណើរការ​នេះ​ប្រសិន​បើ​ចាំបាច់ ។

  1. ដាក់​គោលដៅ និង​ធ្វើ​ផែនការ​ប្រកប​ដោយ​ការអធិស្ឋាន ។ ដាក់​គោលដៅ​ប្រចាំ​សប្ដាហ៍ និង​ប្រចាំ​ថ្ងៃ​ដើម្បី​កែលម្អ​សមត្ថភាព​ទូទៅ​របស់​អ្នក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​បង្រៀន​ដំណឹងល្អ ។ សូម​ដាក់​បញ្ចូល​នូវ​រឿង​ដែល​អ្នក​ចង់​តាំងចិត្ត​ដើម្បី​ទន្ទេញ ដូចជា ពាក្យ ឃ្លា បទគម្ពីរ និង​វគ្គ​បទគម្ពីរ ។

  2. កត់ត្រា និង​ដាក់​កាលវិភាគ ។ សូម​សម្រេចចិត្ត​ថាតើ​ឧបករណ៍​ភាសា​មួយ​ណា​ដែល​នឹង​ជួយ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក ។ ឧបករណ៍​ភាសា​អាច​រួមមាន​បទគម្ពីរ វចនានុក្រម សៀវភៅវេយ្យាករណ៍ កម្មវិធី TALL Embark និង​ផ្សេងទៀត ។ ដាក់​កាលវិភាគ​ពេលវេលា​ដែល​អ្នក​នឹង​សិក្សា ហើយ​ប្រើ​ភាសានោះ ។ ឧទាហរណ៍ អ្នក​អាច​នឹង​ដាក់​កាលវិភាគ​អានឮៗ​ចេញពី​ព្រះគម្ពីរ​មរមន​សម្រាប់​រយៈពេល ១៥ នាទី​រៀង​រាល់ថ្ងៃ​អំឡុងពេល​បាយ​ថ្ងៃ​ត្រង់ ។

  3. អនុវត្ត​តាម​ផែនការ​របស់​អ្នក ។ ព្រះអម្ចាស់​ស្រឡាញ់​ការខិតខំ ដូច្នេះ​សូម​ធ្វើការ​ដោយ​ឧស្សាហ៍​ដើម្បី​សម្រេច​គោលដៅ​របស់អ្នក ។ ការពារ​ម៉ោង​សិក្សា​ភាសា​របស់​អ្នក ហើយ​ដាក់​កាលវិភាគ​វា​ជាថ្មី​នៅពេល​ក្រោយ ប្រសិន​បើ​មាន​ការ​ប៉ះពាល់​កើតឡើង ។

  4. រំឭក ហើយ​តាមដាន ។ សូម​រំឭក​ផែនការ​សិក្សា​របស់​អ្នក​ជារឿយៗ ដើម្បី​វាយតម្លៃ​ថាតើ​វា​ដំណើរការ​ល្អ​ដល់​កម្រិត​ណា ។ សូម​អញ្ជើញ​ដៃគូ​របស់អ្នក ថ្នាក់ដឹកនាំ​បេសកកម្ម សមាជិក និង​មនុស្ស​ផ្សេងទៀត​នៅក្នុង​តំបន់​របស់​អ្នក​ឲ្យ​ផ្ដល់​យោបល់ អំពី​វិធី​ដែល​អ្នក​អាច​កែលម្អ ។ ចូលរួម​ក្នុង​ការវាយ​តម្លៃ​ភាសា​​ជា​ទៀងទាត់ ដើម្បី​ធ្វើ​តារាង​អំពី​ការរីកចម្រើន​របស់អ្នក និង​កំណត់​ពី​វិធី​កែលម្អ ។

សូម​ដាក់​តុល្យភាព​រវាង​ការសិក្សា​ភាសា​របស់អ្នក និង​គោលដៅ​រយៈពេល​វែង​ដើម្បី​បង្កើត​ជា​គ្រឹះ​ភាសា​មួយ និង​គោលដៅ​រយៈពេលខ្លី​សម្រាប់​សកម្មភាព​ជាក់លាក់ ព្រមទាំង​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។

