« ជំពូកទី ១៣ ៖ រួបរួមនឹងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកដើម្បីស្ថាបនាសាសនាចក្រ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ១៣ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ១៣
រួបរួមនឹងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកដើម្បីស្ថាបនាសាសនាចក្រ
ពួកអ្នកផ្សព្វផ្សាយសាសនាធ្វើការជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋានស្វែងរកអ្នករៀនដើម្បីបង្រៀន ហើយដឹកនាំពួកគេទៅរកព្រះអង្គសង្គ្រោះ ។ អ្នកមានសាមគ្គីភាពតាមរយៈសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ទ្រង់នឹងតម្កើងការខិតខំរបស់អ្នកដល់កម្រិតដែលអ្នកធ្វើការជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋានដោយមានសាមគ្គីភាព ។ សូមធ្វើឲ្យការធ្វើការជាមួយនឹងពួកគេក្លាយជាផ្នែកដ៏សំខាន់នៃគោលដៅ និងផែនការរបស់អ្នក ។
នៅពេលអ្នកមកស្គាល់ ហើយស្រឡាញ់ថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន អ្នកនឹងមើលឃើញពីវិធីដែលអ្នកអាចគាំទ្រពួកគេនៅក្នុងការហៅ និងការខិតខំផ្សព្វផ្សាយសាសនារបស់ពួកគេ ។ សូមផ្ដល់អំណោយទាន និងទេពកោសល្យរបស់អ្នកតាមវិធីដែលលើកស្ទួយ និងពង្រឹងពួកគេ ។
ជំពូកនេះពន្យល់ពីរបៀបដែលអ្នកអាចធ្វើការជាមួយសមាជិកនៅក្នុងការចែកចាយដំណឹងល្អ និងការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២៣នៃ ក្បួនខ្នាតទូទៅ ។
បង្កើតទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន
ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកក្នុងមូលដ្ឋានគឺជាដៃគូរបស់អ្នកនៅក្នុងកិច្ចការរបស់ព្រះ ។ សូមបង្កើតទំនាក់ទំនងដែលជួយអ្នកធ្វើការរួមគ្នាដើម្បីនាំយកដំណឹងល្អដែលបានស្ដារឡើងវិញទៅកាន់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ ទំនាក់ទំនងទាំងនេះអាចផ្ដល់ពរដល់អ្នកពេញមួយជីវិតរបស់អ្នក ។
សូមបង្កើតទំនុកចិត្ត និងមិត្តភាពល្អជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន ។ សូមទៅសួរសុខទុក្ខពួកគេ ហើយរៀនអំពីគ្រួសារ ប្រវត្តិ ចំណាប់អារម្មណ៍ និងបទពិសោធន៍របស់ពួកគេក្នុងសាសនាចក្រ ។ សូមមានចំណាប់អារម្មណ៍ពិតប្រាកដចំពោះជីវិតរបស់ពួកគេ ។
នៅពេលអ្នកទៅសួរសុខទុក្ខ សូមធ្វើវាដោយមានគោលបំណង ។ សូមបង្ហាញថា អ្នកមានចិត្តអន្ទះសារចង់ចូលរួមនៅក្នុងកិច្ចការស្វែងរក និងបង្រៀន ។ សូមគោរពដល់ពេលវេលា និងកាលវិភាគរបស់ពួកគេ ។
នៅពេលអ្នកជួប ឬបង្រៀនដំណឹងល្អនៅក្នុងផ្ទះរបស់ពួកគេ សូមខិតខំជួយពួកគេពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ។ សូមខិតខំប្រកបដោយការអធិស្ឋានដើម្បីឲ្យមានព្រះវិញ្ញាណគង់នៅជាមួយអ្នក ។ សូមចែកចាយបទពិសោធន៍ដែលអ្នកមានជាមួយនឹងកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នក ។
គាំទ្រថ្នាក់ដឹកនាំក្នុងមូលដ្ឋានសម្រាប់តួនាទីរបស់ពួកគេ
ការហៅមួយចំនួនជាថ្នាក់ដឹកនាំមានការទទួលខុសត្រូវសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ។ ការយល់ដឹងពីការទទួលខុសត្រូវទាំងនេះជួយអ្នកឲ្យគាំទ្រដល់ថ្នាក់ដឹកនាំទាំងនេះ ។ ការពិពណ៌នាដូចតទៅនេះដកស្រង់ពី ជំពូកទី ២៣ នៅក្នុង ក្បួនខ្នាតទូទៅ ។
ប្រធានស្តេក ៖កាន់កូនសោទាំងឡាយនៅក្នុងស្ដេកសម្រាប់ការចែកចាយដំណឹងល្អ និងការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ គាត់ និងទីប្រឹក្សារបស់គាត់ផ្ដល់ការដឹកនាំទូទៅដល់កិច្ចខិតខំទាំងនេះ ។
គណៈប៊ីស្សព ៖ សម្របសម្រួលជាមួយនឹងគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ កាលពួកគាត់ដឹកនាំកិច្ចខិតខំរបស់វួដដើម្បីចែកចាយដំណឹងល្អ និងពង្រឹងសមាជិកថ្មី ក៏ដូចជាសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ ៖ ដឹកនាំកិច្ចខិតខំប្រចាំថ្ងៃរបស់វួដ ដើម្បីចែកចាយដំណឹងល្អ និងពង្រឹងសមាជិកថ្មី ក៏ដូចជាសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ នៅក្រោមការសម្របសម្រួលពីប៊ីស្សព ពួកគាត់ធ្វើការរួមគ្នាដើម្បីដឹកនាំកិច្ចខិតខំទាំងនេះជាមួយនឹងក្រុមប្រឹក្សាវួដ ។ សូមមើល ក្បួនខ្នាតទូទៅ, ៨.២.៣ និង ៩.២.៣ ។
