ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ១ ៖ បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក


« ជំពូក​ទី ១ ៖ បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ១ » ប្រកាស​ដំណឹងល្អ​របស់​យើង

ដាន់ ចូនស៍ កំពុង​ផ្សព្វផ្សាយ

ដាន់ ចូនស៍ គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដែល​ធ្វើ​ការផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​ប្រទេស​វេលស៍ ។

© ឆ្នាំ ១៩៩៣ Clark Kelley Price ។ ហាម​ថតចម្លង ។

ជំពូក​ទី ១

បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក

គោលបំណង​របស់​អ្នក ៖ អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

សូម​ពិចារណា​ការណ៍​នេះ

  • តើ​អ្វី​ទៅ​ដែល​ជា​គោលបំណង​របស់​ខ្ញុំ​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប ?

  • តើ​សិទ្ធិអំណាច និង​អំណាច​អ្វី​ដែល​មក​ជាមួយនឹង​ការហៅ​របស់​ខ្ញុំ​នេះ ?

  • តើ​ខ្ញុំ​ពឹងផ្អែក ស្គាល់ និង​បង្រៀន​ដោយ​ព្រះវិញ្ញាណ​តាម​របៀប​ណា ?

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្វី ?

  • តើ​សារលិខិត​នៃ​ការស្តារឡើងវិញ​គឺជា​អ្វី ? ហេតុអ្វី​វា​សំខាន់​ម្ល៉េះ ?

  • តើ​អ្វី​ជា​ការទទួលខុសត្រូវ​របស់​ខ្ញុំ​ក្នុង​ការបង្កើត និង​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ខ្ញុំ​នឹង​ដឹង​ថា​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ជោគជ័យ​ដោយ​របៀប​ណា ?

សិទ្ធិអំណាច​របស់​អ្នក​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ

មនុស្ស​ជាច្រើន​នៅ​ជុំវិញ​អ្នក ។ អ្នក​ជួប​ពួកគេ​តាម​ផ្លូវ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ពួកគេ ។ អ្នក​ទៅ​សួរ​សុខទុក្ខ​ពួកគេ​នៅ​ផ្ទះ​របស់​ពួកគេ និង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ពួកគេ​តាម​អនឡាញ ។ ពួកគេ​ទំាងអស់​គ្នា​គឺ​ជា​បុត្រាបុត្រី​នៃ​ព្រះ—ដែល​ជា​បងប្អូន​ប្រុស​ស្រី​របស់​អ្នក ។ ព្រះ​ស្រឡាញ់​ពួកគេ ដូច​ជា​ទ្រង់​ស្រឡាញ់​អ្នក​ផង​ដែរ ។

មនុស្ស​ជាច្រើន​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​កំពុង​តែ​ស្វែងរក​គោលបំណង​ក្នុង​ជីវិត ។ ពួកគេ​ព្រួយបារម្ភ​ពី​អនាគត និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ពួកគេ​ត្រូវការ​ញាណ​នៃ​កម្មសិទ្ធិ ដែល​មក​ពី​ការដឹង​ថា ពួកគេ​ជា​បុត្រាបុត្រី​របស់​ព្រះ និង​ជា​សមាជិក​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ពួកគេ​ចង់​ទទួល​បាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅក្នុង​ពិភពលោក​នៃ​ការផ្លាស់​ប្តូរ​តម្លៃ​នេះ ។ ពួកគេ​ប្រាថ្នា​ចង់​បាន « សេចក្ដីសុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:២៣ ) ។

មនុស្ស​ជាច្រើន​គឺ « ហើយ​ជា​ពួក​អ្នក​ដែល​លាក់​ពី​សេចក្ដី​ពិត ពី​ព្រោះ​ពួក​គេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៣:១២ ) ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ផ្ដល់​នូវ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សេចក្តីពិត​នេះ​ដោះស្រាយ​តម្រូវការ​ខាងវិញ្ញាណ​របស់​មនុស្ស និង​ជួយ​ពួកគេ​បំពេញ​នូវ​សេចក្តីប្រាថ្នា​ដ៏​ស៊ីជម្រៅ​បំផុត​របស់​ពួកគេ ។

ក្នុង​នាម​ជា​អ្នក​តំណាង​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ អ្នក​បង្រៀន​ថា « សេចក្ដី​ប្រោស​លោះ​នឹង​មក​ដោយ និង​តាម​រយៈ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃទី២ ២:៦ ) ។ អ្នក​អញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ព្រះគ្រីស្ទ ដើម្បី​បាន​ប្រែចិត្ត​ជឿ​លើ​ទ្រង់ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ទ្រង់ ។ នៅពេល​ពួកគេ​ទទួល​យក​ការអញ្ជើញ​របស់អ្នក ពួកគេ​នឹង​កាន់តែ​មាន​សុភមង្គល ក្តី​សង្ឃឹម សេចក្តី​សុខសាន្ត និង​គោលបំណង ។

ដើម្បី​មក​រក​ព្រះអង្គ​សង្គ្រោះ មនុស្ស​ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ អ្នក​អាច​ជួយ​ពួកគេ​អភិវឌ្ឍ​សេចក្ដីជំនឿ​នេះ​ដូច​ជា​អ្នក​ដែរ ៖

  • បង្រៀន​ពួកគេ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បានស្ដារ​ឡើងវិញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​តាំងចិត្ត​រស់នៅ​ស្របតាម​ការបង្រៀន​នេះ ។

  • តាមដាន និង​ជួយ​ពួកគេ​ធ្វើ​តាម​ការតាំងចិត្ត​ដែល​ពួកគេ​ធ្វើ ។

  • ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ដែល​ពួកគេ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី១ ១០:១៧–១៩ ) ។

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​ដឹកនាំ​មនុស្ស​ឲ្យ​ប្រែចិត្ត ។ តាមរយៈ​ការធួន​សម្រាប់​អំពើបាប​របស់​យើង ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ការប្រែចិត្ត​អាច​ធ្វើ​ទៅបាន ។ នៅពេល​មនុស្ស​ប្រែចិត្ត ពួកគេ​នឹង​បាន​ស្អាត​ពី​អំពើបាប ហើយ​កាន់តែ​ខិតទៅជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​នឹង​ដកពិសោធន៍​នូវ​អំណរ និង​សេចក្តី​សុខសាន្ត​នៃ​ការទទួល​បាន​ការអភ័យទោស ។

ការប្រែចិត្ត​រៀបចំ​មនុស្ស​ធ្វើ​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « ចូរ​មក​រក​យើង » ព្រះអង្គ​សង្រ្គោះ​បាន​មាន​ព្រះបន្ទូល « ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើងចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែក​ចេញ​ជាបរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោសនៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( នីហ្វៃទី៣ ២៧:២០ ) ។

នៅពេល​ការយល់ដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់​រីកចម្រើន នោះ​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​នឹង​កើនឡើង​ផងដែរ ។ អ្នក​នឹង​មាន​អារម្មណ៍​ដូចជា​លីហៃ​បាន​មាន « ការសំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​ដឹង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី » ( នីហ្វៃទី២ ២:៨ ) ។

ការនិមិត្ត​ពី​ដើម​ឈើ​ជីវិត

ដើម​ឈើ​ជីវិត ដោយ អាវ៉ុន អូកឃឺសុន

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ពិនិត្យមើល​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ នៅពេល​អ្នក​សិក្សា​ការនិមិត្ត​នៃ​ដើមឈើ​ជីវិត នីហ្វៃទី១ ៨ និង ១១ ។

  • តើ​ដើម​ឈើ​ជីវិត​នៅក្នុង​ការនិមិត្ត​នេះ​តំណាង​ឲ្យ​អ្វី ? ( សូមមើល នីហ្វៃទី១ ១១:២១–២៣ ) ។

  • តើ​លីហៃ​បាន​មាន​បំណងប្រាថ្នា​អ្វី បន្ទាប់ពី​លោក​បាន​ទទួលទាន​ផ្លែឈើ​នេះ ? ( សូមមើល នីហ្វៃទី១ ៨:១០–១៨ ) ។

  • ក្នុង​ការនិមិត្ត​នេះ តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ទាន​ផ្លែឈើ​នេះ ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន​របស់​ព្រះ​អង្គសង្រ្គោះ ? តើ​ការតាំងចិត្ត និង​សេចក្ដី​សញ្ញា​ជួយ​យើង​ទទួល​យក​ពរជ័យ​ទាំងនេះ​តាម​របៀប​ណាខ្លះ ?

  • តើ​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ទាន​ផលផ្លែ​នៃ​ដំណឹង​ល្អ​ដោយ​របៀប​ណា ?