អំឡុង​ម៉ោង​សិក្សា​ភាសា​ផ្លូវការ​របស់អ្នក សូម​ដាក់​តុល្យភាព​រវាង​គោលដៅ និង​ផែនការ​របស់​អ្នក​នៅក្នុង​វិស័យភាសា​ជាមូលដ្ឋាន​ដែល​បាន​បង្ហាញ​ខាងក្រោមនេះ ។ សម្រេច​ចិត្ត​នូវ​អ្វី​ដែល​អ្នកនឹង​រៀន​ពេញ​មួយ​ថ្ងៃនោះ ។

ជំនាញ​ស្ដាប់

ជំនាញ​អាន

វេយ្យាករណ៍

ជំនាញ​និយាយ

ជំនាញ​សរសេរ

វាក្យសព្ទ

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ចំណាយពេល​រៀងរាល់​សប្ដាហ៍​ដើម្បី​វាយតម្លៃ​ការសិក្សា​ភាសា​របស់​អ្នក ដោយសួរ​សំណួរ​ដូចតទៅនេះ ៖

  • តើ​ខ្ញុំ​បាន​សិក្សា​ភាសា​បេសកកម្ម​របស់ខ្ញុំ​រៀងរាល់​ថ្ងៃ​នៅ​សប្ដាហ៍​នេះ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​កែលម្អ​ភាសា​បេសកកម្ម​របស់​ខ្ញុំ​ជាទៀងទាត់ ?

  • តើ​ផែនការ​របស់​ខ្ញុំ​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក បង្រៀន ហើយ​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ឲ្យ​កាន់តែប្រសើរ​ដែរឬទេ ? តើ​ខ្ញុំ​ត្រូវ​កែ​ប្រែ​អ្វី​ខ្លះ​ចំពោះ​ផែនការ​របស់​ខ្ញុំ ?

  • តើ​អ្វីដែល​ខ្ញុំ​ចូលចិត្ត​ខ្លាំងបំផុត​ចំពោះ​ការ​សិក្សា​ភាសា​របស់​ខ្ញុំ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចូលចិត្ត​វា​ឲ្យ​កាន់តែខ្លាំងជាងមុន ?

  • តើ​ខ្ញុំ​គួរ​តែ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​អនុវត្ត​ការស្ដាប់ ការអាន ការសរសេរ និង​ការនិយាយ ? តើ​ខ្ញុំ​អាច​រៀន​វាក្យសព្ទ វេយ្យាករណ៍ និង​ការ​បញ្ចេញ​សម្លេង​ឲ្យ​កាន់តែ​ប្រសើរ​ដោយ​របៀបណា ?

  • តើ​សកម្មភាព និង​ធនធាន​អ្វីខ្លះ​ដែល​ខ្ញុំ​នឹងប្រើ​ដើម្បី​សិក្សា​ភាសានោះ ? តើ​ធនធាន​មួយណា​ដែល​នឹង​ជួយ​ខ្ញុំ​ច្រើន​បំផុត ? តើ​ធនធាន ឬ​សកម្មភាព​អ្វី​ខ្លះ​ទៀត​ដែល​អាច​មាន​ប្រយោជន៍ ?

  • តើអ្វី​ដែល​ត្រូវការ​ចំណាប់អារម្មណ៍​ច្រើនជាង ?

បន្ទាប់ពី​ឆ្លើយ​សំណួរ​ទាំងនេះ សូម​កែតម្រូវ​ផែនការ​ការសិក្សា​របស់​អ្នក ហើយ​មើលថាតើ​វាកែលម្អ​លទ្ធផល​របស់​អ្នក​ដែរឬទេ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក ពេល​អ្នក​ខិតខំ​កែលម្អ​ការ​សិក្សា​ភាសា​របស់​អ្នក​ជាបន្តបន្ទាប់ ។

រៀន​ជាមួយ​ដៃគូ​របស់​អ្នក

ជួយ​ដៃគូ​របស់​អ្នក​ឲ្យ​ដកពិសោធន៍​នូវ​ភាពជោគជ័យ ហើយ​ទទួល​បាន​ទំនុកចិត្ត​ក្នុង​ការ​រៀន​ភាសា​បេសកកម្ម ឬ​ការ​រៀនភាសា​អង់គ្លេស ។ សូម​សរសើរ​ដៃគូ​របស់​អ្នក និង​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ផ្សេងទៀត​ដោយ​ស្មោះ និង​ឲ្យ​បានញឹក​ញាប់​ចំពោះ​ការរីកចម្រើន​របស់​ពួកគេ ។

