សន្និសីទទូទៅ
អ្នក​នឹង​មាន​អំណរ​ដ៏មហិមា
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


13:48

អ្នក​នឹង​មាន​អំណរ​ដ៏មហិមា

ឥឡូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​យក ចំណេះដឹង នេះ ផ្គួបនឹង​ទីបន្ទាល់​ដែល​ទទួល​បាន​រាប់ឆ្នាំ​របស់​បងប្អូន​មក ហើយ​ចេញទៅ​បេសកកម្ម ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ថ្ងៃនេះ​ខ្ញុំ​គិត​ដល់​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ជា​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន ហៅ​ថា « កិច្ចការ​ដ៏ សំខាន់​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ ពុំ​មាន​អ្វី​ផ្សេងទៀត​អាច​ធំ​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឫទ្ធិ​ជាង​កិច្ចការ​នេះ​នោះទេ » ។

ការប្រមូលផ្ដុំ​គឺជា​ការទទួល​ស្គាល់​ដ៏សំខាន់​ថា « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។ វា​សាមញ្ញ​ដូច្នោះ​ឯង ។ យើង​កំពុង​ប្រមូលផ្ដុំ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ពួកគេ​អាច​មាន « ព្រះពរ​ដ៏ធំ​ទាំងឡាយ​បាន​ស្រោច​មកលើ​ក្បាល​ពួកគេ »និង​ការសន្យា​នៃ « ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ខាង​ភាពអស់កល្ប​ជានិច្ច » ។ ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល យើង​ត្រូវ​ការ​អ្នកផ្សព្វផ្សាយសាសនា— ឲ្យ​នជាង​អ្នក​កំពុង​បម្រើ ។ នេះ ខ្ញុំ​សូម​និយាយ​ទៅកាន់​រៀមច្បង ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​សាសនាចក្រ ដែល​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​បាន ។ ព្រះអម្ចាស់​ត្រូវការ​បងប្អូន ។ យើង​ត្រូវការ​បងប្អូន​នៅ ញូវ យ៉ក និង ឈីកាហ្គោ អូស្ត្រាលី និង​អាហ្វ្រិក ថៃ និង ម៉ិកស៊ិក និង​កន្លែង​ជាច្រើន​ទៀត ។

ខ្ញុំ​សូម​នាំ​បងប្អូន​ត្រឡប់​ទៅ​ឆ្នាំ ២០១៥ ។ ខ្ញុំ​ទើបតែ​ទទួលបាន​ការហៅ​ថ្មី​ជា សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ការទទួល​ខុសត្រូវ​ដ៏អស្ចារ្យ​មួយ ដែល​យើង​មាន​ក្នុងនាមជា​សាវក គឺ​ការចាត់តាំង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យទៅ​តំបន់​បម្រើ​របស់​ពួកគេ ។ ​ធ្លាប់​ចូលរួម​កាលជា​ពួកចិតសិប​នាក់ប៉ុន្ដែ​ឥឡូវ​នេះ​ជា​សាវក​ម្ដង ហើយ​ខ្ញុំ​ទទួល​បន្ទុក​ពេញ​ទំហឹង​ក្នុង​ការចាត់តាំង​នេះ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន ហើយ​ចាត់តាំង​អែលឌើរ និង​ស៊ីស្ទើរ​វ័យក្មេង​ជាច្រើន​នាក់ ម្ដង​ម្នាក់ៗ​ឲ្យ​ទៅ​បេសកកម្ម​នៅ​ជុំវិញ​ពិភពលោក ។ រួច ខ្ញុំ​ងាកទៅ​គូស្វាមីភរិយា​រៀមច្បង​ម្ដង ។ មាន​តែ​១០​គូរ​ទេ​នៅក្នុង​បញ្ជី ។ មិន​ច្រើន​ទេ ។ ដោយ​ភ្ញាក់ផ្អើល ខ្ញុំ​ក៏បាន​សួរ​សហការី​ខ្ញុំ​ពី​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ថា « តើ​យើង​ត្រូវការ​ប៉ុន្មាន​នាក់​នៅ​សប្ដាហ៍​នេះ ដើម្បី​បំពេញ​តាម​សំណើ ? »