អ្នកដឹកនាំបេសកកម្មវួដ ( បើបានហៅ ) ៖ សម្របសម្រួលកិច្ចការរបស់សមាជិក និងថ្នាក់ដឹកនាំវួដ អ្នកផ្សព្វផ្សាយសាសនាវួដ ក៏ដូចជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែរ ។ ប្រសិនបើអ្នកដឹកនាំបេសកកម្មវួដម្នាក់មិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ។ សូមមើល ក្បួនខ្នាតទូទៅ, ២៣.៥.៣ ។
សូមសួរខ្លួនឯងជាទៀងទាត់ថា « តើខ្ញុំគឺជាពរជ័យមួយចំពោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែរឬទេ ? » អភិវឌ្ឍអាកប្បកិរិយា« តើខ្ញុំអាចជួយដោយរបៀបណា » ?
ការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍
ការសម្របសម្រួលជាមួយនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋាន—រួមបញ្ចូលទាំងថ្នាក់ដឹកនាំយុវវ័យ—គឺជារឿងដ៏ចាំបាច់ចំពោះការមានសាមគ្គីភាពនៅក្នុងការខិតខំខាងផ្សព្វផ្សាយសាសនារបស់អ្នក ។ ប្រសិនបើអ្នកដឹកនាំបេសកកម្មវួដត្រូវបានហៅ នោះគាត់ដឹកនាំការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍ ។ បើមិនដូច្នោះទេ សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរអាចបំពេញតួនាទីនៃការដឹកនាំនេះ ។
នៅក្នុងការប្រជុំខ្លីក្រៅផ្លូវការនេះ ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងអ្នកសម្របសម្រួលកិច្ចខិតខំក្នុងការចែកចាយដំណឹងល្អ និងការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ( សូមមើល ក្បូនខ្នាតទូទៅ, ២៣.៥.៧ ) ។ ការប្រជុំទាំងឡាយអាចធ្វើឡើងដោយផ្ទាល់ ឬពីចម្ងាយ ។ ការសម្របសម្រួលក៏អាចកើតឡើងតាមរបៀបផ្សេងទៀតផងដែរអំឡុងសប្ដាហ៍នោះ រួមមានការទូរសព្ទ ការផ្ញើសារ និងអ៊ីម៉ែល ។
« ការខិតខំនិងការផ្ដោតយកចិត្តទុកដាក់រួមគ្នាលើការដាក់ផែនការ និងការដាក់គោលដៅរបស់អ្នកផ្សព្វផ្សាយសាសនាស្របគ្នានឹងផែនការ និងការដាក់គោលដៅរបស់វួដ ឬសាខាអាចមានប្រយោជន៍ច្រើនដើម្បីសម្រេចកិច្ចការនៃការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល » ( ឃ្វីនថិន អិល ឃុក « Purpose and Planning » សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំបេសកកម្ម ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ) ។
រៀបចំខ្លួនសម្រាប់ការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍
សូមគាំទ្រថ្នាក់ដឹកនាំក្នុងមូលដ្ឋានតាមរយៈការរៀបចំខ្លួនដើម្បីមកចូលរួមក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ ។ ពីមុនការប្រជុំ សូមចំណាយពេលនៅក្នុងការសិក្សាជាមួយដៃគូដើម្បីពិភាក្សាពីរបៀបដែលអ្នកអាចចូលរួមយ៉ាងមានប្រសិទ្ធភាព ។
សូមធ្វើបច្ចុប្បន្នភាពកំណត់ត្រារបស់អ្នកនៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីថ្នាក់ដឹកនាំមានព័ត៌មានថ្មីអំពីមនុស្សដែលអ្នកកំពុងធ្វើការជាមួយ ។ រៀបចំខ្លួនរាយការណ៍អំពីកិច្ចការចាត់តាំងមកពីការប្រជុំលើកមុន ។
ចូលរួមក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍
ការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍គឺមានគោលបំណងដើម្បីផ្ដោតលើសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ ។ អំឡុងការប្រជុំនោះ សូមផ្ដល់នូវរបៀបដែលអ្នកអាចគាំទ្រសមាជិកវួដ រួមទាំងយុវវ័យ ដើម្បីជួយបំពេញសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ ។
ជាទូទៅ ការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ផ្ដោតលើប្រធានបទបួនដូចតទៅនេះ ៖
តើយើងអាចជួយមនុស្សដែលទទួលយកការបង្រៀនដោយរបៀបណា ? សំណួរដែលអាចលើកយកមកពិភាក្សា ៖
-
តើសមាជិកម្នាក់ណាដែលអាចចូលរួមក្នុងមេរៀននៅសប្ដាហ៍ក្រោយ ? តើនរណានឹងអញ្ជើញពួកគេឲ្យចូលរួម ?
