ទោះបីជាអ្នក អៀនខ្មាសក៏ដោយ
សូមទុកចិត្តលើព្រះអម្ចាស់ ហើយទ្រង់នឹងប្រទានពរដល់អ្នក នៅក្នុងកិច្ចខិតខំរបស់អ្នក ដើម្បីចែកចាយដំណឹងល្អ ។
កាលខ្ញុំជាប្រធានបេសកកម្មថ្មីនៅក្នុងប្រទេសប្រេស៊ីល ខ្ញុំសម្ភាសអែលឌើរមួយចំនួន ។ ខ្ញុំបានសុំឲ្យអែលឌើរម្នាក់ណែនាំខ្លួនឲ្យខ្ញុំស្គាល់ ។
គាត់បានពោលថា « ខ្ញុំមានការអៀនខ្មាសណាស់ » ។ គាត់បានបារម្ភថា ភាពអៀនខ្មាសរបស់ខ្លួន រារាំងដល់ការបម្រើរបស់គាត់ ។
ខ្ញុំបានសួរថា « តើអ្នកគិតថា ព្រះអម្ចាស់អាចជួយអ្នកឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាល្អឬទេ ?»
« ខ្ញុំជឿថាព្រះអម្ចាស់អាចធ្វើអ្វីៗគ្រប់យ៉ាងបាន »។
« ដូច្នេះសូមឲ្យទ្រង់ជួយដល់អ្នកទៅ ។ តើអ្នកគិតថាអ្នកអាចធ្វើដូច្នោះបានទេ ?
គាត់និយាយថា « ខ្ញុំអាចធ្វើបាន » ។
ខ្ញុំហ៊ានសារភាពថា នៅពេលគាត់បានដើរចេញទៅ នោះខ្ញុំបានគិតថា « មែនហើយ ខ្ញុំសង្ឃឹមថាគាត់អាចធ្វើវាបាន » ។
អស់ពេលជាច្រើនសប្តាហ៍បានកន្លងផុតទៅ ហើយអ្នកផ្សព្វផ្សាយសាសនាដដែលនេះបានមកសម្ភាសម្តងទៀត។ ម្តងនេះដៃគូរបស់អែលឌើរដែលអៀននោះនិយាយថា « ប្រធានខ្ញុំពុំដឹងថាប្រធានបានប្រាប់អ្វីដល់គាត់ ប៉ុន្តែគាត់ពិតជាបានផ្លាស់ប្តូរ ។ គាត់បានប្រែជាពូកែនិយាយជាមួយមនុស្ស » ។ ដូច្នោះហើយខ្ញុំ ទន្ទឹងរង់ចាំជួបគាត់ម្តងទៀត ។
នៅពេលគាត់បានចូលមកក្នុងការិយាល័យរបស់ខ្ញុំ គាត់បានឱនមុខចុះក្រោម ។
គាត់បានពោលថា « ខ្ញុំមានដំណឹងល្អមួយចំនួន » ។ « ខ្ញុំនៅតែអៀន ប៉ុន្តែខ្ញុំបានសូមព្រះអម្ចាស់ឲ្យជួយខ្ញុំ បន្ទាប់មកខ្ញុំបានបើកមាត់របស់ខ្ញុំ ហើយបានចាប់ផ្តើមនិយាយ ។ តើប្រធានដឹងទេ ? ឥឡូវខ្ញុំធ្វើបែបនេះគ្រប់ពេល ។ ខ្ញុំថែមទាំងពុំចាំពីអ្វីដែលខ្ញុំនិយាយនោះផង ។ រឿងដ៏អស្ចារ្យនោះគឺថាមនុស្សចូលចិត្តវា ។ ពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ពួកគេនិយាយមកកាន់ខ្ញុំ និង អ្វីដែលខ្ញុំត្រូវតែប្រាប់ពួកគេ » ។
ខ្ញុំមានភាពអស្ចារ្យ ដោយឃើញអ្នកផ្សព្វផ្សាយសាសនារូបនេះបានផ្លាស់ប្រែនៅពេលគាត់បានដាក់ទីទុកចិត្តរបស់ខ្លួនលើព្រះអម្ចាស់ ។ គាត់បានក្លាយជាឧបករណ៍ដ៏អស្ចារ្យមួយនៅក្នុងការនាំសុភមង្គលដល់មនុស្សជាច្រើននាក់ ។
ការយកឈ្នះលើភាពភ័យខ្លាច
នៅពេលយើងចែកចាយដំណឹងល្អ ពេលខ្លះយើងមានអារម្មណ៍ភិតភ័យ ។ ប៉ុន្តែដូចអ្វីដែលអ្នកផ្សព្វផ្សាយសាសនាដ៏អៀនខ្មាសនេះបានបង្ហាញ ព្រះអម្ចាស់នឹងដឹកនាំយើង ប្រសិនបើយើងទុកចិត្តលើទ្រង់ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យដឹងពីអ្វីដែលត្រូវនិយាយ ( សូមមើល នីហ្វៃទី ២ ៣២:២–៣) ហើយនៅពេលមនុស្សមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេតែងតែឆ្លើយតបក្នុងរបៀបមួយយ៉ាងវិជ្ជមាន ។ មនុស្សជាច្រើនប្រែជាចាប់អារម្មណ៍ដោយសារអ្វីដែលយើងជឿ និង ចង់ដឹងបន្ថែមទៀត ។
សេចក្តីអំណរដ៏ធំមហិមា
ខ្ញុំមានទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងដឹកនាំយើងនៅក្នុងកិច្ចខិតខំរបស់យើង ដើម្បីចែកចាយដំណឹងល្អ ហើយនៅក្នុងដំណើរការនោះ យើងនឹងមានសេចក្តីអំណរដ៏ធំមហិមា ។ តាមពិតទៅ សេចក្តីអំណរនោះនឹងនៅជាមួយយើង ពុំគ្រាន់តែក្នុងពេលបច្ចុប្បន្ននេះឡើយ ប៉ុន្តែថែមទាំងនៅក្នុងជីវិតខាងមុខផងដែរ ។ ( សូមមើល គ. និង ស. ១៨:១៦) ។ វាជាហេតុផលមួយដ៏ល្អដើម្បីឈានជើងចេញពីស្ថានភាពសុខស្រួលរបស់អ្នក ហើយធ្វើអ្វីមួយ ទោះបីជាអ្នកអៀនខ្មាសក៏ដោយ ។