នៅពេលដែល ការណ៍អាសគ្រាមវាយប្រហារនៅក្នុងផ្ទះ —នោះទាំងភរិយា និង ស្វាមី ត្រូវការការព្យាបាល
ខ្ញុំបានឃើញដោយផ្ទាល់ពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ក្នុងការព្យាបាលអាចកើតឡើងដល់ភរិយាព្រមទាំងស្វាមី នៅពេលស្វាមីមានឧបសគ្គជាមួយនឹងការណ៍អាសគ្រាម ។
អំឡុងពេលប្រាំមួយខែដំបូងរបស់ខ្ញុំក្នុងនាមជាប៊ីស្សព មានគូស្វាមីភរិយាមួយចំនួននៅក្នុងវួដរបស់ខ្ញុំ បានមកជួបខ្ញុំដោយមានទំនុកចិត្ត ប្រាប់ខ្ញុំពីការលំបាករបស់ស្វាមីដែលមានបញ្ហាជាមួយការណ៍អាសគ្រាម ។ នៅក្នុងករណីមួយចំនួន ភរិយាមានភាពស្មុគស្មាញអំពីក្តីតក់ស្លុតដោយបានដឹងពីការបំផ្លាញយ៉ាងសម្ងាត់នោះ មនុស្សខ្លះទៀតបានដឹងពីវាអស់ពេលជាច្រើនខែ ឬ ឆ្នាំមកហើយ ។
ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់គូស្វាមីភរិយាទាំងនោះ ហើយមានអារម្មណ៍ពីព្រះចេស្តាប្រោសលោះរបស់ព្រះអង្គសង្គ្រោះ នៅពេលខ្ញុំបានប្រឹក្សាជាទៀងទាត់ និងដោយប្រុងប្រយ័ត្នជាមួយនឹងបងប្អូនប្រុសម្នាក់ៗដើម្បីជួយពួកគេឲ្យ « រលាស់ច្រវ៉ាក់ … ដែលចងក្រៀក [ ពួកគេ ] ចោល » ( នីហ្វៃទី ២ ៩:៤៥ ) ។
ទោះជាយ៉ាងណាក្តី ប្រហែលជាការចាក់ស្រោចព្រះវិញ្ញាណដ៏ច្រើនមហិមាបានកើតឡើង នៅពេលខ្ញុំបានជួបភរិយារបស់ពួកគេ ។ ខ្ញុំបានឃើញថា អំឡុងពេលដែលមុខរបួសមួយចំនួននៅថ្មីថ្មោង ហើយស្នាមរបួសចាស់ៗផ្សេងទៀតពីការធ្លាប់បានធ្វើបែបនេះអស់រយៈពេលជាច្រើនក្នុងអតីតកាល នោះបងប្អូនស្រីទាំងនេះបានស៊ូទ្រាំដោយក្តីឈឺចាប់ខាងវិញ្ញាណយ៉ាងខ្លាំង ដែលបណ្តាលមកពីសំណួរដូចជា « តើខ្ញុំបានធ្វើអ្វីខ្លះដែលបណ្តាលឲ្យគាត់ពុំចាប់អារម្មណ៍មកលើរូបខ្ញុំ ? » ឬ « ហេតុអ្វីគាត់ចង់ស្រមៃពីខ្លួនគាត់ជាមួយអ្នកផ្សេងទៀតជាជាងជាមួយខ្ញុំដូច្នេះ ? »
ដោយសារតែស្វាមីនោះបានប្រព្រឹត្តិអំពើរំលង វាងាយស្រួលសម្រាប់ប៊ីស្សព ដើម្បីមានអារម្មណ៍ថា ស្វាមីភាគច្រើនត្រូវការចូលទៅរកកូនសោដើម្បីបើកសោយកព្រះចេស្តាព្យាបាលរបស់ព្រះអង្គសង្គ្រោះ ប៉ុន្តែខ្ញុំបានរៀនដឹងថា ភរិយាគួរតែត្រូវបានព្យាបាលពីក្តីឈឺចាប់ និង របួសគ្រាំគ្រាខាងក្នុងចិត្តឲ្យច្រើនដូចជាស្វាមីត្រូវការការព្យាបាលពីអំពើបាប និង ចំណង់ដែលអត់ទ្រាំពុំបាន ។
