បានតាំងចិត្តដើម្បី ឈប់
អ្នកនិពន្ធរស់នៅរដ្ឋនូវ យ៉ោក ស.រ.អា. ។
ជំនាញលេងព្យាណូរបស់ខ្ញុំពុំបានប្រសើរឡើងសោះទោះបីបន្ទាប់ពីអនុវត្តអស់ជាច្រើនឆ្នាំក្តី ។ ឪពុកម្តាយខ្ញុំបានប្រាប់ខ្ញុំថាខ្ញុំអាចឈប់បានប៉ុន្តែមានលក្ខខណ្ឌមួយ ៖ ខ្ញុំត្រូវតែរៀនឲ្យបាន៥០បទនៃបទទំនុកតម្កើង ។
ខ្ញុំខឹងយ៉ាងខ្លាំង ហើយបានរត់ចូលទៅក្នុងផ្ទះរបស់ខ្ញុំ ទាំងយំយ៉ាងខ្លាំង បន្ទាប់ពីការខកចិត្តមួយទៀតជាមួយនឹងការរៀនព្យាណូ ។ វាគឺជាឆ្នាំទីបួននៃការរៀនលេងព្យាណូរបស់ខ្ញុំ ហើយខ្ញុំ អាចលេងបទចម្រៀងកុមារតែបទស្រួលៗប៉ុណ្ណោះ ។ គ្រូបង្រៀនរបស់ខ្ញុំបានព្យាយាមស្វែងរកពាក្យវិជ្ជមានដើម្បីនិយាយអំពី ការលេងព្យាណូដ៏អន់របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍មិនល្អសោះ ។ ឪពុកម្ដាយខ្ញុំបានចំណាយប្រាក់សម្រាប់ការរៀនព្យាណូដែលខ្ញុំមិនចង់រៀន ហើយពុំសង្ឃឹមចង់លេងឡើយ ។
ខ្ញុំចង់ឲ្យឪពុកម្ដាយរបស់ខ្ញុំប្រាប់ខ្ញុំឲ្យឈប់លេង ។ ខ្ញុំបានអង្វរ ថា « សូមមេត្តាឲ្យកូនឈប់លេងទៅ » ។ « កូននឹងធ្វើអ្វីគ្រប់យ៉ាង ។ តើធ្វើដូចម្តេចទើបពុកម៉ែឲ្យខ្ញុំឈប់ ? »
បន្ទាប់ពីពិភាក្សាវាជាមួយពួកគាត់មក ពួកគាត់បាននិយាយថា « ប្រសិនបើកូនរៀនចេះ៥០បទនៃបទទំនុកតម្កើង នោះពុកម៉ែនឹងអនុញ្ញាតឲ្យកូនឈប់ » ។
ខ្ញុំបានចាប់ផ្តើមអនុវត្តវាភ្លាម ។ ខ្ញុំចង់ឈប់លេងយ៉ាងខ្លាំង ដូច្នោះខ្ញុំបានប្តេជ្ញាចិត្តចំណាយពេលបន្ថែមទៀតលេងព្យាណូ ។ ទំនុកតម្កើងទីមួយ « យើងអរគុណទ្រង់ចំពោះព្យាការី » ( ទំនុកតម្កើង លេខ ១០ ) ចំណាយពេលជិតមួយខែទើបអាចលេងបានស្ទាត់ ។ ខ្ញុំនៅតែមានបំណងឈប់លេង ដូច្នោះខ្ញុំបានបន្តហាត់លេងវារហូត ។
មានរឿងមួយគួរឲ្យចាប់អារម្មណ៍បានកើតឡើង ៖ ទំនុកតម្កើងនានាបានធ្វើឲ្យខ្ញុំលេងស្ទាត់យ៉ាងងាយស្រួល ។ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងជាងមុនពេញមួយសប្តាហ៍ ។ ខ្ញុំបានឃើញថាខ្លួនខ្ញុំបានច្រៀងរហ៊ឹមៗនូវទំនុកតម្កើងនានាអំឡុងពេលថ្ងៃ ហើយច្រៀងវាយ៉ាងឮៗនៅក្នុងការប្រជុំសាក្រាម៉ង់ ។
ទីបំផុត ខ្ញុំបានឈប់តាមដានថាខ្ញុំចេះបានប៉ុន្មានបទហើយ ។ នៅពេលខ្ញុំបានលេងព្យាណូកាន់តែស្ទាត់ជំនាញ ខ្ញុំបានដឹងថាខ្ញុំអាចលេងទំនុកតម្កើងថ្មីមួយស្ទើរតែបានល្អឥតខ្ចោះក្នុងរយៈពេលតិចជាង ៣០នាទី ។
ទីបំផុតនៅពេលខ្ញុំបានបានបូកសរុបបទទាំងនោះចូលគ្នា នោះខ្ញុំបានដឹងថាវាមានច្រើនជាង៥០បទទៅទៀត ។ ហើយគ្មានផ្លូវទេដែលខ្ញុំនឹងឈប់លេងព្យាណូនោះ ។ ខ្ញុំប្រែជាមានទំនុកចិត្តកាន់តែច្រើនឡើងៗនៅក្នុងសមត្ថភាពរបស់ខ្ញុំដើម្បីលេង ហើយមានអារម្មណ៍ពីអំណាចនៃទំនុកតម្កើងនៅក្នុងជីវិតរបស់ខ្ញុំ ។
ទំនុកតម្កើងគឺដូចជាព្រះគម្ពីរដែរ វាប្រាប់ពីសេចក្តីពិត ។ នៅពេលខ្ញុំលេងបទទំនុកតម្កើង នោះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងមុជខ្លួនរបស់ខ្ញុំទាំងស្រុងទៅក្នុងព្រះគម្ពីរ ។ ការរៀនពីរបៀបលេងទំនុកតម្កើងបានជួយខ្ញុំដើម្បីស្ថាបនាទីបន្ទាល់ និង រៀនពីសេចក្តីពិត ។ ខ្ញុំឃើញថា ខ្លួនខ្ញុំបានបណ្តែតអារម្មណ៍ទៅតាមពាក្យពេចន៍នានានៃទំនុកតម្កើងផ្សេងៗនោះ ជួយខ្ញុំពេញមួយជីវិតខ្ញុំ ។ ការលេងព្យាណូបានពង្រឹងទីបន្ទាល់របស់ខ្ញុំ ហើយបានផ្តល់ឱកាសនានាដល់ខ្ញុំទោះជាខ្ញុំទៅទីណាក៏ដោយ ។