ការហៅ​ក្នុង​បេសកកម្ម
សេចក្ដីណែនាំ​អំពី​ប្រកាស​ដំណឹងល្អ​របស់​យើង


« សេចក្ដីណែនាំ​អំពី​ប្រកាស​ដំណឹងល្អ​របស់​យើង » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« សេចក្ដីណែនាំ » ប្រកាស​ដំណឹងល្អ​របស់​យើង

សេចក្ដីណែនាំ​អំពី ប្រកាស​ដំណឹងល្អ​របស់​យើង

ព្រះអម្ចាស់​បង្គាប់ពួកអ្នកបម្រើ​របស់ទ្រង់ « គឺ​ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់​យើង​ដោយ​សារ​ព្រះវិញ្ញាណ គឺ​ព្រះ​ដ៏​ជា​ជំនួយ​ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដីពិត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៤ ) ។

ប្រកាស​ដំណឹងល្អ​របស់​យើង ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​អ្នកឲ្យ​បំពេញ​គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ វាផ្ដោតទៅលើ​កត្តា​ដ៏​ចាំបាច់​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ វា​មិន​ឆ្លើយ​នូវរាល់​សំណួរ ឬ​ផ្ដល់​ការ​ដឹកនាំ​រាល់​ស្ថានភាព​ដែល​អ្នក​នឹង​ជួប​ប្រទះ​នោះទេ ។ ទោះជា​យ៉ាងណា វា​គឺជា​ធនធាន​ដ៏​សំខាន់​មួយ​ដើម្បី​អ្នក​រីកចម្រើន​នៅក្នុង​អំណាច និង​សមត្ថភាព​ខាងវិញ្ញាណ ។ សូម​សិក្សា ហើយ​អនុវត្ត​តាម​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​មាន​នៅក្នុង​បទគម្ពីរ និង​នៅក្នុង​សៀវភៅ​នេះ ។

យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ

ប្រកាស​ដំណឹងល្អ​របស់​យើង ត្រូវបាន​រៀបចំឡើង​តាម​របៀប​ដូចតទៅនេះ ៖

សូម​សិក្សា​ជំពូក​ទាំងនេះ​ម្ដងហើយ​ម្ដងទៀត​ក្នុង​បេសកកម្ម​របស់​អ្នក ។ វាយតម្លៃ​កិច្ចការ​របស់អ្នក ។ ដាក់​គោលដៅ និង​ដាក់​ផែនការ​ដើម្បី​សម្រេច​វា ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​រៀបចំ​ខ្លួន​ជាប្រចាំ ហើយ​កែលម្អ​ជា​ទៀងទាត់​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​មនុស្ស​ដែល​ពួកគេ​បង្រៀន និង​បម្រើ ។ ពួកគេ​ក៏​នឹង​ទទួល​ពរជ័យ​នៅក្នុង​ជីវិត​ពួកគេ​ផ្ទាល់​ផង​ដែរ ។

ឱកាស​សិក្សា និង​ការរៀនសូត្រ

ការសិក្សា​ដ៏​មាន​ប្រសិទ្ធភាព​អំឡុង​បេសកកម្ម​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទីបន្ទាល់​អំពី​ដំណឹងល្អ ហើយ​ប្រែក្លាយ​ជា​សិស្ស​កាន់​តែ​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការ​សិក្សា​បទគម្ពីរ និង ប្រកាស​ដំណឹងល្អ​របស់​យើង នឹង​ជួយអ្នកបង្រៀន​ដោយ​អំណាច​ខាងវិញ្ញាណ ។ វា​ក៏​នឹង​ជួយ​ធ្វើ​ឲ្យការ​បង្រៀន​របស់​អ្នក​ទាក់ទង​នឹង​សេចក្ដីត្រូវការ​របស់​បុគ្គល​ទាំងឡាយ​ដែរ ។

ឱកាស​សម្រាប់​ការសិក្សា និង​ការរៀនសូត្រ​ដ៏​សំខាន់​រួមមាន ៖

  • ការសិក្សា​ផ្ទាល់ខ្លួន ។

  • ការសិក្សា​ជាមួយ​ដៃគូ ។

  • ការផ្លាស់ប្ដូរ​ដៃគូ ។

  • ការប្រជុំ​ក្រុម​ប្រឹក្សា​មណ្ឌល ។

  • សន្និសីទ​តំបន់ ។

  • ក្រុម​ប្រឹក្សា​ថ្នាក់ដឹកនាំ​បេសកកម្ម ( សម្រាប់​ថ្នាក់ដឹកនាំ​បេសកកម្ម​វ័យក្មេង ) ។