សិទ្ធិអំណាច និង​អំណាច​នៃ​ការហៅ​របស់អ្នក

អ្នក​ត្រូវ​បាន​ហៅ និង​ញែកចេញ​ដើម្បី « [ ប្រកាស ] ដំណឹង​ដ៏​រីករាយ​នៃ​សេចក្ដី​អំណរ​ដ៏​ធំ គឺជា​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៩:១ ) ។ ដូច​ពួក​បុត្រា​របស់​ម៉ូសាយ​ដែរ អ្នក​អាច​បង្រៀន​ដោយ​មាន​សិទ្ធិអំណាច និង​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើល អាលម៉ា ១៧:២–៣ ) ។

នៅក្រោម​ការដឹកនាំ​របស់​ព្រះគ្រីស្ទ សិទ្ធិអំណាច​ក្នុងការ​ប្រកាស​ដំណឹងល្អ​ត្រូវ​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពេល​អ្នក​ត្រូវ​បាន​ញែក​ចេញ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​បាន​ទទួល​សិទ្ធិអំណាច​នេះ ។ ការហៅ​នេះ​មាន​នូវ​សិទ្ធិ អភ័យ​ឯកសិទ្ធិ និង​ការទទួល​ខុសត្រូវ​ដើម្បី​តំណាង​ឲ្យ​ព្រះអម្ចាស់ ហើយ​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។

សិទ្ធិអំណាច​នេះ​មាន​នូវ​ការទទួល​ខុសត្រូវ​ក្នុង​ការរស់នៅ​ដោយ​មាន​ភាពស័ក្តិសម​នឹង​ការហៅ​របស់​អ្នក ។ សូម​ចាត់ទុក​ការញែកចេញ​របស់​អ្នក​ឲ្យ​ពិត​ប្រាកដ ។ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើ​បាប និង​ពី​អ្វី​ដែល​ឃោរឃៅ ឬ​អសុរោះ ។ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​របៀប និង​ការគិត​របស់​ពិភពលោក ។ សូម​ធ្វើ​តាម​បទដ្ឋាន​នៅក្នុង បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុងនាម​ជា​អ្នក​តំណាង​របស់​ព្រះអម្ចាស់ សូម « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេ​ទី១ ៤:១២ ) ។ សូម​គោរព​ព្រះ​នាម​ព្រះយេស៊ូវ​គ្រីស្ទ ទាំង​ទង្វើ និង​ទាំង​ពាក្យ​សម្ដី​របស់អ្នក ។

បន្ថែម​ពី​លើ​សិទ្ធិអំណាច អ្នក​ត្រូវការ​អំណាច​ខាងវិញ្ញាណ​ដើម្បី​បំពេញ​ការហៅ​របស់អ្នក ។ ព្រះ​ប្រទាន​អំណាច​ខាងវិញ្ញាណ នៅពេល​អ្នក​ខិតខំ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​អ្នក​បង្រៀន​ដោយ​ជាប់លាប់ ។ ទ្រង់​ប្រទាន​អំណាច​ខាងវិញ្ញាណ​នៅពេល​អ្នក​អធិស្ឋាន សិក្សា​ព្រះគម្ពីរ និង​ស្វែងរក​ដើម្បី​បំពេញ​គោលបំណង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។ ទ្រង់​ប្រទាន​អំណាច​ខាងវិញ្ញាណ នៅពេល​អ្នក​ខិតខំ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ ពេល​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៥:២៤ ) ។

អំណាច​ខាងវិញ្ញាណ​អាច​សម្តែង​ឲ្យ​ឃើញ​កាល​ណា​អ្នក ៖

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​ទទួល​បាន និង​ពង្រឹង​ទីបន្ទាល់​មួយ​ដោយ​របៀប​ណា ?

តើ​អ្នក​ទទួល​អំណាច​ខាង​វិញ្ញាណ​តាម​របៀបណា ?

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ពិនិត្យ​មើល ហើយ​ជញ្ជឹង​គិត​ពី​សេចក្ដីសញ្ញា​ខាងក្រោម​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ សូម​សិក្សា​ពរជ័យ​ដែល​ព្រះ​បាន​សន្យា​ចំពោះ​អ្នក​ដែល​រក្សា​សេចក្ដី​សញ្ញា​ទាំងនេះ ។ សូម​ជញ្ជឹងគិត​ពី​ពរជ័យ​ដែល​អ្នក​បាន​ទទួល​ដោយ​រក្សា​សេចក្តីសញ្ញា​ទាំងនេះ ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់

ពិធីបរិសុទ្ធ​បព្វជិតភាព ( សម្រាប់​ពួកអែលឌើរ )

អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ

  • រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ ។

  • គោរពតាម​ក្រឹត្យវិន័យ​នៃ​ការពលិកម្ម ។

  • គោរពតាម​ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • គោរព​តាម​ក្រឹត្យវិន័យ​នៃ​បរិសុទ្ធភាព ។

  • គោរព​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

  • ( សូមមើល ក្បួនខ្នាត​ទូទៅ ២៧.២ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​អាន យ៉ូហាន ១៥:១–១៦ ។ តើ​ព្រះគ្រីស្ទ​ជា​ដើម​ទំពាំងបាយជូរ​ដោយ​របៀប​ណា ? តើ​អ្នក​ជា​មែក​នៃ​ដើម​ទំពាំង​បាយជូរ​នោះ​ដោយ​របៀប​ណា ? តើ​ការញែកចេញ​របស់​អ្នក​ទាក់ទង​នឹង​ទំនាក់ទំនង​នេះ​ដោយ​របៀប​ណា ?

សូម​អាន​វិញ្ញាបនបត្រ​បញ្ជាក់​នៃ​ការងារបម្រើ​របស់អ្នក ។ សូម​កត់ត្រា​អារម្មណ៍ និង​គំនិត​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​អាន ។ រាល់​ពេល​អ្នក​សិក្សា​ជំពូក​នេះ សូម​ពិចារណា​អំពី​ដំណើរការ​នេះ​ឡើងវិញ ។ សូម​ចំណាំ​ពី​របៀប​ដែល​អារម្មណ៍​របស់​អ្នក​ផ្លាស់ប្តូរ​តាម​ពេលវេលា ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:១៣–១៥, ២១–៣០, ៣៨–៣៩, ៥៥–៥៧ ។ ខគម្ពីរ​ទាំងនេះ​គឺជា​សម្រង់​ចេញពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ដ៏​បំផុសគំនិត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

សូម​សរសេរ​បញ្ជី​ពរជ័យ​មួយ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ស្នើសុំ​សម្រាប់​ពួក​អ្នក​ស្មោះត្រង់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ពរជ័យ​ទាំងនេះ ?

សូម​ស្វែងរក​ឲ្យ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​គង់​នៅ​ជាមួយ​អ្នក

អ្នក​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​អ្នក​ត្រូវបាន​បញ្ជាក់​ថា​ជា​សមាជិក​នៃ​សាសនាចក្រ ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា—ហើយ​ពេញ​មួយ​ជីវិត​របស់​អ្នក—តម្រូវការ​ដ៏​ធំ​បំផុត​មួយ​របស់​អ្នក​គឺ​ត្រូវ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ជាមួយ​អ្នក ( សូមមើល នីហ្វៃទី១ ១០:១៧; នីហ្វៃទី៣ ១៩:៩ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ បង្រៀន និង​លួងលោម​អ្នក ។ ទ្រង់​សម្អាត និង​ញែក​អ្នក​ចេញ​ជា​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត និង​ថ្លែង​ជា​សាក្សី​ពី​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា ។ ទ្រង់​នាំ​មក​នូវ​ការប្រែចិត្ត​ជឿ​របស់អ្នក និង​ការប្រែចិត្ត​ជឿ​របស់​អស់​អ្នក​ដែល​អ្នក​បង្រៀន ។ ( សូមមើល នីហ្វៃទី៣ ២៧:២០; ២៨:១១; អេធើរ ១២:៤១; មរ៉ូណៃ ៨:២៦; ១០:៥; យ៉ូហាន ១៥:២៦ ) ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ « នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៥ ) ។ ទ្រង់​នឹង​តម្កើង​សមត្ថភាព និង​ការបម្រើ​របស់អ្នក​ឲ្យ​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។

ការស្វែងរក​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​អ្នក​គួរតែ​ជា​បំណងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​បំផុត​មួយ​របស់​អ្នក ។ អ្នក​នឹង​ស្គាល់​ភាពជា​ដៃគូ​របស់​អ្នក​កាលណា​អ្នក ៖

ប្រធាន រ័សុល អិម ណិលសុន

« ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។… សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ » ( Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។

