សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ឱកាសលើកទីពីរ
ខាយលី ប៊លវីន នៅរដ្ឋអារីស្សូណា ស.រ.អា.
លើកទីមួយ ដែលខ្ញុំបានជួបគាត់ ខ្ញុំកំពុងកាន់វីយូឡុង ។
គាត់បានដើរដោយអូសជើងមកជិតខ្ញុំ ខណៈដែលខ្ញុំកំពុងដើរទៅបន្ទប់អាហារ ដោយស្ពាយប្រអប់វីយូឡុងរបស់ខ្ញុំ ។
គាត់បាននិយាយថា « វីយូឡុង » ពេលគាត់ដើរសំដៅមករកខ្ញុំ ។
ខ្ញុំនិយាយថា « មែនហើយ » ។
ខ្ញុំពុំធ្លាប់និយាយជាមួយនរណាម្នាក់ដែលពិការ ហើយពុំដឹងពីអ្វីដែលត្រូវនិយាយទៀតឡើយ ។ គាត់បានដើរតាមខ្ញុំទៅតុខ្ញុំ ហើយបានអង្គុយក្បែរខ្ញុំ ដោយចង្អុលទៅប្រអប់វីយូឡុងរបស់ខ្ញុំ ។
គាត់បាននិយាយថា « វីយូឡុង » សារជាថ្មីម្តងទៀត ។
ខ្ញុំបានបើកប្រអប់វាឡើង ហើយគាត់មានការរំភើបយ៉ាងខ្លាំង ។ គាត់បានទាញខ្សែវីយូឡុងដោយធ្ងន់ដៃ ។ ខ្ញុំបានភ័យ នៅពេលខ្ញុំស្រមៃគិតថាខ្សែមួយបានដាច់ចេញពីវីយូឡុងរបស់ខ្ញុំ ហើយខ្ញុំបានបិទប្រអប់វាភ្លាម ។ គាត់បានឱបខ្ញុំពីមុនគាត់ចាកចេញទៅ ។
ខ្ញុំបានឃើញគាត់ជារឿយៗបន្ទាប់ពីពេលនោះ ។
នៅពេលណាដែលគាត់ឃើញខ្ញុំ គាត់បានកាន់ស្មារបស់ខ្ញុំ និង គាត់ថើបក្បាលរបស់ខ្ញុំ ។
ពេញឆ្នាំសិក្សានៅវិទ្យាល័យ ខ្ញុំព្យាយាមគេចពីគាត់រហូត នៅពេលខ្ញុំឃើញគាត់ដើរមក ។ នៅពេលគាត់ឃើញខ្ញុំ គាត់បានឱបខ្ញុំយ៉ាងណែន ហើយថើបខ្ញុំដោយប្រឡេកប្រឡាក់ ខ្ញុំទ្រាំបានតែពីរបីនាទីប៉ុណ្ណោះ ដោយញញឹមទាំងបង្ខំចិត្ត ហើយដើរចេញទៅយ៉ាងលឿនដោយពុំនិយាយអ្វីមួយម៉ាត់ឡើយ ។
ខ្ញុំរអ៊ូរហ៊ឹមៗថា « អូ៎អត់ទេ » នៅពេលខ្ញុំបានឃើញគាត់នៅការប្រគុំតន្ត្រីចុងក្រោយរបស់ខ្ញុំនៅវិទ្យាល័យ ។ បន្ទាប់ពីការប្រគុំតន្ត្រីចប់ គាត់បានដើរយឺតៗមករកខ្ញុំ ពេលខ្ញុំបានឈរជាមួយមិត្តខ្ញុំនៅក្រៅសាលប្រជុំ ។
មិត្តភក្ដិរបស់ខ្ញុំឈរសម្លឹងឱបដៃមើលនៅពេលគាត់បានដើរឡើងមកខ្ញុំដោយទាំងញញឹមញញ៉ែម លាតដៃរបស់គាត់ឱបខ្ញុំ ។
« វិល្លាម !!! »
ខ្ញុំបានងាកទៅមើល ហើយឃើញស្ត្រីម្នាក់រត់ត្រឹកៗមកកាន់យើង ។
នាងនិយាយថា « សូមទោស » ដោយតោងដៃគាត់ ។ « វិល្លាមចូលចិត្តវីយូឡុង ។ គាត់បានអង្វរខ្ញុំឲ្យនាំគាត់មកការប្រគុំតន្ត្រីនារាត្រីនេះ ។ តោះយើងទៅ កូនសម្លាញ់ » ។