គាត់​បាន​ឆ្លើយ​ថា « ៣០០ » ។

គ្រា​ដ៏​សោកសៅ​នោះ​នៅ​ដិត​ជាប់​នឹង​ខ្ញុំ ៖ គូស្វាមីភរិយា ១០ គូ​ទៅ​បំពេញ​តម្រូវការ ៣០០ គូ ។

ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹកចិត្ត​គូស្វាមីភរិយា​ឲ្យ « លុត​ជង្គង់​ចុះ ហើយ​ទូលសួរ​ព្រះវរបិតាសួគ៌​ថា តើ​ពេល​នេះ​ជា​ពេល​ត្រឹមត្រូវ​ឲ្យ​ពួកគេ​បម្រើ​បេសកកម្ម​ដែរ​ឬទេ » ។ ក្នុង​ចំណោម​គុណសម្បត្តិ​ទាំងអស់ លោក​បាន​ថ្លែង​ថា « បំណង​ប្រាថ្នា​ដើម្បី​បម្រើ​អាច​ជា​ចំណុច​ដ៏សំខាន់​បំផុត » ។

ដូច​ដែល​ព្រះគម្ពីរ​ចែង​ថា « បើសិនជា​អ្នករាល់គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ។ កិច្ចការ​នោះ​គឺ​គ្មាន​អ្វី​ក្រៅពី​ច្បាប់​នៃ​ការច្រូតកាត់​នោះ​ទេ ។ យើង​អាន​ក្នុង​គម្ពីរ​យ៉ូហាន​ថា « ដើម្បី​ឲ្យ​អ្នកដែល​ព្រោះ និង​អ្នកដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា » ។១០

ខ្ញុំ​ឃើញ​ច្បាប់​នៃ​ការច្រូតកាត់​បាន​បំពេញ​នៅក្នុង​គ្រួសារ​ខ្ញុំ​ផ្ទាល់ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទៅលេង​គ្រួសារ​ខ្ញុំ ហើយ​ប៊ីស្សព​បាន​សុំ​ខ្ញុំ​ឲ្យ​ជា​អ្នកនិយាយ​បញ្ចប់​ក្នុង​កម្មវិធី​សាក្រាម៉ង់ ។១១ ពេល​ខ្ញុំ​ចុះមកពី​វេទិកា ស្ដ្រី​ម្នាក់​មកជួប​ខ្ញុំ​ជាមួយ​នឹង​កូន​ប្រាំពីរ​នាក់ ហើយ​បាន​ណែនាំ​ខ្លួន​ថា​គាត់​ជា​បងស្រី រេបិកា ហ្គុសមេន ។

គាត់​បាន​សួរ​ថា « អែលឌើរ រ៉ាសបាន តើ​អែលឌើរ ស្គាល់ រូលុន និង វែដា រ៉ាសបាន ដែរ​ឬទេ ? »

ខ្ញុំ​ញញឹម ហើយ​ឆ្លើយ​ថា « ពួកគាត់​ជា​ឪពុក​ម្ដាយ​ខ្ញុំ » ។

បងប្អូន​អាច​ដឹង​ថា រឿង​នេះ​ជា​យ៉ាងណា​ហើយ ។ ដោយ​មាន​ការអនុញ្ញាត​ពី រេបិកា ដែល​នៅ​ទីនេះ​ជាមួយ​គ្រួសារ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ ខ្ញុំ​សូម​ចែកចាយ​ដំណើររឿង​គ្រួសារ​គាត់ ។១២

