ការទទួលស្គាល់ ភាពក្លែងបន្លំរបស់សាតាំង
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
នៅពេលយើងជួបប្រទះនឹងការក្លែងបន្លំខាងវិញ្ញាណ នោះព្រះគម្ពីរមរមនអាចជួយយើងឲ្យកំណត់ថាអ្វីពិត និង អ្វីដែលក្លែងក្លាយ ។
ខ្ញុំបានដាក់ក្រដាសប្រាក់ពីរបីដុល្លារទៅក្នុងកាបូបលុយខ្ញុំនៅហាងលក់គ្រឿងទេស នៅពេលដែលមានក្រដាសប្រាក់មួយសន្លឹកដូចជាចម្លែក ។ ខ្ញុំបានគិតថាពណ៌បៃតងគឺ មានពណ៌ស្រាលជាងក្រដាសផ្សេងទៀត ដូច្នោះខ្ញុំបានពិនិត្យមើលយ៉ាងជិតភ្នែក ។ ក្រោយមកខ្ញុំបានកត់សម្គាល់ឃើញរូបរបស់ប្រធាន ចច វ៉ាស៊ីនតោនហាក់បីដូចជាមិនច្បាស់សោះ ។ សូម្បីតែក្រដាសទៀតសោតក៏មានអារម្មណ៍ថាពុំត្រូវឡើយ ។ វាក្លែងក្លាយ ! ស្មៀននោះបានប្តូរវាយកក្រដាសប្រាក់ពិត ហើយដាក់ក្រដាសប្រាក់ក្លែងក្លាយនោះទៅក្នុងហាងម្ចាស់នោះវិញ ។
ខ្ញុំបានគិតយ៉ាងច្រើនអំពីក្រដាសប្រាក់ក្លែងក្លាយនោះតាំងពីនោះមក ។ ខ្ញុំឆ្ងល់ថាមិនដឹងជាក្រដាសប្រាក់នេះបានដំណើរការយូរប៉ុន្មានមកហើយទេ ហើយមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានបោកបញ្ឆោតអស់ជាច្រើនឆ្នាំមកនេះ ។ តាមពិតទៅ ដោយខ្ញុំពុំបានយកចិត្តទុកដាក់ ខ្ញុំក៏ប្រហែលជាត្រូវបានបោកបញ្ឆោតផងដែរ ។ ប៉ុន្តែដោយការប្រៀបធៀបវានឹងក្រដាសប្រាក់ពិត ហើយផ្តោតលើភាពខុសគ្នាជំនួសឲ្យភាពស្រដៀងគ្នា នោះខ្ញុំអាចប្រាប់ថាវាពិតជាក្លែងក្លាយមែន ។
ព្រះគម្ពីរមរមនមានឧទាហរណ៍ជាច្រើនពីការក្លែងបន្លំខាងវិញ្ញាណ ដែលបានធ្វើតាមវិធីសាស្ត្ររបស់សាតំាង ដូចជាការកុហក និង ការបោកបញ្ឆោតមនុស្សដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ តាមរយៈការសិក្សាពីល្បិចកល និង ស្នៀតរបស់វា នោះយើងចាប់ផ្តើមកត់សម្គាល់ឃើញពីកំហុស និង បញ្ហារបស់វា តាមរបៀបមួយដោយអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកត់សម្គាល់ពីភាពខុសគ្នារវាងក្រដាសប្រាក់ពិត និង ក្រដាសប្រាក់ក្លែងក្លាយ ។ កាលណាយើងកាន់តែអង្កេតមើលពីភាពខុសគ្នា នោះយើងរៀបចំខ្លួនបានកាន់តែប្រសើរ ដើម្បីឃើញពីអ្នកក្លែងបន្លំសព្វថ្ងៃនេះ ហើយទប់ទល់នឹងការកុហករបស់វា ។
