ដំណឹងល្អពីបុរាណ
បព្វជិតភាព ៖ យុថ្កាដ៏មាំមួន
អត្ថបទនេះត្រូវបានរៀបចំដោយអែលឌើរ អិល ថម ភើរី នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៥ ពីរថ្ងៃពីមុនមរណភាពរបស់លោក ដើម្បីចែកចាយដល់អ្នកកាន់បព្វជិតភាពវ័យក្មេង ។
កម្លាំងដ៏មហិមានៅក្នុងជីវិតរបស់ខ្ញុំគឺជាបព្វជិតភាពនៃព្រះ ។ ខ្ញុំជឿថាវាគឺជាយុថ្កាដ៏មាំមួនសម្រាប់អ្នកដែលជាយុវវ័យនេះផងដែរ ។ ប៉ុន្តែដើម្បីឲ្យវាមានអំណាចនៅក្នុងជីវិតរបស់អ្នក នោះអ្នកចាំបាច់ត្រូវយល់ និង ប្រើប្រាស់វា ។
បទពិសោធន៍ដំបូងៗជាមួយបព្វជិតភាព
ខ្ញុំបានធំដឹងក្ដីឡើងនៅក្នុងស្ថានភាពដ៏មនោរម្យមួយនៅក្នុងទីក្រុង លូហ្គែន រដ្ឋយូថាហ៍ ។ កាលវ័យកុមារ ខ្ញុំពុំចាំបាច់បារម្ភពីអាហារ ឬ ទីជម្រក ឬ ការអប់រំឡើយ ។ ប៉ុន្តែប្រហែលជាដោយសារជីវិតដ៏ស្រណុកបែបនេះ នោះខ្ញុំត្រូវតែធ្វើអ្វីមួយដែលខ្ញុំអាចតោងចាប់យ៉ាងជាប់ ដែលជាយុថ្កាចំពោះរូបខ្ញុំ ។
ចំពោះខ្ញុំយុថ្កានោះគឺជាបព្វជិតភាពនៃព្រះ ។ ខ្ញុំធ្លាប់នៅក្នុងស្ថានភាពអស្ចារ្យ កាលខ្ញុំកំពុងធំពេញវ័យ ។ ប៉ារបស់ខ្ញុំត្រូវបានហៅជាប៊ីស្សព កាលខ្ញុំអាយុបានមួយឆ្នាំ ហើយគាត់គឺជាប៊ីស្សពរបស់ខ្ញុំអស់រយៈពេល ១៩ឆ្នាំ ។ ការណែនាំក្នុងនាមជាឪពុក និង ខាងវិញ្ញាណរបស់គាត់ បានជួយខ្ញុំយ៉ាងខ្លាំង ។
ខ្ញុំគិតថានោះ គឺជាមូលហេតុធំបំផុតដែលខ្ញុំអន្ទះសារចង់បានបព្វជិតភាពអើរ៉ុននៅថ្ងៃខួបកំណើតអាយុ ១២ឆ្នាំរបស់ខ្ញុំ ។ ខ្ញុំចាំពីថ្ងៃដ៏ពិសេសដែលឪពុករបស់ខ្ញុំដាក់ដៃគាត់លើក្បាលខ្ញុំ ហើយបានតែងតាំងខ្ញុំ ។ បន្ទាប់មក ខ្ញុំបានបន្តរីកចម្រើនជាបន្តបន្ទាប់នៅក្នុងតំណែងនៃបព្វជិតភាពអើរ៉ុន ហើយទទួលការបម្រើដែលខ្ញុំពេញចិត្តជាខ្លាំង ។
ការចែកសាក្រាម៉ង់គឺជារឿងមួយពិសេសណាស់សម្រាប់ខ្ញុំ ។ អ្នកអាចឃើញមនុស្សតាំងចិត្តរបស់ពួកគេ ដើម្បីធ្វើតាមព្រះអម្ចាស់ ហើយគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ នៅពេលពួកគេទទួលទាននិមិត្តរូបនៃព្រះកាយ និង ព្រះលោហិតរបស់ទ្រង់ ។
ការរីកចម្រើននៅក្នុងការយល់ដឹងអំពីបព្វជិតភាព
