ឆ្នាំ​២០១៦
ឱកាស​នានា​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង
April 2016


ឱកាស​នានា​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង

របៀប​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​គូ​ស្វាមី​ភរិយា​ដើម្បី​មាន​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​នោះ​គឺ​ការបម្រើ​បេសកកម្ម​ជាមួយ​គ្នា ។

senior missionary couple

នៅពេល​មិត្តភក្តិ​របស់​យើង​ដែល​មាន​អាយុ ៦០ ឬ ៧០​ ឆ្នាំ​ភ្លេចភ្លាំង​អ្វី​មួយ នោះ​យើង​តែង​ភ្លាត់​មាត់​និយាយ​លេង​ថា « ចាស់​ហើយ » ។ ប៉ុន្តែ​ខ្ញុំ​ចង់​ពិភាក្សា​ពី​ភាព​វ័យ​ចំណាស់​មួយ​បែប​ផ្សេង​ទៀត — គឺ​ឱកាស​មួយ​ដ៏​សែន​មាន​ន័យ ដែល​អនុស្សាវរីយ៍​នោះ​នឹង​នៅ​ដិត​ជាប់​ជា​រៀង​រហូត ។ វា​គឺ​ជា​ឱកាស​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដឹង​ថា ពួកគេ​កំពុង​ធ្វើ​កិច្ចការ​ដែល​ព្រះអម្ចាស់​ពិតជា​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ នៅក្នុង​អនុស្សាវរីយ៍​បែប​នោះ ពួកគេ​ទទួល​ស្គាល់​ថា ៖

  • ពួកគេ​មាន​បទពិសោធន៍​ក្នុង​ជីវិត​ដើម្បី​ចែកចាយ និង មាន​ទេពកោសល្យ ជំនាញ ព្រមទាំង​ការយល់ដឹង​អំពី​ដំណឹង​ល្អ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ដទៃ ។

  • គំរូ​របស់​ពួកគេ​គឺ​ជា​ពរជ័យ​ចំពោះ​កូនៗ និង ចៅៗ​របស់​ពួកគេ ។

  • នៅពេល​ពួកគេ​បម្រើ នោះ​ពួកគេ​កំពុង​ធ្វើ​ឲ្យ​មាន​មិត្តភាព​យូរ​អង្វែង​ហើយ ។

  • អាពាហ៍ពិពាហ៍​របស់​ពួកគេ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​រាល់​ថ្ងៃ ។

  • ការបម្រើ​នៅក្នុង​ព្រះនាម​ទ្រង់​គឺ​គួរ​ជាទី​រីករាយ​ណាស់ ។

ឱកាស​នានា​នៅក្នុង​ការបង្កើត​អនុស្សាវរីយ៍

ឱ​មិត្ត​ចំណាស់ៗ​របស់​ខ្ញុំ​អើយ អ្នក​គប្បី​ព្យាយាម​ទទួល​បទពិសោធន៍​នៃ​ឱកាស​បែប​នោះ ។ សូម​គិត​ពី​រឿង​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​រៀបរាប់​អំពី​អ្វី​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ស្វាមី​ភរិយា​មួយ​គូ​បម្រើ​នៅ​ប្រទេស​ឈីលី​បាន​ធ្វើ ។ ឪពុក​ម្តាយ​របស់​អែលឌើរ​វ័យ​ក្មេង​ម្នាក់​បាន​ទទួលមរភាព ។ ប្រធាន​បេសកកម្ម​នៅ​ឆ្ងាយ ដែល​ពុំ​អាច​ឲ្យ​គាត់​មក​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ភ្លាមៗ​បាន​ឡើយ ។

អែលឌើរ ហូឡិន​មាន​ប្រសាសន៍​ថា « ប៉ុន្តែ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដ៏​ចិត្ត​ល្អ [ មាន​ភាព​ចាស់​ទុំ ] ដែល​បម្រើ​នៅក្នុង​តំបន់​នោះ » ។ « ពួកគេ​បាន​មក ហើយ​អង្គុយ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នោះ ហើយ​បាន​យកចិត្ត​ទុក​ដាក់​ដោយ​ក្តីស្រឡាញ់ និង​បាន​លួងលោម​គាត់​រហូត​ដល់​ប្រធាន​បេសកកម្ម​អាច​ទាក់ទង​មក​គាត់​ដោយ​ផ្ទាល់ ។ យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​យ៉ាង​អស្ចារ្យ​នៅក្នុង​បេសកកម្ម​របស់​យើង ប៉ុន្តែ​គ្មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ណា​ម្នាក់​អាច​លួងលោម​ដល់​អែលឌើរ​នោះ ដូច​អ្នកផ្សព្វផ្សាយ​សាសនា​ស្វាមី​ភរិយា​នោះ​អាច​ធ្វើ​បាន​ឡើយ » ។