ផ្តល់​មតិ​កែលម្អ​សាមញ្ញៗ និង​ជាក់ស្តែង​ដោយ​ចិត្តល្អ ។ ផ្ដល់​ឱកាស​ច្រើន​ដល់ពួកគេ​ដើម្បីបង្រៀន និង​ថ្លែងទីបន្ទាល់​ប្រកប​ដោយ​ភាពជោគជ័យ ។ សូម​កត់សម្គាល់​ពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​បទពិសោធន៍​ច្រើន​ម្នាក់​បាន​ជួយ​ដៃគូ​របស់​គាត់​នៅក្នុង​ដំណើររឿង​ពិត​ដូច​ខាងក្រោម​នេះ ។

ខ្ញុំ ទើប​តែ​ទៅដល់​តំបន់​ទីពីរ ដៃគូ​របស់ខ្ញុំ​បានប្រាប់​ខ្ញុំ​ថា ខ្ញុំ​ដល់ វេន​ផ្តល់គំនិត​ខាងវិញ្ញាណ​នៅឯ​ការណាត់ជួប​អាហារ​ពេលល្ងាច​មួយ ។ ដៃគូ​ដំបូង​របស់ ខ្ញុំ​តែងតែ​រីករាយ​ក្នុងការ​បង្រៀន ហើយ​ខ្ញុំ ធ្លាប់តែ ចែកចាយ ចំនុច តិចតួចនៃ​មេរៀន រួច​ហើយ​អង្គុយ​ស្តាប់ ។

ខ្ញុំ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ដៃគូ​របស់ខ្ញុំ​ថា​គាត់​គួរតែ​ផ្តល់​គំនិត​ខាង​វិញ្ញាណ ប៉ុន្តែ​គាត់​បាន​លើកទឹក​ចិត្តខ្ញុំ​ឲ្យ​ធ្វើ​វិញ ។ ខ្មុំ​បាន​ហាត់​ធ្វើ​ដោយ​មាន​ជំនួយ​ពី​គាត់ ។

ពេល​ដល់​វេណ​ខ្ញុំ នោះ​ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​ ហើយ​អាន​ចេញពី នីហ្វៃទី ៣ ៥ និង ។ ខ្ញុំ​និយាយ​រដាក់រដុប ប៉ុន្តែ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំមាន​អារម្មណ៍​ថា វគ្គបទគម្ពីរ​ដែលខ្ញុំ​បាន​ជ្រើសរើស​មាន​សារៈសំខាន់ ហើយ​ខ្ញុំមាន​អារម្មណ៍​ធូរស្រាល នៅពេល​ខ្ញុំចែកចាយ​ចប់ ។ ពេល​មាន​សំណួរ​មួយ​ត្រូវ​បាន​ចោទសួរ ខ្ញុំ​បានមើល​ទៅដៃគូរ​របស់​ខ្ញុំ​ឲ្យ​គាត់ឆ្លើយ ប៉ុន្តែ​គាត់​មិន​បាន​ឆ្លើយ​ទេ ។ នោះគឺជា​ពេល​ដែល​ខ្ញុំ​ភ្ញាក់ផ្អើល​ចំពោះ​ខ្លួន​ឯង ដែលនឹកឃើញ​ចម្លើយ​មួយ​ជា​ភាសា​បារាំង​ដែល​អាច​យល់​បាន ។ ខ្ញុំ​កាន់តែ​ភ្ញាក់ផ្អើល​ថែមទៀត​ព្រោះសមាជិក​នោះ​ពុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ភ័យខ្លាច​ចំពោះ​ជំនាញ​ប្រាស្រ័យ​ទាក់ទង​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​បាន​ទំនុក​ចិត្ត ហើយ​បាន​ដឹង​ថា ភាសា​បារាំង​របស់​ខ្ញុំ​ល្អជាង​ខ្ញុំ​គិត​ទៅ​ទៀត ។