-
តើការប្រឈមសម្រាប់មនុស្សដែលទទួលយកការបង្រៀនមានអ្វីខ្លះ ? តើសមាជិកអាចជួយដោយរបៀបណា ?
-
តើសេចក្ដីត្រូវការសម្រាប់អស់អ្នកដែលបានកំណត់កាលបរិច្ឆេទសម្រាប់ពិធីបុណ្យជ្រមុជទឹកមានអ្វីខ្លះ ? តើពិធីបុណ្យជ្រមុជទឹកត្រូវបានដាក់ផែនការដែរឬទេ ? ( សូមមើល « កម្មវិធីពិធីបុណ្យជ្រមុជទឹក » នៅក្នុងជំពូកទី ១២ ) ។
តើយើងអាចជួយមនុស្សដែលទើបនឹងជ្រមុជទឹកដោយរបៀបណា ? សំណួរដែលអាចលើកយកមកពិភាក្សា ៖
-
តើសមាជិកថ្មីណាខ្លះដែលចូលរួមក្នុងការប្រជុំសាក្រាម៉ង់ក្នុងឆ្នាំដំបូងនៃសមាជិកភាពរបស់ពួកគេ ? តើយើងអាចជួយអ្នកដែលមិនបានចូលរួមដោយរបៀបណា ?
-
តើសមាជិកថ្មីណាម្នាក់ដែលមានមិត្តភក្ដិនៅក្នុងវួដ ? តើបងប្អូនប្រុសស្រីដែលធ្វើការងារបម្រើអាចជួយដោយរបៀបណា ? តើកូរ៉ុម និងថ្នាក់យុវវ័យអាចជួយដោយរបៀបណា ?
-
តើសមាជិកថ្មីណាខ្លះដែលមានការចាត់តាំង ឬការហៅមួយ ?
-
តើយើងអាចជួយសមាជិកថ្មីឲ្យចាប់ផ្ដើមស្រាវជ្រាវបុព្វការីជនរបស់ពួកគេដែលបានស្លាប់ទៅ ដើម្បីធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់ពួកគេដោយរបៀបណា ? តើសមាជិកថ្មីមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែរឬទេ ? ប្រសិនបើមានព្រះវិហារបរិសុទ្ធនៅជិត តើយើងអាចជួយពួកគេឲ្យទៅព្រះវិហារបរិសុទ្ធធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនទាំងនេះដោយរបៀបណា ?
-
តើមេរៀនណាមួយនៅក្នុង ជំពូកទី ៣ ដែលត្រូវតែបង្រៀនម្ដងទៀត ? តើសមាជិកអាចចូលរួមដោយរបៀបណា ?
-
សូមពិនិត្យមើលការរីកចម្រើនលើ ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ សម្រាប់សមាជិកថ្មីម្នាក់ៗ ។
តើយើងអាចជួយសមាជិកដែលត្រឡប់មកវិញដោយរបៀបណា ? សំណួរដែលអាចលើកយកមកពិភាក្សា ៖
-
តើសមាជិកណាម្នាក់ក្នុងគ្រួសារដែលពុំមែនជាសមាជិកដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចទៅសួរសុខទុក្ខ និងបង្រៀន ?
-
តើសមាជិកដែលត្រឡប់មកវិញណាខ្លះដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចទៅសួរសុខទុក្ខ និងបង្រៀន ?