ការប្រមូលព័ត៌មានពីភាពក្លែងបន្លំរបស់សាតាំង
សាតាំងព្យាយាមដឹកនាំយើងឲ្យទៅជាប់ចំណងនៃភាពក្លែងបន្លំខាងវិញ្ញាណផ្ទាល់របស់វា ហើយប្រសិនបើយើងពុំប្រុងប្រយ័ត្នទេនោះ យើងនឹងត្រូវបានបោកបញ្ឆោត ។ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) បានព្រមាន ៖ « សាតាំងគឺជាអ្នកក្លែងខ្លួនយ៉ាងជំនាញ ហើយដោយសារសេចក្តីពិតនៃដំណឹងល្អដ៏អស្ចារ្យត្រូវបានប្រទានដល់ពិភពលោកយ៉ាងច្រើនជាបន្តបន្ទាប់ នោះវាបាចពង្រាយប្រាក់កាក់ក្លែងបន្លំនៃគោលលទ្ធិក្លែងក្លាយ ។ សូមមានការប្រុងប្រយ័ត្នចំពោះក្រដាសប្រាក់ក្លែងក្លាយនោះ អ្នកនឹងពុំអាចចាយវាបានឡើយ ប៉ុន្តែវាធ្វើឲ្យខកចិត្ត មានទុក្ខព្រួយ និង ស្លាប់ខាងវិញ្ញាណ » ។១
ការការពារដ៏ល្អបំផុតដែលយើងមានដើម្បីទប់ទល់នឹងការបោកបញ្ឆោតដោយការក្លែងបន្លំរបស់សាតាំង គឺត្រូវស្គាល់សេចក្តីពិតនៃដំណឹងល្អឲ្យបានច្រើនតាមដែលអាចធ្វើបាន ។ ដរាបណាយើងស្គាល់សេចក្តីពិតកាន់តែជាក់ច្បាស់ នោះវាកាន់តែងាយស្រួលដើម្បីកត់សម្គាល់ពីភាពខុសគ្នា នៅពេលសាតាំងបង្ហាញយើងនូវភាពក្លែងបន្លំរបស់វា ។ ដូច្នេះនៅពេលវាធ្វើដូច្នេះ យើងត្រូវស្វែងរកមើលភាពខុសគ្នា ពុំមែនភាពស្រដៀងគ្នាឡើយ គឺធ្វើដូចជាខ្ញុំបានធ្វើជាមួយនឹងក្រដាសប្រាក់ដុល្លាររបស់ខ្ញុំដែរ ដោយសារថាទីណាមានការកុហក ទីនោះនឹងត្រូវបានបើកសម្តែងជានិច្ច ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖ « ព្រះគម្ពីរមរមនបង្ហាញឲ្យឃើញនូវមារសត្រូវរបស់ព្រះគ្រីស្ទ ។ …ជាមួយនឹងព្រះតម្រិះដឹងមុនដ៏ឥតព្រំដែនរបស់ទ្រង់ ព្រះបានធ្វើឲ្យព្រះគម្ពីរមរមន លេចចេញជារូបរាងឡើង ដើម្បីឲ្យយើងអាចឃើញកំហុស ហើយយល់ដឹងពីរបៀបតយុទ្ធនឹងគំនិតនៃការអប់រំ នយោបាយ សាសនា និងទស្សនៈវិជ្ជាដែលខុសឆ្គងនាសម័យយើងនេះ » ។២
យើងកំពុងតែធ្វើសង្គ្រាមជាមួយនឹងសាតាំងសព្វថ្ងៃនេះ ។ យើងក៏ដូចជាកងទ័ពដទៃទៀតដែរ យើងត្រូវតែដឹងពីផែនការរបស់មារសត្រូវ ។ ជាឧទាហរណ៍ ការដឹងពីពេលវេលា និង ទីកន្លែងដែលមារសត្រូវរបស់យើងនឹងវាយប្រហារយើង គឺជាព័ត៌មានដ៏មានតម្លៃបំផុត ។ ហេតុដូច្នោះហើយមូលហេតុនៃលក្ខខណ្ឌតម្រូវឲ្យទទួលបាននូវព័ត៌មានបែបនេះនោះ ត្រូវបានហៅថា « ការប្រមូលព័ត៌មាន » ។ ដើម្បីស្គាល់ពីសត្រូវរបស់យើង គឺមានន័យថាមានភាពវ័យឆ្លាតជាងសត្រូវយើង ។ ព្រះគម្ពីរមរមនអាចជួយយើងឲ្យ « ប្រមូលព័ត៌មាន » អំពីយុទ្ធសាស្ត្រក្លែងបន្លំរបស់សាតាំង ។
ពាក្យសម្តីបញ្ជោរគឺជាភាពក្លែងបន្លំ
នៅក្នុងព្រះគម្ពីរមរមន ភាពក្លែងបន្លំជាងពាក់កណ្តាលត្រូវបានប្រើជាពាក្យសម្តីបញ្ជោរ និង អំណាចផ្ទាល់ខ្លួនដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន ។ ឧទាហរណ៍ សេរេម « មានតំរិះដ៏ឥតខ្ចោះអំពីភាសារបស់ប្រជាជន ហេតុដូច្នោះហើយ ទើបគាត់អាចបញ្ជោរ ហើយរកកលល្បិចនៃសម្តីជាច្រើន ដោយអំណាចនៃអារក្ស » ( យ៉ាកុប ៧:៤ ) ។ ពួកសង្ឃទុច្ចរិតរបស់ស្តេចណូអេបាននិយាយ « សម្តីផ្អែមល្ហែមឥតប្រយោជន៍ និង សម្តីបញ្ជើចបញ្ចើ » ( ម៉ូសាយ ១១:៧ ) ដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនចំពោះការថ្វាយបង្គំបដិមាករ និង អំពើទុច្ចរិតផ្សេងៗទៀត ។ កូរីហូបានសម្រេចនូវជោគជ័យស្រដៀងគ្នានៅជំនាន់របស់លោក « ដោយបង្វែរចិត្តមនុស្សជាច្រើនចេញ » ( អាលម៉ា ៣០:១៨ ) ។ ទាំងអាម៉ាលិកាយ និង កាឌីអានតុន បានប្រើសមត្ថភាពបញ្ជោររបស់វាដើម្បីបង្កើតកងទ័ពទុច្ចរិតឲ្យដើរតាមវា ( សូមមើល អាលម៉ា ៤៦:១០; ហេលេមិន ២:៤ ) ។
ការណ៍នេះពុំមែនចៃដន្យទេ ។ ពាក្យបញ្ជោរគឺគ្មានអត្ថន័យ ពុំស្មោះសរ ពុំពិត និង បំផ្លើស ។ នីហ្វៃបានព្រមានដល់អស់អ្នកដែល « បង្រៀនតាមរបៀបនេះ គឺជាគោលលទ្ធិក្លែងក្លាយ ឥតខ្លឹមសារ ហើយឥតប្រយោជន៍ ហើយនឹងអួតនៅក្នុងចិត្តរបស់ខ្លួន ហើយនឹងលាក់គំនិតខ្លួនពីព្រះអម្ចាស់ ហើយកិច្ចការរបស់ពួកគេនឹងនៅក្នុងទីងងឹត » ( នីហ្វៃទី ២ ២៨:៩ ) ។