ជាច្រើន​សប្ដាហ៍​បាន​កន្លង​ផុតទៅ ហើយ​ដៃគូ​របស់​ខ្ញុំ​បាន​បន្ត​ឲ្យ​ខ្ញុំ​បង្រៀន—ទោះជា​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ក្ដី ហើយ​ទោះជា​គាត់​ឆ្ងល់​ថា​តើ​ខ្ញុំ​អាចធ្វើ​បាន ឬ​អត់​ក្ដី ។ ខ្ញុំបាន​ទទួល​អារម្មណ៍​ថា ខ្ញុំ​បាន​ក្លាយជា​ឧបករណ៍​របស់​ព្រះវរបិតា​យើង​ដែលគង់​នៅ​ស្ថានសួគ៌ ជាជាងគ្រាន់​តែ​ធ្វើជា​ដៃគូ​នៅ​ស្ងៀមស្ងាត់​ម្នាក់ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ធ្វើការ​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ភាសា​បេសកកម្ម​របស់​អ្នក ។

  • ប្រសិន​បើ​អ្នក​ធ្វើ​ការជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី​ម្នាក់ តើ​អ្នក​អាច​ជួយ​ដៃគូ​ឲ្យ​រៀន​ភាសា​នោះ ឬ​រៀន​ភាសា​អង់គ្លេស​បាន​ល្អ​តាម​របៀបណា?

  • ប្រសិន​បើ​អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​ម្នាក់ តើ​មាន​ជំនួយ​អ្វីខ្លះ​ដែល​អ្នក​អាច​នឹង​ស្នើសុំ​ពី​ដៃគូ​របស់​អ្នក ?

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី​ម្នាក់

ការរៀន​វប្បធម៌ និង​ភាសា

វប្បធម៌ និង​ភាសា មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ជិតស្និទ្ធ ។ ពេល​យល់ដឹង​អំពី​វប្បធម៌​របស់​ប្រជាជន​នោះ​នឹង​ជួយ​ពន្យល់​ពី​របៀប​ដែល​ភាសា​នោះត្រូវ​បាន​ប្រើប្រាស់ ។ ការយល់ដឹង​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យភ្ចាប់​ទំនាក់ទំនង​​ទិដ្ឋភាព​ពិសេស​នៃ​សារលិខិត​នៃ​ការ​ស្ដារ​ឡើងវិញ​តាមរបៀប​មួយ​ដែល​នឹង​មាន​ភាព​ច្បាស់លាស់​សម្រាប់​មនុស្ស​ទូទៅ ។

រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ការទុកចិត្ត និង​សេចក្ដី​ស្រឡាញ់​ពី​មនុស្ស​ទូទៅ​គឺ​ការ​គោរព និង​ការ​ឱបក្រសោប​វប្បធម៌​របស់​ពួកគេ​តាម​របៀប​សមរម្យ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏ឆ្នើម​ជា​ច្រើន​បាន​ធ្វើកិច្ចការ​នេះ​( សូមមើល កូរិនថូសទី ១ ៩:២០–២៣ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូមប្រើ​គំនិត​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ឲ្យរៀបចំ​ខ្លួន​បង្រៀន​មនុស្ស​ម្នាក់​ដែល​មាន​វប្បធម៌ ឬ​ប្រវត្តិ​ខុសគ្នា ។

  • សូម​គិត​ពី​ប្រវត្តិ​សាសនា និងវប្បធម៌​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ។ កំណត់​ពី​ទិដ្ឋភាព​នៃ​ប្រវត្តិ​របស់​ពួកគេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក​ដល់​ពួកគេ​ដើម្បី​យល់ពី​គោលការណ៍​​ដំណឹងល្អ​មួយ ។ ដាក់​ផែនការ​បង្រៀន​គោលការណ៍​នេះ​ឲ្យ​បាន​ច្បាស់ ។