-
តើសមាជិកដែលត្រឡប់មកវិញណាខ្លះមានមិត្តភក្ដិនៅក្នុងវួដ និងមានឱកាសសមរម្យដើម្បីបម្រើ ?
-
តើយើងអាចជួយសមាជិកទាំងនេះដោយរបៀបណា ?
តើយើងអាចស្វែងរកមនុស្សបង្រៀនបន្ថែមទៀតដោយរបៀបណា ? សំណួរដែលអាចលើកយកមកពិភាក្សា ៖
-
តើយើងអាចជួយបុគ្គលម្នាក់ៗ រួមទាំងយុវវ័យ និងក្រុមគ្រួសារឲ្យអនុវត្តគោលការណ៍អំពីការស្រឡាញ់ ចែកចាយ និងអញ្ជើញដោយរបៀបណា ? ( សូមមើល « រួបរួមនឹងសមាជិក » នៅក្នុងជំពូកទី ៩ ) ។
-
តើយើងអាចជួយសមាជិក រួមទាំងថ្នាក់ដឹកនាំបឋមសិក្សាឲ្យអញ្ជើញមិត្តភក្ដិមកសកម្មភាពវួដដោយរបៀបណា ?
គាំទ្រផែនការវួដសម្រាប់ការចែកចាយដំណឹងល្អ
ក្រុមប្រឹក្សាវួដបង្កើតផែនការសាមញ្ញមួយសម្រាប់ការចែកចាយដំណឹងល្អ ( សូមមើល ក្បួនខ្នាតទូទៅ, ២៣.៥.៦ ) ។ សូមរៀនស្គាល់ផែនការនេះ ។ នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍ សូមរកមើលវិធីដើម្បីជួយថ្នាក់ដឹកនាំឲ្យខិតខំឆ្ពោះទៅសម្រេចគោលដៅរបស់ពួកគេ ។ សូមជូនដំណឹងដល់ថ្នាក់ដឹកនាំជាបន្តបន្ទាប់អំពីអ្វីដែលអ្នកកំពុងធ្វើដើម្បីគាំទ្រដល់សមាជិកក្នុងការចែកចាយដំណឹងល្អ ។
ប្រសិនបើអ្នកត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំក្រុមប្រឹក្សាវួដ សូមរៀបចំខ្លួនដើម្បីធ្វើបច្ចុប្បន្នភាពខ្លីមួយស្ដីពីការរីកចម្រើនរបស់មនុស្សដែលអ្នកកំពុងបង្រៀន និងការចាត់តាំងនានាដែលអ្នកបានទទួល( សូមមើល ក្បួនខ្នាតទូទៅ, ២៩.២.៥ ) ។ សូមចាត់ទុកឱកាសនេះជាពេលមួយដើម្បីបង្កើតភាពជឿជាក់ និងទំនុកចិត្តពីថ្នាក់ដឹកនាំវួដ ។
សម្របទៅតាមសេចក្ដីត្រូវការរបស់តំបន់ក្នុងមូលដ្ឋាន
វួដ ឬសាខានីមួយៗមានតម្រូវការដ៏ពិសេសដើម្បីឲ្យអ្នកសម្របខ្លួន ។ អ្នកអាចបម្រើនៅក្នុងសាខាតូចមួយ ឬវួដសម្រាប់មជ្ឈិមវ័យនៅលីវ ឬអ្នកអាចបម្រើនៅពហុវួដ ។ ថ្នាក់ដឹកនាំខ្លះនឹងមានបទពិសោធន៍ច្រើន ហើយខ្លះទៀតមានបទពិសោធន៍តិច ។ ថ្នាក់ដឹកនាំខ្លះនឹងមានពេលច្រើនជាងអ្នកផ្សេងទៀត ។
សូមស្វែងរកវិធីដើម្បីជួយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។ ពួកគេអាចសុំអ្នកឲ្យជួយគាំទ្រដល់សមាជិកនៅក្នុងការចាត់តាំងធ្វើការងារបម្រើរបស់ពួកគេ ។ ពួកគេអាចសុំឲ្យអ្នកលើកទឹកចិត្តសមាជិកថ្មីឲ្យអញ្ជើញមិត្តភក្ដិរបស់ពួកគេចូលរួមព្រះវិហារ ។ អ្នកអាចផ្ដល់គោលគំនិតដ៏មានតម្លៃអំពីកិច្ចការផ្សព្វផ្សាយសាសនា ពេលថ្នាក់ដឹកនាំ និងសមាជិករៀនអំពីវិធីចែកចាយដំណឹងល្អ ។
នៅទីកន្លែងដែលសាសនាចក្រទើបបង្កើតថ្មី ថ្នាក់ដឹកនាំសាខាអាចសុំឲ្យអ្នកជួយសមាជិកថ្មីយល់ដឹងពីរបៀបដែលព្រះអម្ចាស់រៀបចំសាសនាចក្ររបស់ទ្រង់ ។
កិច្ចការរបស់អ្នកជាមួយថ្នាក់ដឹកនាំប្រហែលជាមានភាពខុសគ្នានៅក្នុងតំបន់ផ្សេងៗគ្នា ប៉ុន្តែរាល់សកម្មភាពទាំងនេះគឺចាំបាច់ចំពោះការផ្ដល់ពរជ័យដល់បុគ្គលម្នាក់ៗ និងការស្ថាបនាសាសនាចក្ររបស់ព្រះអម្ចាស់ ។