ជារឿយៗពាក្យបញ្ជោរត្រូវបានប្រើដើម្បីបោកបញ្ឆោត វាតែងតែមានការជំរុញចិត្តយ៉ាងអាថ៌កំបាំង ឬ មានផែនការលាក់កំបាំង ។ ពាក្យបញ្ជោរគឺការនិយាយហួសពីអ្វីដែលត្រូវនិយាយ ហើយវាទាក់ទាញឲ្យមាននូវការអួតអាត និង អំនួតរបស់មនុស្សខាងសាច់ឈាម ។ ប៉ុន្តែព្យាការីរបស់ព្រះអម្ចាស់ប្រាប់យើងយ៉ាងសេចក្តីពិតសាមញ្ញ ប៉ុន្តែសំខាន់ដែលយើង ត្រូវតែ ដឹង ។
ពាក្យបញ្ជោរគឺជាភាសាដែលសាតាំងនិយាយ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖ « ជារឿយៗសំឡេង [ របស់សាតំាង ] ពិតជាមានហេតុផល ហើយសារលិខិតរបស់វាងាយនឹងបង្ហាញថាត្រូវយ៉ាងខ្លាំង ។ វាគួរឲ្យទាក់ទាញ ជាសំឡេងដោយឧបាយកលដែលធ្វើឲ្យចិត្តរីករាយ ។ វាមិនមែនជាសំឡេងខ្លាំង ឬ ពុំរីករាយឡើយ ។ គ្មាននរណាម្នាក់ស្តាប់តាមសំឡេងសាតាំងឡើយ ប្រសិនបើវាជាសំឡេងដែលឮខ្លាំង ឬ ពុំរីករាយនោះ » ។៣
នៅពេលពិភពលោកនេះបង្ហាញដល់យើងនូវគំនិត ទស្សនវិទ្យា ឬ យោបល់ដែលហាក់បីដូចជាទាក់ទាញ ដែលនាំឲ្យមាននូវការអួតអាង ឬ មោទនភាព ឬ សំឡេងសាមញ្ញនោះហាក់បីដូចជាពិត នោះវាគឺជាការព្រមានមួយដល់យើងភ្លាម ។ សូមចាត់ទុកគំនិតទាំងនោះថាជាការក្លែងបន្លំ ។ សូមប្រៀបធៀបវាជាមួយនឹងសេចក្តីពិតដែលបង្រៀនដោយព្យាការីរបស់ព្រះអម្ចាស់ ។ សូមរកមើលភាពខុសគ្នានានា ពុំមែនភាពស្រដៀងគ្នាឡើយ ហើយគំនិតក្លែងបន្លំនោះនឹងលេចចេញជាក់ស្តែងតែម្តង ។
នីហូរ — អ្នកក្លែងបន្លំដ៏មានប្រជាប្រិយ
នីហូរបានប្រើយុទ្ធសាស្ត្រនៃពាក្យបញ្ជោររបស់សាតាំងដោយសេរី ។ ចូរពិនិត្យមើលគាត់ជាគំរូមួយអំពីអ្នកក្លែងបន្លំខាងវិញ្ញាណ ។ នីហូរ ជាអ្នកដែលមានគោលលទ្ធិហាក់បីដូចទទួលស្គាល់ថាមានព្រះអង្គសង្គ្រោះមួយអង្គ គឺជាអ្នកផ្សព្វផ្សាយដ៏មានប្រជាប្រិយ និង ឥទ្ធិពលនៅក្នុងចំណោមសាសន៍នីហ្វៃ ។ នីហូរបានបង្កើតអ្នកតាមខ្លួនជាច្រើនដោយបង្រៀនថា « មនុស្សទាំងអស់ត្រូវតែបានសង្គ្រោះនៅថ្ងៃចុងក្រោយ » ហើយ « មានជីវិតដ៏នៅអស់កល្បជានិច្ច » ( អាលម៉ា ១:៤ ) ។