ស៊ីស្ទើរ វើរដា និង​អែលឌើរ រូឡុន រ៉ាសបាន<nb/>។

ឪពុក​ម្តាយ​ខ្ញុំ អែលឌើរ រូលុន និង ស៊ីស្ទើរ វែដា រ៉ាសបាន បាន​បម្រើ​បេសកកម្ម​ជា​គូស្វាមីភរិយា​រៀមច្បង​នៅ​បេសកកម្ម ផ្លរីដា​ហ្វត ឡឌើរដេល ។១៣ ពួកគាត់​បាន​ដើរ​ផ្សព្វផ្សាយ ហើយ​ដោយ​មាន​ការណែនាំ​ពី​ព្រះ គាត់​បាន​គោះ​ទ្វារ​ផ្ទះ​របស់ រេបិកា ។ កាលនោះ​គាត់​នៅ​ក្មេង​ជំទង់ ហើយ​ចូលចិត្ត​ស្ដាប់​តន្ដ្រី​របស់​ក្រុម អូសម៉ន ជាពិសេស​គឺ​តន្ដ្រី​របស់​មិត្ត​យើង ដននី—ដែល​គាត់​នៅ​ទីនេះ​ជាមួ​យើង​ផងដែរ​ថ្ងៃនេះ ។១៤ គាត់​បាន​ស្ដាប់​ការសម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួកគេ ហើយ​បាន​ដឹង​ថា ពួកគេ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​មាន​អារម្មណ៍​ថា ពួកគេ​មាន​អ្វីមួយ​ខុសពី​គេ ហើយ​គិត​ថាវា​មកពី​សាសនា​របស់​ពួកគេ រេបិកា បាន​ចំណាយ​ពេល​ពីរឆ្នាំ​ស្រាវជ្រាវ​រក​ជំនឿ​របស់​សាសនាចក្រ​ក្នុង​បណ្ណាល័យ​សាលារៀន ។ ដូច្នេះ ពេល​គូ​ស្វាមី​ភរិយា​ចិត្តល្អ បាន​គោះ​ទ្វារ​ផ្ទះ​គ្រួសារ​គាត់ ហើយ​ណែនាំ​ខ្លួន​ថា​ពួកគេ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​គាត់​បាន​ឈរ​ស្រឡាំង​កាំង ។

ក្រោយមក រេបិកា បាន​សរសេរ​ថា « ម្ដាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ពី​ពួកគេ តែ​ចិត្ត​ខ្ញុំ​និយាយ​ថា ‹ ទេ › ។ ខ្ញុំ​មើល​មុខ​ពួកគាត់ ហើយ​មាន​អារម្មណ៍​កក់ក្ដៅ និង​ក្ដីស្រឡាញ់​យ៉ាងខ្លាំង ។ អនុស្សាវរីយ៍​នេះ​នៅតែ​ធ្វើឲ្យ​ខ្ញុំ​ហូរ​ទឹកភ្នែក និង​ដក់​ជាប់​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ចិត្ត​ខ្ញុំ » ។១៥

រេបិកា បាន​អញ្ជើញ​ពួកគាត់​ឲ្យ​ចូលផ្ទះ ហើយ​ឪពុក​ម្ដាយ​ខ្ញុំ​ដែលជា​អ្នកផ្សព្វផ្សាយ​សាសនា​នោះ បាន​ចែកចាយ​សារលិខិត​មួយ​ជាមួយនឹង​គាត់ ទោះ​ជា​ប្អូន​ស្រី​គាត់​ពីរនាក់ និង​ម្ដាយ​គាត់ ជំទាស់​ក្ដី ។

រេបិកា បាន​ពិពណ៌នា​ប្រាប់​ខ្ញុំ​ថា « ឪពុក​ម្ដាយ​អែលឌើរ​ពូកែ​ពន្យល់​ពី​សំណួរ​ទាំង​ប៉ុន្មាន​ដែល​យើង​មាន ។ ខ្ញុំ​នៅតែ​អាច​ស្រមៃ​ឃើញ​មុខ​ពួកគាត់ ហាក់​ដូចជា​មាន​ពន្លឺ​ព័ទ្ធ​ជុំវិញ​គាត់​អ៊ីចឹង ។ យើង​តែង​ឱប​ម្ដាយ​អែលឌើរ ពេល​គាត់​ទៅវិញ ហើយ​គាត់​តែង​ធ្វើ​អ្វីមួយ​ដែល​ជួយ​ឲ្យ​ម្ដាយ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ និង​ការគោរព ។ ភ្នែក​ឪពុក​អែលឌើរ​តែង​ភ្លឺថ្លា កាល​គាត់​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់​បាន​ព្យាយាម​នាំ​ឪពុក​ខ្ញុំ​ចូលរួម​ក្នុង​ការពិភាក្សា ហើយ​នៅ​ទីបំផុត ឪពុក​ខ្ញុំ​ព្រម​ចូល​មែន ។ ឪពុក​ខ្ញុំ​គឺជា​ចុងភៅ​នៅ​ក្លឹប​ក្នុង​ស្រុក​មួយ ហើយ​ចាប់ផ្តើម​ចម្អិន​អាហារ​ពេលល្ងាច​សម្រាប់​ឪពុក​ម្តាយ​របស់​អែលឌើរ រួមទាំង​ធ្វើ​នំ​ដែល​ឪពុក​អែលឌើរ​ចូលចិត្ត​ទៀតផង នំ​ឃី​ឡែម​ផាយ » ។១៦