ជួយសមាជិក និងថ្នាក់ដឹកនាំឲ្យស្រឡាញ់ ចែកចាយ និងអញ្ជើញ
សូមលើកទឹកចិត្តសមាជិកឲ្យចែកចាយដំណឹងល្អតាមវិធីធម្មតា និងតាម ធម្មជាតិ ។ ក្បួនខ្នាតទូទៅផ្ដល់សេចក្ដីណែនាំ និងវីដេអូដើម្បីជួយសមាជិក និងថ្នាក់ដឹកនាំធ្វើកិច្ចការដោយការរស់នៅតាមគោលការណ៍ស្ដីពីការស្រឡាញ់ ចែកចាយ និងអញ្ជើញ ( សូមមើល ក្បួនខ្នាតទូទៅ, ២៣.១.១, ២៣.១.២, និង ២៣.១.៣ ) ។ សូមចាំពីគោលការណ៍ទាំងនេះ នៅពេលអ្នកធ្វើការជាមួយនឹងថ្នាក់ដឹកនាំ ។
អ្នកនឹងក្លាយជាពរជ័យដល់ថ្នាក់ដឹកនាំ នៅពេលអ្នកគាំទ្រការខិតខំរបស់ពួកគេនៅក្នុងកិច្ចការនេះ ។ ជាលទ្ធផល គំរូរបស់ពួកគេនឹងជួយសមាជិកឲ្យចូលរួមចំណែកកាន់តែច្រើននៅក្នុងការចែកចាយដំណឹងល្អ និងការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។
សូមមើល « រួបរួមនឹងសមាជិក »នៅក្នុងជំពូកទី ៩ ដើម្បីទទួលបានគំនិតនានាស្ដីពីការគាំទ្រសមាជិកនៅក្នុងការខិតខំរបស់ពួកគេដើម្បីចែកចាយដំណឹងល្អ ។
គាំទ្រថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីពង្រឹងដល់សមាជិកថ្មី
នៅពេលមនុស្សបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះពួកគេប្រែក្លាយ « ជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ( អេភេសូរ ២:១៩ សូមមើលផងដែរ កូរិនថូសទី ១ ១២:១២–២៧ ) ។ សូមធ្វើការជាមួយនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីជួយសមាជិកថ្មីឲ្យទទួលការ « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ… ដោយពឹងផ្អែកទៅលើតែព្រះគុណនៃព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។
« ពួកអ្នកប្រែចិត្តជឿថ្មីចូលមកក្នុងសាសនាចក្រដោយភាពសុទិដ្ឋិនិយមចំពោះអ្វីដែលពួកគេបានរកឃើញ ។ ហើយយើងត្រូវតែស្ថាបនាភាពសុទិដ្ឋិនិយមនោះភ្លាមៗ » ។ … ពួកអ្នកផ្សព្វផ្សាយសាសនាអាចជួយណែនាំមនុស្សដែលពួកគេបង្រៀន និងពួកអ្នកប្រែចិត្តជឿថ្មីឲ្យស្គាល់សមាជិកស្មោះត្រង់ដែលនឹងឈោងទៅជួយពួកគេ ស្ដាប់ពួកគេ ណែនាំពួកគេ និងស្វាគមន៍ពួកគេមកកាន់ព្រះវិហារសូម្បីតែពីមុនពួកគេទទួលពិធីបុណ្យជ្រមុជទឹក ។ … នៅពេលយើង [ ធ្វើការងារបម្រើ ] ដល់មនុស្សដែលចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក នោះយើងនឹងឃើញបុត្រាបុត្រីរបស់ព្រះជាច្រើនទៀតកាន់ខ្ជាប់ដរាបដល់ចុងបំផុត ហើយទទួលជីវិតដ៏នៅអស់កល្បជានិច្ច » ( អូលីសេស សូរ៉េស « Convert Retention » សិក្ខាសាលាថ្នាក់ដឹកនាំបេសកកម្ម ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ) ។
ជួយសមាជិកថ្មីចូលរួមក្នុងការប្រជុំសាក្រាម៉ង់
អ្នកមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសមាជិកថ្មីឲ្យចូលរួមព្រះវិហារ ។ សូមធ្វើការជាមួយថ្នាក់ដឹកនាំដើម្បីប្រាកដថា អ្នក ឬសមាជិកវួដជួយពួកគេឲ្យចូលរួម ។ សូចនាករគន្លឹះដែលបង្ហាញពីការចូលរួមការប្រជុំសាក្រាម៉ង់របស់សមាជិកថ្មីម្នាក់អាចជួយអ្នក និងថ្នាក់ដឹកនាំវួដឲ្យមើលឃើញពីពេលដែលសមាជិកនោះអាចត្រូវការការលើកទឹកចិត្តបន្ថែមទៀត ។