តើយើងអាចឃើញទេថា ហេតុអ្វីសារលិខិតរបស់នីហូរគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះ ? គាត់កំពុងបង្រៀនអំពីព្រះដែលងាយស្រួល និង ព្រះដែលសម្រាកលំហែកាយ — ជាព្រះមួយអង្គ ដែលដោយសារទ្រង់ស្រឡាញ់មនុស្សគ្រប់គ្នា នោះទ្រង់នឹងសង្គ្រោះពួកគេ ដោយមិនគិតពីអ្វីឡើយ ។ ដូច្នេះចូរទៅចុះ ហើយធ្វើនូវអ្វីៗដែលអ្នកចង់ធ្វើ ដោយសារអ្វីៗទាំងអស់គឺល្អទាំងអស់ ។ វាជាមនោគមដ៏ទាក់ទាញចិត្ត ដែលទាក់យកចិត្តមនុស្សជាច្រើននៅជំនាន់របស់នីហូរ ( សូមមើល អាលម៉ា ១:៥ ) ក៏ដូចជាមនុស្សជាច្រើននាជំនាន់សព្វថ្ងៃនេះផងដែរ ។ សំបុត្រឥតគិតថ្លៃមួយទៅកាន់ឋានសួគ៌គឺជាអ្វីមួយដែលមនុស្សហាក់បីដូចជាចង់បាន ។
ដូច្នេះតើមានបញ្ហាអ្វីជាមួយនឹងសារលិខិតរបស់នីហូរនោះ ? ចូរមើលចំណុចសំខាន់នៃសេចក្តីសំអាងរបស់គាត់ម្តងទៀត ៖
-
ព្រះបានបង្កើតមនុស្សទាំងអស់ — ពិត ។
-
ព្រះស្រឡាញ់មនុស្សទាំងអស់ — ពិត ។
-
យើងពុំគួរភ័យខ្លាចព្រះឡើយ — ពិត ។
-
យើងគួរតែរីករាយជាមួយនឹងគំនិតនៃសេចក្តីសង្គ្រោះ — ពិត ។
ហេតុដូច្នោះហើយ មានចំណុចស្រដៀងគ្នាជាច្រើន រវាងអ្វីដែលនីហូរបានបង្រៀន ជាមួយនឹងសេចក្តីពិតនៃដំណឹងល្អ ។ ប៉ុន្តែសូមចាំថា — គឺដូចទៅនឹងក្រដាសប្រាក់ក្លែងក្លាយនោះដែរ យើងត្រូវតែរកមើលភាពខុសគ្នា ពុំមែនភាពស្រដៀងគ្នាឡើយ ។ ដូច្នេះចូរមើលចំណុចបង្រៀនចុងក្រោយរបស់នីហូរ ៖
-
ព្រះនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្សគ្រប់រូប — ខុស !
ឥឡូវ នេះគឺជាភាពខុសគ្នាសំខាន់មួយដែលប្រាប់យើងថា នីហូរគឺជាអ្នកក្លែងបន្លំខាងវិញ្ញាណ ។ សេចក្តីសង្គ្រោះពីសេចក្តីស្លាប់ខាងរូបកាយ គឺ ត្រូវបានធានាថាមានចំពោះមនុស្សទាំងអស់ ប៉ុន្តែសេចក្តីសង្គ្រោះនៃសេចក្តីស្លាប់ខាងវិញ្ញាណគឺមានលក្ខខណ្ឌលើឆន្ទៈនៃការប្រែចិត្តរបស់យើង ។ ប្រសិនបើយើងប្រែចិត្ត នោះយើងអាចទទួលជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល យ៉ាកុប ៦:១១ ) ។ ប៉ុន្តែជីវិតអស់កល្បជានិច្ចពុំមែនផ្តល់ឲ្យដោយសេរីឡើយ ។
គេឌាន និង អាលម៉ាបានស្គាល់អ្នកក្លែងបន្លំ