ជំនាញ​របស់​ពួកគេ​នៅ​គ្រា​នោះ​គឺ​សាមញ្ញ​បង្ហាញ​សេចក្តី​អាណិត​អាសូរ​នៅចំ​គ្រា​ដ៏​ចាំបាច់​នោះ ។ ពួកគេ​ពុំ​ខ្វល់ខ្វាយ​ពី​ការនិយាយ​ភាសា​ផ្សេង​ក្រៅ​ពី​ភាសា​នៃ​សេចក្តី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​ឡើយ ។ ពួកគេ​ពុំ​បាច់​ព្រួយ​បារម្ភ​ពី​ការភ្លេច​ថ្ងៃ​ខួប​កំណើត​ចៅ ឬ ការប្រសិទ្ធពរ​ទារក​ឡើយ បើទោះបី​ជា​ព្រឹត្តិការណ៍​ទាំង​នោះ​សំខាន់​យ៉ាង​ណា​ក្តី ។ ពួកគេ​ខ្វល់ខ្វាយ​ពី​កន្លែង​ដែល​ព្រះអម្ចាស់​អាច​ប្រើ​ពួកគេ​ឲ្យ​ទៅ​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​នៃ​កូនចៅ​របស់​ទ្រង់ ។ ហើយ​ដោយសារ​ពួកគេ​មាន​នូវ​ឆន្ទៈ​បែប​នេះ នោះ​ទ្រង់​អាច​ឲ្យ​ពួកគេ​តំណាង​ទ្រង់​បាន ។

ការបម្រើ​គឺ​ងាយ​ស្រួល​ណាស់

សេចក្តពិត​គឺ​ថា គ្មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ណា​ឃើញ​ថា​វា​មាន​ភាព​ងាយស្រួល​ដើម្បី​ចាកចេញ​ពី​ផ្ទះ​ឡើយ ។ ទោះបី​ជា​យ៉ូសែប ស្ម៊ីធ ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ ឬ វិលហ្វូឌ វូឌដ្រុព្វ​ក្តី ។ ពួកគេ​មាន​កូន និង ចៅៗ​ផងដែរ ហើយ​ពួកគេ​ស្រឡាញ់​ក្រុមគ្រួសារ​របស់​ខ្លួន គឺ​ដូចជា​ពួកយើង​អញ្ចឹង​ដែរ ។ ប៉ុន្តែ​ពួកគេ​ក៏​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ចង់​បម្រើ​ទ្រង់ ។ ថ្ងៃ​ណា​មួយ យើង​អាច​ជួប​អ្នក​ខ្លាំង​ពូកែ​ទាំងនេះ ដែល​ជួយ​ស្ថាបនា​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​រីករាយ​ថា យើង​ពុំ​គេចវេស​ខ្លួន​យើង​ពី​ការបម្រើ នៅពេល​យើង​គួរតែ​បម្រើ​នោះ​ឡើយ ។

អ្នកខ្លះ​អាច​ចង់​បម្រើ​ខណៈ​ដែល​កំពុង​រស់នៅ​ឯ​ផ្ទះ​ខ្លួន ។ បន្ទាប់​ពី​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដែល​ធ្វើ​ឲ្យ​អាសេ ស្កុម៉ាឆើរ ណែលសិន ( ពុំ​ជាប់​សាច់​ឈាម​ខ្ញុំ​ទេ ) បាន​ពិការ​ត្រូវ​ជិះ​លើ​រទេះ​រុញ នោះ​គាត់​បារម្ភ​ថា​បំណង​ប្រាថ្នា​ក្នុង​ជីវិត​របស់​គាត់​ទៅ​បេសកកម្ម​ជាមួយ​ស្វាមី​ខ្លួន ដុន នឹង​ពុំ​អាច​សម្រេច​បាន​ឡើយ ។ ក្រោយ​មក​អ្នក​ជិតខាង​ម្នាក់​បាន​ជជែក​ជាមួយ​ពួកគេ​អំពី​បេសកកម្ម​សេវាកម្ម​សាសនាចក្រ​នៅ​ឃ្លាំង​របស់​ប៊ីស្សព ។ ដោយ​មាន​ការលើក​ទឹកចិត្ត នោះ​ពួកគេ​បាន​និយាយ​ជាមួយ​អ្នក​គ្រប់គ្រង​អគារ បាន​បំពេញ​សំណុំ​បែបបទ​របស់​ខ្លួន ហើយ​ត្រូវបាន​ហៅ​បម្រើ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នៅ​ឃ្លាំង​ក្បែរ​ផ្ទះ​របស់​ខ្លួន ។

អាសេ ណែលសិន​និយាយ​ថា « វា​ងាយស្រួល​ណាស់​ដោយ​គ្រាន់តែ​ដេក​គិត​ថា ‹ អូ៎ គេ​មិន​ត្រូវការ​ខ្ញុំ​ទៀត​ឡើយ › » ។ « ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​គេ ត្រូវការ ខ្ញុំ ។ ហើយ​នោះ​គឺ​ជា​ទីបន្ទាល់​មួយ​សម្រាប់​ខ្ញុំ » ។