សមាជិកថ្មីទំនងជាបន្តចូលរួមការប្រជុំសាក្រាម៉ង់ ហើយទទួលទានសាក្រាម៉ង់នៅពេលពួកគេមានមិត្តភក្ដិនៅក្នុងវួដ ។ សូមជួយពួកគេឲ្យទទួលអារម្មណ៍ថាពួកគេមានចំណែក ជាពិសេសអំឡុងឆ្នាំដំបូងរបស់ពួកគេនៅក្នុងការរស់នៅតាមដំណឹងល្អ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១០៦, ១០៨ ) ។
បង្រៀនមេរៀននៅក្នុង ជំពូកទី៣ ឡើងិវញ
សូមជួយសមាជិកថ្មីឲ្យបន្តពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សេចក្ដីពិត និងគោលការណ៍ទាំងឡាយនៃដំណឹងល្អចាក់ឫសយ៉ាងជ្រៅ ពេលសមាជិកថ្មីបន្តរៀនសូត្រដោយព្រះវិញ្ញាណ ។
បន្ទាប់ពីពិធីបញ្ជាក់ សូមបង្រៀនមេរៀនរបស់អ្នកផ្សព្វផ្សាយសាសនាម្ដងទៀត ។ អ្នកដឹកនាំការបង្រៀននេះ ។ ទោះជាយ៉ាងណាក្ដី សូមសម្របសម្រួលនឹងថ្នាក់ដឹកនាំវួដ ដើម្បីឲ្យអ្នកផ្សព្វផ្សាយសាសនាវួដ ឬសមាជិកផ្សេងទៀតចូលរួម ។ ការបង្រៀនមេរៀននៅក្នុង ជំពូកទី ៣ ម្ដងទៀតគឺជាវិធីដ៏សំខាន់ដើម្បីជួយសមាជិកថ្មីឲ្យទទួលការ « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) ។ នៅពេលអ្នកបង្រៀន សូមលើកទឹកចិត្តសមាជិកថ្មីឲ្យគោរពរាល់ការតាំងចិត្តនៅក្នុងមេរៀនទាំងនោះ ។
សូមអានបទគម្ពីរជាមួយនឹងសមាជិកថ្មី ជាពិសេសព្រះគម្ពីរមរមន ហើយបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ សូមជួយពួកគេឲ្យចែកចាយដំណឹងល្អជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេ ។ សមាជិកថ្មីម្នាក់ៗមានសេចក្ដីត្រូវការជាក់លាក់ ហើយអ្នកអាចជួយពួកគេឲ្យទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការស្វាគមន៍ ។
របាយការណ៍រីកចម្រើនលើផ្លូវនៃសេចក្តីសញ្ញា និង ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានមានធនធានសម្រាប់ការខិតខំផ្សព្វផ្សាយសាសនារបស់ពួកគេដូចអ្នកដែរ ។ ធនធានមួយគឺរបាយការណ៍រីកចម្រើនលើផ្លូវនៃសេចក្ដីសញ្ញាដែលមាននៅក្នុងកម្មវិធីឧបករណ៍សមាជិក និង ធនធានថ្នាក់ដឹកនាំ និងស្មៀន ។ របាយការណ៍នេះអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានមើលឃើញពីបទពិសោធន៍ដ៏សំខាន់ដែលបុគ្គលម្នាក់ត្រូវការដើម្បីបន្តរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាពីមុន និងបន្ទាប់ពិធីបុណ្យជ្រមុជទឹក ។
ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ គឺជាធនធានមួយដើម្បីជួយសមាជិកថ្មី« បន្តពង្រឹងសេចក្ដីជំនឿ [ របស់ពួកគេ ] លើព្រះយេស៊ូវគ្រីស្ទ ហើយមានអារម្មណ៍ស្និតស្នាលក្នុងសាសនាចក្រ »( ផ្លូវនៃសេចក្តីសញ្ញារបស់ខ្ញុំ iv ) ។ វាណែនាំសមាជិកថ្មីទៅរកសកម្មភាព និងឱកាសនានា ដូចជា ពង្សប្រវត្តិ និងការជួយបុព្វការីដែលស្លាប់ទៅឲ្យទទួលបានពិធីបិរសុទ្ធដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមលើកទឹកចិត្តសមាជិកក្នុងមូលដ្ឋានឲ្យណែនាំសមាជិកថ្មីឆ្លងកាត់បទពិសោធន៍ទាំងនេះ ។ សូមផ្ដល់ការគាំទ្រ តាមការស្នើសុំ ។