ខណៈដែលពេលវេលាបានរំកិលទៅមុខ ខ្ញុំបានបញ្ចប់វិទ្យាល័យ ហើយក្រោយមកបន្ទាប់ពីខ្ញុំរៀននៅមហាវិទ្យាល័យបានមួយឆ្នាំ ខ្ញុំត្រូវបានហៅឲ្យទៅបេសកកម្ម ។ ខ្ញុំរីករាយនឹងបេសកកម្មរបស់ខ្ញុំគ្រប់ពេល ហើយស្រឡាញ់ដៃគូរបស់ខ្ញុំ ។ មានដៃគូម្នាក់ដ៏ពិសេសដែលជាកម្លាំងដ៏រឹងមាំដល់ខ្ញុំ ។ ខ្ញុំបានរៀនច្រើនពីគាត់ នៅពេលយើងបំពេញទំនួលខុសត្រូវរបស់យើង ។
ដោយសារប្រទេសនោះស្ថិតនៅក្នុងសង្គ្រាម នៅពេលខ្ញុំបានត្រឡប់មកពីបេសកកម្មរបស់ខ្ញុំ នោះខ្ញុំបានចូលកងទ័ពម៉ារីនរបស់សហរដ្ឋ ។ នៅពេលសង្គ្រាមចប់ ខ្ញុំបានត្រឡប់ចូលរៀនមហាវិទ្យាល័យវិញ រៀបការ ហើយចាប់ផ្តើមមានគ្រួសារ ។ ដោយសារការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់បាននាំខ្ញុំទៅកាន់ទីកន្លែងជាច្រើននៅទូទាំងសហរដ្ឋ ជាកន្លែងដែលខ្ញុំបានរៀនយ៉ាងច្រើន នៅពេលខ្ញុំបានបម្រើនៅក្នុងការហៅនៃបព្វជិតភាពជាច្រើន ។ នៅទីបំផុតខ្ញុំបានប្តូរទៅរស់នៅទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ជាកន្លែងដែលខ្ញុំបានបម្រើជាប្រធានស្តេក ។ គឺនៅទីនោះហើយដែលខ្ញុំត្រូវបានហៅធ្វើជាជំនួយការនៃពួកដប់ពីរនាក់ ហើយ១៧ ខែក្រោយមក ក្លាយជាកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
មេរៀនដែលបានរៀនក្នុងនាមជាសាវក
តើខ្ញុំបានរៀនអ្វីខ្លះក្នុងនាមជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ ?
ខ្ញុំបានរៀនថា មានអ្នកណែនាំ មានយុថ្កា និង ការការពារនៅក្នុងបព្វជិតភាព ។
បព្វជិតភាពបានមានជាយូរមកហើយ ។ ពីមុនអ័ដាមមកលើផែនដី គាត់មាននូវបព្វជិតភាព ។ នៅពេលពូជពង្សរបស់អ័ដាមបានបែកខ្ញែករួមទាំងមានបព្វជិតភាព វាបានក្លាយជាការណ៍ចាំបាច់ដើម្បីរៀបចំរបៀបដែលបព្វជិតភាពត្រូវបានបម្រើ ។ ព្រះអម្ចាស់បានធ្វើការណ៍នេះ ដោយហៅអ័ប្រាហាំឲ្យធ្វើជាអធិបតីលើគ្រួសាររបស់គាត់នៃអ្នកកាន់បព្វជិតភាព ។ អង្គការនេះបានបន្តរហូតដល់អ៊ីសាក យ៉ាកុប ដែលក្រោយមកបានប្តូរឈ្មោះទៅជាអ៊ីស្រាអែលវិញ ។
ច្រើនសតវត្សរ៍ក្រោយមក កូនចៅរបស់អ៊ីស្រាអែលបានស្ថិតនៅក្នុងសេវកភាព ។ ព្រះអម្ចាស់បានបញ្ជូនម៉ូសេឲ្យទៅរំដោះពួកគេ ប៉ុន្តែនៅពេលគាត់បានធ្វើការណ៍នោះ ពួកគេបានបង្ហាញថាពួកគេជាប្រជាជនដែលពុំទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បព្វជិតភាពមីលគីស្សាដែកនៅឡើយ ។ ដូច្នេះពួកគេត្រូវបានទុកឲ្យនៅតែមានបព្វជិតភាពអើរ៉ុន រហូតដល់ជំនាន់ព្រះអង្គសង្គ្រោះ ។