ការរៀន​ស្គាល់​ព្រះវិញ្ញាណ

អ្នក​នឹង​បំពេញ​គោលបំណង​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​កាន់តែ​ល្អ នៅពេល​អ្នក​រៀន​ស្គាល់ និង​ធ្វើតាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជា​ធម្មតា ព្រះវិញ្ញាណ​ប្រាស្រ័យ​ទាក់ទង​ដោយ​ស្ងាត់ស្ងៀម តាមរយៈ​អារម្មណ៍ និង​គំនិត​របស់​អ្នក ។ សូម​ពលិកម្ម​ខ្លួន​អ្នក​ដើម្បី​ស្វែងរក ស្គាល់ និង​ធ្វើ​តាម​ការបំផុសគំនិត​ដ៏​ប្រពៃ​ទាំង​នេះ ។ វា​កើតឡើង​តាម​របៀប​ជា​ច្រើន ( សូមមើល ជំពូក​ទី ៤ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៣; ១១:១២–១៤; កាឡាទី ៥:២២–២៣ ) ។

បង្រៀន​ដោយ​ព្រះវិញ្ញាណ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា « ព្រះ‌ចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » ( រ៉ូម ១:១៦ ) ។ ដោយសារ​ហេតុផល​នោះ សារលិខិត​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ចាំបាច់​ត្រូវ​បង្រៀន​ដោយ​ព្រះចេស្ដា​ដ៏​ទេវភាព—ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៤; សូមមើល​ផងដែរ ៥០:១៣–១៤, ១៧–២២ ) ។ នៅពេល​អ្នក​បង្រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង ៖

  • បង្រៀន​អ្នក​នូវ​សេចក្ដីពិត ហើយ​នាំ​យក​គោលលទ្ធិ​ដែល​អ្នក​បាន​សិក្សា​ដល់​ការចងចាំ​របស់​អ្នក ( សូមមើល យ៉ូហាន ១៤:២៦ ) ។

  • ប្រទាន​ឲ្យ​អ្នក​នូវ​ពាក្យ​ដើម្បី​និយាយ​នៅពេល​ដែល​អ្នក​ត្រូវការ​និយាយ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៨៥ ) ។

  • ដាក់​សារលិខិត​របស់​អ្នក​ទៅ​ក្នុង​ចិត្ត​មនុស្ស​ដែល​អ្នក​បង្រៀន ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។

  • ជួយ​អ្នក—និង​អ្នក​ដែល​ទទួល​ដោយ​ព្រះវិញ្ញាណ—ដើម្បី​យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​បាន​ស្អាង​ឡើង ហើយ​រីករាយ​ជាមួយ​គ្នា ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៧–២២ ) ។

  • សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​នៃ​សារលិខិត​របស់អ្នក ហើយ​បញ្ជាក់​ពាក្យ​សម្តី​របស់​អ្នក​ចំពោះ​អ្នក​ដែល​ទទួល​អ្នក ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០០:៥–៨ ) ។

ព្រះអម្ចាស់​នឹង​ប្រទានពរ​អ្នក​យ៉ាង​បរិបូរណ៍ នៅពេល​អ្នក​ស្វែងរក ពឹងផ្អែក និង​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល ជំពូក​ទី ៤ និង ១០ ) ។

ម្ដង​ម្នាក់ៗ ដោយ វ៉លធើរ រ៉េន

ដំណឹងល្អ​របស់​ព្រះគ្រីស្ទ និង​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​និយមន័យ​ទាំង​សារលិខិត និង​គោលបំណង​របស់អ្នក ។ វា​ផ្តល់​ទាំង « អ្វី » និង « ហេតុអ្វី » នៃ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់អ្នក ។ ដំណឹងល្អ​របស់​ទ្រង់​រួម​បញ្ចូល​ទាំង​គោលលទ្ធិ គោលការណ៍ ក្រឹត្យវិន័យ បទបញ្ញត្តិ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។

សារលិខិត​នៃ​ដំណឹងល្អ​គឺថា យើង​អាច​ទទួល​បាន​ការសង្គ្រោះ ការប្រោសលោះ​នៃ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ប្រែចិត្ត ទទួល​បុណ្យជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូមមើល នីហ្វៃទី៣ ២៧:១៣–២២ ) ។

ការណ៍​នេះ​ត្រូវ​បាន​ស្គាល់​ផង​ដែរ​ថា​ជា​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ ការរស់នៅ​តាម​គោលលទ្ធិ​នេះ គឺជា​របៀប​ដែល​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​បាន​សង្រ្គោះ ( សូមមើល នីហ្វៃទី១ ១៥:១៤ ) ។ ការណ៍នេះ​ត្រូវ​បាន​បង្រៀន​យ៉ាង​មាន​អានុភាព​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ( សូមមើល នីហ្វៃទី២ ៣១; ៣២:១–៦; នីហ្វៃទី៣ ១១:៣១–៤០ ) ។ គោលបំណង​របស់​អ្នក​គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​មករក​ព្រះគ្រីស្ទ​ដោយ​ជួយ​ពួកគេ​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់ ។

ហៃរុម ស៊្មីធ

« សូម​ប្រកាស​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ—ប្រកាស​វា​ម្ដង​ហើយ​ម្ដង​ទៀត បងប្អូន​នឹង​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គំនិត​ថ្មី និង​ពន្លឺ​បន្ថែម​ទៀត​ទាក់​ទង​នឹង​គោលការណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ទៅ​កាន់​បងប្អូន ។ បងប្អូន​អាច​ពង្រីក​គោលការណ៍​ទាំងនោះ ដើម្បី​យល់​វា​ឲ្យ​កាន់តែ​ច្បាស់ ។ បន្ទាប់​មក បងប្អូន​នឹង​អាច​ធ្វើ​ឲ្យ​អ្នកដែល​បងប្អូន​បង្រៀន យល់​វា​កាន់តែ​ច្បាស់​បន្ថែម​ទៀត » ( ហៃរុម ស៊្មីធ នៅក្នុង History ឆ្នាំ ១៨៣៨–១៨៥៦ volume E-1 [ ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨៤៣–ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៨៤៤ ] ឆ្នាំ ១៩៩៤ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​បទគម្ពីរ និង​ការប្រកាស​ខាងក្រោម​បង្រៀន​អ្វីខ្លះ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ? សូម​កត់ចំណាំ​នៅក្នុង​សៀវភៅ​សិក្សា​របស់​អ្នក​ដើម្បី​ជួយ​អ្នក​យល់ និង​ចងចាំ ។

អំណាច​នៃ​ការប្រែចិត្តជឿ​នៃព្រះគម្ពីរ​មរមន ដោយ បិន សូវួដ

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សេចក្តីជំនឿ​គឺជា​គ្រឹះ​សម្រាប់​គោលការណ៍​នៃ​ដំណឹងល្អ​ផ្សេងទៀត​ទាំងអស់ ។ សេចក្តីជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។

សេចក្ដី​ជំនឿ​របស់​យើង​ត្រូវតែ​ផ្ដោតសំខាន់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ សម្រាប់​នាំ​ជន​ណា​ម្នាក់​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ( យ៉ូហាន ៣:១៦ ) ។

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ រួម​បញ្ចូល​ទាំង​ការជឿ​ថា​ទ្រង់​ជា​ព្រះរាជបុត្រា​តែ​មួយ​របស់​ព្រះ ។ វា​ជា​ការ​ទុកចិត្ត​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ( សូមមើល ម៉ូសាយ ៣:១៧; អាលម៉ា ៤:៦–១០; អាលម៉ា ៥:៧–១៥ ) ។ វា​គឺជា​ការ​មាន​ទំនុកចិត្ត​ទាំងស្រុង​លើ​ទ្រង់ និង​ព្រះបន្ទូល ការបង្រៀន និង​ការសន្យា​របស់​ទ្រង់ ។ សេចក្តីជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​រីកចម្រើន នៅពេល​យើង​ធ្វើ​តាម​ការបង្រៀន និង​គំរូ​របស់​ទ្រង់​ដោយ​មាន​គោលបំណង​អស់ពី​ដួង​ចិត្ត ( សូមមើល នីហ្វៃទី២ ៣១:៦–១៣; នីហ្វៃទី៣ ២៧:២១–២២ ) ។

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការតាំងចិត្ត​ទាំងនេះ​រៀបចំ​ពួកគេ​ឲ្យ​ទទួល​ពិធីបរិសុទ្ធ ហើយ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ ។