គាំទ្រថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីពង្រឹងដល់សមាជិកដែលត្រឡប់មកវិញ
សមាជិកមួយចំនួនជ្រើសរើសឈប់ចូលរួមនៅក្នុងសាសនាចក្រ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងសមាជិកផ្សេងទៀតខិតខំបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងពួកគេ ហើយឈោងទៅជួយពួកគេ ។ ព្រះអង្គសង្គ្រោះបានមានបន្ទូល ៖
« ដ្បិតចំពោះអ្នកនោះហើយដែលត្រូវធ្វើការងារបម្រើ ដ្បិតអ្នករាល់គ្នាពុំដឹងថាដល់ពេលណាទេ ដែលអ្នកនោះនឹងត្រឡប់មកវិញ ហើយប្រែចិត្ត ហើយមករកយើងដោយអស់ពីដួងចិត្ត ហើយយើងនឹងប្រោសឲ្យគេបានជា ហើយអ្នករាល់គ្នានឹងទៅជាមធ្យោបាយក្នុងការនាំមកនូវសេចក្តីសង្រ្គោះដល់គេ » ( នីហ្វៃទី៣ ១៨:៣២ ) ។
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានអាចសុំអ្នកឲ្យជួយដល់សមាជិកដែលត្រឡប់មកវិញឲ្យស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ។ ជារឿយៗ ការចាត់តាំងទាំងនេះនឹងមានជាមួយសមាជិកគ្រួសារដែលពុំមែនជាសមាជិក ។ សូមពិចារណាប្រកបដោយការអធិស្ឋានពីរបៀបដែលអ្នកអាចអញ្ជើញព្រះវិញ្ញាណចូលទៅក្នុងផ្ទះរបស់សមាជិកដែលត្រឡប់មកវិញ នៅពេលអ្នកបង្រៀនពួកគេអំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ហើយអញ្ជើញពួកគេឲ្យធ្វើសកម្មភាព ។ សូមបង្ហាញការយល់ចិត្ត និងសេចក្ដីមេត្តាករុណាចំពោះកង្វល់របស់ពួកគេ ។
ប្រសិនបើមានឱកាស សូមបង្រៀនដំណឹងល្អដល់មនុស្សនៅក្នុងគ្រួសារនោះដែលពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយ ។ សេចក្ដីស្រឡាញ់ និងការគាំទ្ររបស់អ្នកអាចជួយពួកគេឲ្យពង្រឹងសេចក្ដីជំនឿលើព្រះគ្រីស្ទ ហើយបង្កើនបំណងប្រាថ្នាដើម្បីចុះ និងរក្សាសេចក្តីសញ្ញានានារបស់ពួកគេ ។
សូមសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋាន នៅពេលអ្នកធ្វើការជាមួយសមាជិកដែលត្រឡប់មកវិញ ។ ការខិតខំទាំងនេះអាចជះឥទ្ធិពលដ៏យូរអង្វែងមួយទៅលើបុគ្គលម្នាក់ៗ និងក្រុមជំនុំក្នុងមូលដ្ឋាន ។
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើងដើម្បីដាក់ផែនការនិយាយនឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញដែលកំពុងផ្លាស់ប្ដូរជីវិតរបស់ពួកគេ និងចូលរួមក្នុងព្រះវិហារ ។ តើអ្វីបានជួយពួកគេច្រើនបំផុត ? នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរគំនិតរបស់អ្នកអំពីបទពិសោធន៍របស់ពួកគេ ។ តើអ្នកបានរៀនអ្វីខ្លះ ដែលនឹងជួយអ្នកឲ្យធ្វើការជាមួយនឹងមនុស្សដែលអ្នកកំពុងបង្រៀនសព្វថ្ងៃ ?