នៅពេល​អែលឌើរ និង​ស៊ីស្ទើរ រ៉ាសបាន បាន​សុំ រេបិកា និង​គ្រួសារ​គាត់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន រេបិកា ចំណាយ​ពេល​អាន​តែ​ប្រាំថ្ងៃ​ទេ ។ គាត់​ចង់​ជ្រមុជ​ទឹក​ភ្លាមៗ ប៉ុន្ដែ​សមាជិក​គ្រួសារ​គាត់​ផ្សេងទៀត​មិន​ទាន់​ត្រៀមខ្លួន​រួច​ទេ ។ បួន​ខែ​ក្រោយមក រេបិកា បាន​ទទូច​ចង់​ជ្រមុជ​ទឹក ហើយ​ចូលរួម​សាសនាចក្រ​ដ៏ពិត​នេះ ។ គាត់​ចាំ​ថា « គ្រប់​សរសៃ​នៃ​ព្រលឹង​ខ្ញុំ​ដឹង​ថា នេះ​គឺជា​សេចក្ដីពិត » ។១៧ នៅ​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៧៩ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ជ្រមុជ​ទឹក​ឲ្យ រេបិកា ក្នុង​វ័យ ១៩ ឆ្នាំ ព្រមទាំង​ម្ដាយ​គាត់ និង​ប្អូនស្រី​ពីរនាក់​ទៀត ។ ឪពុក​ខ្ញុំ​គឺជា​សាក្សី​ម្នាក់​នៅ​ឯ​ពិធីជ្រមុជ​ទឹក ។

ពេល​ខ្ញុំ​ជួប រេបិកា និង​គ្រួសារ​គាត់​នៅ​ព្រះវិហារ យើង​បាន​ថត​រូប​ជា​គ្រួសារ​គាត់​ជាមួយ​ខ្ញុំ ។ ខ្ញុំ​បាន​យក​រូបថត​នោះ​ទៅ​ផ្ទះ​ឲ្យ​ម្ដាយ​វ័យ​ចំណាស់​ខ្ញុំ​មើល ហើយ​គាត់​បាន​ឱប​រូបនោះ​នៅ​នឹង​ទ្រូង​គាត់ ។ បន្ទាប់មក គាត់​បាន​ប្រាប់​ខ្ញុំ​ថា « រ៉ូនី នេះ​គឺជា​ពេល​ដ៏រីករាយ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ម្ដាយ » ។

គ្រួសារ គូសមែន គ្រួសាររ៉ាសបាន និង​គ្រួសារ​អូស្មន់ស៍<nb/>។

ចម្លើយ​ម្ដាយ​ខ្ញុំ​ចោទជា​សំណួរ​ដល់​គូស្វាមីភរិយា​រៀមច្បង​របស់​យើង​ថា « តើ​បងប្អូន​កំពុង​ធ្វើ​អ្វី នៅ​ដំណាក់កាល​នេះ​ក្នុង​ជីវិត​បងប្អូន ? » មាន​របៀប​ជាច្រើន​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​អាច​ធ្វើ​ដែល​គ្មាន​អ្នកផ្សេង​ទៀត​អាច​ធ្វើ​បាន ។ បងប្អូន​គឺជា​កម្លាំង​ដ៏អស្ចារ្យ​នៃ​សេចក្ដីល្អ មាន​បទពិសោធន៍​ច្រើន​ក្នុង​សាសនាចក្រ និង​មាន​គោលជំហរ​លើក​ទឹកចិត្ត និង​សង្គ្រោះ​បុត្រា​បុត្រី​របស់​ព្រះ ។