ការប្រែចិត្ត

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នាំ​យើង​ឲ្យ​ប្រែចិត្ត ( សូមមើល ហេលេមិន ១៤:១៣ ) ។ ការប្រែចិត្ត គឺជា​ដំណើរការ​នៃ​ការងាក​ទៅ​រក​ព្រះ ហើយ​ងាក​ចេញ​ពី​អំពើ​បាប ។ នៅពេល​យើង​ប្រែចិត្ត សកម្មភាព បំណង​ប្រាថ្នា និង​គំនិត​របស់​យើង​ផ្លាស់ប្តូរ​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ ។

តាមរយៈ​ការពលិកម្ម​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃសម្រាប់​អំពើបាប​របស់​យើង ( សូមមើល ម៉ូសាយ ១៥:៩; អាលម៉ា ៣៤:១៥–១៧ ) ។ នៅពេល​យើង​ប្រែចិត្ត យើង​អាច​ត្រូវ​បាន​អភ័យទោស​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់ ដ្បិត​ទ្រង់​ទាមទារ​សិទ្ធិ​នៃ​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​សម្រាប់​អ្នក​ដែល​មាន​ទោស ( សូមមើល មរ៉ូណៃ ៧:២៧–២៨ ) ។ នៅក្នុង​ប្រសាសន៍​របស់​ព្យាការី​លីហៃ « សេចក្ដី​ប្រោស​លោះ​នឹង​មក​ដោយ​… បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃទី២ ២:៦, ៨ ) ។

ការប្រែចិត្ត​គឺ​លើស​ពី​ការអនុវត្ត​នូវ​ការ​ឲ្យ​ឃើញ​នូវ​អានុភាព​ក្នុង​ការផ្លាស់ប្តូរ​អាកប្បកិរិយា ឬ​យក​ឈ្នះ​លើ​ភាព​ទន់ខ្សោយ​ទៅ​ទៀត ។ ការប្រែចិត្ត​គឺជា​ការងាក​ទៅរក​ព្រះគ្រីស្ទ​ដោយ​ស្មោះ ដែល​ផ្តល់​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ទទួល​បទពិសោធន៍ « ការផ្លាស់ប្ដូរ​ដ៏​ធំ » នៅក្នុង​ដួងចិត្ត​របស់​យើង ( សូមមើល អាលម៉ា ៥:១២–១៤ ) ។ វា​រួមបញ្ចូល​ទាំង​ការបន្ទាប​ខ្លួន​ធ្វើ​តាម​ព្រះវិញ្ញាណ និង​ការចុះចូល​តាម​ព្រះហឫទ័យ​របស់​ព្រះ ។ នៅពេល​យើង​ប្រែចិត្ត យើង​បង្កើន​ការតាំងចិត្ត​របស់​យើង​ដើម្បី​បម្រើ​ព្រះ ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ យើង​កើត​ជា​ថ្មី​ខាងវិញ្ញាណ​នៅក្នុង​ព្រះគ្រីស្ទ ។

ការប្រែចិត្ត​គឺជា​គោលការណ៍​វិជ្ជមាន​ដែល​នាំ​មក​នូវ​អំណរ និង​សេចក្តី​សុខសាន្ត ។ វា​នាំ​យើង « ​ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោស​លោះ ឲ្យ​បាន​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង [ របស់​យើង ] » ( ហេលេមិន ៥:១១ ) ។

ចូរ​ក្លាហាន និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​ក្នុងការ​ជួយ​មនុស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ពួកគេ​គួរតែ​ប្រែចិត្ត ។ តាមរយៈ​ការអញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន​ឲ្យ​ធ្វើ​ការតាំងចិត្ត នោះ​អ្នក​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​អ្នក​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួកគេ ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​បទគម្ពីរ​ខាងក្រោម​នេះ​អំពី​ការប្រកាស​ពីការ​ប្រែចិត្ត ?

ពិធីបុណ្យ​ជ្រមុជ​ទឹក

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត រៀបចំ​យើង​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ « ផល​ដំបូង​នៃ​ការប្រែចិត្ត គឺ​ការជ្រមុជទឹក » ( មរ៉ូណៃ ៨:២៥ ) ។ យើង​ចូល​ទៅកាន់​ទ្វារ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅពេល​ដែល​យើង​ទទួល​បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​ពី​អ្នក​ដែល​មាន​សិទ្ធិអំណាច​ពី​ព្រះ ។

នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក យើង​ចុះ​សេចក្តី​សញ្ញា​មួយ​ជាមួយ​ព្រះ ។ នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​នេះ ព្រះ​សន្យា​ថា​នឹង​ប្រទាន​ដល់​យើង​នូវ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អត់ទោស​ដល់​អំពើ​បាប​របស់​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​សមាជិកភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧, ៧៩; មរ៉ូណៃ ៦:៤ ) ។ យើង​បាន​ប្រមូល​គ្នា​ទៅ​រក​ព្រះអម្ចាស់ ហើយ​បាន​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​តាម​រយៈ​ពិធី​បរិសុទ្ធ​ដ៏​រីករាយ និង​ពេញ​ដោយ​ក្តី​សង្ឃឹម​នេះ ។

ការជ្រមុជ​ទឹក និង​ការបញ្ជាក់​ដល់​អ្នក​ដែល​អ្នក​បង្រៀន​គឺ​សំខាន់​សម្រាប់​គោល​បំណង​របស់​អ្នក ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ពួកគេ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ។

ការសិក្សា​ជាមួយ​ដៃគូ

សូម​ស្រាវជ្រាវ​ខគម្ពីរ​ដូច​តទៅ​នេះ ៖

ដោយ​ផ្អែក​លើ​ការសិក្សា​ខគម្ពីរ​ខាង​លើ​របស់​អ្នក សូម​ធ្វើ​បញ្ជី​សរសេរ​ចំនួន​ពីរ ៖

  1. លក្ខណៈសម្បត្តិ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក

  2. សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​នៅ​ពិធី​បុណ្យជ្រមុជទឹក ។

សូម​ពិភាក្សា​ជាមួយ​ដៃគូ​របស់អ្នក​អំពី​របៀប​បង្រៀន​ការណ៍​នេះ​ដល់​អ្នក​ដទៃ ។

ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ពិធីបុណ្យជ្រមុជទឹក​មាន​ពីរផ្នែក ៖ គឺ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក និង​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណ ។ បន្ទាប់ពី​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក នោះ​ពិធីបុណ្យ​ជ្រមុជទឹក​ពេញលេញ នៅ​ពេល​យើង​ត្រូវ​បាន​បញ្ជាក់​ដោយ​ការដាក់​ដៃ​ដោយ​អ្នក​ដែល​មាន​សិទ្ធិអំណាច​ពី​ព្រះ ។ តាមរយៈ​ពិធីបញ្ជាក់​នេះ យើង​អាច​ទទួលបាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​ផ្ដាច់​បាប​របស់​យើង ។

ព្យាការី​យ៉ូសែប ស្មីធ​បាន​បង្រៀន​ថា ៖​« ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក​គឺ​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​តែ​ពាក់​កណ្ដាល ហើយ​វា​ពុំ​ល្អ​ទេ​បើ​គ្មាន​ពាក់​កណ្ដាល​ទៀត—ដែល​ជា​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥ ) ។

អាលម៉ា​បាន​បង្រៀន​ថា « មនុស្ស​លោក​ទាំង​អស់​…​ត្រូវ​តែ​កើត​ម្ដង​ទៀត​ឡើយ មែន​ហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់​ប្រែ​ពី​ស្ថានភាព​ខាង​រូប​កាយ និង​ខាង​ការ​ធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោស​លោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ។ ម្ល៉ោះ​ហើយ ពួក​គេ​ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី » ( ម៉ូសាយ ២៧:២៥, ២៦ ) ។

សម្រាប់​ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ គឺជា​ការកើត​ខាងវិញ្ញាណ​ជា​ថ្មី ។

ការសិក្សា​ព្រះគម្ពីរ

តើ​ពរជ័យ​នៃ​ការ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​អ្វីខ្លះ ?