-
សូមមើល នីហ្វៃទី ២ ៣១:១៨–២០, អាលម៉ា ២៦:១–៧, អាលម៉ា ៣២:៣២–៤៣, និង មរ៉ូណៃ ៦ ។ សូមសរសេរអ្វីដែលអ្នកបានរៀននៅក្នុងខគម្ពីរទាំងនេះអំពីការពង្រឹងដល់សមាជិកថ្មី ។
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
សូមអាន និងពិភាក្សា ជំពូកទី ២៣ នៅក្នុង ក្បួនខ្នាតទូទៅ ។ តើអ្នកអាចជួយគាំទ្រថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៅក្នុងការទទួលខុសត្រូវរបស់ពួកគេដោយរបៀបណា ?
-
នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមសួរដល់ថ្នាក់ដឹកនាំវួដ ប្រសិនបើមានសមាជិកដែលត្រឡប់មកសកម្មវិញណាម្នាក់នៅក្នុងតំបន់របស់អ្នក ដែលពួកគេចង់ឲ្យអ្នកទៅសួរសុខទុក្ខនៅសប្ដាហ៍នេះឬទេ ។ នៅពេលអ្នកទៅសួរសុខទុក្ខពួកគេ សូមខិតខំស្ថាបនាសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមស្គាល់មនុស្សដែលបានជ្រមុជទឹក និងទទួលពិធីបញ្ជាក់កាលពីឆ្នាំមុន ។ សូមពិនិត្យមើលកំណត់ត្រារបស់ពួកគេម្នាក់ ហើយពិភាក្សាពីរបៀបដែលអ្នកអាចធ្វើការជាមួយនឹងថ្នាក់ដឹកនាំនៅក្នុងការប្រជុំសម្របសម្រួលសប្ដាហ៍ក្រោយដើម្បីជួយដល់បុគ្គលនេះ ។ សូមកត់ត្រាគំនិត និងយោបល់របស់អ្នកនៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង ។ សូមធ្វើបែបនេះដដែលៗសម្រាប់អ្នកប្រែចិត្តជឿថ្មីនៅក្នុងតំបន់របស់អ្នក ។
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
សូមអញ្ជើញប៊ីស្សពម្នាក់ ឬថ្នាក់ដឹកនាំវួដផ្សេងទៀតឲ្យពិភាក្សាពីការពង្រឹងដល់សមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មវិញ ។ សុំឲ្យបុគ្គលនេះគូសបញ្ជាក់ពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចជួយ ។
-
សូមពិភាក្សាដំណើររឿងអំពីចៀមដែលបាត់ កាក់ដែលបាត់ និងរឿងកូនប្រុសខ្ជះខ្ជាយ( សូមមើល លូកា ១៥ ) ។ សូមអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាចែកចាយអ្វីដែលពួកគេកំពុងរៀន និងរបៀបដែលពួកគេអាចអនុវត្តវានៅក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ ។
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
ធ្វើការជាមួយនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ដើម្បីលើកទឹកចិត្តពួកគេឲ្យជួយសមាជិកថ្មី ។
-
ទទួលការតែងតាំងទៅក្នុងតំណែងបព្វជិតភាពមួយ( សម្រាប់បុរសដែលមានវ័យសមរម្យ ) ។
-
ត្រូវបានចាត់ជាបងប្អូនប្រុសដែលធ្វើការងារបម្រើ( និងបងប្អូនស្រីដែលធ្វើការងារបម្រើសម្រាប់ស្ត្រី ) ។
-
ទទួលប័ណ្ណព្រះវិហារបរិសុទ្ធមួយដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
រៀបចំឈ្មោះបព្វការីដែលបានស្លាប់ទៅដើម្បីយកឈ្មោះទាំងនោះទៅព្រះវិហារបរិសុទ្ធ ។
-
ទទួលការចាត់តាំង ឬការហៅមួយដើម្បីបម្រើនៅក្នុងវួដ ឬសាខារបស់ពួកគេ ។
-
-
ដោយមានការសម្របសម្រួលនឹងប្រធានស្តេក សូមបង្រៀនថ្នាក់ដឹកនាំក្នុងមូលដ្ឋានអំពីរបៀបធ្វើការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍ឲ្យមានប្រសិទ្ធភាព ។
-
ម្ដងម្កាល សូមតាមដានជាមួយសមាជិកថ្មីដើម្បីដឹងថាតើពួកគេសុខទុក្ខយ៉ាងណា និងរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកអាចជួយបាន ។
-
សូមអញ្ជើញសមាជិកថ្មីឲ្យនិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងនឹកគិតពីបទពិសោធន៍របស់ពួកគេនៅក្នុងសាសនាចក្រ ។