ខ្ញុំឃើញថាវាគួរឲ្យចាប់អារម្មណ៍ នូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនាគ្រាដំបូង កាលទ្រង់បានចាប់ផ្តើមការបម្រើរបស់ទ្រង់ ។ ទ្រង់បានរៀបចំបព្វជិតភាពមិលគីស្សាដែក ។ ទ្រង់បានហៅពួកសាវក ហើយបានបង្រៀនពួកគេអំពីក្រឹត្យវិន័យ និង របៀបនៃបព្វជិតភាព ។ ទ្រង់បានហៅពេត្រុសឲ្យធ្វើជាប្រធានសាវក ដោយបង្កើតខ្សែស្រឡាយនៃសិទ្ធិអំណាចនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅក្នុងជំនាន់នោះ និង ជំនាន់នេះ គឺព្រះយេស៊ូវគ្រីស្ទជាអង្គដែលជ្រើសរើសប្រធានសាវកឲ្យធ្វើជាអធិបតីលើសាសនាចក្រ ហើយគឺព្រះអង្គសង្គ្រោះដែលដឹកនាំលោកនៅក្នុងកាតព្វកិច្ចបព្វជិតភាពរបស់លោក ។
ដូច្នេះបព្វជិតភាពមាននូវខ្សែស្រឡាយផ្ទាល់មកពីអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់យើង តាមរយៈប្រធានសាវក ដល់សាវកដទៃ និង ដល់អ្នកកាន់បព្វជិតភាពផ្សេងទៀតនៅក្នុងសាសនាចក្រ ។ កូនសោនៃសិទ្ធិអំណាចត្រូវបានផ្តល់ឲ្យដល់ពួកសាវក ហើយដរាបណាកូនសោទាំងនោះមាននៅលើផែនដី នោះយើងនឹងត្រូវបានដឹកនាំដោយព្រះអម្ចាស់ផ្ទាល់ ។ ការដឹកនាំដ៏ទេវភាពនេះការពារយើង ហើយធានាអះអាងដល់យើងថាសាសនាចក្រនេះនឹងមិនងាកចេញពីសេចក្តីពិតឡើយ ។ វានឹងបន្តនៅជាប់លាប់ជានិច្ច ដោយសារវាពុំមែនត្រូវបានដឹកនាំដោយបុគ្គលនៅលើផែនដីនេះឡើយ ។ វាត្រូវបានដឹកនាំដោយព្រះអម្ចាស់ ។
រៀនពីគោលលទ្ធិនានានៃបព្វជិតភាព
ការទូន្មានដ៏អស្ចារ្យបំផុតដែលខ្ញុំមានសម្រាប់អ្នកដែលជាយុវជន នោះគឺត្រូវសិក្សាគោលលទ្ធិនានានៃបព្វជិតភាព យល់ដឹងពីអំណាច ដែលអ្នកមាននៅក្នុងការអនុវត្តបព្វជិតភាពរបស់អ្នក ហើយរៀនពីរបៀបដែលវាអាចប្រទានពរដល់ជីវិតរបស់អ្នក និង ជីវិតរបស់មនុស្សដទៃទៀត ។
ខ្ញុំសន្យាថា ប្រសិនបើអ្នកនឹងរៀនពីគោលលទ្ធិនានានៃបព្វជិតភាព ហើយបំពេញកាតព្វកិច្ចបព្វជិតភាពរបស់អ្នក នោះបព្វជិតភាពនឹងក្លាយជាយុថ្កាដ៏មាំមួន ដែលនឹងរក្សាសុវត្ថិភាពខាងវិញ្ញាណរបស់អ្នក ហើយនាំអ្នកឲ្យមានសេចក្តីអំណរដ៏អស្ចារ្យ ។ ចូរធ្វើជាកូរ៉ុមបព្វជិតភាពមួយដ៏ពិត ។ ចូរឈោងទៅជួយដល់មិត្តភក្តិ ហើយនាំពួកគេឲ្យមកកូរ៉ុមរបស់អ្នក ។ សូមបង្កើតភាពជាបងប្អូនប្រុសនៅក្នុងកូរ៉ុមរបស់អ្នក ដែលនឹងក្លាយទៅជាគ្រឹះដ៏អចិន្ត្រៃយ៍សម្រាប់ជីវិតរបស់អ្នក ។