ហេតុអ្វី​យើង​ចង់​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​គឺជាការ​តាំងចិត្ត​ពេញ​មួយ​ជីវិត ។ យើង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នៅពេល​យើង​បន្ត​ពេញ​មួយ​ជីវិត​របស់យើង ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ជា​រៀង​រាល់ថ្ងៃ ទទួល​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងអស់​នៃ​ដំណឹងល្អ រក្សា​សេចក្តី​សញ្ញា​ទាំងនោះ ហើយ​មាន​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នេះ​រួមទាំង​ការ​រំឭក​សេចក្តី​សញ្ញា​ដែល​យើង​បាន​ធ្វើ​ឡើងវិញ ដោយ​ការ​ទទួលទាន​នៃ​សាក្រាម៉ង់ ។

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ យង់សុង គិម

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ យង់សុង គិម រូបភាព​ពន្លឺ​ស្ថានសួគ៌ ។

ដំណឹង​ល្អ—ជា​ផ្លូវ​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់ប្តូរ​របៀប​ដែល​យើង​រស់នៅ និង​សក្ដានុពល​របស់​យើង ។ គោលការណ៍​របស់​ដំណឹងល្អ​មិន​គ្រាន់តែ​ជា​ជំហាន​ដែល​យើង​ដកពិសោធន៍​តែម្តង​ក្នុង​ជីវិត​របស់​យើង​នោះ​ទេ ។ នៅពេល​ដែល​យើង​បន្ត​ធ្វើ​វា​ពេញ​មួយ​ជីវិត នោះ​វា​នាំ​ឲ្យ​យើង​ខិតទៅ​ជិត​ព្រះ ហើយ​ក្លាយ​ជា​គំរូ​នៃ​ការរស់នៅ​ដ៏​មាន​តម្លៃ​កាន់តែ​ខ្លាំង​ឡើង ។ វា​នាំ​មក​នូវ​សេចក្តី​សុខសាន្ត ការព្យាបាល និង​ការអភ័យទោស ។ វា​ក៏​កំណត់​ផ្លូវ​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ឲ្យ​យើង​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ណែនាំ​ពី​របៀប​ដែល​អ្នក​ធ្វើការ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ វា​ក៏​ផ្តោតលើ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ផងដែរ ។ សូម​ជួយ​មនុស្ស​ឲ្យ​ទទួល​បាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ឈាន​ដល់​ការប្រែចិត្ត ( សូមមើល អាលម៉ា ៣៤:១៥–១៧ ) ។ បង្រៀន និង​ថ្លែងទីបន្ទាល់​ពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សិទ្ធិអំណាច​នៃ​បព្វជិតភាព​ត្រូវ​បានស្ដារ​ឡើងវិញ ។ អញ្ជើញ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ បទគម្ពីរ​បង្រៀន​ថា « មនុស្ស​ទាំង​អស់​… ដូច​គ្នា » នៅ​ចំពោះ​ព្រះ ។ ទ្រង់​អញ្ជើញ « យើង​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ » ( នីហ្វៃទី២ ២៦:៣៣ ) ។

ដំណឹងល្អ​ផ្ដល់​ពរ​ដល់​យើង​ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់យើង និង​ពេញ​មួយ​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ។ យើង​ទំនង​ជា​រីករាយ​បំផុត—ទាំង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុម​គ្រួសារ—នៅពេល​យើង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសាយ ២:៤១; “ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការរស់នៅ​តាម​ដំណឹងល្អ​ធ្វើ​ឲ្យ​អំណរ​របស់​យើង​កាន់តែ​ស៊ីជម្រៅ បំផុស​គំនិត​របស់​យើង និង​ពង្រឹង​ទំនាក់​ទំនង​របស់យើង ។

សារលិខិត​ដ៏​អស្ចារ្យ​មួយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​គឺថា យើង​ទាំងអស់​គ្នា​ជា​ផ្នែក​នៃ​គ្រួសារ​របស់​ព្រះ ។ យើង​គឺជា​បុត្រាបុត្រី​ស្ងួនភ្ញា​របស់​ទ្រង់ ។ មិនថា​ស្ថានភាព​គ្រួសារ​របស់​យើង​នៅលើ​ផែនដី​យ៉ាង​ណា​នោះទេ យើង​ម្នាក់ៗ​គឺជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះ ។

ផ្នែក​ដ៏​អស្ចារ្យ​មួយ​ទៀត​នៃ​សារលិខិត​របស់​យើង​គឺថា គ្រួសារ​អាច​រួបរួម​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ក្រុមគ្រួសារ​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ ពួក​ព្យាការី​សម័យ​ចុងក្រោយ​បាន​បង្រៀន​ថា ៖

« ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព [ របស់​ព្រះវរបិតា​សួគ៌ ] នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ​ចេះតែ​បន្តមាន​រហូត​ហួសពី​សេចក្តីស្លាប់ ។ « ពិធីបរិសុទ្ធ​និង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​អាច​វិល​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ធ្វើ​ឲ្យ​គ្រួសារ​បាន​រួបរួម​ជួបជុំគ្នា​នៅ​អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

ឱកាស​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ឬ​ឱកាស​ដើម្បី​មាន​ទំនាក់ទំនង​គ្រួសារ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​មនុស្ស​ជាច្រើន​គឺ​មាន​កម្រិត ។ មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ​នឹង​ការលែងលះ និង​ស្ថានភាព​គ្រួសារ​ដ៏​លំបាក​ផ្សេង​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណឹង​ល្អ​ផ្ដល់​ពរ​ដល់​យើង​ម្នាក់ៗ​ដោយ​មិន​គិត​ពី​ស្ថានភាព​គ្រួសារ​របស់​យើង​ឡើយ ។ នៅពេល​យើង​ស្មោះត្រង់ ព្រះ​នឹង​ប្រទាន​ផ្លូវ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​គ្រួសារ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ មិន​ថា​ក្នុង​ជីវិត​នេះ ឬ​ក្នុង​ជីវិត​ខាង​មុខ​នោះ​ទេ ( សូមមើល ម៉ូសាយ ២:៤១ ) ។

សារលិខិត​នៃ​ការស្ដារឡើងវិញ ៖ គឺជា​គ្រឹះ​នៃ​សេចក្តី​ជំនឿ

មិន​ថា​អ្នក​បម្រើ​នៅ​ទីណា ឬ​អ្នក​បង្រៀន​អ្នក​ណា​នោះ​ទេ សូម​ផ្តោត​ការបង្រៀន​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​គោលលទ្ធិ​នៅក្នុង​មេរៀន​អ្នក​ផ្សព្វផ្សាយសាសនា អ្នក​នឹង​ឃើញ​ថា យើង​មាន​សារលិខិត​មួយ ៖ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ។ តាមរយៈ​ព្យាការី​សម័យទំនើប ព្រះវរបិតាសួគ៌​បាន​ស្ដារ​ចំណេះដឹង​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ផែនការ​នេះ​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ត្រូវ​បាន​សង្គ្រោះ​ពី​អំពើបាប និង​សេចក្តីស្លាប់ ហើយ​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌​វិញ ។

ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​យល់​ដូច​ខាងក្រោម ៖

  • ព្រះ​ពិត​ជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ទ្រង់​ស្រឡាញ់​យើង​ដោយ​ឥតខ្ចោះ ។ មនុស្ស​គ្រប់រូប​នៅលើ​ផែនដី​គឺជា​បុត្រ​របស់​ព្រះ និង​ជា​សមាជិក​នៃ​គ្រួសារ​របស់​ទ្រង់ ។

  • ព្រះវរបិតាសួគ៌​បាន​ប្រទាន​ផែនការ​មួយ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ភាពអមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​ជា​ពរជ័យ​ដ៏​មហិមា​បំផុត​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ១:៣៩ ) ។ យើង​មក​ផែនដី​ដើម្បី​រៀន រីកចម្រើន និង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ភាពពេញលេញ​នៃ​ពរជ័យ​របស់​ទ្រង់ ។

  • ដោយ​ជា​ផ្នែក​នៃ​ផែនការ​របស់​ទ្រង់ ព្រះវរបិតាសួគ៌​បាន​ប្រទាន​បទបញ្ញត្តិ​ដើម្បី​ដឹកនាំ​យើង​ក្នុង​អំឡុង​ពេល​ជីវិត​នេះ ហើយ​ជួយ​យើង​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ( សូមមើល ឧទាហរណ៍ និក្ខមនំ ២០:៣–១៧ ) ។

  • នៅក្នុង​ជីវិត​នេះ យើង​ទាំងអស់​គ្នា​មាន​បាប ហើយ​យើង​ទាំងអស់​គ្នា​នឹង​ស្លាប់ ។ ដោយសារ​តែ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកយើង នោះ​ទ្រង់បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​មកប្រោសលោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

  • ដោយសារ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ យើង​អាច​ត្រូវ​បាន​ស្អាត​ពី​អំពើបាប​របស់​យើង នៅពេល​យើង​ប្រែចិត្ត ហើយ​ទទួល​បុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ការណ៍នេះ​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​ដល់​យើង ហើយ​វា​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញ​លេញ​នៃ​អំណរ ។

  • ដោយសារ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​បន្ទាប់ពី​សេចក្តី​ស្លាប់ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​រស់នៅ​ជា​រៀង​រហូត ។