ពិតជា​មាន​គេ​ត្រូវការ​អ្នក​ខ្លាំង​ណាស់

ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​គិត​ថា​ពុំមាន​គេ​ត្រូវការ​អ្នក នោះ​សូម​ឲ្យ​ខ្ញុំ​បញ្ជាក់​សារ​ជា​ថ្មី​ជាមួយ​អ្នក​ថា​គឺ មាន​គេ​ត្រូវការ​អ្នក ។ គ្មាន​ប្រធាន​បេសកកម្ម​នៅក្នុង​សាសនាចក្រ​ណា ដែល​ពុំ​ចង់​បាន​អ្នក​ផ្សព្វផ្សាយ​សាសនា​គូ​ស្វាមី​ភរិយា​បន្ថែម​ទៀត​ដើម្បី​បម្រើ​នៅក្នុង​បេសកកម្ម​របស់​ខ្លួន​ឡើយ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ពង្រឹង​ដល់​អែលឌែរ និង ស៊ីស្ទើរ​វ័យ​ក្មេង ។ ពួកគេ​ផ្តល់​ការគាំទ្រ ដែល​ជួយ​មនុស្ស​ដទៃ​ឲ្យ​បម្រើ​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ខ្លួន ។ ហើយ​តើ​អ្នក​អាច​ស្រមៃ​ទៅ​មើល​ថា វា​សំខាន់​ប៉ុណ្ណា ដែល​អ្នក​ដឹកនាំ​ដែល​ទើប​តែ​ក្លាយ​ជា​សមាជិក​បាន​ពីរបី​ឆ្នាំ មាន​ទំនាក់ទំនង​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​ដែល​បទពិសោធន៍​យូរ​មក​ហើយ​នោះ ? ជា​រឿយៗ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ប៊ីស្សព និង ប្រធាន​សាខា ។

យើង​សូម​លើក​ទឹកចិត្ត​ដល់​ប្រធាន​បេសកកម្ម ព្យាយាម​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​បម្រើ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៅក្នុង​បេសកកម្ម​របស់​ខ្លួន ។ ប៊ីស្សព​គួរតែ​ព្យាយាម​រក​គូស្វាមី​ភរិយា​ដែល​អាច​ទៅ​បម្រើ​បាន ។ គេហ​ទំព័រ LDS.org មាន​រៀបរាប់​ពី​ឱកាស​ជា​ច្រើន​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ។ ប៉ុន្តែ​សំខាន់​ជាង​គេ​បំផុត​នោះ គូស្វាមី​ភរិយា​អាច​លុត​ជង្គង់​របស់​ខ្លួន​ចុះ ហើយ​ទូលសួរ​ដល់​ព្រះវរបិតា ប្រសិនបើ​នេះ​គឺ​ជា​ពេល​ត្រឹមត្រូវ​សម្រាប់​ខ្លួន ដើម្បី​បម្រើ​បេសកកម្ម​ជាមួយ​គ្នា ។ តម្រូវការ​មួយ​នៃ​តម្រូវការ​ទាំង​អស់​នោះ​គឺ បំណង​ប្រាថ្នា ដើម្បី​បម្រើ​អាច​ជា​តម្រូវការ​សំខាន់​បំផុត ( សូមមើល គ. និង ស. ៤:៣ ) ។

នៅពេល​ខ្ញុំ​កោត​សរសើរ​អំពី​កិច្ចការ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង នោះ​ខ្ញុំ​ទទួល​ស្គាល់​ថា មាន​ពួកគេ​ជា​ច្រើន​ចង់​បម្រើ ប៉ុន្តែ​ពួកគេ​ពុំ​អាច​ធ្វើ​បាន ។ ការរារាំង​នោះ​គឺ​ដោយសារ​តែ​អាយុ ឬ សុខភាព​ទ្រុឌទ្រោម ក៏​ដូច​ជា​តម្រូវការ​ចាំបាច់​នានា​នៃ​សមាជិក​គ្រួសារ​ខ្លួន ។ នៅពេល​បំណង​ប្រាថ្នា​នេះ​មាន​ខ្លាំងក្លា​នៅក្នុង​ចិត្ត ប៉ុន្តែ​នៅតែ​មាន​ដែនកំណត់​បែប​នេះ នោះ​មនុស្ស​ដទៃ​អាច​ធ្វើ​កិច្ចការ​នេះ​ជំនួស​អ្នក​បាន ហើយ​អ្នក​អាច​បរិច្ចាគ​ថវិកា​ដ៏​ចាំបាច់​នោះ ។

គូស្វាមី​ភរិយា​អើយ មិន​ថា​អ្នក​ជា​នរណា ឬ នៅ​ទីណា​ឡើយ សូម​អធិស្ឋាន​អំពី​ឱកាស​នេះ​ដើម្បី​បង្កើត​ឱកាស​ដ៏​អស្ចារ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ជាមួយ​គ្នា ។ ព្រះវរបិតា​សួគ៌​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​យ៉ូសែប វ៉កឃើរ « Elder Jeffrey Holland: LDS Church Desperately Needs More Senior Missionaries » Deseret News, ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១១ ទំព័រ ៣ ។