អំណោយទាន​ខាងភាសា

អំណោយទាន​នៃ​ព្រះវិញ្ញាណ​គឺ​មាន​ពិត ។ មាន​ការ​បើកសម្ដែង​អំណោយទាន​ខាង​ភាសា និង​ការបកប្រែ​ភាសា​​ជាច្រើន ។ ការ​បើក​សម្ដែង​ទាំងនេះ​មួយ​ចំនួន​រួមមាន ការ​និយាយ ការ​យល់ និង​ការ​បកប្រែ​ភាសា ។ សព្វថ្ងៃ​នេះ អំណោយទាន​ខាង​ភាសា​ភាគច្រើន​ត្រូវ​បានបើក​សម្ដែង​នៅក្នុង​ការរៀនសូត្រ និង​ការសិក្សា​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​រៀន​ភាសា​នៅក្នុង​បេសកម្ម​របស់​ពួកគេ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បើក​សម្ដែង​សេចក្ដីពិត​នៃ​ទីបន្ទាល់​របស់​អ្នក ទោះជា​មាន​ការលំបាក​ក្នុងការនិយាយ​ភាសា​រវាង​អ្នក និង​មនុស្ស​ដែល​អ្នក​បង្រៀន​ក្ដី ។ ដូចគ្នា​នេះដែរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​យក​ពាក្យ និង​ឃ្លា​ចូល​ទៅ​ក្នុង​ការចងចាំ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​មនុស្ស​កំពុង​និយាយ​ចេញ​ពី​ដួងចិត្ត​របស់​ពួកគេ ។

ភាគច្រើន អ្នកនឹង​មិន​ទទួល​បាន​អំណោយទាន​ទាំងនេះ​ដោយ​គ្មាន​ការខិតខំ​នោះទេ ។ អ្នក​ត្រូវ​ស្វែងរក​វា​យ៉ាង​សកម្ម​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨–៩, ២៦ ) ។ ផ្នែក​មួយ​នៃ​ការ​ស្វែងរក​អំំណោយទាន​ខាង​ភាសា​គឺ​ការធ្វើការ និង​ការ​ខំ​រៀន​ភាសា​ដោយ​អស់​ពី​សមត្ថភាព ។ ចូរ​អត់ធ្មត់ ក្នុង​ពេល​ដែល​អ្នក​សិក្សា និង​អនុវត្ត​ភាសា​នោះ​ប្រកប​ដោយ​ការអធិស្ឋាន ។ សូមទុកចិត្ត​ថា ព្រះវិញ្ញាណ​នឹង​ជួយអ្នក នៅពេល​អ្នក​ខិតខំ​ដោយ​ឧស្សាហ៍ ។ សូម​មាន​សេចក្ដីជំនឿ​ថា អ្នកអាច​មាន​អំណោយទាន​ខាង​ភាសា​ដើម្បី​ជួយ​ដល់​អ្នក និង​មនុស្ស​ដែល​អ្នក​បង្រៀន ។

នៅពេល​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍ខ្លួន​ឯង​ឲ្យ​ច្បាស់​តាម​ដែល​អ្នក​ចង់បង្ហាញ សូម​ចាំថា ព្រះវិញ្ញាណ​មាន​លទ្ធភាព​និយាយ​ទៅកាន់​ដួងចិត្ត​របស់​បុត្រាបុត្រី​របស់​ព្រះ​បាន ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

« មាន​ភាសាមួយ … ដែល​ជា​ភាសា​ទូទៅ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ—គឺ​ភាសា​នៃ​ព្រះវិញ្ញាណ ។ វា​ពុំមែន​កើត​ចេញ​ពីការរៀនសូត្រ​នៅក្នុង​សៀវភៅ​ដែល​សរសេរ​ដោយ​មនុស្ស ឬ​ក៏​តម្រូវ​ឲ្យ​អាន និង​ទន្ទេញ​នោះឡើយ ។ ភាសា​នៃព្រះវិញ្ញាណ​កើត​ឡើង​ចំពោះ​អ្នក​ដែល​ស្វែងរក​ដោយ​អស់​ពី​ដួងចិត្ត​ដើម្បី​ស្គាល់ព្រះ និង​គោរព​តាម​បទបញ្ញត្តិ​ដ៏ទេវភាព​របស់​ទ្រង់ ។ ភាព​ប៉ិនប្រសប់​ក្នុង​ភាសា​នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ពុះពារ​រាល់​ការលំបាក យកឈ្នះ​រាល់​ឧបសគ្គ និង​ប៉ះពាល់​ដល់​ដួងចិត្ត​មនុស្ស »​( « The Spirit Giveth Life » Ensign ខែ​មិថុនា ឆ្នាំ​១៩៩៧ ទំព័រ ២ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូមប្រើ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅនេះ ដើម្បី​វាយតម្លៃ​ការខិតខំ​របស់​អ្នក​ក្នុង​ការស្វែងរក​អំណោយទាន​ខាងភាសា ។ សូម​កត់ត្រា​ការបំផុសគំនិត និង​គោលដៅ​ដើម្បី​ជួយ​អ្នក​កែលម្អ​ការរៀន​ភាសា​របស់​អ្នក ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​ពិនិត្យ​មើល​ធនធាន​ភាសា​នៅក្នុង Missionary Portal ។ កំណត់​អ្វីមួយ​ដែល​អ្នក​មិនទាន់​បាន​សាកល្បង ហើយ​ដាក់គោលដៅ​ដើម្បី​សាកល្បង​វា​នៅ​ពីរបី​ថ្ងៃក្រោយ ។