បងប្អូន​មួយ​ចំនួន​អាច​គិត​ថា ៖ « តែ​ខ្ញុំ​ត្រូវ​ចាកចោល​ចៅៗ​ខ្ញុំ​ឬ ? យើង​នឹង​ខកខាន​មិន​បាន​ចូលរួម​ក្នុង​ពិធី​សំខាន់ៗ​របស់​គ្រួសារ ខួប​កំណើត មិត្តភក្ដិ និង​សត្វ​ចិញ្ចឹម​របស់​យើង​ផងដែរ » ។ បើ​ខ្ញុំ​សួរ​ម្ដាយ​ខ្ញុំ​ថា ហេតុអ្វី​បានជា​គាត់​និង​ឪពុក​ទៅ​បម្រើ​បេសកកម្ម ខ្ញុំ​ដឹង​ថា​គាត់​នឹង​និយាយ​ដូច​នេះ​ថា « ម្ដាយ​មាន​ចៅៗ ។ ម្ដាយ​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ឪពុក​ឯង​និង​ម្ដាយ​បាន​បម្រើ​នៅ​តំបន់​បេសកកម្ម យើង​ចង់​ធ្វើជា​គំរូ​ដល់​កូនចៅ​យើង ហើយ​យើង​មាន​ពរជ័យ​ខ្លាំង​ណាស់ » ។

ពេល​ខ្ញុំ​ទៅ​ជួប​បេសកកម្ម​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក ខ្ញុំ​បាន​ឃើញ​ការបម្រើ​ដ៏អស្ចារ្យ​នៃ​ក្រុម​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​របស់​យើង ។ វា​ច្បាស់​ថា ពួកគាត់​រីករាយ​ក្នុង​ការធ្វើតាម « ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ » ហើយ ចេញ​ទៅធ្វើ « ធុរកិច្ច​របស់​ព្រះអម្ចាស់ » ។១៨

សម្រាប់​បងប្អូន​មួយ​ចំនួន ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅ​ជ្រុង​ម្ខាងទៀត​នៃ​ពិភពលោក​គឺជា​កន្លែង​ដ៏ត្រឹមត្រូវ ហើយ​យើង​សង្ឃឹម​ថា បងប្អូន​រាប់ពាន់​នាក់​នឹង​រៀបចំ​ខ្លួន ។១៩ សម្រាប់​អ្នកផ្សេងទៀត ការបម្រើ​បេសកកម្ម​ផ្នែក​សេវាកម្ម​ក្នុង​សាសនាចក្រ​នៅ​ផ្ទះ​ជា​អ្វី​ដែល​អាច​ធ្វើ​បាន ។ ដោយសារ​បញ្ហា​សុខភាព និង​ស្ថានភាព​ផ្សេងទៀត មាន​អ្នក​ដែល​មិន​អាច​បម្រើ ។ យើង​យល់ពី​ស្ថានភាព​ទាំងនោះ ហើយ​វា​ជា​ក្ដីសង្ឃឹម​របស់​យើង​ថា បងប្អូន​អាច​រកឃើញ​របៀប​ដើម្បី​គាំទ្រ​ដល់​អ្នក​ដែល​កំពុង​បម្រើ ។ សូម​ធ្វើតាម​ការទូន្មាន​របស់​ព្យាការី ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់ឲ្យ​បងប្អូន​ធ្វើ​អ្វី ។

តំបន់​បេសកកម្ម​នៅ​ជុំវិញ​ពិភពលោក​កំពុង​អង្វរ​សុំ​ជំនួយ​ពី​បងប្អូន ។ ប្រធាន ណិលសុន បាន​ថ្លែង​អំពី​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​របស់​យើង​ថា « ពួកគេ​នៅក្មេង​ខាង​វិញ្ញាណ វាងវៃ និង​ស្ម័គ្រចិត្ត​ទៅ​ធ្វើការ » ។២០

នៅ​តំបន់​បេសកកម្ម បងប្អូន​មាន​ឱកាស​អស្ចារ្យ​ជាច្រើន ៖ បងប្អូន​អាច​បម្រើ​នៅ​ការិយាល័យ​បេសកកម្ម ឬ​ព្រះវិហារ​បរិសុទ្ធ ពង្រឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង គាំទ្រ​ដល់​សាខា​តូចៗ ធ្វើការ​នៅ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ឬ​នៅ​ទីតាំង​ប្រវត្តិសាស្ដ្រ បង្រៀន​ថ្នាក់​វិទ្យាស្ថាន ផ្ដល់​ការបម្រើ​ខាង​សប្បុរសធម៌ ធ្វើការ​ជាមួយ​យុវមជ្ឈិមវ័យ ជួយ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​ការងារ​ធ្វើ ឬ​នៅក្នុង​កសិដ្ឋាន​របស់​សាសនាចក្រ ។ គេហទំព័រ « អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង » លើកឡើង​ពី​របៀប​ដ៏ពិសេស​ជាច្រើន​ក្នុង​ការបម្រើ អ្វី​ដែល​សមស្រប​បំផុត​នឹង​បងប្អូន កន្លែង​ដែល​គេ​ត្រូវការ​បងប្អូន និង​របៀប​ដែល​បងប្អូន​អាច​ត្រៀមខ្លួន​ដើម្បី​ទៅ​បម្រើ ។២១ បងប្អូន​ក៏អាច​និយាយ​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​បងប្អូន​បាន​ដែរ ។