ទង្វើទុច្ចរិតរបស់នីហូរត្រូវបានបើកបង្ហាញនៅពេលដែលគាត់បានជួបជាមួយគេឌាន ដែលជាគ្រូបង្រៀនសុចរិតម្នាក់នៅក្នុងសាសនាចក្ររបស់ព្រះ ។ គេឌានបានតទល់នឹងស្តេចណូអេយ៉ាងក្លាហានអស់ជាច្រើនឆ្នាំមុន ហើយហេតុដូច្នោះហើយមានបទពិសោធន៍ជាមួយនឹងអ្នកក្លែងបន្លំខាងវិញ្ញាណ ( សូមមើល ម៉ូសាយ ១៩:៤–៨ ) ។ នីហូរ « បានចាប់ផ្តើមប្រកែកជាមួយបុរសនោះយ៉ាងខ្លាំង ដើម្បីគាត់អាចដឹកនាំមនុស្សនៃសាសនាចក្រឲ្យវង្វេងផ្លូវ ប៉ុន្តែបុរសនោះ [ គេឌាន ] បានតទល់នឹងគាត់ ដោយព្រមានដាស់តឿនគាត់ដោយព្រះបន្ទូលទាំងឡាយនៃព្រះ » ( អាលម៉ា ១:៧ ) ។ គេឌានបានដឹងថានីហូរគឺជាអ្នកក្លែងបន្លំ ។ ក្រោយពីភាពពិតរបស់នីហូរត្រូវបានបើកបង្ហាញនោះវាប្រើយុទ្ធសាស្ត្រមួយទៀតរបស់សាតាំងគឺ — ឃាតកម្ម ។ ប៉ុន្តែសេចក្តីស្លាប់របស់គេឌាននោះពុំអត់ប្រយោជន៍ឡើយ ។ មនុស្សបាននាំយកអ្នកក្លែងបន្លំនីហូរទៅមុខអាលម៉ាដើម្បីកាត់ទោស ។
អាលម៉ាបានដឹងថា នីហូរពុំគ្រាន់តែមានកំហុសខាងឧបាយកលផ្នែកសង្ឃហើយធ្វើឃាតកម្មឡើយ ប៉ុន្តែប្រសិនបើពុំបានការពារវាទេនោះ ឧបាយកលផ្នែកសង្ឃនៅក្នុងចំណោមប្រជាជន « នឹងបញ្ជាក់នូវការបំផ្លិចបំផ្លាញរបស់គេទាំងស្រុង » ( អាលម៉ា ១:១២ ) ។ ដូច្នេះនីហូរត្រូវបានកាត់ទោសឲ្យស្លាប់ ហើយរងទុក្ខដោយ « ការស្លាប់ដោយថោកទាប » ( អាលម៉ា ១:១៥ ) ។
គេឌាន និង អាលម៉ាគឺជាគំរូសម្រាប់យើង ។ នៅពេលយើងមានព្រះវិញ្ញាណគង់នៅជាមួយយើង នោះយើងនឹងឃើញ ហើយស្តាប់ឮ « រឿងទាំងឡាយតាមដែលនឹងមាននៅពេលខាងមុខ » ( យ៉ាកុប ៤:១៣ ) ។ យើងនឹងស្គាល់ផែនការ និង គ្រោងការណ៍ក្លែងបន្លំរបស់សាតាំង « ដោយដឹងតំរិះដ៏ឥតខ្ចោះ ហាក់បីដូចជាពន្លឺថ្ងៃពីយប់ងងឹត » ( មរ៉ូណៃ ៧:១៥ ) ។
មារសត្រូវ « ក្លែងបន្លំ » របស់យើងគឺមានភាពឆ្លាតវៃ ប៉ុន្តែដូចជាគេឌាន និង អាលម៉ា នោះយើងអាចក្លាយជាអ្នកឆ្លាតជាងវា ។ គឺដូចដែលខ្ញុំបានចាប់ផ្តើមដឹងបន្តិចម្ដងៗពីភាពខុសគ្នារវាងការប្រៀបធៀបក្រដាសប្រាក់ដុល្លាររបស់ខ្ញុំដែរ នោះយើងអាចរៀនអង្កេតមើល ទាំងប្រើគំនិត និង វិញ្ញាណរបស់យើងដោយសន្សឹមៗដើម្បីស្គាល់ភាពខុសគ្នារវាងសេចក្តីពិត និង ការកុហក ។ នៅពេលយើងធ្វើដូច្នោះ នោះយើងនឹងស្គាល់អ្នកក្លែងបន្លំ ហើយទប់ទល់នឹងការកុហករបស់វា ។