កាលវិភាគ​ផ្សព្វផ្សាយ​សាសនា រាល់​ថ្ងៃ​របស់​អ្នក រួមមាន​ពេលវេលា​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន និង​ការសិក្សា​ជាមួយ​ដៃគូ ។ សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ២.៤ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​កាលវិភាគ​ប្រចាំថ្ងៃ​របស់អ្នក ។

អ្វី​ដែល​អ្នករៀនសូត្រ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​នឹង​ជួយ​អ្នក​នៅក្នុង​ការសិក្សា​ជា​ដៃគូ និង​ឱកាស​រៀនសូត្រ​ផ្សេងទៀត​ដែល​បាន​រៀបរាប់​ខាងលើ ។ នៅក្នុង​ឱកាស​ទាំងនេះ អ្នក « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧៧ ) ។

ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន​ហ្វូង​មនុស្ស

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​របស់​អ្នក​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង

ប្រកាស​ដំណឹងល្អ​របស់​យើង មានដាក់បញ្ចូលគ្នា​នូវ​បទគម្ពីរ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដើម្បី​ជួយ​អ្នកឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ ។ វា​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​បទគម្ពីរ ហើយ​កែលម្អ​ការសិក្សា​បទគម្ពីរ​របស់​អ្នក ។ សូម​សិក្សា​សេចក្ដីយោង​បទគម្ពីរ​នៅក្នុង​ជំពូក​នីមួយៗ​ក្នុង​បេសកកម្ម​របស់​អ្នក ។

ជំពូក​នីមួយៗ​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង មាន​បញ្ចូល​នូវ​គំនិត និង​សកម្មភាព​នានា ដើម្បី​ជួយ​អ្នក​ឲ្យ​សិក្សា ហើយ​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​រៀនសូត្រ ។ សូម​ប្រើ​វា​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ដៃគូ​របស់​អ្នក ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ២.៤ ) ។ អ្នក​ក៏អាច​ប្រើ​វា​អំឡុង​ការប្រជុំ​ក្រុម​ប្រឹក្សា​មណ្ឌល និង​សន្និសីទ​តំបន់​ផង​ដែរ ។ ការសិក្សា​របស់​អ្នក​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព នៅពេល​អ្នក​រកឃើញ​វិធី​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ។

វា​គឺជា​ជំនួយ​ដើម្បី​មាន​ផែនការ​មួយ​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ។ អ្នក​អាច​បង្កើត​ផែនការ​ផ្ទាល់ខ្លួន ដើម្បី​ដាក់​អាទិភាព​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​អ្នក​ចង់​យល់ដឹង​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។ អ្នក​ក៏​អាច​រៀបចំ​ការសិក្សា​របស់​អ្នក​ក្នុង​ជំពូក​ទាំងឡាយ​នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ផងដែរ ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​មេរៀន​នៅក្នុង ជំពូកទី ៣ ដើម្បី​ដឹកនាំ​ការសិក្សា​របស់​អ្នក​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​នឹង​បង្រៀន ។ អ្នក​ចាំបាច់​ត្រូវ​ចេះ​មេរៀន​ទាំងនេះ​ឲ្យ​ល្អ​បំផុត ដើម្បី​អ្នក​អាច​បង្រៀន​ដោយ​ព្រះវិញ្ញាណ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ។

សូម​ធ្វើការ​កត់ចំណាំ​ពេល​អ្នក​សិក្សា ។ សូម​ប្រើ​សៀវភៅ​កំណត់ហេតុ​ជា​ក្រដាស ឬ​អេឡិចត្រូនិក ( ដូចជា បណ្ណាល័យ​ដំណឹង​ល្អ ) ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ដឹង ស្គាល់​ច្បាស់ និង​ចងចាំ​នូវ​អ្វី​ដែល​អ្នក​កំពុងរៀន ។

សូម​ចាប់ផ្ដើម​ការសិក្សា​របស់​អ្នក​ដោយ​ការអធិស្ឋាន​ទូលសូម​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន ។ ទ្រង់​នឹង​នាំ​យក​ចំណេះដឹង ការយល់ដឹង និង​ភាពជឿជាក់​ដែល​នឹង​ផ្ដល់ពរជ័យ​ដល់​ជីវិត​របស់​អ្នក ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត ។ សូម​បើក​គំនិត និង​ដួងចិត្ត​របស់​អ្នក​សម្រាប់​ការ​បំផុស​គំនិត និង​ការយល់ដឹង​ដែល​អ្នកទទួល​បាន​មកពី​ទ្រង់ ។ សូម​កត់ត្រា​នូវ​ការយល់ដឹង​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​របស់​អ្នក ។