នៅក្នុងការថ្លែងទៅដល់ពួកសាសន៍នីហ្វៃ ព្យាការីយ៉ាកុបបានកាត់ទោសដល់បុរសចំពោះទង្វើដែលពុំស្មោះត្រង់របស់ពួកគេចំពោះភរិយាខ្លួន « ដែលភាគច្រើន [ មាន ] អារម្មណ៍ទន់ភ្លន់ និង បរិសុទ្ធ និង ចិត្តទោរទន់នៅចំពោះព្រះ គឺជាការណ៍ដែលសព្វព្រះហឫទ័យដល់ព្រះ » ( យ៉ាកុប ២:៧ ) ។ លោកបានបន្តថា ៖ « អ្នកបានធ្វើឲ្យភរិយាដ៏ទន់ភ្លន់របស់អ្នកខូចចិត្ត … ព្រោះតែគំរូដ៏អាក្រក់របស់អ្នកនៅចំពោះពួកគេ ហើយសំឡេងដង្ហក់នៃបេះដូងគេ បានឮ ឡើងទៅដល់ព្រះទាស់នឹងអ្នក » ( យ៉ាកុប ២:៣៥ ) ។ ខ្ញុំបានឃើញពីសំឡេងដង្ហក់ទាំងនេះដោយផ្ទាល់ ។ ជារឿយៗវាពុំកើតឡើងមកតែពីអារម្មណ៍ដ៏ឈឺចាប់ខ្លាំងរបស់ភរិយាទាំងនោះអំពីការក្បត់ដែលបានបណ្តាលមកពីការពាក់ព័ន្ធនឹងការណ៍អាសគ្រាមរបស់ស្វាមីខ្លួនឡើយ ប៉ុន្តែវាក៏បណ្តាលមកពីពាក្យសម្តីបន្ទាបបន្ថោក និង អាកប្បកិរិយាឈ្លើយដែលបង្ហាញជាញឹកញាប់ ដែលជាលទ្ធផលនៃការលំបាកនៅក្នុងខ្លួនពួកបុរសទាំងនោះ ។ តាមពិតវាជារឿងទូទៅទៅហើយ ដែលបុរសម្នាក់ទម្លាប់ស្តីបន្ទោសដល់ភរិយាខ្លួនថាមកពីនាងទើបគាត់មានអាកប្បកិរិយាបែបនោះ ដោយលើកយកទង្វើនានាដែលនាងបានធ្វើ ឬ ពុំបានធ្វើ ។ គួរឲ្យស្តាយណាស់ វាក៏ជារឿងសាមញ្ញទៅហើយសម្រាប់ភរិយាដែលចាប់ផ្តើមយកមកពិចារណា ហើយជឿលើការចោទប្រកាន់ទាំងនោះ ។
គូស្វាមីភរិយាមួយគូបែបដូច្នេះបានអង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំ គឺក្រោយថ្ងៃដែលស្វាមីរបស់គាត់បានសារភាពពីទម្លាប់នៃការណ៍អាសគ្រាមខ្លួន ដែលបានរុកគុនគាត់តាំងពីនៅយុវវ័យ ។ ខណៈកំពុងតែអង្គុយស្តាប់មេរៀនថ្នាក់សមាគមសង្គ្រោះ ដោយផ្អែកលើសុន្ទរកថាសន្និសីទទូទៅខែមេសា ឆ្នាំ ២០១៤របស់ស៊ីស្ទើរ លីនដា អេស រីវេស « ការការពារពីរូបអាសគ្រាម — ផ្ទះដែលផ្ដោតលើព្រះគ្រីស្ទ » ភរិយារូបនេះចាប់ផ្តើមទទួលស្គាល់ពីអាកប្បកិរិយាទិតៀនរបស់ស្វាមីនាងចំពោះរូបនាងអំពីទំនោរជាច្រើនដែលគ្រូបង្រៀនបានពិពណ៌នា ។ បន្ទាប់ពីមេរៀនចប់ នាងបានទៅជួបស្វាមីរបស់ខ្លួនដើម្បីសួរសំណួរ ហើយគាត់បានសារភាពពីការណ៍អាថ៌កំបាំងថា គាត់បានលាក់បាំងវាយូរយារណាស់មកហើយ ។ ការខូចចិត្តដែលនាងគិតទុកនោះ ឥឡូវនេះកាន់តែធ្វើឲ្យនាងកើតទុក្ខធ្ងន់ឡើងដោយសារតែការថ្នាំងថ្នាក់ចិត្តដ៏យ៉ាងខ្លាំងនោះ ។ អំឡុងពេលលើកដំបូងដែលពួកគេជួបខ្ញុំ នោះពួកគេមានការលំបាកដើម្បីមើលឃើញថាអាពាហ៍ពិពាហ៍របស់គួរតែបន្តទៅមុខទៀតឬអត់ ។ ខ្ញុំបានធានាជាមួយនឹងពួកគេថា នឹងមាននូវសេចក្តីសង្ឃឹម ខ្ញុំបានផ្តល់ការទូន្មានមួយចំនួនដំបូង ហើយក្រោយមកអញ្ជើញពួកគេឲ្យត្រឡប់មកវិញ ព្រមទាំងជួបជាមួយខ្ញុំម្នាក់ម្តង ។
ដោយមានការអធិស្ឋានដ៏ស្មោះត្រង់ដែលខ្ញុំបានអធិស្ឋាន នៅក្នុងការរៀបចំសម្រាប់ការជួបទាំងនោះ ខ្ញុំក៏ពិនិត្យសើររើឡើងវិញពីយោបល់ដែលបានផ្តល់ឲ្យនៅក្នុង Ministering Resources លើគេហទំព័រ LDS.org ជាពិសេសនៅក្នុងធនធានសម្រាប់ការគាំទ្រស្វាមីភរិយាដែលមានបញ្ហាជាមួយការណ៍អាសគ្រាម ខ្ញុំបានអានចំណុចខាងក្រោម ៖ « សូមបង្ហាញសេចក្តីស្រឡាញ់ និង កង្វល់របស់អ្នកចំពោះពួកនាងម្នាក់ៗ ព្រមទាំងស្វាមីរបស់នាងផងដែរ ។ សូមបញ្ជាក់ឲ្យច្បាស់ថានាងពុំមានទំនួលខុសត្រូវចំពោះបញ្ហាការណ៍អាសគ្រាមរបស់ស្វាមីនាង ឬ អាកប្បកិរិយាអាក្រក់ ហើយពុំត្រូវបានរំពឹងឲ្យស៊ូទ្រាំចំពោះអាកប្បកិរិយារំលោភបំពាននេះឡើយ » ។
នៅពេលខ្ញុំបានជួបស្ត្រីរូបនេះ ខ្ញុំបានស្តាប់ ហើយធ្វើតាមការទូន្មាននេះ ហើយបានបន្ថែមការធានាអះអាងថា ទង្វើរបស់ស្វាមីនាងគឺពុំមែនមកពីនាងឡើយ ពុំមែនជាអ្វីដែលនាងបានធ្វើ ឬ ពុំបានធ្វើឡើយ ប៉ុន្តែផ្ទុយទៅវិញគឺមកពីទំនាស់ផ្ទៃក្នុងផ្ទាល់ខ្លួនរបស់គាត់វិញទេតើ ។ ខ្ញុំបានមើលពីអារម្មណ៍ធូរស្បើយ និង ការលួងចិត្តដែលមានចំពោះនាង នៅពេលនាងយល់ពាក្យទាំងនេះ ហើយទទួលអារម្មណ៍ពីការបញ្ជាក់របស់ព្រះវិញ្ញាណថាពាក្យទាំងនេះគឺពិត ។ នៅចុងបញ្ចប់នៃការសម្ភាសនោះ គាត់បានសុំ ប្រសិនបើខ្ញុំនឹងផ្តល់ការប្រសិទ្ធពរបព្វជិតភាពដល់គាត់ ។ ខ្ញុំបានដឹងថា ខ្ញុំគឺជាមនុស្សម្នាក់គត់ដែលនាងអាចងាកមករកសម្រាប់ការប្រសិទ្ធពរបែបនោះ នៅពេលនាងសុំឲ្យរក្សាស្ថានភាពរបស់នាងជាការសម្ងាត់ពីគ្រួសារ និង មិត្តភក្ដិ ។