  • នៅក្នុង​ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ​ប៊ីប​ទាំងមូល ព្រះអម្ចាស់​បាន​បើក​សម្តែង​ដំណឹងល្អ​របស់ទ្រង់ ហើយ​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី ។ ម្តងហើយ​ម្តងទៀត មនុស្ស​ភាគច្រើន​បាន​បដិសេធ​ដំណឹងល្អ ។ គំរូ​នៃ​ការឃ្លាតឆ្ងាយ​ពី​ដំណឹងល្អ និង​តម្រូវការ​ដើម្បី​ស្ដារ​ឡើងវិញ​វា​បាន​ចាប់ផ្ដើម​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។

  • បន្ទាប់ពី​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ពួក​សាវក​របស់​ទ្រង់​បាន​ដឹកនាំ​សាសនាចក្រ​មួយ​រយៈ ។ នៅ​ទីបំផុត ពួកគេ​បាន​ស្លាប់ សិទ្ធិអំណាច​បព្វជិតភាព​ត្រូវ​បាន​បាត់បង់ ហើយ​មាន​ការប្រាកចាក​ផ្សេងទៀត​ចេញពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ មនុស្ស​បាន​ផ្លាស់ប្តូរ​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​ទាំងឡាយ ។

  • ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារឡើងវិញ​ដោយ​ព្រះ​វរបិតាសួគ៌​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​យ៉ូសែប នៅ​និទាឃរដូវ​នា​ឆ្នាំ ១៨២០ ។ ក្រោយមក យ៉ូសែប ស៊្មីធ បាន​ទទួល​សិទ្ធិអំណាច​បព្វជិតភាព ហើយ​ត្រូវ​បាន​ដឹក​នាំ​ឲ្យ​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ម្តងទៀត​នៅលើ​ផែនដី ។

សូម​បង្រៀន​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មិន​មែន​ជា​សាសនា​ផ្សេង​នោះ​ទេ ។ ហើយ​ក៏​មិនមែន​ជា​ព្រះវិហារ​របស់​ជនជាតិ​អាមេរិកកាំង​ដែរ ។ ផ្ទុយទៅវិញ សាសនាចក្រ​នេះ​គឺជា​ការស្តារឡើងវិញ​នៃ « ភាពពោរពេញ​នៃ​ដំណឹងល្អ » របស់​ព្រះ​យេស៊ូវគ្រីស្ទ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:២៣ ) ។ វា​នឹង​មិន​យក​ចេញពី​ផែនដី​នេះ​ម្តងទៀត​នោះ​ទេ ។

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថ្លែង​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ វា​ក៏​ជា​សាក្សី​ដ៏​មាន​អានុភាព​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូម​អញ្ជើញ និង​ជួយ​មនុស្ស​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​អំពី​សារលិខិត​ដែលមានក្នុង​ព្រះគម្ពីរ​នេះ ។

សូម​ជឿជាក់​លើ​ការសន្យា​ដ៏​អស្ចារ្យ មរ៉ូណៃ ១០:៣–៥ ។ សូម​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​ទូល​សួរ​ដល់​ព្រះ​ដោយ​ស្មោះសរ និង​ស្មោះ​អស់ពី​ចិត្ត​ថា​តើ​ព្រះគម្ពីរ​មរមន​ជា​ព្រះបន្ទូល​របស់​ព្រះ ឬ​អត់ ។ ការអធិស្ឋាន​ដោយ​ស្មោះ​អស់ពី​ចិត្ត​មាន​ន័យ​ថា​ស្ម័គ្រចិត្ត​ធ្វើ​តាម​ចម្លើយ​ដែល​បាន​មកពី​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សាក្សី​នោះ​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ម្នាក់​ថា ព្រះគ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ ។ ជួយ​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ស្វែងរក​ការបញ្ជាក់​នោះ​ពី​ព្រះ​វិញ្ញាណ ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​គួរ​ប្រើ​ព្រះគម្ពីរ​មរមន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដោយ​របៀបណា ?

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ស្រមៃ​ថា អ្នក​នឹង​សរសេរ​កថាខណ្ឌ​អំពី​សារលិខិត​នៃ​ការស្ដារឡើងវិញ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​សម្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ចំណងជើង​ដែល​ពិពណ៌នា​អំពី​សារលិខិត​ដ៏​សំខាន់ ។ បន្ទាប់មក សូម​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​សារលិខិត​នេះ ។ សូម​រួមបញ្ចូល​ពី​របៀប​ដែល​ការយល់ដឹង​កាន់តែ​ច្បាស់​បាន​ផ្លាស់ប្តូរ​របៀប​រស់នៅ​របស់​អ្នក និង​របៀប​ដែល​អ្នក​មើល​ពិភពលោក​ជុំវិញ​អ្នក ។

បង្កើត និង​ស្ថាបនា​សាសនាចក្រ

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ ទ្រង់​បាន​ណែនាំ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ដទៃ​ទៀត​ឲ្យ « តាំង » វា និង « ស្ថាបនា [ វា ] ឡើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣១:៧; ៣៩:១៣ ) ។ សាសនាចក្រ​បាន​ស្ថាបនា​ឡើង និង​សាងសង់ នៅពេល​មនុស្ស​ដែល​មាន​ទីបន្ទាល់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​បាន​បញ្ជាក់ រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ រៀបចំ​ខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ជួយ​ពង្រឹង​វួដ ឬ​សាខា​របស់​ពួកគេ ។

បុរស​កំពុង​អធិស្ឋាន

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ជួយ​បង្កើត និង​ស្ថាបនា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ មាន​មធ្យោបាយ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។ អ្នក​អាច​គាំទ្រ​សមាជិក នៅពេល​ពួកគេ​ចែកចាយ​ដំណឹងល្អ​តាមរយៈ​គោលការណ៍​នៃ​ការពេញ​ដោយ​ក្តី​ស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ ( សូមមើល ក្បួនខ្នាត​ទូទៅ ២៣.១ ) ។ អ្នក​អាច​ជួយ​មនុស្ស​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​រីកចម្រើន​ក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ អ្នក​អាច​ជួយ​សមាជិក​ថ្មី​សម្រប​ខ្លួន​ទៅនឹង​ជីវិត​ថ្មី​របស់​ពួកគេ ហើយ​បន្ត​រីកចម្រើន​ខាងវិញ្ញាណ ។ អ្នក​ក៏​អាច​ជួយ​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​រីកចម្រើន​នៅពេល​ពួកគេ​ដក​ពិសោធន៍​នឹង​ដំណឹងល្អ​ដែល​ដំណើរការ​ក្នុង​ជីវិត​របស់​ពួកគេ ។ ដើម្បី​ជួយ​នាំ​ឲ្យ​មាន​រឿង​នេះ​កើតឡើង វា​ជា​ការ​សំខាន់​ដែល​ពួកគេ ៖

  • មាន​មិត្តភក្តិ​ដែល​ជា​សមាជិក​សាសនាចក្រ ។

  • ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការទទួល​ខុសត្រូវ​ក្នុង​សាសនាចក្រ ។

  • ត្រូវ​បានចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​របស់ព្រះ ។

( សូម​មើល ហ្គរដុន ប៊ី ហ៊ិងគ្លី « Converts and Young Men » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៤៧ ) ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា ថ្នាក់​ដឹកនាំ​ក្នុង​តំបន់ និង​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត​គួរតែ​រីករាយ​ទទួល​យក​ឱកាស​ដើម្បី​បីបាច់ និង​ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ការបម្រើ​នេះ​ជួយ « ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ » ( មរ៉ូណៃ ៦:៤ ) ។

សូម​ទៅ​ចុះឡើង​ធ្វើ​ការល្អ

អំឡុង​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​អ្នក​ដទៃ ។ ទ្រង់​បាន​យាង « ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ » និង « ប្រកាស​ដំណឹង​ល្អ » ( កិច្ចការ ១០:៣៨; ម៉ាថាយ ៤:២៣ ) ។ ពេល​អ្នក​ធ្វើ​តាម​គំរូ​របស់​ទ្រង់ អ្នក​នឹង​រក​ឃើញ​មនុស្ស​ដែល​អ្នក​អាច​បម្រើ ហើយ​អ្នក​ណា​នឹង​ទទួល​អ្នក ។

តាមរយៈ​ការបម្រើ អ្នក​បំពេញ​តាម​បទបញ្ញត្តិ​ដ៏​ធំ​ពីរ​ដើម្បី​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក ( សូមមើល ម៉ាថាយ ២២:៣៦–៤០; ២៥:៤០; ម៉ូសាយ ២:១៧ ) ។ តាមរយៈ​ការបម្រើ អ្នក​និង​អ្នក​ដទៃ​អាច​នឹង​​រួបរួម​គ្នា​ក្នុង​របៀប​ដ៏​មាន​ឥទ្ធិពល និង​បំផុស​គំនិត ។