  • នៅក្នុង​ក្រុមប្រឹក្សា​មណ្ឌល​លើក​ក្រោយ​របស់​អ្នក ចូរ​សុំ​ឲ្យអ្នកផ្សព្វផ្សាយ​សាសនាដែល​មាន​បទពិសោធន៍​ម្នាក់​ដែល​មាន​សមត្ថភាព​ល្អ​ខាង​ភាសា ចែកចាយ​ពី​អ្វីដែល​គាត់​បាន​ធ្វើ​ដើម្បី​រៀន​ភាសា​នោះ ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • សូម​ហាត់​បង្រៀន​គ្នាទៅវិញ​ទៅមក​នូវ​មេរៀន​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ភាសា​បេសកកម្ម​របស់​អ្នក ។ ដំបូង អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​អាច​បង្រៀន​ដោយ​សាមញ្ញ​បំផុត ចែកចាយ​ទីបន្ទាល់​ដ៏​សាមញ្ញ និង​សូត្រ​បទគម្ពីរ​ដែល​ទន្ទេញចាំ ។ ពេល​ពួកគេ​មាន​ទំនុកចិត្ត ហើយសមត្ថភាព​របស់​ពួកគេ​កើន​ឡើង នោះ​ពួកគេ​នឹង​មាន​លទ្ធភាព​ចូលរួម​កាន់តែ​ពេញ​លេញ​នៅក្នុង​ការបង្រៀន ។

  • សូម​ពិនិត្យ​មើល​គំនិត​នានា​នៅក្នុង​ជំពូក​នេះ និង​ធនធាន​ភាសា​នៅក្នុ Missionary Portal ។ សូម​ពិភាក្សា​ថា​តើ​យោបល់​មួយណា​ដែល​អ្នកអាច​ប្រើ​នៅក្នុង​ការ​សិក្សា​ជា​ដៃគូ​នៅ​សប្ដាហ៍​ក្រោយ ។

  • ចូរ​សុំ​ឲ្យ​ដៃគូ​ស្ដាប់​ការ​បញ្ចេញ​សម្លេង​របស់អ្នក ហើយ​ជួយ​កែលម្អ​អ្នក ។ ចូរ​សុំឲ្យ​គាត់​កត់ចំណាំ​ពី​ស្ថានភាព​ដែល​អ្នក​មិនយល់ ។ សូម​ធ្វើ​បញ្ជី​ពាក្យ ឃ្លា ឬ​វេយ្យាករណ៍​មួយ​ដែល​នឹង​ជួយ​ដល់​អ្នក ។ សូម​ពន្យល់ ហើយ​អនុវត្ត​របៀប​ប្រើ​អ្វី​ដែល​នៅលើ​បញ្ជី​នោះ​នៅ​សកម្មភាព​លើកក្រោយ ។

  • សូម​ហាត់ស្ដាប់​យ៉ាង សកម្ម ។ ដាក់ផែនការ​ពី​ពេលវេលា​មួយ​អំឡុង​ថ្ងៃនោះ ដើម្បី​ស្ដាប់​ឲ្យ​សកម្ម​ក្នុង​ការ​ស្គាល់​វាក្យសព្ទ និង​លំនាំ​ដែល​អ្នក​បានរៀន ។ នៅពេល​អ្នក​បាន​ឮ​ឃ្លា​មួយ​ដែល​បាន​លើកឡើង​ខុស​ពី​របៀប​ដែល​អ្នក​នឹង​និយាយ​វា សូម​កត់ត្រា​ទុក ហើយ​អនុវត្ត​វា ។