ចាប់តាំងពីនោះមក ខ្ញុំភ្ញាក់ខ្លួនថាខ្ញុំមិនធ្លាប់ដែលស្គាល់ឈ្មោះរបស់គាត់ឡើយ ។ ខ្ញុំបានជួបវិល្លាមពីរឆ្នាំមុន ប៉ុន្តែបានចំណាយពេលច្រើនគេចចេញពីគាត់ ដែលខ្ញុំពុំបានព្យាយាមស្គាល់គាត់ឡើយ ។ នៅពេលខ្ញុំសម្លឹងមើលគាត់ និងម្តាយរបស់គាត់ដើរចេញទៅ ខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង ។
ច្រើនឆ្នាំក្រោយមក បន្ទាប់ពីខ្ញុំបានរៀបការ ខ្ញុំបានបង្កើតកូនប្រុសតូចដ៏ស្អាតមួយដែលមានជំងឺគ្រាសគន្លងដែលយើងបានដាក់ឈ្មោះថា ស្ពែនស៊ើរ ។ ជារឿយៗខ្ញុំបានគិតពីវិល្លាមនៅពេលខ្ញុំមើលកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំឆ្ងល់ថា ប្រសិនបើស្ពែនស៊ើរនឹងមានបទពិសោធន៍ស្រដៀងនេះដែរឬអត់ ។ តើមនុស្សជាច្រើននឹងគេចចេញពីគាត់ដោយសារតែគាត់ថើប ឬ ឱបខ្លាំងៗ ឬច្រើនពេកដែរឬអត់ ? តើក្មេងអាយុស្របាលគ្នានឹងរូបគេពុំមានអារម្មណ៍សុខស្រួលជាមួយនឹងភាពពិការរបស់គាត់ឬអត់ ?
កាលស្ពែនស៊ើរអាយុបួនឆ្នាំ ខ្ញុំបានយកគាត់ទៅមន្ទីរពេទ្យក្នុងមូលដ្ឋានមួយតាមការណាត់ជួប ។ នៅពេលខ្ញុំយកគាត់ចេញពីឡាន នោះខ្ញុំបានឃើញមនុស្សពីរនាក់ចេញពីមន្ទីរពេទ្យ ។ មិនគួរឲ្យជឿសោះថា ខ្ញុំដឹងថានោះគឺជាវិល្លាម និង ម្តាយរបស់គាត់ ។
« វិល្លាម !!! » ខ្ញុំបានស្រែកហៅនៅពេលយើងដើរនៅជិតគ្នា ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង ។
« សួស្តី ! » គាត់ដើរយឺតៗកាត់ចំណតឡាន ដោយមានស្នាមញញឹមយ៉ាងធំ ។ គាត់បានចាប់ដៃខ្ញុំ ហើយរលាក់ដៃដោយក្តីអំណរ ។
« ប្អូនសុខសប្បាយទេ ? » ខ្ញុំបានសួរគាត់ ។
គាត់និយាយថា « វីយូឡុង » ដោយក្តីរំភើបដែលអាចឃើញក្នុងកែវភ្នែកគាត់ ។
វីយូឡុង។ គាត់ក៏ចងចាំខ្ញុំផងដែរ ។ « មែនហើយ » ខ្ញុំបាននិយាយទាំងញញឹម ព្រមទាំងយំផងដែរថា « ខ្ញុំបានលេងវីយូឡុង » ។
នៅពេលយើងនិយាយគ្នា នោះ ដួងចិត្តខ្ញុំបានអធិស្ឋានខ្សឹបៗក្នុងចិត្តចំពោះសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់នៃព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់គង់នៅឋានសួគ៌ ដែលដឹងថាខ្ញុំចង់ជួបវិល្លាមម្តងទៀតខ្លាំងប៉ុណ្ណា ។ ខ្ញុំមានអំណរគុណថាព្រះបានឃើញខ្ញុំ — ជាម្តាយវ័យក្មេងដ៏លំបាកដែលមានកង្វល់ជាមួយនឹងបញ្ហាសុខភាពរបស់កូនខ្លួន ហើយព្រួយបារម្ភពីអនាគតរបស់កូនៗ — ហើយប្រទានបទពិសោធន៍នេះដល់ខ្ញុំ ដែលរំឭកខ្ញុំថា ទ្រង់ស្គាល់ពួកយើង ។