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ផ្ដល់ ការបម្រើ ដែល​បាន​ដាក់​ផែនការ​រាល់​សប្តាហ៍ ( សូមមើល បទដ្ឋាន​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ២.៧ និង ៧.២ ដើម្បី​ទទួល​បាន​ព័ត៌មាន និង​គោលការណ៍​ណែនាំ ) ។ ក្រោម​ការដឹកនាំ​របស់​ប្រធាន​បេសកកម្ម​របស់​អ្នក អ្នក​អាច​ស្វែងរក​ឱកាស​ដើម្បី​បម្រើ​ក្នុង​សហគមន៍​តាម​រយៈ JustServe ( តាម​ដែល​វា​បាន​អនុម័ត ) និង​កិច្ចការ​ផ្នែក​មនុស្សធម៌ និង​គ្រោះមហន្តរាយ​របស់​សាសនាចក្រ ។

ជា​រៀងរាល់​ថ្ងៃ​ពេញ​មួយ​ថ្ងៃ សូម​អធិស្ឋាន និង​ស្វែងរក​ឱកាស​ដែល មិនបាន​ដាក់​ផែនការ ដើម្បី​ធ្វើ​ការល្អ ។ សូម​ស្តាប់​ព្រះវិញ្ញាណ ដើម្បី​ស្គាល់​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព​សប្បុរស​តូចៗ​ដែល​អ្នក​អាច​ផ្តល់​ជូន ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« តើ​អ្នក​ចង់​សប្បាយចិត្ត​ទេ ? » បំភ្លេច​ខ្លួន​ឯង ហើយ​ខិតខំ​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ ។ ផ្តល់​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ជួយ​មនុស្ស ។ … ចូរ​ខិតខំ ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ក្បាលជង្គង់​ញ័រ លើក​ដៃ​ដល់​អ្នក​ដែល​រោយ ។ រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( ហ្គរដុន ប៊ី ហ៊ិងគ្លី Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ ២០១៦ ] ទំព័រ ២០៩ ) ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្វី​ជា​តួនាទី​នៃ​ការបម្រើ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ?

តើ​អ្វី​ជា​តួនាទី​នៃ​ការបម្រើ​ក្នុង​បេសកកម្ម​របស់​អាំម៉ូន និង​អើរ៉ុន ?

តើ​ព្រះអម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ ?

អ្នកផ្សព្វផ្សាយ​ដ៏​ជោគជ័យ

ភាពជោគជ័យ​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​កំណត់​ជា​ចម្បង​ដោយ​បំណងប្រាថ្នា និង​ការតាំងចិត្ត​របស់​អ្នក​ក្នុង​ការស្វែងរក បង្រៀន ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​បញ្ជាក់​អ្នក​ប្រែចិត្ត​ជឿ និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ និង​សមាជិក​នៃ​សាសនាចក្រ​របស់ទ្រង់ ( សូមមើល អាលម៉ា ៤១:៣ ) ។

ភាពជោគជ័យ​របស់‏​អ្នក​មិន​បាន​កំណត់​ដោយ​ចំនួន​មនុស្ស​ដែល​អ្នក​បង្រៀន ឬ​ជួយ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នោះ​ទេ ។ ក៏​មិន​កំណត់​ដោយ​ការ​មាន​តំណែង​ជា​អ្នក​ដឹកនាំ​ដែរ ។

ភាពជោគជ័យ​របស់អ្នក​មិន​អាស្រ័យ​លើ​របៀប​ដែល​អ្នក​ដទៃ​ជ្រើសរើស​ឆ្លើយតប​នឹង​អ្នក ការអញ្ជើញ​របស់អ្នក ឬ​ទង្វើ​សប្បុរសធម៌​របស់អ្នក​នោះទេ ។ មនុស្ស​មាន​សិទ្ធិជ្រើសរើស​ថាតើ​ត្រូវ​ទទួល​សារលិខិត​នៃ​ដំណឹងល្អ​ឬ​អត់ ។ ការ​ទទួល​ខុសត្រូវ​របស់​អ្នក​គឺ​ត្រូវ​បង្រៀន​យ៉ាង​ច្បាស់លាស់ និង​មាន​អានុភាព ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​ដែល​នឹង​ផ្តល់​ពរ​ដល់​ពួកគេ ។

សូម​គិត​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ប្រាក់​នៅក្នុង ម៉ាថាយ ២៥:១៤–២៨ ។ ចៅហ្វាយ​ដែល​តំណាង​ឲ្យ​ព្រះអម្ចាស់​បាន​សរសើរ​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ទាំង​ពីរ​នាក់ ទោះ​បី​ជា​ទំហំ​នៃ​ដង្វាយ​របស់​ពួក​គេ​ខុស​គ្នា​ក៏​ដោយ ( សូម​មើល ម៉ាថាយ ២៥:២១, ២៣ ) ។ ទ្រង់​ក៏​បាន​ប្រទាន​រង្វាន់​ដល់​ពួកគេ​ទាំង​ពីរ​ដូចគ្នា ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង « ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ » ដោយសារ​ពួកគេ​បាន​លើកតម្កើង​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​ប្រទាន​ឲ្យ ។

ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​ទេពកោសល្យ និង​អំណោយ​ទាន​ដើម្បី​ប្រើ​ក្នុង​ការបម្រើ​របស់​ទ្រង់ ។ ទេពកោសល្យ និង​អំណោយទាន​របស់អ្នក​គឺខុស​ពី​ទេពកោសល្យ និង​អំណោយទាន​របស់​អ្នក​ដទៃ ។ សូម​ដឹង​ថា​ចំណុច​ទាំង​អស់​នេះ​មាន​សារៈ​សំខាន់ រួមទាំង​អ្វី​ដែល​មើល​មិន​ឃើញ​ផង​ដែរ ។ នៅពេល​អ្នក​ថ្វាយ​ទេពកោសល្យ និង​អំណោយ​ទាន​របស់​អ្នក​ដល់​ទ្រង់ ទ្រង់​នឹង​លើក​តម្កើង​ពួកគេ ហើយ​ធ្វើ​ការអស្ចារ្យ​ជាមួយនឹង​អ្វី​ដែល​អ្នក​ផ្តល់​ជូន ។

សូម​ចៀសវាង​ការប្រៀប​ធៀប​ខ្លួន​អ្នក​ទៅនឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ហើយ​ចៀសវាង​ការវាស់​លទ្ធផល​សំបក​ក្រៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់អ្នក​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។ ការប្រៀប​ធៀប​ជាធម្មតា​នាំ​ទៅរក​លទ្ធផល​អវិជ្ជមាន ដូចជា​ការបាក់​ទឹកចិត្ត ឬ​មោទនភាព ។ ការប្រៀបធៀប​ក៏​ច្រើន​តែ​នាំ​ឲ្យ​យល់​ខុស​ផងដែរ ។ អ្វី​ដែល​ព្រះអម្ចាស់​ចង់​បាន​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​របស់​អ្នក—សម្រាប់​អ្នក​ដើម្បី « បម្រើ​ទ្រង់ ឲ្យ​អស់ ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:២ បាន​បញ្ជាក់​ន័យ​បន្ថែម ) ។

អ្នក​អាច​នឹង​សោកស្តាយ ប្រសិនបើ​មនុស្ស​មិនទាន់​ទទួល​យក​ដំណឹងល្អ​នៅ​ឡើយ ។ ពេលខ្លះ​អ្នក​អាច​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ។ សូម្បី​តែ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ព្យាការី​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រះគម្ពីរ​ក៏​ជួនកាល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដែរ ( សូមមើល នីហ្វៃទី២:១៧–១៩; អាលម៉ា ២៦:២៧ ) ។ នៅ​គ្រា​បែប​នេះ សូម​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ​ដោយ​ងាក​ទៅ​រក​ព្រះអម្ចាស់ ដាក់​ទី​ទុកចិត្ត​របស់​អ្នក​ទៅ​លើ​ទ្រង់ អធិស្ឋាន​ទូលសុំ​កម្លាំង និង​ការចងចាំ​ពី​សេចក្តី​ល្អ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ( សូមមើល នីហ្វៃទី២ ៤:១៦–៣៥ ) ។

អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​កំពុង​អធិស្ឋាន

នៅពេល​ដែល​អ្នក​ងាក​ទៅរក​ព្រះអម្ចាស់​នៅ​គ្រា​ដែល​លំបាក ទ្រង់​បាន​សន្យា​ថា « អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចម្រើន​កំឡាំង​ដល់​ឯង » ( អេសាយ ៤១:១០ ) ។ តាមរយៈ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ អ្នក​អាច​ស្វែងរក​សេចក្តី​សុខសាន្ត និង​ការធានា​ឡើងវិញ​អំពី​ការខិតខំ​របស់​អ្នក ។ សេចក្តី​ជំនឿ​នឹង​ជួយ​អ្នក​ឲ្យ​ឈាន​ទៅ​មុខ ហើយ​បន្ត​ក្នុង​បំណងប្រាថ្នា​ដ៏​សុចរិត ។

សូម​បន្ត​ផ្តោតលើ​ការតាំងចិត្ត​របស់អ្នក​ចំពោះ​ព្រះគ្រីស្ទ និង​គោលបំណង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់អ្នក—មិន​មែន​លទ្ធផល​សំបក​ក្រៅ​នោះ​ទេ ។ លទ្ធផល​ទាំងនេះ​ច្រើន​តែ​មិន​បង្ហាញ​ឲ្យ​ឃើញ​ភ្លាមៗ​នោះ​ទេ ។ ទន្ទឹម​នឹង​នេះ សូម​រក្សា​ការរំពឹងទុក​របស់​អ្នក​ឲ្យ​ខ្ពស់​ដោយ​មិន​គិត​ពី​បញ្ហាប្រឈម​ដែល​អ្នក​ឆ្លងកាត់​ឡើយ ។ ការរំពឹង​ទុក​ខ្ពស់​នឹង​បង្កើន​ប្រសិទ្ធភាព​របស់​អ្នក បំណងប្រាថ្នា​របស់អ្នក និង​សមត្ថភាព​របស់អ្នក​ក្នុងការ​ធ្វើតាម​ព្រះវិញ្ញាណ ។

របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​វាយតម្លៃ​ការតាំងចិត្ត​របស់អ្នក​ចំពោះ​ព្រះអម្ចាស់ និង​ការខិតខំ​របស់​អ្នក​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ប្រកប​ដោយ​ភាព​ជោគជ័យ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ។

នៅ​ពេល​អ្នក​ធ្វើ​អស់​ពី​សមត្ថភាព​របស់​អ្នក នោះ​អ្នក​ប្រហែល​នៅ​តែ​មាន​ការខកបំណង ប៉ុន្តែ​អ្នក​មិន​ត្រូវ​ខកបំណង​លើ​ខ្លួន​របស់​អ្នក​ទេ ។ អ្នក​អាច​មាន​អារម្មណ៍​ធានា​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ នៅ​ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើកិច្ចការ​ទ្រង់​តាម​រយៈ​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

តើ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ចការ​នោះ ? តើ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​មាន​ឥទ្ធិពល​លើ​អ្នក​ដែល​ពួកគេ​បម្រើ​ដោយ​របៀប​ណា ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ចការ​នេះ ?

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូមអាន ហេលេមិន ១០:១–៥ និង នីហ្វៃទី៣ ៧:១៧–១៨ ។ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ និង​ការបម្រើ​របស់​ពួកគេ ?

  • សូម​គិត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​​ផ្សព្វផ្សាយ​សាសនា​របស់​អ័ប៊ីណាដៃ និង​អាំម៉ូន ( សូមមើល ម៉ូសាយ ១១–១៨; អាលម៉ា ១៧–២០; ២៣–២៤ ) ។ ហេតុអ្វី​ព្រះអម្ចាស់​ទទួល​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងពីរ​រូប​នេះ​ទោះបី​ជា​លទ្ធផល​ភ្លាមៗ​នៃ​ការខិតខំ​របស់​ពួកគេ​ខុស​គ្នា​ក៏ដោយ ?

  • សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ការបញ្ចេញ​សំឡេង​ព្រមាន ( សូមមើល យ៉ាកុប ៣:១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៤; ៣៨:៤១; ៦៣:៥៧–៥៨; ៨៨:៨១; ១១២:៥; អេសេគាល ៣:១៧–២១; ៣៣:១–១២ ) ។ សូម​សរសេរ​ជា​ពាក្យសម្តី​ផ្ទាល់ខ្លួន​របស់អ្នក​នូវ​អត្ថន័យ និង​របៀប​ដែល​អ្នក​អាច​ធ្វើ​វា ។

  • សូម​ពិចារណា​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិត​របស់អ្នក ដែល​បានពង្រឹង​ទីបន្ទាល់​របស់អ្នក​អំពី​យ៉ូសែប ស្ម៊ីធ និង​ការស្ដារ​ឡើងវិញ ។ កត់ត្រា​ចំណាប់​អារម្មណ៍​របស់អ្នក ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • សូម​ជ្រើសរើស​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​ខាងក្រោម ហើយ​អាន​បទគម្ពីរ​ដែល​បាន​រាយបញ្ជី ។ នៅពេល​អ្នក​អាន សូម​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ (១) បាន​យល់ ហើយ​ប្តេជ្ញាចិត្ត​ខ្លួន​ឯង​ចំពោះ​ការហៅ​របស់​គាត់ (២) បាន​បង្ហាញ​ពី​អាកប្បកិរិយា និង​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​ធ្វើ​ការងារ​នេះ ហើយ (៣) បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​យក​ដំណឹងល្អ ។

  • សូម​ជ្រើសរើស​ទំនុកតម្កើង​ពីរ​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ សូម​អាន ឬ​ច្រៀង​ទំនុកត​ម្កើង ។ សូម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនេះ ។

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • សូម​អញ្ជើញ​អ្នក​ប្រែចិត្តជឿ​ថ្មីៗ​ពីរ ឬ​បី​នាក់ ឲ្យ​ចែកចាយ​បទពិសោធន៍​នៃ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។ តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ? តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន ? តើ​អ្វី​បាន​ជួយ​ពួកគេ​រក្សា​ការតាំងចិត្ត ? តើ​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ចំពោះ​ការ​ប្រែចិត្ត​ជឿ​របស់​ពួកគេ ?

  • នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការប្រជុំ សូម​ចាត់តាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​នាក់​ឲ្យ​ជញ្ជឹងគិត​អំពី​សំណួរ​ដែល​បាន​ជ្រើសរើស​ពី « សូម​ពិចារណា​ការណ៍​នេះ » នៅ​ខាង​ដើម​ជំពូក​នេះ ។ សុំ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​រៀបចំ​សុន្ទរកថា​ពីរ​ទៅ​បី​នាទី​ពី​សំណួរ​ដែល​បាន​ចាត់តាំង ។ ក្នុង​អំឡុងពេល​នៃ​ក្រុមប្រឹក្សា​មណ្ឌល ឬ​សន្និសីទ​តំបន់ សូម​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ថ្លែង​សុន្ទរកថា​របស់​ពួកគេ ។ បន្ទាប់ពី​ការពិភាក្សា​នេះ សូម​ពិភាក្សា​អំពី​អ្វី​ដែល​បាន​រៀន និង​របៀប​ដែល​វា​អាច​ត្រូវ​បាន​ប្រើ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

  • សូម​បំបែក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​បួន​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​រាយ​បញ្ជី​សេចក្ដីពិត សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ជាច្រើន​ឲ្យ​អស់ពី​លទ្ធភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន ដែល​ត្រូវបាន​ស្ដារឡើងវិញ និង​បាន​បើក​សម្ដែង​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ចែកចាយ​បញ្ជី​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចែកចាយ​ពី​របៀប​ដែល​សេចក្តីពិត​ណាមួយ​ដែល​បាន​បង្ហាញ​តាមរយៈ​ការស្ដារឡើងវិញ​បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។

  • សូម​ពិភាក្សា​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ប្រកប​ដោយ​ភាព​ជោគជ័យ ។ សូម​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ផ្តល់​ឧទាហរណ៍​ជាក់លាក់​នានា ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • ក្នុង​អំឡុង​ពេល​សម្ភាសន៍ ឬ​ក្នុង​ការសន្ទនា​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​អ្នក​ជា​ប្រចាំ ៖

    • ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

    • ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ និង​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ ។

    • ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន ។

    • គំនិត​របស់​ពួកគេ​អំពី​គោលបំណង​របស់​ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • សូម​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា គឺជា​គោលបំណង​ខ្លះៗ​នៃ​បេសកកម្ម​របស់​ពួកគេ ។ នៅ​អំឡុងពេល​សម្ភាសន៍ ឬ​ការ​សន្ទនា សូម​សួរ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​បាន​សរសេរ ។

  • សូម​ផ្ញើ​លិខិត​អបអរ​សាទរ​ដល់​សមាជិក​ថ្មី ។