ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៣ ៖ ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់


« ជំពូក​ទី ៣ ៖ ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » ប្រកាស​ដំណឹងល្អ​របស់​យើង

ជំពូក​ទី ៣

ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

ចូលរួម​ក្នុង​ក្រោល​នៃ​ព្រះ ដោយ វ៉លធើរ រ៉េន

មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ

យើង​ទាំងអស់គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ​វរបិតាសួគ៌ ។ យើង​មក​កាន់ផែន​ដី​នេះ ដើម្បី​មាន​ឱកាស​រៀនសូត្រ រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់វិញ ( សូមមើល ម៉ូសេ ១:៣៩ ) ។ យើង​មិនអាច​ប្រែក្លាយ​ដូចជា​ទ្រង់ ឬ​ត្រឡប់​ទៅ​រក​ទ្រង់វិញ ដោយ​គ្មាន​ជំនួយ​ដ៍​ទេវភាព​បាន​ឡើយ ។ ព្រះ​វបិតាសួគ៌​របស់​យើង​បាន​ចាត់​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ឲ្យ​ធួន​សម្រាប់​យើង ហើយ​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់ ( សូមមើល នីហ្វៃទី៣ ២៧:១៣–២២ ) ។

យើង​ទទួល​បាន​ព្រះចេស្ដា​ប្រោសលោះ​របស់​ព្រះគ្រីស្ទ​តាមរយៈ​ការអនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់​ដើម្បី​មាន​ការប្រែចិត្ត ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការបញ្ជាក់ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ការរក្សា​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យជ្រមុជទឹក​គឺជា​ជំហាន​ដំបូង​ក្នុងការ​ចងភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លាង​សម្អាត ពង្រឹង ហើយ​ផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ការ​ដក​ពិសោធន៍​នូវ​ឥទ្ធិពល​នៃ​ការញែក​ចេញ​ឲ្យ​បរិសុទ្ធ​នេះ​ត្រូវ​បាន​ហៅថា ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ។ ( សូមមើល នីហ្វៃទី ២ ៣១:៧, ១៣–១៤, ២០–២១, ម៉ូសាយ ៥:១–៧, ១៨, ២៧:២៤, នីហ្វៃទី ៣ ២៧:២០, យ៉ូហាន ៣:៥ ) ។

ការកើត​ជាថ្មី​ខាងវិញ្ញាណ​ចាប់ផ្ដើម​ពេល​យើង​ទទួល​ពិធី​បុណ្យជ្រមុជទឹក​ដោយទឹក និង​ដោយ​ព្រះវិញ្ញាណ ។ ពិធី​បុណ្យ​ជ្រមុជទឹក​គឺជា​ពិធីបរិសុទ្ធ​ដ៏​មាន​អំណរ និង​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម ។ ពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប យើង​ចាប់ផ្ដើម​ជីវិត​ថ្មី​ដោយ​មាន​អំណាច​គាំទ្រ​របស់​ព្រះ ។ បន្ទាប់ពី​យើងបាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ពិធីបញ្ជាក់ នោះ​យើង​អាច​បន្ត​ទទួល​បាន​ការពង្រឹង​តាមរយៈ​ការទទួលទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម ។ ( សូមមើល នីហ្វៃទី ២ ៣១:១៣, ម៉ូសាយ ១៨:៧–១៦, មរ៉ូណៃ ៦:២, គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ) ។

ការ​ផ្ដល់​ការអញ្ជើញ

នៅពេល​អ្នក​មាន​អារម្មណ៍​ថា បានទទួល​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ សូម​អញ្ជើញ​មនុស្ស​ទូទៅ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ការណ៍​នេះអាច​នឹង​កើត​ឡើង​អំឡុង​មេរៀន​ណាមួយ ។

សូម​បង្រៀន​អំពី​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​យល់ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ( សូមមើល មេរៀនទី ៣ ) ។ សូម​បង្រៀន​អំពី​សារៈសំខាន់ និង​អំណរ​នៃ​សេចក្ដីសញ្ញា​ពិធី​បុណ្យ​ជ្រមុជទឹក ការទទួល​ការ​ផ្ដាច់​បាប និង​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពិធី​បញ្ជាក់ ។

សូម​រៀបចំ​មនុស្ស​សម្រាប់​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដោយ​ប្រាកដ​ថា ពួកគេ​យល់​ពី​អ្វី​ដែល​អ្នក​បានបង្រៀន និង​សេចក្ដីសញ្ញា​ដែល​ពួកគេ​នឹងធ្វើ ។ សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​មាន​ដូចតទៅ ៖

  • មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • បម្រើ​ព្រះ និង​អ្នក​ដទៃ ។

  • កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ( សូមមើល មេរៀនទី ៤ ) ។

អ្នក​អាច​ចែកចាយ​ដូចតទៅ​ ៖

« នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​‹ ធ្វើជា​សាក្សី​ចំពោះ​[ ព្រះ ]​ថា [ យើង ] បាន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹងទ្រង់ ថា [ យើង ] នឹង​បម្រើ​ទ្រង់ ហើយ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ › ។ នៅពេល​យើងធ្វើ​សេចក្ដីសញ្ញា​នេះ នោះ​ទ្រង់​សន្យាថា ទ្រង់​នឹង ‹ ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់ មក​លើ [ យើង ] យ៉ាង​បរិបូរណ៍ ? › ( ម៉ូសាយ ១៨:១០ ) » ។

ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​គួរ​តែ​មាន​ភាពជាក់លាក់ និង​ត្រង់ៗ ។ អ្នក​អាច​នឹង​និយាយ ៖

« តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយការ​ទទួលពិធី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពីបុគ្គល​ម្នាក់​ដែល​បាន​តែងតាំង​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នេះ​ដែរ​ឬ​ទេ ? ពួក​យើង​នឹង​ជួយ​អ្នក​រៀបចំខ្លួន​ទទួល​បុណ្យ​ជ្រមុជទឹក ។ ពួក​យើង​ជឿថា អ្នក​អាច​ត្រៀមខ្លួន​រួច​រាល់​នៅ​ [ កាលបរិច្ឆេទ ] ។ តើ​អ្នក​នឹង​រៀបចំខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​តាម​កាលបរិច្ឆេទ​នោះ​ដែរ​ឬ​ទេ ? »

ពេល​អ្នក​ផ្ដល់​ការអញ្ជើញ​ណាមួយ សូម​សន្យា​ពរជ័យ​ដ៏​ធំ​ដែល​មនុស្ស​នឹង​ទទួល​បាន ពេល​ពួកគេ​ទទួល​យក​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​រក្សា​សេចក្ដីសញ្ញា​ដែល​ជាប់​ទាក់ទង​នានា ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ទាំងនេះ ។

សូម​បង្រៀន​ថា ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ពុំ​មែន​ជា​គោលដៅ​ចុងបញ្ចប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​គឺជា​ចំណុច​មួយ​នៅលើ​ផ្លូវ​នៃ​ការប្រែចិត្ត​ជឿ​ដែល​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម អំណរ និង​ព្រះចេស្ដា​នៃព្រះ​កាន់​តែពេញលេញ​មកក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ ( សូមមើល ម៉ូសាយ ២៧:២៥–២៦ ) ។ បន្ទាប់ពី​មនុស្ស​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​រួច នោះ​ពួកគេ​អាច​ទន្ទឹង​ចាំ​ដល់​ការ​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ នៅពេល​ពួកគេ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ប្រសិន​បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន​ឲ្យ​ចូលរួម​កម្មវិធី​បុណ្យជ្រមុជ​ទឹក​មួយ និង​ការប្រជុំ​សាក្រាម៉ង់​មួយ​អំឡុង​ពេល​ដែល​មាន​មនុស្ស​ម្នាក់​បាន​ទទួល​ពិធី​បញ្ជាក់ ។

គំនិត​សម្រាប់​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក

សូម​ពិចារណា​អាន​ដំណើររឿង​ក្នុង​បទគម្ពីរ​អំពី​ព្រះយេស៊ូវ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។ អ្នក​ក៏អាច​បង្ហាញ វីដេអូ​ព្រះគម្ពីរប៊ីប ដែល​ពិពណ៌នា​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ ឬ វីដេអូ​ព្រះគម្ពីរ​មរមន អំពី​ពួកសិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​កំពុង​ជ្រមុជទឹក ។

អ្នក​ក៏​អាច​អាន​ដំណើររឿង​របស់​នីហ្វៃ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​ផងដែរ ( សូមមើល នីហ្វៃទី២ ៣១:៤–១២ ) ។ ការអាន​ដំណើររឿង​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង ដល់​អ្នក​ទាំងឡាយ​ដែល​ទទួល​ការបង្រៀន ។

ការសិក្សា​ព្រះគម្ពីរ

សូម​សិក្សា​បទគម្ពីរ​ខាងក្រោម​នេះ ៖

សូម​សរសេរ​សេចក្ដី​សង្ខេប​មួយ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។