ខ្ញុំ​បាន​ហៅ​គូស្វាមីភរិយា​ជាច្រើន​ឲ្យ​បម្រើ ហើយ​បាន​ឃើញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​មាន​ពេញ​នៅលើ​ទឹកមុខ​របស់​ពួកគេ ។២២ ពេល​ត្រឡប់​ទៅវិញ ពួកគេ​បាន​រៀបរាប់​ថា ពួកគេ​បាន​ខិតទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ និង​គ្នា​នឹង​គ្នា ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ចាក់ស្រោច​លើ​ពួកគេ ហើយ​ដឹង​ថា ពួកគេ​កំពុង​ធ្វើឲ្យ​មាន​ភាព​ខុសប្លែក​មួយ ។២៣ តើ​នរណា​មិន​ចង់​បាន​ដូច្នេះ ?

បេសកកម្ម​អាចជា​ជំពូក​ដ៏ធំ​បំផុត​មួយ​ក្នុង​ជីវិត​របស់​គូស្វាមីភរិយា ។ ងារ​ដ៏ល្អ​មួយ​អាច​ថា « ព្រះអម្ចាស់​ទ្រង់​ត្រូវការ​ខ្ញុំ » ។២៤បងប្អូន​អាច​ទៅ​តំបន់​ដែល​មិន​ស្គាល់ ប៉ុន្ដែ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នឹង​ធ្វើឲ្យ​បងប្អូន​មាន​អារម្មណ៍​កក់ក្ដៅ​ដូច​នៅផ្ទះ​អ៊ីចឹង ។

ឪពុក​ម្ដាយ​ខ្ញុំ និង​គូស្វាមីភរិយា​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​ពី​បេសកកម្ម​រាប់រយ​ពាន់​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​អំណរ​ដែល​ពួកគាត់​បាន​ទទួល​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ​ថ្ងៃ​ចុងក្រោយ​ថា « ហើយ​បើសិនជា​អ្នក​ត្រូវ​ធ្វើការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែមួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង ! »២៥

អេសាយ​បាន​ពិពណ៌នា​បែប​កំណាព្យ​ប្រាប់យើង​ពី​អត្ថន័យ​នៃ​ការបម្រើ​ក្នុង « តំបន់ » បេសកកម្ម ។ ព្រះគម្ពីរ​ប្រាប់​យើង​ថា « ស្រែ​នោះ​គឺជា​តួ​លោកីយ៍ » ។២៦ ព្យាការី​ពីបុរាណ​ដ៏អស្ចារ្យ​រូបនេះ​បាន​សរសេរ​ថា « ដ្បិត​ឯង​រាល់គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ និង​នាំ​ឯង​ចេញ​ទៅ​ដោយ​សុខសាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង » ។២៧ ភ្នំ ទីទួល ទីវាល និង​ដើមឈើ អាច​ត្រូវ​បានភ្ជាប់​ទៅនឹង​ប្រធាន​បេសកកម្ម ប៊ីស្សព ថ្នាក់ដឹកនាំ​មណ្ឌល សមាជិក និង​អ្នក ទាំងឡាយ​ដែលស្វែងរក​សេចក្ដីពិត ប៉ុន្តែ « ពួកគេ​មិនដឹង​ថា​ទៅរក​សេចក្ដីពិត​នៅកន្លែងណា » ។២៨ ពួកគេ​នឹង​ថ្លែង​ទីបន្ទាល់​ថា អ្នក​ផ្សព្វផ្សាយសាសនា​រៀមច្បង ផ្លាស់ប្ដូរ​គ្រប់​ទិដ្ឋភាព​ដោយសារ​ទីបន្ទាល់​របស់ពួកគាត់​អំពី​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ក្នុងនាមជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ឲ្យ​បងប្អូន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ហើយ​អាច​មក​បម្រើ​ម្ដងទៀត​ផងដែរ ។ យើង​ត្រូវការ​បងប្អូន—យើង​ត្រូវការ​បងប្អូន ។ យើង​មាន​អំណរគុណ​ចំពោះ​បងប្អូន​រៀមច្បង សម្រាប់​ជីវិត​ទាំងឡាយ​ដែល​បងប្អូន​ដឹកនាំ និង​គំរូ​ដែល​បងប្អូន​បង្ហាញ​នៅ​ផ្ទះ វួដ និង​ស្ដេក​របស់​បងប្អូន ។ ឥឡូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​យក ចំណេះដឹង នេះ ផ្គួបនឹង​ទីបន្ទាល់​ដែល​ទទួល​បាន​រាប់ឆ្នាំ​របស់​បងប្អូន​មក ហើយ​ចេញទៅ​បេសកកម្ម ។ ខ្ញុំ​អធិស្ឋាន​ថា លើកក្រោយ ពេល​ខ្ញុំ​អង្គុយ​ចុះ​ដើម្បី​ចាត់តាំង​គូស្វាមីភរិយា​រៀមច្បង នោះ​នឹង​មាន​បងប្អូន​រាប់រយ​នាក់​រង់ចាំ​ការហៅ​បម្រើ​យ៉ាង​អន្ទះសា ។