ដើម្បីជួយក្នុងដំណើរការការព្យាបាល ខ្ញុំបានអញ្ជើញស្វាមីនោះឲ្យចូលមកក្រុមជាសះស្បើយលើការញៀននៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងមូលដ្ឋាន ហើយខ្ញុំបានលើកទឹកចិត្តភរិយាគាត់ឲ្យចូលរួមក្រុមនោះផងដែរសម្រាប់ស្វាមី និង សមាជិកគ្រួសារ ។ គាត់បានប្រាប់ខ្ញុំពីការលួងលោមដែលគាត់បានមានពីការប្រជុំជាមួយបងប្អូនស្រីផ្សេងទៀត ដែលយល់ពីការរងទុក្ខរបស់ខ្លួន និង សេចក្តីសង្ឃឹមដែលនាងបានទទួល ដែលឃើញគូស្វាមីភរិយានានាដែលបានឆ្លងកាត់ ការសាកល្បងដូចគ្នានេះហើយបានយកឈ្នះវាជាមួយគ្នា ។
ប៉ុន្មានខែក្រោយបន្ទាប់ពីការជួបលើកទីមួយជាមួយគូស្វាមីភរិយានេះបានកន្លងផុតទៅ នោះក្តីស្រឡាញ់ និង ការខ្វល់ខ្វាយរបស់ខ្ញុំចំពោះពួកគេបានកើនឡើង ដោយសារតែទំនាក់ទំនងជាច្រើនដែលយើងមានជាមួយគ្នា ។ អំឡុងពេលដែលខ្ញុំទទួលស្គាល់ថា ការបន្តដំណើរលើផ្លូវរបស់ពួកគេនឹងមិនបន្តទៅមុខបានដោយគ្មានឧបសគ្គ នោះវាគឺជាសេចក្តីអំណរសម្រាប់ខ្ញុំដើម្បីដឹងថាពីមួយខែទៅមួយខែទៀត ស្វាមីនោះបានទប់អារម្មណ៍របស់ខ្លួនពីតណ្ហា និង ការណ៍អាសគ្រាម ហើយមើលឃើញពីតម្លៃ និង ទំនុកចិត្តរបស់ភរិយាខ្លួន ដែលឆ្លុះបញ្ជាំងឲ្យឃើញយ៉ាងច្បាស់ ។
នៅក្នុងការសម្ភាសថ្មីៗនេះជាមួយពួកគេ ភាពតានតឹងផ្លូវចិត្ត និង ដំណក់ទឹកភ្នែកកាលពីជួបលើកដំបូងនោះត្រូវបានជំនួសដោយស្នាមញញឹម និងសើចសប្បាយវិញ ។ ប៉ុន្តែប្រហែលជាលទ្ធផលដ៏ធំមហិមាដែលសង្ឃឹមចង់បាននោះ — គឺសេចក្តីសង្ឃឹមថា ពុំគ្រាន់តែអាពាហ៍ពិពាហ៍របស់ពួកគេបន្តទៅមុខទៀតឡើយ ប៉ុន្តែថាវាថែមទាំងមាននូវសក្តានុពលដែលនឹងក្លាយទៅជាអ្វីដែលល្អស្រស់ត្រកាល និង តម្កើងឡើង ។
ជាអកុសលខ្ញុំទទួលស្គាល់ថា ពុំមែនគូស្វាមីភរិយាគ្រប់គូនឹងមានបទពិសោធន៍ដែលមានលទ្ធផលល្អបែបនេះទេ ។ អាពាហ៍ពិពាហ៍មួយចំនួនអាចបរាជ័យ នៅពេលអ្នកដែលមានបញ្ហាជាមួយការណ៍អាសគ្រាមបដិសេធធ្វើការកែលម្អ ។ ប៉ុន្តែដោយពុំគិតពីផ្លូវដែលស្វាមីបានជ្រើសរើសឡើយ នោះខ្ញុំបានដឹងថាការទូន្មានឲ្យបម្រើដល់ភរិយាគឺជាការបំផុសគំនិតមួយ ។ ខ្ញុំសង្ឃឹមថា គ្មានបងប្អូនស្រីណានៅក្នុងស្ថានភាពនេះ នឹងមានអារម្មណ៍ថានាងត្រូវបានគេមើលរំលង វិនិច្ឆ័យខុស ឬ ពុំយល់ចិត្តពីប៊ីស្សពរបស់ខ្លួនឡើយ ។ ការបម្រើរបស់ប៊ីស្សពគឺជាគន្លឹះមួយដែលព្រះចេស្តារបស់ព្រះអង្គសង្គ្រោះត្រូវបានបើកបង្ហាញ ដើម្បីព្យាបាលដួងចិត្តបុគ្គលម្នាក់យ៉ាងពេញលេញ — គឺដល់អស់អ្នក « ដែលត្រូវបានចាក់ទំលុះឲ្យមានរបួសយ៉ាងជ្រៅ » ( យ៉ាកុប ២:៣៥ ) ។