  • សូម​ធ្វើ​បញ្ជី​ពី​អ្វីៗ​ដែល​មនុស្ស​ទូទៅ​អាច​និយាយ​នៅ​ថ្ងៃ​នោះ ។ ដាក់​ផែនការ ហើយ​អនុវត្ត​របៀប​ដែល​អ្នក​អាច​ឆ្លើយតប ។

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • អញ្ជើញ​អ្នកនិយាយ​ភាសា​កំណើត​ឲ្យ​ចូលរួម​ការ​ប្រជុំ​មួយ ។ សូម​រៀបចំ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន​គ្នា​ជាក្រុម​តូចៗ ។ សុំ​ឲ្យ​អ្នកនិយាយ​ភាសា​កំណើត កត់ចំណាំ ហើយ​ផ្ដល់​ជា​មតិ​កែលម្អ​អំពី​សមត្ថភាព​ភាសា​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនោះ ។

  • សូម​ចាត់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ឬ​ពីរនាក់​ទុកជាមុន ដើម្បី​ឲ្យ​ពួកគេ​ប្រាប់​ពី​ភាពជោគជ័យ​ដែល​ពួកគេ​ធ្លាប់មាន​នៅក្នុង​ការ​សិក្សា​ភាសា ។

  • សូម​ចាត់​អ្នកផ្សព្វផ្សាយសាសនា​ម្នាក់​ដែល​មាន​បទពិសោធន៍​ឲ្យ​បង្ហាញ​នូវ​ផ្នែកខ្លះៗ​នៃ​ភាសា​ដែល​ជាទូទៅ​មាន​ការ​លំបាក​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា ។ ចូរ​សុំ​ឲ្យ​គាត់​បង្ហាញ​គំរូ​នៃ​ការប្រើ​ភាសា​ល្អ ហើយ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​អនុវត្ត​វា ។

  • ចូរ​សុំឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​និយាយ​ភាសា​កំណើត​​ចែកចាយ​គោលគំនិត​របស់​ពួកគេ ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • សូម​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការសិក្សា​ភាសា​ជាទៀងទាត់​ប្រចាំថ្ងៃ ។

  • សូម​លើក​ទឹកចិត្ត​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ប្រើ​ភាសា​បេសកកម្ម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ។

  • ផ្ដល់​នូវ​ចំនុច​នានានៃផែនការ​សិក្សា​ភាសា​បេសកកម្ម ជា​កាលវិភាគ​សិក្សា​លក្ខណៈ​ជា​ប្រព័ន្ធ ។ សូម​ពិនិត្យ​មើល​កិច្ចការ​នេះ​នៅក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​មណ្ឌល ។

  • សូម​រកមើល​ឱកាស​និយាយ​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​តាម​ភាសា​ដែល​ពួកគេ​កំពុង​រៀន ។ សូម​សម្ភាស​ពួកគេ​ម្ដង​ម្កាល​ជាភាសា​នេះ ។

  • សាកសួរ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​មូលដ្ឋាន​នូវ​គំនិត​ស្ដីពី​របៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាច​កែលម្អ​សមត្ថភាព​ភាសា​របស់​ពួកគេ ។

  • ផ្ដល់​ការណែនាំ​នៅក្នុង​សន្និសីទ​ហ្សូន ឬ​ការប្រជុំ​ថ្នាក់​ដឹកនាំ​បេសកកម្ម​អំពី​កំហុស​ទូទៅ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​រៀន​ភាសា​បេសកកម្ម​បានធ្វើ ។

  • បង្រៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​អំណោយទាន​ខាង​វិញ្ញាណ ។

  • សូម​សង្កេត​មើល​អ្នកផ្សព្វផ្សាយ​សាសនា​នៅពេល​ពួកគេ​បង្រៀន​ជា​ភាសា​បេសកកម្ម ។