សូម​មើលសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ជា​ទៀងទាត់ ដើម្បី​ចងចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ មើលឃើញ​ពី​ការយល់ដឹង​ថ្មី ហើយ​ទទួល​ស្គាល់​នូវ​ការរីកចម្រើន​របស់​អ្នក ។

កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង

សូមប្រើ​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​ជួយ​អ្នក​អនុវត្ត​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​កំពុង​រៀន ។ កម្មវិធី​នេះ​មាន​នៅលើ​ឧបករណ៍​ចល័ត​របស់​អ្នក ។ វា​មាន​មុខងារ​ដើម្បី​ជួយអ្នក​ឲ្យ​បំពេញ​គោលបំណង​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ ។ មុខងារ​ទាំងនេះ​រួមមាន ៖

  • ព័ត៌មាន​អំពី​សេចក្ដីត្រូវការ និង​ការរីកចម្រើន​របស់​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។

  • កន្លែង​មួយ​ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់អ្នក​ឆ្ពោះ​ទៅរក​គោលដៅ​ដែល​បាន​ចង្អុល​បង្ហាញ ។

  • ប្រតិទិន​ដើម្បី​កត់ត្រា​ផែនការ​របស់​អ្នក និង​ដាក់​កាលវិភាគ​សម្រាប់​សកម្មភាព​នានា ។

  • ផែនទី​តំបន់​របស់​អ្នក និង​ព័ត៌មាន​សំខាន់​ផ្សេងៗ​ទៀត ដើម្បី​ជួយ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក ។

ប្រកាស​ដំណឹងល្អ​របស់​យើង មាន​ដាក់​បញ្ចូលគ្នា​នូវ​គំនិត​ជាច្រើន​សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ជួយ​អ្នក​ស្វែងរក បង្រៀន និង​ជ្រមុជទឹក​ដល់​មនុស្ស​ទាំងឡាយ ។

គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

ការ​ប្រើប្រាស់ ប្រកាស​ដំណឹងល្អ​របស់​យើង ដោយ​សមាជិក​សាសនាចក្រ

ប្រកាស​ដំណឹងល្អ​របស់​យើង គឺជា​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ពុំមែន​សម្រាប់​តែ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​សមាជិក​សាសនាចក្រ​ផងដែរ ។ ឧទាហរណ៍ ការសិក្សា​វា​នឹង​ជួយ​សមាជិក ៖

  • រៀនសូត្រ ហើយ​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​សិក្សា ជំពូកទី ១, , និង ១០ ) ។

  • ឆ្លើយ​សំណួរ​ដំណឹងល្អ ( សូម​សិក្សា ជំពូកទី ៣ និង  ) ។

  • យល់ដឹង​កាន់តែច្រើន​អំពី​ការស្វែងរក និង​ការពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមសិក្សា ជំពូកទី ៤ ) ។

  • យល់ដឹង​អំពី​អានុភាព​នៃ​ព្រះគម្ពីរមរមន ( សូម​សិក្សា ជំពូក​ទី ៥ ) ។

  • ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ( សូម​សិក្សា ជំពូក​ទី ៦ ) ។

  • បំពេញ​ការទទួលខុសត្រូវ​ខាង​សេចក្ដីសញ្ញា​របស់​ពួកគេ ដើម្បី​ចែកចាយ​ដំណឹងល្អ ដោយ​ការ​រស់នៅតាម​គោលការណ៍​នៃ​សេចក្ដីស្រឡាញ់ ចែកចាយ និង​អញ្ជើញ ( សូម​សិក្សា ជំពូកទី ៩ និង ១៣ ) ។

  • ស្ថាបនា​សាមគ្គីភាព​ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ( សូម​សិក្សា ជំពូកទី ១៣ ) ។

ការសិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង—ជាពិសេស​ជំពូក​ទី ៣—នឹង​មាន​ប្រយោជន៍​យ៉ាង​ជាក់លាក់​ចំពោះ​យុវវ័យ និង​រៀមច្បង​ដែល​កំពុង​រៀបចំខ្លួន​ចេញ​បម្រើ​បេសកកម្ម ។