ខ្ញុំ​ក៏សូម​សន្យា​ដែរ​ថា កាល​បងប្អូន​បម្រើ នោះ​បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់​នៃ​ព្រះអម្ចាស់​ក្នុង​ជីវិត ហើយ​បងប្អូន​នឹង​ស្គាល់​ទ្រង់ ទ្រង់​នឹង​ស្គាល់​បងប្អូន ហើយ « បងប្អូន​នឹង​មាន​អំណរ​ដ៏មហិមា » ។២៩ ការបម្រើ​ដ៏លះបង់​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បំផុស​គំនិត និង​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ ចៅៗ និង​ចៅទួត​របស់​បងប្អូន ។ « ក្តី​សុខសាន្ត និង​ក្តី​ស្រឡាញ់ [ នឹង ] មាន​កាន់តែ​ច្រើន​ឡើង »៣០ក្នុង​ជីវិត​របស់​ពួកគេ​ក្នុង​ពេល​ខាងមុខ ។ ខ្ញុំ​សូម​សន្យា ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០ ។

  3. នីហ្វៃ​ទី​៣ ១០:១៨ ។

  4. គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៨:១៨ ។

  5. សាសនាចក្រ​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ចំនួន ៦២,៥៤៤ នាក់ នៅក្នុង​បេសកកម្ម​ចំនួន ៤១១ នៅ​ទូទាំង​ពិភពលោក​នេះ ពី​អាមេរិក​ខាងជើង និង​ខាងត្បូង ទៅ​អឺរ៉ុប និង​អាហ្វ្រិក អាស៊ី និង​អូស្ត្រាលី/មហាសមុទ្រ ។ មាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ក្នុង​សាសនាចក្រ​រៀមច្បង​ចំនួន ៣៤,០០០ នាក់ ។ ( ទិន្នន័យ​មកពី​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយសាសនា ខែ​កញ្ញា ឆ្នាំ ២០២៣ ) ។

  6. សូមមើល រ៉ូណល អេ រ៉ាសបាន « The Divine Call of a Missionary » Liahonaខែ ឧសភា ឆ្នាំ ២០១០, ៥២-៥៣ ។

  7. រ័សុល អិម ណិលសុន « Senior Missionary MomentsLiahona, ខែ​មេសា ឆ្នាំ ២០១៦, ២៧ ។

  8. ( រ័សុល អិម ណិលសុន « Senior Missionaries and the Gospel » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨១ )

  9. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:៣ ។

  10. យ៉ូហាន ៤:៣៦ ។

  11. ខ្ញុំ​បាន​ទៅ​ទីក្រុង ញូវ យ៉ក សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ចៅស្រី ប្រ៊ូកឃ្លីន និង​ពិធី​ប្រសិទ្ធពរ​ដល់​ចៅស្រី អេឡា នៅ​ខែ មេសា ឆ្នាំ ២០០៦ ។

  12. សំបុត្រ​មកពី រេបិកា ហ្គុសមេន ទៅកាន់​អែលឌើរ រ៉ូណល អេ រ៉ាសបាន នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០០៩ ។

  13. ឪពុក​ម្ដាយ​ខ្ញុំ​បាន​បម្រើ​នៅ​បេសកកម្ម ផ្លរីដា ហ្វត ឡឌើរដេល ក្នុង​ឆ្នាំ ១៩៧៩ ។

  14. គ្រួសារ អូសម៉ន គឺជា​ក្រុម​តន្ដ្រី​អាមេរិក​ដ៏ល្បីល្បាញ​មួយ ដែល​ល្បី​ខាង​ចម្រៀង​ផប់​របស់​ពួកគេ ។ ក្រុម​នេះ​បាន​ឈាន​ទៅដល់​ភាពល្បីល្បាញ​ដ៏ខ្លាំង​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​ធ្វើការ​សម្ដែង​តាម​កម្មវិធី​ទូរទស្សន៍​ជាច្រើន ។ ដននី និង ម៉ារី បាន​បន្ត​អាជីព​ការងារ​លើ​ឆាក​សម្តែង ខណៈ​បងប្រុស​ផ្សេងទៀត​បាន​សម្ដែង​ជា​សិល្បករ​ក្នុង​ប្រទេស​អស់​រាប់​ទសវត្សរ៍​នៅ​ទីក្រុង ប្រេនសុន រដ្ឋ មិសសួរី ។

  15. សំបុត្រ​មកពី រេបិកា ហ្គុសមេន នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០០៩ ។

  16. សំបុត្រ​មកពី រេបិកា ហ្គុសមេន នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០០៩ ។

  17. សំបុត្រ​មកពី រេបិកា ហ្គុសមេន នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០០៩ ។

  18. គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:២៩ ។

  19. ឱកាស​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​កើតមាន​ក្នុង​ទម្រង់​ជាច្រើន ហើយ​ដៃគូ ឬ​ស៊ីស្ទើរ​រៀមច្បង​អាច​រាយបញ្ជី​ចំណូល​ចិត្ត ក៏ដូចជា​ការចាត់តាំង​ពេញម៉ោង ឬ​ផ្នែក​សេវាកម្ម​បាន​ផងដែរ ។ នៅ​ទីបំផុត ព្យាការី​នៃ​សាសនាចក្រ​នឹង​ចេញ​ការហៅ​បម្រើ​សម្រាប់​ការបម្រើ​ពេញម៉ោង ។ ប្រធាន​ស្តេក​ចេញ​ការចាត់តាំង​ផ្នែក​សេវាកម្ម​ក្នុង​សាសនាចក្រ ។ ការបម្រើ​អាច​មាន​ចន្លោះ​ពី ៦ ខែ ទៅ ២៣ ខែ ហើយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​មាន​ភាពបត់បែន​ច្រើនជាង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង និង​មិន​សូវ​មាន​សកម្មភាព​ដែល​ប្រើ​កម្លាំង​កាយ​ច្រើន​ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទេ ។ សូមមើល​គេហទំព័រ seniormissionary.ChurchofJesusChrist.org ។

  20. ( រ័សុល អិម ណិលសុន « Senior Missionaries and the Gospel» Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧៩ )

  21. សូមមើល​គេហទំព័រ seniormissionary.ChurchofJesusChrist.org ។

  22. សូមមើល អាលម៉ា ៥:១៤ ។ « ទឹកមុខ »​អាច​ពិពណ៌នា​ថាជា​ការឆ្លុះ​បញ្ចាំង​នៃ​អាកប្បកិរិយា​ខាង​វិញ្ញាណ និង​សភាព​នៃ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ ។

  23. សូមមើល យូដាស ១:២២ម៉ូសាយ ៤:២០ ។

  24. សូមមើល « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ទំនុកតម្កើង លេខ ២៧០ ។

  25. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៥ ។

  26. ព្រះអម្ចាស់​បាន​ពន្យល់​ថា « ចំណែក​ស្រែ​នោះ​គឺ​ជា​តួ​លោកីយ៍ … ចម្រូត​គឺជា​បំផុត​កល្ប » ( ម៉ាថាយ ១៣:៣៨–៣៩ ) ។

  27. អេសាយ ៥៥:១២ ។

  28. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១២ ។

  29. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៥ ។

  30. យូដាស ១:២ ។